ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៣៤-៣៧
«ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អ»
(ទំនុកតម្កើង ៣៧:១, ២) កុំឲ្យក្ដៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ។ ២ ដ្បិតនៅបន្ដិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ។
«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក»
«កុំឲ្យច្រណែន»
៣ យើងកំពុងតែរស់នៅ«គ្រាលំបាក»ដែលមានអំពើអាក្រក់សន្ធឹកណាស់។ យើងឃើញថាពាក្យរបស់សាវ័កប៉ុលបានក្លាយជាការពិតមែនគឺ៖ «ពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»។ (ធីម៉ូថេទី២ ៣:១, ១៣) ដោយសារមនុស្សអាក្រក់មើលទៅហាក់ដូចជាកំពុងតែរីកចំរើនសម្បូរសប្បាយនោះ នេះអាចមានអានុភាពលើយើងយ៉ាងងាយស្រួលណាស់! នោះអាចបំបែរអារម្មណ៍យើងចេញ ហើយធ្វើឲ្យយើងលែងមើលឃើញច្បាស់ខាងវិញ្ញាណ គឺមើលឃើញព្រិលៗវិញ។ សូមកត់សម្គាល់នូវបន្ទូលដំបូងនៅទំនុកដំកើង៣៧ដែលបញ្ជាក់ឲ្យដឹងថា នេះអាចជាគ្រោះថ្នាក់មួយមែន៖ «កុំឲ្យក្ដៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ»។
៤ រាល់ថ្ងៃ សេចក្ដីរាយការណ៍ស្តីអំពីអំពើអយុត្ដិធម៌ដែលផ្សាយតាមប្រព័ន្ធផ្សាយព័ត៌មានរបស់លោកីយ៍នេះមានសន្ធឹកណាស់។ ពាណិជ្ជករមិនទៀងត្រង់ប្រវ័ញ្ចយកលុយអ្នកដទៃដោយឥតជាប់ទោស។ ជនល្មើសជញ្ជក់ផលប្រយោជន៍ពីអ្នកងាយរងគ្រោះ។ ឃាតករគេចបាត់ឬក៏រួចពីទោស។ ឧទាហរណ៍ពីភាពអយុត្ដិធម៌ទាំងអស់នេះអាចនាំឲ្យយើងខឹង និងក៏អាចរំខានដល់ចិត្តស្ងប់របស់យើង។ អ្វីដែលមើលទៅដូចជាមនុស្សអាក្រក់កំពុងតែមានភាពរីកចំរើននោះអាចរហូតដល់ធ្វើឲ្យយើងច្រណែនទៀតផង។ ប៉ុន្តែ តើការត្រឡប់ជាមានចិត្តមួម៉ៅដោយព្រោះការទាំងនេះនឹងដោះស្រាយបញ្ហាទាំងនេះឬទេ? ពេលដែលយើងឃើញមនុស្សអាក្រក់ហាក់ដូចជាកំពុងតែទទួលផលប្រយោជន៍ហើយយើងមានចិត្តច្រណែននោះ តើចិត្តច្រណែនរបស់យើងនាំឲ្យលទ្ធផលចុងក្រោយដែលពួកគេនឹងទទួលក្លាយជាល្អវិញឬទេ? ប្រាកដជាមិនដូច្នេះទេ! ហើយក៏គ្មានហេតុឲ្យយើង«ក្ដៅចិត្ត»ដែរ។ ហេតុអ្វី?
៥ អ្នកតែងទំនុកដំកើងឆ្លើយថា៖ «ដ្បិតនៅបន្ដិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅ ដូចជាស្មៅខ្ចីដែរ»។ (ទំនុកដំកើង ៣៧:២) ស្មៅខ្ចីប្រហែលជាមើលទៅឃើញស្អាតមែន ប៉ុន្តែវាឆាប់ស្វិតស្រពោនទៅវិញ។ មនុស្សអាក្រក់ក៏ដូច្នេះដែរ។ ទោះបីមនុស្សអាក្រក់មើលទៅដូចជាកំពុងតែសម្បូរសប្បាយក៏ពិតមែន តែពួកគេនឹងមិនសម្បូរសប្បាយជារៀងរហូតនោះទេ។ នៅពេលពួកគេស្លាប់ទៅ ផលប្រយោជន៍ណាដែលពួកគេបានប្រមូលយកដោយវិធីអាក្រក់ នោះមិនអាចជួយពួកគេបានឡើយ។ នៅទីបំផុត មនុស្សទាំងអស់ទទួលអ្វីដែលហៅថាយុត្ដិធម៌។ ប៉ុលបានសរសេរថា៖ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ (រ៉ូម ៦:២៣) នៅទីបំផុត មនុស្សអាក្រក់ហើយអស់អ្នកណាដែលមិនសុចរិតនឹងទទួល«ឈ្នួល»មិនលើសមិនខ្វះ។ គន្លងជីវិតបែបនោះពិតជាគ្មានប្រយោជន៍សោះឡើយ!—ទំនុកដំកើង ៣៧:៣៥, ៣៦; ៤៩:១៦, ១៧
៦ ដូច្នេះ តើភាពសម្បូរសប្បាយដែលមានបណ្ដោះអាសន្នរបស់មនុស្សអាក្រក់គួរនាំឲ្យរំខានចិត្តយើងទេ? មេរៀនដែលយើងត្រូវទាញយកពីខ១និងខ២នៃទំនុកដំកើងទី៣៧គឺ៖ កុំឲ្យភាពរីកចំរើនរបស់ពួកគេនាំឲ្យអ្នកផ្លាស់ប្ដូរវិថីជីវិតដែលអ្នកបានជ្រើសរើស គឺជាការបំរើព្រះយេហូវ៉ានោះ។ ចូរផ្ដោតចិត្តប្រមូលអារម្មណ៍ទៅលើពរនិងគោលដៅខាងវិញ្ញាណវិញ។—សុភាសិត ២៣:១៧
(ទំនុកតម្កើង ៣៧:៣-៦) ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះអ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត។ ៤ ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត។ ៥ ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច។ ៦ ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញដូចជាពន្លឺ ហើយសេចក្ដីយុត្ដិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង។
«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក»
«ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ!»
៧ អ្នកតែងទំនុកដំកើងជំរុញទឹកចិត្តថា៖ «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ!»។ (ទំនុកដំកើង ៣៧:៣ក) នៅពេលយើងមានកង្វល់ច្រើនឬមានការសង្ស័យនោះ យើងត្រូវតែទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ គឺមានតែទ្រង់ទេដែលផ្ដល់សុវត្ថិភាពខាងវិញ្ញាណយ៉ាងពេញលេញ។ ម៉ូសេបានសរសេរថា៖ «អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា»។ (ទំនុកដំកើង ៩១:១) នៅពេលខ្វល់ចិត្តដោយសារការទទឹងច្បាប់ក្នុងរបបលោកីយ៍នេះ យើងត្រូវតែពឹងផ្អែកលើព្រះយេហូវ៉ាលើសពីមុន។ បើយើងគ្រេចកជើង យើងសប្បាយចិត្តពេលមិត្តភក្ដិម្នាក់ឲ្យយើងផ្អែកលើគាត់និងគាត់ជួយគ្រាហ៍យើង។ ដូចគ្នាដែរ កាលដែលយើងព្យាយាមដើរជាមួយនឹងព្រះដោយចិត្តស្មោះភក្ដី នោះយើងត្រូវតែពឹងផ្អែកព្រះយេហូវ៉ាដែរ។—អេសាយ ៥០:១០
៨ វិធីមួយដែលជួយកុំឲ្យភាពរីកចំរើនរបស់មនុស្សអាក្រក់នាំឲ្យរំខានចិត្តយើងនោះ គឺយើងត្រូវជាប់រវល់ក្នុងការរកនិងជួយមនុស្សដែលមានលក្ខណៈដូចចៀមឲ្យទទួលចំណេះពិតអំពីគោលបំណងរបស់ព្រះយេហូវ៉ា។ នៅចំពោះមុខការចំរើនកើនឡើងខាងអំពើអាក្រក់ យើងត្រូវតែជាប់រវល់ជានិច្ចក្នុងការជួយអ្នកឯទៀត។ សាវ័កប៉ុលបានសរសេរថា៖ «កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ»។ «គុណ»ប្រសើរបំផុតដែលយើងអាចធ្វើដល់អ្នកឯទៀត គឺចែកប្រាប់ពួកគេនូវដំណឹងល្អដ៏រុងរឿងអំពីព្រះរាជាណាចក្ររបស់ព្រះ។ ការផ្សព្វផ្សាយជាការ«ថ្វាយពាក្យសរសើរ»យ៉ាងពិតប្រាកដ។—ហេព្រើរ ១៣:១៥, ១៦; កាឡាទី ៦:១០
៩ ដាវីឌបន្តដោយមានបន្ទូលថា៖ «ត្រូវឲ្យរស់នៅលើផែនដី ហើយប្រព្រឹត្តដោយភាពស្មោះត្រង់»។ (ទំនុកដំកើង ៣៧:៣ខ, ព.ថ.) នៅសម័យដាវីឌ ផែនដីសំដៅលើទឹកដីដែលព្រះយេហូវ៉ាបានប្រទានដល់ជនជាតិអ៊ីស្រាអែល គឺស្រុកសន្យា។ ក្នុងកំឡុងការសោយរាជ្យរបស់ស្តេចសាឡូម៉ូន ព្រំដែនស្រុកនោះលាតសន្ធឹងពីដាន់នៅទិសខាងជើងរហូតទៅដល់បៀរសេបានៅទិសខាងត្បូង។ ស្រុកនោះជាលំនៅរបស់អ៊ីស្រាអែល។ (ពង្សាវតារក្សត្រទី១ ៤:២៥) សព្វថ្ងៃនេះ មិនថាយើងរស់នៅកន្លែងណាលើផែនដីនេះក្ដី យើងទន្ទឹងចាំថ្ងៃដែលភពផែនដីទាំងមូលនឹងប្រែក្លាយទៅជាសួនមនោរម្យមួយ ក្នុងពិភពលោកថ្មីដែលពោរពេញទៅដោយសេចក្ដីសុចរិត។ ទំរាំដល់ពេលនោះ យើងរស់នៅដោយមានសុវត្ថិភាពខាងវិញ្ញាណ។—អេសាយ ៦៥:១៣, ១៤
១០ តើនឹងមានលទ្ធផលយ៉ាងណាបើយើង«ប្រព្រឹត្តដោយភាពស្មោះត្រង់»? សុភាសិតមួយដែលព្រះបានបណ្ដាលឲ្យសរសេររំឭកយើងថា៖ «មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ»។ (សុភាសិត ២៨:២០) ពេលយើងតស៊ូយ៉ាងស្មោះត្រង់ក្នុងការផ្សាយដំណឹងល្អដល់អ្នកណាក៏ដោយ មិនថាយើងរស់នៅកន្លែងណាក៏ដោយ នោះយើងពិតជាទទួលនូវពរពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ នៅភូមិមួយនាប្រទេសស្កុតឡង់ប៉ែកខាងជើង ហ្វ្រេងនិងភរិយារបស់គាត់ឈ្មោះរ៉ូសបានចាប់ផ្ដើមត្រួសត្រាយពេញពេលនៅភូមិនោះ៤០ឆ្នាំមុន។ បុគ្គលប៉ុន្មាននាក់ដែលធ្លាប់មានចំណាប់អារម្មណ៍លើសេចក្ដីពិតនៅតំបន់នោះ ពួកគេបានរសាត់ចេញពីសេចក្ដីពិតមុនហ្វ្រេងនិងភរិយាគាត់បានទៅដល់។ ដោយមិនធ្លាក់ទឹកចិត្តសោះ គូស្វាមីភរិយាជាអ្នកត្រួសត្រាយនេះបានចាប់ផ្ដើមផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ឥឡូវមានក្រុមជំនុំមួយកំពុងតែរីកចំរើននៅភូមិនោះ។ ភាពស្មោះត្រង់របស់ស្វាមីភរិយាមួយគូនេះពិតជាបានទទួលពរពីព្រះយេហូវ៉ាមែន។ ហ្វ្រេងពន្យល់ដោយរាបទាបថា៖ «ពរដ៏វិសេសបំផុតគឺយើងនៅក្នុងសេចក្ដីពិតនៅឡើយ ហើយយើងមានប្រយោជន៍ចំពោះព្រះយេហូវ៉ា»។ ពិតណាស់ថាពេលយើង«ប្រព្រឹត្តដោយភាពស្មោះត្រង់» យើងទទួលពរជាច្រើននិងមានចិត្តអបអរចំពោះពរដែលយើងបានទទួលនោះ។
«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក»
១១ ដើម្បីពង្រឹងចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះយេហូវ៉ា ហើយដើម្បីរក្សាឲ្យមានទំនុកចិត្តទៅលើទ្រង់ជានិច្ច នោះយើងត្រូវតែ«យកព្រះយេហូវ៉ាជាសេចក្ដីអំណរ»របស់យើង។ (ទំនុកដំកើង ៣៧:៤ក) តើយើងធ្វើដូច្នេះដោយដូចម្ដេច? ជាជាងរវល់គិតថាខ្លួនកំពុងតែស្ថិតក្នុងស្ថានភាពបែបណា ថ្វីត្បិតស្ថានភាពនោះប្រហែលជាពិបាកក៏ដោយ យកល្អឲ្យយើងប្រមូលអារម្មណ៍គិតអំពីព្រះយេហូវ៉ាវិញ។ វិធីមួយដែលយើងអាចធ្វើដូច្នេះ គឺដោយឆ្លៀតពេលអានព្រះបន្ទូលរបស់ទ្រង់។ (ទំនុកដំកើង ១:១, ២) តើអ្នកមានអំណរពេលដែលអានព្រះគម្ពីរឬទេ? អ្នកនឹងមានអំណរពិតមែនបើអានដោយមានបំណងចង់រៀនថែមទៀតអំពីព្រះយេហូវ៉ា។ សូមផ្អាកក្រោយបានអានខខ្លះៗ ហើយសួរខ្លួនឯងថា៖ ‹តើខទាំងនោះប្រាប់ខ្ញុំអ្វីខ្លះអំពីព្រះយេហូវ៉ា?› ប្រហែលជាការល្អបើអ្នកមានសៀវភៅសរសេរមួយក្បាលឬក៏ក្រដាសខ្លះៗនៅជិតដៃ ពេលអ្នកកំពុងតែអានព្រះគម្ពីរ។ ជារៀងរាល់ដងដែលអ្នកផ្អាកដើម្បីរំពឹងគិតអំពីអ្វីដែលអ្នកបានអាន ចូរកត់សរសេរឃ្លាដែលរំឭកអ្នកអំពីគុណសម្បត្ដិដ៏គួរឲ្យស្រឡាញ់មួយរបស់ព្រះ។ ក្នុងទំនុកដំកើងមួយទៀត ដាវីឌបានច្រៀងថា៖ «ឱព្រះយេហូវ៉ា ជាថ្មដា ហើយជាអ្នកប្រោសលោះនៃទូលបង្គំអើយ! សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់»។ (ទំនុកដំកើង ១៩:១៤) ការផ្ដោតអារម្មណ៍ទៅលើព្រះបន្ទូលរបស់ព្រះជាអ្វីដែល«គាប់»ចំពោះព្រះទ័យព្រះយេហូវ៉ា ហើយក៏គាប់ចិត្តយើងផងដែរ។
១២ ពេលដែលសិក្សានិងរំពឹងគិតនោះ តើយើងអាចទទួលបានសុភមង្គលដោយដូចម្ដេច? យើងអាចមានគោលដៅមួយគឺរៀនឲ្យបានច្រើនបំផុតអំពីព្រះយេហូវ៉ានិងការប្រព្រឹត្តរបស់ទ្រង់។ ប្រកាសនវត្ថុផ្សេងៗដូចជាសៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ ហើយសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ផ្ដល់ព័ត៌មានជាច្រើនដែលយើងអាចយកមករំពឹងគិតដោយការអបអរ។ ដាវីឌពង្រឹងទំនុកចិត្តមនុស្សសុចរិតថា ព្រះយេហូវ៉ានឹងប្រទានឲ្យ«បានដូចបំណងចិត្ត»ជាលទ្ធផល។ (ទំនុកដំកើង ៣៧:៤ខ) ទំនុកចិត្តបែបនេះច្បាស់ជាបានជំរុញចិត្តរបស់សាវ័កយ៉ូហានឲ្យសរសេរថា៖ «យើងក៏មានសេចក្ដីក្លាហានដល់ទ្រង់យ៉ាងដូច្នេះដែរគឺថា បើយើងនឹងសូមអ្វីដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ»។—យ៉ូហានទី១ ៥:១៤, ១៥
១៣ ក្នុងនាមជាអ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ ចិត្តប្រាថ្នាខ្លាំងបំផុតរបស់យើងគឺយើងចង់ឃើញអធិបតីភាពរបស់ព្រះយេហូវ៉ាដែលសឲ្យឃើញថាត្រឹមត្រូវ។ (សុភាសិត ២៧:១១) ពេលយើងទទួលដំណឹងអំពីការផ្សព្វផ្សាយរបស់បងប្អូនយើងនៅប្រទេសដែលធ្លាប់មានរបបផ្ដាច់ការនោះ ចិត្តរបស់យើងពិតជាអរណាស់ មែនទេ? យើងរំភើបចិត្តចង់ឃើញថាបងប្អូននឹងទទួលសេរីភាពយ៉ាងណាទៀតមុនទីបញ្ចប់នៃរបបលោកីយ៍នេះមកដល់។ អ្នកបំរើជាច្រើនរបស់ព្រះយេហូវ៉ាដែលរស់នៅប្រទេសខាងលិច ខ្នះខ្នែងផ្សព្វផ្សាយដល់សិស្សានុសិស្ស ជនភៀសខ្លួន និងអ្នកឯទៀតដែលរស់នៅបណ្ដោះអាសន្ននៅប្រទេសខាងលិចហើយមានសេរីភាពដើម្បីថ្វាយបង្គំ។ យើងពិតជាសង្ឃឹមថា ពេលអ្នកទាំងនេះត្រឡប់ទៅស្រុកវិញ ពួកគាត់នឹងបន្តឲ្យពន្លឺនៃសេចក្ដីពិតភ្លឺឡើង សូម្បីតែមើលទៅហាក់ដូចជាមានភាពងងឹតចាក់ស្រេះក៏ដោយ។—ម៉ាថាយ ៥:១៤-១៦
«ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ!»
