ចូរធ្វើឲ្យជីវិតរបស់អ្នកមានជោគជ័យ!
«មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។—ទំនុកដំកើង ១:១, ៣
១. (ក) តើពួកយុវជនជាច្រើននៅក្នុងលោកីយ៍នេះមានទស្សនៈយ៉ាងណាអំពីការមានជោគជ័យ? (ខ) តើព្រះគម្ពីររៀបរាប់យ៉ាងដូចម្ដេច អំពីបុគ្គលម្នាក់ដែលមានជោគជ័យ?
ការមានជោគជ័យ តើពាក្យនេះមានន័យយ៉ាងណាចំពោះអ្នក? យុវបុរសម្នាក់បាននិយាយថា៖ «គោលដៅដ៏សំខាន់បំផុតរបស់ខ្ញុំ គឺឲ្យមានជោគជ័យខាងជំនួញ»។ យុវនារីម្នាក់បាននិយាយថា៖ «គោលបំណងដ៏សំខាន់បំផុតរបស់ខ្ញុំគឺឲ្យមានគ្រួសារដ៏សប្បាយមួយ»។ ក៏ប៉ុន្តែយុវនារីម្នាក់ទៀតនិយាយថា៖ «គោលបំណងរបស់ខ្ញុំគឺគ្រាន់តែចង់បានផ្ទះមួយដ៏សមរម្យ រថយន្តមួយដ៏ល្អ . . . ខ្ញុំរកតែប្រយោជន៍ខ្លួនឯងទេ»។ តែមានបញ្ហាព្រោះលុយកាក់ ក្រុមគ្រួសារ ឬក៏អាជីពដែលឲ្យកំរៃច្រើន នោះមិនមែនជាអ្វីដែលបង្ហាញថាមានជោគជ័យពិតនោះឡើយ។ នៅក្នុងទំនុកដំកើង ១:១-៣ យើងអានថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ . . . ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។
២. តើអាចរកឲ្យមានជោគជ័យពិតនៅឯណា ហើយតើអ្វីជាផ្លូវតែមួយដែលអាចទទួលបាននោះ?
២ នៅទីនេះ ព្រះគម្ពីរសន្យាថាមានអ្វីមួយដែលគ្មានមនុស្សណាអាចផ្ដល់ឲ្យបាន នោះគឺការមានជោគជ័យដ៏ពិត! ក៏ប៉ុន្តែ ព្រះគម្ពីរមិនមែននិយាយអំពីជោគជ័យក្នុងការរកលុយនោះទេ។ ព្រះគម្ពីរព្រមានថា៖ «ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង»។ (ធីម៉ូថេទី១ ៦:១០) ការមានជោគជ័យដ៏ពិតគឺមានមកពីការផ្គាប់ព្រះហឫទ័យរបស់ព្រះ គឺរួមបញ្ចូលការកាន់តាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ មានតែធ្វើបែបនេះទេដែលអាចនាំឲ្យមានការស្កប់ស្កល់និងសុភមង្គលដ៏ពិត! ប្រហែលជាគំនិតដែលថា ខ្លួននៅក្រោមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ហើយដែលត្រូវបានបង្គាប់ឲ្យធ្វើអ្វីៗ នោះមិនមែនជាអ្វីដែលទាក់ទាញចិត្តទេ។ ក៏ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ អ្នកនោះមានសុភមង្គលហើយ»។ (ម៉ាថាយ ៥:៣, ព.ថ.) ទោះជាអ្នកដឹងឬក៏អត់ នោះអ្នកបានត្រូវបង្កើតមកឲ្យមានសេចក្ដីត្រូវការខាងវិញ្ញាណ គឺជាសេចក្ដីត្រូវការយ៉ាងដិតជាប់ជ្រៅឲ្យស្គាល់ព្រះ ហើយឲ្យយល់អំពីគោលបំណងរបស់ទ្រង់។ ដូច្នេះ អ្នកអាចពិសោធន៍នូវសុភមង្គលពិតបាន ដោយអ្នកបំពេញនូវតម្រូវការទាំងនោះ ហើយកាន់តាម«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។
មូលហេតុដែលយើងត្រូវការក្រិត្យវិន័យរបស់ព្រះ
៣. ហេតុអ្វីក៏យើងគួរមានចិត្តសប្បាយឲ្យព្រះយេហូវ៉ា‹ដំរង់ជំហានរបស់យើង›?
