ចូរលើកតម្កើងព្រះយេហូវ៉ាដោយបង្ហាញភាពថ្លៃថ្នូរ
«ឯស្នាដៃនៃ[ព្រះយេហូវ៉ា] នោះល្អប្រពៃ[ឬ«ថ្លៃថ្នូរ»] ហើយរុងរឿងឧត្តម»។—ទំនុក. ១១១:៣; ព.ថ.
១, ២. (ក) តើអ្នកនឹងបកស្រាយពាក្យ«ថ្លៃថ្នូរ»យ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
គម្ពីរបានរៀបរាប់ថា ព្រះ«ប្រដាប់អង្គដោយយសសក្ដិ[ឬ«ថ្លៃថ្នូរ»]»។ (ទំនុក. ១០៤:១; ព.ថ.) ចំពោះមនុស្សយើង ជួនកាលការបង្ហាញភាពថ្លៃថ្នូរប្រហែលជាទាក់ទងនឹងការស្លៀកពាក់ឲ្យបានស្អាតបាត។ ជាឧទាហរណ៍ សាវ័កប៉ុលចង់ឲ្យស្ត្រីដែលជាគ្រិស្តសាសនិក«តែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួនដោយក្រងសក់ ឬពាក់មាស កែវមុក្ដាឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ»។ (១ធី. ២:៩) ប៉ុន្តែ ការប្រព្រឹត្តដ៏ត្រឹមត្រូវដែលលើកតម្កើងការ«ល្អប្រពៃ[ឬ«ថ្លៃថ្នូរ»] ហើយរុងរឿងឧត្តម»របស់ព្រះយេហូវ៉ាមានអត្ថន័យជ្រៅជាងនេះទៅទៀត។—ទំនុក. ១១១:៣; ព.ថ.
២ ក្នុងគម្ពីរ ពាក្យ«ថ្លៃថ្នូរ»ជាភាសាហេព្រើរ អាចបកស្រាយទៅជា«គ្រឿងលំអ» «ឥទ្ធានុភាព» «សិរីល្អ» និង«សេចក្ដីរាប់អាន»។ វចនានុក្រមខ្មែរបកស្រាយពាក្យ«ថ្លៃថ្នូរ»ថា៖ «មានតម្លៃ គួរលើកសរសើរ គួររាប់អាន»។ ហើយគ្មាននរណាគួរនឹងទទួលការសរសើរនិងសេចក្ដីរាប់អានលើសជាងព្រះយេហូវ៉ាឡើយ។ ហេតុនេះហើយ ក្នុងនាមជាអ្នកបម្រើទ្រង់ដែលបានឧទ្ទិសថ្វាយខ្លួន គប្បីឲ្យយើងមានភាពថ្លៃថ្នូរក្នុងការប្រព្រឹត្តនិងការនិយាយ។ ហេតុអ្វីមនុស្សយើងអាចប្រព្រឹត្តដោយភាពថ្លៃថ្នូរ? តើភាពថ្លៃថ្នូរនិងភាពរុងរឿងរបស់ព្រះយេហូវ៉ាត្រូវបានឃើញជាក់ស្តែងយ៉ាងដូចម្ដេច? តើភាពថ្លៃថ្នូររបស់ព្រះនឹងគួរមានឥទ្ធិពលមកលើយើងយ៉ាងណា? តើព្រះយេស៊ូគ្រិស្តអាចបង្រៀនយើងអ្វីខ្លះស្តីអំពីលក្ខណៈសម្បត្ដិនេះ? ហើយតើយើងអាចបង្ហាញភាពថ្លៃថ្នូរដូចព្រះយ៉ាងដូចម្ដេច?
ហេតុដែលយើងអាចប្រព្រឹត្តដោយថ្លៃថ្នូរ
៣, ៤. (ក) តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះភាពថ្លៃថ្នូរដែលព្រះបានប្រគល់ឲ្យយើង? (ខ) តើទំនាយក្នុងទំនុកដំកើង ៨:៥-៩ សំដៅទៅលើនរណា? (សូមមើលសម្គាល់ហេតុដែរ) (គ) តើព្រះយេហូវ៉ាបានប្រគល់ភាពថ្លៃថ្នូរឲ្យអ្នកណានៅអតីតកាល?
