ចូរឲ្យព្រះបន្ទូលនៃព្រះបំភ្លឺផ្លូវរបស់អ្នក
«ព្រះបន្ទូលនៃទ្រង់ . . . ជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ»។—ទំនុកដំកើង ១១៩:១០៥
១, ២. តើព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងបំភ្លឺផ្លូវរបស់យើងឲ្យតែយើងធ្វើអ្វី?
ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងបំភ្លឺផ្លូវរបស់យើង ឲ្យតែយើងអនុញ្ញាតឲ្យមានដូច្នេះ។ បើយើងចង់ទទួលពន្លឺបែបនោះខាងវិញ្ញាណ យើងត្រូវធ្វើជាសិស្សដែលមានចិត្តខ្នះខ្នែងក្នុងការសិក្សាព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះ ហើយយើងក៏ត្រូវអនុវត្តតាមឱវាទពីនោះដែរ។ យើងត្រូវធ្វើដូចនេះទើបយើងអាចមានទស្សនៈដូចអ្នកតែងបទទំនុកដំកើងដែលពោលថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។—ទំនុកដំកើង ១១៩:១០៥
២ ឥឡូវ សូមយើងពិចារណាទំនុកដំកើង ១១៩:៨៩-១៧៦។ វគ្គទាំងនេះដែលមានរង្វាស់កាព្យជា១១ល្បះ ពិតជាមានពត៌មានច្រើនណាស់! វគ្គទាំងនេះអាចជួយយើងដើរជាបន្តតាមផ្លូវដែលនាំទៅឯជីវិតជារៀងរហូត។—ម៉ាថាយ ៧:១៣, ១៤
ហេតុអ្វីក៏គួរឲ្យពេញចិត្តនឹងបន្ទូលរបស់ព្រះ?
៣. តើទំនុកដំកើង ១១៩:៨៩, ៩០ បង្ហាញយ៉ាងណា ថាយើងអាចទុកចិត្តលើបន្ទូលរបស់ព្រះ?
៣ ការពេញចិត្តចំពោះព្រះបន្ទូលរបស់ព្រះយេហូវ៉ានាំឲ្យយើងមានភាពលំនឹងខាងវិញ្ញាណ។ (ទំនុកដំកើង ១១៩:៨៩-៩៦) អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ! ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ . . . ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់»។ (ទំនុកដំកើង ១១៩:៨៩, ៩០) ស្របទៅតាមព្រះបន្ទូលនោះ មាន«របៀបនៅលើផ្ទៃមេឃ» ពោលគឺ ភពផ្សេងៗនិងផ្កាយនានាធ្វើចលនាវិលជុំវិញអ័ក្សរបស់ខ្លួនយ៉ាងឥតខ្ចោះ ហើយផែនដីបានត្រូវតាំងឲ្យរឹងមាំជារៀងរហូត។ (យ៉ូប ៣៨:៣១-៣៣; ទំនុកដំកើង ១០៤:៥) យើងអាចទុកចិត្តលើអស់ទាំងពាក្យដែលចេញពីព្រះឱស្ឋព្រះយេហូវ៉ា ដ្បិតអ្វីដែលព្រះមានបន្ទូលនោះ នឹង«ចំរើនកើនឡើង»ក្នុងការសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់។—អេសាយ ៥៥:៨-១១
៤. ពេលដែលអ្នកបំរើព្រះកើតមានទុក្ខព្រួយនោះ តើការពេញចិត្តចំពោះបន្ទូលទ្រង់អាចជួយពួកគេបានយ៉ាងណា?
៤ អ្នកតែងបទទំនុកដំកើងអាច‹វិនាសទៅក្នុងសេចក្ដីទុក្ខព្រួយរបស់គាត់ បើគាត់មិនបានរីករាយ[ឬ«ពេញចិត្តនឹង», ខ.ស.]ក្រិត្យវិន័យរបស់ព្រះ›។ (ទំនុកដំកើង ១១៩:៩២) អ្នកតែងនោះមិនបានកើតទុក្ខព្រួយដោយសារទង្វើរបស់សាសន៍ដទៃទេ តែជនរំលងច្បាប់ក្នុងសាសន៍អ៊ីស្រាអែលជាអ្នកស្អប់គាត់វិញ។ (លេវីវិន័យ ១៩:១៧) ប៉ុន្តែស្ថានការណ៍នេះមិនបានគ្របសង្កត់ចិត្តគាត់ទាំងស្រុងទេ ពីព្រោះគាត់ស្រឡាញ់ក្រិត្យវិន័យរបស់ព្រះដែលទ្រទ្រង់គាត់ប្រៀបដូចជាបង្អែកមួយ។ នៅទីក្រុងកូរិនថូស សាវ័កប៉ុលមាន‹អន្តរាយក្នុងចំណោមពួកបងប្អូនក្លែងក្លាយ› ដែលប្រហែលជារួមបញ្ចូល«ពួកសាវកយ៉ាងធំ[ឬ«អ្នកដែលតាំងខ្លួនជាមហាគ្រីស្តទូត», ខ.ស.]»ដែលរកហេតុថ្កោលទោសគាត់។ (កូរិនថូសទី២ ១១:៥, ១២-១៤, ២៦) ប៉ុន្តែ ប៉ុលបានរួចខ្លួនខាងវិញ្ញាណដោយព្រោះគាត់ពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះ។ ដោយសារយើងពេញចិត្តនិងអនុវត្តតាមព្រះបន្ទូលជាលាយលក្ខណ៍អក្សររបស់ព្រះយេហូវ៉ា យើងក៏ស្រឡាញ់បងប្អូនរបស់យើងផងដែរ។ (យ៉ូហានទី១ ៣:១៥) សូម្បីតែសេចក្ដីសំអប់ពីលោកីយ៍នេះក៏មិនធ្វើឲ្យយើងភ្លេចការណែនាំពីព្រះឡើយ។ យើងបន្តធ្វើតាមព្រះហឫទ័យរបស់ទ្រង់ដោយមានសាមគ្គីភាពនិងសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើង កាលដែលយើងសង្ឃឹមបំរើព្រះយេហូវ៉ាដោយក្ដីអំណរជានិរន្តរ៍។—ទំនុកដំកើង ១១៩:៩៣
៥. តើស្តេចអេសាបានស្វែងរកព្រះដោយធ្វើអ្វី?