១៤ នេះពិតជាសម្រាលទុក្ខយើងណាស់! ពេលដឹងថាទុក្ខព្រួយនិងអ្វីៗដែលហាក់ដូចជាបន្ទុកធ្ងន់ចំពោះយើង នឹងត្រូវដកចេញ។ តើនឹងត្រូវដកចេញយ៉ាងដូចម្ដេច? ដាវីឌមានបន្ទូលថា៖ «ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ! ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។ (ទំនុកដំកើង ៣៧:៥) ក្នុងក្រុមជំនុំរបស់យើងមានភស្តុតាងច្រើនល្មមឲ្យដឹងថា យើងអាចពឹងពាក់ព្រះយេហូវ៉ាឲ្យបានការគាំទ្រពីទ្រង់។ (ទំនុកដំកើង ៥៥:២២) អស់អ្នកក្នុងកិច្ចបំរើពេញពេល មិនថាជាអ្នកត្រួសត្រាយ អ្នកត្រួតពិនិត្យតាមមណ្ឌល សាសនទូត ឬជនស្ម័គ្រចិត្តដែលបំរើនៅបេតអែលក៏ដោយ ពួកគាត់ទាំងអស់អាចបញ្ជាក់ថា ការទំនុកបំរុងរបស់ព្រះយេហូវ៉ាគឺគួរឲ្យទុកចិត្តណាស់។ សូមអញ្ជើញនិយាយជាមួយនឹងពួកគាត់ដែលអ្នកស្គាល់ និងសួរអំពីរបៀបព្រះយេហូវ៉ាបានជួយពួកគាត់។ អ្នកប្រាកដជានឹងស្ដាប់នូវបទពិសោធន៍ជាច្រើនដែលបង្ហាញថា ព្រះហស្តព្រះយេហូវ៉ាមិនដែលរួញខ្លីទេ សូម្បីតែនៅគ្រាលំបាកក៏ដោយ។ ទ្រង់តែងតែផ្គត់ផ្គង់អ្វីដែលចាំបាច់ដើម្បីចិញ្ចឹមជីវិត។—ទំនុកដំកើង ៣៧:២៥; ម៉ាថាយ ៦:២៥-៣៤
១៥ នៅពេលយើងយកព្រះយេហូវ៉ាជាទីពឹងពំនាក់ ហើយទុកចិត្តទ្រង់ទាំងស្រុង នោះយើងឃើញបន្ទូលរបស់អ្នកតែងទំនុកដំកើងក្លាយជាការពិតដែលថា៖ «ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញដូចជាពន្លឺ ហើយសេចក្ដីយុត្ដិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង»។ (ទំនុកដំកើង ៣៧:៦) ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងឃើញថាមនុស្សមួលបង្កាច់យើងជាញយៗ។ ប៉ុន្តែ ព្រះយេហូវ៉ាបំភ្លឺភ្នែករបស់មនុស្សដែលមានចិត្តទៀងត្រង់ ដើម្បីជួយពួកគាត់ទទួលស្គាល់ថា កិច្ចបំរើរបស់យើងត្រូវជំរុញដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះអ្នកជិតខាង។ ព្រមជាមួយគ្នានេះ កិរិយាប្រព្រឹត្តដ៏ល្អរបស់យើងមិនអាចត្រូវបិទបាំងទេ ទោះជាមានគេមួលបង្កាច់យើងក៏ដោយ។ ព្រះយេហូវ៉ាគាំទ្រយើងពេលឆ្លងកាត់ការប្រឆាំងបៀតបៀនសព្វបែបយ៉ាង។ ជាលទ្ធផល សេចក្ដីសុចរិតរបស់រាស្ត្រនៃព្រះភ្លឺឡើងដូចជាព្រះអាទិត្យនៅថ្ងៃត្រង់។—ពេត្រុសទី១ ២:១២
(ទំនុកតម្កើង ៣៧:៧-១១) ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ។ កុំឲ្យក្ដៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ៨ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ។ ៩ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក។ ១០ ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ។ ១១ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
w០៤ ១/៣ ទំ. ១១-១២ វ. ១៦-២០
«ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក»
«ចូរស្ងៀម . . . ហើយរង់ចាំ»
១៦ បន្ទូលជាបន្តបន្ទាប់នេះរបស់អ្នកតែងទំនុកដំកើងគឺ៖ «ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ! កុំឲ្យក្ដៅចិត្តដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ»។ (ទំនុកដំកើង ៣៧:៧) ក្នុងខនេះ ដាវីឌសង្កត់ធ្ងន់ថា យើងត្រូវតែរង់ចាំដោយអត់ធ្មត់ទាល់តែព្រះយេហូវ៉ាចាត់វិធានការ។ ទោះជាទីបញ្ចប់នៃរបបលោកីយ៍នេះមិនទាន់មកដល់ក៏ពិតមែន ក៏នេះមិនមែនជាហេតុឲ្យយើងរអ៊ូរទាំនោះទេ។ យើងពិតជាបានឃើញថា សេចក្ដីមេត្ដាករុណានិងព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ាមានទំហំធំជាងយើងបាននឹកស្មានពីមុន មែនទេ? ពេលយើងជាប់រវល់នឹងកិច្ចផ្សព្វផ្សាយដំណឹងល្អមុនទីបញ្ចប់មកដល់ តើយើងក៏អាចបង្ហាញថាយើងក៏កំពុងតែរង់ចាំដោយអត់ធ្មត់ដែរឬទេ? (ម៉ាកុស ១៣:១០) ឥឡូវនេះឯងជាពេលយើងត្រូវចៀសចេញពីការប្រព្រឹត្តមិនគិតមុខគិតក្រោយដែលអាចបំផ្លាញនូវអំណរនិងសុវត្ថិភាពខាងវិញ្ញាណរបស់យើង។ ឥឡូវនេះឯងជាពេលដែលយើងត្រូវទប់ទល់ខ្លាំងជាងមុននឹងឥទ្ធិពលពីលោកីយ៍របស់សាតាំងដែលនាំឲ្យខូចអាក្រក់នោះ។ ហើយឥឡូវនេះឯងជាពេលដែលយើងត្រូវរក្សាភាពបរិសុទ្ធខាងសីលធម៌និងមិនត្រូវប្រថុយធ្វើអ្វីដែលអាចនាំឲ្យបាត់បង់នូវភាពសុចរិតរបស់យើងចំពោះព្រះយេហូវ៉ាទេ។ ចូរយើងបន្តបំបាត់ចោលគំនិតអសីលធម៌និងចៀសចេញពីការប្រព្រឹត្តមិនសមរម្យចំពោះបុគ្គលភេទផ្ទុយទាំងបុគ្គលភេទដូចគ្នាផងដែរ។—កូល៉ុស ៣:៥
១៧ ដាវីឌជូនឱវាទថា៖ «ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក»។ (ទំនុកដំកើង ៣៧:៨, ៩) ពិតណាស់ថា ដោយមានជំនឿស៊ប់យើងអាចរង់ចាំទំរាំដល់ពេលដែលជិតដល់ហើយនោះ គឺពេលព្រះយេហូវ៉ាបំផ្លាញចោលនូវអំពើអាក្រក់និងអស់អ្នកណាដែលបណ្ដាលឲ្យមានអំពើអាក្រក់ចេញពីផែនដីនេះ។
«បន្ដិចទៀត»
១៨ «បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។ (ទំនុកដំកើង ៣៧:១០) បន្ទូលទាំងនេះពិតជាលើកទឹកចិត្តយើងណាស់! កំឡុងដែលយើងឈានទៅដល់ទីបញ្ចប់នៃរបបលោកីយ៍នេះនិងលទ្ធផលចុងក្រោយនៃការគ្រប់គ្រងខ្លួនឯងដោយគ្មានព្រះយេហូវ៉ា ជាការគ្រប់គ្រងដែលបាននាំឲ្យអន្តរាយ។ មិនថាមនុស្សបានខំបង្កើតរដ្ឋាភិបាលប្រភេទណាក៏ដោយ នោះបានទទួលបរាជ័យទាំងស្រុង។ ហើយឥឡូវនេះ យើងជិតដល់ពេលដែលព្រះចាប់ផ្ដើមគ្រប់គ្រងវិញ គឺជាព្រះធិបតេយ្យពិតប្រាកដ ដែលគ្រប់គ្រងតាមរយៈព្រះរាជាណាចក្ររបស់ព្រះដែលមានព្រះយេស៊ូគ្រីស្ទជាស្តេច។ នោះនឹងកាន់កាប់ទាំងស្រុងទៅលើកិច្ចការទូទាំងពិភពលោកហើយបំបាត់ចោលនូវអស់អ្នកណាដែលប្រឆាំងនឹងព្រះរាជាណាចក្ររបស់ព្រះ។—ដានីយ៉ែល ២:៤៤
១៩ ក្នុងពិភពលោកថ្មីក្រោមព្រះរាជាណាចក្ររបស់ព្រះ មិនថាអ្នកខំមើលកន្លែងណាក៏ដោយ អ្នកនឹងមិនអាចឃើញ«មនុស្សអាក្រក់»ណាម្នាក់សោះឡើយ។ ច្បាស់ហើយ អ្នកណាដែលបះបោរនឹងព្រះយេហូវ៉ានៅពេលនោះនឹងត្រូវបំផ្លាញចោលយ៉ាងឆាប់រហ័ស។ អ្នកណាដែលចង់ប្រឆាំងទាស់នឹងអធិបតីភាពរបស់ទ្រង់ឬក៏មិនព្រមចុះចូលនឹងអំណាចរបស់ព្រះ អ្នកនោះនឹងមិននៅក្នុងពិភពលោកថ្មីទេ។ អ្នកជិតខាងទាំងអស់របស់អ្នកនឹងមានចិត្តគំនិតដូចគ្នា គឺប្រាថ្នាផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា។ នេះនឹងនាំឲ្យមានសុវត្ថិភាពប្រសើរក្រៃលែង! គ្មានសោ គ្មានចម្រឹងដែក គ្មានអ្វីសោះដែលធ្វើឲ្យកករល្អក់ដល់សុភមង្គលនិងទំនុកចិត្តទាំងស្រុងដែលយើងមាន!—អេសាយ ៦៥:២០; មីកា ៤:៤; ពេត្រុសទី២ ៣:១៣
២០ នៅពេលនោះ«មនុស្សរាបសា គេនឹងបានផែនដីជាមរដក»។ (ទំនុកដំកើង ៣៧:១១ក) ប៉ុន្តែ តើ«មនុស្សរាបសា»ទាំងនេះជាអ្នកណា? ពាក្យដែលត្រូវបកប្រែថា«រាបសា»មកពីរឹសពាក្យដែលមានន័យថា«ធ្វើទុក្ខ បន្ទាប នាំឲ្យអាម៉ាស់មុខ»។ ពិតណាស់ «មនុស្សរាបសា»គឺជាអ្នកដែលរង់ចាំព្រះយេហូវ៉ាដោយចិត្តរាបទាបឲ្យទ្រង់ជំរះអស់ទាំងភាពអយុត្ដិធម៌ដែលមនុស្សបានប្រព្រឹត្តទៅលើពួកគេ។ «[ពួកគេ]នឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកដំកើង ៣៧:១១ខ) សូម្បីតែឥឡូវនេះ យើងឃើញថាមានសេចក្ដីក្សេមក្សាន្តដ៏បរិបូរក្នុងសួនមនោរម្យខាងវិញ្ញាណក្នុងក្រុមជំនុំគ្រីស្ទានពិត។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(ទំនុកតម្កើង ៣៤:១៨) ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប។
w១១-E ១/៦ ទំ. ១៩
ចូរចូលទៅជិតព្រះ
ការសម្រាលទុក្ខសម្រាប់អ្នកដែលមានចិត្តសង្រេង
ស្ត្រីគ្រិស្តសាសនិកម្នាក់បាននិយាយថា៖ ‹ព្រះយេហូវ៉ាមិនអាចស្រឡាញ់ខ្ញុំទេ›។ គាត់និយាយដូច្នេះ ដោយសារគាត់មានជំងឺធ្លាក់ទឹកចិត្ត។ គាត់ប្រាប់ខ្លួនឯងថា៖ ‹ព្រះយេហូវ៉ាច្បាស់ជានៅឆ្ងាយពីខ្ញុំ›។ ប៉ុន្តែ តើព្រះយេហូវ៉ាពិតជានៅឆ្ងាយពីអ្នកគោរពប្រណិប័តន៍លោកដែលធ្លាក់ទឹកចិត្តមែនឬ? គឺមានចម្លើយដែលផ្ដល់ការសម្រាលទុក្ខ ដែលមានក្នុងទំនុកតម្កើង ៣៤:១៨ ដែលព្រះបានបណ្ដាលដាវីឌឲ្យសរសេរ។
