ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីប្រាំ
ពួកអ្នកមានប្រហែលជានិយាយថា៖ «កូនប្រុសៗរបស់យើងខ្ញុំនឹងបានដូចជាដើមណាដែលចំរើនធំឡើងពីកាលនៅក្មេង ហើយកូនស្រីៗរបស់យើងខ្ញុំនឹងបានដូចជាថ្មសីមាដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង ជង្រុករបស់យើងខ្ញុំនឹងបានពេញ . . . ហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺន»។ ម្យ៉ាងទៀត មនុស្សដែលមានស្តុកស្តម្ភប្រហែលជាលាន់មាត់ថា៖ «សប្បាយហើយ! សាសន៍ណាដែលមានសណ្ឋានដូច្នេះ» គឺសាសន៍ដែលមានភាពចម្រុងចម្រើន! តែផ្ទុយទៅវិញ អ្នកតែងបទទំនុកដំកើងមានប្រសាសន៍ថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»។ (ទំនុកដំកើង ១៤៤:១២-១៥) នេះជាការពិតណាស់ មែនទេ? ដ្បិតព្រះយេហូវ៉ាជាព្រះដែលមានពរឬមានសុភមង្គល ដូច្នេះមនុស្សណាដែលថ្វាយបង្គំទ្រង់នឹងមានសុភមង្គលដែរ។ (ធីម៉ូថេទី១ ១:១១; ខ.ស.) ការពិតនេះបានត្រូវបញ្ជាក់ក្នុងទំនុកទី១០៧ដល់១៥០ក្នុងប៉ែកទីប្រាំនៃបទចម្រៀងដែលព្រះបណ្ដាលឲ្យមនុស្សសរសេរ។
ប៉ែកទីប្រាំនៃសៀវភៅទំនុកដំកើងលើកបញ្ជាក់ពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាដែលរួមបញ្ចូលសេចក្ដីសប្បុរស សេចក្ដីពិតនិងព្រះហឫទ័យដ៏ល្អប្រសើររបស់ទ្រង់។ កាលដែលយើងយល់ធ្លុះជ្រៅអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា នេះជំរុញយើងឲ្យចង់ស្រឡាញ់និងកោតខ្លាចទ្រង់កាន់តែច្រើនទៀត។ ជាលទ្ធផល យើងក៏មានសុភមង្គលច្រើនជាង។ សៀវភៅទំនុកដំកើងប៉ែកទីប្រាំពិតជាសារដែលមានតម្លៃមែន!—ហេព្រើរ ៤:១២
សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ានាំឲ្យមានពរ
(ទំនុកដំកើង១០៧:១–១១៩:១៧៦)
ពេលពួកសាសន៍យូដាបានចេញពីទីឃុំឃាំងនៅប្រទេសបាប៊ីឡូនដើម្បីវិលត្រឡប់ទៅស្រុកគេវិញ ពួកគេបានច្រៀងថា៖ «ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិ»។ (ទំនុកដំកើង ១០៧:៨, ១៥, ២១, ៣១) ដាវីឌក៏បានសរសើរព្រះយេហូវ៉ាដែរ ដោយច្រៀងថា៖ «សេចក្ដីពិតរបស់ទ្រង់[គឺ]ខ្ពស់ដល់ពពក»។ (ទំនុកដំកើង ១០៨:៤) ក្នុងបទទំនុកទី១០៩ ដាវីឌអធិស្ឋានទូលថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ! សូមជួយទូលបង្គំផង! ឱសូមជួយសង្គ្រោះទូលបង្គំតាមសេចក្ដីសប្បុរសនៃទ្រង់»។ (ទំនុកដំកើង ១០៩:១៨, ១៩, ២៦) ទំនុកទី១១០ជាបទទំនាយមួយអំពីការគ្រប់គ្រងរបស់ព្រះមេស្ស៊ី។ បទទំនុកទី១១១ចែងថា៖ «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចម[ឬ«ប្រភព»]នៃប្រាជ្ញា»។ (ទំនុកដំកើង ១១១:១០; ខ.ស.) ហើយយោងទៅតាមបទទំនុកទី១១២ «អ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា» នោះ«មានពរហើយ»។—ទំនុកដំកើង ១១២:១