៥ បើយើងចង់បញ្ជាក់ពីចិត្តភក្ដីរបស់យើងចំពោះព្រះយេហូវ៉ា យើងអាចអធិស្ឋានទូលថ្វាយទ្រង់ថា៖ «ទូលបង្គំជារបស់ផងទ្រង់ហើយ។ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់»។ (ទំនុកដំកើង ១១៩:៩៤) ស្តេចអេសាបានស្វែងរកព្រះ ហើយបានបំបាត់ចោលការក្បត់ជំនឿក្នុងស្រុកយូដា។ នៅឆ្នាំទី១៥នៃការសោយរាជ្យរបស់ស្តេចអេសា (ឆ្នាំ៩៦៣ មុនគ.ស.) ពេលដែលពួកយូដាមួយចំនួនធំបានជួបជុំគ្នា ពួកគេបាន«តាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា»។ ព្រះបានអនុញ្ញាតឲ្យពួកគេ«រកទ្រង់ឃើញ» ហើយទ្រង់ក៏«ប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ»។ (របាក្សត្រទី២ ១៥:១០-១៥) គំរូនេះគួរលើកទឹកចិត្តអស់អ្នកដែលបានរសាត់ចេញពីក្រុមជំនុំគ្រីស្ទាន ឲ្យចាប់ផ្ដើមស្វែងរកព្រះម្ដងទៀត។ ព្រះនឹងប្រទានពរហើយការពារអស់អ្នកដែលមានសកម្មភាពដោយមានទំនាក់ទំនងម្ដងទៀតជាមួយនឹងរាស្ត្រទ្រង់។
៦. តើដំណើរជីវិតបែបណាអាចការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ?
៦ បន្ទូលរបស់ព្រះយេហូវ៉ានាំឲ្យយើងមានប្រាជ្ញាដែលអាចការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ។ (ទំនុកដំកើង ១១៩:៩៧-១០៤) សេចក្ដីបង្គាប់របស់ព្រះធ្វើឲ្យមានប្រាជ្ញាលើសជាងខ្មាំងសត្រូវរបស់យើង។ ការធ្វើតាមសេចក្ដីបន្ទាល់របស់ព្រះនាំឲ្យយើងមានយោបល់ឬការចេះដឹង ហើយ‹ការរក្សាអស់ទាំងបញ្ញត្ដិរបស់ទ្រង់ក៏ជួយយើងយល់បានច្រើនជាងពួកចាស់ៗ›។ (ទំនុកដំកើង ១១៩:៩៨-១០០) ប្រសិនបើបន្ទូលរបស់ព្រះយេហូវ៉ា‹ផ្អែមនៅអណ្ដាតយើងជាងទឹកឃ្មុំដល់មាត់ទៅទៀត› នោះយើងនឹងស្អប់ហើយចៀសវាង«អស់ទាំងផ្លូវកំភូត»។ (ទំនុកដំកើង ១១៩:១០៣, ១០៤) នេះនឹងការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណពេលប្រឈមមុខនឹងមនុស្សក្នុងជាន់ក្រោយបង្អស់នេះ ដែលមានឫកខ្ពស់ ចិត្តសាហាវនិងមិនចេះគោរពព្រះ។—ធីម៉ូថេទី២ ៣:១-៥
ចង្កៀងដល់ជើង
៧, ៨. ស្របទៅតាមទំនុកដំកើង ១១៩:១០៥ តើយើងគួរធ្វើអ្វី?
