ជំពូកទី១៧
«អើហ្ន៎! ប្រាជ្ញា . . . របស់ព្រះជ្រៅណាស់តើ!»
១, ២. តើព្រះយេហូវ៉ាមានគោលបំណងអ្វីសំរាប់ថ្ងៃទីប្រាំពីរ? តើប្រាជ្ញារបស់ព្រះបានត្រូវល្បងយ៉ាងដូចម្ដេចនៅទីចាប់ផ្ដើមនៃថ្ងៃទីប្រាំពីរ?
ខូចអស់ហើយ! មនុស្សជាតិដែលជាស្នាព្រះហស្តដ៏វិសេសបំផុតនៅថ្ងៃទីប្រាំមួយនៃការបង្កើតបានធ្លាក់ពីភាពវិសេសបំផុតចុះទៅដល់ភាពអាប់ឱនបំផុតវិញក្នុងមួយរំពេចសោះ។ ព្រះយេហូវ៉ាបានមានបន្ទូលថា«គ្រប់ទាំងរបស់ដែលទ្រង់បានធ្វើ»រួមមានមនុស្សជាតិផងដែរ សុទ្ធតែ«ជាការល្អប្រពៃ»។ (លោកុប្បត្តិ ១:៣១) ប៉ុន្តែ នៅទីចាប់ផ្ដើមនៃថ្ងៃទីប្រាំពីរ អ័ដាមនិងអេវ៉ាបានសម្រេចចិត្តបះបោរតាមសាតាំង។ ពួកគេបានធ្លាក់ខ្លួនទៅជាមានបាប ភាពឥតគ្រប់ល័ក្ខណ៍ និងសេចក្ដីស្លាប់។
២ នៅពេលនោះ ប្រហែលជាមើលទៅដូចជាមានគេរាំងស្ទះដល់គោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ថ្ងៃទីប្រាំពីរ។ ថ្ងៃទីប្រាំពីរក៏ដូចជាថ្ងៃទាំងប្រាំមួយមុនដែរ គឺមានរយៈពេលរាប់ពាន់ឆ្នាំ។ ព្រះយេហូវ៉ាបានមានបន្ទូលថា ថ្ងៃទីប្រាំពីរត្រូវញែកទុកជាថ្ងៃបរិសុទ្ធ ហើយនៅចុងថ្ងៃនោះ ផែនដីទាំងមូលនឹងមានសភាពជាសួនមនោរម្យពេញទៅដោយមនុស្សជាតិដ៏ល្អឥតខ្ចោះ។ (លោកុប្បត្តិ ១:២៨; ២:៣) ប៉ុន្តែ ក្រោយពីការបះបោរដែលនាំមកនូវក្ដីមហន្តរាយនោះ តើគោលបំណងរបស់ព្រះអាចនឹងសម្រេចយ៉ាងដូចម្ដេចបាន? តើព្រះនឹងធ្វើយ៉ាងណាទៅ? បញ្ហានេះនឹងល្បងយ៉ាងខ្លាំងដល់ប្រាជ្ញារបស់ព្រះយេហូវ៉ា ហើយប្រហែលគឺជាការល្បងដ៏ខ្លាំងបំផុត។
៣, ៤. (ក) ហេតុអ្វីបានជារបៀបព្រះយេហូវ៉ាប្រព្រឹត្តតបចំពោះការបះបោរនៅសួនអេដែននាំឲ្យយើងកោតស្ងើចចំពោះប្រាជ្ញារបស់ទ្រង់? (ខ) តើចិត្តរាបទាបគួរជំរុញយើងឲ្យចងចាំនូវសេចក្ដីពិតអ្វីពេលយើងសិក្សាអំពីប្រាជ្ញារបស់ព្រះយេហូវ៉ា?
