ព្រះយេហូវ៉ាជាជំនួយរបស់យើង
«សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃនឹងផែនដី»។—ទំនុកដំកើង ១២១:២
១, ២. (ក) ហេតុអ្វីយើងទាំងអស់គ្នាត្រូវការជំនួយម្ដងម្កាល? (ខ) តើព្រះយេហូវ៉ាជាអ្នកជួយដែលមានលក្ខណៈបែបណា?
មនុស្សគ្រប់រូបត្រូវការជំនួយម្ដងម្កាល មែនទេ? តាមការពិត យើងទាំងអស់គ្នាម្ដងម្កាលត្រូវការជំនួយដើម្បីស៊ូទ្រាំនឹងបញ្ហាធំណាមួយ ឬស៊ូទ្រាំនឹងការល្បងលឬទុក្ខលំបាក ឬក៏ស៊ូទ្រាំពេលមានការព្រាត់ប្រាសឬបាត់បង់ដែលនាំឲ្យកើតទុក្ខ ក្រៀមក្រំចិត្ត។ នៅពេលដែលត្រូវការជំនួយ មនុស្សតែងតែទៅរកមិត្តភក្ដិដែលស្រឡាញ់ពួកគេ។ ពេលដែលមិត្តភក្ដិយកអាសាយើងនោះ យើងអាចទ្រាំនឹងបញ្ហាបានស្រួលជាង។ ប៉ុន្តែ ជំនួយពីមនុស្សមានកំរិត។ ម្យ៉ាងទៀត មនុស្សមិនតែងមានសមត្ថភាពឬលទ្ធភាពជួយយើងពេលមានសេចក្ដីត្រូវការនោះឡើយ។
២ ក៏ប៉ុន្តែ មានព្រះមួយអង្គដែលអាចជួយយើងបាន។ ទ្រង់មានអំណាចនិងធនធានមិនចេះអស់។ បន្ថែមទៅទៀត ទ្រង់សន្យាថា ទ្រង់នឹងមិនដែលបោះបង់យើងចោលឡើយ។ អ្នកតែងបទទំនុកដំកើងបានប្រាប់នាមរបស់ព្រះមួយអង្គនោះដែលអាចជួយបាន ពេលថ្លែងដោយជំនឿមុតមាំថា៖ «សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ»។ (ទំនុកដំកើង ១២១:២) ហេតុអ្វីក៏អ្នកតែងទំនុកនេះជឿជាក់ថាព្រះយេហូវ៉ានឹងជួយគាត់? ដើម្បីឆ្លើយសំនួរនេះ យើងនឹងពិនិត្យមើលទំនុកទី១២១។ ការពិនិត្យមើលទំនុកទី១២១នឹងជួយឲ្យយើងយល់នូវមូលហេតុដែលយើងក៏អាចពឹងពាក់ព្រះយេហូវ៉ាដោយមានជំនឿមុតមាំថា ទ្រង់ជាអ្នកជួយយើង។
ប្រភពជំនួយដែលអាចពឹងជានិច្ច
៣. តើអ្នកតែងទំនុកនេះប្រហែលជាបានងើយភ្នែកមើលភ្នំអ្វី? ហេតុអ្វី?
៣ មុនដំបូង អ្នកតែងទំនុកនេះបានបញ្ជាក់ថាយើងអាចទុកចិត្តលើព្រះយេហូវ៉ាដោយសារទ្រង់ជាអ្នកបង្កើត។ គាត់បានសរសេរថា៖ «ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា? សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃនឹងផែនដី»។ (ទំនុកដំកើង ១២១:១, ២) អ្នកតែងទំនុកនេះកំពុងតែសំដៅលើភ្នំពិសេស។ ពេលដែលគាត់សរសេរពាក្យនេះ ព្រះវិហាររបស់ព្រះយេហូវ៉ាស្ថិតនៅទីក្រុងយេរូសាឡិម។ ទីក្រុងនោះស្ថិតនៅទីខ្ពស់លើភ្នំស្រុកយូដា ធ្លាប់ជាដំណាក់របស់ព្រះយេហូវ៉ាបើនិយាយជាអត្ថបដិរូប។ (ទំនុកដំកើង ១៣៥:២១) ដោយមានជំនឿជាក់ថានឹងបានជំនួយ អ្នកតែងទំនុកនេះប្រហែលជាបានងើយភ្នែកមើលទៅលើភ្នំទាំងប៉ុន្មាននៅក្រុងយេរូសាឡិម ដែលនៅលើនោះមានព្រះវិហាររបស់ព្រះយេហូវ៉ា។ ហេតុអ្វីបានជាគាត់ប្រាកដក្នុងចិត្តថាព្រះយេហូវ៉ាអាចជួយគាត់បាន? ពីព្រោះទ្រង់ជា«ព្រះដែលបង្កើតផ្ទៃមេឃនឹងផែនដី»។ បើនិយាយម្យ៉ាងវិញទៀត អ្នកតែងទំនុកនេះចង់ប្រាប់ថា‹ប្រាកដជាគ្មានអ្វីអាចឃាត់អ្នកបង្កើតដែលមានគ្រប់ព្រះចេស្ដាពីការជួយខ្ញុំទេ!›។—អេសាយ ៤០:២៦
៤. ដើម្បីពន្យល់ថាព្រះយេហូវ៉ាតែងយកព្រះទ័យទុកដាក់នឹងសេចក្ដីត្រូវការរបស់រាស្ត្រទ្រង់នោះ តើអ្នកតែងទំនុកបានសរសេរយ៉ាងណា? ហេតុអ្វីនេះបង្កើនទំនុកចិត្តរបស់យើង?