៧ បន្ទូលរបស់ព្រះជាប្រភពពន្លឺខាងវិញ្ញាណដែលមិនចេះអស់។ (ទំនុកដំកើង ១១៩:១០៥-១១២) មិនថាយើងជាគ្រីស្ទានចាក់ប្រេងតាំងឬជាគូកនរបស់ពួកគាត់ក្នុងចំណោម«ចៀមឯទៀត»ក្ដី យើងប្រកាសប្រាប់ថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។ (យ៉ូហាន ១០:១៦; ទំនុកដំកើង ១១៩:១០៥) បន្ទូលរបស់ព្រះប្រៀបដូចជាចង្កៀងដែលបំភ្លឺផ្លូវរបស់យើង កុំឲ្យយើងជំពប់ដួលខាងវិញ្ញាណ។ (សុភាសិត ៦:២៣) ប៉ុន្តែ យើងម្នាក់ៗត្រូវអនុញ្ញាតឲ្យបន្ទូលរបស់ព្រះយេហូវ៉ាធ្វើជាចង្កៀងដល់ជើងយើងផ្ទាល់ដែរ។
៨ យើងត្រូវតាំងចិត្តរឹងមាំដូចអ្នកសរសេរទំនុកដំកើងទី១១៩ ដែលបានតាំងចិត្តមិនបែរចេញពីបញ្ញត្ដិរបស់ព្រះ។ គាត់និយាយថា៖ «ទូលបង្គំបានស្បថហើយ ក៏នឹងសំរេចតាមថា ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់[ព្រះយេហូវ៉ា]»។ (ទំនុកដំកើង ១១៩:១០៦) កុំឲ្យយើងមើលងាយនូវប្រយោជន៍ដែលមកពីការសិក្សាព្រះគម្ពីរនិងការចូលរួមកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់។
៩, ១០. តើយើងដឹងយ៉ាងដូចម្ដេច ថាមនុស្សដែលបានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ាអាច«វង្វេងចេញពីបញ្ញត្តទ្រង់»បាន? ប៉ុន្តែ តើយើងអាចចៀសវាងទង្វើនេះបានយ៉ាងណា?
៩ អ្នកតែងបទទំនុកដំកើងមិនបាន‹វង្វេងចេញពីបញ្ញត្ដិព្រះទេ› តែនេះអាចកើតឡើងមែនចំពោះមនុស្សដែលបានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា។ (ទំនុកដំកើង ១១៩:១១០) ស្តេចសាឡូម៉ូនបានវង្វេងចេញពីព្រះ ទោះបីជាទ្រង់ជាសមាជិកនៃសាសន៍មួយដែលបានឧទ្ទិសថ្វាយដល់ព្រះយេហូវ៉ាក្ដី ហើយទោះជាទ្រង់បានប្រព្រឹត្តតាមប្រាជ្ញាពីព្រះតាំងពីដើមក៏ដោយ។ «ស្ត្រីសាសន៍ដទៃបាននាំឲ្យទ្រង់ធ្វើបាបដែរ» ដោយញុះញង់ឲ្យទ្រង់ថ្វាយបង្គំព្រះមិនពិត។—នេហេមា ១៣:២៦; ពង្សាវតារក្សត្រទី១ ១១:១-៦
១០ សាតាំងជា«នាយព្រាន»ដែលដាក់លប់ច្រើនណាស់។ (ទំនុកដំកើង ៩១:៣) ជាឧទាហរណ៍ មនុស្សដែលធ្លាប់ថ្វាយបង្គំជាមួយនឹងយើង ប្រហែលជាព្យាយាមញុះញង់ឲ្យយើងវង្វេងចេញពីផ្លូវដែលពេញទៅដោយពន្លឺខាងវិញ្ញាណ ដោយចូលរួមជាមួយអ្នកក្បត់ជំនឿដែលស្ថិតក្នុងភាពងងឹតវិញ។ ក្នុងចំណោមបងប្អូនគ្រីស្ទាននៅទីក្រុងធាទេរ៉ា មាន«ស្ត្រីឈ្មោះយេសិបិល» ដែលប្រហែលជាសំដៅទៅលើស្ត្រីមួយចំនួនដែលបានបង្ហាត់បង្រៀនបងប្អូនឯទៀតឲ្យថ្វាយបង្គំរូបព្រះនិងធ្វើអំពើកំផិត។ ព្រះយេស៊ូមិនសព្វព្រះហឫទ័យនឹងអំពើអាក្រក់បែបនោះឡើយ ហើយយើងក៏មិនគួរពេញចិត្តនឹងអំពើបែបនោះដែរ។ (វិវរណៈ ២:១៨-២២; យូដាស ៣, ៤) ហេតុនេះហើយ ចូរឲ្យយើងអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ាដើម្បីកុំឲ្យយើងវង្វេងចេញពីបញ្ញត្ដិទ្រង់ ហើយបន្តទទួលពន្លឺពីបន្ទូលទ្រង់វិញ។—ទំនុកដំកើង ១១៩:១១១, ១១២
បន្ទូលរបស់ព្រះទ្រទ្រង់យើង
១១. យោងទៅតាមទំនុកដំកើង ១១៩:១១៩ តើព្រះមានទស្សនៈយ៉ាងណាចំពោះមនុស្សអាក្រក់?