៣ ព្រះយេហូវ៉ាបានចាត់វិធានការភ្លាមៗ។ ទ្រង់បានកាត់ទោសជនបះបោរទាំងបីនាក់ ហើយនៅដំណាលគ្នាទ្រង់បានផ្ដល់ឱកាសឲ្យយើងឃើញត្រួសៗទុកជាមុននូវអ្វីដ៏អស្ចារ្យមួយ ពោលគឺទ្រង់មានគោលបំណងបំបាត់ស្ថានការណ៍អាក្រក់ដែលទើបតែចាប់ផ្ដើមមានពេលនោះ។ (លោកុប្បត្តិ ៣:១៥) គោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ថ្ងៃខាងមុខ បានចាប់ផ្ដើមនៅសួនអេដែននិងបន្តរហូតទៅដល់អនាគតហួសពីប្រវត្ដិសាស្ត្ររបស់មនុស្សរាប់ពាន់ឆ្នាំទៅទៀត។ គោលបំណងរបស់ទ្រង់គឺស្រួលយល់ណាស់ តែជ្រាលជ្រៅដល់ម្ល៉េះបានជាអ្នកដែលអានព្រះគម្ពីរអាចចំណាយពេលសិក្សា ជញ្ជឹងគិត និងរំពឹងគិតអំពីគោលបំណងនេះអស់មួយជីវិតដោយទទួលផលប្រយោជន៍ល្អគួរជាទីពេញចិត្ត។ ម្យ៉ាងទៀត គោលបំណងរបស់ព្រះយេហូវ៉ានឹងសម្រេចជាក់ជាពុំខាន។ គោលបំណងនេះនឹងបំបាត់ចោលនូវអំពើទុច្ចរិត បាប និងសេចក្ដីស្លាប់ ហើយក៏នឹងនាំមនុស្សជាតិស្មោះភក្ដីទៅដល់ភាពល្អឥតខ្ចោះ។ ព្រឹត្ដិការណ៍ទាំងអស់នេះនឹងកើតឡើងមុននឹងថ្ងៃទីប្រាំពីរចប់ ដើម្បីឲ្យគោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ផែនដីនិងមនុស្សជាតិសម្រេចនៅចំពេលដែលទ្រង់បានកំណត់ទុកជាមុន ទោះជាមានការបះបោរបានកើតឡើងក៏ដោយ!
៤ ប្រាជ្ញាបែបនេះបណ្ដាលឲ្យយើងកោតស្ងើចណាស់ មែនទេ? សាវ័កប៉ុលបានកោតស្ងើចរហូតដល់គាត់សរសេរថា៖«អើហ្ន៎! ប្រាជ្ញា . . . របស់ព្រះជ្រៅណាស់តើ!»។ (រ៉ូម ១១:៣៣) ពេលដែលយើងសិក្សាលក្ខណៈផ្សេងៗនៃប្រាជ្ញារបស់ព្រះ ចិត្តរាបទាបគួរជំរុញយើងឲ្យចងចាំនូវសេចក្ដីពិតដ៏សំខាន់មួយគឺថា ទោះជាខំព្យាយាមយ៉ាងល្អបំផុតក៏ដោយ ក៏យើងអាចយល់តែសើៗអំពីប្រាជ្ញាដែលគ្មានកំណត់របស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ (យ៉ូប ២៦:១៤) មុនបង្អស់ សូមយើងបកស្រាយអត្ថន័យនៃគុណសម្បត្ដិដែលគួរឲ្យកោតស្ងើចនេះ។
តើប្រាជ្ញារបស់ព្រះជាអ្វី?
៥, ៦. តើចំណេះនិងប្រាជ្ញាទាក់ទងគ្នាយ៉ាងណា? តើចំណេះរបស់ព្រះយេហូវ៉ាធំទូលាយប៉ុណ្ណា?
៥ ប្រាជ្ញាមិនមែនជាចំណេះដឹងឬការចាំពត៌មាននោះទេ។ កុំព្យូទ័រមួយអាចផ្ទុកពត៌មានជាច្រើនណាស់ តែយើងពុំធ្លាប់និយាយថាកុំព្យូទ័រមានប្រាជ្ញាទេ។ យ៉ាងណាក៏ដោយ ចំណេះនិងប្រាជ្ញាជាប់ទាក់ទងគ្នា។ (សុភាសិត ១០:១៤) ជាឧទាហរណ៍ បើអ្នកត្រូវការយោបល់អំពីវិធីព្យាបាលជំងឺធ្ងន់ធ្ងរមួយ តើអ្នកនឹងសួរមនុស្សដែលមានចំណេះតិចឬគ្មានចំណេះដឹងអំពីវិជ្ជាពេទ្យឬ? អ្នកច្បាស់ជាមិនធ្វើដូច្នេះទេ! នេះបង្ហាញថា ចំណេះត្រឹមត្រូវគឺផ្សារជាប់គ្នានឹងប្រាជ្ញាពិត។
៦ ព្រះយេហូវ៉ាមានចំណេះច្រើនរហូតដល់វាស់ស្ទង់ពុំបាន។ មានតែព្រះយេហូវ៉ាដែលជា«ស្តេចនៃអស់ទាំងកល្ប» គឺថានៅអតីតកាលមិនដែលមានពេលមួយដែលព្រះយេហូវ៉ាគ្មានព្រះជន្មរស់នោះឡើយ។ (ធីម៉ូថេទី១ ១:១៧) ម្យ៉ាងទៀត ក្នុងពេលវេលាដ៏វែងរកដើមរកចុងមិនឃើញនោះ ទ្រង់បានជ្រាបពីអ្វីៗទាំងអស់ដែលកើតឡើង។ ព្រះគម្ពីរចែងថា៖«គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ (ហេព្រើរ ៤:១៣; សុភាសិត ១៥:៣) ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើត ទ្រង់យល់យ៉ាងពេញលេញអំពីអ្វីៗដែលទ្រង់បានបង្កើត ហើយក៏បានសង្កេតឃើញសកម្មភាពទាំងអស់របស់មនុស្សជាតិតាំងពីដំបូងមក។ ទ្រង់ពិនិត្យមើលចិត្តរបស់មនុស្សជាតិម្នាក់ៗ ដោយមិនរំលងលក្ខណៈណាមួយសោះឡើយ។ (របាក្សត្រទី១ ២៨:៩) ដោយសារទ្រង់បានបង្កើតយើងឲ្យមានចិត្តសេរី ទ្រង់ពេញព្រះហឫទ័យពេលទតឃើញថាយើងធ្វើការសម្រេចចិត្តក្នុងជីវិតយើងដោយប្រាជ្ញា។ ដោយសារទ្រង់ជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» នោះទ្រង់ស្ដាប់សេចក្ដីអធិស្ឋានរបស់បុគ្គលជាច្រើនឥតគណនាក្នុងពេលជាមួយគ្នា! (ទំនុកដំកើង ៦៥:២) ម្យ៉ាងទៀត គឺជាក់ស្តែងហើយដែលថា ការចងចាំរបស់ព្រះយេហូវ៉ាគឺល្អឥតខ្ចោះ។
៧, ៨. តើព្រះយេហូវ៉ាបង្ហាញថាទ្រង់មានគំនិតឆ្លុះយល់ សមត្ថភាពវែកញែក និងប្រាជ្ញាដោយដូចម្ដេច?
