ចូរយើងរួមគ្នាលើកព្រះនាមព្រះយេហូវ៉ាឡើង!
«ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ! ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង!»។—ទំនុកដំកើង ៣៤:៣
១. ពេលព្រះយេស៊ូបានធ្វើកិច្ចបម្រើផ្សាយរបស់ទ្រង់នៅលើផែនដី តើទ្រង់ទុកគំរូល្អអ្វីសម្រាប់យើង?
នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. រាត្រីនោះព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានច្រៀងសរសើរព្រះយេហូវ៉ាជាមួយគ្នាក្នុងបន្ទប់ជាន់លើនៅផ្ទះមួយនាទីក្រុងយេរូសាឡិម។ (ម៉ាថាយ ២៦:៣០) ព្រះយេស៊ូបានសរសើរបិតាទ្រង់ជានិច្ច ពោលគឺតាំងពីទ្រង់ចាប់ផ្ដើមកិច្ចបម្រើផ្សាយនៅលើផែនដីរហូតដល់ទ្រង់ទទួលមរណភាព ហើយទ្រង់ក៏មានចិត្តខ្នះខ្នែងក្នុងការប្រកាសប្រាប់ឲ្យមនុស្សស្គាល់ព្រះនាមបិតាទ្រង់ដែរ។ ដូច្នេះជាការគួរសមឲ្យទ្រង់បញ្ចប់កិច្ចប្រជុំដោយរួមគ្នាច្រៀងសរសើរព្រះយេហូវ៉ាជាលើកចុងក្រោយជាមួយពួកសាវ័ក។ (ម៉ាថាយ ៤:១០; ៦:៩; ២២:៣៧, ៣៨; យ៉ូហាន ១២:២៨; ១៧:៦) នេះគឺហាក់ដូចជាព្រះយេស៊ូបានធ្វើតាមពាក្យរបស់អ្នកតែងបទទំនុកដំកើងដែលបានអញ្ជើញមនុស្សទាំងអស់គ្នាថា៖ «ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ! ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង!»។ (ទំនុកដំកើង ៣៤:៣) នេះពិតជាគំរូល្អឲ្យយើងធ្វើតាមមែន!
២, ៣. (ក) ហេតុអ្វីបានជាយើងដឹងថា បទទំនុកទី៣៤មានន័យជាទំនាយ? (ខ) តើយើងនឹងពិនិត្យមើលចំណុចអ្វីខ្លះក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់?
២ មិនយូរប៉ុន្មានក្រោយសាវ័កយ៉ូហានបានច្រៀងសរសើរព្រះយេហូវ៉ាជាមួយព្រះយេស៊ូ គាត់ឃើញព្រឹត្ដិការណ៍ខុសប្លែកពីនោះទៅទៀត។ យ៉ូហានបានឃើញគេធ្វើគុតលោកម្ចាស់របស់គាត់នៅលើបង្គោលទារុណកម្ម ទាំងមានឧក្រិដ្ឋជនពីរនាក់ជាប់បង្គោលក្បែរទ្រង់ដែរ។ ក្រោយមក ទាហានសាសន៍រ៉ូមបានបំបាក់ជើងឧក្រិដ្ឋជនទាំងពីរនាក់ឲ្យគេផុតដង្ហើមលឿនជាង។ ប៉ុន្តែយ៉ូហានបានរាយការណ៍ថា ទាហាននោះមិនបានបំបាក់ជើងព្រះយេស៊ូទេ ដ្បិតទ្រង់បានផុតដង្ហើមបាត់ទៅហើយ។ ពេលយ៉ូហានបានសរសេរសៀវភៅដំណឹងល្អរបស់គាត់ គាត់ពន្យល់ថាព្រឹត្ដិការណ៍នោះជាការសម្រេចនៃបទទំនាយមួយទៀតក្នុងបទទំនុកទី៣៤ដែលថា៖ «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ»។—យ៉ូហាន ១៩:៣២-៣៦; ទំនុកដំកើង ៣៤:២០, សេបទូជីន
៣ ពួកគ្រិស្តសាសនិកគួរកត់សម្គាល់ចំណុចឯទៀតក្នុងបទទំនុកដំកើងទី៣៤។ ដូច្នេះ យើងនឹងពិនិត្យមើលក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់ថា តើដាវីឌបានសរសេរបទទំនុកមួយនេះក្រោមកាលៈទេសៈបែបណា? ហើយយើងក៏នឹងពិនិត្យមើលចំណុចផ្សេងៗក្នុងបទទំនុកទី៣៤ ដែលអាចលើកទឹកចិត្តយើង។
ដាវីឌរត់គេចពីសូល
៤. (ក) ហេតុអ្វីបានជាគេតែងតាំងដាវីឌជាអ្នកស្នងរាជ្យលើសាសន៍អ៊ីស្រាអែល? (ខ) ហេតុអ្វីបានជាសូល‹គាប់ព្រះទ័យ›នឹងដាវីឌ?