១១ បើយើងមិនវង្វេងចេញពីបញ្ញត្ដិព្រះជានិច្ច ទ្រង់នឹងទ្រទ្រង់យើងប្រៀបដូចជាបង្អែកដែរ។ (ទំនុកដំកើង ១១៩:១១៣-១២០) យើងមិនពេញចិត្តចំពោះ«អស់អ្នកដែលមានចិត្ត២» ដូចព្រះយេស៊ូមិនសព្វព្រះហឫទ័យនឹងមនុស្សសព្វថ្ងៃនេះដែលអះអាងថាជាជនគ្រីស្ទាន តែគ្រាន់តែស្ទើរៗប៉ុណ្ណោះ។ (ទំនុកដំកើង ១១៩:១១៣; វិវរណៈ ៣:១៦) ព្រះយេហូវ៉ាជា‹ខែលរបស់យើង›និងទ្រទ្រង់យើងផង ពីព្រោះយើងបំរើទ្រង់អស់ពីចិត្ត។ ព្រះយេហូវ៉ានឹង‹លើកថ្លឹង[ឬ«បោះចោល», ព.ថ.]អស់អ្នកដែលវង្វេងចេញពីបញ្ញត្ដិទ្រង់› ដោយប្រវារកសេចក្ដីឆបោកនិងសេចក្ដីកំភូត។ (ទំនុកដំកើង ១១៩:១១៤, ១១៧, ១១៨; សុភាសិត ៣:៣២) ព្រះយេហូវ៉ាចាត់ទុកមនុស្សអាក្រក់បែបនោះជា‹ពពុះដែលចេញពីឆ្នាំង[ឬ«កម្ទេចសម្រាម», ខ.ស.]› ដូចជាសម្រាមដែលចេញពីលោហធាតុថ្លៃដូចជាប្រាក់និងមាស។ (ទំនុកដំកើង ១១៩:១១៩; សុភាសិត ១៧:៣) ចូរឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ជានិច្ចចំពោះសេចក្ដីបន្ទាល់របស់ព្រះ ដ្បិតយើងមិនចង់រួមចំណែកជាមួយនឹងមនុស្សអាក្រក់ដែលត្រូវវិនាសទៅដូចជាពពុះសម្រាមនោះឡើយ!
១២. ហេតុអ្វីក៏ការកោតខ្លាចព្រះជាអ្វីដែលសំខាន់ម្ល៉េះ?
១២ អ្នកតែងបទទំនុកដំកើងបានមានប្រសាសន៍ថា៖ «រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់[ព្រះយេហូវ៉ា]»។ (ទំនុកដំកើង ១១៩:១២០) យើងបង្ហាញចិត្តកោតខ្លាចចំពោះព្រះដោយចៀសចេញពីអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ ហើយនេះជាការចាំបាច់ណាស់បើយើងចង់ឲ្យទ្រង់ទ្រទ្រង់យើងដែលជាអ្នកបំរើរបស់ទ្រង់។ ការគោរពកោតខ្លាចព្រះយេហូវ៉ាបាននាំឲ្យលោកយ៉ូបមានរបៀបរស់នៅដ៏សុចរិត។ (យ៉ូប ១:១; ២៣:១៥) ការកោតខ្លាចចំពោះព្រះអាចជួយយើងពុះពារទៅមុខតាមមាគ៌ាដែលផ្គាប់ព្រះហឫទ័យព្រះ មិនថាយើងត្រូវស៊ូទ្រាំនឹងអ្វីៗក៏ដោយ។ ក៏ប៉ុន្តែ ការស៊ូទ្រាំតម្រូវឲ្យយើងអធិស្ឋានដោយចិត្តជឿ។—យ៉ាកុប ៥:១៥
ចូរអធិស្ឋានដោយចិត្តជឿ
១៣-១៥. (ក) ហេតុអ្វីក៏យើងអាចជឿថា ព្រះនឹងធ្វើតាមសេចក្ដីអធិស្ឋានរបស់យើង? (ខ) បើយើងមិនដឹងទូលអ្វីពេលអធិស្ឋាន តើអាចមានអ្វីកើតឡើង? (គ) សូមពន្យល់នូវរបៀបដែលទំនុកដំកើង ១១៩:១២១-១២៨ អាចទាក់ទងនឹង‹ដំងូរដែលយើងរកថ្លែងពុំបាន›ពេលអធិស្ឋាន។
១៣ យើងអាចអធិស្ឋានដោយចិត្តជឿថាព្រះនឹងសំរេចការដើម្បីជួយយើង។ (ទំនុកដំកើង ១១៩:១២១-១២៨) ដូចអ្នកតែងបទទំនុកដំកើង យើងក៏ជឿជាក់ថា ព្រះនឹងធ្វើតាមសេចក្ដីអធិស្ឋានរបស់យើង។ ហេតុអ្វី? ពីព្រោះយើងស្រឡាញ់សេចក្ដីបង្គាប់របស់ព្រះ«ច្រើនជាងមាសសុទ្ធផង»។ ម្យ៉ាងទៀត ‹យើងរាប់អស់ទាំងបញ្ញត្ដិរបស់ព្រះថា ជាត្រឹមត្រូវគ្រប់ប្រការ›។—ទំនុកដំកើង ១១៩:១២៧, ១២៨
១៤ ព្រះយេហូវ៉ាសណ្ដាប់ទំនូលអង្វររបស់យើងពីព្រោះយើងអធិស្ឋានដោយចិត្តជឿហើយប្រព្រឹត្តតាមបញ្ញត្ដិទ្រង់ផង។ (ទំនុកដំកើង ៦៥:២) ប៉ុន្តែ ចុះយ៉ាងណាបើយើងមានបញ្ហាម្ដងម្កាលដែលធ្វើឲ្យសុញគំនិត ហើយយើងមិនដឹងថាគួរអធិស្ឋានទូលយ៉ាងណា? បើដូច្នេះ «វិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ»។ (រ៉ូម ៨:២៦, ២៧) ក្នុងគ្រាលំបាកបែបនោះ ព្រះសព្វព្រះហឫទ័យទទួលស្គាល់សេចក្ដីដែលចែងទុកក្នុងព្រះបន្ទូលរបស់ទ្រង់ជំនួសទំនូលអង្វររបស់យើងផ្ទាល់។