៣ ដោយសារមនុស្សបានត្រូវបង្កើតមកឲ្យមានភាពដូចព្រះ នោះមនុស្សយើងទាំងអស់មានសមត្ថភាពប្រព្រឹត្តដោយថ្លៃថ្នូរ។ ព្រះយេហូវ៉ាបានលើកកិត្ដិយសបុរសទី១ដោយឲ្យគាត់ធ្វើជាអ្នកថែរក្សាផែនដី។ (លោ. ១:២៦, ២៧) សូម្បីតែពេលដែលមនុស្សធ្វើខុសហើយលែងមានភាពល្អឥតខ្ចោះក៏ដោយ នោះព្រះយេហូវ៉ាបញ្ជាក់ម្ដងទៀតអំពីភារកិច្ចរបស់មនុស្សចំពោះផែនដី។ យ៉ាងនេះ ព្រះនៅតែ«បំពាក់»ឲ្យមនុស្សជាតិដោយកិត្ដិយសនិងចាត់ទុកពួកគាត់ថាមានតម្លៃចំពោះទ្រង់។ (សូមអាន ទំនុកដំកើង ៨:៥-៩)a ភាពថ្លៃថ្នូរដែលព្រះបានប្រគល់ឲ្យយើង តម្រូវឲ្យមានការប្រព្រឹត្តដោយលើកកិត្ដិយសវិញដែរ ពោលគឺសរសើរនាមដ៏ប្រសើររបស់ព្រះយេហូវ៉ាដោយបង្ហាញការកោតស្ញែងនិងបង្ហាញភាពថ្លៃថ្នូរ។
៤ ជាពិសេស ព្រះយេហូវ៉ាបានផ្ដល់ភាពថ្លៃថ្នូរមួយកម្រិតដល់អស់អ្នកដែលបម្រើទ្រង់ក្នុងកិច្ចបម្រើបរិសុទ្ធ។ ព្រះបានលើកកិត្ដិយសដល់អេបិលដោយទទួលគ្រឿងបូជារបស់គាត់ តែចំពោះកាអ៊ីនដែលជាបងវិញ ទ្រង់មិនព្រមទទួលឡើយ។ (លោ. ៤:៤, ៥) ម៉ូសេត្រូវបានបង្គាប់ឲ្យ‹ចែកអំណាច[ឬ«ភាពថ្លៃថ្នូរ»]របស់គាត់›ទៅយ៉ូស្វេជាបុរសដែលនឹងជំនួសម៉ូសេ ជាអ្នកនាំមុខបណ្ដាជនអ៊ីស្រាអែល។ (ជន. ២៧:២០; ព.ថ.) ចំពោះសាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់ក៏ដំកើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទាន ឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម្ល៉េះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែល ដែលមានយ៉ាងនោះឡើយ»។ (១របា. ២៩:២៥) ពួកគ្រិស្តសាសនិកដែលបានរើសតាំងឲ្យឡើងទៅស្ថានសួគ៌ បានប្រកាសអំពី«សិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់»យ៉ាងស្មោះត្រង់។ ដូច្នេះ ព្រះនឹងប្រគល់ភាពថ្លៃថ្នូរដ៏ពិសេសទៅដល់ពួកគាត់ដែរ។ (ទំនុក. ១៤៥:១១-១៣) យ៉ាងនេះ ក្នុងការលើកតម្កើងព្រះយេហូវ៉ា ពួក«ចៀមឯទៀត»របស់ព្រះយេស៊ូដែលមានចំនួនកាន់តែច្រើនឡើងៗ ក៏មានតួនាទីសំខាន់និងទទួលពរដែរ។—យ៉ូន. ១០:១៦
ភាពថ្លៃថ្នូរនិងភាពរុងរឿង របស់ព្រះយេហូវ៉ាបានឃើញជាក់ស្តែង
៥. តើព្រះយេហូវ៉ាគួរទទួលការគោរពឬសិរីល្អធំប៉ុណ្ណា?
