អំណរសប្បាយបានមកពីការកោតខ្លាចព្រះយេហូវ៉ា
«ឱពួកបរិសុទ្ធរបស់ទ្រង់អើយ! សូមកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ»។—ទំនុកដំកើង ៣៤:៩
១, ២. (ក) តើពិភពគ្រិស្តសាសនាបង្រៀនអ្វីខ្លះអំពីការកោតខ្លាចព្រះ? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
ពេលគ្រូគង្វាលក្នុងពិភពគ្រិស្តសាសនាបង្រៀនអំពីការកោតខ្លាចព្រះ ពួកគេច្រើនតែផ្អែកលើសេចក្ដីបង្រៀនមិនពិតថា ព្រះនឹងធ្វើទារុណកម្មមនុស្សដែលធ្វើអំពើបាបដោយទម្លាក់ពួកគេទៅក្នុងភ្លើងនរកជារៀងរហូត។ អ្វីដែលពួកគេបង្រៀននោះ គឺខុសទាំងស្រុងពីអ្វីដែលព្រះគម្ពីររៀបរាប់អំពីព្រះយេហូវ៉ា ដែលថាទ្រង់ជាព្រះមួយអង្គដែលយុត្ដិធម៌ហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់។ (លោកុប្បត្តិ ៣:១៩; ចោទិយកថា ៣២:៤; រ៉ូម ៦:២៣; យ៉ូហានទី១ ៤:៨) គ្រូគង្វាលផ្សេងក៏បង្រៀនអ្វីដែលខុសប្លែកពីនេះទៅទៀត។ ពួកគេមិននិយាយអំពីការកោតខ្លាចព្រះសោះ។ ផ្ទុយទៅវិញ ពួកគេបង្រៀនថាព្រះមិនប្រកាន់ទេ តែទ្រង់គាប់ចិត្តចំពោះមនុស្សស្ទើរតែទាំងអស់ មិនថាពួកគេមានរបៀបរស់នៅបែបណាក៏ដោយ។ នេះក៏មិនមែនជាអ្វីព្រះគម្ពីរបង្រៀនដែរ។—កាឡាទី ៥:១៩២១
២ តាមពិត ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យកោតខ្លាចព្រះយេហូវ៉ា។ (វិវរណៈ ១៤:៧) ប៉ុន្តែ សេចក្ដីបង្រៀននេះនាំឲ្យយើងឆ្ងល់បន្ដិចដែរ ដ្បិតបើព្រះយេហូវ៉ាពោរពេញទៅដោយសេចក្ដីស្រឡាញ់ ហេតុអ្វីបានជាទ្រង់តម្រូវឲ្យយើងខ្លាចទ្រង់? តើការកោតខ្លាចព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ? តើយើងអាចទទួលប្រយោជន៍អ្វីខ្លះពីការកោតខ្លាចទ្រង់? ឥឡូវយើងសូមមើលបទទំនុកដំកើងទី៣៤តទៅទៀតដើម្បីឆ្លើយសំណួរទាំងនេះ។
ហេតុដែលយើងគួរកោតខ្លាចព្រះ
៣. (ក) តើអ្នកមានទស្សនៈយ៉ាងណាចំពោះបទបញ្ជាឲ្យកោតខ្លាចព្រះ? (ខ) តើពួកអ្នកដែលកោតខ្លាចព្រះយេហូវ៉ាទទួលពរដោយព្រោះអ្វី?