ម្ដងហើយម្ដងទៀតបទទំនុកទី១១៣ដល់១១៨ដាស់តឿនឲ្យសរសើរដល់ព្រះយេហូវ៉ា។ យោងទៅតាមគម្ពីរម៉ីស្នាដែលជាសំណេរពីសតវត្សរ៍ទីបីអំពីទំនៀមទម្លាប់ដែលតពីមាត់មួយទៅមាត់មួយ នោះពួកយូដាបានច្រៀងបទទំនុកដំកើងទាំងនេះពេលធ្វើបុណ្យរំលងនិងពិធីបុណ្យបីទៀតដែលគេធ្វើប្រចាំឆ្នាំ។ ទំនុកទី១១៩ជាបទចម្រៀងវែងជាងគេ និងមានខច្រើនជាងគេក្នុងព្រះគម្ពីរទាំងមូល ហើយក៏លើកតម្កើងព្រះបន្ទូលជាសារដែលព្រះយេហូវ៉ាប្រទានដល់មនុស្ស។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១០៩:២៣—តើដាវីឌមានន័យអ្វី ពេលទ្រង់មានបន្ទូលថា៖ «ទូលបង្គំទៅបាត់ដូចជាស្រមោលដែលជ្រេទៅ»? ដាវីឌបានសរសេរបទនេះជាពាក្យកាព្យដែលបង្ហាញពីអារម្មណ៍របស់ទ្រង់ ថាការសោយទិវង្គតរបស់ទ្រង់ជិតមកដល់ហើយ។—ទំនុកដំកើង ១០២:១១
១១០:១, ២—ក្នុងនាមជា«ព្រះអម្ចាស់នៃ[ដាវីឌ]» តើព្រះយេស៊ូគ្រិស្តបានធ្វើអ្វីពេលអង្គុយនៅខាងស្ដាំព្រះយេហូវ៉ា? ក្រោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ទ្រង់បានឡើងទៅស្ថានសួគ៌ ហើយបានរង់ចាំនៅខាងស្ដាំព្រះយេហូវ៉ារហូតដល់គ្រាដែលទ្រង់ត្រូវឡើងសោយរាជ្យជាស្តេចនៅឆ្នាំ១៩១៤។ ក្នុងកំលុងគ្រារង់ចាំនោះ ព្រះយេស៊ូបានគ្រប់គ្រងលើពួកអ្នកកាន់តាមទ្រង់ដែលជាអ្នកចាក់ប្រេងតាំង ហើយទ្រង់បានជួយណែនាំពួកគេឲ្យធ្វើកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្រមទាំងជួយពួកគេត្រៀមលក្ខណៈដើម្បីឡើងសោយរាជ្យក្នុងព្រះរាជាណាចក្រជាមួយនឹងទ្រង់។—ម៉ាថាយ ២៤:១៤; ២៨:១៨-២០; លូកា ២២:២៨-៣០
១១០:៤—តើព្រះយេហូវ៉ា«ស្បថ»ធ្វើអ្វីដោយ«មិនប្រែព្រះហឫទ័យ»? សម្បថនោះជាកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាចុះជាមួយព្រះយេស៊ូគ្រិស្តឲ្យទ្រង់បម្រើជាស្តេចនិងសម្ដេចសង្ឃ។—លូកា ២២:២៩
១១៣:៣—តើមនុស្សគួរសរសើរព្រះនាមព្រះយេហូវ៉ា«ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច»យ៉ាងដូចម្ដេច? នេះមិនសំដៅទៅលើមនុស្សមួយក្រុមដែលថ្វាយបង្គំព្រះរាល់ថ្ងៃប៉ុណ្ណោះទេ ដ្បិតរស្មីពីព្រះអាទិត្យតែងបំភ្លឺផែនដីទាំងមូលចាប់ពីថ្ងៃរះនៅទិសខាងកើតរហូតដល់ពេលអស្តង្គតនៅទិសខាងលិច។ ដូចគ្នាដែរ ព្រះយេហូវ៉ាសព្វព្រះហឫទ័យទទួលសេចក្ដីសរសើរទូទាំងពិភពលោក។ បើគ្មានការសហការគ្នា នេះមិនអាចកើតមានឡើងបានទេ។ ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងមានឯកសិទ្ធិសរសើរព្រះយេហូវ៉ានិងរួមចំណែកយ៉ាងខ្នះខ្នែងក្នុងការផ្សាយប្រកាសពីព្រះរាជាណាចក្ររបស់ទ្រង់។