៤ ពេលដាវីឌនៅក្មេង សូលជាស្តេចនៅប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ ព្រះយេហូវ៉ាលែងពេញចិត្តចំពោះសូលពីព្រោះលោកមិនស្ដាប់បង្គាប់ទ្រង់។ ហេតុនេះហើយបានជាលោកសាំយូអែលដែលជាអ្នកថ្លែងទំនាយបានប្រាប់សូលថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្ដាច់នគរអ៊ីស្រាអែលពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យដល់អ្នកជិតខាងដែលល្អជាងទ្រង់វិញ»។ (សាំយូអែលទី១ ១៥:២៨) ក្រោយមក ព្រះយេហូវ៉ាបានបង្គាប់ឲ្យសាំយូអែលទៅជួបលោកអ៊ីសាយ និងតែងតាំងកូនពៅរបស់គាត់ឈ្មោះដាវីឌជាអ្នកស្នងរាជ្យលើសាសន៍អ៊ីស្រាអែល។ ក្នុងរវាងពេលនោះ ស្តេចសូលចេះតែមួម៉ៅ ដ្បិតទ្រង់លែងមានសកម្មពលរបស់ព្រះទៀត។ ដោយសារដាវីឌពូកែលេងភ្លេង គេបាននាំគាត់ទៅទីក្រុងគីបៀរដើម្បីបម្រើស្តេចសូល ហើយបទភ្លេងដែលគាត់លេងនោះបានជួយឲ្យសូលមានអារម្មណ៍ធូរស្រាលដល់ម្ល៉េះបានជាដាវីឌក្លាយជា«ទីគាប់ដល់ព្រះទ័យទ្រង់ណាស់»។—សាំយូអែលទី១ ១៦:១១, ១៣, ២១, ២៣
៥. ហេតុអ្វីបានជាសូលមានទស្សនៈខុសពីមុនចំពោះដាវីឌ? តើនេះជំរុញឲ្យដាវីឌធ្វើអ្វី?
៥ ពេលវេលាបានកន្លងទៅសឲ្យឃើញថាព្រះយេហូវ៉ាពិតជាគាំទ្រដាវីឌ។ ព្រះយេហូវ៉ាបានជួយដាវីឌយកឈ្នះលើបុរសជនជាតិភីលីស្ទីនម្នាក់ឈ្មោះកូលីយ៉ាតដែលមានមាឌធំសម្បើម ហើយព្រះយេហូវ៉ាក៏បានគាំទ្រដាវីឌពេលពួកអ៊ីស្រាអែលបានលើកកិត្ដិយសគាត់ជាអ្នកពូកែធ្វើសឹកសង្គ្រាម។ ក៏ប៉ុន្តែ សូលមានចិត្តច្រណែនចំពោះដាវីឌដោយសារព្រះយេហូវ៉ាបានប្រទានពរលើគាត់។ ជាលទ្ធផល សូលចាប់ផ្ដើមស្អប់ដាវីឌ។ ពីរដងសូលបានគប់លំពែងប៉ុនប៉ងសម្លាប់ដាវីឌពេលគាត់កំពុងតែដេញពិណនៅមុខទ្រង់។ ទាំងពីរដងនោះ ដាវីឌបានគេចផុតពីលំពែង។ ប៉ុន្តែ ពេលសូលរកសម្លាប់ដាវីឌជាលើកទីបីនោះ ដាវីឌដឹងថាគាត់ត្រូវរត់ភ្លាមដើម្បីរួចរស់ជីវិត។ ដោយសារសូលរកចាប់ដាវីឌដោយឥតស្បើយក្នុងបំណងសម្លាប់គាត់ នៅទីបំផុតដាវីឌសម្រេចចិត្តរត់ទៅនៅក្រៅតំបន់អ៊ីស្រាអែល។—សាំយូអែលទី១ ១៨:១១; ១៩:៩, ១០
៦. ហេតុអ្វីបានជាសូលបង្គាប់ឲ្យគេសម្លាប់មនុស្សទាំងអស់នៅក្រុងណូប?