៣ ព្រះយេហូវ៉ាជាអ្នកបង្កើតអ្វីៗទាំងអស់ហើយជាព្រះមហាក្សត្រនៃសកលលោកទាំងមូល ដូច្នេះគួរគប្បីណាស់ឲ្យមនុស្សកោតខ្លាចទ្រង់។ (ពេត្រុសទី១ ២:១៧) នេះមិនមែនជាអារម្មណ៍ភ័យខ្លាចចំពោះព្រះមួយអង្គដែលកាចសាហាវនោះឡើយ តែជាការកោតស្ងើចចំពោះព្រះដែលយើងស្គាល់ច្បាស់។ នេះក៏រួមបញ្ចូលការខ្លាចមិនហ៊ានធ្វើអ្វីដែលខុសពីចិត្តទ្រង់។ ការកោតខ្លាចព្រះជាអារម្មណ៍ល្អដែលផ្ដល់កម្លាំងចិត្តដល់យើង មិនមែនជាអារម្មណ៍ដែលធ្វើឲ្យភ័យព្រួយឬធ្លាក់ទឹកចិត្តឡើយ។ ព្រះយេហូវ៉ាជា«ព្រះដ៏មានពរ[ឬ«សុភមង្គល»]» ដូច្នេះទ្រង់ពេញចិត្តឲ្យមនុស្សដែលទ្រង់បានបង្កើតនោះ មានអំណរសប្បាយក្នុងជីវិត។ (ធីម៉ូថេទី១ ១:១១; ខ.ស.) ប៉ុន្តែ បើយើងចង់អរសប្បាយមែន យើងត្រូវតែរស់សមស្របទៅតាមតម្រូវការរបស់ទ្រង់។ ចំពោះមនុស្សជាច្រើន នេះតម្រូវឲ្យពួកគេកែប្រែរបៀបរស់នៅ។ ប៉ុន្តែ អស់អ្នកដែលកែប្រែតាមតម្រូវការនោះ នឹងឃើញសច្ចភាពនៃពាក្យរបស់ដាវីឌដែលគាត់សរសេរថា៖ «ឱសូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់។ ឱពួកបរិសុទ្ធរបស់ទ្រង់អើយ! សូមកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ»។ (ទំនុកដំកើង ៣៤:៨, ៩) អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ានឹងមិនខ្វះអ្វីដែលមានតម្លៃស្ថិតស្ថេរទេ ពីព្រោះពួកគេមានចំណងមិត្តភាពល្អជាមួយនឹងទ្រង់។
៤. តើដាវីឌនិងព្រះយេស៊ូបានលើកទឹកចិត្តពួកគ្នីគ្នារបស់គាត់ដោយនិយាយយ៉ាងណា?
៤ សូមកត់សម្គាល់ថា ដាវីឌបានលើកកិត្ដិយសពួកគ្នីគ្នារបស់គាត់ដោយហៅពួកគេថា«ពួកបរិសុទ្ធ»។ ពួកគេជាមនុស្សបរិសុទ្ធមែន ពីព្រោះពួកគេនៅក្នុងចំណោមសាសន៍បរិសុទ្ធរបស់ព្រះ ហើយពួកគេបានប្រថុយជីវិតដោយសារសហការជាមួយដាវីឌ។ ទោះជាពួកគេកំពុងតែរត់គេចពីស្តេចសូលក្ដី ដាវីឌមានទំនុកចិត្តថាព្រះយេហូវ៉ានឹងចិញ្ចឹមពួកគេតទៅទៀត។ ដាវីឌបានសរសេរថា៖ «ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះហើយក៏ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ»។ (ទំនុកដំកើង ៣៤:១០) ព្រះយេស៊ូក៏បានលើកទឹកចិត្តពួកអ្នកកាន់តាមទ្រង់ដោយប្រើពាក្យស្រដៀងគ្នានេះដែរ។—ម៉ាថាយ ៦:៣៣
៥. (ក) តើមនុស្សភាគច្រើនដែលបានកាន់តាមព្រះយេស៊ូជាមនុស្សបែបណា? (ខ) តើព្រះយេស៊ូបានជូនយោបល់អ្វីខ្លះស្តីអំពីការខ្លាច?
៥ មនុស្សជាច្រើនដែលបានស្ដាប់តាមព្រះយេស៊ូ ជាប្រជាជនយូដាសាមញ្ញធម្មតាហើយក៏ក្រីក្រផងដែរ។ ជាលទ្ធផល ព្រះយេស៊ូ«មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយហើយខ្ចាត់ខ្ចាយដូចហ្វូងចៀមដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) តើមនុស្សសាមញ្ញទាំងនោះហ៊ានធ្វើតាមព្រះយេស៊ូទេ? តាមពិត ពួកគេត្រូវបណ្ដុះឲ្យមានចិត្តកោតខ្លាចព្រះយេហូវ៉ាដើម្បីក្លាយជាអ្នកកាន់តាមព្រះយេស៊ូ ហើយពួកគេមិនគួរខ្លាចមនុស្សទេ។ ព្រះយេស៊ូប្រាប់ពួកគេថា៖ «កុំឲ្យខ្លាចអ្នកណាដែលសំឡាប់បានតែរូបកាយ រួចក្រោយមកពុំអាចធ្វើអ្វីទៀតបាននោះឡើយ។ ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងជាត្រូវខ្លាចដល់អ្នកណា គឺត្រូវឲ្យខ្លាចដល់ព្រះវិញ ដែលកាលណាទ្រង់សំឡាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុង[«ហ្គេហេណា»]បានផង។ អើ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចដល់ព្រះអង្គចុះ! តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី? តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ។ សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នាក៏បានរាប់ទាំងអស់ដែរ។ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន»។—លូកា ១២:៤-៧; ព.ថ.