១១៦:១៥—តើ«ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេស»ដល់ទ្រង់ក្នុងន័យអ្វី? ខនេះក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែថា៖ «ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់»។ ដូច្នេះ នេះបានន័យថា ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ាមានតម្លៃវិសេសណាស់ចំពោះទ្រង់ មិនថាពេលគេរស់ឬស្លាប់ក្ដី។ ចំពោះព្រះយេហូវ៉ា ពួកអ្នកថ្វាយបង្គំទ្រង់ជាមនុស្សវិសេសដល់ម្ល៉េះបានជាទ្រង់មិនអនុញ្ញាតឲ្យពួកគេស្លាប់ទាំងអស់នោះទេ។ ដ្បិតបើពួកគេទាំងអស់គ្នាស្លាប់ទៅ នេះបានន័យថា សត្រូវរបស់ព្រះយេហូវ៉ាមានអំណាចខ្លាំងជាងទ្រង់ទៅទៀត។ ម្យ៉ាងទៀត បើពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាស្លាប់បាត់អស់ នោះនឹងលែងមានមនុស្សណាដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ពិភពលោកថ្មី។
១១៩:៧១—តើការកើតទុក្ខព្រួយអាចនាំឲ្យមានប្រយោជន៍អ្វី? ការរងទុក្ខលំបាកអាចជួយយើងឲ្យរៀនចេះពឹងផ្អែកលើព្រះយេហូវ៉ាច្រើនជាង ហើយអាចជំរុញយើងឲ្យអធិស្ឋានទូលទ្រង់អស់ពីដួងចិត្តជាងមុនៗ ព្រមទាំងសិក្សាព្រះគម្ពីរដោយខ្នះខ្នែងនិងធ្វើតាមបន្ទូលនោះច្រើនជាង។ ម្យ៉ាងទៀត អារម្មណ៍របស់យើងចំពោះការរងទុក្ខអាចសឲ្យឃើញនូវលក្ខណៈមិនល្អរបស់យើងដែលគួរតែកែប្រែ។ បើយើងទាញយកមេរៀនល្អៗពីការរងទុក្ខ យើងនឹងមិនខឹងឬបាក់ទឹកចិត្តឡើយ។
១១៩:៩៦—តើ«ចុងនៃសេចក្ដីគ្រប់លក្ខណ៍»មានន័យអ្វី? អ្នកតែងបទទំនុកដំកើងកំពុងតែមានប្រសាសន៍អំពីទីបញ្ចប់នៃអ្វីដែលមនុស្សចាត់ទុកជាការល្អគ្រប់លក្ខណ៍ឬឥតខ្ចោះ។ គាត់ប្រហែលជាចង់បញ្ជាក់ថា មនុស្សយើងមិនយល់ច្បាស់អំពីភាពគ្រប់លក្ខណ៍ទេ។ ផ្ទុយទៅវិញ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាគ្មានកម្រិត។ ការណែនាំពីទ្រង់ទាក់ទងនឹងគ្រប់កាលៈទេសៈនៃជីវិតយើង។ ព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែឃ្លានេះថា៖ «ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ វិន័យរបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ»។