៧ ព្រះយេហូវ៉ាមិនគ្រាន់តែមានចំណេះប៉ុណ្ណោះទេ។ ទ្រង់ក៏យល់នូវទំនាក់ទំនងរវាងពត៌មានផ្សេងៗ និងវែកញែកលើពត៌មានល្អិតល្អន់ជាច្រើនដើម្បីអាចយល់ពីទិដ្ឋភាពទូទៅ។ ទ្រង់វាយតម្លៃ វិនិច្ឆ័យ ដោយវែកញែកល្អនិងអាក្រក់ សំខាន់និងតូចតាច។ បន្ថែមទៅទៀត ទ្រង់មិនទតឃើញត្រឹមតែសំបកក្រៅទេ តែទតចំពោះអ្វីក្នុងចិត្តវិញ។ (សាំយូអែលទី១ ១៦:៧) ដូច្នេះ ព្រះយេហូវ៉ាមានគំនិតឆ្លុះយល់ និងចេះវែកញែក ដែលនេះគឺជាគុណសម្បត្ដិពីរដែលប្រសើរជាងចំណេះទៅទៀត។ ប៉ុន្តែ ប្រាជ្ញាគឺជាគុណសម្បត្ដិដែលប្រសើរជាងនោះឆ្ងាយណាស់។
៨ ប្រាជ្ញាទាក់ទងនឹងការប្រើនូវចំណេះ សមត្ថភាពវែកញែក និងគំនិតឆ្លុះយល់ជាមួយគ្នា។ ការពិត ពាក្យភាសាដើមខ្លះដែលត្រូវបកប្រែថា«ប្រាជ្ញា»ក្នុងព្រះគម្ពីរ មានន័យចំៗថា«ការប្រព្រឹត្តដែលមានប្រសិទ្ធភាព»ឬក៏«ប្រាជ្ញាដែលអាចយកមកអនុវត្តបាន»។ ដូច្នេះ ប្រាជ្ញារបស់ព្រះយេហូវ៉ាមិនគ្រាន់តែជាទ្រឹស្តីទេ។ ប្រាជ្ញារបស់ទ្រង់ជាអ្វីដែលយើងអាចយកមកអនុវត្ត និងតែងតែទទួលបានលទ្ធផលល្អជានិច្ច។ ដោយពឹងផ្អែកលើទំហំនៃចំណេះ និងគំនិតឆ្លុះយល់ជ្រៅជ្រះរបស់ទ្រង់ នោះព្រះយេហូវ៉ាតែងតែធ្វើការសម្រេចចិត្តដ៏ល្អបំផុត ហើយទ្រង់ប្រព្រឹត្តតាមការសម្រេចចិត្តនោះដោយវិធីល្អបំផុតទៀតផង។ នេះជាប្រាជ្ញាពិត! ព្រះយេហូវ៉ាបង្ហាញឲ្យឃើញថាបន្ទូលរបស់ព្រះយេស៊ូគឺពិតដោយថា៖«ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត»។ (ម៉ាថាយ ១១:១៩) ផលដែលព្រះយេហូវ៉ាបានបង្កើតទូទាំងសកលលោកគឺប្រៀបដូចជាសាក្សីដែលបញ្ជាក់យ៉ាងជាក់ច្បាស់ថា ទ្រង់មានប្រាជ្ញាមែន។
ភស្តុតាងដែលបង្ហាញប្រាជ្ញារបស់ព្រះ
៩, ១០. (ក) តើព្រះយេហូវ៉ាបង្ហាញថាទ្រង់មានប្រាជ្ញាបែបណា? តើទ្រង់សម្ដែងឲ្យឃើញថាមានប្រាជ្ញាបែបនេះយ៉ាងដូចម្ដេច? (ខ) តើកោសិកាជាភស្តុតាងដែលបង្ហាញឲ្យឃើញប្រាជ្ញារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ តើអ្នកធ្លាប់អស្ចារ្យក្នុងចិត្តពេលឃើញការប៉ិនប្រសប់ខាងច្នៃប្រឌិតរបស់សិប្បករម្នាក់ ដែលធ្វើរបស់ល្អវិចិត្រផ្សេងៗ ដែលអាចប្រើប្រាស់បានល្អនោះ? ប្រាជ្ញាបែបនេះគួរឲ្យស្ងើចក្នុងចិត្តមែន។ (និក្ខមនំ ៣១:១-៣) ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ជាប្រភពនៃប្រាជ្ញាបែបនេះ ហើយទ្រង់ក៏មានប្រាជ្ញាបែបនេះច្រើនជាងគេបំផុតដែរ។ ស្តេចដាវីឌបានមានបន្ទូលអំពីព្រះយេហូវ៉ាថា៖«ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ»។ (ទំនុកដំកើង ១៣៩:១៤) ពិតមែនហើយថា កាលណាយើងរៀនកាន់តែច្រើនអំពីរូបកាយមនុស្ស យើងកាន់តែកោតស្ងើចនិងប្រាជ្ញារបស់ព្រះយេហូវ៉ាថែមទៀត។
១០ ជាឧទាហរណ៍: នៅដើមដំបូងអ្នកជាស៊ុតបង្កកំណើតមួយ ដែលកើតពីអូវុលរបស់ម្ដាយអ្នក ជាមួយនឹងស្ពែម៉ាតូសូអ៊ីតរបស់ឪពុកអ្នកចូលគ្នា។ បន្ដិចក្រោយពីនោះ ស៊ុតបង្កកំណើតមួយនេះចាប់ផ្ដើមចែកខ្លួន។ លទ្ធផលចុងបញ្ចប់នៃការចែកខ្លួននេះបានជារូបអ្នក ដែលមានប្រមាណ១០.០០០.០០០កោដិកោសិកា។ កោសិកានិមួយៗគឺតូចល្អិតណាស់ ហើយប្រមាណ១០.០០០កោសិកា មានទំហំមធ្យមអាចដាក់លើក្បាលម្ជុលបាន។ តែ កោសិកានិមួយៗសុទ្ធតែជាការបង្កើតមួយដែលស្មុគស្មាញស្ទើរយល់ពុំបាន។ កោសិកាគឺសាំញ៉ាំឆ្ងាយជាងម៉ាស៊ីនណាឬរោងចក្រណាដែលមនុស្សបង្កើត។ អ្នកវិទ្យាសាស្ត្រប្រាប់ថា កោសិកាគឺដូចជាទីក្រុងមួយដែលមានកំផែងព័ទ្ធជុំវិញ ហើយមានទាំងទ្វារចេញចូលជាក់លាក់ ប្រព័ន្ធដឹកជញ្ជូន ប្រព័ន្ធគមនាគមន៍ រោងចក្រថាមពល រោងចក្រផលិត កន្លែងចាក់ចោលនិងចំរាញ់កាកសំណល់ ប្រព័ន្ធការពារ និងណ្វៃយ៉ូដែលប្រៀបដូចជាការិយាល័យកណ្ដាល។ ម្យ៉ាងទៀត ក្នុងពេលតែពីរបីម៉ោងប៉ុណ្ណោះ កោសិកាអាចចែកខ្លួនជាកោសិកាពីរដែលមានលក្ខណៈដូចគ្នាបេះបិទ!
១១, ១២. (ក) តើអ្វីដែលបណ្ដាលឲ្យកោសិកាក្នុងអំប៊្រីយ៉ុងបែងចែកខ្លួនទៅតាមតួនាទីផ្សេងៗ? តើនេះសមស្របតាមទំនុកដំកើង ១៣៩:១៦ យ៉ាងដូចម្ដេច? (ខ) តើខួរក្បាលមនុស្សបង្ហាញថាយើងជា‹ស្នាព្រះហស្តដ៏អស្ចារ្យ›តាមរបៀបណា?