៥ ក្នុងចម្រៀងមួយដែលបញ្ជាក់ពីភាពតូចតាចរបស់មនុស្សជាតិ ហើយលើកតម្កើងភាពឧត្តុង្គឧត្តមរបស់ព្រះវិញ នោះដាវីឌដែលជាអ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ! ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅ ទ្រង់បានដំកល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌»។ (ទំនុក. ៨:១) សូម្បីតែពីមុនពេលដែល«ផ្ទៃមេឃនឹងផែនដី»បានត្រូវបង្កើតមក រហូតទៅដល់ពេលដែលគោលបំណងរបស់ទ្រង់ ដូចជាឲ្យផែនដីក្លាយទៅជាសួនឧទ្យាន និងមនុស្សជាតិទៅជាល្អឥតខ្ចោះក៏ដោយ នោះព្រះយេហូវ៉ាជាបុគ្គលដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវទទួលការគោរពជាងគេជារៀងរហូតក្នុងសកលលោក។—លោ. ១:១; ១កូ. ១៥:២៤-២៨; វិវរ. ២១:១-៥
៦. ហេតុអ្វីបានជាអ្នកតែងបទទំនុកដំកើងនិយាយថា ព្រះយេហូវ៉ាប្រដាប់អង្គដោយថ្លៃថ្នូរឬដោយយសសក្ដិ?
៦ ពេលអ្នកតែងបទទំនុកដំកើងដែលកោតខ្លាចព្រះឃើញទំហំនៃមេឃដែលមានតារាយ៉ាងសម្បើម ហាក់ដូចជាត្បូងបញ្ចេញពន្លឺភ្លឺព្រាកៗ នោះពិតជាមានឥទ្ធិពលខ្លាំងទៅលើគាត់មែន! គាត់កោតស្ងើចចំពោះរបៀបដែលព្រះបាន«លាតផ្ទៃមេឃដូចជាលាតបារាំ» ហើយបាននិយាយថាព្រះយេហូវ៉ាប្រដាប់អង្គដោយថ្លៃថ្នូរឬដោយយសសក្ដិ ដោយសារទ្រង់ប៉ិនប្រសប់ក្នុងការបង្កើត។ (សូមអាន ទំនុកដំកើង ១០៤:១, ២) ភាពថ្លៃថ្នូរនិងភាពរុងរឿងរបស់អ្នកបង្កើតដ៏មើលមិនឃើញ នោះឃើញជាក់ស្តែងក្នុងការបង្កើតរបស់ទ្រង់។
៧, ៨. តើស្ថានសួគ៌បង្ហាញភាពធំក្រៃលែងនិងភាពរុងរឿងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ ជាឧទាហរណ៍ សូមគិតពិចារណាអំពីកាឡាក់ស៊ីមីលគីវ៉េ។ ប្រសិនបើប្រៀបធៀបទំហំផែនដីរបស់យើងទៅនឹងតារា ភពផ្សេងៗ និងប្រព័ន្ធព្រះអាទិត្យ នោះផែនដីយើងគឺតូចតាចណាស់ ហាក់ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយ។ កាឡាក់ស៊ីមីលគីវ៉េតែឯងប៉ុណ្ណោះមានផ្កាយដល់ទៅជាង១០០ពាន់លាន! ប្រសិនបើអ្នកអាចរាប់ផ្កាយមួយក្នុងមួយវិនាទី អស់រយៈពេល២៤ម៉ោងក្នុងមួយថ្ងៃដោយមិនឈប់ នោះអ្នកនឹងត្រូវចំណាយ៣.០០០ឆ្នាំដើម្បីរាប់ទៅដល់១០០ពាន់លានផ្កាយ។
៨ ដូច្នេះ បើកាឡាក់ស៊ីមីលគីវ៉េតែឯងប៉ុណ្ណោះមានផ្កាយ១០០ពាន់លាន ចុះយ៉ាងណាចំពោះសកលលោកទាំងមូល? ពួកតារាវិទូប៉ាន់ស្មានថា ប្រហែលជាមាន៥០ពាន់លានទៅ១២៥ពាន់លានកាឡាក់ស៊ីក្នុងសកលលោក។ តើមានផ្កាយប៉ុន្មានក្នុងសកលលោកទាំងមូល? ចំនួននៃផ្កាយគឺច្រើនពេក! ដូច្នេះ ខួរក្បាលយើងមិនអាចយល់ច្បាស់លាស់ទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាអាច«រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់»។ (ទំនុក. ១៤៧:៤) ដោយឃើញថាព្រះយេហូវ៉ាប្រដាប់អង្គទ្រង់ដោយភាពធំក្រៃលែងនិងភាពរុងរឿងបែបនេះ នេះគួរជំរុញចិត្តយើងឲ្យសរសើរនាមដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ មែនទេ?