១១៩:១៦៤—តើការសរសើរព្រះយេហូវ៉ា«ក្នុង១ថ្ងៃ៧ដង»មានន័យអ្វី? លេខ៧អាចសំដៅទៅលើភាពពេញលេញ។ ដូច្នេះ អ្នកតែងបទទំនុកដំកើងកំពុងតែមានប្រសាសន៍ថា ព្រះយេហូវ៉ាគួរទទួលគ្រប់ទាំងសេចក្ដីសរសើរ។
មេរៀនសម្រាប់យើង:
១០៧:២៧-៣១: លោកិយនេះនឹង«ទាល់ប្រាជ្ញា»ពេលអើម៉ាគេដូនចាប់ផ្ដើមឡើង។ (វិវរណៈ ១៦:១៤, ១៦) ប្រាជ្ញារបស់លោកិយនេះមិនអាចសង្គ្រោះមនុស្សណាសោះពីសេចក្ដីហិនវិនាស។ មានតែពួកអ្នកដែលពឹងលើព្រះយេហូវ៉ាដើម្បីឲ្យបានសេចក្ដីសង្គ្រោះដែលអាចរួចរស់ជីវិតនិង«សរសើរ[ទ្រង់]ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់»។
១០៩:៣០, ៣១; ១១០:៥: បើទាហានកាន់ខែលដៃឆ្វេង នោះគ្មានអ្វីការពារដៃស្ដាំដែលកាន់ដាវទេ។ បើនិយាយជាការប្រៀបប្រដូច ព្រះយេហូវ៉ា«គង់នៅខាងស្ដាំ»ពួកអ្នកបម្រើទ្រង់ដើម្បីប្រយុទ្ធការពារគេ។ យ៉ាងនេះ ព្រះយេហូវ៉ាផ្ដល់ជំនួយនិងការពាររាស្ត្រទ្រង់ ហើយនេះជាមូលហេតុល្អឲ្យយើង«អរព្រះគុណ[ទ្រង់]យ៉ាងក្រៃលែង»។
១១៣:៤-៩: ព្រះយេហូវ៉ាមានភាពខ្ពង់ខ្ពស់ដល់ម្ល៉េះបានជាទ្រង់ត្រូវ«ឱនព្រះនេត្រដើម្បីទតមើលផ្ទៃមេឃ»។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ានៅតែបង្ហាញព្រះទ័យអាណិតមេត្ដាចំពោះមនុស្សក្រីក្រ មនុស្សកម្សត់ទុគ៌តនិងស្រីអារ។ ព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រដែលមានព្រះទ័យរាបទាប ហើយទ្រង់សព្វព្រះហឫទ័យឲ្យពួកអ្នកថ្វាយបង្គំទ្រង់បង្ហាញចិត្តរាបទាបឬចិត្តរាបសា។—យ៉ាកុប ៤:៦
១១៤:៣-៧: ពេលយើងរៀនអំពីការដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានធ្វើដើម្បីជួយរាស្ត្រទ្រង់នៅឯសមុទ្រក្រហមហើយនៅទន្លេយ័រដាន់និងភ្នំស៊ីណាយដែរ នេះគួរមានឥទ្ធិពលខ្លាំងលើយើង។ «ផែនដី»ជាតំណាងមនុស្សជាតិដែលគួរតែ«ញ័ររន្ធត់»ឬកោតស្ងើចចំពោះកិច្ចការរបស់ព្រះអម្ចាស់។
១១៩:៩៧-១០១: ការទទួលប្រាជ្ញា យោបល់និងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះនឹងការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ។
១១៩:១០៥: ព្រះបន្ទូលនៃព្រះយេហូវ៉ាជាចង្កៀងដល់ជើងក្នុងន័យថា អាចជួយយើងយកឈ្នះបញ្ហាដែលយើងកំពុងតែជួបប្រទះពេលឥឡូវនេះ។ ព្រះបន្ទូលទ្រង់ក៏បំភ្លឺផ្លូវរបស់យើងដោយទាយប្រាប់អំពីគោលបំណងរបស់ព្រះយេហូវ៉ាចំពោះពេលអនាគត។
សប្បាយទោះជាមានលំបាក