ដាវីឌដឹងថាការធ្លាក់ទឹកចិត្តខ្លាំងអាចធ្វើឲ្យអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ពិបាកយ៉ាងណា។ ពេលដាវីឌជាយុវជន គាត់មានជីវិតជាជនភៀសខ្លួន ដោយសារគាត់ត្រូវរត់គេចខ្លួនឥតឈប់ឈរពីស្តេចសុលដែលច្រណែននិងប៉ុនប៉ងសម្លាប់គាត់។ ដាវីឌបានរត់ទៅគេចខ្លួននៅកន្លែងដែលគាត់គិតថាជាកន្លែងចុងក្រោយដែលសុលនឹងតាមរកគាត់។ ទីនោះជាក្រុងកាថក្នុងទឹកដីរបស់សាសន៍ភីលីស្ទីន ដែលជាសត្រូវរបស់សុល។ ប៉ុន្តែក្រោយមកពួកភីលីស្ទីនបានដឹងអំពីដាវីឌ។ ដូច្នេះ គាត់បានធ្វើជាឆ្កួតដើម្បីកុំឲ្យពួកគេចាប់គាត់បាន។ ដាវីឌដឹងគុណព្រះដែលបានសង្គ្រោះគាត់ ហើយគាត់បានសរសេរបទពិសោធន៍នេះក្នុងទំនុកតម្កើង ទំនុកទី៣៤។
តើដាវីឌជឿថាព្រះនៅសែនឆ្ងាយពីអស់អ្នកជួបទុក្ខលំបាកដែលមានអារម្មណ៍ថាខ្លួនគ្មានតម្លៃឲ្យលោកយកចិត្តទុកដាក់ឬទេ? ដាវីឌសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»។ (ខ១៨) សូមឲ្យយើងពិចារណាថា តើពាក្យទាំងនេះផ្ដល់ការសម្រាលទុក្ខនិងសេចក្ដីសង្ឃឹមយ៉ាងណាដល់យើង។
«ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយ»។ ឯកសារយោងមួយបានបញ្ជាក់ថា ឃ្លានេះ«មានអត្ថន័យថាលោកម្ចាស់យកចិត្តទុកដាក់និងសម្លឹងមើលជានិច្ច ដើម្បីត្រៀមខ្លួនជួយសង្គ្រោះរាស្ត្រលោក»។ នេះពិតជាលើកទឹកចិត្តយើងណាស់ ដោយដឹងថាព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងរាស្ត្រលោក។ លោកឃើញពួកគេកំពុងជួបនឹងទុក្ខលំបាកបែបណា ក្នុង‹គ្រាលំបាក›នេះ។—ធីម៉ូថេទី២ ៣:១; សកម្មភាព ១៧:២៧
«អស់អ្នកដែលមានចិត្តសង្រេង»។ នៅប្រទេសខ្លះ ពាក្យ«ចិត្តសង្រេង»សំដៅទៅលើអ្នកដែលស្រឡាញ់គេតែគេមិនស្រឡាញ់វិញ។ ប៉ុន្តែ បណ្ឌិតម្នាក់និយាយថាពាក្យរបស់អ្នកតែងបទទំនុកតម្កើងចង់សំដៅទៅលើ«ការព្រួយចិត្តនិងការពិបាកចិត្ត»។ ពិតមែន ពេលខ្លះសូម្បីអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះ ក៏ជួបនឹងទុក្ខលំបាកយ៉ាងខ្លាំងដែលធ្វើឲ្យពួកគាត់ពិបាកចិត្តដែរ។
«អស់អ្នកដែលមានវិញ្ញាណទន់ទាប»។ អ្នកដែលធ្លាក់ទឹកចិត្តអាចនឹងគិតថាពួកគេគ្មានតម្លៃទាល់តែសោះហើយបាត់បង់សេចក្ដីសង្ឃឹមទាំងអស់។ ក្នុងសៀវភៅកំណត់របស់អ្នកបកប្រែគម្ពីរ សរសេរអំពីឃ្លានេះថាអាចសំដៅទៅលើ«អ្នកដែលគ្មានអ្វីអាចសង្ឃឹមនឹងទទួលនៅថ្ងៃមុខ»។
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលមាន«ចិត្តសង្រេង»និង«វិញ្ញាណទន់ទាប»? តើលោកនៅឆ្ងាយពីពួកគេ ដោយគិតថាពួកគេគ្មានតម្លៃឲ្យលោកស្រឡាញ់និងយកចិត្តទុកដាក់នឹងពួកគេឬ? ពុំមែនដូច្នោះឡើយ! ឪពុកម្ដាយដែលប្រកបដោយសេចក្ដីស្រឡាញ់ យកចិត្តទុកដាក់និងសម្រាលទុក្ខកូន ពេលកូនពិបាកចិត្ត។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ានៅជិតអ្នកគោរពប្រណិប័តន៍លោកដែលសុំជំនួយពីលោក។ លោកចង់សម្រាលទុក្ខពួកគេ ហើយលោកចង់ជួយពួកគេឲ្យមានអារម្មណ៍ស្រួលឡើងវិញ។ លោកអាចផ្ដល់ប្រាជ្ញានិងកម្លាំងចិត្ត ដើម្បីឲ្យពួកគេអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដែលពួកគេមាន។—កូរិនថូសទី២ ៤:៧; យ៉ាកុប ១:៥
សូមស្វែងយល់អំពីរបៀបដែលអ្នកអាចចូលកាន់តែជិតព្រះយេហូវ៉ា។ ព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីមេត្ដាករុណា សន្យាថា៖ «អញនៅ . . . ជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយឲ្យចិត្តមនុស្សសង្រេងបានសង្ឃឹមឡើងដែរ»។—អេសាយ ៥៧:១៥
(ទំនុកតម្កើង ៣៤:២០) ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។
‹នេះជាសេចក្ដីរំលឹកដល់អ្នករាល់គ្នា›
១៩ ពេលកូនចៀមបានត្រូវសម្លាប់សម្រាប់ជាអាហារបុណ្យរំលង ជនជាតិអ៊ីស្រាអែលមិនត្រូវបំបាក់ឆ្អឹងណាមួយរបស់វាទេ។ (និក្ខ. ១២:៤៦; ជន. ៩:១១, ១២) ចុះយ៉ាងណា«កូនចៀមរបស់ព្រះ»ដែលបានមកដើម្បីផ្ដល់ថ្លៃលោះ? (យ៉ូន. ១:២៩) លោកបានត្រូវព្យួរដោយមានឧក្រិដ្ឋជននៅសងខាងលោក។ ជនជាតិយូដាបានសុំពីឡាតឲ្យគេបំបាក់ឆ្អឹងបុរសដែលបានត្រូវព្យួរទាំងនោះ។ នេះនឹងធ្វើឲ្យពួកគេស្លាប់លឿនជាង ដើម្បីកុំឲ្យទុកពួកគេនៅលើបង្គោលរហូតដល់ថ្ងៃទី១៥ ខែណែសាន ដែលជាថ្ងៃឈប់សម្រាកពីរនៅចំថ្ងៃតែមួយ។ ទាហានបានបំបាក់ជើងឧក្រិដ្ឋជនទាំងពីរនាក់ដែលបានត្រូវព្យួរ «ប៉ុន្តែពេលដែលមកដល់លោកយេស៊ូ ពួកគេមិនបានបំបាក់ជើងរបស់លោកទេ ព្រោះឃើញថាលោកទទួលមរណភាពហើយ»។ (យ៉ូន. ១៩:៣១-៣៤) នេះដូចគ្នានឹងអ្វីដែលបានកើតឡើងដល់កូនចៀមសម្រាប់បុណ្យរំលង ដូច្នេះក្នុងន័យនោះ កូនចៀមនេះគឺជា«ស្រមោល»នៃអ្វីដែលនឹងមកដល់នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស.។ (ហេ. ១០:១) ម្យ៉ាងទៀត អ្វីដែលបានកើតឡើងបានសម្រេចពាក្យនៅទំនុកតម្កើង ៣៤:២០ ហើយនេះគួរពង្រឹងទំនុកចិត្តរបស់យើងលើទំនាយក្នុងគម្ពីរ។
ថ្ងៃទី១៣-១៩ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៣៨-៤៤
«ព្រះយេហូវ៉ាទ្រទ្រង់អ្នកដែលឈឺ»
(ទំនុកតម្កើង ៤១:១, ២) មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់។ ២ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង ហើយថែរក្សាជីវិតអ្នកនោះ គេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេ ទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ។
ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក
៧ ប៉ុន្តែបើអ្នកឈឺ ព្រះយេហូវ៉ានឹងសម្រាលទុក្ខ ព្រមទាំងគាំទ្រអ្នក ដូចលោកបានធ្វើចំពោះអ្នកបម្រើលោកនៅអតីតកាល។ ស្តេចដាវីឌបានសរសេរថា៖ «មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះឲ្យរួចក្នុងថ្ងៃអាក្រក់។ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង ហើយថែរក្សាជីវិតអ្នកនោះ»។ (ទំនុកតម្កើង ៤១:១, ២) ដាវីឌមិនចង់ថា មនុស្សល្អម្នាក់ដែលរស់នៅសម័យនោះដែលចេះយល់អារម្មណ៍របស់ពួកមនុស្សក្រីក្រឬមនុស្សទន់ទាបនឹងមិនស្លាប់ទេ។ ដូច្នេះ តើតាមរបៀបណាព្រះយេហូវ៉ានឹងជួយមនុស្សល្អនោះ? ដាវីឌបានពន្យល់ថា៖ «ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ»។ (ទំនុកតម្កើង ៤១:៣) ព្រះយេហូវ៉ាជ្រាបច្បាស់អំពីអ្វីដែលអ្នកបម្រើលោកកំពុងរងទុក្ខ ហើយលោកមិនភ្លេចពួកគេទេ។ លោកអាចឲ្យពួកគេមានចិត្តក្លាហាននិងប្រាជ្ញា។ ព្រះយេហូវ៉ាក៏បានបង្កើតរូបកាយមនុស្សឲ្យចេះជាសះស្បើយដោយឯកឯងដែរ។
w៩១-E ១/១០ ទំ. ១៤ វ. ៦
ចូរឲ្យដៃដ៏នៅជាប់ជារៀងរហូតរបស់ព្រះយេហូវ៉ាទ្រឯង
៦ មនុស្សចិត្តល្អជួយអ្នកដែលត្រូវការជំនួយ។ «ថ្ងៃអាក្រក់»អាចជាគ្រាដែលមានទុក្ខវេទនា ឬជាពេលមានទុក្ខលំបាកអស់រយៈពេលយូរដែលធ្វើឲ្យបុគ្គលម្នាក់ទៅជាខ្សោយ។ ប៉ុន្តែគាត់ទុកចិត្តទៅលើព្រះថា លោកនឹងថែរក្សាគាត់ក្នុងគ្រាដែលគាត់ឈឺ។ អ្នកឯទៀតស្គាល់គាត់ជាអ្នក«បានពរនៅផែនដី» ដោយសារគាត់បានប្រាប់ពួកគេថាព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើគាត់ដោយសេចក្ដីមេត្ដាករុណា។ ព្រះបានទ្រទ្រង់ដាវីឌនៅ«គ្រាដេកឈឺនៅគ្រែ» ដែលប្រហែលជាក្នុងពេលដែលអាប់សាឡំមជាកូនរបស់គាត់ព្យាយាមដណ្ដើមរាជ្យពីគាត់។—សាំយូអែលទី២ ១៥:១-៦
(ទំនុកតម្កើង ៤១:៣) ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ។
ព្រះយេហូវ៉ា«ជាអ្នកប្រោស»រាស្ត្រទ្រង់ឲ្យរួចនៅសម័យគម្ពីរ
១២ ដាវីឌទុកចិត្តលើ‹អ្នកប្រោសឲ្យរួច›មិនដែលងាករេទេ។ ស្តីអំពីអ្នកបម្រើទៀងត្រង់ម្នាក់ដែលឈឺ ដាវីឌពោលថា៖ «ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់។ ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ»។ (ទំនុក. ៤១:១, ៣) ម្ដងនេះទៀត ចូរកត់សម្គាល់ពាក្យរបស់ដាវីឌ ដែលថា៖ «ព្រះយេហូវ៉ានឹង»។ ដាវីឌប្រាកដក្នុងចិត្តណាស់ថាព្រះយេហូវ៉ានឹងសង្គ្រោះគាត់។ តើតាមរបៀបណា?