១១ កោសិកាទាំងអស់មិនមែនដូចគ្នាទេ។ ពេលដែលកោសិកាទាំងឡាយក្នុងអំប៊្រីយ៉ុងចែកខ្លួន ពួកវាចាប់ផ្ដើមមានតួនាទីផ្សេងៗ។ កោសិកាខ្លះនឹងទៅជាកោសិកាសរសៃប្រសាទ ខ្លះទៀតកោសិកាឆ្អឹង កោសិកាសាច់ដុំ គោលិកាឈាម ឬក៏កោសិកាភ្នែក។ ពត៌មានសំរាប់ការបែងចែកខ្លួនទៅតាមតួនាទីទាំងនេះគឺមានស្រាប់ក្នុងបញ្ជាដែលស្ថិតក្នុងបណ្ណាល័យរបស់កោសិកា ពោលគឺ ADN(អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច)។ គួរឲ្យចាប់អារម្មណ៍ណាស់ ដែលដាវីឌបានត្រូវបណ្ដាលឲ្យទូលព្រះយេហូវ៉ាថា៖«ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ . . . ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់»។—ទំនុកដំកើង ១៣៩:១៦
១២ សរីរាង្គខ្លះរបស់រូបកាយគឺស្មុគស្មាញក្រៃលែង។ ជាឧទាហរណ៍ សូមគិតអំពីខួរក្បាលរបស់មនុស្ស។ បុគ្គលខ្លះបាននិយាយថាខួរក្បាលគឺជារបកគំហើញដ៏ស្មុគស្មាញបំផុតក្នុងសកលលោក។ សំនុំខួរក្បាលមាន១០.០០០កោដិកោសិកាសរសៃប្រសាទ ហើយចំនួននេះជិតស្មើចំនួនផ្កាយក្នុងកាឡាក់ស៊ីរបស់យើង។ កោសិកានិមួយៗនេះបែកមែកតភ្ជាប់ជាមួយកោសិការាប់ពាន់ឯទៀត។ អ្នកវិទ្យាសាស្ត្រប្រាប់ថាខួរក្បាលរបស់មនុស្សអាចផ្ទុកពត៌មានទាំងអស់ ដែលមានក្នុងបណ្ណាល័យទាំងប៉ុន្មានលើពិភពលោក ហើយក៏ប្រាប់ថែមទៀតថា តាមការពិតខួរក្បាលប្រហែលជាមានសមត្ថភាពផ្ទុកពត៌មានច្រើនសន្ធឹកដែលកំណត់ពុំបាន។ ទោះជាអ្នកវិទ្យាសាស្ត្របានសិក្សាសរីរាង្គដែលជា‹ស្នាព្រះហស្តដ៏អស្ចារ្យ›នេះអស់រាប់សិបឆ្នាំក៏ដោយ តែពួកគេសារភាពថា គេប្រហែលជានឹងមិនដែលយល់យ៉ាងពេញលេញអំពីដំណើរការនៃខួរក្បាលទេ។
១៣, ១៤. (ក) តើស្រមោចនិងសត្វផ្សេងទៀតបង្ហាញថា ពួកវាមាន«ប្រាជ្ញានៃសភាវគតិ»ដោយដូចម្ដេច? តើនេះបង្រៀនយើងអ្វីខ្លះអំពីព្រះដែលបានបង្កើតសត្វទាំងនោះ? (ខ) ហេតុអ្វីយើងអាចនិយាយថាការបង្កើតផ្សេងៗ ដូចជាសំណាញ់ពីងពាងជាដើមបានត្រូវបង្កើត«ដោយប្រាជ្ញា»?
១៣ ក៏ប៉ុន្តែ មនុស្សជាតិមិនមែនជាឧទាហរណ៍តែមួយគត់ ដែលបង្ហាញនូវប្រាជ្ញារបស់ព្រះយេហូវ៉ាក្នុងការបង្កើតនោះទេ។ ទំនុកដំកើង ១០៤:២៤ ប្រាប់ថា៖«ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត»។ ប្រាជ្ញារបស់ព្រះយេហូវ៉ាគឺឃើញជាក់ស្តែងក្នុងគ្រប់ការបង្កើតដែលនៅជុំវិញយើង។ ជាឧទាហរណ៍ ស្រមោច«មានប្រាជ្ញានៃសភាវគតិ»។ (សុភាសិត ៣០:២៤, ព.ថ.) នេះគឺពិតមែន ដ្បិតក្រុមស្រមោចមានរបៀបរៀបរយប្រសើរណាស់។ ក្រុមស្រមោចខ្លះចិញ្ចឹម ផ្ដល់ជំរក និងទទួលចំណីពីសត្វល្អិតម្យ៉ាងដែលជញ្ជក់រុក្ខរស (Aphididae)ដូចជាមនុស្សចិញ្ចឹមហ្វូងគោក្របីរបស់ខ្លួនដែរ។ ស្រមោចឯទៀតក៏ដូចជាកសិករដែរ ដោយថែនិងដាំដុះផ្សិតម្យ៉ាងដែលជាដំណាំរបស់វា។ មានសត្វជាច្រើនឯទៀតដែរ ដែលបានត្រូវបង្កើតឲ្យមានសភាវគតិចេះធ្វើអ្វីៗដ៏អស្ចារ្យ។ សត្វរុយធម្មតាហោះហើរបោះពួយធ្វើចលនាក្រឡាប់ចុះឡើង ដែលយន្តហោះទំនើបបំផុតរបស់មនុស្សធ្វើមិនបានដូចឡើយ។ បក្សាបក្សីដែលផ្លាស់លំនៅតាមរដូវ អាចរកទិសធ្វើដំណើរដោយមើលផ្កាយ ដោយដែនម៉ាញេទិចរបស់ផែនដី ឬដោយមានអ្វីដូចជាផែនទីមួយដិតជាប់ក្នុងខួរក្បាលរបស់វាស្រាប់។ ពួកជីវវិទូចំណាយពេលជាច្រើនឆ្នាំក្នុងការសិក្សាទង្វើពិបាកយល់របស់សត្វទាំងនេះដែលបានត្រូវដាក់បញ្ចូលក្នុងខួរក្បាលដូចជាបញ្ជាមួយ។ ដូច្នេះ ព្រះដែលបានដាក់បញ្ជានោះក្នុងខួរក្បាលសត្វទាំងនេះពិតជាមានប្រាជ្ញាដ៏មហិមាមែន!