តើយើងអាចស៊ូទ្រាំកាលៈទេសៈដ៏ពិបាកនិងរួចពីទុក្ខវេទនាបានយ៉ាងណា? បទទំនុកទី១២០ដល់១៣៤ឆ្លើយសំណួរនេះយ៉ាងច្បាស់។ យើងអាចអត់ទ្រាំនឹងការពិបាកព្រមទាំងរក្សាឲ្យមានអំណរបាន ដោយរកជំនួយពីព្រះយេហូវ៉ា។ ប្រជាជនអ៊ីស្រាអែលប្រហែលជាបានច្រៀងបទទាំងនេះដែលហៅថា ទំនុកច្រៀងតាមថ្នាក់ ពេលដែលពួកគេបានធ្វើដំណើរឡើងទៅឯទីក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យនានាប្រចាំឆ្នាំ។
បទទំនុកទី១៣៥ដល់១៣៦ពន្យល់អំពីព្រះយេហូវ៉ាជាព្រះអង្គដែលធ្វើអ្វីៗក៏ដោយតាមព្រះហឫទ័យទ្រង់។ យ៉ាងនេះ ព្រះយេហូវ៉ាមានលក្ខណៈខុសប្លែកពីរូបបដិមាដែលគ្មានលទ្ធភាពធ្វើអ្វីសោះ។ បទទី១៣៦បានត្រូវតែងឲ្យច្រៀងឆ្លើយឆ្លងគ្នា ដោយច្រៀងឃ្លាទីពីរក្នុងវគ្គនីមួយៗដើម្បីបញ្ជាក់ឃ្លាទីមួយ។ ទំនុកទី១៣៧រៀបរាប់ពីការបាក់ទឹកចិត្តរបស់ពួកយូដានៅទីក្រុងបាប៊ីឡូន ដោយព្រោះពួកគេប្រាថ្នាចង់ថ្វាយបង្គំព្រះយេហូវ៉ានៅទីក្រុងស៊ីយ៉ូន។ បទទំនុកដំកើង១៣៨ដល់១៤៥ជាបទដែលដាវីឌតែងមក។ ដាវីឌចង់‹អរព្រះគុណដល់ព្រះយេហូវ៉ាអស់អំពីចិត្ត›។ ហេតុអ្វី? ដាវីឌឆ្លើយថា គឺពីព្រោះព្រះយេហូវ៉ា«បានបង្កើត[យើង]មកយ៉ាងគួរកោត គួរអស្ចារ្យ»។ (ទំនុកដំកើង ១៣៨:១; ១៣៩:១៤) ក្នុងបទទំនុកទី១៤៦ដល់១៥០ ដាវីឌបានអធិស្ឋានសូមព្រះយេហូវ៉ាការពារទ្រង់ពីមនុស្សអាក្រក់ និងប្រៀនប្រដៅទ្រង់ដោយសេចក្ដីសុចរិត។ ដាវីឌបានសូមព្រះយេហូវ៉ាប្រោសទ្រង់ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលកំពុងតែបៀតបៀនទ្រង់ ហើយក៏សូមការណែនាំអំពីរបៀបប្រព្រឹត្តដោយត្រឹមត្រូវផង។ ដាវីឌបញ្ជាក់ថា សាសន៍ដែលជារាស្ត្ររបស់ព្រះយេហូវ៉ាមានហេតុអរសប្បាយមែន។ (ទំនុកដំកើង ១៤៤:១៥) ក្រោយដាវីឌរៀបរាប់អំពីសណ្ឋានដ៏ធំប្រសើរនិងភាពល្អរបស់ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា៖ «មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា។ គួរឲ្យមនុស្សទាំងឡាយបានសូមឲ្យព្រះនាមបរិសុទ្ធរបស់ទ្រង់បានពរនៅអស់កល្បជានិច្ចដែរ»។—ទំនុកដំកើង ១៤៥:២១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១២២:៣—តើយេរូសាឡិម«ជាទីក្រុងដែលណែនណាន់ជាប់គ្នា»ក្នុងន័យអ្វី? តាមទម្លាប់នៅទីក្រុងនាសម័យបុរាណ គេបានសង់ផ្ទះជិតៗគ្នាក្នុងទីក្រុងយេរូសាឡិម ដូច្នេះក៏ងាយទប់ទល់នឹងខ្មាំងសត្រូវផងដែរ។ ម្យ៉ាងទៀត ដោយសារផ្ទះស្ថិតជិតៗគ្នាដូចនេះ ប្រជាជនអាចការពារនិងជួយគ្នាទៅវិញទៅមក។ ដូច្នេះ នេះតំណាងនូវសាមគ្គីភាពខាងវិញ្ញាណនៃកុលសម្ព័ន្ធទាំង១២របស់សាសន៍អ៊ីស្រាអែលពេលរួមគ្នាដើម្បីថ្វាយបង្គំព្រះ។