៦. (ក) តើពាក្យណាខ្លះរបស់ព្រះយេស៊ូបានជួយពួកគ្រិស្តសាសនិកឲ្យមានកម្លាំងចិត្ត? (ខ) ហេតុអ្វីបានជាយើងអាចនិយាយថា ព្រះយេស៊ូទុកគំរូល្អបំផុតក្នុងការកោតខ្លាចព្រះយេហូវ៉ា?
៦ ពេលខ្មាំងសត្រូវបង្ខិតបង្ខំពួកអ្នកដែលកោតខ្លាចព្រះយេហូវ៉ាឲ្យឈប់បម្រើទ្រង់ នោះរាស្ត្រព្រះនឹកគិតពីឱវាទរបស់ព្រះយេស៊ូដែលថា៖ «អស់អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវតានៃព្រះដែរ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំនៅមុខមនុស្សលោក នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវតានៃព្រះដែរ»។ (លូកា ១២:៨, ៩) ពាក្យទាំងនោះបានពង្រឹងកម្លាំងរបស់ពួកគ្រិស្តសាសនិក ជាពិសេសនៅប្រទេសនានាដែលមានបម្រាមលើការថ្វាយបង្គំពិត។ បងប្អូនទាំងនោះនៅតែសរសើរព្រះយេហូវ៉ាដោយប្រជុំគ្នាជាពួកគ្រិស្តសាសនិកនិងធ្វើកិច្ចបម្រើផ្សាយដោយប្រយ័ត្នប្រយែង។ (កិច្ចការ ៥:២៩) ព្រះយេស៊ូបានទុកគំរូល្អបំផុតក្នុងការ«កោតខ្លាច»ព្រះយេហូវ៉ា។ (ហេព្រើរ ៥:៧) បទទំនាយក្នុងព្រះគម្ពីររៀបរាប់អំពីព្រះយេស៊ូថា៖ «វិញ្ញាណនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃ . . . សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។ អ្នកនោះនឹងវៃរហ័ស[ឬ«មានអំណរសប្បាយក្នុងការ»]កោតខ្លាចដល់ព្រះយេហូវ៉ា»។ (អេសាយ ១១:២, ៣; ខ.ស.) ហេតុនេះហើយបានជាព្រះយេស៊ូមានលក្ខណៈល្អជាងគេដើម្បីបង្រៀនយើងអំពីផលប្រយោជន៍ដែលមកពីការកោតខ្លាចព្រះយេហូវ៉ា។
៧. (ក) តើពួកគ្រិស្តសាសនិកអាចធ្វើយ៉ាងណាដែលបង្ហាញថាពួកគេធ្វើតាមសេចក្ដីអញ្ជើញរបស់ដាវីឌ? (ខ) តើមាតាបិតាទាំងឡាយអាចធ្វើតាមគំរូល្អរបស់ដាវីឌយ៉ាងណា?
៧ ពេលយើងធ្វើតាមគំរូរបស់ព្រះយេស៊ូនិងស្ដាប់តាមអ្វីដែលទ្រង់បង្រៀន នេះគឺហាក់ដូចជាយើងកំពុងតែធ្វើតាមសេចក្ដីអញ្ជើញមួយ ដូចដាវីឌបានអញ្ជើញពួកគ្នីគ្នារបស់គាត់ថា៖ «កូនទាំងឡាយអើយ! ចូរមកស្ដាប់អញចុះ! អញនឹងបង្រៀនឯងរាល់គ្នាពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (ទំនុកដំកើង ៣៤:១១) ដាវីឌមានសិទ្ធិហៅបុរសទាំងនោះថា «កូន» ពីព្រោះពួកគេបានគោរពគាត់ជាអ្នកនាំមុខ។ ដូច្នេះ ដាវីឌបានជួយឲ្យពួកគេចេះកោតខ្លាចព្រះយេហូវ៉ាដើម្បីគាប់ចិត្តទ្រង់និងមានសាមគ្គីភាពរវាងគ្នា។ ហើយនេះក៏ជាគំរូល្អសម្រាប់គ្រិស្តសាសនិកទាំងឡាយដែលមានកូនដែរ! ព្រះយេហូវ៉ាបានប្រគល់ឲ្យមាតាបិតាទាំងឡាយនូវសិទ្ធិ«បង្រៀន[កូន]ទៅតាមដំបូន្មាននឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់»។ (អេភេសូរ ៦:៤) ពេលមាតាបិតាពិភាក្សាជាមួយកូនអំពីរឿងដែលទាក់ទងនឹងការថ្វាយបង្គំព្រះយេហូវ៉ាហើយសិក្សាព្រះគម្ពីរយ៉ាងទៀងទាត់ជាមួយពួកគេ នេះជួយឲ្យកូនមានអំណរសប្បាយក្នុងការកោតខ្លាចព្រះយេហូវ៉ា។—ចោទិយកថា ៦:៦, ៧
របៀបបង្ហាញថាយើងកោតខ្លាចព្រះ
៨, ៩. (ក) តើការកោតខ្លាចព្រះយេហូវ៉ាផ្ដល់ឲ្យមានលទ្ធផលដ៏គាប់ចិត្តអ្វីខ្លះ? (ខ) តើការរក្សាអណ្ដាតខ្លួនរួមបញ្ចូលអ្វីខ្លះ?