១៣ ដាវីឌមិនសង្ឃឹមឲ្យព្រះយេហូវ៉ាធ្វើអព្ភូតហេតុដើម្បីព្យាបាលគាត់ឲ្យជាឡើយ។ ផ្ទុយទៅវិញ ដាវីឌទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ាមុខជា«ទ្រទ្រាំចំពោះ»គាត់ ពោលគឺផ្ដល់ជំនួយនិងកម្លាំងពេលគាត់ដេកឈឺជាប់នៅគ្រែ។ ដាវីឌច្បាស់ជាត្រូវការជំនួយបែបនេះមែន។ បន្ថែមពីជំងឺដែលធ្វើឲ្យគាត់អស់កម្លាំង គាត់ក៏មានខ្មាំងសត្រូវជាច្រើនដែលនិយាយអាក្រក់ពីគាត់។ (ខ៥, ៦) គឺប្រហែលជាព្រះយេហូវ៉ាបានពង្រឹងកម្លាំងចិត្តដាវីឌ ដោយជួយគាត់ឲ្យនឹកឃើញពាក្យដែលលើកទឹកចិត្តនេះ។ គួរឲ្យកត់សម្គាល់មែន ដាវីឌពោលថា៖ «ទ្រង់ទប់ទល់ ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ»។ (ខ១២) ដោយសញ្ជឹងគិតអំពីចំណុចនេះថាព្រះយេហូវ៉ាចាត់ទុកគាត់ជាមនុស្សដែលមានចិត្តស្មោះ ដាវីឌទទួលបានកម្លាំងចិត្តមែន ថ្វីបើគាត់ដេកឈឺខ្សោយហើយពួកសត្រូវនិយាយពាក្យមិនល្អអំពីគាត់ក្ដី។ នៅទីបំផុត ដាវីឌបានជាសះស្បើយពីជំងឺ។ យើងទទួលការលើកទឹកចិត្តច្រើនណាស់ដោយដឹងថាព្រះយេហូវ៉ាអាចទ្រាំទ្រឬកម្សាន្តចិត្តអស់អ្នកដែលឈឺ មែនទេ?—២កូ. ១:៣
(ទំនុកតម្កើង ៤១:១២) ឯទូលបង្គំ ទ្រង់ទប់ទល់ ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ ហើយក៏តាំងទូលបង្គំ ឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។
ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក
១៨ ដោយសារយើងមិនល្អឥតខ្ចោះ យើងមិនអាចជៀសផុតពីជំងឺទាំងអស់បានទេ។ ម្យ៉ាងទៀត ពេលយើងឈឺ យើងមិនរំពឹងថាព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុដើម្បីឲ្យយើងជាសះស្បើយឡើយ។ ប៉ុន្តែយើងអាចទន្ទឹងរង់ចាំពេលដែលព្រះនឹងធ្វើឲ្យយើងជាសះស្បើយទាំងស្រុងនាអនាគត។ នៅការបើកបង្ហាញ ២២:១, ២ សាវ័កយ៉ូហានបាននិយាយអំពី«ទឹកដែលផ្ដល់ជីវិត»និង«ដើមឈើដែលផ្ដល់ជីវិត»ដែលនឹងធ្វើឲ្យមនុស្សគ្រប់រូបជាសះស្បើយ។ នេះមិនសំដៅលើថ្នាំធម្មជាតិដែលយើងអាចប្រើនៅពេលឥឡូវនេះ ឬនៅពិភពលោកថ្មីដើម្បីធ្វើឲ្យយើងជាពីជំងឺឡើយ។ ផ្ទុយទៅវិញ នេះសំដៅលើអ្វីទាំងអស់ដែលព្រះយេហូវ៉ានិងលោកយេស៊ូនឹងធ្វើដើម្បីឲ្យយើងអាចរស់ជារៀងរហូត។—អេសាយ ៣៥:៥, ៦
១៩ យើងទន្ទឹងរង់ចាំគ្រាដ៏អស្ចារ្យនោះ។ ប៉ុន្តែឥឡូវនេះ យើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើងម្នាក់ៗ ហើយលោកយល់អំពីអារម្មណ៍របស់យើងពេលយើងរងទុក្ខ។ ដូចដាវីឌដែរ យើងមានទំនុកចិត្តថាបើយើងឈឺ ព្រះយេហូវ៉ានឹងមិនបោះបង់យើងចោលឡើយ។ លោកនឹងថែរក្សាជានិច្ចនូវពួកអ្នកដែលស្មោះត្រង់នឹងលោក។—ទំនុកតម្កើង ៤១:១២
រក្សាចិត្តស្មោះគ្រប់លក្ខណៈ ដោយមូលហេតុអ្វី?
៣. សំខាន់ចាំបាច់សម្រាប់សេចក្ដីសង្ឃឹមរបស់យើង
១៥ ដោយសារចិត្តស្មោះគ្រប់លក្ខណៈជាមូលដ្ឋាននៃការជំនុំជម្រះរបស់ព្រះ នោះចិត្តស្មោះគឺសំខាន់ចាំបាច់សម្រាប់សេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគត។ ដាវីឌយល់នូវសច្ចភាពនៃចំណុចនេះ។ (សូមអាន ទំនុកដំកើង ៤១:១២) ចំពោះសេចក្ដីសង្ឃឹមថាព្រះយកចិត្តទុកដាក់នឹងគាត់ជារៀងរហូត គឺជាអ្វីដែលដាវីឌចាត់ទុកថាមានតម្លៃណាស់។ ដាវីឌសង្ឃឹមថានឹងមានជីវិតដែលគ្មានទីបញ្ចប់ ហើយចូលកាន់តែជិតព្រះយេហូវ៉ាក្នុងកាលដែលបម្រើទ្រង់ ដូចគ្រិស្តសាសនិកពិតសព្វថ្ងៃនេះដែរ។ ដាវីឌយល់ឃើញថា ខ្លួនត្រូវរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈ ទើបសេចក្ដីសង្ឃឹមនោះនឹងសម្រេចបាន។ ស្រដៀងគ្នាដែរ នៅពេលដែលយើងរក្សាចិត្តស្មោះគ្រប់លក្ខណៈ នោះព្រះយេហូវ៉ានឹងគាំទ្រយើង បង្រៀន ណែនាំ និងផ្ដល់ពរឲ្យយើង។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(ទំនុកតម្កើង ៣៩:១, ២) ខ្ញុំបាននឹកថា ខ្ញុំនឹងប្រយ័តផ្លូវខ្លួន ដើម្បីមិនឲ្យអណ្ដាតខ្ញុំធ្វើបាបឡើយ ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់នៅចំពោះមុខ។ ២ ខ្ញុំបាននៅជាគ ឥតនិយាយអ្វីសោះ គឺបាននៅស្ងៀមចំពោះទាំងសេចក្ដីល្អផង នោះសេចក្ដីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង។
w០៩-E ១៥/៥ ទំ. ៤ វ. ៥
«មានពេលដែលគួរនៅស្ងៀម»
គឺជាការប្រកបដោយប្រាជ្ញាបើយើងចេះប្រយ័ត្នអ្វីដែលយើងនិយាយ ពេលដែលយើងនៅក្នុងចំណោមមនុស្សអាក្រក់។ ក្នុងកិច្ចបម្រើផ្សាយពេលគេសើចចំអកមើលងាយ ប្រហែលជាល្អជាងឲ្យយើងនៅស្ងៀម។ បន្ថែមទៅទៀត ពេលដែលមិត្តរួមថ្នាក់ឬអ្នករួមការងារនិយាយរឿងកំប្លែងផ្ដេសផ្ដាសឬប្រើពាក្យអាសអាភាស ជាការប្រព្រឹត្តដោយឈ្លាសវៃបើយើងនៅស្ងៀមមិនបញ្ចេញទស្សនៈដែលបញ្ជាក់ថាយើងពេញចិត្តនឹងអ្វីដែលគេនិយាយ។ (អេភ. ៥:៣) អ្នកតែងទំនុកតម្កើងបានសរសេរថា៖ «ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់នៅចំពោះមុខ»។—ទំនុក. ៣៩:១
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីមួយ
៣៩:១, ២: បើមនុស្សអាក្រក់ខំរាវរកព័ត៌មានដើម្បីធ្វើបាបដល់បងប្អូនរួមជំនឿ យកល្អយើង‹ដាក់បង្ខាំទប់មាត់យើង›ហើយនៅស្ងៀម។
(ទំនុកតម្កើង ៤១:៩) អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ។
ពួកគេបានរកឃើញមេស្ស៊ីហើយ!
គេបានក្បត់និងរត់ចោលលោក!
៥ អ្នកដែលមើលទៅដូចជាមិត្តរបស់មេស្ស៊ីនឹងក្បត់លោក។ ដាវីឌបានទាយថា៖ «មិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ»។ (ទំនុក. ៤១:៩) ធម្មតាបុគ្គលដែលបរិភោគអាហារជាមួយគ្នាគឺជាមិត្តនឹងគ្នា។ (លោ. ៣១:៥៤) ដូច្នេះ ទំនាយនេះមានន័យថាបុគ្គលម្នាក់ដែលជាមិត្តរបស់មេស្ស៊ីនឹងធ្វើអ្វីដ៏អាក្រក់មួយ ពោលគឺក្បត់លោក! លោកយេស៊ូបានសំដៅទៅលើបុគ្គលនេះ ពេលលោកមានប្រសាសន៍ទៅពួកសាវ័ករបស់លោកថា៖ «ខ្ញុំមិនមែននិយាយអំពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស។ ប៉ុន្តែនេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ ‹អ្នកដែលធ្លាប់បរិភោគនំប៉័ងរបស់ខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំវិញ›»។—យ៉ូន. ១៣:១៨
ព្រះយេហូវ៉ា«ជាអ្នកប្រោស»រាស្ត្រទ្រង់ឲ្យរួចនៅសម័យគម្ពីរ
១១ ជាឧទាហរណ៍ ដាវីឌបានសំដៅទៅមិត្តសម្លាញ់ស្និទ្ធស្នាលម្នាក់ ដែលគាត់ទុកចិត្តហើយធ្លាប់បរិភោគអាហារជាមួយ ជាបុគ្គលដែលបានជាន់ឈ្លីឬក្បត់គាត់។ (ខ៩) នេះអាចរំលឹកយើងអំពីព្រឹត្ដិការណ៍មួយក្នុងជីវិតរបស់ដាវីឌ។ ពេលអាប់សាឡំមបះបោរប្រឆាំង អ្នកជូនឱវាទម្នាក់ដែលដាវីឌទុកចិត្ត ឈ្មោះអ័ហ៊ីថូផែលបានក្បត់ ហើយបានចូលដៃជាមួយអាប់សាឡំមប្រឆាំងនឹងគាត់។ (២សាំ. ១៥:៣១; ១៦:១៥) ចូរគិតអំពីស្តេចដាវីឌដែលកំពុងដេកឈឺនៅគ្រែខ្សោយគ្មានកម្លាំងងើបឡើងផង ហើយដឹងថាមនុស្សគ្រប់គ្នាចង់ឲ្យតែគាត់ស្លាប់ ដើម្បីគេអាចធ្វើគម្រោងអាក្រក់របស់គេ។—ខ៥
ថ្ងៃទី២០-២៦ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៤៥-៥១
«ព្រះយេហូវ៉ាមិនមើលងាយចិត្តខ្ទេចខ្ទាំទេ»
(ទំនុកតម្កើង ៥១:១-៤) ឱព្រះអង្គអើយ សូមអាណិតមេត្ដាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្ដាករុណាដ៏បរិបូររបស់ទ្រង់។ ២ សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសំអាតអំពើបាបរបស់ទូលបង្គំផង។ ៣ ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច។ ៤ ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ។
w៩៣-E ១៥/៣ ទំ. ១០-១១ វ. ៩-១៣
សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាជួយយើងកុំឲ្យព្រួយចិត្តទៀត
៩ ដាវីឌនិងបាតសេបាត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ាសម្រាប់កំហុសឆ្គងរបស់ពួកគេ។ ទោះជាពួកគេមានទោសត្រូវស្លាប់ក៏ដោយ ព្រះបានបង្ហាញចិត្តសេចក្ដីមេត្ដាករុណាចំពោះពួកគេ។ លោកបង្ហាញចិត្តមេត្ដាជាពិសេសចំពោះដាវីឌ ដោយសារកិច្ចព្រមព្រៀងរាជាណាចក្រ។ (២សាំ. ៧:១១-១៦) ដាវីឌបានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះអំពើខុសឆ្គង ដែលគាត់បានធ្វើជាមួយនឹងនាងបាតសេបា គឺបានត្រូវបង្ហាញក្នុងទំនុកទី៥១។ ទំនុកដែលគួរឲ្យរំជួលចិត្តនេះ បានត្រូវតែងដោយស្តេចដាវីឌដែលសោកស្ដាយជាខ្លាំងចំពោះអំពើខុសឆ្គងរបស់គាត់ ក្រោយពីណាថាន់បានមកប្រដៅតម្រង់គាត់ឲ្យភ្ញាក់ខ្លួននឹងការប្រព្រឹត្តខុសឆ្គងយ៉ាងធ្ងន់ប្រឆាំងនឹងច្បាប់របស់ព្រះ។ ណាថាន់បានបង្ហាញចិត្តក្លាហានដើម្បីមកប្រាប់ដាវីឌអំពីអំពើខុសឆ្គងរបស់គាត់។ សព្វថ្ងៃនេះ អ្នកចាស់ទុំក៏ត្រូវមានចិត្តក្លាហានដើម្បីធ្វើការប្រដៅតម្រង់ដែរ។ ជាជាងបដិសេធមិនទទួលស្គាល់កំហុសរបស់ខ្លួនហើយបញ្ជាឲ្យគេសម្លាប់ណាថាន់ ដាវីឌបានសារភាពកំហុសខ្លួនដោយចិត្តរាបទាប។ (២សាំ. ១២:១-១៤) ទំនុកទី៥១ រៀបរាប់អំពីអ្វីដែលគាត់បានប្រាប់ព្រះយេហូវ៉ាក្នុងសេចក្ដីអធិដ្ឋានអំពីទង្វើដ៏ប្រាសចាសសីលធម៌របស់គាត់ ព្រមទាំងការរំពឹងគិតយ៉ាងជ្រាលជ្រៅនូវកំហុសនោះ។ យើងក៏ចង់ធ្វើដូចគាត់ដែរ បើយើងបានធ្វើអំពើខុសឆ្គងហើយចង់បានយ៉ាងខ្លាំងនូវសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។
យើងត្រូវទទួលខុសត្រូវចំពោះព្រះ
១០ ដាវីឌមិនខំដោះសាចំពោះអំពើខុសឆ្គងរបស់គាត់ទេ ផ្ទុយទៅវិញ គាត់បានអង្វរថា៖ «ឱព្រះអង្គអើយ សូមអាណិតមេត្ដាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្ដាករុណាដ៏បរិបូររបស់ទ្រង់»។ (ទំនុក. ៥១:១) ពេលធ្វើអំពើខុសឆ្គង ដាវីឌបានបំពានច្បាប់របស់ព្រះ។ ទោះជាដូច្នោះក៏ដោយ គាត់មានសង្ឃឹមផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើងវិញ បើព្រះព្រមបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះគាត់។ ដោយសារព្រះយេហូវ៉ាធ្លាប់បានបង្ហាញសេចក្ដីមេត្ដាករុណាជាបរិបូរ ស្តេចដាវីឌដែលបានប្រែចិត្តមានជំនឿថាព្រះជាអ្នកបង្កើតគាត់នឹងលុបចោលអំពើខុសឆ្គងរបស់គាត់។
១១ តាមរយៈគ្រឿងបូជាដែលជូននៅថ្ងៃជម្រះភាពខុសឆ្គង ព្រះយេហូវ៉ាបានបង្ហាញថាលោកបានរៀបចំផ្លូវមួយដើម្បីជម្រះអំពើខុសឆ្គង ចេញពីអ្នកដែលបានធ្វើខុសតែប្រែចិត្ត។ នៅសព្វថ្ងៃនេះ យើងដឹងថាព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្ដាករុណានិងការអភ័យទោសឲ្យយើង ដោយផ្អែកលើជំនឿទៅលើគ្រឿងបូជាជាថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត។ បើដាវីឌគ្រាន់តែបានគិតអំពីគ្រឿងបូជានេះ អាចទុកចិត្តទៅលើសេចក្ដីស្រឡាញ់ដ៏ស្មោះនិងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាទៅហើយ ចុះទម្រាំដល់អ្នកបម្រើរបស់ព្រះនៅសព្វថ្ងៃនេះគួរបង្ហាញជំនឿទៅលើថ្លៃលោះដែលផ្ដល់សេចក្ដីសង្គ្រោះដល់ពួកគេយ៉ាងណាទៅ!—រ៉ូម ៥:៨; ហេ. ១០:១