៣ ព្យាការីយេរេមាបានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ (យេរេមា ១០:២៣) នេះគឺពិតចំពោះមនុស្សទាំងអស់ ទាំងក្មេងនិងចាស់។ យើងមិនគ្រាន់តែខ្វះប្រាជ្ញា បទពិសោធន៍ និងចំណេះដើម្បីដំរង់ជំហានរបស់យើងទេ តែយើងគ្មានសិទ្ធិនឹងធ្វើបានឡើយ។ នៅវិវរណៈ ៤:១១ ព្រះគម្ពីរចែងថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិតិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ ជាព្រះដ៏ជាអ្នកបង្កើតយើង នោះព្រះយេហូវ៉ាជា«ប្រភពនៃជីវិត»។ (ទំនុកដំកើង ៣៦:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ) អ៊ីចឹងហើយ ទ្រង់ជ្រាបល្អប្រសើរជាងអ្នកណាទៀតនូវរបៀបដែលយើងគួរតែប្រើជីវិតរបស់យើង។ ដូច្នេះទ្រង់បានបង្កើតឲ្យមានក្រិត្យវិន័យ មិនមែនដើម្បីធ្វើឲ្យយើងលែងមានការសប្បាយនោះទេ ប៉ុន្តែគឺដើម្បីជួយយើងឲ្យទទួលប្រយោជន៍ផ្ទាល់ខ្លួន។ (អេសាយ ៤៨:១៧) បើមិនយកចិត្តទុកដាក់នឹងក្រិត្យវិន័យរបស់ព្រះ នោះអ្នកនឹងទទួលបរាជ័យជាពុំខាន។
៤. ហេតុអ្វីក៏យុវជនជាច្រើនម្ល៉េះបានត្រូវបង្ខូចជីវិតរបស់គេនោះ?
៤ ជាឧទាហរណ៍ តើអ្នកដែលឆ្ងល់នូវមូលហេតុដែលមនុស្សក្មេងៗជាច្រើន បង្ខូចជីវិតរបស់គេដោយប្រើគ្រឿងញៀន ការសេពកាមដោយមិនរើសមុខ និងអំពើអបាយមុខឯទៀតឬទេ? ទំនុកដំកើង ៣៦:១, ២ ពន្យល់ថា៖ «ការរំលងច្បាប់របស់មនុស្សអាក្រក់ នោះសំដែងក្នុងចិត្តខ្ញុំថា នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញ ដោយថា សេចក្ដីទុច្ចរិតរបស់ខ្លួនមិនដែលមានអ្នកណាឃើញ ឬស្អប់ឡើយ»។ ពីព្រោះពួកគេគ្មាន«សេចក្ដីកោតខ្លាចដល់ព្រះ»ដ៏ត្រឹមត្រូវ នោះយុវជនជាច្រើនបោកបញ្ឆោតខ្លួនឲ្យជឿថា គឺគ្មានកម្មផលនឹងមារយាទដ៏ប្រថុយនោះឡើយ។ ក៏ប៉ុន្តែជាយថាហេតុ នោះពួកគេត្រូវតែទទួលស្គាល់នូវគោលការណ៍ដែលមិនចេះប្រែប្រួលនេះ ដែលថា៖ «កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ»។—កាឡាទី ៦:៧, ៨
‹ការកំណត់រាប់ថ្ងៃអាយុ›
៥, ៦. (ក) ហេតុអ្វីក៏ពួកយុវជនគួរតែ‹កំណត់រាប់ថ្ងៃអាយុរបស់គេ› ហើយតើការធ្វើដូចនេះមានន័យយ៉ាងណា? (ខ) តើ‹ការនឹកចាំពីព្រះដ៏បង្កើតខ្លួន› មានន័យយ៉ាងណា?