៦ ពេលដាវីឌកំពុងតែធ្វើដំណើរឆ្ពោះទៅទល់ដែនស្រុកអ៊ីស្រាអែល គាត់បានឈប់នៅក្រុងណូបដែលជាទីតាំងរោងឧបោសថរបស់ព្រះយេហូវ៉ា។ តាមមើលទៅ បុរសមួយចំនួនបានរត់ចេញពីស្រុកអ៊ីស្រាអែលជាមួយដាវីឌ ដូច្នេះគាត់ឈប់សម្រាកដើម្បីឲ្យពួកគេទាំងអស់គ្នាបានបរិភោគអាហារ។ ក្រោយមក សូលជ្រាបថាសម្ដេចសង្ឃបានឲ្យអាហារដល់ដាវីឌនិងពួកគ្នីគ្នារបស់គាត់ ព្រមទាំងឲ្យដាវដែលដាវីឌបានយកពីកូលីយ៉ាតដែលគាត់សម្លាប់ពីមុន។ ដូច្នេះ ដោយសារសូលខឹងយ៉ាងខ្លាំងនោះ លោកបង្គាប់ឲ្យគេសម្លាប់មនុស្សទាំងអស់ក្នុងក្រុងណូប រួមទាំងសង្ឃ៨៥នាក់ដែរ។—សាំយូអែលទី១ ២១:១, ២; ២២:១២, ១៣, ១៨, ១៩; ម៉ាថាយ ១២:៣, ៤
រួចពីស្លាប់ម្ដងទៀត
៧. ហេតុអ្វីបានជាដាវីឌមិនមានសុវត្ថិភាពពេលពួននៅក្រុងកាថ?
៧ ដាវីឌបានចេញពីក្រុងណូបហើយរត់ប្រមាណ៤០គីឡូម៉ែត្រទៅខាងលិចដែលនៅទីនោះជាទឹកដីរបស់សាសន៍ភីលីស្ទីន។ ដាវីឌបានពួននៅក្រុងកាថដែលជាស្រុកកំណើតរបស់កូលីយ៉ាត ហើយអ័គីសជាស្តេចនៅក្រុងនោះ។ ប្រហែលជាដាវីឌគិតថាសូលនឹងមិនស្មានថាគាត់ហ៊ានទៅពួននៅក្រុងកាថទេ។ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក ពួកអ្នកបម្រើស្តេចក្នុងក្រុងកាថនោះបានចំណាំមុខដាវីឌ។ ពេលដាវីឌឮសូរថាគេស្គាល់គាត់ហើយ នោះគាត់មាន‹សេចក្ដីភ័យជាខ្លាំងដោយព្រោះអ័គីសជាស្តេចក្រុងកាថ›។—សាំយូអែលទី១ ២១:១០-១២
៨. (ក) តើបទទំនុកទី៥៦រៀបរាប់អំពីបទពិសោធន៍អ្វីខ្លះរបស់ដាវីឌនៅក្រុងកាថ? (ខ) តើដាវីឌបានរួចពីស្លាប់នៅក្រុងកាថដោយរបៀបណា?
៨ ក្រោយមក ពួកសាសន៍ភីលីស្ទីនបានចាប់ដាវីឌ។ គឺប្រហែលជាគ្រានោះហើយដែលដាវីឌបានតែងបទទំនុកដំកើងដែលបញ្ជាក់ពីអារម្មណ៍ដ៏ជ្រាលជ្រៅរបស់គាត់ ដោយអង្វរព្រះយេហូវ៉ាថា៖ «សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំទុកនៅក្នុងដបនៃទ្រង់»។ (ទំនុកដំកើង ៥៦:៨ និងពាក្យផ្ដើមរបស់បទនោះ) ក្នុងបទនោះដាវីឌបង្ហាញទំនុកចិត្តថា ព្រះយេហូវ៉ានឹងមិនបំភ្លេចទុក្ខសោករបស់គាត់ តែទ្រង់នឹងបង្ហាញសេចក្ដីស្រឡាញ់ហើយថែរក្សាគាត់ដោយយកចិត្តទុកដាក់ ព្រមទាំងការពារគាត់ផង។ ដាវីឌក៏មានផែនការមួយដើម្បីបំភាន់ស្តេចសាសន៍ភីលីស្ទីននោះ ដោយក្លែងធ្វើជាមនុស្សឆ្កួត។ ពេលស្តេចអ័គីសឃើញអាកប្បកិរិយារបស់ដាវីឌ លោកស្តីឲ្យអ្នកបម្រើដែលបាននាំមនុស្ស«ឆ្កួត»នោះទៅជួបលោក។ គឺច្បាស់ហើយថាព្រះយេហូវ៉ាបានជួយឲ្យផែនការរបស់ដាវីឌបានជោគជ័យ។ ពួកភីលីស្ទីនបានដេញដាវីឌចេញពីក្រុងនោះ ដូច្នេះគាត់បានរួចពីស្លាប់ម្ដងទៀត។—សាំយូអែលទី១ ២១:១៣-១៥
៩, ១០. តើអ្វីជំរុញដាវីឌឲ្យតែងបទទំនុកទី៣៤? តើដាវីឌប្រហែលជាបានគិតអំពីអ្នកណាពេលគាត់តែងបទទំនុកទី៣៤?
