តើអ្នកត្រេកអរនឹង«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»ទេ?
«មានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អ្នកណាដែល . . . ត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។—ទំនុកដំកើង ១:១, ២
១. ជាអ្នកបំរើព្រះយេហូវ៉ា ហេតុអ្វីបានជាយើងមានសុភមង្គល?
ព្រះយេហូវ៉ាគាំទ្រនិងប្រទានពរដល់យើងដែលជាអ្នកបំរើស្មោះត្រង់របស់ទ្រង់។ ពិតមែន យើងប្រឈមមុខនឹងការល្បងលជាច្រើន។ យ៉ាងណាក៏ដោយ យើងក៏មានសុភមង្គលពិតដែរ។ នេះមិនជាការចំឡែកទេ ដ្បិតយើងបំរើ«ព្រះដែលមានព្រះទ័យសប្បាយ» ហើយវិញ្ញាណបរិសុទ្ធរបស់ទ្រង់ធ្វើឲ្យយើងមានអំណរ។ (ធីម៉ូថេទី១ ១:១១, ព.ថ.; កាឡាទី ៥:២២) អំណរគឺជាការមានសុភមង្គលពិតដែលបានមកពីការរង់ចាំយ៉ាងរំភើបឬទទួលបានអ្វីដ៏ល្អ។ ព្រះវរបិតានៅស្ថានសួគ៌ពិតជាបានប្រទាននូវអំណោយទានដ៏ល្អសំរាប់យើង។ (យ៉ាកុប ១:១៧) ហេតុដូច្នេះហើយបានជាយើងមានសុភមង្គលនោះ!
២. តើយើងនឹងពិគ្រោះទំនុកមួយណា?
២ នៅក្នុងសៀវភៅទំនុកដំកើង គឺបញ្ជាក់យ៉ាងច្រើនអំពីសុភមង្គល។ ជាឧទាហរណ៍ នៅក្នុងទំនុកទី១និងទី២បញ្ជាក់នូវចំណុចនេះ។ ពួកអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទពីដើមទទួលស្គាល់ស្តេចដាវីឌជាអ្នកសរសេរទំនុកទី២។ (កិច្ចការ ៤:២៥, ២៦) អ្នកតែងទំនុកទី១ដែលយើងឥតស្គាល់ឈ្មោះបានតែងចំរៀងដោយពាក្យថា៖ «មានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់»។ (ទំនុកដំកើង ១:១) នៅក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ សូមឲ្យយើងមើលនូវរបៀបដែលទំនុកទី១និងទី២ផ្ដល់នូវមូលហេតុឲ្យយើងអរសប្បាយ។
គន្លឹះនៃសុភមង្គល
៣. យោងទៅតាមទំនុកដំកើង ១:១ តើមានមូលហេតុណាខ្លះដែលមនុស្សកាន់តាមក្រឹត្យវិន័យរបស់ព្រះមានចិត្តសប្បាយ?
៣ ទំនុកទី១បង្ហាញនូវមូលហេតុដែលមនុស្សកាន់តាមក្រឹត្យវិន័យរបស់ព្រះមានសុភមង្គល។ អ្នកតែងបទទំនុកដំកើងបានរៀបរាប់ពីមូលហេតុខ្លះៗដែលធ្វើឲ្យមានសុភមង្គល កាលដែលគាត់ច្រៀងថា៖ «មានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ»។—ទំនុកដំកើង ១:១
៤. តើសាការីនិងអេលីសាបិតមានជីវិតបែបណាដែលគួរយកជាគំរូ?