១២៣:២—តើពាក្យប្រៀបប្រដូចអំពីភ្នែករបស់ពួកទាសាទាសីមានន័យអ្វី? ពួកទាសាទាសីមានមូលហេតុពីរយ៉ាងឲ្យក្រឡេកទៅមើលដៃចៅហ្វាយប្រុសស្រីរបស់ខ្លួន គឺដោយចង់ដឹងពីអ្វីដែលចៅហ្វាយត្រូវការ ហើយដើម្បីពឹងឲ្យគាត់ជួយចិញ្ចឹមនិងការពារទាសាទាសី។ ស្រដៀងគ្នាដែរ យើងក្រឡេកទៅមើលព្រះយេហូវ៉ាដើម្បីដឹងអំពីព្រះហឫទ័យរបស់ទ្រង់ ហើយដើម្បីធ្វើយ៉ាងណាឲ្យទ្រង់សព្វព្រះទ័យនឹងយើង។
១៣១:១-៣—តើដាវីឌ‹រំងាប់ហើយព្រលួងព្រលឹងទ្រង់ដូចជាក្មេងដែលម្ដាយបានផ្ដាច់ដោះ›យ៉ាងដូចម្ដេច? ក្មេងដែលម្ដាយផ្ដាច់ដោះអាចមានអារម្មណ៍ស្រួលពេលម្ដាយឱបវា។ ដូចគ្នាដែរ ដាវីឌបានរៀនឲ្យចេះរំងាប់ឬបន្ធូរកង្វល់ដើម្បីមានចិត្តស្ងប់«ដូចជាក្មេងដែលម្ដាយបានផ្ដាច់ដោះ»។ តើទ្រង់ធ្វើដូច្នេះដោយរបៀបណា? គឺដោយមិនមានចិត្តឆ្មើងឆ្មៃ មិនមានភ្នែកប្រកាន់យសឬប្រកាន់ខ្លួន ហើយដោយមិនស្វែងរកការដែលធំពេកសម្រាប់ខ្លួន។ ជាជាងចង់បានមុខមាត់ធំ ដាវីឌបង្ហាញចិត្តរាបទាបដោយព្រោះទ្រង់ទទួលស្គាល់ថា ជួនកាលខ្លួនខ្វះសមត្ថភាពដែរ។ គួរគប្បីឲ្យយើងមានទស្សនៈដូចទ្រង់ ជាពិសេសពេលដែលយើងប្រាថ្នាចង់ទទួលភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។
មេរៀនសម្រាប់យើង:
១២០:១, ២, ៦, ៧: ការបង្កាច់បង្ខូចនិងនិយាយដើមអ្នកដទៃអាចបញ្ឈឺចិត្តគេយ៉ាងខ្លាំង។ ការទប់អណ្ដាតជារបៀបមួយដែលយើងបង្ហាញថា យើង«ចូលចិត្តខាងសេចក្ដីសុខ»។
១២០:៣, ៤: ទោះបើយើងប្រហែលជាត្រូវស៊ូទ្រាំនឹងសម្ដីរបស់មនុស្សដែលមាន«អណ្ដាតដែលបញ្ឆោត»ក៏ដោយ យើងមានអារម្មណ៍ធូរស្រាលដោយដឹងថា ព្រះយេហូវ៉ានឹងកែតម្រង់ស្ថានការណ៍នោះតាមកំណត់ពេលរបស់ទ្រង់។ មនុស្សដែលនិយាយបង្កាច់បង្ខូចនឹងទទួលទោសពី«មនុស្សខ្លាំងពូកែ» ហើយពិតជានឹងទទួលទោសពីព្រះយេហូវ៉ាដែលប្រៀបដូចជា«រងើកភ្លើងឈើដង្កោ»។
១២៧:១, ២: យើងគួររកការណែនាំពីព្រះយេហូវ៉ាក្នុងគ្រប់អ្វីៗទាំងអស់ដែលយើងធ្វើ។
១៣៣:១-៣: សាមគ្គីភាពរបស់រាស្ត្រនៃព្រះយេហូវ៉ាជាការល្អដែលជួយពង្រឹងកម្លាំងនិងនាំឲ្យមានការស្រាកស្រាន្ត។ យើងមិនគួរបង្ខូចសាមគ្គីភាពនោះដោយរករឿង ឈ្លោះប្រកែកឬត្អូញត្អែរឡើយ។
១៣៧:១, ៥, ៦: ពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែលបានត្រូវបំបរបង់ចេញទៅស្រុកក្រៅ នៅតែជាប់ចិត្តនឹងទីក្រុងស៊ីយ៉ូននៅឡើយ ដែលបានតំណាងអង្គការរបស់ព្រះយេហូវ៉ា។ ចុះយ៉ាងណាចំពោះយើងវិញ? តើយើងមានចិត្តភក្ដីចំពោះអង្គការដែលព្រះយេហូវ៉ាកំពុងតែប្រើនៅសព្វថ្ងៃនេះឬទេ?