៥ តើតាមរបៀបណាដែលអ្នកអាចធ្វើឲ្យបានប្រាកដថា ជីវិតរបស់អ្នកនឹងបានជោគជ័យ ហើយ«ច្រូតបានជីវិតអស់កល្បជានិច្ច»? ម៉ូសេបានសរសេរថា៖ «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ . . . ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់»។ (ទំនុកដំកើង ៩០:១០) អ្នកប្រហែលជាកម្រគិតណាស់អំពីសេចក្ដីស្លាប់។ តាមការពិត យុវជនជាច្រើនកាន់មារយាទហាក់ដូចជាគ្មានអ្វីអាចបំផ្លាញគេបាន។ ក៏ប៉ុន្តែម៉ូសេនាំឲ្យយើងទទួលស្គាល់នូវហេតុការណ៍ពិតដែលនាំឲ្យឈឺចាប់ ដែលថាជីវិតគឺខ្លី។ គឺមិនទាំងមានការធានារ៉ាប់រងដល់យើងថានឹងរស់នៅបានគ្រប់៧០ឬ៨០ឆ្នាំនោះផង។ «គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន» ក៏អាចសម្លាប់អស់អ្នកដែលមានវ័យក្មេងហើយមានសុខភាពល្អផង។ (សាស្ដា ៩:១១, ព.ថ.) បើអ៊ីចឹង តើអ្នកនឹងប្រើជីវិតដ៏មានតម្លៃដែលអ្នកមានឥឡូវនេះ តាមរបៀបណា? ម៉ូសេបានអធិស្ឋានថា៖ «ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា»។—ទំនុកដំកើង ៩០:១២
៦ តើមានន័យយ៉ាងណាក្នុងការកំណត់រាប់ថ្ងៃអាយុរបស់អ្នក? នេះគឺមិនមានសេចក្ដីថា អ្នកគួរតែខ្វល់ខ្វាយហួសហេតុថាអ្នកនឹងរស់នៅបានប៉ុន្មានឆ្នាំនោះទេ។ ម៉ូសេបានអធិស្ឋានឲ្យព្រះយេហូវ៉ាបង្រៀនរាស្ត្រទ្រង់ ឲ្យចេះប្រើថ្ងៃអាយុទាំងប៉ុន្មានដែលនៅសល់ តាមរបៀបដែលនាំឲ្យមានកិត្ដិយសដល់ទ្រង់។ តើអ្នកកំពុងតែកំណត់រាប់ថ្ងៃអាយុនៃជីវិតរបស់អ្នក ដោយចាត់ទុកថាថ្ងៃនិមួយៗជាអ្វីដ៏មានតម្លៃ ដើម្បីប្រើនាំឲ្យមានការសរសើរដល់ព្រះឬទេ? ព្រះគម្ពីរលើកទឹកចិត្តឲ្យពួកយុវជនដូចតទៅនេះថា៖ «ចូរកាត់សេចក្ដីក្នាញ់ក្ដៅចេញពីចិត្តឯងទៅ ហើយបណ្ដេញសេចក្ដីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផង ដ្បិតគ្រានៅកំឡោះ ហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទទេ។ ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ (សាស្ដា ១១:១០–១២:១) ការនឹកចាំពីព្រះដ៏ជាអ្នកបង្កើតរបស់យើង មានន័យច្រើនជាង មិនមែនគ្រាន់តែកុំឲ្យភ្លេចថាមានទ្រង់នោះទេ។ នៅពេលដែលឧក្រិដ្ឋជនម្នាក់បានអង្វរព្រះយេស៊ូ ដោយថា«កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង» នោះគាត់ចង់ឲ្យព្រះយេស៊ូធ្វើច្រើនទៀត មិនគ្រាន់តែនឹកចាំពីឈ្មោះរបស់គាត់នោះទេ។ គាត់ចង់ឲ្យព្រះយេស៊ូចាត់វិធានការ ដើម្បីប្រោសឲ្យគាត់បានរស់ឡើងវិញ! (លូកា ២៣:៤២; ប្រៀបមើល លោកុប្បត្តិ ៤០:១៤, ២៣; យ៉ូប ១៤:១៣) តាមរបៀបស្រដៀងគ្នានេះដែរ ឲ្យនឹកចាំព្រះយេហូវ៉ា នោះទាក់ទងនឹងការប្រព្រឹត្ត គឺការធ្វើអ្វីដែលផ្គាប់ព្រះហឫទ័យទ្រង់។ តើអាចនិយាយបានថា អ្នកកំពុងតែនឹកចាំព្រះយេហូវ៉ាឬទេ?