១៤ អ្នកវិទ្យាសាស្ត្របានរៀនយ៉ាងច្រើនដោយសិក្សាអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតដោយប្រាជ្ញា។ អ្នកវិទ្យាសាស្ត្ររហូតដល់មានវិស័យវិស្វកម្មមួយដែលត្រូវហៅថា ជីវវិស្វកម្ម ដែលជាការខំបង្កើតរបស់របរតាមគំរូដែលគេឃើញក្នុងធម្មជាតិ។ ជាឧទាហរណ៍ ប្រហែលជាអ្នកធ្លាប់សម្លឹងមើលសំណាញ់ដ៏ស្អាតរបស់សត្វពីងពាងដោយនឹកអស្ចារ្យក្នុងចិត្ត។ ប៉ុន្តែ វិស្វករម្នាក់សម្លឹងឃើញបច្ចេកទេសវិស្វកម្មដ៏អស្ចារ្យ។ បើយើងគិតតាមសមាមាត្រវិញ សរសៃខ្លះដែលមើលទៅដូចជាងាយដាច់នោះ គឺខ្លាំងជាងដែកនិងខ្លាំងជាងសរសៃអំបោះដែលគេត្របាញ់ចូលគ្នាធ្វើជាអាវក្រោះទៅទៀត។ តើសំណាញ់ពីងពាងគឺខ្លាំងប៉ុនណាទៅ? ប្រសិនបើមានសំណាញ់ពីងពាងទំហំប៉ុនសំណាញ់អ្នកនេសាទនោះ សំណាញ់នោះអាចខ្លាំងល្មមនឹងទាក់កប៉ាល់ហោះដែលកំពុងតែហោះកាត់មេឃបាន! ពិតណាស់ ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់នេះ«ដោយប្រាជ្ញា»។
ប្រាជ្ញាដែលនៅក្រៅផែនដី
១៥, ១៦. (ក) តើផ្កាយច្រើនឥតគណនានៅលើមេឃជាភស្តុតាងដែលបង្ហាញពីប្រាជ្ញារបស់ព្រះយេហូវ៉ាដោយដូចម្ដេច? (ខ) តើឋានៈរបស់ព្រះយេហូវ៉ាជាមេបញ្ជាការខ្ពស់បំផុតលើទេវតាជាច្រើនឥតគណនាជាភស្តុតាងយ៉ាងណាថា ទ្រង់ជាអ្នកចាត់ចែងដែលមានប្រាជ្ញា?