៩, ១០. តើរបៀបធ្វើនំប៉័ងលើកតម្កើងប្រាជ្ញារបស់អ្នកបង្កើតយ៉ាងដូចម្ដេច?
៩ ឥឡូវសូមឲ្យយើងផ្លាស់ពីការគិតគូរអំពីស្ថានសួគ៌ដ៏ល្ហល្ហេវទៅអ្វីមួយដែលជារបស់ធម្មតាក្នុងជីវិត ពោលគឺនំប៉័ង។ ព្រះយេហូវ៉ាមិនគ្រាន់តែ«បង្កើតផ្ទៃមេឃនឹងផែនដី»ប៉ុណ្ណោះទេ តែទ្រង់ក៏«ប្រទានអាហារ[ឬនំប៉័ង]ដល់អស់អ្នកដែលឃ្លានដែរ»។ (ទំនុក. ១៤៦:៦, ៧) ភាពថ្លៃថ្នូរនិងភាព«រុងរឿងឧត្តម»របស់ព្រះ អាចឃើញតាមស្នាដៃដ៏ធំវិសេសរបស់ទ្រង់ រួមទាំងធញ្ញជាតិសម្រាប់ធ្វើនំប៉័ង។ (សូមអាន ទំនុកដំកើង ១១១:១-៥) ព្រះយេស៊ូបង្រៀនអ្នកកាន់តាមទ្រង់ឲ្យអធិដ្ឋានថា៖ «សូមប្រទានអាហារ[ឬនំប៉័ង]ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»។ (ម៉ាថ. ៦:១១) នំប៉័ងជាម្ហូបអាហារសំខាន់សម្រាប់មនុស្សពីសម័យបុរាណ ដែលរួមទាំងបណ្ដាជនអ៊ីស្រាអែលដែរ។ ទោះបីគេគិតថានំប៉័ងជាម្ហូបសាមញ្ញក៏ដោយ តែពេលដាក់គ្រឿងផ្សំពីរបីមុខលាយចូលគ្នា នោះធាតុគីមីមានប្រតិកម្ម រួចក្រោយមកក៏ក្លាយទៅជានំប៉័ងដ៏ឈ្ងុយឆ្ងាញ់។ នេះពិតជាមិនធម្មតាទេ!
១០ ពេលគេកំពុងតែសរសេរគម្ពីរ បណ្ដាជនអ៊ីស្រាអែលបានប្រើម្សៅស្រូវសាលីឬបេឡេ និងទឹកដើម្បីធ្វើនំប៉័ង។ ជួនកាល ពួកគេប្រើដំបែឬមេដែរ។ ធាតុគីមីដែលមាននៅក្នុងគ្រឿងផ្សំទាំងនោះមានប្រតិកម្មពេលដាក់ផ្សំលាយចូលគ្នា។ យើងក៏មិនយល់ច្បាស់ពីរបៀបដែលធាតុគីមីទាំងនោះមានដំណើរការយ៉ាងណាដែរ។ ម្យ៉ាងទៀត របៀបដែលរូបកាយយើងរំលាយនំប៉័ង ជាដំណើរការដ៏អស្ចារ្យនិងស្មុគស្មាញមែន។ ហេតុនេះហើយដែលអ្នកតែងបទទំនុកដំកើងច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា!»។ (ទំនុក. ១០៤:២៤) តើនេះជំរុញចិត្តយើងឲ្យសរសើរព្រះយេហូវ៉ាដូចអ្នកតែងបទទំនុកដំកើងឬទេ?
ភាពថ្លៃថ្នូរនិងភាពរុងរឿងរបស់ព្រះ តើមានឥទ្ធិពលយ៉ាងណាមកលើយើង?