ជៀសវាងពីការច្រណែនមនុស្សប្រព្រឹត្តអាក្រក់
៧. ហេតុអ្វីក៏ពួកយុវជនខ្លះសម្រេចចិត្តបំភ្លេចព្រះដ៏ជាអ្នកបង្កើតរបស់គេ? ចូរឲ្យឧទាហរណ៍មួយ។
៧ ពួកយុវជនជាច្រើនសម្រេចចិត្តបំភ្លេចព្រះយេហូវ៉ា ពីព្រោះពួកគេគិតថា ជាស្មរបន្ទាល់នោះគឺតឹងរឹងណាស់។ បងប្រុសម្នាក់ពីប្រទេសអេស្ប៉ាញ នឹកចាំនូវអារម្មណ៍របស់គាត់ពេលជាក្មេងជំទង់ម្នាក់ថា៖ «ខ្ញុំបានត្រូវទាក់ទាញចិត្តទៅខាងលោកីយ៍ ពីព្រោះសេចក្ដីពិតហាក់ដូចជាពិបាកហើយតឹង។ នេះគឺតម្រូវឲ្យអង្គុយ សិក្សា ទៅកិច្ចប្រជុំ ពាក់ក្រវ៉ាត់ក ហើយរបស់ទាំងនោះមិនមែនជាអ្វីដែលខ្ញុំចូលចិត្តធ្វើនោះទេ»។ តើនៅពេលខ្លះអ្នកមានអារម្មណ៍ថាអ្នកខ្វះអ្វីមួយ ពីព្រោះអ្នកបំរើព្រះឬទេ? នេះប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល ដោយដឹងថាបុគ្គលរួមសរសេរព្រះគម្ពីរម្នាក់បានពិសោធន៍នូវអារម្មណ៍នេះ។ សូមបើកព្រះគម្ពីររបស់អ្នក ហើយអានទំនុកដំកើង ៧៣។
៨. ហេតុអ្វីក៏លោកអេសាភ«មានសេចក្ដីច្រណែនចំពោះមនុស្សអំនួត»?
៨ សូមឲ្យយើងពិនិត្យមើលទំនុកដំកើងនេះឲ្យបានល្អិតល្អន់ខ្លះទៀត។ នៅខ២និង៣ នោះចែងថា៖ «តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ។ ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ»។ យោងទៅតាមសេចក្ដីមុនទំនុកនិមួយៗ ទំនុកដំកើង នេះបានត្រូវសរសេរដោយលោកអេសាភ។ គាត់ជាអ្នកលេងភ្លេងដែលជាពួកលេវីម្នាក់ ហើយក៏រស់នៅជំនាន់ស្តេចដាវីឌដែរ។ (របាក្សត្រទី១ ២៥:១, ២; របាក្សត្រទី២ ២៩:៣០) ទោះជាគាត់មានឯកសិទ្ធិដ៏ល្អនៃការបំរើនៅក្នុងព្រះវិហារព្រះក៏ដោយ គាត់«មានសេចក្ដីច្រណែន»ចំពោះពួកមនុស្សដែលបានអួតអំពីការគ្មានច្បាប់ទម្លាប់របស់គេ។ ស្ថានការណ៍ហាក់ដូចជាបានល្អសំរាប់ពួកគេ តាមមើលទៅ ពួកគេមានសន្ដិភាពនិងសុវត្ថិភាព។ តាមការពិត ដែលគេហាក់ដូចជាមានជោគជ័យ នោះ«មានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត»។ (ខ៥, ៧) ពួកគេតែងតែនិយាយអំពីការដែលគេធ្វើ «ដោយពាក្យធំខ្ពស់» នោះគឺថាតាមរបៀបក្រអឺតក្រទម។ (ខ៨) «គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី» ដោយឥតមានការគោរពចំពោះអ្នកណាឡើយ មិនថានៅស្ថានសួគ៌ឬនៅលើផែនដីនេះ។—ខ៩
៩. តើតាមរបៀបណាដែលពួកយុវជនគ្រីស្ទានខ្លះសព្វថ្ងៃនេះ ប្រហែលជាមានអារម្មណ៍ដូចលោកអេសាភនោះ?