៤ ដើម្បីមានសុភមង្គលពិត យើងត្រូវតែធ្វើតាមតម្រូវការដ៏សុចរិតរបស់ព្រះយេហូវ៉ា។ សាការីនិងអេលីសាបិតដែលមានកិត្ដិយសជាមាតាបិតារបស់យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក ពួកគាត់«ជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រិត្យក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ»។ (លូកា ១:៥, ៦) យើងអាចមានសុភមង្គលដែរបើយើងដើរតាមមាគ៌ាដូចនោះ និងបដិសេធជាដាច់ខាតមិន«ដើរតាមដំបូន្មានរបស់មនុស្សអាក្រក់»ឬធ្វើតាមឱវាទដ៏អាក្រក់របស់ពួកគេ។
៥. តើអ្វីដែលអាចជួយយើងឲ្យជៀសពី«ផ្លូវរបស់មនុស្សមានបាប»?
៥ បើយើងបដិសេធគំនិតរបស់មនុស្សអាក្រក់ យើងនឹងមិន«ឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប»ទេ។ តាមការពិត យើងនឹងមិនទៅកន្លែងដែលពួកគេមានវត្តមាន ពោលគឺកន្លែងកំសាន្តដែលមានអំពើអសីលធម៌ឬកន្លែងមានឈ្មោះអាក្រក់ឡើយ។ ចុះយ៉ាងណា បើយើងត្រូវល្បួងឲ្យចូលរួមនឹងមនុស្សមានបាបក្នុងការប្រព្រឹត្តអំពើអ្វីដែលមិនស្របតាមបទគម្ពីរនោះ? បើដូច្នេះ សូមឲ្យយើងអធិស្ឋានសុំជំនួយពីព្រះ និងប្រព្រឹត្តតាមពាក្យរបស់សាវ័កប៉ុលដែលថា៖ «កុំឲ្យទឹមនឹមស្រៀកជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិតនឹងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺនឹងងងឹតលាយឡំគ្នាដូចម្ដេចបាន?»។ (កូរិនថូសទី២ ៦:១៤) បើយើងទុកចិត្តលើព្រះនិង«មានចិត្តបរិសុទ្ធ» យើងមិនធ្វើតាមគំនិតនិងរបៀបរស់នៅរបស់មនុស្សដែលប្រព្រឹត្តអំពើបាប ហើយមានបំណងចិត្តនិងសេចក្ដីប្រាថ្នាត្រឹមត្រូវវិញ ព្រមទាំងមាន«សេចក្ដីជំនឿដ៏ស្មោះត្រង់»។—ម៉ាថាយ ៥:៨; ធីម៉ូថេទី១ ១:៥
៦. ហេតុអ្វីក៏ត្រូវប្រុងប្រយ័ត្ននឹងមនុស្សដែលមើលងាយ?
៦ ដើម្បីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា យើងមិនត្រូវ«អង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ»ជាដាច់ខាត។ មនុស្សខ្លះមើលងាយចំពោះការកាន់តាមក្រឹត្យវិន័យរបស់ព្រះ ហើយនៅ‹ថ្ងៃជាន់ក្រោយបង្អស់›នេះ អតីតគ្រីស្ទានដែលបានក្លាយទៅជាអ្នកក្បត់ជំនឿ ច្រើនតែចំអកមើលងាយយើងយ៉ាងខ្លាំង។ សាវ័កពេត្រុសបានព្រមានអ្នករួមជំនឿថា៖ «ឥឡូវនេះ ពួកស្ងួនភ្ងាអើយ! . . . ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយនឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា‹តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា? ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ›»។ (ពេត្រុសទី២ ៣:១-៤) ប្រសិនបើយើងមិនដែល«អង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ» នោះយើងនឹងអាចជៀសផុតពីមហន្តរាយដែលនឹងមានមកលើពួកគេជាក់ជាពុំខាន។—សុភាសិត ១:២២-២៧
៧. ហេតុអ្វីក៏យើងត្រូវធ្វើតាមពាក្យនៅទំនុកដំកើង ១:១?