៤ ក្រោយមក អ្នកតែងទំនុកនេះពន្យល់ថា ព្រះយេហូវ៉ាតែងយកព្រះទ័យទុកដាក់នឹងសេចក្ដីត្រូវការរបស់អ្នកបំរើទ្រង់។ គាត់សរសេរថា៖ «ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ មើល! ព្រះអង្គដែលរក្សាអ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ»។ (ទំនុកដំកើង ១២១:៣, ៤) ព្រះមិនអាចឲ្យអ្នកដែលទុកចិត្តទ្រង់«រឥលភ្លាត់»ឬដួលក្រោកឡើងលែងបាននោះឡើយ។ (សុភាសិត ២៤:១៦) តើហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាគឺដូចជាអ្នកគង្វាលដែលមិនងោកងុយពេលកំពុងតែចាំយាមហ្វូងចៀម។ ចំណុចនេះពិតជាលើកទឹកចិត្តណាស់ មែនទេ? ទ្រង់មិនដែលបិទព្រះនេត្រនឹងសេចក្ដីត្រូវការរបស់រាស្ត្រទ្រង់ សូម្បីតែមួយរំពេចក៏ដោយ។ ទ្រង់ប្រុងស្មារតីយាមពួកគេទាំងយប់ទាំងថ្ងៃ។
៥. ហេតុអ្វីអាចនិយាយថាព្រះយេហូវ៉ាឈរនៅ«ខាងស្ដាំ»?
៥ ដោយជឿជាក់ថាព្រះយេហូវ៉ាការពាររាស្ត្រទ្រង់យ៉ាងស្មោះត្រង់នោះ អ្នកតែងទំនុកបានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្ដាំអ្នក។ នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយ ហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ»។ (ទំនុកដំកើង ១២១:៥, ៦) នៅមជ្ឈិមបូព៌ា អ្នកដែលត្រូវដើរឆ្ងាយៗពិតជានឹងសប្បាយមែន បើឃើញកន្លែងមានម្លប់អាចជ្រកការពារពីកំដៅព្រះអាទិត្យនោះ។ ព្រះយេហូវ៉ាការពាររាស្ត្រទ្រង់ពីអន្តរាយ ដូចម្លប់ការពារពីកំដៅព្រះអាទិត្យ។ សូមកត់សម្គាល់ខនោះថា ព្រះយេហូវ៉ាឈរ«នៅខាងស្ដាំ»។ ពេលមានសង្គ្រាមនៅសម័យបុរាណ ខែលដែលទាហានម្នាក់ៗកាន់មិនបានការពារដៃស្ដាំរបស់ពួកគេទាំងស្រុងឡើយ ពីព្រោះពួកគេកាន់ខែលនៅដៃឆ្វេង។ មិត្តភក្ដិស្មោះត្រង់ម្នាក់អាចជួយការពារទាហាននោះដោយឈរតយុទ្ធនៅខាងស្ដាំគាត់។ ព្រះយេហូវ៉ាគឺដូចជាមិត្តភក្ដិស្មោះត្រង់នោះ ដ្បិតទ្រង់គង់នៅជាមួយនឹងអ្នកថ្វាយបង្គំទ្រង់ ថែមទាំងប្រុងជួយជានិច្ច។
៦, ៧. (ក) តើអ្នកតែងទំនុកដំកើងពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ានឹងមិនឈប់ជួយរាស្ត្រទ្រង់យ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងអាចជឿជាក់ដូចអ្នកតែងទំនុកនោះ?