៩ ប្រហែលជាអាចនិយាយបែបនេះអំពីពួកម៉ាករបស់អ្នកនៅឯសាលារៀនដែរ។ អ្នកប្រហែលជាឮគេនិយាយអួតដោយឥតអាម៉ាស់មុខអំពីការគេចវេះពីរឿងអាស្រូវផ្លូវភេទ ការជប់លៀងដ៏អ៊ូអររបស់គេ និងការបណ្ដោយខ្លួនក្នុងការប្រើស្រានិងគ្រឿងញៀន។ នៅពេលដែលអ្នកប្រៀបធៀបជីវិតរបស់គេដែលអួតថាជាការសប្បាយ ជាមួយនឹងផ្លូវដ៏ចង្អៀតដែលអ្នកត្រូវតែដើរជាគ្រីស្ទានម្នាក់ នោះនៅពេលខ្លះអ្នកប្រហែលជា«មានសេចក្ដីច្រណែនចំពោះមនុស្សអំនួត»។ (ម៉ាថាយ ៧:១៣, ១៤) លោកអេសាភបានធ្លាក់ខ្លួនដល់កំរិតដែលគាត់បានលាន់មាត់ថា៖ «យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច»។ (ខ១៣, ១៤) ត្រូវហើយ គាត់បានចាប់ផ្ដើមសង្ស័យនូវតម្លៃនៃការបំរើព្រះ និងការប្រកបជីវិតដ៏ទៀងត្រង់នោះ។
១០, ១១. (ក) តើអ្វីដែលបណ្ដាលឲ្យលោកអេសាភផ្លាស់ប្ដូរចិត្តគំនិត? (ខ) តើពួកអ្នកប្រព្រឹត្តអាក្រក់«ឈរនៅកន្លែងដ៏រឥល»យ៉ាងដូចម្ដេច? សូមឲ្យឧទាហរណ៍មួយ។
១០ ជាភ័ព្វល្អ លោកអេសាភមិនបាននៅក្នុងសភាពនៃដំណើរធ្លាក់ទឹកចិត្តយូរនោះទេ។ គាត់បានដឹងយ៉ាងលឿនថា សន្ដិភាពដែលពួកអាក្រក់អួតថាមាននោះ គឺគ្មានអ្វីក្រៅពីការបំភាន់ភ្នែកតែប៉ុណ្ណោះ ហើយមានតែសន្ដិភាពជាបណ្ដោះអាសន្នទេ! គាត់បានលាន់មាត់ថា៖ «ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម្ល៉េះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច»! (ខ១៨, ១៩) ពួកម៉ាករបស់អ្នកជាច្រើនក៏«ឈរនៅកន្លែងរឥល»ដែរ។ មិនយូរមិនឆាប់ នោះមារយាទដ៏ឥតគោរពព្រះនឹងតាមទាន់គេ ដោយមានលទ្ធផលដែលប្រហែលជាផ្ទៃពោះដែលមិនចង់បាន កាមរោគ ព្រមទាំងការជាប់គុកឬសេចក្ដីស្លាប់ផង! អ្វីដែលអាក្រក់ជាងនេះទៅទៀត ពួកគេនឹងមានការបែកខ្ញែកពីព្រះ។—យ៉ាកុប ៤:៤
១១ ស្មរបន្ទាល់ក្មេងម្នាក់ពីប្រទេសអេស្ប៉ាញបានសង្កេតឃើញនូវហេតុការណ៍នេះផ្ទាល់ខ្លួន។ ជាក្មេងម្នាក់ នាងបានប្រកបជីវិតមុខពីរ ដោយបានទាក់ទងយ៉ាងខ្លាំងជាមួយពួកយុវជនមួយក្រុម ដែលឥតគោរពព្រះ។ មិនយូរប៉ុន្មាន នាងក៏បានជាប់ចិត្តនឹងគេម្នាក់គឺជាអ្នកងប់នឹងគ្រឿងញៀន។ ទោះជានាងបានជៀសវាងពីការប្រើគ្រឿងញៀនក៏ដោយ នាងក៏បានទិញរបស់នោះឲ្យគាត់វិញ។ នាងសារភាពថា៖ «ខ្ញុំព្រមទាំងបានជួយចាក់ថ្នាំឲ្យគាត់ផង»។ ជាភ័ព្វល្អ បងស្រីនេះបានដឹងខ្លួន ហើយបានត្រូវស្ដារឲ្យមានសុខភាពខាងវិញ្ញាណឡើងវិញ។ ក៏ប៉ុន្តែនាងបានរន្ធត់ណាស់ដោយដឹងថា ក្រោយមក នោះសង្សាររបស់នាងដែលប្រើគ្រឿងញៀននេះបានស្លាប់ដោយរោគអេដស៍។ ត្រូវហើយ គឺពិតជាដូចអ្នកតែងបទទំនុកដំកើងបានថ្លែងថា ពួកឥតគោរពព្រះ នោះ«ឈរនៅកន្លែងរឥល»មែន។ អ្នកខ្លះប្រហែលជាស្លាប់មុនពេលដែលបាននឹកស្មាន ដោយព្រោះរបៀបរស់នៅយ៉ាងអាវ៉ាសែ។ រីឯពួកអ្នកឯទៀត លុះត្រាតែគេផ្លាស់ប្ដូរផ្លូវរបស់គេ នោះនៅនាអនាគតនេះ គេនឹងប្រឈមមុខ«ព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្ដាទ្រង់ នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។—ថែស្សាឡូនីចទី២ ១:៧, ៨
១២. តើតាមរបៀបណាដែលយុវជនម្នាក់នៅប្រទេសជប៉ុន បានឃើញនូវកំហុសនៃការច្រណែនពួកអ្នកប្រព្រឹត្តអំពើអាក្រក់?