១១, ១២. តើការរំពឹងគិតអំពីការបង្កើតរបស់ព្រះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
១១ យើងមិនចាំបាច់ជាអ្នកតារាវិទូដើម្បីចេះកោតស្ងើចពីផ្កាយព្រោងព្រាតនៅលើមេឃ ឬអ្នកវិទ្យាសាស្ត្រខាងគីមីដើម្បីចូលចិត្តបរិភោគនំប៉័ងឡើយ។ ក៏ប៉ុន្តែ ដើម្បីមានចិត្តអបអរចំពោះភាពធំក្រៃលែងរបស់អ្នកបង្កើត យើងត្រូវចំណាយពេលជញ្ជឹងគិតពីស្នាដៃរបស់ទ្រង់។ តើការរំពឹងគិតបែបនេះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង? ឥទ្ធិពលគឺដូចគ្នានឹងពេលដែលយើងរំពឹងគិតអំពីការប្រព្រឹត្តដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាក្នុងការជួយរាស្ត្រទ្រង់។
១២ ស្តីអំពីការប្រព្រឹត្តដ៏អស្ចារ្យនោះ ដាវីឌបានច្រៀងថា៖ «ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ»។ (ទំនុក. ១៤៥:៥) យើងរំពឹងគិតទៅលើកិច្ចការទាំងនោះដោយសិក្សាគម្ពីរហើយជញ្ជឹងគិតអំពីអ្វីដែលយើងអាន។ តើមានឥទ្ធិពលយ៉ាងណាមកលើយើង? យើងនឹងមានចិត្តកតញ្ញូកាន់តែច្រើនចំពោះភាពថ្លៃថ្នូរនិងភាពរុងរឿងរបស់ព្រះ។ ប្រាកដមែន ដូចដាវីឌ យើងពិតជាចង់លើកកិត្ដិយសដល់ព្រះយេហូវ៉ាដោយពោលថា៖ «ទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ»។ (ទំនុក. ១៤៥:៦) ការរំពឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះគួរពង្រឹងចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ព្រមទាំងជំរុញចិត្តយើងឲ្យប្រាប់អ្នកឯទៀតអំពីទ្រង់ដោយចិត្តរំភើប។ តើអ្នកកំពុងតែមានចិត្តខ្នះខ្នែងក្នុងការប្រកាសដំណឹងល្អ ហើយជួយមនុស្សឲ្យអបអរនឹងភាពថ្លៃថ្នូរ ភាពរុងរឿងនិងភាពដ៏ធំក្រៃលែងរបស់ព្រះយេហូវ៉ាទេ?
ព្រះយេស៊ូបង្ហាញភាពថ្លៃថ្នូរដូចបិតាទ្រង់បេះបិទ
១៣. (ក) យោងទៅតាមដានីយ៉ែល ៧:១៣, ១៤ តើព្រះយេហូវ៉ាបានប្រគល់អ្វីដល់បុត្រទ្រង់? (ខ) ក្នុងនាមជាស្តេច តើព្រះយេស៊ូប្រព្រឹត្តទៅលើអនុរាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច?
១៣ ព្រះយេស៊ូគ្រិស្តជាបុត្ររបស់ព្រះ បានប្រកាសដំណឹងល្អដោយចិត្តខ្នះខ្នែង ហើយលើកកិត្ដិយសដល់ព្រះដែលជាបិតានៅស្ថានសួគ៌។ ព្រះយេហូវ៉ាបានប្រគល់កិត្ដិយសពិសេសដល់បុត្រតែមួយគត់ដែលទ្រង់បានបង្កើតផ្ទាល់ ដោយឲ្យព្រះយេស៊ូ‹អំណាចគ្រប់គ្រង ព្រមទាំងឲ្យមានរាជ្យផង›។ (សូមអាន ដានីយ៉ែល ៧:១៣, ១៤) ប៉ុន្តែ ព្រះយេស៊ូមិនមានចិត្តក្រអឺតក្រទមឬមិនចាប់អារម្មណ៍ទៅលើមនុស្សឡើយ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកគ្រប់គ្រងដែលចេះអាណិតអាសូរ ដែលយល់កម្រិតសមត្ថភាពរបស់អនុរាស្ត្រ និងប្រព្រឹត្តដោយការគោរពនិងយកចិត្តទុកដាក់ចំពោះមនុស្ស។ សូមគិតអំពីឧទាហរណ៍មួយស្តីអំពីរបៀបដែលព្រះយេស៊ូ ជាអ្នកដែលត្រូវបានតាំងឡើងឲ្យសោយរាជ្យ ប្រព្រឹត្តទៅលើមនុស្សដែលទ្រង់បានជួប ជាពិសេសទៅលើមនុស្សដែលអ្នកឯទៀតមិនស្រឡាញ់រាប់អាន។
១៤. តើសាសន៍អ៊ីស្រាអែលនៅសម័យបុរាណមានទស្សនៈយ៉ាងណាចំពោះមនុស្សឃ្លង់?