៧ បើយើងមិនធ្វើតាមខដំបូងនៅទំនុកទី១ទេ នោះយើងអាចបាត់បង់នូវភាពខាងវិញ្ញាណដែលយើងមានតាមរយៈការសិក្សាបទគម្ពីរ។ តាមការពិត ជីវិតរបស់យើងកាន់តែមានសភាពអាក្រក់ជាងទៅទៀត។ ជំហានទីមួយក្នុងការបាត់បង់ភាពខាងវិញ្ញាណរបស់យើង គឺការធ្វើតាមឱវាទរបស់មនុស្សអាក្រក់។ បន្ទាប់មក យើងចាប់ផ្ដើមសេពគប់ជាមួយពួកគេជារឿយៗ។ ក្រោយមក យើងអាចទៅជាអ្នកមើលងាយដែលក្បត់ជំនឿទៀតផង។ យ៉ាងច្បាស់ណាស់ មិត្តភាពជាមួយនឹងមនុស្សអាក្រក់អាចធ្វើឲ្យយើងបែរជាមានគំនិតឈប់កោតខ្លាចព្រះ ហើយអាចបំផ្លាញនូវចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (កូរិនថូសទី១ ១៥:៣៣; យ៉ាកុប ៤:៤) ចូរយើងកុំអនុញ្ញាតឲ្យរឿងនេះកើតឡើងឲ្យសោះ!
៨. តើអ្វីដែលនឹងជួយយើងឲ្យប្រុងស្មារតីលើរឿងខាងវិញ្ញាណ?
៨ សេចក្ដីអធិស្ឋាននឹងជួយយើងឲ្យប្រុងស្មារតីលើរឿងខាងវិញ្ញាណ និងជៀសវាងចងមិត្តភាពជាមួយនឹងមនុស្សអាក្រក់។ ប៉ុលបានសរសេរថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាននឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ»។ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យគិតអំពីសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ថែមទាំងសគុណ និងសេចក្ដីសរសើរផងដែរ។ (ភីលីព ៤:៦-៨) សូមឲ្យយើងប្រព្រឹត្តស្របតាមឱវាទរបស់ប៉ុលនិងមិនបន្ថោកខ្លួនដូចពួកមនុស្សអាក្រក់ទេ។
៩. ទោះជាយើងជៀសពីការប្រព្រឹត្តអាក្រក់ក៏ដោយ តើយើងខំប្រឹងជួយមនុស្សគ្រប់ប្រភេទយ៉ាងដូចម្ដេច?
៩ ទោះជាយើងបដិសេធការប្រព្រឹត្តអាក្រក់ក៏ដោយ ក៏យើងធ្វើបន្ទាល់យ៉ាងប៉ិនប្រសប់ដល់អ្នកដទៃ ដូចជាសាវ័កប៉ុលបានពន្យល់ប្រាប់អភិបាលស្រុកជនជាតិរ៉ូមឈ្មោះភេលីច«ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត នឹងសេចក្ដីជំនុំជំរះដែលត្រូវមក»។ (កិច្ចការ ២៤:២៤, ២៥; កូល៉ុស ៤:៦) យើងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដល់មនុស្សគ្រប់ប្រភេទ ហើយយើងប្រព្រឹត្តទៅលើគេដោយក្ដីសប្បុរស។ យើងអាចមានទំនុកចិត្តថា អស់អ្នក«ត្រូវបាន[ឬ«មានចិត្តគំនិតត្រឹមត្រូវសមទទួល», ព.ថ.]ជីវិតអស់កល្បជានិច្ច»នឹងក្លាយទៅជាអ្នកជឿហើយត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះទៀតផង។—កិច្ចការ ១៣:៤៨
គាត់ត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
១០. នៅក្នុងកំឡុងសិក្សាផ្ទាល់ខ្លួន តើអ្វីដែលនឹងជួយឲ្យពត៌មានបានដិតជាប់ក្នុងចិត្តគំនិតរបស់យើង?