៨ ដូចបានបញ្ជាក់ខាងលើរួចហើយ ការកោតខ្លាចព្រះយេហូវ៉ាមិនធ្វើឲ្យយើងបាត់បង់អំណរទេ។ ដាវីឌបានសួរថា៖ «តើមានអ្នកឯណាដែលចង់បានជីវិតហើយស្រឡាញ់អាយុយឺនយូរដើម្បីឲ្យបានឃើញសេចក្ដីល្អ?»។ (ទំនុកដំកើង ៣៤:១២) គឺច្បាស់ហើយថា អាយុយឺនយូរនិងជីវិតសប្បាយជាប់ទាក់ទងនឹងការកោតខ្លាចព្រះយេហូវ៉ា។ ប៉ុន្តែ គ្រាន់តែនិយាយថា៖ «ខ្ញុំកោតខ្លាចព្រះហើយ» នោះមិនគ្រប់គ្រាន់ទេ ដ្បិតយើងត្រូវបង្ហាញថាយើងកោតខ្លាចទ្រង់ដោយកិរិយាដែលយើងប្រព្រឹត្តដែរ។ ហេតុនេះហើយបានជាដាវីឌសរសេរតទៅទៀតអំពីរបៀបដែលយើងអាចបង្ហាញថាយើងកោតខ្លាចព្រះមែន។
៩ «[ចូរ]រក្សាអណ្ដាតខ្លួនឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត»។ (ទំនុកដំកើង ៣៤:១៣) ក្នុងសំបុត្រដែលសាវ័កពេត្រុសសរសេរទូន្មានពួកគ្រិស្តសាសនិកឲ្យស្រឡាញ់គ្នា ព្រះយេហូវ៉ាក៏បានបណ្ដាលឲ្យគាត់ដកស្រង់ឃ្លាខាងលើនេះពីបទទំនុកដំកើងទី៣៤។ (ពេត្រុសទី១ ៣:៨-១២) ការរក្សាអណ្ដាតខ្លួនឲ្យរួចពីសេចក្ដីអាក្រក់មានន័យថា ពេលយើងឮអ្នកណានិយាយដើមគេ នោះយើងមិនប្រាប់រឿងនោះតៗគ្នាឡើយ។ ផ្ទុយទៅវិញ យើងខិតខំពង្រឹងកម្លាំងចិត្តអ្នកដទៃពេលនិយាយជាមួយពួកគេ។ ម្យ៉ាងទៀត យើងក៏ព្យាយាមបង្ហាញចិត្តក្លាហានហើយនិយាយពិតជានិច្ច។—អេភេសូរ ៤:២៥, ២៩, ៣១; យ៉ាកុប ៥:១៦
១០. (ក) តើការថយចេញពីការអាក្រក់រួមបញ្ចូលអ្វីខ្លះ? (ខ) តើយើងអាចប្រព្រឹត្តការល្អអ្វីខ្លះ?