១៤ នៅសម័យបុរាណ ជាញឹកញយមនុស្សដែលកើតជំងឺឃ្លង់ទទួលរងទុក្ខឈឺចាប់យ៉ាងខ្លាំងហើយមិនស្លាប់ភ្លាមទេ។ បន្ដិចម្ដងៗ រោគឃ្លង់ឆ្លងរាលដាលដល់រាងកាយទាំងមូល។ គេចាត់ទុកថា ការប្រោសមនុស្សឃ្លង់ឲ្យជា គឺពិបាកដូចជាការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ជន. ១២:១២; ២ពង្ស. ៥:៧, ១៤) មនុស្សឃ្លង់ត្រូវបានចាត់ទុកថាជាមនុស្សស្មោកគ្រោក ហើយត្រូវគេស្អប់ខ្ពើម ព្រមទាំងត្រូវបណ្ដេញឲ្យទៅឆ្ងាយពីពួកគេដែរ។ ពេលមកជិតដល់មនុស្សឯទៀត អ្នកកើតឃ្លង់ត្រូវតែស្រែកព្រមានថា៖ «ខ្ញុំស្មោកគ្រោកៗ!»។ (លេវី. ១៣:៤៣-៤៦) មនុស្សឃ្លង់គឺហាក់ដូចជាមនុស្សដែលបានស្លាប់រួចទៅហើយ។ យោងទៅតាមឯកសាររបស់សាសន៍អ៊ីស្រាអែល មនុស្សឃ្លង់ត្រូវតែនៅឆ្ងាយពីគេយ៉ាងហោចណាស់១,៧ម៉ែត្រ។ ឯកសារនោះក៏បានរាយការណ៍ថា ពេលគេឃើញមនុស្សឃ្លង់ពីចម្ងាយក្ដី អ្នកដឹកនាំសាសនាម្នាក់បានគប់ដុំថ្មដើម្បីកុំឲ្យគាត់មកជិត។
១៥. តើព្រះយេស៊ូប្រព្រឹត្តយ៉ាងណាចំពោះមនុស្សឃ្លង់ម្នាក់?
១៥ យ៉ាងណាក៏ដោយ គួរឲ្យកត់សម្គាល់ពីអារម្មណ៍របស់ព្រះយេស៊ូពេលមនុស្សឃ្លង់ម្នាក់មកជួបទ្រង់ហើយអង្វរឲ្យទ្រង់ប្រោសគាត់ឲ្យជា។ (សូមអាន ម៉ាកុស ១:៤០-៤២) ជាជាងបណ្ដេញគាត់ឲ្យចេញ ព្រះយេស៊ូបង្ហាញចិត្តអាណិតអាសូរ និងគោរពបុរសនោះដែលអ្នកឯទៀតលែងរាប់រក។ ព្រះយេស៊ូបានចាត់ទុកបុគ្គលនោះជាមនុស្សម្នាក់ដែលសោកសង្រេង ហើយត្រូវការជំនួយ។ នេះបានជំរុញចិត្តទ្រង់ឲ្យប្រែប្រួលពីមានអារម្មណ៍ក្ដួលអាណិត ទៅជាចាត់វិធានការភ្លាមៗដើម្បីជួយគាត់។ ព្រះយេស៊ូបានលាតដៃ ពាល់មនុស្សឃ្លង់នោះ ហើយប្រោសគាត់ឲ្យជា។
១៦. ស្តីពីរបៀបដែលព្រះយេស៊ូប្រព្រឹត្តទៅលើអ្នកឯទៀត តើអ្នកបានទាញមេរៀនអ្វីខ្លះ?