៩ ព្រះគម្ពីរមិនប្រាប់ឲ្យយើងដឹងទេ ថាពួកគ្នីគ្នារបស់ដាវីឌបានចូលទីក្រុងកាថជាមួយគាត់ ឬគ្រាន់តែបានចាំក្នុងភូមិផ្សេងៗក្បែរទីក្រុងនោះ។ យ៉ាងណាក៏ដោយ ពេលដាវីឌបានជួបជាមួយពួកគេម្ដងទៀត ព្រមទាំងរៀបរាប់ពីរបៀបព្រះយេហូវ៉ាបានប្រោសគាត់ឲ្យរួច នោះពួកគេច្បាស់ជាបានជួយត្រេកអរគាត់។ ការជួបជាមួយពួកគេម្ដងទៀតនោះ ផ្ដល់ហេតុឲ្យដាវីឌសរសេរបទទំនុកទី៣៤ ដូចបានបញ្ជាក់ក្នុងពាក្យផ្ដើមបទនោះ។ ក្នុងខ១ដល់៧នៃបទទំនុកទី៣៤នោះ ដាវីឌបានសរសើរព្រះយេហូវ៉ាជាអ្នកដែលប្រោសគាត់ឲ្យរួច ហើយគាត់ក៏អញ្ជើញពួកអ្នកដែលគាំទ្រគាត់ឲ្យរួមគ្នាលើកតម្កើងព្រះយេហូវ៉ាជាព្រះដែលជួយរាស្ត្រទ្រង់ឲ្យរួច។—ទំនុកដំកើង ៣៤:៣, ៤, ៧
១០ ដាវីឌនិងបុរសទាំងឡាយជាមួយគាត់បានទៅពួនក្នុងរអាងអាឌូឡាមដែលជារូងភ្នំមួយនៅក្បែរទីក្រុងអាឌូឡាមដែលស្ថិតក្នុងតំបន់ភ្នំ ប្រហែលជា១៥គីឡូម៉ែត្រខាងកើតទីក្រុងកាថ។ ប្រជាជនដែលមិនពេញចិត្តចំពោះស្ថានភាពក្នុងស្រុកអ៊ីស្រាអែលក្រោមការគ្រប់គ្រងរបស់ស្តេចសូល បានចូលខាងដាវីឌដោយជួបគាត់នៅឯរូងភ្នំនោះ។ (សាំយូអែលទី១ ២២:១, ២) ពេលដាវីឌតែងពាក្យក្នុងបទទំនុកទី៣៤:៨-២២ គាត់ប្រហែលជាកំពុងតែគិតពីអ្នកទាំងនោះដែលនៅជាមួយនឹងគាត់។ អ្វីដែលគាត់រំលឹកដល់ពួកគេគឺសំខាន់សម្រាប់យើងរាល់គ្នានៅសព្វថ្ងៃនេះដែរ ដូច្នេះយើងច្បាស់ជានឹងទទួលប្រយោជន៍ពីការពិនិត្យមើលឲ្យបានដិតដល់នូវបទទំនុកទី៣៤។
តើការសរសើរព្រះយេហូវ៉ា មានអាទិភាពក្នុងជីវិតអ្នកដូចដាវីឌទេ?
១១, ១២. តើមានមូលហេតុអ្វីខ្លះឲ្យយើងសរសើរព្រះយេហូវ៉ាជានិច្ច?