១០ «ចូរថយចេញពីការអាក្រក់ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសេចក្ដីសុខហើយដេញជាប់តាមចុះ!»។ (ទំនុកដំកើង ៣៤:១៤) យើងខំជៀសវាងពីអ្វីដែលព្រះយេហូវ៉ាស្អប់ ដូចជាអំពើអសីលធម៌ រូបអាសអាភាស មន្តអាគម ការលួចប្លន់ អំពើឃោរឃៅ ការប្រមឹកស្រានិងការប្រើគ្រឿងញៀនជាដើម។ ហើយយើងក៏មិនមើលអ្វីក៏ដោយដែលទាក់ទងនឹងអំពើអាក្រក់ទាំងនោះ។ (អេភេសូរ ៥:១០-១២) ផ្ទុយទៅវិញ យើងប្រើពេលវេលារបស់យើងដោយប្រព្រឹត្តការល្អវិញ។ ការប្រព្រឹត្តដ៏ល្អបំផុតគឺការផ្សាយសារព្រះរាជាណាចក្ររបស់ព្រះយ៉ាងទៀងទាត់ ទាំងបញ្ចុះបញ្ចូលឲ្យមានសិស្សដើម្បីជួយឲ្យពួកគេទទួលសេចក្ដីសង្គ្រោះដែរ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការប្រព្រឹត្តដ៏ល្អក៏រួមបញ្ចូលការរៀបចំសម្រាប់កិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិក ចូលរួមកម្មវិធីនោះជាទៀងទាត់ ធ្វើវិភាគទានដើម្បីគាំទ្រកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក មើលថែរក្សាសាលព្រះរាជាណាចក្រនាតំបន់យើង ហើយការយកចិត្តទុកដាក់ចំពោះបងប្អូនគ្រិស្តសាសនិកដែលត្រូវការជំនួយ។
១១. (ក) តើដាវីឌប្រព្រឹត្តតាមយោបល់របស់គាត់យ៉ាងណាក្នុងការស្វែងរកសេចក្ដីសុខ? (ខ) តើអ្នកអាច«ស្វែងរកសេចក្ដីសុខ»ក្នុងក្រុមជំនុំដោយធ្វើអ្វី?
១១ ដាវីឌបានតាំងគំរូល្អសម្រាប់យើងក្នុងការស្វែងរកសេចក្ដីសុខ។ ដាវីឌមានឱកាសសម្លាប់ស្តេចសូលពីរដង ប៉ុន្តែគាត់មិនប្រើអំពើហិង្សាសោះ ហើយក្រោយមកគាត់ក៏បង្ហាញការគោរពចំពោះសូលពេលនិយាយជាមួយទ្រង់ដោយមានបំណងចង់ផ្សះផ្សា។ (សាំយូអែលទី១ ២៤:៨-១១; ២៦:១៧-២០) នៅសព្វថ្ងៃនេះ ប្រសិនបើមានរឿងមួយហៀបនឹងធ្វើឲ្យបងប្អូនក្នុងក្រុមជំនុំបែកបាក់គ្នា តើយើងអាចធ្វើអ្វី? យើងគួរ«ស្វែងរកសេចក្ដីសុខហើយដេញជាប់តាមចុះ!»។ នេះបានន័យថា បើយើងមិនត្រូវគ្នានឹងបងប្អូនរួមជំនឿណាម្នាក់ យើងគួរធ្វើតាមឱវាទរបស់ព្រះយេស៊ូដោយ‹ទៅរកជានានឹងបងប្អូនជាមុនសិន›។ ក្រោយមក យើងអាចបន្តបំពេញភារកិច្ចឯទៀតរបស់យើងក្នុងការថ្វាយបង្គំព្រះ។—ម៉ាថាយ ៥:២៣, ២៤; អេភេសូរ ៤:២៦
ការកោតខ្លាចព្រះនាំឲ្យបានពរយ៉ាងពិសេស
១២, ១៣. (ក) នៅពេលឥឡូវនេះ តើអ្នកកោតខ្លាចព្រះយេហូវ៉ាទទួលប្រយោជន៍អ្វីខ្លះ? (ខ) នៅបន្ដិចទៀត តើអស់អ្នកដែលថ្វាយបង្គំព្រះពិតនឹងទទួលពរពិសេសអ្វី?