៦ តើក្រោយមកព្រះយេហូវ៉ានឹងឈប់ជួយរាស្ត្រទ្រង់ទេ? ពិតជាមិនអាចទេ! អ្នកតែងទំនុកបានបញ្ចប់សេចក្ដីដោយសរសេរថា៖ «ព្រះយេហូវ៉ានឹងរក្សាអ្នកឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ»។ (ទំនុកដំកើង ១២១:៧, ៨) សូមកត់សម្គាល់ថា មុនដំបូងអ្នកតែងទំនុកបាននិយាយអំពីបច្ចុប្បន្នកាល តែក្រោយមកប្ដូរទៅនិយាយអំពីអនាគតវិញ។ ក្នុងខ៥គាត់សរសេរថា៖ «ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក»។ នេះសំដៅទៅបច្ចុប្បន្នកាល។ ប៉ុន្តែ ក្នុងខ៧និង៨ គាត់សរសេរថា៖ «ព្រះយេហូវ៉ានឹងរក្សាអ្នក»។ នេះពង្រឹងទំនុកចិត្តរបស់អ្នកថ្វាយបង្គំពិតដោយដឹងថា ព្រះយេហូវ៉ានឹងជួយពួកគេជាដរាប។ មិនថាពួកគេទៅកន្លែងណាឬជួបនឹងវិបត្ដិអ្វីក៏ដោយ ក៏ពួកគេអាចពឹងជំនួយទ្រង់ជានិច្ច។—សុភាសិត ១២:២១
៧ ពិតមែន អ្នកសរសេរទំនុក១២១ជឿជាក់ថា ព្រះដែលមានគ្រប់ព្រះចេស្ដាទ្រង់ថែរក្សាថ្នាក់ថ្នមអ្នកបំរើរបស់ទ្រង់ដូចអ្នកគង្វាលដែលស្រឡាញ់ចៀម ហើយទ្រង់ក៏ប្រុងស្មារតីដូចអ្នកយាមផងដែរ។ យើងមានហេតុត្រឹមត្រូវឲ្យជឿជាក់ដូចអ្នកតែងបទទំនុកនោះ ដ្បិតព្រះយេហូវ៉ាមិនប្រែប្រួលឡើយ។ (ម៉ាឡាគី ៣:៦) តើនេះមានន័យថាទ្រង់នឹងការពារយើងខាងរូបកាយជានិច្ចទេ? មិនមានន័យដូច្នេះទេ! ប៉ុន្តែដរាបណាដែលយើងពឹងទ្រង់ជាអ្នកជួយយើង ទ្រង់នឹងការពារយើងពីអ្វីទាំងអស់ដែលអាចនាំឲ្យជួបនឹងគ្រោះថ្នាក់ខាងវិញ្ញាណ។ ធម្មតាយើងឆ្ងល់ថា ‹តើព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេច?›។ យើងនឹងពិចារណាវិធីបួនយ៉ាងដែលទ្រង់ជួយយើង។ ក្នុងអត្ថបទនេះយើងនឹងពិចារណាវិធីដែលទ្រង់ធ្លាប់ជួយអ្នកបំរើរបស់ទ្រង់នៅសម័យបុរាណ។ អត្ថបទបន្ទាប់នឹងពន្យល់វិធីដែលទ្រង់ជួយរាស្ត្ររបស់ទ្រង់សព្វថ្ងៃនេះ។
ជំនួយពីបណ្ដាទេវតា
៨. ហេតុអ្វីមិនមែនជាការចម្លែកដែលទេវតាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសេចក្ដីសុខរបស់អ្នកបំរើព្រះនៅផែនដី?
៨ ព្រះយេហូវ៉ាមានទេវតារាប់លានរូបនៅក្រោមបង្គាប់ទ្រង់។ (ដានីយ៉ែល ៧:៩, ១០) បុត្រវិញ្ញាណទាំងនោះធ្វើតាមព្រះហឫទ័យរបស់ព្រះយ៉ាងស្មោះត្រង់។ (ទំនុកដំកើង ១០៣:២០) ទេវតាទាំងនោះដឹងច្បាស់ថា ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះមនុស្សដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ចង់ជួយពួកគេ។ គ្មានអ្វីចម្លែកឡើយដែលទេវតាក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសេចក្ដីសុខរបស់អ្នកដែលបំរើព្រះនៅផែនដី។ (លូកា ១៥:១០) ដូច្នេះ បណ្ដាទេវតាច្បាស់ជាសប្បាយពេលដែលព្រះយេហូវ៉ាប្រើពួកគេដើម្បីជួយមនុស្ស។ តើព្រះយេហូវ៉ាធ្លាប់ប្រើទេវតាដើម្បីជួយមនុស្សដែលបំរើទ្រង់នៅសម័យបុរាណយ៉ាងដូចម្ដេចខ្លះ?
៩. សូមឲ្យឧទាហរណ៍ដែលបញ្ជាក់ថាព្រះប្រគល់អំណាចឲ្យទេវតាការពារមនុស្សស្មោះភក្ដី។
៩ ព្រះធ្លាប់ប្រគល់អំណាចឲ្យទេវតាការពារនិងរំដោះមនុស្សស្មោះភក្ដី។ ទេវតាពីររូបបានជួយឡុតនិងកូនស្រីរបស់គាត់ឲ្យរួចរស់ជីវិតពេលដែលទីក្រុងសូដុំមនិងកូម៉ូរ៉ាត្រូវបំផ្លាញចោល។ (លោកុប្បត្តិ ១៩:១, ១៥-១៧) ទេវតាតែមួយប៉ុណ្ណោះបានសម្លាប់ទាហាន១៨៥.០០០នាក់របស់សាសន៍អាសស៊ើរ ដែលគំរាមកំហែងទីក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) នៅពេលដែលដានីយ៉ែលត្រូវបោះទម្លាក់ទៅក្នុងរូងសិង្ហ ព្រះយេហូវ៉ា«ចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់»។ (ដានីយ៉ែល ៦:២១, ២២) ទេវតាមួយរូបបានដោះលែងសាវ័កពេត្រុសឲ្យចេញពីគុក។ (កិច្ចការ ១២:៦-១១) ព្រះគម្ពីរមានឧទាហរណ៍ជាច្រើនឯទៀតអំពីពេលដែលទេវតាបានការពារមនុស្ស។ នេះបញ្ជាក់អ្វីដែលចែងនៅទំនុកដំកើង ៣៤:៧ថា៖ «ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។
១០. តើព្រះយេហូវ៉ាបានប្រើទេវតាមួយរូបដើម្បីលើកទឹកចិត្តដានីយ៉ែលយ៉ាងដូចម្ដេច?