១២ ក្នុងសេចក្ដីអង្វរដល់ព្រះ ដាវីឌបានបន្ថែមថា៖ «ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសំអាតអំពើបាបរបស់ទូលបង្គំផង ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច»។ (ទំនុក. ៥១:២, ៣) ពេលធ្វើអំពើខុសឆ្គងគឺមិនដល់កម្រិតខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ដាវីឌពិតជាបានធ្វើដូច្នោះមែន។ ប៉ុន្តែ គាត់មិនដូចជាឃាតករឬអ្នកផិតក្បត់ដែលមិនខ្វល់អំពីទង្វើរបស់ខ្លួន គឺគ្រាន់តែពិបាកចិត្តនឹងទោសដែលខ្លួនទទួល ឬជំងឺណាមួយនោះទេ។ ជាអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ដាវីឌស្អប់អ្វីដែលអាក្រក់។ (ទំនុក. ៩៧:១០) គាត់បានឈឺចិត្តដែលគាត់បានធ្វើអំពើខុសឆ្គងនោះ ហើយចង់ឲ្យព្រះសម្អាតគាត់ទាំងស្រុងពីកំហុសនោះ។ ដាវីឌបានយល់យ៉ាងច្បាស់អំពីអំពើខុសឆ្គងរបស់គាត់ ហើយបានសោកស្ដាយយ៉ាងខ្លាំងដែលគាត់បានបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាដ៏ខុសឆ្គងរបស់គាត់។ អំពើខុសឆ្គងរបស់គាត់នៅចំពោះមុខគាត់ជានិច្ច ដោយសារសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសគាត់រហូតដល់គាត់ប្រែចិត្ត សារភាពកំហុស ហើយទទួលការអភ័យទោសពីព្រះយេហូវ៉ា។
១៣ ដោយដឹងថាគាត់ត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ា ដាវីឌបាននិយាយថា៖ «ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ»។ (ទំនុក. ៥១:៤) ដាវីឌបានបំពានច្បាប់របស់ព្រះ បានបង្អាប់កិត្ដិយសរបស់ខ្លួនជាស្តេច និងធ្វើឲ្យគេ«មានឱកាសនឹងត្មះតិះដៀល»ព្រះយេហូវ៉ា និងលែងគោរពដល់គាត់។ (២សាំ. ១២:១៤; និក្ខ. ២០:១៣, ១៤, ១៧) ការប្រព្រឹត្តដ៏ខុសឆ្គងរបស់ដាវីឌបានធ្វើឲ្យបណ្ដាជនអ៊ីស្រាអែលនិងសមាជិកគ្រួសាររបស់គាត់ ទើសចិត្តជាខ្លាំង។ ដូចគ្នាដែរ ពេលដែលបងប្អូនដែលទទួលការជ្រមុជទឹកធ្វើអំពើខុសឆ្គង នោះធ្វើឲ្យក្រុមជំនុំនិងអ្នកឯទៀតដែលស្រឡាញ់គាត់ ពិបាកចិត្តឬឈឺចិត្តណាស់។ ទោះជាស្តេចដាវីឌដែលបានប្រែចិត្តដឹងថាគាត់បានធ្វើអំពើខុសឆ្គងនឹងអ៊ូរីក៏ដោយ គាត់បានទទួលស្គាល់ថាគាត់ត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ាជាងនោះទៅទៀត។ (សូមពិនិត្យបន្ថែម លោកុប្បត្តិ ៣៩:៧-៩) ដាវីឌបានដឹងថាការវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ាគឺសុចរិត។ (រ៉ូម ៣:៤) គ្រិស្តសាសនិកដែលបានធ្វើអំពើខុសឆ្គង ត្រូវមានទស្សនៈដូចនេះដែរ។
(ទំនុកតម្កើង ៥១:៧-៩) សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ។ ៨ សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ។ ៩ សូមបាំងព្រះភក្ដ្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ។
w៩៣-E ១៥/៣ ទំ. ១២-១៣ វ. ១៨-២០
សេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាជួយយើងកុំឲ្យព្រួយចិត្តទៀត
ការអង្វរសុំឲ្យមានអំណរឡើងវិញ
១៨ គ្រិស្តសាសនិកណាម្នាក់ដែលធ្លាប់ត្រូវសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសខ្លួន អាចយល់ពាក្យរបស់ដាវីឌដែលថា៖ «សូម[ព្រះយេហូវ៉ា]ឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ»។ (ទំនុក. ៥១:៨) មុនពេលដាវីឌបានកែប្រែចិត្តនិងសារភាពអំពើខុសឆ្គងរបស់គាត់ សមត្ថភាពវិនិច្ឆ័យរបស់គាត់បានធ្វើទុក្ខគាត់ជាខ្លាំង។ គាត់មិនអាចសប្បាយនឹងចម្រៀងសរសើរតម្កើង ហើយក៏មិនអាចរីករាយនឹងការច្រៀងនិងការប្រគុំភ្លេងរបស់ពួកអ្នកសិល្បៈឡើយ។ ដោយសារដាវីឌបានធ្វើអំពើខុសឆ្គង គាត់លែងទទួលការពេញចិត្តពីព្រះ។ នោះបានធ្វើឲ្យគាត់ឈឺចាប់ដល់ម្ល៉េះដែលគាត់ប្រៀបប្រដូចការឈឺចាប់នោះទៅនឹងឆ្អឹងរបស់បុរសម្នាក់ដែលបានត្រូវបាក់បែកខ្ទេចខ្ទី។ គាត់ចង់ទទួលការអភ័យទោសពីព្រះយេហូវ៉ា ដើម្បីគាត់អាចមានចំណងមិត្តភាពជាមួយនឹងលោកម្ដងទៀត។ ដាវីឌក៏ចង់មានអំណរឡើងវិញដូចពីមុនដែរ។ សព្វថ្ងៃនេះ អ្នកប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្ត ក៏ត្រូវការការអភ័យទោសពីព្រះយេហូវ៉ាដែរ ដើម្បីគាត់អាចមានអំណរដូចពីមុនដែលគាត់មិនទាន់មានចំណងមិត្តភាពប្រេះឆាជាមួយនឹងព្រះយេហូវ៉ា។ ពេលអ្នកដែលធ្វើខុសមាន«អំណរដែលមកពីសកម្មពលបរិសុទ្ធ»ឡើងវិញ នោះបញ្ជាក់ថាព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ ហើយនៅតែស្រឡាញ់គាត់។ (១ថែ. ១:៦) នេះពិតជាផ្ដល់ការសម្រាលទុក្ខមែន!
១៩ ដាវីឌបានអធិដ្ឋានបន្តទៀតថា៖ «សូមបាំងព្រះភក្ដ្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ»។ (ទំនុក. ៥១:៩) ព្រះយេហូវ៉ាមិនអាចមើលរំលងអំពើខុសឆ្គងរបស់បុគ្គលម្នាក់ ហើយនៅតែពេញចិត្តនឹងគាត់នោះទេ។ ហេតុនេះបានជាដាវីឌបានសុំព្រះយេហូវ៉ាឲ្យបាំងមុខចេញពីអំពើខុសឆ្គងរបស់គាត់។ ស្តេចដាវីឌក៏បានអង្វរសុំឲ្យព្រះលុបអំពើខុសឆ្គងនិងការប្រព្រឹត្តមិនសុចរិតទាំងអស់របស់គាត់ចោលដែរ។ ប្រសិនបើព្រះយេហូវ៉ាអាចធ្វើដូច្នេះបាន ដាវីឌច្បាស់ជាសប្បាយចិត្តណាស់ ហើយសមត្ថភាពវិនិច្ឆ័យរបស់គាត់នឹងឈប់ផ្ដន្ទាទោសគាត់ទៀត។ ម្យ៉ាងទៀត នោះនឹងបញ្ជាក់ឲ្យដាវីឌដឹងថា ព្រះរបស់គាត់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ បានអភ័យទោសឲ្យគាត់ហើយ។
ចុះបើអ្នកបានប្រព្រឹត្តអំពើខុសឆ្គង?
២០ ទំនុកតម្កើង ទំនុកទី៥១បញ្ជាក់ថា អ្នកបម្រើរបស់ព្រះយេហូវ៉ាដែលបានធ្វើអំពើខុសឆ្គងតែប្រែចិត្ត អាចសុំលោកអភ័យទោសឲ្យពួកគេ ដោយមានទំនុកចិត្តថាលោកនឹងសម្អាតពួកគេឲ្យស្អាតពីអំពើខុសឆ្គង។ បើអ្នកជាគ្រិស្តសាសនិកដែលបានធ្វើខុសក្នុងរឿងណាមួយ អ្នកគួរអធិដ្ឋានដោយចិត្តរាបទាប សុំការអភ័យទោសពីបិតារបស់យើងដែលនៅស្ថានសួគ៌។ សូមទទួលស្គាល់ថាអ្នកត្រូវការឲ្យព្រះជួយ ដើម្បីអ្នកអាចទទួលការពេញចិត្តពីលោក ហើយសុំលោកជួយអ្នកឲ្យមានអំណរដែលអ្នកធ្លាប់មានពីមុន។ គ្រិស្តសាសនិកដែលបានប្រែចិត្តអាចជឿជាក់ថា បើពួកគេអធិដ្ឋានសុំលោកអ្វីទាំងនេះ លោក«នឹងអត់ទោសឲ្យជាបរិបូរ»។ (អេ. ៥៥:៧; ទំនុក. ១០៣:១០-១៤) ម្យ៉ាងទៀត ពួកគេគួររកជំនួយពីអ្នកចាស់ទុំក្នុងក្រុមជំនុំ ដើម្បីពួកគេអាចទទួលជំនួយក្នុងការមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ។—យ៉ា. ៥:១៣-១៥
(ទំនុកតម្កើង ៥១:១០-១៧) ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ ១១ សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ។ ១២ សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះនៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់។ ១៣ នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់។ ១៤ ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម នោះអណ្ដាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់។ ១៥ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ទ្រង់។ ១៦ ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ។ ១៧ ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ។
យើងអាចរក្សាខ្លួនជាមនុស្សបរិសុទ្ធ
៦ មុនយើងបានរៀនអំពីព្រះយេហូវ៉ា យើងប្រហែលជាចូលចិត្តធ្វើអ្វីដែលលោកមិនពេញចិត្ត ហើយយើងប្រហែលជានៅតែតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវទាំងនេះ។ ប៉ុន្តែ ព្រះយេហូវ៉ាអាចជួយយើងកែខ្លួន ហើយជួយយើងធ្វើអ្វីដែលនាំឲ្យលោកពេញចិត្ត។ ជាឧទាហរណ៍ ក្រោយពីស្តេចដាវីឌបានរួមដំណេកជាមួយនឹងនាងបាតសេបា គាត់បានប្រែចិត្ត ហើយបានអង្វរសុំព្រះយេហូវ៉ាផ្ដល់ឲ្យគាត់នូវ«ចិត្តបរិសុទ្ធ» ហើយជួយគាត់ឲ្យស្ដាប់បង្គាប់លោក។ (ទំនុកតម្កើង ៥១:១០, ១២) ដូច្នេះ បើពីមុនយើងមានសេចក្ដីប៉ងប្រាថ្នាខ្លាំងដែលប្រាសចាកសីលធម៌ ហើយនៅតែតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាទាំងនេះ ព្រះយេហូវ៉ាអាចជួយយើងឲ្យមានសេចក្ដីប៉ងប្រាថ្នាខ្លាំងជាងដើម្បីស្ដាប់បង្គាប់លោកនិងធ្វើអ្វីដែលត្រឹមត្រូវ។ លោកអាចជួយយើងគ្រប់គ្រងគំនិតមិនល្អឥតខ្ចោះរបស់យើង។—ទំនុកតម្កើង ១១៩:១៣៣
w៩៣-E ១៥/៣ ទំ. ១៤-១៧ វ. ៤-១៦
ព្រះយេហូវ៉ាមិនមើលងាយចិត្តដែលខ្ទេចខ្ទាំទេ
ចិត្តបរិសុទ្ធគឺសំខាន់
៤ បើគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះបានធ្វើឲ្យចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាប្រេះឆា ដោយសារគាត់បានធ្វើខុស តើគាត់ប្រហែលត្រូវការអ្វីក្រៅពីសេចក្ដីមេត្ដាករុណានិងការអភ័យទោសពីព្រះយេហូវ៉ា? ដាវីឌបានអង្វរថា៖ «ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង»។ (ទំនុក. ៥១:១០) ដាវីឌបានសុំដូចនេះ តាមមើលទៅគាត់បានទទួលស្គាល់ថាទំនោរចិត្តដែលមកពីអំពើខុសឆ្គងដ៏ធ្ងន់ធ្ងរគឺនៅមានក្នុងចិត្តគាត់នៅឡើយ។ យើងប្រហែលជាមិនបានធ្វើអំពើខុសឆ្គងណាមួយ ដូចករណីដាវីឌធ្វើចំពោះបាតសេបានិងអ៊ូរីទេ តែយើងត្រូវសុំជំនួយពីព្រះយេហូវ៉ាដើម្បីជៀសវាងពីការចុះចាញ់សេចក្ដីសេចក្ដីល្បួងឲ្យធ្វើអ្វីដែលនាំទៅដល់ការប្រព្រឹត្តខុសឆ្គង។ ចំពោះរឿងនោះ យើងផ្ទាល់ប្រហែលជាត្រូវការព្រះជួយយើងដកលក្ខណៈដែលខុសឆ្គងនោះចេញពីក្នុងចិត្តយើង ដូចជាចិត្តច្រណែននិងការស្អប់ជាដើម ពោលគឺការប្រព្រឹត្តដូចជាចោរនិងឃាតករ។—កូឡ. ៣:៥, ៦; ១យ៉ូន. ៣:១៥
៥ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបម្រើលោកមាន«ចិត្តបរិសុទ្ធ»ដែលជាបំណងចិត្តបរិសុទ្ធ។ ដោយទទួលស្គាល់ថាខ្លួនមិនបានបង្ហាញចិត្តបរិសុទ្ធបែបនោះ ដាវីឌបានអធិដ្ឋានសុំឲ្យព្រះសម្អាតចិត្តរបស់គាត់ ហើយនាំឲ្យគាត់ប្រព្រឹត្តស្របតាមខ្នាតតម្រារបស់ព្រះ។ អ្នកតែងទំនុកតម្កើងនេះក៏ចង់បានចិត្តគំនិតថ្មីដែលសុចរិត ឬទំនោរចិត្តថ្មី។ គាត់ត្រូវការចិត្តគំនិតដែលនឹងជួយគាត់ឲ្យយកឈ្នះសេចក្ដីល្បួង ហើយកាន់ខ្ជាប់ច្បាប់និងគោលការណ៍របស់ព្រះយេហូវ៉ា។
សកម្មពលបរិសុទ្ធគឺចាំបាច់