១២ «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ»។ (ទំនុកដំកើង ៣៤:១៥) កំណត់ហេតុដែលរៀបរាប់ពីរបៀបព្រះយេហូវ៉ាបានប្រព្រឹត្តលើដាវីឌ បង្ហាញថាទ្រង់ពិតជាឃើញនិងស្ដាប់ដាវីឌមែន។ នៅសព្វថ្ងៃនេះ យើងក៏មានអំណរយ៉ាងខ្លាំងនិងស្កប់ស្កល់ចិត្តពីព្រោះយើងដឹងថាព្រះយេហូវ៉ាកំពុងតែមើលថែរក្សាយើងដែរ។ យើងក៏មានទំនុកចិត្តថាទ្រង់នឹងផ្ដល់អ្វីៗដែលយើងត្រូវការ សូម្បីតែពេលដែលយើងមានអារម្មណ៍តានតឹងចិត្តក៏ដោយ។ យើងដឹងថា បន្ដិចទៀតកុកនៃស្រុកម៉ាកុក (គឺអារក្សសាតាំង) នឹងពាធាលើអស់អ្នកដែលថ្វាយបង្គំព្រះពិត ហើយក្រោយមកយើងនឹងឃើញ«ថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»។ (យ៉ូអែល ២:១១, ៣១; អេសេគាល ៣៨:១៤-១៨, ២១-២៣) មិនថាយើងប្រឈមមុខកាលៈទេសៈពិបាកណាក៏ដោយនៅពេលនោះ ពាក្យរបស់ដាវីឌនឹងសម្រេចជាក់ជាពុំខាន។ គាត់សរសេរថា៖ «គេអំពាវនាវហើយព្រះយេហូវ៉ាទ្រង់ទទួលស្ដាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ»។—ទំនុកដំកើង ៣៤:១៧
១៣ ពេលយើងឃើញព្រះយេហូវ៉ាលើកតម្កើងព្រះនាមទ្រង់នៅគ្រានោះ យើងពិតជានឹងមានចិត្តរំភើបមែន! នៅពេលនោះយើងនឹងកោតស្ងើចហើយចង់គោរពទ្រង់ខ្លាំងជាងមុនៗទៅទៀត តែអស់អ្នកដែលប្រឆាំងទ្រង់នឹងវិនាសទៅគួរឲ្យអាម៉ាស់។ «ព្រះភក្ដ្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ»។ (ទំនុកដំកើង ៣៤:១៦) ការប្រោសលោះឲ្យចូលទៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ ពិតជាពរយ៉ាងពិសេសមែន!
ការសន្យារបស់ព្រះយេហូវ៉ាដែលជួយយើងស៊ូទ្រាំ
១៤. ទោះជាយើងរងទុក្ខវេទនាយ៉ាងណាក៏ដោយ តើអ្វីអាចជួយយើងឲ្យស៊ូទ្រាំបាន?
១៤ ទំរាំពេលនោះមកដល់ ការបន្តស្ដាប់បង្គាប់ព្រះយេហូវ៉ាតម្រូវឲ្យយើងចេះស៊ូទ្រាំក្នុងពិភពលោកនេះដែលសុទ្ធតែពុករលួយនិងកាចសាហាវ។ ការកោតខ្លាចព្រះយេហូវ៉ាអាចជួយយើងរៀនឲ្យចេះស្ដាប់បង្គាប់បាន។ ដោយសារនេះជាគ្រាលំបាកណាស់ អ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ារងទុក្ខយ៉ាងខ្លាំងដល់ម្ល៉េះបានជាពួកគេបាក់ទឹកចិត្តហើយជួនកាលអស់សង្ឃឹមដែរ។ ប៉ុន្តែ អ្នកទាំងនោះអាចជឿប្រាកដថា បើពួកគេពឹងផ្អែកលើព្រះយេហូវ៉ា ទ្រង់នឹងជួយពួកគេឲ្យស៊ូទ្រាំជាក់ជាពុំខាន។ ពាក្យដែលដាវីឌតែងនោះអាចជួយសម្រាលទុក្ខផងដែរ។ គាត់សរសេរថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»។ (ទំនុកដំកើង ៣៤:១៨) ហើយដាវីឌក៏លើកទឹកចិត្តយើងទៀតដោយមានប្រសាសន៍ថា៖ «មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។ (ទំនុកដំកើង ៣៤:១៩) មិនថាយើងរងទុក្ខវេទនាយ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមានអំណាចជួយប្រោសយើងឲ្យរួចបាន។
១៥, ១៦. (ក) មិនយូរប៉ុន្មានក្រោយដាវីឌតែងបទទំនុកទី៣៤ តើគាត់ទទួលដំណឹងអាក្រក់ណា? (ខ) តើអ្វីនឹងជួយយើងស៊ូទ្រាំពេលមានទុក្ខលំបាក?