១២ ដូច្នេះ គឺជាការល្ងីល្ងើទេ ក្នុងការច្រណែន«ពួកអ្នកដែលមិនស្គាល់ព្រះ»! តាមការពិត គឺជាពួកអ្នកដែលស្គាល់ព្រះយេហូវ៉ា ហើយដែលមានសេចក្ដីសង្ឃឹមរស់នៅជានិរន្តរ៍ ដែលយើងត្រូវច្រណែនវិញ។ ប្អូនប្រុសម្នាក់នៅប្រទេសជប៉ុនបានដឹងអំពីរឿងនេះ។ ជាយុវជនម្នាក់ គាត់ក៏«ចង់បានសេរីភាពច្រើនជាង»ដែរ។ គាត់ពន្យល់ថា៖ «ខ្ញុំបានគិតថា ខ្ញុំបានខានទទួលអ្វីមួយ។ រួចមក ខ្ញុំបានដឹងខ្លួនថាជីវិតខ្ញុំនឹងបានជាយ៉ាងណា បើឥតមានសេចក្ដីពិត។ ខ្ញុំអាចឃើញខ្លួនខ្ញុំរស់នៅបាន៧០ឬ៨០ឆ្នាំ ហើយរួចមកក៏ស្លាប់ទៅ។ ក៏ប៉ុន្តែព្រះយេហូវ៉ាផ្ដល់នូវសេចក្ដីសង្ឃឹមឲ្យបានជីវិតដ៏អស់កល្បជានិច្ច! ដោយដឹងអំពីរឿងនេះបានជួយខ្ញុំឲ្យអបអរនូវអ្វីដែលខ្ញុំមានហើយ»។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាចិត្តស្មោះត្រង់ នៅពេលមានមនុស្សជុំវិញដែលឥតធ្វើតាមក្រិត្យវិន័យរបស់ព្រះ គឺមិនស្រួលនោះទេ។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីឲ្យតទល់នឹងការបង្ខិតបង្ខំនេះ?
ចូរប្រយ័ត្នប្រយែងនឹងការសេពគប់របស់អ្នក!
១៣, ១៤. ហេតុអ្វីក៏សំខាន់ម្ល៉េះក្នុងការជ្រើសរើសនូវការសេពគប់នោះ?
១៣ សូមឲ្យយើងមើលម្ដងទៀតនូវការរៀបរាប់អំពីបុរសដែលមានជោគជ័យ ដែលបានកត់ទុកនៅក្នុងទំនុកដំកើង ១:១-៣ គឺថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។
១៤ ចូរកត់សម្គាល់មុនដំបូងថា ការសេពគប់របស់អ្នកគឺមានផ្នែកដ៏ធំមួយ។ សុភាសិត ១៣:២០ ចែងថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ នេះមិនមានសេចក្ដីថាយើងធ្វើជាសោះកក្រោះ មិនរាក់ទាក់ ឬទ្រគោះដល់ពួកយុវជន ដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ានោះទេ។ ព្រះគម្ពីរដាស់តឿនយើងឲ្យស្រឡាញ់អ្នកជិតខាងរបស់យើង ហើយឲ្យ«នៅជាមេត្រីនឹងមនុស្សទាំងអស់»។ (រ៉ូម ១២:១៨; ម៉ាថាយ ២២:៣៩) ក៏ប៉ុន្តែ ប្រសិនបើអ្នកចូលរួមយ៉ាងជិតដិតជាមួយនឹងពួកអ្នកដែលឥតធ្វើតាមខ្នាតតម្រារបស់ព្រះគម្ពីរ នោះអ្នកនឹងប្រហែលជា«ដើរតាមដំបូន្មាន»របស់គេដែរ។
ផលប្រយោជន៍ពីការអានព្រះគម្ពីរ
១៥. តើតាមរបៀបណាដែលពួកយុវជនអាចបណ្ដុះឲ្យមានការសង្វាតសំរាប់ការអានព្រះគម្ពីរ?