១៥ ក្នុងព្រះគម្ពីរ មានសេចក្ដីអធិស្ឋាននិងគំនិតផ្សេងៗជាច្រើនដែលសមស្របនឹង‹ដំងូរដែលយើងរកថ្លែងពុំបាន›។ ជាឧទាហរណ៍ សូមពិចារណាមើលទំនុកដំកើង ១១៩:១២១-១២៨។ សំណេរក្នុងខទាំងនោះប្រហែលជាទាក់ទងនឹងកាលៈទេសៈរបស់យើង។ ជាឧទាហរណ៍ បើយើងខ្លាចអ្នកដទៃមកគ្របសង្កត់សង្កិនឬបោកប្រាសយើង ប្រហែលជាយើងអាចសុំជំនួយពីព្រះតាមរបៀបដែលអ្នកតែងបទទំនុកដំកើងបានសរសេរនោះ។ (ខ១២១-១២៣) ចុះយ៉ាងណាបើយើងត្រូវសម្រេចចិត្តអំពីរឿងសំខាន់មួយ? យើងអាចអធិស្ឋានសុំវិញ្ញាណរបស់ព្រះយេហូវ៉ាជួយយើងនឹកឃើញនិងធ្វើតាមសេចក្ដីបន្ទាល់ឬសេចក្ដីរំឭករបស់ទ្រង់។ (ខ១២៤, ១២៥) ទោះបីយើង«ស្អប់ដល់គ្រប់ទាំងផ្លូវកំភូត»ក៏ដោយ យើងប្រហែលជាត្រូវសុំព្រះសំរេចការជួយកុំឲ្យយើងចុះចាញ់នឹងអ្វីដែលល្បួងឲ្យរំលងក្រិត្យវិន័យរបស់ទ្រង់។ (ខ១២៦-១២៨) បើយើងអានព្រះគម្ពីររាល់ថ្ងៃ យើងប្រហែលជានឹងនឹកឃើញខល្អៗបែបនេះពេលដែលយើងអង្វរព្រះយេហូវ៉ា។
ជំនួយតាមរយៈសេចក្ដីរំឭករបស់ព្រះយេហូវ៉ា
១៦, ១៧. (ក) ហេតុអ្វីបានជាយើងត្រូវការសេចក្ដីរំឭកពីព្រះ? ហើយតើយើងគួរមានទស្សនៈយ៉ាងណាចំពោះសេចក្ដីរំឭកទាំងនោះ? (ខ) តើមនុស្សដទៃប្រហែលជាមានទស្សនៈយ៉ាងណាចំពោះយើង? ប៉ុន្តែ តើអ្វីទៅជារឿងសំខាន់?
១៦ បើយើងចង់ឲ្យព្រះសណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង ហើយចង់ទទួលព្រះគុណពីទ្រង់ យើងត្រូវធ្វើតាមសេចក្ដីបន្ទាល់ឬសេចក្ដីរំឭកពីទ្រង់។ (ទំនុកដំកើង ១១៩:១២៩-១៣៦) ដោយសារយើងចេះតែភ្លេចនោះ យើងត្រូវការសេចក្ដីរំឭករបស់ទ្រង់ដែលសុទ្ធតែអស្ចារ្យ ដើម្បីនាំឲ្យយើងនឹកគិតពីការណែនាំនិងសេចក្ដីបង្គាប់របស់ទ្រង់។ យើងពិតជាអបអរមែន ពេលទទួលពន្លឺខាងវិញ្ញាណដោយសារការបើកសំដែងថ្មីៗពីបន្ទូលរបស់ព្រះ។ (ទំនុកដំកើង ១១៩:១២៩, ១៣០) យើងក៏មានចិត្តកតញ្ញូដែរ ដែលព្រះយេហូវ៉ាបាន‹ឲ្យព្រះភក្ដ្រទ្រង់ភ្លឺមកលើយើង›ដោយសព្វព្រះហឫទ័យនឹងយើងទោះបី‹ទឹកភ្នែកយើងហូររហាម›ក្ដី ដោយព្រោះមនុស្សដទៃបំពានលើក្រិត្យវិន័យរបស់ព្រះ។—ទំនុកដំកើង ១១៩:១៣៥, ១៣៦; ជនគណនា ៦:២៥
១៧ យើងពិតជាអាចមានព្រះគុណពីព្រះជាដរាបបាន បើយើងធ្វើតាមសេចក្ដីបន្ទាល់ឬសេចក្ដីរំឭករបស់ទ្រង់ដែលសុទ្ធតែសុចរិត។ (ទំនុកដំកើង ១១៩:១៣៧-១៤៤) ក្នុងនាមជាអ្នកបំរើព្រះយេហូវ៉ា យើងទទួលស្គាល់ថា ទ្រង់មានសិទ្ធិរំឭកយើងពីសេចក្ដីបន្ទាល់របស់ទ្រង់ និងបង្គាប់ឲ្យយើងធ្វើតាមសេចក្ដីបន្ទាល់នោះ។ (ទំនុកដំកើង ១១៩:១៣៨) បើអ្នកតែងបទទំនុកដំកើងបានធ្វើតាមបង្គាប់របស់ព្រះ ហេតុអ្វីបានជាគាត់និយាយថា៖ «ទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ»។ (ទំនុកដំកើង ១១៩:១៤១) តាមមើលទៅ គាត់បានសំដៅទៅលើទស្សនៈរបស់សត្រូវចំពោះគាត់។ បើយើងរក្សាឲ្យមានជំហររឹងមាំដោយមិនព្រមលះចោលគោលការណ៍សុចរិតនោះ មនុស្សដទៃប្រហែលជានឹងមើលងាយយើងដែរ។ ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងយើងដោយសារយើងធ្វើតាមសេចក្ដីរំឭកដ៏សុចរិតរបស់ទ្រង់។
មានភាពសុខសាន្ត
១៨, ១៩. តើមានលទ្ធផលអ្វីពីការធ្វើតាមសេចក្ដីរំឭករបស់ព្រះ?