១១ «ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច»។ (ទំនុកដំកើង ៣៤:១) ដោយសារដាវីឌត្រូវរត់ទៅរស់នៅលើភ្នំ មិនជាការសង្ស័យអ្វីឡើយថា គាត់បានខ្វល់ខ្វាយអំពីការចិញ្ចឹមជីវិត។ យ៉ាងណាក៏ដោយ ពាក្យដែលដាវីឌតែងនោះបង្ហាញថា គាត់មិនអនុញ្ញាតឲ្យកង្វល់នៃជីវិតនាំឲ្យគាត់រសាយចិត្តក្នុងការសរសើរព្រះយេហូវ៉ាទេ។ នេះពិតជាគំរូល្អសម្រាប់យើង ពេលយើងមានទុក្ខលំបាកដែរ! មិនថាយើងនៅសាលារៀន នៅកន្លែងធ្វើការ នៅជាមួយគ្រិស្តសាសនិកឯទៀតឬកំពុងតែធ្វើកិច្ចបម្រើផ្សាយរបស់យើងក៏ដោយ ការសរសើរព្រះយេហូវ៉ាគួរមានអាទិភាពក្នុងជីវិតយើង។ សូមគិតអំពីមូលហេតុជាច្រើនឥតគណនាដែលយើងគួរសរសើរព្រះយេហូវ៉ា! ជាឧទាហរណ៍ យើងមិនអាចរៀនឲ្យស្គាល់អ្វីៗទាំងអស់ដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើតមកទេ។ ហើយសូមគិតអំពីអ្វីដែលទ្រង់បានសម្រេចដោយសារអង្គការរបស់ទ្រង់នៅលើផែនដី។ នៅសម័យនេះ ព្រះយេហូវ៉ាបានប្រើមនុស្សស្មោះត្រង់តាមរបៀបអស្ចារ្យណាស់ទោះជាពួកគេមានភាពមិនគ្រប់លក្ខណ៍ក៏ដោយ។ បើប្រៀបធៀបស្នាដៃរបស់បញ្ញវន្តក្នុងពិភពលោកនេះជាមួយនឹងការសម្រេចរបស់ព្រះយេហូវ៉ា តើអ្នកឃើញលក្ខណៈខុសគ្នាយ៉ាងណា? អ្នកច្បាស់ជាមានទស្សនៈដូចដាវីឌដែលបានសរសេរថា៖ «ឱព្រះអម្ចាស់អើយ! នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ»។—ទំនុកដំកើង ៨៦:៨
១២ យើងក៏មានអារម្មណ៍ដូចដាវីឌ ដ្បិតយើងមានចិត្តជំរុញឲ្យសរសើរព្រះយេហូវ៉ាជានិច្ចដោយសារកិច្ចការរបស់ទ្រង់ដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ម្យ៉ាងទៀត យើងដឹងថាព្រះយេស៊ូគ្រិស្តដែលជាអ្នកស្នងរាជ្យពីស្តេចដាវីឌ ទ្រង់កំពុងតែគ្រប់គ្រងក្នុងព្រះរាជាណាចក្ររបស់ព្រះហើយគ្មានអ្នកណានឹងស្នងរាជ្យជំនួសទ្រង់ទេ ដូច្នេះយើងមានចិត្តរំភើបណាស់! (វិវរណៈ ១១:១៥) នេះមានន័យថា ទីបញ្ចប់នៃសម័យនេះគឺជិតដល់ហើយ។ ដូច្នេះជាការសំខាន់ជាងមុនៗទៅទៀតឲ្យមនុស្សជាង៦ពាន់លាននាក់ដឹងអំពីព្រះរាជាណាចក្ររបស់ព្រះនិងអ្វីដែលព្រះរាជាណាចក្រនោះនឹងធ្វើសម្រាប់មនុស្សជាតិ។ ជីវិតស្លាប់រស់របស់ពួកគេ គឺស្រេចនឹងយើងជួយឲ្យពួកគេសរសើរព្រះយេហូវ៉ាជាមួយនឹងយើង។ គឺច្បាស់ហើយថា ការឆ្លៀតគ្រប់ឱកាសដើម្បីលើកទឹកចិត្តមនុស្សឲ្យធ្វើតាម«ដំណឹងល្អ»នេះមុនហួសពេល គួរមានអាទិភាពក្នុងជីវិតយើងមែន!—ម៉ាថាយ ២៤:១៤
១៣. (ក) តើដាវីឌបានអួតពីអ្នកណា? ជាលទ្ធផល តើមនុស្សបែបណាបានចូលទៅជិតព្រះយេហូវ៉ា? (ខ) នៅសព្វថ្ងៃនេះ តើអ្វីទាក់ទាញចិត្តមនុស្សសុភាពឲ្យចូលរួមជាមួយក្រុមជំនុំនៃពួកគ្រិស្តសាសនិក?