១៥ ប្រាជ្ញារបស់ព្រះយេហូវ៉ាគឺឃើញជាក់ស្តែងក្នុងការបង្កើតរបស់ទ្រង់ដែលមានទូទាំងសកលលោក។ ផ្កាយច្រើនឥតគណនាដែលមានលើមេឃដូចដែលយើងបានរៀបរាប់យ៉ាងពិស្ដារនៅជំពូកទី៥ មិនបានត្រូវដាក់ឲ្យមាននៅមីរដេរដាសគ្មានរបៀបរៀបរយក្នុងអវកាសនោះទេ។ ដោយសារ«ច្បាប់នៅលើមេឃ»ដែលព្រះយេហូវ៉ាបានដាក់ដោយប្រាជ្ញានោះ លំហអវកាសត្រូវរៀបចំយ៉ាងស្អាតដោយមានទំរង់ជាកាឡាក់ស៊ីផ្សេងៗ ដែលផ្ដុំគ្នាជាក្រុមកាឡាក់ស៊ីជាច្រើន ហើយក្រុមនិមួយៗក៏ផ្ដុំគ្នាជាក្រុមធំជាង។ (យ៉ូប ៣៨:៣៣, ខ.ស.) គ្មានអ្វីចំឡែកទេដែលព្រះយេហូវ៉ាហៅវត្ថុធាតុអវកាសទាំងនេះជា«ពួកពលបរិវារ!»។ (អេសាយ ៤០:២៦) មានពួកពលមួយក្រុមទៀតដែលបង្ហាញឲ្យឃើញប្រាជ្ញារបស់ព្រះយេហូវ៉ាច្បាស់ជាងនេះទៅទៀត។
១៦ ដូចយើងបានរៀនក្នុងជំពូកទី៤ ព្រះមានឋានន្តរជា«ព្រះយេហូវ៉ានៃពួកពលបរិវារ» ដោយព្រោះទ្រង់មានឋានៈជាមេបញ្ជាការខ្ពស់បំផុតលើបុគ្គលវិញ្ញាណរាប់លាននាក់ដែលជាពួកពលរបស់ទ្រង់។ នេះជាភស្តុតាងដែលបញ្ជាក់តេជានុភាពរបស់ព្រះយេហូវ៉ា។ ប៉ុន្តែ តើនេះទាក់ទងនឹងប្រាជ្ញារបស់ទ្រង់យ៉ាងដូចម្ដេច? សូមពិចារណាចំណុចនេះ: ព្រះយេហូវ៉ានិងព្រះយេស៊ូមិនដែលឈប់ធ្វើការទេ។ (យ៉ូហាន ៥:១៧) ដូច្នេះ គឺសមហេតុសមផលដែលបណ្ដាទេវតាដែលបំរើព្រះដ៏ខ្ពស់បំផុតក៏រវល់ជានិច្ចដូចគ្នាដែរ។ ហើយសូមចាំដែរថា ពួកទេវតាមានសមត្ថភាពខ្ពង់ខ្ពស់ជាងមនុស្ស ដោយមានភាពឈ្លាសវាងវៃនិងភាពខ្លាំងក្លាក្រៃលែង។ (ហេព្រើរ ១:៧; ២:៧) ប៉ុន្តែ អស់រាប់ពាន់កោដិឆ្នាំហើយ ព្រះយេហូវ៉ាបានប្រគល់កិច្ចការឲ្យទេវតាទាំងអស់រវល់និងសប្បាយក្នុងកិច្ចការដែលគួរឲ្យពេញចិត្ត ពោលគឺការ«ប្រតិបត្ដិតាមបង្គាប់»និង«ធ្វើតាមព្រះហឫទ័យ»របស់ទ្រង់។ (ទំនុកដំកើង ១០៣:២០, ២១) ព្រះពិតជាអ្នកចាត់ចែងដែលមានប្រាជ្ញាគួរឲ្យស្ញប់ស្ញែងណាស់!
ព្រះយេហូវ៉ា«មានប្រាជ្ញាតែ១ព្រះអង្គ»
១៧, ១៨. ហេតុអ្វីបានជាព្រះគម្ពីរចែងថាព្រះយេហូវ៉ា«មានប្រាជ្ញាតែ១ព្រះអង្គ»? ហេតុអ្វីប្រាជ្ញារបស់ទ្រង់គួរធ្វើឲ្យយើងកោតស្ញប់ស្ញែង?
១៧ អាស្រ័យដោយភស្តុតាងខាងលើនេះ គ្មានអ្វីប្លែកទេដែលព្រះគម្ពីរចែងថា ប្រាជ្ញារបស់ព្រះយេហូវ៉ាគឺខ្ពង់ខ្ពស់បំផុត។ ជាឧទាហរណ៍ ព្រះគម្ពីរប្រាប់ថាព្រះយេហូវ៉ា«មានប្រាជ្ញាតែ១ព្រះអង្គ»។ (រ៉ូម ១៦:២៧) មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានប្រាជ្ញាល្អឥតខ្ចោះ។ ទ្រង់គឺជាប្រភពនៃប្រាជ្ញាពិត។ (សុភាសិត ២:៦) ហេតុនេះ ទោះបីព្រះយេស៊ូជាបុគ្គលដែលមានប្រាជ្ញាច្រើនបំផុតក្នុងចំណោមការបង្កើតទាំងអស់របស់ព្រះយេហូវ៉ាក៏ដោយ តែព្រះយេស៊ូមិនបានពឹងពាក់ទៅលើប្រាជ្ញារបស់ខ្លួនទេ ប៉ុន្តែ ទ្រង់បានមានបន្ទូលតាមអ្វីដែលព្រះវរបិតារបស់ទ្រង់បានណែនាំវិញ។—យ៉ូហាន ១២:៤៨-៥០
១៨ សូមកត់សម្គាល់នូវរបៀបដែលសាវ័កប៉ុលបានបញ្ជាក់ភាពល្អឯកនៃប្រាជ្ញារបស់ព្រះយេហូវ៉ា។ គាត់បានពោលថា៖«អើហ្ន៎! ប្រាជ្ញា នឹងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ! ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន? ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន?»។ (រ៉ូម ១១:៣៣) ប៉ុលចាប់ផ្ដើមខនេះដោយឧទានថា«អើហ្ន៎!» ដែលបង្ហាញថាអារម្មណ៍ដែលគាត់មាននោះគឺខ្លាំងណាស់។ ក្នុងករណីនេះ អារម្មណ៍នោះគឺជាការកោតស្ញប់ស្ញែងយ៉ាងខ្លាំង។ ពាក្យភាសាក្រិចដែលគាត់បានយកមកប្រើសំរាប់ពាក្យ«ជ្រៅ» ជាប់ទាក់ទងនឹងពាក្យ«ជង្ហុកធំ»។ ដូច្នេះ ពាក្យរបស់គាត់ធ្វើឲ្យយើងគិតឃើញទិដ្ឋភាពច្បាស់។ ពេលយើងពិចារណាប្រាជ្ញារបស់ព្រះយេហូវ៉ា គឺប្រៀបដូចជាយើងកំពុងតែសម្លឹងមើលទៅក្នុងជ្រលងមួយដែលគ្មានដែនកំណត់ និងជ្រៅគ្មានបាត ហើយធំសម្បើមដល់ម្ល៉េះដែលយើងមិនអាចដឹងពីទំហំវាបានទេ ដោយមិនចាំបាច់និយាយពីការវាស់ស្ទង់ឬគូរជាផែនទីឡើយ។ (ទំនុកដំកើង ៩២:៥) ចំណុចនេះធ្វើឲ្យយើងមានចិត្តរាបទាបណាស់ មែនទេ?