៦ ពេលដែលយើងធ្លាក់ទឹកចិត្តដោយសារធ្វើខុស យើងអាចមានអារម្មណ៍ថាព្រះដកសកម្មពលបរិសុទ្ធរបស់លោកចេញពីយើង។ ដាវីឌមានអារម្មណ៍ដូចនោះ ព្រោះគាត់បានអង្វរព្រះយេហូវ៉ាថា៖ ‹សូមកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ›។ (ទំនុក. ៥១:១១) ដោយដឹងខុសនិងមានចិត្តរាបទាប ដាវីឌមានអារម្មណ៍ថាអំពើខុសឆ្គងរបស់គាត់ធ្វើឲ្យគាត់មិនសមបម្រើព្រះយេហូវ៉ាទេ។ ការបោះចោលចេញពីចំពោះមុខព្រះ អាចមានន័យថាលែងទទួលការពេញចិត្តពីលោក លែងទទួលពរនិងការសម្រាលទុក្ខពីលោកទៀត។ បើដាវីឌត្រូវផ្សះផ្សាចំណងមិត្តភាពឡើងវិញជាមួយនឹងព្រះយេហូវ៉ា គាត់ត្រូវការសកម្មពលពីលោក។ បើព្រះចាក់សកម្មពលលើគាត់ ស្តេចដាវីឌអាចអធិដ្ឋានសុំការណែនាំនិងការពេញចិត្តពីលោក អាចជៀសវាងពីការធ្វើអំពើខុសឆ្គង ហើយអាចគ្រប់គ្រងអ៊ីស្រាអែលដោយប្រាជ្ញា។ ពេលដែលដឹងថាអំពើខុសឆ្គងរបស់គាត់ប្រឆាំងនឹងអ្នកដែលឲ្យសកម្មពលបរិសុទ្ធ ដាវីឌគួរអង្វរសុំព្រះយេហូវ៉ាកុំឲ្យដកយកសកម្មពលចេញពីគាត់មែន។
៧ ចុះយ៉ាងណាចំពោះយើង? យើងគួរអធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយត្រូវប្រយ័ត្នកុំធ្វើឲ្យសកម្មពលនោះកើតទុក្ខ ដោយធ្វើតាមការណែនាំពីសកម្មពលនោះ។ (លូក. ១១:១៣; អេភ. ៤:៣០) បើមិនដូច្នោះទេ យើងអាចបាត់បង់សកម្មពលនោះ ហើយមិនអាចបង្ហាញផលដែលបង្កើតពីសកម្មពល ដូចជាសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត និងការចេះទប់ចិត្តបានឡើយ។ ព្រះយេហូវ៉ានឹងដកយកសកម្មពលបរិសុទ្ធចេញពីយើងជាមិនខាន បើយើងបន្តធ្វើអំពើខុសឆ្គងដោយមិនប្រែចិត្ត។
រីករាយចំពោះសេចក្ដីសង្គ្រោះ
៨ អ្នកធ្វើអំពើខុសឆ្គងដែលប្រែចិត្តហើយដែលបានផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាវិញ ពួកគេអាចរីករាយនឹងការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់សេចក្ដីសង្គ្រោះ។ ដោយចង់បាននោះយ៉ាងខ្លាំង ដាវីឌបានអង្វរសុំព្រះថា៖ «សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះនៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់»។ (ទំនុក. ៥១:១២) ពិតជាអស្ចារ្យណាស់ដែលគាត់អាចរីករាយទទួលសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា! (ទំនុក. ៣:៨) ក្រោយពីធ្វើអំពើខុសឆ្គងនឹងព្រះ ដាវីឌបានខំស្វែងរកការផ្សះផ្សាចំណងមិត្តភាពជាមួយលោកឡើងវិញ ដើម្បីគាត់អាចរីករាយនឹងសេចក្ដីសង្គ្រោះពីលោក។ គ្រាក្រោយៗមក ព្រះយេហូវ៉ាបានផ្ដល់ការសង្គ្រោះតាមរយៈគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត។ បើយើងជាអ្នកបម្រើព្រះដែលបានប្រគល់ខ្លួនរួចហើយ ហើយបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ បើអ្នកចង់មានរីករាយនឹងសេចក្ដីសង្គ្រោះដែលព្រះបានឲ្យយើង យើងត្រូវប្រែចិត្ត ព្រមទាំងជៀសវាងការធ្វើអំពើខុសឆ្គងប្រឆាំងនឹងសកម្មពលបរិសុទ្ធ។—ម៉ាថ. ១២:៣១; ហេ. ៦:៤-៦
៩ ដាវីឌបានសុំព្រះយេហូវ៉ាគាំទ្រគាត់«ដោយព្រះវិញ្ញាណដ៏សទ្ធា»។ តាមមើលទៅ នេះមិនមែនសំដៅទៅការសុខចិត្តជួយរបស់ព្រះ ឬសកម្មពលបរិសុទ្ធរបស់លោកនោះទេ។ តែសំដៅទៅលើទំនោរចិត្តដែលបង្ខំដាវីឌឲ្យធ្វើអ្វីមួយ។ ដាវីឌចង់ឲ្យព្រះគាំទ្រគាត់ដោយឲ្យគាត់នូវចិត្តគំនិតដែលសុខចិត្តធ្វើអ្វីដែលត្រឹមត្រូវ ហើយមិនធ្លាក់ទៅធ្វើអំពើខុសឆ្គងម្ដងទៀត។ ព្រះយេហូវ៉ាបន្តគាំទ្រអ្នកបម្រើរបស់លោក ហើយលើកពួកអ្នកដែលត្រូវឱនចុះ ដោយសារជួបទុក្ខលំបាកផ្សេងៗ។ (ទំនុក. ១៤៥:១៤) ការដឹងអំពីនេះពិតជាសម្រាលទុក្ខយើងណាស់ ជាពិសេសបើយើងធ្លាប់ធ្វើខុស តែបានសុំអភ័យទោសពីលោក ហើយចង់បម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់កាន់តែខ្លាំងឡើង!
តើបង្រៀនអ្នកដែលធ្វើខុសអំពីអ្វី?
១០ បើព្រះអនុញ្ញាតឲ្យមានរឿងបែបនេះ ដាវីឌចង់ទទួលនោះដោយមិនគិតពីប្រយោជន៍ខ្លួនដើម្បីធ្វើអ្វីមួយដែលបង្ហាញអំណរគុណចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា ហើយដើម្បីជួយអ្នកឯទៀត។ ដោយអធិដ្ឋានរៀបរាប់នូវអារម្មណ៍របស់គាត់ប្រាប់ដល់ព្រះយេហូវ៉ា ស្តេចដាវីឌដែលប្រែចិត្តនេះបាននិយាយបន្តទៀតថា៖ «ទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់»។ (ទំនុក. ៥១:១៣) តើដាវីឌដែលប្រព្រឹត្តអំពើខុសឆ្គងអាចបង្រៀនអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់របស់ព្រះយ៉ាងដូចម្ដេច? តើគាត់ប្រហែលជាប្រាប់ពួកគេយ៉ាងណា? តើកំណត់ហេតុនេះអាចផ្ដល់ប្រយោជន៍អ្វីខ្លះ?
១១ ពេលដែលដាវីឌបង្ហាញបណ្ដាជនអ៊ីស្រាអែលដែលធ្វើខុសនឹងការណែនាំរបស់ព្រះយេហូវ៉ា ដោយសង្ឃឹមថាពួកគេនឹងបែរចេញពីផ្លូវអាក្រក់ គាត់អាចបញ្ជាក់ប្រាប់ពួកគេថាអំពើខុសឆ្គងគឺយ៉ាងណា ការប្រែចិត្តមានន័យយ៉ាងណា ហើយត្រូវធ្វើខ្លះដើម្បីទទួលសេចក្ដីមេត្ដាករុណាពីព្រះ។ ដោយសារដាវីឌធ្លាប់មានអារម្មណ៍ឈឺចាប់ជាខ្លាំងដែលមកពីមិនបានទទួលការពេញចិត្តពីព្រះ ព្រមទាំងដែលមកពីសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស គាត់ច្បាស់ជាទៅជាអ្នកបង្រៀនដែលចេះអាណិតអាសូរ ចំពោះអ្នកដែលធ្វើខុសតែប្រែចិត្ត និងចំពោះអ្នកសោកស្ដាយជាខ្លាំងនឹងអំពើខុសឆ្គងរបស់ខ្លួន។ ពិតណាស់ គាត់អាចប្រើគំរូរបស់គាត់ដើម្បីបង្រៀនអ្នកឯទៀត មិនគ្រាន់តែជាអ្នកដែលព្រមទទួលខ្នាតតម្រារបស់ព្រះយេហូវ៉ានិងទទួលការអភ័យទោសពីលោកប៉ុណ្ណោះទេ តែសម្រាប់អ្នកដែលបដិសេធមិនចុះចូលនឹងសេចក្ដីតម្រូវពីព្រះដែលគ្មានសិទ្ធិ‹ថ្លែងប្រាប់ពីបញ្ញត្តរបស់ព្រះ›។—ទំនុក. ៥០:១៦, ១៧
១២ ដាវីឌបានបញ្ជាក់ម្ដងទៀតនូវបំណងចិត្តរបស់គាត់ តាមរបៀបផ្សេងថា៖ «ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម នោះអណ្ដាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់»។ (ទំនុក. ៥១:១៤) ការកំចាយឈាមនាំឲ្យមានទោសដល់ស្លាប់។ (លោ. ៩:៥, ៦) ដូច្នេះការដឹងថាព្រះនៃសេចក្ដីសង្គ្រោះបានជួយដាវីឌឲ្យរួចពីទោសកំចាយឈាមដែលគាត់បានធ្វើចំពោះអ៊ូរី នឹងធ្វើឲ្យគាត់មានសេចក្ដីសុខសាន្តក្នុងចិត្តគំនិត។ អណ្ដាតរបស់គាត់អាចច្រៀងដោយអំណរអំពីសេចក្ដីសុចរិតរបស់ព្រះនិងរបស់ខ្លួនគាត់។ (សាស្ដ. ៧:២០; រ៉ូម ៣:១០) ដាវីឌមិនអាចបិទបាំងអំពើប្រាសចាកសីលធម៌របស់គាត់ ឬធ្វើឲ្យអ៊ូរីរស់ឡើងវិញទេ ដូចគ្នាដែរនៅសព្វថ្ងៃនេះអ្នកដែលទាក់ទាញគេឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទមិនអាចស្ដារកេរ្ដិ៍ឈ្មោះល្អឲ្យអ្នកនោះវិញបាន ឬមិនអាចប្រោសមនុស្សដែលគាត់សម្លាប់ឲ្យរស់ឡើងវិញដែរ។ យើងគួរគិតអំពីនេះមែនទេ ពេលយើងជួបសេចក្ដីល្បួង? យើងគួរដឹងគុណយ៉ាងខ្លាំងចំពោះសេចក្ដីមេត្ដាករុណាដែលព្រះយេហូវ៉ាបានបង្ហាញចំពោះយើងក្នុងផ្លូវសុចរិត! ការដឹងគុណអំពីនោះ គួរជំរុញចិត្តយើងឲ្យនាំអ្នកឯទៀតឲ្យមករកប្រភពនៃសេចក្ដីសុចរិតនិងការអភ័យទោស។
១៣ គ្មានអ្នកធ្វើខុសឆ្គងណាម្នាក់អាចបើកបបូរមាត់សរសើរព្រះយេហូវ៉ាបានឡើយ លើកលែងតែលោកបង្ហាញសេចក្ដីមេត្ដាករុណាចំពោះពួកគេ កាលដែលគេនិយាយសេចក្ដីពិតរបស់លោក។ ហេតុនេះ ដាវីឌបានច្រៀងថា៖ «ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ទ្រង់»។ (ទំនុក. ៥១:១៥) ដោយមានសមត្ថភាពវិនិច្ឆ័យឈប់ផ្ដន្ទាទោសដោយសារបានទទួលការអភ័យទោសពីព្រះយេហូវ៉ា នោះបានជំរុញចិត្តដាវីឌឲ្យបង្រៀនអ្នកដែលប្រព្រឹត្តខុសឆ្គងនូវការណែនាំពីព្រះយេហូវ៉ា ហើយគាត់អាចសរសើរលោកយ៉ាងអស់ពីចិត្ត។ អស់អ្នកដែលបានទទួលការអភ័យទោសពីអំពើខុសឆ្គងរបស់ខ្លួន ដូចដាវីឌដែរ គួរមានអំណរគុណចំពោះគុណដ៏វិសេសលើសលប់ដែលព្រះយេហូវ៉ាបានឲ្យដល់ពួកគេ ហើយពួកគេគួរឆ្លៀតគ្រប់ឱកាសប្រកាសសេចក្ដីពិតអំពីព្រះ ព្រមទាំង«ប្រាប់ពីសេចក្ដីសរសើររបស់ទ្រង់»។—ទំនុក. ៤៣:៣
គ្រឿងបូជាដែលព្រះពេញចិត្ត
១៤ ដោយសារដាវីឌបានយល់យ៉ាងជ្រាលជ្រៅអំពីនោះបានធ្វើឲ្យគាត់និយាយថា៖ «ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ»។ (ទំនុក. ៥១:១៦) ច្បាប់ម៉ូសេបានបង្គាប់ថា ត្រូវឲ្យសត្វជាគ្រឿងបូជាដល់ព្រះ។ ប៉ុន្តែអំពើខុសឆ្គងរបស់ដាវីឌគឺជាអំពើផិតក្បត់និងការសម្លាប់គេ ដែលមានទោសត្រូវស្លាប់ ទោសរបស់មិនគាត់អាចជម្រះបានដោយគ្រឿងបូជាបែបនោះទេ។ បើអាចមែន គាត់ច្បាស់ជាមិនខ្លាចចំណាយដើម្បីជូនសត្វជាគ្រឿងបូជាជូនព្រះយេហូវ៉ានោះឡើយ។ បើគ្មានការប្រែចិត្តយ៉ាងស្មោះ គ្រឿងបូជាឥតមានប្រយោជន៍ទេ។ ហើយក៏ជាការខុសដែរ បើគិតថាយើងអាចទូទាត់ដោយធ្វើល្អខ្លះៗវិញ ដើម្បីបន្តធ្វើអំពើខុសឆ្គងទៀត។
១៥ ដាវីឌបានបន្ថែមថា៖ «ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ»។ (ទំនុក. ៥១:១៧) ក្នុងករណីអ្នកដែលធ្វើអំពើខុសឆ្គងតែប្រែចិត្ត «ដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ»។ បុគ្គលបែបនោះមិនមានចិត្តគំនិតខឹងនិងប្រឆាំងទេ។ ចិត្តរបស់បុគ្គលដែលប្រគល់ខ្លួនជូនព្រះដែលមានភាពខ្ទេចខ្ទាំ គឺជាអារម្មណ៍ពិបាកចិត្តក្រៃលែងចំពោះអំពើខុសឆ្គងរបស់ខ្លួន ហើយចិត្តនេះបានត្រូវបន្ទាបដោយសារដឹងថាព្រះមិនពេញចិត្ត ហើយជាចិត្តដែលសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលការពេញចិត្តពីព្រះឡើងវិញ។ យើងមិនអាចជូនព្រះនូវរបស់មានតម្លៃបានឡើយ លុះត្រាតែយើងប្រែចិត្តពីអំពើខុសឆ្គងរបស់យើង ហើយឲ្យលោកនូវចិត្តដែលមានភក្ដីភាពផ្ដាច់មុខ។—ណា. ១:២
១៦ ព្រះមិនបដិសេធគ្រឿងបូជាជាចិត្តខ្ទេចខ្ទាំនិងបាក់បែកឡើយ។ ហេតុនេះ ទោះជាយើងជួបការពិបាកណាមួយ ដូចរាស្ត្ររបស់លោកក៏ដោយ សូមកុំឲ្យយើងធ្លាក់ទឹកចិត្តរហូត។ បើយើងបានជំពប់ដួលនៅលើផ្លូវជីវិតក្នុងការប្រព្រឹត្តណាដែលធ្វើឲ្យចិត្តរបស់យើងយំស្រែករកសេចក្ដីមេត្ដាករុណារបស់ព្រះ សូមកុំអស់សង្ឃឹមឡើយ។ ទោះបើយើងបានធ្វើអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរតែបានប្រែចិត្ត ព្រះយេហូវ៉ានឹងមិនមើលងាយចិត្តខ្ទេចខ្ទាំរបស់យើងទេ។ លោកនឹងអភ័យទោសឲ្យយើងដោយមានមូលដ្ឋានលើគ្រឿងបូជាជាថ្លៃលោះរបស់គ្រិស្ត ហើយលោកនឹងឲ្យយើងទទួលការពេញចិត្តពីលោកម្ដងទៀត។ (អេ. ៥៧:១៥; ហេ. ៤:១៦; ១យ៉ូន. ២:១) ទោះជាយ៉ាងនោះក៏ដោយ ដូចដាវីឌដែរ សេចក្ដីអធិដ្ឋានរបស់យើងគួរសុំទទួលការពេញចិត្តពីព្រះម្ដងទៀត ហើយមិនគួរគេចវេះពីការទទួលការប្រដៅតម្រង់បើត្រូវការជាចាំបាច់។ ព្រះបានអភ័យទោសឲ្យដាវីឌ តែលោកក៏កែតម្រង់គាត់ដែរ។—២សាំ. ១២:១១-១៤
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(ទំនុកតម្កើង ៤៥:៤) រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជំនះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្ដាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច។
ចូរទទួលស្វាគមន៍គ្រិស្តដែលជាស្តេចដ៏រុងរឿង!