១៣ «ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា មនុស្សរាបទាបនឹងឮហើយនឹងមានសេចក្ដីអំណរដែរ»។ (ទំនុកដំកើង ៣៤:២) ក្នុងខនេះ ដាវីឌមិនបានអួតពីសមិទ្ធផលរបស់គាត់ទេ។ ជាឧទាហរណ៍ ដាវីឌមិនបានអួតពីរបៀបគាត់បំភាន់ស្តេចក្រុងកាថ។ ដ្បិតដាវីឌទទួលស្គាល់ថា ព្រះយេហូវ៉ាបានការពារគាត់ពេលនៅទីក្រុងកាថ ហើយថាគាត់បានរួចរស់ជីវិតដោយមានជំនួយពីព្រះយេហូវ៉ា។ (សុភាសិត ២១:១) អាស្រ័យហេតុនេះ ដាវីឌបានអួតពីព្រះយេហូវ៉ា មិនមែនខ្លួនគាត់។ ជាលទ្ធផល នេះបានទាក់ទាញចិត្តមនុស្សសុភាពឲ្យចូលទៅជិតព្រះយេហូវ៉ា។ ដូចគ្នាដែរ ព្រះយេស៊ូបានលើកតម្កើងព្រះនាមព្រះយេហូវ៉ា ហើយនេះបានទាក់ទាញចិត្តមនុស្សរាបទាបឲ្យរៀនអំពីទ្រង់។ នៅសព្វថ្ងៃនេះ មនុស្សសុភាពពីគ្រប់ទាំងសាសន៍បានត្រូវទាក់ទាញឲ្យចូលរួមជាមួយពួកជំនុំគ្រិស្តសាសនិកទូទាំងពិភពលោកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ហើយព្រះយេស៊ូជាសិរសាឬអ្នកនាំមុខពួកជំនុំនោះ។ (កូល៉ុស ១:១៨) ពេលមនុស្សសុភាពឮអ្នកបម្រើព្រះយេហូវ៉ាសរសើរព្រះនាមទ្រង់ដោយចិត្តរាបទាប នោះជំរុញពួកគេឲ្យសរសើរទ្រង់ដែរ។ បន្ថែមទៅទៀត ដោយសារវិញ្ញាណបរិសុទ្ធរបស់ព្រះជួយពួកគេយល់សារក្នុងព្រះគម្ពីរ នេះមានឥទ្ធិពលល្អទៅលើពួកគេ។—យ៉ូហាន ៦:៤៤; កិច្ចការ ១៦:១៤
កិច្ចប្រជុំរមែងពង្រឹងជំនឿយើង
១៤. (ក) តើដាវីឌគាប់ចិត្តសរសើរព្រះយេហូវ៉ាពេលនៅតែឯងប៉ុណ្ណោះឬ? (ខ) ពេលព្រះយេស៊ូចូលរួមក្នុងកម្មវិធីថ្វាយបង្គំព្រះ តើទ្រង់តាំងគំរូល្អអ្វីសម្រាប់យើង?
១៤ «ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ! ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង!»។ (ទំនុកដំកើង ៣៤:៣) ដាវីឌគាប់ចិត្តសរសើរព្រះយេហូវ៉ា មិនគ្រាន់តែពេលនៅតែឯងទេ។ ដាវីឌបានស្វាគមន៍ពួកគ្នីគ្នារបស់គាត់ឲ្យរួមគ្នាលើកព្រះនាមព្រះយេហូវ៉ាឡើងដែរ។ ហើយដោយសារដាវីឌតំណាងព្រះយេស៊ូគ្រិស្ត នោះព្រះយេស៊ូក៏បានសរសើរព្រះយេហូវ៉ានៅមុខបណ្ដាជនទាំងឡាយដែរ គឺនៅក្នុងសាលាប្រជុំប្រចាំភូមិនានា ពេលចូលធ្វើបុណ្យផ្សេងៗនៅឯព្រះវិហាររបស់ព្រះនៅទីក្រុងយេរូសាឡិម ហើយពេលព្រះយេស៊ូនៅជាមួយពួកអ្នកដែលកាន់តាមទ្រង់។ (លូកា ២:៤៩; ៤:១៦-១៩; ១០:២១; យ៉ូហាន ១៨:២០) យើងមានអំណរផងដែរ ពេលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូដោយសរសើរព្រះយេហូវ៉ាជាមួយអ្នកជឿគ្នីគ្នានៅគ្រប់ពេលដែលមានឱកាសហុចឲ្យ ជាពិសេសពេលយើង«ឃើញថាថ្ងៃនោះជិតមកដល់ហើយ»!—ហេព្រើរ ១០:២៤, ២៥
១៥. (ក) តើបទពិសោធន៍របស់ដាវីឌមានឥទ្ធិពលយ៉ាងណាលើពួកគ្នីគ្នារបស់គាត់? (ខ) តើយើងទទួលប្រយោជន៍អ្វីខ្លះពីកម្មវិធីប្រជុំ?