១០ ជួនកាល ព្រះយេហូវ៉ាប្រើទេវតាដើម្បីលើកទឹកចិត្ត ពង្រឹងកម្លាំងមនុស្សស្មោះភក្ដី។ មានឧទាហរណ៍មួយដែលលើកទឹកចិត្តយើងនៅដានីយ៉ែលជំពូកទី១០។ នៅគ្រានោះ ដានីយ៉ែលប្រហែលជាមានអាយុជិត១០០ឆ្នាំហើយ។ តាមមើលទៅ គាត់បានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងដោយសារទីក្រុងយេរូសាឡិមមានសភាពស្ងាត់ជ្រងំ ហើយប្រជាជនបង្អែបង្អង់មិនទាន់កសាងព្រះវិហារឡើងវិញឡើយ។ ចក្ខុនិមិត្តមួយដែលគួរឲ្យខ្លាចក៏បានរំខានចិត្តគាត់ដែរ។ (ដានីយ៉ែល ១០:២, ៣, ៨) ព្រះបានបង្ហាញសេចក្ដីស្រឡាញ់ដោយចាត់ទេវតាមួយរូបទៅលើកទឹកចិត្តដានីយ៉ែល។ ទេវតានោះបានរំឭកដានីយ៉ែលម្ដងហើយម្ដងទៀតថា គាត់«ជាអ្នកសំណប់យ៉ាងសំខាន់»ចំពោះព្រះ។ តើមានលទ្ធផលយ៉ាងណា? ព្យាការីដែលមានវ័យចាស់នេះប្រាប់ទេវតាថា៖ «លោកបានចំរើនកំឡាំងដល់ខ្ញុំហើយ»។—ដានីយ៉ែល ១០:១១, ១៩
១១. តើមានឧទាហរណ៍អ្វីដែលបង្ហាញនូវវិធីដែលទេវតាបានត្រូវប្រើដើម្បីដឹកនាំកិច្ចផ្សព្វផ្សាយដំណឹងល្អ?
១១ ព្រះយេហូវ៉ាក៏បានប្រើទេវតាដើម្បីដឹកនាំកិច្ចផ្សព្វផ្សាយដំណឹងល្អដែរ។ ទេវតាមួយរូបបានណែនាំភីលីពឲ្យទៅផ្សព្វផ្សាយអំពីព្រះគ្រីស្ទដល់បុរសជនជាតិអេចូពីម្នាក់ ហើយក្រោយមកបុរសនោះបានទទួលបុណ្យជ្រមុជទឹក។ (កិច្ចការ ៨:២៦, ២៧, ៣៦, ៣៨) មិនយូរក្រោយនោះ ព្រះសព្វព្រះហឫទ័យឲ្យដំណឹងល្អត្រូវផ្សាយដល់សាសន៍ដទៃដែលមិនកាត់ស្បែក។ កូនេលាស បុរសសាសន៍ដទៃម្នាក់ដែលកោតខ្លាចព្រះបានឃើញចក្ខុនិមិត្ត ដែលក្នុងនោះទេវតាមួយរូបបានលេចមកឲ្យឃើញ ហើយបានប្រាប់គាត់ឲ្យចាត់មនុស្សទៅហៅសាវ័កពេត្រុស។ នៅពេលដែលអ្នកនាំសាររកពេត្រុសឃើញហើយ ពួកគេប្រាប់ថា៖ «កូនេលាស . . . បានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្ដាប់លោកគ្រូអធិប្បាយខ្លះ»។ ពេត្រុសបានទៅជាមួយពួកគេ ហើយជនសាសន៍ដទៃដំបូងបង្អស់បានទៅជាសមាជិកក្រុមជំនុំគ្រីស្ទាននៅពេលនោះ។ (កិច្ចការ ១០:២២, ៤៤-៤៨) សូមគិតទៅមើល! តើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើដឹងថាទេវតាបានជួយអ្នករកឃើញមនុស្សដែលត្រូវបានជីវិតអស់កល្បជានិច្ចនោះ!