១៦ ជាអ្នកកាន់តាមព្រះយេស៊ូ តើយើងអាចយកតម្រាប់តាមរបៀបដែលទ្រង់បង្ហាញភាពថ្លៃថ្នូររបស់បិតាទ្រង់យ៉ាងដូចម្ដេច? វិធីមួយគឺដោយទទួលស្គាល់ថា មនុស្សជាតិទាំងឡាយ មិនថាមានឋានៈ សុខភាព ឬអាយុប៉ុន្មានក៏ដោយ គួរនឹងទទួលកិត្ដិយសហើយសេចក្ដីគោរព។ (១ពេ. ២:១៧) ជាពិសេសអស់អ្នកដែលមានភារកិច្ចត្រួតពិនិត្យ ដូចជាស្វាមី មាតាបិតា និងអ្នកចាស់ទុំក្នុងក្រុមជំនុំជាដើម ត្រូវតែយកចិត្តទុកដាក់និងគោរពអស់អ្នកដែលខ្លួនជួយថែរក្សា។ ដោយធ្វើដូច្នេះ នោះនឹងជួយពួកគាត់ឲ្យរក្សាហើយគោរពរាប់អានខ្លួនឯង។ គម្ពីរបានសង្កត់ទៅលើចំណុចនេះជាតម្រូវការសម្រាប់គ្រិស្តសាសនិកគ្រប់គ្នា ដោយចែងថា៖ «ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន»។—រ៉ូម ១២:១០
ចូរបង្ហាញភាពថ្លៃថ្នូរក្នុងការថ្វាយបង្គំ
១៧. ស្តីពីបទគម្ពីរដែលបញ្ជាក់អំពីការបង្ហាញភាពថ្លៃថ្នូរពេលថ្វាយបង្គំព្រះយេហូវ៉ា តើយើងអាចរៀនអ្វីខ្លះ?
១៧ យើងត្រូវបង្ហាញភាពថ្លៃថ្នូរពេលថ្វាយបង្គំព្រះយេហូវ៉ា។ សាស្ដា ៥:១ ចែងថា៖ «ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ»។ ម៉ូសេនិងយ៉ូស្វេត្រូវបានបង្គាប់ឲ្យដោះស្បែកជើងចេញ ពេលទៅជិតទីបរិសុទ្ធ។ (និក្ខ. ៣:៥; យ៉ូស. ៥:១៥) ពួកគាត់ត្រូវធ្វើដូច្នេះ ដោយសារនេះបង្ហាញនូវការគោរពឬការកោតស្ញែងចំពោះព្រះ។ ពួកសង្ឃជាតិអ៊ីស្រាអែលត្រូវតែពាក់ខោស្នាប់ភ្លៅពីសំពត់ខ្លូតទេស«សំរាប់បាំងកេរខ្មាស»។ (និក្ខ. ២៨:៤២, ៤៣) ហេតុដែលពួកសង្ឃតម្រូវឲ្យពាក់បែបនេះ គឺដើម្បីការពារភាពអាក្រាតពេលដែលពួកគេបម្រើនៅអាសនៈរបស់ព្រះ។ សមាជិកក្រុមគ្រួសាររបស់សង្ឃក៏ត្រូវបង្ហាញភាពថ្លៃថ្នូរដែរ។
១៨. តើត្រូវបង្ហាញភាពថ្លៃថ្នូរក្នុងការថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៨ ដូច្នេះ ភាពថ្លៃថ្នូរក្នុងការថ្វាយបង្គំទាក់ទងនឹងកិត្ដិយសព្រមទាំងការគោរព។ ដើម្បីគួរនឹងទទួលកិត្ដិយសនិងការគោរព នោះយើងត្រូវតែប្រព្រឹត្តដោយសេចក្ដីគោរព។ ពេលបង្ហាញភាពថ្លៃថ្នូរ យើងមិនត្រូវលាក់ពុតឬគ្រាន់តែចង់ធ្វើដើម្បីឲ្យអ្នកឯទៀតឃើញប៉ុណ្ណោះទេ។ តាមការពិត ការបង្ហាញភាពថ្លៃថ្នូរគួរតែបណ្ដាលមកពីអ្វីដែលមានតែព្រះទេដែលអាចមើលឃើញ ពោលគឺចិត្តរបស់យើង។ (១សាំ. ១៦:៧; សុ. ២១:២) គប្បីឲ្យភាពថ្លៃថ្នូរក្លាយទៅជាលក្ខណៈរបស់យើង ដែលមានឥទ្ធិពលទៅលើមារយាទ ចិត្តគំនិត និងទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀត សូម្បីតែរបៀបដែលយើងគិតនិងអារម្មណ៍ចំពោះខ្លួនផង។ ត្រូវមែន ភាពថ្លៃថ្នូរគួរតែឃើញជាក់ស្តែងនៅគ្រប់ពេលវេលា ព្រមទាំងគ្រប់អ្វីដែលយើងនិយាយនិងប្រព្រឹត្តដែរ។ ចំពោះកិរិយាប្រព្រឹត្ត មារយាទ និងការស្លៀកពាក់សម្អិតសម្អាងខ្លួន យើងយកចិត្តទុកដាក់ទៅលើពាក្យរបស់សាវ័កប៉ុល ដែលថា៖ «យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្ដាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ»។ (២កូ. ៦:៣, ៤) យើង«បានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់»។—ទីត. ២:១០
ចូរបន្តបង្ហាញភាពថ្លៃថ្នូរដូចព្រះ
១៩, ២០. (ក) តើយើងអាចលើកកិត្ដិយសអ្នកឯទៀតតាមរបៀបណាខ្លះ? (ខ) ស្តីអំពីភាពថ្លៃថ្នូរ តើយើងគួរតាំងចិត្តធ្វើអ្វីខ្លះ?