១០ ស្តីអំពីមនុស្សដែលមានសុភមង្គល អ្នកតែងបទទំនុកដំកើងរៀបរាប់ថែមទៀតថា៖ «អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។ (ទំនុកដំកើង ១:២) ជាអ្នកបំរើព្រះ យើង‹ត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា›។ ពេលអាចធ្វើទៅបាន ក្នុងកំឡុងសិក្សាផ្ទាល់ខ្លួននិងរំពឹងគិត យើងអាចអានឲ្យឮៗបណ្ដើរនិង«រំពឹងគិត»បណ្ដើរ។ ពេលយើងអានបទគម្ពីរឲ្យឮៗ នេះនឹងជួយឲ្យពត៌មាននោះដិតជាប់ក្នុងចិត្តគំនិតរបស់យើង។
១១. ហេតុអ្វីក៏យើងត្រូវអានព្រះគម្ពីរ«ទាំងយប់ទាំងថ្ងៃ»?
១១ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានលើកទឹកចិត្តយើងឲ្យអានព្រះគម្ពីរជារៀងរាល់ថ្ងៃ។ (ម៉ាថាយ ២៤:៤៥) ដោយសារយើងមានចិត្តប្រាថ្នាយ៉ាងខ្លាំងចង់ស្គាល់សាររបស់ព្រះយេហូវ៉ាចំពោះមនុស្សលោក យកល្អយើងអានព្រះគម្ពីរ«ទាំងយប់ទាំងថ្ងៃ» សូម្បីតែពេលយើងមិនអាចគេងលក់ដោយសារមូលហេតុណាមួយក៏ដោយ។ សាវ័កពេត្រុសបានដាស់តឿនយើងថា៖ «នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើងដរាបដល់បានសង្គ្រោះ»។ (ពេត្រុសទី១ ២:១, ២) តើអ្នកមានចិត្តត្រេកអរចំពោះការអានព្រះគម្ពីរជារៀងរាល់ថ្ងៃនិងការរំពឹងគិតលើព្រះបន្ទូលរបស់ព្រះរួមទាំងគោលបំណងទ្រង់នៅពេលយប់ឬទេ? អ្នកតែងបទទំនុកដំកើងបានត្រេកអរណាស់។—ទំនុកដំកើង ៦៣:៦
១២. តើយើងនឹងធ្វើអ្វីបើយើងត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា?
១២ សុភមង្គលជារៀងរហូតរបស់យើងគឺពឹងផ្អែកទៅលើយើងត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ។ ក្រឹត្យវិន័យរបស់ព្រះគឺគ្រប់ល័ក្ខណ៍និងសុចរិត ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ។ (ទំនុកដំកើង ១៩:៧-១១) យ៉ាកុបជាសិស្សម្នាក់បានសរសេរថា៖ «អ្នកណាដែលពិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះឥតបានភ្លេចសេចក្ដីដែលស្ដាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន»។ (យ៉ាកុប ១:២៥) ប្រសិនបើយើងពិតជាត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នោះយើងនឹងពិនិត្យមើលរឿងខាងវិញ្ញាណជារៀងរាល់ថ្ងៃ។ ប្រាកដហើយ យើងនឹងត្រូវជំរុញឲ្យ‹ស្ទង់មើលសេចក្ដីជ្រាលជ្រៅទាំងអស់របស់ព្រះ› និងទុកប្រយោជន៍ខាងព្រះរាជាណាចក្រជាអាទិភាពក្នុងជីវិតរបស់យើង។—កូរិនថូសទី១ ២:១០-១៣; ម៉ាថាយ ៦:៣៣
អ្នកនោះនឹងដូចជាដើមឈើ
១៣-១៥. តើក្នុងន័យយ៉ាងណាដែលយើងអាចប្រៀបដូចជាដើមឈើដែលដាំនៅកន្លែងមានទឹកច្រើន?