១៥ «ខ្ញុំបានស្វែងរកព្រះយេហូវ៉ាហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ [ទ្រង់]ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ»។ (ទំនុកដំកើង ៣៤:៤) ដាវីឌបានចាត់ទុកបទពិសោធន៍នេះជាមេរៀនដ៏ល្អ។ ដូច្នេះ គាត់មានប្រសាសន៍ទៀតថា៖ «ខ្ញុំជាមនុស្សវេទនានេះបានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្ដាប់តាមហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន»។ (ទំនុកដំកើង ៣៤:៦) ពេលយើងជួបជាមួយបងប្អូនរួមជំនឿ យើងក៏មានឱកាសរៀបរាប់បទពិសោធន៍ដ៏គួរឲ្យលើកទឹកចិត្តអំពីរបៀបព្រះយេហូវ៉ាបានជួយយើងឲ្យស៊ូទ្រាំការពិបាកផ្សេងៗ។ នេះអាចពង្រឹងជំនឿរបស់បងប្អូនយើង ដូចពំនោលរបស់ដាវីឌបានពង្រឹងកម្លាំងរបស់អស់អ្នកដែលគាំទ្រគាត់។ ក្នុងករណីដាវីឌ ពួកគូកនរបស់គាត់បាន«ពឹងដល់[ព្រះយេហូវ៉ា] នោះក៏មានសេចក្ដីអំណរដ៏ព្រោងព្រាយ ហើយមុខគេមិនដែលត្រូវខ្មាសឡើយ»។ (ទំនុកដំកើង ៣៤:៥) ទោះជាពួកអ្នកទាំងនោះកំពុងតែរត់គេចពីស្តេចសូលក៏ដោយ ពួកគេមិនខ្មាសអ្វីឡើយ។ ពួកគេបានទុកចិត្តថា ព្រះរបស់ពួកគេកំពុងតែគាំទ្រដាវីឌ ហើយនេះនាំឲ្យពួកគេមានទឹកមុខរីករាយ។ ស្រដៀងគ្នាដែរ មិនថាយើងជាមនុស្សដែលទើបតែបានចាប់ផ្ដើមសិក្សាព្រះគម្ពីរ ឬជាគ្រិស្តសាសនិកយូរឆ្នាំមកហើយក៏ដោយ យើងទាំងអស់គ្នាក៏ពឹងព្រះយេហូវ៉ាឲ្យជួយដែរ។ ពេលព្រះយេហូវ៉ាជួយយើង នោះយើងក៏មានទឹកមុខរីករាយដែលបង្ហាញពីការតាំងចិត្តរក្សាភាពស្មោះត្រង់ចំពោះទ្រង់ជានិច្ច។
ចូរដឹងគុណព្រះដែលចាត់ទេវតាមកជួយ
១៦. តើព្រះយេហូវ៉ាបានប្រើទេវតារបស់ទ្រង់យ៉ាងណាក្នុងការជួយយើងឲ្យរួច?
១៦ «ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។ (ទំនុកដំកើង ៣៤:៧) ដាវីឌមិនដែលគិតទេថា ព្រះយេហូវ៉ាជួយគាត់ឲ្យបានរួចតែម្នាក់ឯងប៉ុណ្ណោះ។ ទោះជាព្រះយេហូវ៉ាបានតែងតាំងដាវីឌឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលក្រោយៗមកក៏ពិតមែន ដាវីឌនៅតែជ្រាបថា ព្រះយេហូវ៉ាប្រើទេវតាទាំងឡាយរបស់ទ្រង់ដើម្បីជួយមើលថែរក្សាអ្នកបម្រើស្មោះត្រង់ទាំងអស់របស់ទ្រង់ មិនថាអ្នកទាំងនោះមានភារកិច្ចច្រើនឬតិចក្ដីក្នុងអង្គការរបស់ទ្រង់។ នៅសម័យទំនើបនេះ ព្រះយេហូវ៉ាកំពុងតែការពារអ្នកថ្វាយបង្គំពិតរបស់ទ្រង់ដែរ ដ្បិតនៅប្រទេសអាឡឺម៉ង់នាសម័យពួកណាត្ស៊ី ព្រមទាំងនៅប្រទេសអង់កូឡា ម៉ាឡាវីនិងម៉ូសាំប៊ិចជាដើម ពួករាជការបានព្យាយាមបំផ្លាញពួកស្មរបន្ទាល់ព្រះយេហូវ៉ាទាំងអស់ចោល។ យ៉ាងណាក៏ដោយ ការប្រឹងប្រែងរបស់ពួកគេគ្មានប្រយោជន៍នោះទេ។ ជាលទ្ធផល អ្នកបម្រើជាច្រើនរបស់ព្រះយេហូវ៉ានៅប្រទេសទាំងនោះបន្តរួមគ្នាលើកព្រះនាមទ្រង់ឡើង។ ហេតុអ្វីបានជាពួកគេនៅតែមានគ្នាច្រើនម្ល៉េះ? នេះគឺពីព្រោះព្រះយេហូវ៉ាប្រើទេវតាបរិសុទ្ធរបស់ទ្រង់ដើម្បីការពារហើយដឹកនាំរាស្ត្រទ្រង់។—ហេព្រើរ ១:១៤
១៧. តើទេវតារបស់ព្រះយេហូវ៉ាជួយយើងដោយរបៀបណា?