១៨ ការធ្វើតាមសេចក្ដីរំឭករបស់ព្រះជួយយើងរក្សាឲ្យមានភាពជិតស្និទ្ធជាមួយនឹងទ្រង់។ (ទំនុកដំកើង ១១៩:១៤៥-១៥២) ដោយសារយើងយកចិត្តទុកដាក់ចំពោះសេចក្ដីរំឭករបស់ព្រះយេហូវ៉ា យើងមានអារម្មណ៍មិនទើសទាល់ទេ ក្នុងការអង្វរទ្រង់អស់ពីដួងចិត្ត ហើយក៏សង្ឃឹមថាទ្រង់នឹងសណ្ដាប់យើងផង។ យើងប្រហែលជាភ្ញាក់«មុនពេលព្រលឹមស្រាង»ហើយបន្លឺសម្លេងសុំជំនួយ។ នោះពិតជាម៉ោងល្អឲ្យអធិស្ឋាន! (ទំនុកដំកើង ១១៩:១៤៥-១៤៧) ព្រះក៏ចូលមកជិតយើងពីព្រោះយើងចៀសវាងអំពើអាសអាភាស ហើយចាត់ទុកបន្ទូលរបស់ទ្រង់ជាសេចក្ដីពិត ដូចព្រះយេស៊ូបានធ្វើដែរ។ (ទំនុកដំកើង ១១៩:១៥០, ១៥១; យ៉ូហាន ១៧:១៧) ចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាក៏ជួយទ្រទ្រង់យើងក្នុងលោកីយ៍ដ៏ច្របូកច្របល់នេះ ហើយនឹងពង្រឹងកម្លាំងយើងឲ្យឆ្លងកាត់សង្គ្រាមដ៏ធំរបស់ព្រះនៅអើម៉ាគេដូន។—វិវរណៈ ៧:៩, ១៤; ១៦:១៣-១៦
១៩ ដោយសារយើងបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះបន្ទូលរបស់ព្រះ យើងក៏មានភាពសុខសាន្តពិតផងដែរ។ (ទំនុកដំកើង ១១៩:១៥៣-១៦០) មិនដូចមនុស្សអាក្រក់ យើង‹មិនបែរចេញពីសេចក្ដីបន្ទាល់[ឬ«សេចក្ដីរំឭក», ព.ថ.]របស់ព្រះយេហូវ៉ាឡើយ›។ យើងស្រឡាញ់បញ្ញត្ដិរបស់ព្រះ ដូច្នេះយើងមានភាពសុខសាន្តដោយសារទ្រង់បង្ហាញសេចក្ដីសប្បុរសដ៏ស្មោះចំពោះយើង។ (ទំនុកដំកើង ១១៩:១៥៧-១៥៩) សេចក្ដីបន្ទាល់ឬសេចក្ដីរំឭករបស់ព្រះយេហូវ៉ាជួយដាស់ស្មារតីយើងឲ្យនឹកចាំពីអ្វីដែលទ្រង់តម្រូវពីយើងក្នុងកាលៈទេសៈផ្សេងៗ។ ផ្ទុយទៅវិញ បញ្ញត្ដិរបស់ព្រះជាសេចក្ដីបង្គាប់ ហើយយើងទទួលស្គាល់ថា ព្រះមានសិទ្ធិណែនាំផ្លូវរបស់យើងពីព្រោះទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់។ យើងដឹងថា ‹អស់ទាំងព្រះបន្ទូលរបស់ព្រះសុទ្ធតែពិតត្រង់ទាំងអស់› ហើយយើងមិនអាចដំរង់ជំហានរបស់ខ្លួនដោយមិនផ្អែកលើទ្រង់ទេ ដូច្នេះ យើងទទួលការណែនាំពីព្រះដោយចិត្តសប្បាយ។—ទំនុកដំកើង ១១៩:១៦០; យេរេមា ១០:២៣
២០. តើយើងមាន«សេចក្ដីសុខដ៏លើសលប់» ដោយព្រោះអ្វី?