១៣ អ្នកតែងបទទំនុកដំកើងរៀបរាប់ពីមនុស្សទៀងត្រង់ជាបន្តទៀតថា៖ «អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។ (ទំនុកដំកើង ១:៣) ដូចមនុស្សឥតគ្រប់ល័ក្ខណ៍ឯទៀត យើងដែលបំរើព្រះយេហូវ៉ាក៏មានការពិបាកក្នុងជីវិតដែរ។ (យ៉ូប ១៤:១) យើងប្រហែលជារងទុក្ខការបៀតបៀននិងទុក្ខវេទនាផ្សេងៗដែលទាក់ទងនឹងជំនឿរបស់យើង។ (ម៉ាថាយ ៥:១០-១២) ប៉ុន្តែ ដោយមានជំនួយពីព្រះ យើងអាចស៊ូទ្រាំនឹងការល្បួងទាំងនេះ ដូចជាដើមឈើមានឫសចាក់ជ្រៅចូលទៅក្នុងដីអាចទប់ទល់នឹងកម្លាំងខ្យល់ព្យុះមិនឲ្យរលើងគល់បាន។
១៤ ដើមឈើដែលបានដាំនៅកន្លែងដែលមានទឹករហូត នោះពេលធាតុអាកាសក្ដៅឬក្នុងកំឡុងរីងស្ងួត ក៏នឹងមិនចេះស្រពោនឬងាប់ទេ។ ប្រសិនបើយើងជាបុគ្គលដែលកោតខ្លាចព្រះ នោះកម្លាំងរបស់យើងគឺមកពីព្រះយេហូវ៉ា ដែលជាប្រភពកម្លាំងដែលមិនចេះរីងស្ងួត។ ប៉ុលបានពឹងលើព្រះឲ្យជួយ ហើយគាត់អាចនិយាយថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារ[ព្រះយេហូវ៉ា]ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»។ (ភីលីព ៤:១៣) កាលណាយើងត្រូវបានណែនាំនិងទ្រទ្រង់ខាងវិញ្ញាណដោយវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា នោះយើងនឹងមិនចេះស្រពោនងាប់ទៅ លែងបង្កើតផលឬអសកម្មនោះឡើយ។ យើងនឹងបន្តបង្កើតផលក្នុងកិច្ចបំរើព្រះ ថែមទាំងសម្ដែងនូវផលផ្លែខាងវិញ្ញាណរបស់ទ្រង់។—យេរេមា ១៧:៧, ៨; កាឡាទី ៥:២២, ២៣
១៥ អ្នកតែងបទទំនុកដំកើងប្រើពាក្យហេព្រើរដែលបកស្រាយថា«ដូចជា» ហើយនេះជាន័យធៀបទេ។ គាត់ប្រៀបធៀបរបស់ពីរដែលខុសគ្នា ទោះជារបស់នោះមានគុណសម្បត្ដិពិសេសដូចគ្នាក៏ដោយ។ មនុស្សគឺខុសពីដើមឈើ ប៉ុន្តែ ដើមឈើដែលដាំជិតប្រភពទឹក តាមមើលទៅនេះរំឭកអ្នកតែងបទទំនុកដំកើងអំពីភាពរីកចំរើនខាងវិញ្ញាណនៃអស់អ្នកដែល«ត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។ ប្រសិនបើយើងត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ នោះអាយុរបស់យើងនឹងមានយូរអង្វែងប្រៀបដូចអាយុកាលរបស់ដើមឈើដែរ។ តាមការពិត យើងអាចរស់នៅជារៀងរហូត។—យ៉ូហាន ១៧:៣
១៦. តើហេតុអ្វីបានជា‹ការអ្វីដែលយើងធ្វើនោះនឹងចំរើនឡើងទាំងអស់›? ហើយដោយដូចម្ដេច?