១៧ បន្ថែមទៅទៀត ទេវតារបស់ព្រះយេហូវ៉ាអាចចាត់វិធានការបាន ដើម្បីបណ្ដេញអស់អ្នកដែលនាំឲ្យបងប្អូនរវាតចិត្តឬបាក់ទឹកចិត្តឲ្យចេញពីរាស្ត្ររបស់ព្រះយេហូវ៉ា។ (ម៉ាថាយ ១៣:៤១; ១៨:៦, ១០) ហើយជួនកាលទោះជាយើងមិនឃើញក្ដី ពួកទេវតាប្រហែលជាកំពុងតែជួយរៀបផ្លូវកុំឲ្យមានអ្វីបង្អាក់កិច្ចបម្រើរបស់យើង ហើយពួកទេវតាប្រហែលជាជួយការពារយើងពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ ប៉ុន្តែសំខាន់បំផុត ពួកទេវតាជួយដឹកនាំយើងក្នុងការប្រកាស«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច»ដល់មនុស្សជាតិទាំងឡាយ ដែលរួមបញ្ចូលប្រទេសដែលបងប្អូនយើងសុខចិត្តប្រថុយជីវិតដើម្បីផ្សាយដំណឹងនោះ។ (វិវរណៈ ១៤:៦) សៀវភៅដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ាមានបទពិសោធន៍ច្រើនដែលផ្ដល់ទីសំអាងអំពីរបៀបពួកទេវតាបានជួយបងប្អូនយើង។a ដោយសារមានបទពិសោធន៍ជាច្រើននោះ គ្មានអ្នកណាអាចសង្ស័យថានេះជារឿងចៃដន្យទេ។
១៨. (ក) តើយើងត្រូវធ្វើអ្វីដើម្បីទទួលជំនួយពីពួកទេវតា? (ខ) តើអត្ថបទបន្ទាប់នឹងឆ្លើយសំណួរអ្វីខ្លះ?
១៨ បើយើងចង់ឲ្យពួកទេវតាជួយការពារនិងដឹកនាំយើងតទៅទៀត នោះយើងត្រូវលើកព្រះនាមព្រះយេហូវ៉ាឡើងជានិច្ច សូម្បីតែពេលមានការប្រឆាំងក៏ដោយ។ ចូរចាំថា ទេវតារបស់ព្រះយេហូវ៉ាចោមរោមនៅជុំវិញតែ‹អស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា›ប៉ុណ្ណោះ។ តើនេះមានន័យយ៉ាងណា? តើការកោតខ្លាចព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ? តើយើងអាចរៀនឲ្យចេះកោតខ្លាចទ្រង់ដោយរបៀបណា? ហើយដោយសារព្រះយេហូវ៉ាពេញទៅដោយសេចក្ដីស្រឡាញ់នោះ ហេតុអ្វីបានជាទ្រង់តម្រូវឲ្យយើងខ្លាចទ្រង់? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០០ ទំព័រ៥-៦ និងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០០០ ទំព័រ១៥-១៨។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើដាវីឌបានស៊ូទ្រាំនឹងអ្វីខ្លះ?
• ដូចដាវីឌ តើអ្វីមានអាទិភាពក្នុងជីវិតយើង?
• តើយើងមានទស្សនៈយ៉ាងណាចំពោះកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក?
• តើព្រះយេហូវ៉ាប្រើទេវតារបស់ទ្រង់ដើម្បីជួយយើងយ៉ាងណា?
[ផែនទី/រូបភាពនៅទំព័រ២៥]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ក្រុងរ៉ាម៉ា
ក្រុងកាថ
ក្រុងស៊ីកឡាក់
ក្រុងគីបៀរ
ក្រុងណូប
ទីក្រុងយេរូសាឡិម
ភូមិបេថ្លេហិម
ក្រុងអាឌូឡាម
ក្រុងកៃឡា
ក្រុងហេប្រុន
ក្រុងស៊ីភ
ព្រៃហូរ៉េស
ភ្នំកើមែល
ទីក្រុងម៉ាអូន
ក្រុងអេនកេឌី
សមុទ្រអំបិល
[អ្នកផ្ដល់សិទ្ធិ]
Map: Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel
[រូបភាពនៅទំព័រ២១]
សូម្បីតែពេលដាវីឌត្រូវរត់គេចក្ដី គាត់នៅតែបានលើកព្រះនាមព្រះយេហូវ៉ាឡើង