២០ ដោយសារយើងស្រឡាញ់ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា នេះនាំឲ្យយើងមានសេចក្ដីសុខសាន្តដ៏លើសលប់។ (ទំនុកដំកើង ១១៩:១៦១-១៦៨) ការទទួលទុក្ខបៀតបៀនមិនអាចហូតចេញនូវ«សេចក្ដីសុខសាន្តរបស់ព្រះ»ដែលគ្មានអ្វីប្រៀបផ្ទឹមបានទេ។ (ភីលីព ៤:៦, ៧) យើងអបអរចំពោះច្បាប់របស់ព្រះយេហូវ៉ាដល់ម្ល៉េះបានជាយើងអរព្រះគុណសរសើរទ្រង់ជាញឹកញយ គឺ«ក្នុង១ថ្ងៃ ៧ដង» ដោយសារមានច្បាប់ទាំងនោះ។ (ទំនុកដំកើង ១១៩:១៦១-១៦៤) អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ពួកអ្នកដែលស្រឡាញ់ក្រិត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលប់ ហើយគ្មានហេតុនឹងចំពប់ដួលឡើយ»។ (ទំនុកដំកើង ១១៩:១៦៥) បើយើងម្នាក់ៗស្រឡាញ់និងធ្វើតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា យើងនឹងមិនជំពប់ដួលខាងវិញ្ញាណដោយសារទង្វើរបស់អ្នកដទៃឬរឿងណាទៀតឡើយ។
២១. តើមានគំរូអ្វីខ្លះពីព្រះគម្ពីរដែលបង្ហាញថាយើងមិនគួរជំពប់ដួលបើមានរឿងរ៉ាវក្នុងក្រុមជំនុំ?
២១ បុគ្គលជាច្រើនក្នុងកំណត់ហេតុព្រះគម្ពីរមិនបានអនុញ្ញាតឲ្យមានអ្វីៗធ្វើឲ្យពួកគេជំពប់ដួលជារៀងរហូតទេ។ ជាឧទាហរណ៍ បុរសគ្រីស្ទានម្នាក់ឈ្មោះកៃយុស មិនបានជំពប់ដួលដោយសារឌីអូត្រេពបានប្រព្រឹត្តខុសច្បាប់ព្រះឡើយ តែកៃយុសបានបន្ត‹ប្រព្រឹត្តតាមសេចក្ដីពិតដូចគាត់ធ្លាប់›ពីមុន។ (យ៉ូហានទី៣ ១-៣, ៩, ១០) ប៉ុលបានទូន្មានស្ត្រីគ្រីស្ទានឈ្មោះអ៊ើរ៉ូឌានិងស៊ុនទីច«ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់» ប្រហែលជាដោយសារមានជំទាស់រវាងបុគ្គលពីរនាក់នោះ។ តាមមើលទៅ ស្ត្រីទាំងពីរនាក់នោះបានទទួលជំនួយដើម្បីដោះស្រាយបញ្ហាដែលពួកគាត់មាន ហើយបានបន្តបំរើព្រះយេហូវ៉ាដោយស្មោះត្រង់។ (ភីលីព ៤:២, ៣) ដូច្នេះ មិនគួរឲ្យយើងជំពប់ដួលទេ បើមានរឿងរ៉ាវណាមួយក្នុងក្រុមជំនុំ។ ចូរឲ្យយើងកាន់តាមបញ្ញត្ដិរបស់ព្រះយេហូវ៉ាដោយប្រុងស្មារតីជានិច្ច ហើយចាំថា ‹អស់ទាំងផ្លូវដែលយើងប្រព្រឹត្ត នោះសុទ្ធតែនៅចំពោះទ្រង់ហើយ›។ (ទំនុកដំកើង ១១៩:១៦៨; សុភាសិត ១៥:៣) បើដូច្នេះ គ្មានអ្វីសោះអាចដកហូតនូវ«សេចក្ដីសុខដ៏លើសលប់»ចេញពីយើងបានឡើយ។
២២. (ក) បើយើងស្ដាប់បង្គាប់ព្រះ តើយើងអាចទទួលឯកសិទ្ធិអ្វី? (ខ) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះបងប្អូនខ្លះដែលបានវង្វេងចេញពីក្រុមជំនុំគ្រីស្ទាន?
២២ ប្រសិនបើយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ច យើងនឹងមានឯកសិទ្ធិសរសើរទ្រង់ជារៀងរហូត។ (ទំនុកដំកើង ១១៩:១៦៩-១៧៦) បើយើងប្រព្រឹត្តតាមបញ្ញត្ដិរបស់ព្រះ យើងនឹងមិនគ្រាន់តែមានភាពសុខសាន្តខាងវិញ្ញាណប៉ុណ្ណោះទេ តែ‹បបូរមាត់របស់យើងនឹងបន្តពោលពាក្យសរសើរ›ដែរ។ (ទំនុកដំកើង ១១៩:១៦៩-១៧១, ១៧៤) នេះជាឯកសិទ្ធិដ៏អស្ចារ្យបំផុតដែលយើងអាចមានក្នុងជាន់ក្រោយបង្អស់នេះ។ អ្នកតែងបទទំនុកដំកើងមានចិត្តចង់រស់និងសរសើរព្រះយេហូវ៉ាជានិច្ច តែយើងមិនដឹងថាមូលហេតុអ្វីបានជា គាត់«បានវង្វេងទៅ ដូចជាចៀមបាត់បង់»។ (ទំនុកដំកើង ១១៩:១៧៥, ១៧៦) បងប្អូនខ្លះដែលវង្វេងចេញពីក្រុមជំនុំគ្រីស្ទានប្រហែលជានៅតែស្រឡាញ់ព្រះនិងចង់សរសើរទ្រង់ទៀត។ ដូច្នេះ ចូរឲ្យយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយពួកគាត់រកឃើញនូវភាពសុខសាន្តខាងវិញ្ញាណម្ដងទៀត និងមានអំណរដែលមកពីការសរសើរព្រះយេហូវ៉ាជាមួយនឹងរាស្ត្រទ្រង់។—ហេព្រើរ ១៣:១៥; ពេត្រុសទី១ ៥:៦, ៧
ពន្លឺដែលបំភ្លឺផ្លូវរបស់យើងជានិច្ច
២៣, ២៤. តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីបទទំនុកដំកើងទី១១៩?