១៣៨:២: ព្រះយេហូវ៉ា«ដំកើងព្រះបន្ទូលទ្រង់ឲ្យធំលើព្រះនាមទ្រង់ទៅទៀត»ក្នុងន័យថា អ្វីដែលទ្រង់បានសន្យាដោយនូវព្រះនាមទ្រង់ នោះទ្រង់នឹងសម្រេចយ៉ាងល្អហួសពីអ្វីដែលយើងនឹកស្មាន។ ពិតណាស់ហើយ មានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៅពីមុខយើងនៅឡើយ។
១៣៩:១-៦, ១៥, ១៦: ព្រះយេហូវ៉ាជ្រាបពីទង្វើ គំនិតនិងសម្ដីរបស់យើងមុនយើងពោលពាក្យនោះនៅឡើយ។ ព្រះយេហូវ៉ាស្គាល់ធាតុរបស់យើងកាលនៅជាទារកក្នុងផ្ទៃម្ដាយដែលមិនទាន់មានអវយវៈច្បាស់លាស់នៅឡើយ។ អ្វីដែលព្រះយេហូវ៉ាជ្រាបអំពីយើងម្នាក់ៗ គឺ«អស្ចារ្យហួសល្បត់»។ យើងពិតជាទទួលការសម្រាលទុក្ខមែន ដោយដឹងថាព្រះយេហូវ៉ាមិនគ្រាន់តែទតឃើញកាលៈទេសៈពិបាករបស់យើងទេ តែទ្រង់ក៏យល់អារម្មណ៍របស់យើងនៅពេលនោះដែរ។
១៣៩:៧-១២: ព្រះយេហូវ៉ាអាចទៅទីណាក៏ដោយដើម្បីពង្រឹងកម្លាំងយើង ទោះជាកន្លែងដាច់ស្រយាលណាក្ដី។
១៣៩:១៧, ១៨: តើយើងគាប់ចិត្តចំពោះការចេះដឹងដែលមកពីការស្គាល់ព្រះយេហូវ៉ាឬទេ? (សុភាសិត ២:១០) បើគាប់ចិត្តមែន យើងបានរកអ្វីដែលនាំឲ្យមានអំណរឥតចេះឈប់។ ព្រះតម្រិះរបស់ព្រះយេហូវ៉ា«មានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត»។ យើងអាចរៀនថែមទៀតអំពីទ្រង់ជារៀងរហូតបាន។
១៣៩:២៣, ២៤: យើងគួរចង់ឲ្យព្រះយេហូវ៉ាពិនិត្យចិត្តថ្លើមរបស់យើងដើម្បីស្ទង់មើលថា តើយើង«មានអំពើអាក្រក់ណា»ក្នុងខ្លួនឬទេ? នេះអាចរួមបញ្ចូលគំនិត ចំណង់ចំណូលចិត្តនិងទំនោរចិត្តមិនល្អជាដើម។ បើមានមែន យើងក៏គួរសូមទ្រង់ជួយបំបាត់អំពើអាក្រក់ទាំងនោះចោលដែរ។
១៤៣:៤-៧: តើយើងអាចស៊ូទ្រាំនឹងទុក្ខវេទនាដ៏ខ្លាំងបានយ៉ាងណា? អ្នកតែងបទទំនុកដំកើងជូនយោបល់ថា ចូររំពឹងគិតពីអស់ទាំងកិច្ចការរបស់ព្រះយេហូវ៉ា ទាំងនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ ហើយអធិស្ឋានសូមជំនួយពីទ្រង់។
«ចូរសរសើរដល់ព្រះយេហូវ៉ាចុះ!»
ប៉ែកទីមួយដល់បួនក្នុងសៀវភៅទំនុកដំកើងចប់ដោយមានពំនោលសរសើរព្រះយេហូវ៉ា។ (ទំនុកដំកើង ៤១:១៣; ៧២:១៩, ២០; ៨៩:៥២; ១០៦:៤៨) ប៉ែកទីប្រាំនេះក៏ដូច្នេះដែរ។ បទទំនុកទី១៥០:៦ចែងថា៖ «គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើមបានសរសើរដល់ព្រះយេហូវ៉ា។ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ!»។ ការសរសើរនោះនឹងក្លាយជាការពិតទាំងស្រុងក្នុងពិភពលោកថ្មីរបស់ព្រះ។
ក្នុងកំលុងពេលនេះដែលយើងកំពុងតែរង់ចាំគ្រានោះ យើងមានមូលហេតុជាច្រើនឲ្យយើងលើកតម្កើងព្រះពិតនិងសរសើរព្រះនាមរបស់ទ្រង់។ ពេលគិតអំពីសុភមង្គលដែលមកពីការស្គាល់និងការចងសម្ព័ន្ធមេត្រីភាពជាមួយព្រះយេហូវ៉ា នោះចិត្តកតញ្ញូគួរជំរុញយើងឲ្យចង់សរសើរទ្រង់ថែមទៀតផង។