១៦ កាលដែលយើងស្វែងរកផ្លូវទៀងត្រង់ នោះព្រះយេហូវ៉ានឹងជួយយើងឲ្យទប់ទល់នឹងការបង្ខិតបង្ខំនៃការល្បួងនិងការពិបាកផ្សេងៗ។ យើងនឹងមានអំណរហើយបង្កើតផលក្នុងកិច្ចបំរើព្រះ។ (ម៉ាថាយ ១៣:២៣; លូកា ៨:១៥) ‹ការអ្វីដែលយើងធ្វើនោះនឹងចំរើនឡើងទាំងអស់› ពីព្រោះយើងមានគោលបំណងធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ ដោយព្រោះគោលបំណងរបស់ទ្រង់តែងបានសម្រេច ហើយយើងត្រេកអរធ្វើតាមបញ្ជារបស់ទ្រង់ នោះយើងនឹងបានរីកចំរើនខាងវិញ្ញាណដែរ។ (លោកុប្បត្តិ ៣៩:២៣; យ៉ូស្វេ ១:៧, ៨; អេសាយ ៥៥:១១) ហើយសូម្បីតែនៅពេលដែលជួបទុក្ខលំបាកក៏យើងនៅតែអាចទទួលបានអ្វីៗទាំងនេះដែរ។—ទំនុកដំកើង ១១២:១-៣; យ៉ូហានទី៣ ២
ពួកមនុស្សអាក្រក់ហាក់ដូចជារីកចំរើន
១៧, ១៨. (ក) តើអ្នកតែងបទទំនុកដំកើងប្រៀបធៀបមនុស្សអាក្រក់ទៅនឹងអ្វី? (ខ) សូម្បីតែមនុស្សអាក្រក់មានទ្រព្យសម្បត្ដិបរិបូរក៏ដោយ ហេតុអ្វីក៏ពួកគេពុំមានសេចក្ដីសុខជានិច្ចនោះទេ?
១៧ ជីវិតរបស់មនុស្សអាក្រក់គឺពិតជាខុសគ្នាឆ្ងាយនឹងមនុស្សសុចរិតមែន! ពួកមនុស្សអាក្រក់ហាក់ដូចជាបានរីកចំរើនខាងទ្រព្យសម្បត្ដិអស់មួយរយៈ ប៉ុន្តែ ពួកគេពុំបានរីកចំរើនខាងវិញ្ញាណទេ។ នេះគឺឃើញជាក់ស្តែងពីពាក្យរបស់អ្នកតែងបទទំនុកដំកើងដែលថា៖ «ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេ ឯពួកមានបាប ក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ»។ (ទំនុកដំកើង ១:៤, ៥) ចូរកត់សម្គាល់ដែលអ្នកតែងបទទំនុកដំកើងនិយាយថា«ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ»។ គាត់ចង់មានន័យថា ពួកគេមិនដូចជាមនុស្សកោតខ្លាចព្រះ ដែលត្រូវបានប្រៀបធៀបទៅនឹងដើមឈើដែលបង្កើតផល ហើយមានអាយុកាលយូរអង្វែង។
១៨ ទោះជាមនុស្សអាក្រក់បានរីកចំរើនមានទ្រព្យសម្បត្ដិយ៉ាងច្រើនក៏ដោយ ក៏ពួកគេពុំមានសេចក្ដីសុខជានិច្ចដែរ។ (ទំនុកដំកើង ៣៧:១៦; ៧៣:៣, ១២) ពួកគេគឺដូចជាបុរសអ្នកមានម្នាក់ជាមនុស្សឆោតល្ងង់ដែលព្រះយេស៊ូបានរៀបរាប់ក្នុងឧទាហរណនិទស្សន៍ ពេលត្រូវសួរឲ្យគាត់សម្រេចចិត្តលើរឿងដែលទាក់ទងនឹងមរដក។ ព្រះយេស៊ូបានមានបន្ទូលប្រាប់អស់អ្នកដែលមានវត្តមាននៅទីនោះថា៖ «ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្ដិជាបរិបូរទេ»។ ព្រះយេស៊ូបានពន្យល់ចំណុចនេះដោយមានបន្ទូលថា ស្រែចំការរបស់អ្នកមាននោះបានកើតផលចំរើនជាបរិបូរ ហើយគាត់រិះគិតរុះជង្រុកគាត់ចោល និងសង់ជង្រុកធំជាងទៀតដើម្បីផ្ទុកភោគផលទាំងប៉ុន្មានរបស់គាត់។ រួចមក បុរសនោះគិតតែស៊ីផឹកសប្បាយវិញ។ ប៉ុន្តែ ព្រះបានមានបន្ទូលថា៖ «ឱមនុស្សល្ងីល្ងើអើយ! នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះនឹងទៅជារបស់អ្នកណាវិញ?»។ ព្រះយេស៊ូបានមានបន្ទូលបញ្ជាក់ចំណុចរបស់ទ្រង់ថា៖ «អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។—លូកា ១២:១៣-២១
១៩, ២០. (ក) ចូររៀបរាប់នូវរបៀបបញ្ជាន់ស្រូវនិងការរំសោះឬរោយអង្ករនៅសម័យបុរាណ។ (ខ) ហេតុអ្វីក៏មនុស្សអាក្រក់ត្រូវបានប្រៀបប្រដូចទៅនឹងអង្កាម?