ជំនួយតាមរយៈវិញ្ញាណបរិសុទ្ធ
១២, ១៣. (ក) ហេតុអ្វីបានជាសាវ័ករបស់ព្រះយេស៊ូមានមូលហេតុត្រឹមត្រូវក្នុងការជឿថា វិញ្ញាណបរិសុទ្ធអាចជួយពួកគេបាននោះ? (ខ) តើវិញ្ញាណបរិសុទ្ធបានផ្ដល់កម្លាំងដល់គ្រីស្ទាននៅសតវត្សរ៍ទីមួយឲ្យធ្វើអ្វី?
១២ មិនយូរមុនដែលព្រះយេស៊ូសោយទិវង្គតនោះ ទ្រង់បានសន្យានឹងសាវ័ករបស់ទ្រង់ថា ព្រះនឹងមិនបោះបង់ចោលពួកគាត់ដោយឥតផ្ដល់ជំនួយនោះឡើយ។ ព្រះវរបិតានឹងប្រទាននូវ«ជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ»។ (យ៉ូហាន ១៤:២៦) សាវ័ករបស់ទ្រង់មានហេតុត្រឹមត្រូវក្នុងការជឿថា វិញ្ញាណបរិសុទ្ធអាចជួយពួកគាត់បាន។ យ៉ាងណាមិញ បទគម្ពីរដែលព្រះបានបណ្ដាលឲ្យសរសេរ គឺពោរពេញទៅដោយឧទាហរណ៍អំពីវិធីព្រះយេហូវ៉ាបានប្រើវិញ្ញាណបរិសុទ្ធដែលជាថាមពលខ្លាំងបំផុតដើម្បីជួយរាស្ត្រទ្រង់។
១៣ ជាច្រើនដង វិញ្ញាណបរិសុទ្ធបានត្រូវប្រើដើម្បីផ្ដល់កម្លាំងដល់មនុស្សឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះ។ វិញ្ញាណបរិសុទ្ធបានផ្ដល់កម្លាំងដល់ពួកចៅហ្វាយដើម្បីអាចរំដោះសាសន៍អ៊ីស្រាអែល។ (ពួកចៅហ្វាយ ៣:៩, ១០; ៦:៣៤) វិញ្ញាណដដែលនោះបានផ្ដល់កម្លាំងដល់ជនគ្រីស្ទាននៅសតវត្សរ៍ទីមួយ ដើម្បីបន្តផ្សព្វផ្សាយយ៉ាងក្លាហានទោះជាមានការប្រឆាំងក៏ដោយ។ (កិច្ចការ ១:៨; ៤:៣១) ជោគជ័យរបស់ពួកគេក្នុងកិច្ចផ្សព្វផ្សាយជាភស្តុតាងគួរឲ្យជឿថា វិញ្ញាណបរិសុទ្ធបានមានឥទ្ធិពលលើពួកគេ។ បើមិនមែនមកពីវិញ្ញាណបរិសុទ្ធ តើមនុស្សដែល«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មាន»នឹងអាចផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះទូទាំងពិភពលោកនៅសម័យនោះបានយ៉ាងដូចម្ដេច?—កិច្ចការ ៤:១៣; កូល៉ុស ១:២៣
១៤. តើព្រះយេហូវ៉ាបានប្រើវិញ្ញាណបរិសុទ្ធដើម្បីបំភ្លឺភ្នែករាស្ត្រទ្រង់យ៉ាងដូចម្ដេច?
១៤ ព្រះយេហូវ៉ាក៏ធ្លាប់ប្រើវិញ្ញាណបរិសុទ្ធដើម្បីបំភ្លឺភ្នែករាស្ត្រទ្រង់។ ដោយមានជំនួយពីវិញ្ញាណបរិសុទ្ធនោះ យ៉ូសែបបានបកស្រាយសុបិនរបស់ស្តេចផារ៉ោន។ (លោកុប្បត្តិ ៤១:១៦,៣៨, ៣៩) តាមរយៈវិញ្ញាណរបស់ទ្រង់ ព្រះយេហូវ៉ាបានសម្ដែងឲ្យមនុស្សមានចិត្តរាបទាបយល់ពីគោលបំណងរបស់ទ្រង់ ប៉ុន្តែបានលាក់សេចក្ដីនោះពីមនុស្សអួតខ្លួនវិញ។ (ម៉ាថាយ ១១:២៥) ហេតុនេះ ស្តីអំពីអ្វីដែលព្រះយេហូវ៉ាប្រទាន«សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»នោះ សាវ័កប៉ុលបាននិយាយថា៖ «ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់»។ (កូរិនថូសទី១ ២:៧-១០) ពិតជាត្រូវមានជំនួយពីវិញ្ញាណរបស់ព្រះ ទើបអាចយល់នូវគោលបំណងរបស់ព្រះជាក់ច្បាស់បាន។
ជំនួយពីព្រះបន្ទូលរបស់ព្រះ
១៥, ១៦. ដើម្បីឲ្យចំរើនឡើងនូវគ្រប់ទាំងផ្លូវ តើយ៉ូស្វេបានត្រូវណែនាំឲ្យធ្វើអ្វី?