២៣ យើងអាចទទួលប្រយោជន៍តាមរបៀបផ្សេងៗពីបទទំនុកដំកើងទី១១៩។ ជាឧទាហរណ៍ ទំនុកមួយនេះអាចជួយយើងពឹងផ្អែកលើព្រះឲ្យបានច្រើនជាង ដ្បិតបទនេះបង្ហាញថា ពរឬសុភមង្គលពិតតែងមកពីការ«ដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។ (ទំនុកដំកើង ១១៩:១) អ្នកតែងបទទំនុកដំកើងរំឭកយើងថា ‹អស់ទាំងព្រះបន្ទូលរបស់ព្រះសុទ្ធតែពិតត្រង់ទាំងអស់›។ (ទំនុកដំកើង ១១៩:១៦០) នេះច្បាស់ជាគួរធ្វើឲ្យយើងមានចិត្តអបអរកាន់តែច្រើនចំពោះព្រះបន្ទូលទាំងមូលរបស់ព្រះដែលជាលាយលក្ខណ៍អក្សរ។ ការរំពឹងគិតលើទំនុកដំកើងទី១១៩ គួរជំរុញចិត្តយើងឲ្យសិក្សាព្រះគម្ពីរដោយខ្នះខ្នែង។ អ្នកតែងបទទំនុកដំកើងបានអង្វរព្រះម្ដងហើយម្ដងទៀតថា៖ «សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ»។ (ទំនុកដំកើង ១១៩:១២, ៦៨, ១៣៥) គាត់ក៏បានអង្វរថា៖ «សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាធ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ»។ (ទំនុកដំកើង ១១៩:៦៦) យើងក៏គួរអធិស្ឋានដូចនេះដែរ។
២៤ សេចក្ដីបង្រៀនពីព្រះអាចបើកលទ្ធភាពឲ្យយើងមានចំណងមិត្តភាពជិតសិទ្ធិជាមួយនឹងព្រះយេហូវ៉ា។ ម្ដងហើយម្ដងទៀត អ្នកតែងបទទំនុកដំកើងហៅខ្លួនជាអ្នកបំរើរបស់ព្រះ។ ការពិត គាត់ទូលថ្វាយព្រះយេហូវ៉ាដោយប្រើពាក្យដែលបង្ហាញនូវភាពកក់ក្ដៅថា៖ «ទូលបង្គំជារបស់ផងទ្រង់ហើយ»។ (ទំនុកដំកើង ១១៩:១៧, ៦៥, ៩៤, ១២២, ១២៥; រ៉ូម ១៤:៨) ការបំរើនិងសរសើរព្រះយេហូវ៉ាជាស្មរបន្ទាល់របស់ទ្រង់ ពិតជាឯកសិទ្ធិដ៏អស្ចារ្យមែន! (ទំនុកដំកើង ១១៩:៧) តើអ្នកកំពុងតែបំរើព្រះដោយក្ដីអំណរ ហើយធ្វើជាអ្នកប្រកាសព្រះរាជាណាចក្ររបស់ទ្រង់ឬទេ? បើកំពុងតែធ្វើជាអ្នកប្រកាសមែន ចូរជឿជាក់ថា ព្រះយេហូវ៉ានឹងទ្រទ្រង់ហើយប្រទានពរលើអ្នកជាបន្តក្នុងកិច្ចការពិសេសនេះ ឲ្យតែអ្នកទុកចិត្តទៅលើព្រះបន្ទូលនៃព្រះនិងអនុញ្ញាតឲ្យបន្ទូលនោះបំភ្លឺផ្លូវរបស់អ្នកជានិច្ច។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីក៏យើងគួរពេញចិត្តនឹងបន្ទូលរបស់ព្រះ?
• តើបន្ទូលរបស់ព្រះទ្រទ្រង់យើងយ៉ាងណា?
• តើសេចក្ដីរំឭករបស់ព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេច?
• ហេតុអ្វីបានជារាស្ត្ររបស់ព្រះយេហូវ៉ាមានភាពសុខសាន្ត?
[រូបភាពនៅទំព័រ២៥]
បើយើងស្រឡាញ់សេចក្ដីរំឭកពីព្រះយេហូវ៉ា ទ្រង់នឹងមិនចាត់ទុកយើងជា‹ពពុះសម្រាម›ឡើយ
[រូបភាពនៅទំព័រ២៦]
បើយើងអានព្រះគម្ពីររាល់ថ្ងៃ យើងប្រហែលជានឹងនឹកឃើញខល្អៗពេលអធិស្ឋានដែលអាចជួយយើងបាន