១៩ មនុស្សអាក្រក់មិន«មានខាងឯព្រះសោះ»។ ដោយហេតុនេះ ពួកគេពុំមានសន្ដិសុខនិងស្ថិរភាពទេប្រៀបដូចអង្កាមដែរ។ នៅសម័យបុរាណ ក្រោយពីច្រូតស្រូវហើយ នោះគេយកស្រូវទៅកន្លែងបញ្ជាន់ដែលជាកន្លែងខ្ពស់មានដីរាប។ សត្វអូសរនាស់ដែកដែលមានធ្មេញយ៉ាងមុតជាន់កួរស្រូវទាំងប៉ុន្មានឲ្យខ្ទេចនិងគ្រាប់ស្រូវរបកចេញពីសំបក។ ក្រោយមក គេរំសោះឬរោយអង្ករដោយប្រើចប គឺចូកគ្រាប់អង្ករជះបញ្ច្រាសខ្យល់។ (អេសាយ ៣០:២៤) គ្រាប់អង្ករនឹងធ្លាក់ទៅក្រោម រីឯខ្យល់ផាត់ចំបើងទៅម្ខាង ហើយអង្កាមក៏ត្រូវខ្យល់ផាត់ខ្ចាត់ខ្ចាយទៅអស់ដែរ។ (នាងរស់ ៣:២) រួចមក គេប្រើប្រដាប់រែងដើម្បីរែងយកដុំថ្មតូចៗនិងអ្វីផ្សេងៗចេញពីអង្ករ បន្ទាប់ពីនេះគឺអាចដាក់ក្នុងជង្រុកបានឬទុកសំរាប់កិន។ (លូកា ២២:៣១) ប៉ុន្តែ ខ្យល់បានផាត់អង្កាមខ្ចាត់ខ្ចាយទៅអស់រលីង។
២០ មនុស្សសុចរិតនឹងរស់នៅជាបន្ត ហើយមនុស្សអាក្រក់នឹងត្រូវដកចេញវិញ ដូចជាគ្រាប់អង្ករធ្លាក់ទៅក្រោមគេយកទុក តែខ្យល់បានផាត់អង្កាមឲ្យខ្ចាត់ខ្ចាយទៅអស់។ ប្រាកដហើយ យើងមានចិត្តរីករាយដែលមិនយូរប៉ុន្មានទៀតមនុស្សអាក្រក់នឹងត្រូវលែងមានជារៀងរហូត។ ដោយសារមនុស្សអាក្រក់លែងមានទៀត នោះមនុស្សដែលត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានឹងទទួលពរយ៉ាងវិសេស។ មែនហើយ មនុស្សដែលស្ដាប់បង្គាប់ព្រះនឹងទទួលអំណោយទានរបស់ទ្រង់ ដែលជាជីវិតជារៀងរហូត។—ម៉ាថាយ ២៥:៣៤-៤៦; រ៉ូម ៦:២៣
«ផ្លូវរបស់មនុស្សសុចរិត»ទទួលបានពរ
២១. តើព្រះយេហូវ៉ា«ជ្រាបផ្លូវរបស់មនុស្សសុចរិត»យ៉ាងដូចម្ដេច?