១៥ ព្រះបន្ទូលដែលព្រះបានបណ្ដាលឲ្យសរសេរនោះ គឺ«មានប្រយោជន៍សំរាប់ការបង្រៀន»ហើយក៏ផ្ដល់សមត្ថភាពឲ្យអ្នកបំរើព្រះ«មានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះគម្ពីរមានឧទាហរណ៍ជាច្រើនដែលបង្ហាញថា រាស្ត្ររបស់ព្រះនៅសម័យបុរាណបានទទួលជំនួយពីផ្នែកណានៃព្រះបន្ទូលរបស់ទ្រង់ ដែលបានកត់សរសេររួចហើយនៅសម័យនោះ។
១៦ បទគម្ពីរបានជួយអ្នកថ្វាយបង្គំព្រះដោយផ្ដល់ការណែនាំដ៏ត្រឹមត្រូវ។ នៅពេលដែលយ៉ូស្វេទទួលរងភារកិច្ចដឹកនាំសាសន៍អ៊ីស្រាអែលនោះ គាត់បានប្រាប់ថា៖ «កុំឲ្យគម្ពីរក្រិត្យវិន័យនេះ[ដែលម៉ូសេបានកត់សរសេរ]ភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង»។ សូមកត់សម្គាល់ ព្រះមិនបានសន្យាថា ទ្រង់នឹងធ្វើអព្ភូតហេតុប្រទានប្រាជ្ញាដល់យ៉ូស្វេទេ។ ផ្ទុយទៅវិញ យ៉ូស្វេត្រូវអាននិងរំពឹងគិតពី«គម្ពីរក្រិត្យវិន័យ»នោះ ទើបគាត់នឹងចំរើនឡើង។—យ៉ូស្វេ ១:៨; ទំនុកដំកើង ១:១-៣
១៧. តើដានីយ៉ែលនិងស្តេចយ៉ូសៀសបានទទួលជំនួយយ៉ាងដូចម្ដេចពីការអានបទគម្ពីរដែលមាននៅសម័យនោះ?
១៧ ព្រះបន្ទូលដែលបានត្រូវសរសេរនោះក៏បានជួយបើកសម្ដែងឲ្យយល់នូវព្រះហឫទ័យនិងគោលបំណងរបស់ព្រះ។ ជាឧទាហរណ៍ ដានីយ៉ែលបានអានសំនេររបស់យេរេមា រួចបានយល់អំពីរយៈពេលដែលទីក្រុងយេរូសាឡិមនឹងមានសភាពស្ងាត់ជ្រងំ។ (យេរេមា ២៥:១១; ដានីយ៉ែល ៩:២) សូមពិចារណាដែរនូវអ្វីដែលបានកើតឡើងក្នុងកំឡុងរជ្ជកាលស្តេចយ៉ូសៀសនៅស្រុកយូដា។ នៅសម័យនោះ សាសន៍អ៊ីស្រាអែលបានចាកចេញពីព្រះយេហូវ៉ា ហើយតាមមើលទៅស្តេចទាំងប៉ុន្មានមិនបានចម្លងក្រិត្យវិន័យទុកសំរាប់អង្គទ្រង់ផ្ទាល់ទេក៏មិនបានធ្វើតាមដែរ។ (ចោទិយកថា ១៧:១៨-២០) ប៉ុន្តែ ពេលដែលកំពុងតែជួសជុលព្រះវិហារនោះ «គម្ពីរក្រិត្យវិន័យ»បានត្រូវរកឃើញ ប្រហែលជាក្រិត្យវិន័យដែលម៉ូសេបានសរសេរដោយផ្ទាល់ដៃ។ នេះប្រហែលជាឯកសារដើមដំបូង ដែលបានសរសេរប្រមាណ៨០០ឆ្នាំមុន។ ក្រោយស្តេចយ៉ូសៀសស្ដាប់ពួកគេអានវិន័យនោះ ទ្រង់បានទទួលស្គាល់ថា សាសន៍អ៊ីស្រាអែលបានបែរចេញឆ្ងាយប៉ុនណាពីព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយស្តេចយ៉ូសៀសបានចាត់វិធានការម៉ឺងម៉ាត់ដើម្បីធ្វើតាមអ្វីដែលបានសរសេរក្នុងសៀវភៅនោះ។ (ពង្សាវតារក្សត្រទី២ ២២:៨; ២៣:១-៧) គឺច្បាស់ហើយថា ការអានបទគម្ពីរពិសិដ្ឋដែលមាននៅសម័យនោះបានជួយរាស្ត្ររបស់ព្រះ មែនទេ?
ជំនួយពីអ្នកជឿគ្នីគ្នា
១៨. ពេលដែលអ្នកថ្វាយបង្គំពិតជួយគ្នា ហេតុអ្វីយើងអាចនិយាយថាព្រះយេហូវ៉ាជាប្រភពពិតនៃជំនួយនោះ?