ស្តេចជិះទៅ«ដើម្បីការពារសេចក្ដីពិត»
១១ សូមអាន ទំនុកតម្កើង ៤៥:៤។ ស្តេចដែលពូកែក្នុងការធ្វើសង្គ្រាមមិនធ្វើសង្គ្រាមដើម្បីដណ្ដើមទឹកដី និងដើម្បីមានអំណាចលើមនុស្សឡើយ។ លោកធ្វើសង្គ្រាមសុចរិតដោយមានគោលបំណងដ៏ខ្ពង់ខ្ពស់។ លោកជិះទៅ‹ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព និងសេចក្ដីសុចរិត›។ សេចក្ដីពិតដ៏សំខាន់បំផុតដែលត្រូវការពារគឺសេចក្ដីពិតអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាលើសកលលោក។ សាថានបានប្រឆាំងនឹងសិទ្ធិគ្រប់គ្រងស្របច្បាប់របស់ព្រះយេហូវ៉ា ពេលដែលវាបានបះបោរប្រឆាំងលោក។ តាំងពីពេលនោះមក ទាំងពួកវិញ្ញាណកំណាចទាំងមនុស្ស បានធ្វើឲ្យមានការសង្ស័យទៅលើសេចក្ដីពិតដ៏សំខាន់នេះ។ ឥឡូវនេះគឺដល់ពេលដែលស្តេចដែលព្រះយេហូវ៉ាបានរើសតាំងជិះសេះទៅធ្វើសង្គ្រាម ហើយបង្ហាញថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រង។
(ទំនុកតម្កើង ៤៨:១២, ១៣) ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង។ ១៣ ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន ហើយពិចារណាព្រះរាជវាំងនោះផង ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ។
ចូរធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានកាន់តែប្រសើរឡើង
១៣ គ្រិស្តសាសនិកពិតទាំងអស់ត្រូវប្រាប់អ្នកឯទៀតអំពីអង្គការរបស់ព្រះយេហូវ៉ា។ ទោះជាយើងរស់នៅក្នុងពិភពលោកដ៏អាក្រក់របស់សាថានក៏ដោយ យើងមានបងប្អូនរួមជំនឿដែលមានសេចក្ដីសុខសាន្តនិងសាមគ្គីភាព នេះពិតជាអស្ចារ្យមែន! យើងត្រូវប្រាប់«កូនចៅតទៅ»ដោយអំណរ អំពីអង្គការរបស់ព្រះយេហូវ៉ា និងអំពីស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលពោរពេញទៅដោយសេចក្ដីសុខសាន្តដែលប្រៀបដូចជាសួនឧទ្យាន!—សូមអាន ទំនុកតម្កើង ៤៨:១២-១៤
ថ្ងៃទី២៧ ខែមិថុនា–ថ្ងៃទី៣ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ៥២-៥៩
«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»
(ទំនុកតម្កើង ៥៥:២) សូមសំកាំងស្ដាប់ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ។
(ទំនុកតម្កើង ៥៥:៤, ៥) ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ។ ៥ ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ។
(ទំនុកតម្កើង ៥៥:១៦-១៨) ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ។ ១៧ ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក នឹងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្ដាប់សំឡេងខ្ញុំជាមិនខាន។ ១៨ ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាមដោយសុខសាន្ត ដ្បិតមានគេទាស់ទទឹងនឹងខ្ញុំជាច្រើន។
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីពីរ
៥៥:៤, ៥, ១២-១៤, ១៦-១៨: ដាវីឌបានឈឺព្រះទ័យណាស់ពេលអាប់សាឡំមដែលជាព្រះរាជបុត្រារបស់ទ្រង់ខំដណ្ដើមយករាជ្យ ហើយអ័ហ៊ីថូផែលដែលជាទីប្រឹក្សាដែលដាវីឌទុកចិត្តបានបែរជាក្បត់ទ្រង់វិញ។ ក៏ប៉ុន្តែនោះមិនបានធ្វើឲ្យដាវីឌលែងទុកចិត្តព្រះយេហូវ៉ាឡើយ។ យើងមិនគួរអនុញ្ញាតឲ្យការតានតឹងចិត្តធ្វើឲ្យទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាទៅជាខ្សោយឡើយ។
w៩៦-E ១/៤ ទំ. ២៧ វ. ២
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ាជានិច្ច
មានពេលមួយដាវីឌដែលជាស្តេចនៃអ៊ីស្រាអែល ពិបាកចិត្តយ៉ាងខ្លាំងស្ទើរតែទ្រាំមិនបាន។ យោងតាមទំនុកតម្កើង ទំនុកទី៥៥ គាត់មានទុក្ខព្រួយដែលធ្វើឲ្យគាត់មិនអាចផ្ចង់អារម្មណ៍បាន ដោយសារការបង្ខិតបង្ខំនិងការប្រមាថមើលងាយពីសត្រូវ។ គាត់ឈឺចិត្តនិងភ័យខ្លាចជាខ្លាំង។ គាត់គ្រាន់តែអាចថ្ងូរអំពីសេចក្ដីទុក្ខព្រួយរបស់គាត់។ (ទំនុក. ៥៥:២, ៥, ១៧) ទោះជាដាវីឌមានទុក្ខព្រួយច្រើនប៉ុនណាក៏ដោយ គាត់បានរកឃើញវិធីដើម្បីស៊ូទ្រាំ។ តើតាមរបៀបណា? គាត់បានស្វែងរកជំនួយពីព្រះរបស់គាត់។ គាត់ឲ្យឱវាទដល់អ្នកដែលមានអារម្មណ៍ដូចគាត់ ដោយថា«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា»។—ទំនុក. ៥៥:២២
(ទំនុកតម្កើង ៥៥:១២-១៤) មិនមែនជាខ្មាំងសត្រូវដែលបកកេរខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ។ ១៣ គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំ ជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ។ ១៤ យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក៏ដើរជាមួយគ្នា នៅកណ្ដាលហ្វូងមនុស្សក្នុងដំណាក់ព្រះ។
w៩៦-E ១/៤ ទំ. ៣០ វ. ១
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ាជានិច្ច
ការស៊ូទ្រាំនឹងការក្បត់
នេះគឺជារឿងដែលបណ្ដាលឲ្យដាវីឌតែងទំនុកតម្កើង ទំនុកទី៥៥។ ដាវីឌបានឈឺចាប់ក្នុងចិត្តខ្លាំងណាស់។ គាត់សរសេរថា៖ «ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ»។ (ទំនុក. ៥៥:៤) ហេតុអ្វីដាវីឌឈឺចិត្តខ្លាំងម្ល៉េះ? ដោយសារអាប់សាឡំមជាកូនរបស់គាត់ បានរៀបគម្រោងដណ្ដើមរាជ្យពីគាត់។ (២សាំ. ១៥:១-៦) ការក្បត់របស់កូនខ្លួនធ្វើឲ្យដាវីឌពិបាកស៊ូទ្រាំទៅហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ពិបាកខ្លាំងជាងនោះទៅទៀត គឺពេលអ័ហ៊ីថូផែលជាទីប្រឹក្សាដែលគាត់ទុកចិត្តបំផុត រួមដៃក្បត់ជាមួយនឹងអាប់សាឡំម។ ដាវីឌបានសរសេរអំពីអ័ហ៊ីថូផែល ក្នុងទំនុកតម្កើង ៥៥:១២-១៤។ ដោយសារការគម្រោងការក្បត់របស់ពួកគេ ដាវីឌត្រូវរត់ចេញពីក្រុងយេរូសាឡិម។ (២សាំ. ១៥:១៣, ១៤) នេះពិតជាធ្វើឲ្យដាវីឌឈឺខ្លោចផ្សាក្នុងចិត្តណាស់!
(ទំនុកតម្កើង ៥៥:២២) ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ។
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីពីរ
៥៥:២២: តើយើងផ្ទេរបន្ទុករបស់យើងលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? យើងធ្វើដូច្នេះដោយ (១) អធិស្ឋានទូលទ្រង់អំពីបញ្ហានោះ (២) ដោយពឹងលើព្រះបន្ទូលទ្រង់និងអង្គការរបស់ទ្រង់សម្រាប់ជំនួយនិងការណែនាំ ហើយ (៣) ដោយខំប្រឹងព្យាយាមដោះស្រាយបញ្ហានោះ។—សុភាសិត ៣:៥, ៦; ១១:១៤; ១៥:២២; ភីលីព ៤:៦, ៧
w៩៩-E ១៥/៣ ទំ. ២២-២៣
ចូរយកឈ្នះទុក្ខកង្វល់
ម៉ូសេបានខ្វល់ចិត្តអំពីរឿងផ្សេងៗ។ គាត់បានសួរព្រះយេហូវ៉ាថា៖ «កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា៖ ‹ព្រះនៃឰយុកោអ្នករាល់គ្នា ទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា› ហើយគេសួរទូលបង្គំថា៖ «តើព្រះទ្រង់នាមជាអ្វី?»។ នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្ដេច?»។ ព្រះយេហូវ៉ាបានឆ្លើយសំណួររបស់គាត់។ (និក្ខ. ៣:១៣, ១៤) ម៉ូសេក៏បារម្ភដែរថា តើនឹងមានអ្វីកើតឡើងបើផារ៉ូមិនព្រមជឿគាត់។ លើកនេះទៀត ព្រះយេហូវ៉ាបានផ្ដល់ចម្លើយដល់គាត់។ កង្វល់ចុងក្រោយរបស់គាត់ គឺគាត់សារភាពថាគាត់«ជាអ្នកមិនសូវមានវោហារទេ»។ តើអ្វីជាដំណោះស្រាយ? ព្រះយេហូវ៉ាបានឲ្យអេរ៉ុននិយាយទៅកាន់ផារ៉ូជំនួសម៉ូសេ។—និក្ខ. ៤:១-៥, ១០-១៦
ដោយសារព្រះយេហូវ៉ាបានផ្ដល់ចម្លើយទាំងអស់ចំពោះសំណួររបស់ម៉ូសេ គាត់បានទុកចិត្តទៅលើលោក ហើយធ្វើតាមអ្វីដែលលោកបានបង្គាប់។ ជាជាងគិតអំពីអ្វីដែលអាចកើតឡើងពេលជួបផារ៉ូ ម៉ូសេ«ធ្វើតាម ដូចជាព្រះយេហូវ៉ាបានបង្គាប់»។ (និក្ខ. ៧:៦) បើគាត់បារម្ភហួសហេតុពេក នោះអាចធ្វើឲ្យជំនឿគាត់ចុះខ្សោយ ហើយគាត់នឹងមិនអាចមានចិត្តក្លាហានដើម្បីបំពេញភារកិច្ចដែលព្រះបានប្រគល់ឲ្យទេ។
របៀបដែលម៉ូសេចេះបំពេញភារកិច្ចរបស់គាត់ដោយប៉ិនប្រសប់ គឺជាគំរូនៃអ្វីដែលសាវ័កប៉ូលបានលើកឡើងដែលហៅថា«ការដឹងខុសត្រូវ»។ (២ធី. ១:៧; ទីត. ២:២-៦) បើម៉ូសេមិនបង្ហាញការដឹងខុសត្រូវទេ គាត់អាចនឹងងាយធ្លាក់ទឹកចិត្ត ហើយមិនព្រមទទួលភារកិច្ចដ៏សំខាន់នោះទេ។
ចូរកាន់កាប់គំនិតរបស់អ្នក
ក្នុងជីវិតប្រចាំថ្ងៃ តើអ្នកមានប្រតិកម្មយ៉ាងណាពេលអ្នកជួបនឹងទុក្ខលំបាកឬស្ថានភាពដែលសាកល្បងជំនឿរបស់អ្នក? តើអ្នកទំនងជាឆាប់ភ័យហើយគិតជ្រុលហួសហេតុពេកអំពីឧបសគ្គឬការល្បងលនោះឬទេ? ឬក៏អ្នកមានទស្សនៈត្រឹមត្រូវនៅពេលនោះ? អ្នកខ្លះនិយាយថា ‹កុំទាន់អាលឆ្លងស្ពាន បើមិនទាន់ទៅដល់ទេ›។ ល្អជាងបើយើងមិនបង្អើលខ្លួនឯង! ហេតុអ្វីចាំបាច់ខ្វល់អំពីអ្វីដែលមិនទាន់កើតឡើង? គម្ពីរចែងថា៖ «ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ»។ (សុភ. ១២:២៥) ដោយខ្វល់ហួសហេតុពេក ពួកគេច្រើនតែប្រើរយៈពេលយូរពេកដើម្បីសម្រេចចិត្ត រហូតដល់ហួសពេល។
អ្វីដែលសំខាន់បំផុតគឺទុក្ខកង្វល់អាចមានឥទ្ធិពលអាក្រក់មកលើចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ា។ លោកយេស៊ូគ្រិស្តបានបញ្ជាក់ថាការឲ្យតម្លៃទៅលើ«បណ្ដាំស្តីអំពីរាជាណាចក្រ» អាចនឹងត្រូវគ្របបាំងទាំងស្រុងដោយការល្បួងនៃទ្រព្យសម្បត្ដិ និង«ការខ្វល់ខ្វាយអំពីជីវភាពនៅសម័យនេះ»។ ដូចដើមបន្លាដែលអាចរារាំងគ្រាប់ពូជមិនឲ្យធំលូតលាស់និងបង្កើតផលផ្លែ ការខ្វល់ខ្វាយហួសហេតុពេកអាចរារាំងយើងមិនឲ្យរីកចម្រើនទៅមុខនិងបង្កើតផលក្នុងកិច្ចបម្រើព្រះឡើយ។ (ម៉ាថ. ១៣:១៩, ២២) ការខ្វល់ខ្វាយខ្លាំងដែលនាំឲ្យធ្វើទុក្ខដល់ខ្លួន រហូតដល់បង្អាក់អ្នកខ្លះកុំឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ាទៀតផង។ ពួកគេបារម្ភថា៖ ‹តើខ្ញុំអាចមានរបៀបរស់នៅស្របតាមការប្រគល់ខ្លួនរបស់ខ្ញុំឬទេ?›។
សាវ័កប៉ូលបានប្រាប់យើងថា ដើម្បីមានជំនឿរឹងមាំ យើងត្រូវខំព្យាយាម«កាន់កាប់គំនិតទាំងអស់ បង្ខំឲ្យស្ដាប់បង្គាប់គ្រិស្ត»។ (២កូ. ១០:៥) សាថានដែលជាសត្រូវរបស់យើង ច្បាស់ជាសប្បាយណាស់ក្នុងការធ្វើឲ្យកង្វល់របស់យើងកាន់តែធំ ដើម្បីវាអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្តនិងខ្សោយខាងសុខភាព ខាងផ្លូវចិត្ត និងខាងចំណងមិត្តភាពជាមួយនឹងព្រះ។ វាជំនាញក្នុងការប្រើការសង្ស័យដើម្បីចាប់យើងឲ្យជាប់អន្ទាក់វា។ នេះជាមូលហេតុដែលប៉ូលបានព្រមានគ្រិស្តសាសនិកថា កុំឲ្យ«មេកំណាចមានឱកាស»។ (អេភ. ៤:២៧) សាថានដែលជា«ព្រះនៃរបៀបរបបពិភពលោកនេះ» បានទទួលជោគជ័យក្នុងការ«ធ្វើឲ្យគំនិតរបស់ពួកអ្នកមិនជឿទៅជាងងឹត»។ (២កូ. ៤:៤) សូមយើងតាំងចិត្តមិនអនុញ្ញាតឲ្យវាកាប់កាន់គំនិតយើងឲ្យសោះ!