១៥ មិនយូរប៉ុន្មានក្រោយដាវីឌបានតែងបទទំនុកទី៣៤នោះ គាត់ទទួលដំណឹងអាក្រក់ថា សូលបានបញ្ជាឲ្យគេសម្លាប់ប្រជាជនទាំងឡាយនិងសង្ឃជាច្រើននៅទីក្រុងណូប។ នេះច្បាស់ជាបណ្ដាលឲ្យដាវីឌមានចិត្តសោកសង្រេងមែន! ដ្បិតសូលមានកំហឹងចំពោះបណ្ដាជននៅទីក្រុងណូបដោយសារដាវីឌបានឈប់សម្រាកនៅទីនោះ។ (សាំយូអែលទី១ ២២:១៣, ១៨-២១) យើងអាចយល់ថា ពេលដាវីឌឮដំណឹងនោះ គាត់បានរកជំនួយពីព្រះយេហូវ៉ាហើយគាត់ច្បាស់ជាមានអារម្មណ៍ធូរស្រាលបន្ដិចដោយដឹងថា «មនុស្សសុចរិត»នឹងមានសង្ឃឹមរស់ឡើងវិញនៅពេលអនាគត។—កិច្ចការ ២៤:១៥
១៦ នៅសព្វថ្ងៃនេះ សេចក្ដីសង្ឃឹមថាមនុស្សស្លាប់អាចរស់ឡើងវិញនោះ ក៏ផ្ដល់កម្លាំងចិត្តឲ្យយើងដែរ។ យើងដឹងថា ខ្មាំងសត្រូវមិនអាចធ្វើទុក្ខដល់យើងជារៀងរហូតបានឡើយ។ (ម៉ាថាយ ១០:២៨) ហើយដាវីឌបង្ហាញថាគាត់មានជំនឿដូចគ្នាដែរ ពេលគាត់សរសេរថា៖ «ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់[មនុស្សសុចរិត]នោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ»។ (ទំនុកដំកើង ៣៤:២០) ក្នុងករណីព្រះយេស៊ូ នេះបានកើតឡើងមែន ដ្បិតទោះបីជាគេបានធ្វើគុតទ្រង់យ៉ាងសាហាវក៏ដោយ គ្មានឆ្អឹងណារបស់ទ្រង់បាន«បាក់»ឡើយ។ (យ៉ូហាន ១៩:៣៦) គោលការណ៍ក្នុងបទទំនុកទី៣៤:២០ ក៏ជួយលើកទឹកចិត្តយើងថា ពួកគ្រិស្តសាសនិកដែលសង្ឃឹមឡើងទៅស្ថានសួគ៌ហើយពួក«ចៀមឯទៀត»ដែលជាគូកនរបស់ពួកគាត់ប្រហែលជានឹងរងទុក្ខលំបាកមែន តែមិនកើតទុក្ខរហូតទេ។ បើគិតជាន័យធៀប គឺហាក់ដូចជាគ្មានឆ្អឹងណារបស់ពួកគេនឹងបាក់ឡើយ។—យ៉ូហាន ១០:១៦
១៧. តើមនុស្សដែលមិនឈប់ស្អប់រាស្ត្ររបស់ព្រះនឹងទទួលផលអាក្រក់អ្វី?
១៧ មនុស្សអាក្រក់គ្មានសេចក្ដីសង្ឃឹមទេ ដ្បិតមិនយូរប៉ុន្មានទៀត មនុស្សដែលធ្វើអាក្រក់នឹងបានអាក្រក់។ «សេចក្ដីអាក្រក់នឹងសំឡាប់មនុស្សដែលប្រព្រឹត្តអាក្រក់ ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិតនឹងត្រូវមានទោស»។ (ទំនុកដំកើង ៣៤:២១) អស់អ្នកដែលមិនឈប់ប្រឆាំងរាស្ត្ររបស់ព្រះយេហូវ៉ា នឹងទទួលផលអាក្រក់បំផុត ដ្បិតពេលព្រះយេស៊ូគ្រិស្តយាងមក «គេនឹងរងទុក្ខទោសជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច»។—ថែស្សាឡូនីចទី២ ១:៩
១៨. ពេលឥឡូវនេះ តើ«មនុស្ស១ហ្វូងយ៉ាងធំ»បានលោះឲ្យរួចពីបាបក្នុងន័យអ្វី? នៅពេលអនាគត តើពួកគេនឹងទទួលប្រយោជន៍អ្វីទៀត?