១៨ ជាច្រើនដង ព្រះយេហូវ៉ាផ្ដល់ជំនួយមកតាមរយៈអ្នកជឿគ្នីគ្នា។ តាមការពិត ពេលដែលអ្នកថ្វាយបង្គំពិតជួយគ្នាទៅវិញទៅមក ជំនួយនោះមកពីព្រះ។ ហេតុអ្វីអាចនិយាយដូច្នេះបាន? មានមូលហេតុពីរ។ ទីមួយ វិញ្ញាណបរិសុទ្ធរបស់ព្រះជាប់ទាក់ទងនឹងរឿងនេះ។ សំរាប់អ្នកដែលស្វែងរកជំនួយពីវិញ្ញាណនោះ វិញ្ញាណបរិសុទ្ធបណ្ដាលឲ្យបង្កើតផលដែលរួមមានសេចក្ដីស្រឡាញ់ និងចិត្តល្អ។ (កាឡាទី ៥:២២, ២៣) ដូច្នេះ នៅពេលដែលអ្នកបំរើម្នាក់របស់ព្រះត្រូវជំរុញឲ្យជួយអ្នកបំរើម្នាក់ទៀត នេះជាភស្តុតាងបង្ហាញថាវិញ្ញាណរបស់ព្រះយេហូវ៉ាកំពុងតែមានឥទ្ធិពលលើពួកគេ។ ទីពីរ យើងបានត្រូវបង្កើតឲ្យមានភាពដូចព្រះ។ (លោកុប្បត្តិ ១:២៦) នេះមានន័យថាយើងអាចបង្ហាញគុណសម្បត្ដិដូចទ្រង់ដែរ រួមទាំងសេចក្ដីសប្បុរសនិងសេចក្ដីមេត្ដាករុណា។ ដូច្នេះ នៅពេលដែលអ្នកបំរើម្នាក់របស់ព្រះយេហូវ៉ាជួយអ្នកបំរើគ្នីគ្នា ប្រភពពិតនៃជំនួយនោះគឺមកពីព្រះ ដ្បិតពួកគេកំពុងតែយកតម្រាប់តាមលក្ខណៈរបស់ទ្រង់។
១៩. យោងទៅតាមកំណត់ហេតុព្រះគម្ពីរ តើព្រះយេហូវ៉ាបានផ្ដល់ជំនួយតាមរយៈអ្នកជឿគ្នីគ្នាយ៉ាងដូចម្ដេច?
១៩ នៅសម័យបុរាណ តើព្រះយេហូវ៉ាបានផ្ដល់ជំនួយតាមរយៈអ្នកជឿគ្នីគ្នាយ៉ាងដូចម្ដេច? ជាច្រើនដង ព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្នកបំរើទ្រង់ជូនឱវាទគ្នាទៅវិញទៅមក ដូចពេលដែលយេរេមាបានជូនឱវាទបារូក ហើយឱវាទនោះបានសង្គ្រោះជីវិតគាត់។ (យេរេមា ៤៥:១-៥) ជួនកាល អ្នកថ្វាយបង្គំពិតបានត្រូវជំរុញឲ្យផ្ដល់ជំនួយជាលុយកាក់ឬសម្ភារៈដល់អ្នកជឿគ្នីគ្នា ដូចពេលដែលគ្រីស្ទាននៅប្រទេសម៉ាសេដូននិងតំបន់អាខៃមានចិត្តរំភើបចង់ជួយបងប្អូនដែលខ្វះខាតនៅទីក្រុងយេរូសាឡិម។ សាវ័កប៉ុលបានកត់សម្គាល់ថា ការបង្ហាញចិត្តទូលាយយ៉ាងនេះនាំឲ្យមាន«សេចក្ដីអរព្រះគុណដល់ព្រះ»។—កូរិនថូសទី២ ៩:១១
២០, ២១. តើសាវ័កប៉ុលបានត្រូវលើកទឹកចិត្តដោយបងប្អូនពីទីក្រុងរ៉ូមក្នុងកាលៈទេសៈបែបណា?
២០ កំណត់ហេតុដែលធ្វើឲ្យមានអារម្មណ៍កក់ក្ដៅបំផុត គឺពេលដែលអ្នកបំរើព្រះយេហូវ៉ាខំលើកទឹកចិត្តហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក។ សូមពិចារណាឧទាហរណ៍ដែលទាក់ទងនឹងសាវ័កប៉ុល។ ពេលដែលប៉ុលជាជនជាប់ទោសធ្វើដំណើរទៅទីក្រុងរ៉ូមនោះ គាត់ធ្វើដំណើរទៅតាមដងវិថីមួយដែលហៅថាផ្លូវអាប់ភាសដែលជនជាតិរ៉ូមជាអ្នកកសាង។ ជើងចុងក្រោយនៃដំណើរនេះគឺពិបាកណាស់ ជាពិសេសដោយសារត្រូវធ្វើដំណើរកាត់ស្រុកទំនាបដែលមានល្បាប់។a បងប្អូនក្នុងក្រុមជំនុំនៅទីក្រុងរ៉ូមដឹងថាប៉ុលជិតមកដល់ហើយ។ តើពួកគេនឹងធ្វើយ៉ាងណា? តើពួកគេនឹងរង់ចាំនៅផ្ទះខ្លួនឯងយ៉ាងស្រួលទាល់តែប៉ុលមកដល់ ទើបចេញទៅសួរសុខទុក្ខគាត់ឬ?