អាចទទួលជំនួយបាន
ពេលប្រឈមមុខនឹងបញ្ហា កូនអាចទៅរកឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ ដើម្បីទទួលការណែនាំនិងការសម្រាលទុក្ខ។ ដូចគ្នាដែរ យើងអាចសុំព្រះយេហូវ៉ាដែលជាបិតានៅស្ថានសួគ៌ ឲ្យលោកជួយយើងដោះស្រាយបញ្ហា។ ការពិត ព្រះយេហូវ៉ាអញ្ជើញយើងឲ្យផ្ទេរបន្ទុកនិងទុក្ខកង្វល់របស់យើងទៅលើលោក។ (ទំនុក. ៥៥:២២) ក្រោយពីបានទទួលការធានាពីឪពុក កូនឈប់ព្រួយអំពីបញ្ហារបស់ខ្លួនទៀត។ ស្រដៀងគ្នាដែរ ក្រោយពេលយើងអធិដ្ឋានផ្ទេរបន្ទុកទាំងអស់របស់យើងទៅលើលោក យើងត្រូវទុកចិត្តលោកទាំងស្រុងថាលោកនឹងជួយយើង។—យ៉ា. ១:៦
តើតាមរបៀបណាយើងផ្ទេរបន្ទុករបស់យើងទៅលើព្រះយេហូវ៉ា? ភីលីព ៤:៦, ៧ចែងថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ។»។ មែនហើយ ព្រះយេហូវ៉ាតបឆ្លើយនឹងការអធិដ្ឋានអង្វរសុំ ដោយឲ្យយើងនូវសេចក្ដីសុខសាន្តក្នុងចិត្តដែលនឹងជួយការពារចិត្តគំនិតយើងពីទុក្ខកង្វល់ដែលមិនចាំបាច់។—យេ. ១៧:៧, ៨; ម៉ាថ. ៦:២៥-៣៤
ដើម្បីធ្វើស្របតាមការអធិដ្ឋានរបស់យើង យើងគួរជៀសវាងពីការញែកខ្លួនចេញពីអ្នកឯទៀត។ (សុភ. ១៨:១) ផ្ទុយទៅវិញ ល្អជាងដែលយើងពិចារណាគោលការណ៍គម្ពីរនិងការណែនាំដែលទាក់ទងនឹងបញ្ហារបស់យើង ហើយកុំពឹងផ្អែកទៅលើយោបល់របស់ខ្លួន។ (សុភ. ៣:៥, ៦) មិនថាចាស់ឬក្មេងក្ដី យើងទាំងអស់គ្នាអាចស្វែងរកជំនួយពីគម្ពីរនិងសៀវភៅរបស់អង្គការដែលមានព័ត៌មានជាច្រើន ពេលត្រូវធ្វើការសម្រេចចិត្តនិងដោះស្រាយបញ្ហាផ្សេងៗ។ បន្ថែមទៅទៀត ក្នុងក្រុមជំនុំគ្រិស្តសាសនិក យើងមានបងប្អូនដែលមានបទពិសោធន៍ច្រើននិងមានភាពចាស់ទុំ ដែលសប្បាយនឹងនិយាយជាមួយយើងជានិច្ច។ (សុភ. ១១:១៤; ១៥:២២) បងប្អូនដែលមិនមានបញ្ហាផ្លូវចិត្ត ឬបងប្អូនដែលតែងតែធ្វើតាមគោលការណ៍គម្ពីរ ពួកគាត់អាចជួយយើងឲ្យមានចិត្តគំនិតត្រឹមត្រូវចំពោះបញ្ហារបស់យើង។ ពួកគាត់នឹងមិនជួយយើងក្នុងការសម្រេចចិត្តនោះទេ។ ប៉ុន្តែ ពួកគេអាចជាប្រភពនៃការលើកទឹកចិត្តនិងការសម្រាលទុក្ខដល់យើង។
«ចូរសង្ឃឹមដល់ព្រះចុះ»
មនុស្សជាច្រើនយល់ស្របថា រាល់ថ្ងៃយើងតានតឹងចិត្តគ្រប់គ្រាន់ហើយចំពោះបញ្ហារបស់យើង។ ប៉ុន្តែ ជាញឹកញយយើងតានតឹងចិត្តថែមទៀត ពេលយើងគិតវែងឆ្ងាយថែមទៀតទៅលើបញ្ហាដែលយើងមាន។ បើយើងមានទុក្ខកង្វល់ហួសហេតុពេកដែលយើងចាប់ផ្ដើមភ័យខ្លាច យើងគួរអធិដ្ឋានអង្វរសុំជំនួយពីព្រះយេហូវ៉ា។ យើងគួរស្រាវជ្រាវបណ្ដាំរបស់លោក និងការណែនាំពីអង្គការរបស់លោក ដើម្បីមានប្រាជ្ញានិងការដឹងខុសត្រូវ។ មិនថាយើងជួបនឹងស្ថានភាពបែបណាក៏ដោយ យើងតែងតែមានជំនួយដើម្បីដោះស្រាយបញ្ហានោះ។
ពេលមានអារម្មណ៍ពិបាកក្នុងចិត្ត អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ»។ (ទំនុក. ៤២:១១) សូមឲ្យយើងមានចិត្តគំនិតបែបនោះដែរ។
សូមត្រៀមខ្លួនសម្រាប់អ្វីដែលទំនងជាកើតឡើង ហើយទុកចិត្តលើព្រះយេហូវ៉ាចំពោះអ្វីដែលមិនបានរំពឹងទុក។ ដូច្នេះ ចូរ«ផ្ទេរកង្វល់ទាំងអស់ទៅព្រះ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។—១ពេ. ៥:៧
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(ទំនុកតម្កើង ៥៦:៨) ទ្រង់រាប់អស់ទាំងការសាត់អណ្ដែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី?
w០៩-E ១/៦ ទំ. ២៩ វ. ១
តើពិតជាមានអ្នកណាម្នាក់យកចិត្តទុកដាក់មែនឬ?
ក្នុងសៀវភៅទំនុកតម្កើង យើងឃើញពាក្យសម្ដីជាច្រើនដែលធ្វើឲ្យយើងកក់ក្ដៅក្នុងចិត្ត ដែលសរសេរដោយអ្នកតែងទំនុកតម្កើងជនជាតិហេប្រឺនៅសម័យបុរាណ ដូចជាស្តេចដាវីឌជាដើម ដែលបានពិពណ៌នាអំពីការយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះអ្នកបម្រើលោក។ នៅទំនុកតម្កើង ៥៦:៨ យើងឃើញថាស្តេចដាវីឌបានអង្វរព្រះថា៖ «សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី?»។ ដូចត្រូវបង្ហាញដោយការប្រៀបប្រដូចនេះ ដាវីឌបានដឹងថាព្រះយេហូវ៉ាដឹងទាំងអស់ មិនគ្រាន់តែទុក្ខវេទនារបស់គាត់ប៉ុណ្ណោះទេ តែលោកក៏ដឹងអ្វីដែលមានក្នុងចិត្តគាត់ដែរ។ ព្រះយេហូវ៉ាដឹងនូវការឈឺចាប់របស់គាត់ ហើយលោកនឹកចាំអ្វីដែលដាវីឌបានឆ្លងកាត់ខាងផ្លូវចិត្តដែលបណ្ដាលឲ្យគាត់យំ។ ពិតណាស់ ព្រះដែលជាអ្នកបង្កើតយើងរំពៃមើលអ្នកដែលព្យាយាមធ្វើតាមបំណងប្រាថ្នារបស់លោក គឺ«អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។
w០៨-E ១/១០ ទំ. ២៦ វ. ៣
ទឹកភ្នែកក្នុងថង់ស្បែក
ពាក្យសម្ដីដែលរំជួលចិត្តរបស់ដាវីឌអំពីថង់ស្បែកក៏អាចមានអត្ថន័យចំពោះយើងដែរ។ តើតាមរបៀបណា? គម្ពីរបានពន្យល់ថាសាថានគ្រប់គ្រងពិភពលោកនេះ ហើយថាវាមាន«មានកំហឹងយ៉ាងខ្លាំង»នៅសម័យយើងនេះ។ ជាលទ្ធផល ផែនដីកំពុងជួបទុក្ខវេទនាក្រៃលែង។ (បប. ១២:១២) ដោយហេតុនោះហើយបានជាមនុស្សជាច្រើនដូចដាវីឌដែរ ជួបរឿងដែលធ្វើឲ្យរងទុក្ខវេទនាខាងផ្លូវកាយខាងផ្លូវចិត្ត ជាពិសេសអ្នកដែលកំពុងព្យាយាមធ្វើអ្វីដែលព្រះពេញចិត្ត។ តើអ្នកក៏មានអារម្មណ៍ដូចនោះដែរទេ? ដោយក្លាហានទោះជា«យំ»ក្ដី អ្នកបម្រើស្មោះត្រង់ទាំងនោះមិនឈប់ព្យាយាមរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះឡើយ។ (ទំនុក. ១២៦:៦) ពួកគេអាចមានទំនុកចិត្តថាបិតាដែលនៅស្ថានសួគ៌ឃើញពួកគេ មិនគ្រាន់តែទុក្ខលំបាកដែលពួកគេជួបប៉ុណ្ណោះទេ តែក៏ឃើញទុក្ខលំបាកខាងផ្លូវចិត្តដែលពួកគេមាននោះដែរ។ លោកពិតជាយល់នូវការឈឺចាប់ដែលអ្នកបម្រើរបស់លោកមាន។ ហើយលោកនឹកចាំពួកគេដោយក្ដីអាណិតអាសូរ ចំពោះទឹកភ្នែកនិងការឈឺចាប់របស់ពួកគេ ក្នុងន័យធៀបលោកប្រមូលទឹកភ្នែកពួកគេដាក់ក្នុងថង់ស្បែករបស់លោក។
(ទំនុកតម្កើង ៥៩:១, ២) ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យទូលបង្គំរួចពីពួកខ្មាំងសត្រូវ សូមការពារឲ្យរួចពីពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ។ ២ សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម។
ព្រះយេហូវ៉ាប្រុងស្ដាប់សម្រែករបស់យើង
១៣ បើដូច្នេះ តើគ្រប់គ្រាន់ឲ្យយើងអធិដ្ឋាននិងប្រាប់ព្រះយេហូវ៉ាពីបញ្ហារបស់យើងតែប៉ុណ្ណោះទេ? មិនគ្រប់គ្រាន់ទេ។ យើងក៏ត្រូវតែចាត់វិធានការផ្ទាល់ខ្លួន សមស្របនឹងអ្វីដែលយើងបានអធិដ្ឋាន។ ពេលស្តេចសូលបានចាត់អ្នកពិឃាតឲ្យទៅឯផ្ទះរបស់ដាវីឌដើម្បីសម្លាប់គាត់ ដាវីឌបានអធិដ្ឋានថា៖ «ឱព្រះនៃទូលបង្គំអើយ! សូមទ្រង់ជួយឲ្យទូលបង្គំរួចពីពួកខ្មាំងសត្រូវ។ សូមការពារឲ្យរួចពីពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ។ សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម»។ (ទំនុក. ៥៩:១, ២) ដាវីឌមិនគ្រាន់តែអធិដ្ឋានប៉ុណ្ណោះទេ តែគាត់ក៏ស្ដាប់តាមភរិយារបស់ខ្លួន ហើយបានចាត់វិធានការដោយរត់ឲ្យរួច។ (១សាំ. ១៩:១១, ១២) ដូចគ្នាដែរ យើងក៏អាចអធិដ្ឋានសូមព្រះយេហូវ៉ាជួយយើងឲ្យចេះស៊ូទ្រាំ ព្រមទាំងរកវិធីបន្ធូរបន្ថយស្ថានការណ៍ដែលធ្វើទុក្ខផង។—យ៉ា. ១:៥