១៨ ពាក្យបញ្ចប់ក្នុងបទទំនុករបស់ដាវីឌលើកទឹកចិត្តយើងណាស់! ដ្បិតគាត់សរសេរថា៖ «ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរពប្រតិបត្ដិដល់ទ្រង់ ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់ នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ»។ (ទំនុកដំកើង ៣៤:២២) ជិតដំណាច់គ្រាសោយរាជ្យរយៈពេល៤០ឆ្នាំរបស់ស្តេចដាវីឌ លោកមានប្រសាសន៍ថា៖ «[ព្រះយេហូវ៉ា]បានលោះព្រលឹងយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីវេទនា»។ (ពង្សាវតារក្សត្រទី១ ១:២៩) នៅបន្ដិចទៀត ពេលអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាគិតពីអតីតកាល នោះពួកគេនឹងមានអំណរសប្បាយដូចដាវីឌពីព្រោះពួកគេលែងមានទោសជាអ្នកមានបាប ដោយសារព្រះយេហូវ៉ានឹងលោះបាបពួកគេហើយប្រោសពួកគេឲ្យរួចពីទុក្ខវេទនាទាំងឡាយ។ ពេលឥឡូវនេះ គ្រិស្តសាសនិកភាគច្រើនដែលមានក្ដីសង្ឃឹមគ្រប់គ្រងជាមួយព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ហើយ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាទទួលស្គាល់«មនុស្ស១ហ្វូងយ៉ាងធំ»ពីគ្រប់ទាំងសាសន៍ ជាមនុស្សស្អាតស្អំដែលកំពុងតែថ្វាយបង្គំទ្រង់ជាមួយបងប្អូនរបស់ព្រះយេស៊ូដែលមិនទាន់ឡើងទៅស្ថានសួគ៌។ ព្រះយេហូវ៉ាទទួលស្គាល់អ្នកទាំងនោះជាមនុស្សស្អាតស្អំពីព្រោះពួកគេមានជំនឿថា ឈាមរបស់ព្រះយេស៊ូដែលហូរចេញនោះពិតជាអាចលោះពួកគេពីបាបបាន។ ពួកគេនឹងទទួលប្រយោជន៍យ៉ាងពេញលេញពីយញ្ញបូជាលោះនោះ ពេលពួកគេក្លាយជាមនុស្សគ្រប់លក្ខណ៍នៅពេលអនាគត គឺក្នុងអំឡុងពេលសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រិស្ត។—វិវរណៈ ៧:៩, ១៤, ១៧; ២១:៣-៥
១៩. តើ«មនុស្ស១ហ្វូងយ៉ាងធំ»បានតាំងចិត្តធ្វើអ្វី?
១៩ ហេតុអ្វីបានជា«មនុស្ស១ហ្វូងយ៉ាងធំ»ដែលថ្វាយបង្គំព្រះយេហូវ៉ានឹងទទួលពរជាច្រើនទាំងនោះ? «មនុស្ស១ហ្វូងយ៉ាងធំ»នឹងទទួលពរទាំងនោះពីព្រោះពួកគេបានតាំងចិត្តកោតខ្លាចព្រះយេហូវ៉ាតទៅទៀត ហើយពួកគេកំពុងតែបម្រើទ្រង់ដោយគោរពស្ដាប់បង្គាប់និងកោតស្ងើចចំពោះទ្រង់។ ត្រូវមែន ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យមានអំណរសប្បាយនៅពេលឥឡូវនេះ ហើយក៏ជួយយើង«ចាប់បានជីវិតអស់កល្បជានិច្ច»ដែរ គឺជីវិតជារៀងរហូតក្នុងពិភពលោកថ្មីរបស់ព្រះ។—ធីម៉ូថេទី១ ៦:១២, ១៨, ១៩; វិវរណៈ ១៥:៣, ៤
តើអ្នកនៅចាំទេ?
• ហេតុអ្វីក៏គួរគប្បីឲ្យយើងកោតខ្លាចព្រះយេហូវ៉ា? តើការកោតខ្លាចទ្រង់រួមបញ្ចូលអ្វីខ្លះ?
• តើការកោតខ្លាចព្រះជំរុញយើងឲ្យប្រព្រឹត្តយ៉ាងណា?
• តើការកោតខ្លាចព្រះយេហូវ៉ានាំឲ្យយើងទទួលពរអ្វីខ្លះ?
• តើមានសេចក្ដីសន្យាអ្វីខ្លះដែលជួយយើងស៊ូទ្រាំ?
[រូបភាពនៅទំព័រ៣១]
ការដ៏ល្អបំផុតដែលយើងអាចធ្វើចំពោះអ្នកជិតខាង គឺប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