២១ លូកា ដែលបានធ្វើដំណើរជាមួយនឹងសាវ័កប៉ុលបានប្រាប់យើងនូវអ្វីដែលកើតឡើងពេលនោះថា៖ «រីឯពួកជំនុំនៅក្រុងរ៉ូម កាលបានឮនិយាយពីយើង នោះគេក៏ចេញមកចួបនឹងយើងត្រឹមផ្សារអាប់ភាស នឹងផ្ទះសំណាក់បី»។ តើអ្នកអាចគិតស្រមៃក្នុងចិត្តអំពីទិដ្ឋភាពនោះទេ? ដោយសារបងប្អូនដឹងថាប៉ុលកំពុងតែមក បងប្អូនមួយចំនួនពីទីក្រុងរ៉ូមបានធ្វើដំណើរទៅជួបប៉ុល។ បងប្អូនខ្លះបានចាំនៅផ្សារអាប់ភាស ជាកន្លែងមួយប្រជាជនស្គាល់ទូទៅ ហើយមានចំងាយប្រមាណ៧៤គីឡូម៉ែត្រពីទីក្រុងរ៉ូម។ បងប្អូនទាំងប៉ុន្មានទៀតបានចាំនៅកន្លែងហៅថាផ្ទះសំណាក់បី ជាកន្លែងឈប់សំរាកមានចំងាយប្រមាណ៥៨គីឡូម៉ែត្រពីទីក្រុង។ តើប៉ុលធ្វើយ៉ាងណា? លូកាប្រាប់ថា៖ «លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង»។ (កិច្ចការ ២៨:១៥) សូមគិតទៅមើល! ប៉ុលគ្រាន់តែក្រឡេកឃើញបងប្អូនទាំងនោះដែលបានធ្វើដំណើរឆ្ងាយមកជួបគាត់ គាត់បានទទួលការលើកទឹកចិត្តនិងការសម្រាលទុក្ខក្នុងមួយរំពេច! ហើយតើប៉ុលបានអរគុណអ្នកណាសំរាប់ជំនួយនេះ? គាត់បានអរព្រះគុណអ្នកដែលជាប្រភពជំនួយ គឺព្រះយេហូវ៉ា។
២២. តើអ្វីជាបទគម្ពីរប្រចាំឆ្នាំ២០០៥? តើអត្ថបទបន្ទាប់នឹងពន្យល់អំពីអ្វី?
២២ គឺច្បាស់ហើយ កំណត់ហេតុអំពីការប្រព្រឹត្តរបស់ព្រះជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា ព្រះយេហូវ៉ាជាអ្នកជួយដែលមិនអាចប្រៀបផ្ទឹមបាន។ គឺសមរម្យណាស់ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានជ្រើសរើសទំនុកដំកើង ១២១:២ ជាបទគម្ពីរប្រចាំឆ្នាំ២០០៥ដែលថា៖ «សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ា»។ ប៉ុន្តែ តើព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេចសព្វថ្ងៃនេះ? អត្ថបទបន្ទាប់នឹងពន្យល់។
[កំណត់សម្គាល់]
a កវីជនជាតិរ៉ូមម្នាក់ឈ្មោះហូរេស(៦៥-៦៨មុនស.យ.)ដែលធ្លាប់ធ្វើដំណើរកាត់កន្លែងនោះដែរបាននិយាយអំពីការពិបាកក្នុងការធ្វើដំណើរនោះ។ ហូរេសបានពណ៌នាអំពីផ្សារអាប់ភាសថា«មានអ្នកដើរនាវានិងម្ចាស់ផ្ទះសំណាក់ដែលកំណាញ់ច្រើនកុះករ»។ គាត់ក៏បានរអ៊ូរទាំអំពី«សត្វសុចនិងកង្កែបចង្រៃ»ហើយទឹកដែល«មានក្លិននិងរសជាតិអាក្រក់»។
តើអ្នកនៅចាំបានទេ?
តើព្រះយេហូវ៉ាធ្លាប់ផ្ដល់ជំនួយយ៉ាងដូចម្ដេច
• តាមរយៈទេវតា?
• តាមរយៈវិញ្ញាណបរិសុទ្ធរបស់ទ្រង់?
• តាមរយៈព្រះបន្ទូលដែលទ្រង់បណ្ដាលឲ្យសរសេរ?
• តាមរយៈអ្នកជឿគ្នីគ្នា?
[ឃ្លាអក្សរធំនៅទំព័រ២០]
បទគម្ពីរប្រចាំឆ្នាំ២០០៥គឺ:«សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ា»។—ទំនុកដំកើង ១២១:២