១៩ ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ដែល«ជាទូតដំណាងព្រះគ្រីស្ទ» ក៏បានបង្ហាញភាពថ្លៃថ្នូរដែរ។ (២កូ. ៥:២០) ពួក«ចៀមឯទៀត»ដែលគាំទ្រពួកគាត់យ៉ាងស្មោះ ទទួលកិត្ដិយសជាអ្នកនាំសារអំពីរាជាណាចក្ររបស់ព្រះមេស្ស៊ី។ ឯកអគ្គរាជទូតឬអ្នកនាំសារនិយាយដោយក្លាហានហើយថ្លៃថ្នូរតំណាងរដ្ឋាភិបាលរបស់ខ្លួន។ ហេតុនេះហើយបានជាគប្បីឲ្យយើងនិយាយដោយថ្លៃថ្នូរនិងចិត្តអង់អាចក្នុងការគាំទ្ររដ្ឋាភិបាលព្រះ ពោលគឺរាជាណាចក្ររបស់ទ្រង់។ (អេភ. ៦:១៩, ២០) ណាមួយទៀត ពេលយើងផ្សាយ«ដំណឹងល្អពីការប្រសើរមក» នោះយើងបង្ហាញការគោរពនិងកិត្ដិយសដល់ពួកគេ មែនទេ?—អេសា. ៥២:៧
២០ យើងគួរតាំងចិត្តលើកតម្កើងព្រះ ដោយបង្ហាញភាពថ្លៃថ្នូរដូចទ្រង់ក្នុងការប្រព្រឹត្តរបស់យើង។ (១ពេ. ២:១២) សូមឲ្យយើងបង្ហាញការគោរពដ៏ជ្រាលជ្រៅចំពោះទ្រង់ ការថ្វាយបង្គំទ្រង់ និងចំពោះបងប្អូនរួមជំនឿ។ ហើយសូមឲ្យព្រះយេហូវ៉ា ដែលបានប្រដាប់អង្គទ្រង់ដោយភាពថ្លៃថ្នូរនិងរុងរឿង ពេញចិត្តនឹងការប្រព្រឹត្តដ៏ថ្លៃថ្នូរពេលដែលយើងថ្វាយបង្គំទ្រង់ជានិច្ច។
[កំណត់សម្គាល់]
a ទំនាយក្នុងទំនុកទី៨ ដែលជាពាក្យរបស់ដាវីឌ ក៏សំដៅទៅលើព្រះយេស៊ូគ្រិស្តដែលជាបុរសដ៏ល្អឥតខ្ចោះដែរ។—ហេ. ២:៥-៩
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើចិត្តអបអរចំពោះការអស្ចារ្យនៃភាពថ្លៃថ្នូររបស់ព្រះយេហូវ៉ា គួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
• របៀបដែលព្រះយេស៊ូប្រព្រឹត្តទៅលើមនុស្សឃ្លង់ម្នាក់ តើអ្នកបានរៀនអ្វីស្តីអំពីភាពថ្លៃថ្នូរ?
• តើយើងអាចលើកកិត្ដិយសព្រះយេហូវ៉ាដោយភាពថ្លៃថ្នូរយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៨]
របៀបដែលព្រះយេស៊ូប្រព្រឹត្តទៅលើមនុស្សឃ្លង់ម្នាក់ តើអ្នកបានរៀនអ្វីស្តីអំពីភាពថ្លៃថ្នូរ?
[រូបភាពនៅទំព័រ២០]
ការថ្វាយបង្គំដោយថ្លៃថ្នូរ រួមបញ្ចូលការលើកកិត្ដិយសព្រះយេហូវ៉ា