មេរៀនទី២៥
តើព្រះចង់ឲ្យយើងមានជីវិតបែបណា?
គម្ពីរប្រាប់ថាជីវិតមនុស្សគឺ«ខ្លី ហើយមានទុក្ខលំបាកមិនចេះចប់»។ (យ៉ូប ១៤:១) តើព្រះចង់ឲ្យយើងមានជីវិតបែបនេះឬ? បើមិនមែនទេ តើព្រះចង់ឲ្យយើងមានជីវិតបែបណាវិញ? តើគោលបំណងរបស់លោកនឹងក្លាយជាការពិតទេ? សូមពិចារណាចម្លើយពីគម្ពីរដែលសម្រាលទុក្ខយើង។
១. តើព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិតបែបណា?
ព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិតល្អបំផុត។ ពេលលោកបង្កើតអាដាមនិងអេវ៉ាដែលជាមនុស្សដំបូង លោកបានឲ្យពួកគេរស់នៅក្នុងសួនអេដែន ដែលជាសួនឧទ្យានដ៏ស្អាតមួយ។ រួចមក «ព្រះបានឲ្យពរពួកគេ ហើយមានប្រសាសន៍ថា៖ ‹ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ហើយចូរគ្រប់គ្រងផែនដី›»។ (ដើមកំណើត ១:២៨) ព្រះយេហូវ៉ាចង់ឲ្យពួកគេបង្កើតកូន ថែរក្សាសត្វទាំងឡាយ និងធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន។ លោកមានគោលបំណងឲ្យមនុស្សទាំងអស់មានសុខភាពល្អឥតខ្ចោះ និងឲ្យពួកគេរស់ជារៀងរហូត។
សព្វថ្ងៃយើងមិនមានជីវិតដូចនោះឡើយ។a ទោះជាយ៉ាងនោះក៏ដោយ ព្រះមិនផ្លាស់ប្ដូរគោលបំណងរបស់លោកទេ។ (អេសាយ ៤៦:១០, ១១) លោកនៅតែចង់ឲ្យមនុស្សដែលស្ដាប់បង្គាប់លោក រស់ជារៀងរហូតក្នុងបរិយាកាសនិងស្ថានភាពល្អបំផុត។—សូមអាន ការបើកបង្ហាញ ២១:៣, ៤
២. តើនៅឥឡូវនេះយើងអាចមានជីវិតដ៏មានន័យខ្លឹមសារយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានការ«ស្រេកឃ្លានចំពោះការណែនាំពីព្រះ» នេះជាមូលហេតុដែលយើងចង់ស្គាល់លោក និងចង់គោរពប្រណិប័តន៍លោក។ (សូមអាន ម៉ាថាយ ៥:៣-៦) លោកចង់ឲ្យយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក ឲ្យ‹ដើរតាមអស់ទាំងផ្លូវរបស់លោក ព្រមទាំងឲ្យស្រឡាញ់លោក› និងបម្រើលោក«អស់ពីដួងចិត្ត»។ (ការបំភ្លឺច្បាប់ ១០:១២; ចម្រៀងសរសើរព្រះ ២៥:១៤) ពេលយើងធ្វើដូច្នេះ យើងអាចមានសុភមង្គលពិតប្រាកដ ទោះជាយើងមានបញ្ហាក៏ដោយ។ ពេលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា យើងដឹងថាជីវិតយើងមានន័យខ្លឹមសារ ដោយសារយើងមានរបៀបរស់នៅដែលលោកចង់ឲ្យយើងមាន។
បង្កើនចំណេះ
សូមរៀនអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ាពេលលោករៀបចំផែនដីសម្រាប់យើង និងអំពីអ្វីដែលបណ្ដាំរបស់លោកបង្រៀនយើងអំពីគោលបំណងនៃជីវិត។
៣. ព្រះយេហូវ៉ាចង់ឲ្យមនុស្សមានជីវិតល្អបំផុត
លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីព្រះបានបង្កើតផែនដីដ៏ស្រស់ស្អាតសម្រាប់យើង?
សូមអាន អ្នកទូន្មាន ៣:១១ រួចពិភាក្សាសំណួរនេះ៖
តើខនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេហូវ៉ា?
៤. ព្រះយេហូវ៉ាមិនផ្លាស់ប្ដូរគោលបំណងរបស់លោកឡើយ
សូមអាន ចម្រៀងសរសើរព្រះ ៣៧:១១, ២៩ និងអេសាយ ៥៥:១១ រួចពិភាក្សាសំណួរនេះ៖
តើយើងដឹងយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាមិនផ្លាស់ប្ដូរគោលបំណងរបស់លោក?
៥. ការគោរពប្រណិប័តន៍ព្រះយេហូវ៉ាធ្វើឲ្យយើងមានជីវិតដ៏មានន័យខ្លឹមសារ
ការដឹងអំពីគោលបំណងនៃជីវិតអាចជួយយើងឲ្យមានសុភមង្គល។ លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
ក្រោយពីថេរូមីបានរកឃើញគោលបំណងនៃជីវិត តើគាត់បានទទួលប្រយោជន៍យ៉ាងណា?
សូមអាន អ្នកទូន្មាន ១២:១៣ រួចពិភាក្សាសំណួរនេះ៖
ដោយសារព្រះយេហូវ៉ាបានធ្វើអ្វីៗជាច្រើនសម្រាប់យើង តើយើងអាចធ្វើអ្វីដើម្បីសងគុណលោកវិញ?
មនុស្សខ្លះប្រហែលជាសួរថា៖ «តើធ្វើដូចម្ដេចឲ្យមានជីវិតដ៏សប្បាយ?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិតជារៀងរហូតក្នុងបរិយាកាសនិងស្ថានភាពល្អបំផុតនៅផែនដី។ ពេលយើងគោរពប្រណិប័តន៍លោកដោយអស់ពីដួងចិត្ត នោះជីវិតយើងមានន័យខ្លឹមសារពិតប្រាកដ សូម្បីតែនៅឥឡូវនេះ។
រៀនសាឡើងវិញ
នៅដើមដំបូង តើព្រះយេហូវ៉ាមានគោលបំណងអ្វីសម្រាប់អាដាមនិងអេវ៉ា?
តើតាមរបៀបណាយើងដឹងថាព្រះមិនផ្លាស់ប្ដូរគោលបំណងរបស់លោកសម្រាប់មនុស្ស?
តើអ្នកអាចរកឃើញជីវិតដ៏មានន័យខ្លឹមសារយ៉ាងដូចម្ដេច?
ស្វែងយល់ថែមទៀត
សូមពិចារណាភ័ស្តុតាងដែលបញ្ជាក់ថាសួនអេដែនពិតជាមានមែន។
សូមរៀនអំពីមូលហេតុដែលយើងអាចជឿជាក់ថាផែនដីនឹងស្ថិតស្ថេរជារៀងរហូត។
«តើផែនដីនឹងត្រូវបំផ្លាញចោលឬ?» (អត្ថបទក្នុងគេហទំព័រ)
សូមពិចារណាអ្វីដែលគម្ពីរចែងអំពីរបៀបដែលអ្នកអាចរកឃើញអត្ថន័យក្នុងជីវិត។
«តើអ្វីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលអំពីបុរសម្នាក់ដែលមានអ្វីគ្រប់យ៉ាង តែក្រោយមកគាត់ឃើញថាខ្លួនខ្វះអ្វីម្យ៉ាងក្នុងជីវិត។
a ក្នុងមេរៀនបន្ទាប់ អ្នកនឹងរៀនអំពីមូលហេតុដែលមនុស្សយើងមិនមានជីវិតដូចនោះ។