១៥ អ្នកតែងបទទំនុកដំកើងក៏បានសង្កេតឃើញថា បុរសដែលមានជោគជ័យគឺត្រេកអរនឹងការអានក្រិត្យវិន័យរបស់ព្រះ ដោយ«រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ»។ (ទំនុកដំកើង ១:១, ២) ពិតមែន ព្រះគម្ពីរមិនជាស្រួលអាននោះទេ ហើយនៅក្នុងព្រះគម្ពីរគឺ«មានសេចក្ដីខ្លះដែលពិបាកយល់»។ (ពេត្រុសទី២ ៣:១៦) ប៉ុន្តែ ការអានព្រះគម្ពីរមិនចាំបាច់ជាការងារដ៏ធុញទ្រាន់នោះទេ។ គឺអាច«សង្វាតរកទឹកដោះសុទ្ធ»ពីបន្ទូលរបស់ព្រះ។ (ពេត្រុសទី១ ២:២) សូមសាកអានព្រះគម្ពីរតែបន្ដិចបន្តួចរៀងរាល់ថ្ងៃ។ ប្រសិនបើមានចំណុចណាដែលអ្នកមិនយល់ ចូរធ្វើការស្រាវជ្រាវទៅ។ ក្រោយមក គិតអំពីអ្វីដែលអ្នកបានអាន។ (ទំនុកដំកើង ៧៧:១១, ១២) ប្រសិនបើអ្នកមានបញ្ហាខាងពិបាកប្រឹងស្មារតី នោះសាកអានឲ្យឮៗ ទាំង«រំពឹងគិត»។ នៅពេលក្រោយមក សេចក្ដីស្រឡាញ់របស់អ្នកចំពោះការអានព្រះគម្ពីរ គឺប្រាកដជានឹងរីកចំរើន។ ប្អូនស្រីម្នាក់នៅប្រទេសប្រេស៊ីលនឹកចាំថា៖ «ពីមុនគឺតែងតែហាក់ដូចជាព្រះយេហូវ៉ានៅឆ្ងាយពីខ្ញុំ។ ក៏ប៉ុន្តែអស់ប៉ុន្មានខែមកហើយ ខ្ញុំបានធ្វើឲ្យប្រសើរឡើងនូវការសិក្សាផ្ទាល់ខ្លួននិងការអានព្រះគម្ពីរ។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះយេហូវ៉ាគឺមានខ្លាំងឡើង។ ចំពោះខ្ញុំ ទ្រង់ជាបុគ្គលដ៏ពិតកាន់តែខ្លាំងឡើង»។
១៦. តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍ច្រើនទៀតពីកិច្ចប្រជុំក្នុងក្រុមជំនុំ?
១៦ ការទៅកិច្ចប្រជុំក្រុមជំនុំ ក៏ជាការសំខាន់ចំពោះការលូតលាស់ខាងវិញ្ញាណរបស់អ្នកដែរ។ ប្រសិនបើអ្នក«ប្រយ័ត ដែលអ្នករាល់គ្នាឮជាយ៉ាងណា» នោះអ្នកអាចទទួលការលើកទឹកចិត្តច្រើនទៀត។ (លូកា ៨:១៨) នៅពេលខ្លះ តើអ្នកមានអារម្មណ៍ថា កិច្ចប្រជុំគឺមិនសូវចាប់អារម្មណ៍ទេឬ? បើអ៊ីចឹង សូមសួរខ្លួនថា ‹តើខ្ញុំធ្វើអ្វីខ្លះដើម្បីឲ្យកិច្ចប្រជុំបានចាប់អារម្មណ៍នោះ? តើខ្ញុំយកចិត្តទុកដាក់ឬទេ? តើខ្ញុំរៀបចំជាមុនឬទេ? តើខ្ញុំឆ្លើយនៅប្រជុំឬទេ›? ដ្បិតព្រះគម្ពីរប្រាប់យើងឲ្យ«ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង . . . ត្រូវឲ្យកំឡាចិត្តគ្នា»។ (ហេព្រើរ ១០:២៤, ២៥) ដើម្បីធ្វើដូចនេះបាន នោះអ្នកត្រូវតែចូលរួម! ប្រាកដហើយ ដើម្បីចូលរួមអ្នកត្រូវសិក្សាទុកជាមុន។ ប្អូនស្រីម្នាក់សារភាពថា៖ «គឺពិតជាស្រួលជាងក្នុងការចូលរួមក្នុងកិច្ចប្រជុំ ពេលអ្នករៀបចំទុកជាមុននោះ»។
ការធ្វើតាមផ្លូវរបស់ព្រះ នោះនាំឲ្យមានជោគជ័យ
១៧. តើអ្នកអានព្រះគម្ពីរដោយយកចិត្តទុកដាក់ នោះអាចប្រៀបបាននឹង«ដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក»ដោយរបៀបណា?