២១ ទំនុកទី១បញ្ចប់ដោយពាក្យដូចនេះថា៖ «ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ»។ (ទំនុកដំកើង ១:៦) តើព្រះ«ជ្រាបផ្លូវរបស់មនុស្សសុចរិត»យ៉ាងដូចម្ដេច? បើយើងកាន់តាមផ្លូវទៀងត្រង់ យើងអាចប្រាកដក្នុងចិត្តថា ព្រះវរបិតានៅស្ថានសួគ៌របស់យើងនឹងកត់សម្គាល់នូវរបៀបដែលយើងកាន់តាមច្បាប់ទ្រង់ក្នុងជីវិតយើង ហើយទ្រង់នឹងចាត់ទុកយើងជាអ្នកបំរើដែលទ្រង់សព្វព្រះហឫទ័យ។ រួចមក យើងអាចផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងទៅលើទ្រង់ ដោយដឹងជាក់ថា ទ្រង់ពិតជាយកព្រះទ័យទុកដាក់នឹងយើង។—អេសេគាល ៣៤:១១; ពេត្រុសទី១ ៥:៦, ៧
២២, ២៣. តើនឹងមានអ្វីកើតឡើងដល់មនុស្សអាក្រក់និងមនុស្សសុចរិត?
២២ «ផ្លូវរបស់មនុស្សសុចរិត»នឹងមានជារៀងរហូត ប៉ុន្តែមនុស្សអាក្រក់ដែលមិនចង់ប្រែចិត្តនឹងត្រូវវិនាសវិញ ដោយសារការជំនុំជំរះរបស់ព្រះយេហូវ៉ា។ «ផ្លូវ»ឬរបៀបរស់នៅរបស់មនុស្សអាក្រក់នឹងត្រូវបញ្ចប់ពេលគេស្លាប់ទៅ។ យើងអាចមានទំនុកចិត្តនឹងការសម្រេចរបស់ពាក្យដាវីឌដែលថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:១០, ១១, ២៩
២៣ យើងនឹងមានសុភមង្គលច្រើនមែន បើយើងមានឯកសិទ្ធិរស់នៅលើផែនដីមនោរម្យ ពេលដែលលែងមានមនុស្សអាក្រក់ទៀតនោះ! មនុស្សរាបទាបហើយមនុស្សសុចរិតនឹងមានសន្ដិភាពពិត ពីព្រោះពួកគេរមែងត្រេកអរនឹង«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។ យ៉ាងណាក៏ដោយ មុននឹងការទាំងនេះបានសម្រេច នោះ‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងត្រូវប្រតិបត្ដិជាមុន។ (ទំនុកដំកើង ២:៧ក) អត្ថបទជាបន្ទាប់នឹងជួយយើងឲ្យឃើញថាតើច្បាប់នេះជាអ្វី? ហើយនេះមានន័យយ៉ាងណាចំពោះយើងនិងមនុស្សជាតិទាំងមូល។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏មនុស្សដែលកោតខ្លាចព្រះមានសុភមង្គល?
• តើអ្វីដែលបង្ហាញថាយើងត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា?
• តើបុគ្គលម្នាក់អាចប្រៀបដូចជាដើមឈើដែលដាំ នៅកន្លែងមានទឹកច្រើនយ៉ាងដូចម្ដេច?
• តើផ្លូវរបស់មនុស្សសុចរិតខុសគ្នានឹងផ្លូវរបស់មនុស្សអាក្រក់យ៉ាងណា?
[រូបភាពនៅទំព័រ២១]
ហេតុអ្វីក៏មនុស្សសុចរិតប្រៀបដូចជាដើមឈើ?