១៧ អ្នកតែងបទទំនុកដំកើងរៀបរាប់ថែមទៀតថា បុរសដែលមានជោគជ័យ គឺ«ដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក»។ ផ្លូវទឹកប្រហែលជាបានសំដៅទៅមាត់ទឹក ដែលបានត្រូវប្រើសំរាប់ស្រោចចំការឈើផ្លែ។ (អេសាយ ៤៤:៤) ការអានព្រះគម្ពីររៀងរាល់ថ្ងៃ គឺហាក់ដូចជាជាប់នឹងប្រភពដែលមិនចេះអស់ នៃការទ្រទ្រង់និងការត្រជាក់ត្រជុំ។ (យេរេមា ១៧:៨) នោះអ្នកនឹងទទួលរៀងរាល់ថ្ងៃនូវកម្លាំងដែលអ្នកត្រូវការ ដើម្បីស៊ូទ្រាំនឹងការសាកល្បងនិងសេចក្ដីទុក្ខលំបាក។ ដោយបានរៀនដឹងអំពីរបៀបគិតរបស់ព្រះយេហូវ៉ា នោះអ្នកនឹងមានប្រាជ្ញាដែលត្រូវការ ដើម្បីធ្វើការសម្រេចចិត្តដែលប្រកបដោយប្រាជ្ញា។
១៨. តើអ្វីនឹងអាចធានារ៉ាប់រងនូវការមានជោគជ័យរបស់បុគ្គលក្មេងម្នាក់ក្នុងការបំរើព្រះយេហូវ៉ា?
១៨ នៅពេលខ្លះ ការបំរើព្រះយេហូវ៉ាប្រហែលហាក់ដូចជាពិបាក។ ក៏ប៉ុន្តែ កុំមានអារម្មណ៍ថា ជាការពិបាកហួសហេតុនោះទេ។ (ចោទិយកថា ៣០:១១) ព្រះគម្ពីរសន្យាឲ្យអ្នកថា នៅទីបំផុត‹ការអ្វីដែលអ្នកធ្វើ នោះនឹងចំរើនឡើងទាំងអស់› ឲ្យតែគោលបំណងដ៏ធំរបស់អ្នក នោះគឺដើម្បីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា ហើយធ្វើឲ្យព្រះទ័យទ្រង់បានរីករាយនោះ! (សុភាសិត ២៧:១១) ហើយចូរចាំថា អ្នកមិននៅតែម្នាក់ឯងនោះទេ។ ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទគាំទ្រអ្នក។ (ម៉ាថាយ ២៨:២០; ហេព្រើរ ១៣:៥) ទ្រង់ជ្រាបនូវការបង្ខិតបង្ខំដែលអ្នកប្រឈមមុខ ហើយទ្រង់នឹងមិនបោះបង់ចោលអ្នកទេ។ (ទំនុកដំកើង ៥៥:២២) ហើយអ្នកក៏មាន«បងប្អូនរួមជំនឿ»នឹងគាំទ្រអ្នក ព្រមទាំងឪពុកម្ដាយរបស់អ្នក ប្រសិនបើជាអ្នកគោរពកោតខ្លាចព្រះដែរ។ (ពេត្រុសទី១ ២:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដោយមានការគាំទ្របែបនេះ ថែមទាំងការប្ដេជ្ញានិងការខំប្រឹងរបស់អ្នក នោះអ្នកអាចមានជីវិតដែលមានជោគជ័យ មិនគ្រាន់តែឥឡូវនេះ ក៏ប៉ុន្តែទៅមុខជាអនន្តនោះដែរ។
សំនួរសំរាប់ពិនិត្យមើលឡើងវិញ
◻ តើអ្វីទៅជាការមានជោគជ័យពិតនោះ?
◻ ហេតុអ្វីក៏យើងត្រូវការព្រះយេហូវ៉ាឲ្យដំរង់ជំហានរបស់យើង?
◻ តើតាមរបៀបណាដែលពួកយុវជនអាច‹កំណត់រាប់ថ្ងៃអាយុរបស់គេ›?
◻ ហេតុអ្វីក៏ជាការល្ងីល្ងើក្នុងការច្រណែនពួកអ្នកធ្វើអាក្រក់?
◻ តើការអានព្រះគម្ពីររៀងរាល់ថ្ងៃនិងការទៅប្រជុំជារឿយៗ អាចជួយពួកយុវជនឲ្យមានជីវិតដែលមានជោគជ័យយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៨]
ចូររៀនបណ្ដុះឲ្យមានចិត្តស្រឡាញ់នូវការអានព្រះគម្ពីរ
[រូបភាពនៅទំព័រ១៨]
អ្នកនឹងសប្បាយនឹងកិច្ចប្រជុំច្រើនជាង ប្រសិនបើអ្នកចូលរួមនោះ
[រូបភាពនៅទំព័រ២០]
ពួកយុវជនច្រើនតែភ្លេចថាមានកម្មផលពីការប្រព្រឹត្តរបស់គេ