១៩, ២០. (ក) ហេតុអ្វីបានជាសត្វឥន្ទ្រីជាតំណាងដ៏សមរម្យសំរាប់ប្រាជ្ញារបស់ព្រះ? (ខ) តើព្រះយេហូវ៉ាបានសម្ដែងថាទ្រង់មានសមត្ថភាពទតឃើញអនាគតយ៉ាងដូចម្ដេច?
១៩ មានហេតុមួយទៀតដែលព្រះយេហូវ៉ា«មានប្រាជ្ញាតែ១ព្រះអង្គ» ពោលគឺ មានតែទ្រង់មួយអង្គដែលអាចសម្លឹងឃើញព្រឹត្ដិការណ៍នៅខាងមុខ។ សូមចាំថា ព្រះយេហូវ៉ាប្រើសត្វឥន្ទ្រីដែលអាចមើលឃើញឆ្ងាយដើម្បីតំណាងឲ្យប្រាជ្ញារបស់ទ្រង់។ មានសត្វឥន្ទ្រីម្យ៉ាងដែលមានទម្ងន់ត្រឹមតែប្រាំគីឡូក្រាមប៉ុណ្ណោះ តែភ្នែកវាគឺធំជាងភ្នែករបស់បុរសពេញវ័យម្នាក់។ ចក្ខុវិញ្ញាណរបស់សត្វឥន្ទ្រីគឺពូកែគួរឲ្យអស្ចារ្យណាស់ ពីលើមេឃកំពស់រាប់រយម៉ែត្រវាមានសមត្ថភាពអាចមើលឃើញសត្វរំពាតូចៗ ឬក៏ពីចម្ងាយប្រហែលជាឆ្ងាយជាងពីរគីឡូម៉ែត្រទៅទៀត! ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ធ្លាប់មានបន្ទូលអំពីសត្វឥន្ទ្រីថា«ភ្នែកវាមើលទៅឃើញឆ្ងាយ»។ (យ៉ូប ៣៩:២៩) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាអាចទត«ឃើញឆ្ងាយ»នៅអនាគត!
២០ ព្រះគម្ពីរពោរពេញទៅដោយភស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាអាចធ្វើដូច្នេះបានពិតមែន។ ព្រះគម្ពីរមានទំនាយរាប់រយ។ ពាក្យទំនាយគឺជាប្រវត្ដិសាស្ត្រដែលបានកត់ទុកមុននឹងព្រឹត្ដិការណ៍កើតឡើង។ លទ្ធផលនៃសង្គ្រាមផ្សេងៗ ការឡើងកាន់អំណាចនិងការដួលរលំនៃមហាអំណាច និងរហូតដល់ពន្យល់យ៉ាងជាក់លាក់អំពីយុទ្ធសាស្ត្រដែលមេទ័ពផ្សេងៗបានប្រើ សុទ្ធតែបានទាយទុកក្នុងព្រះគម្ពីរ ដោយជួនកាលទាយរាប់រយឆ្នាំមុននឹងព្រឹត្ដិការណ៍ទាំងនោះកើតឡើងទៅទៀត។—អេសាយ ៤៤:២៥-៤៥:៤; ដានីយ៉ែល ៨:២-៨, ២០-២២
២១, ២២. (ក) ហេតុអ្វីគ្មានមូលហេតុត្រឹមត្រូវចំពោះការសន្និដ្ឋានថា ព្រះយេហូវ៉ាបានទតឃើញការសម្រេចចិត្តទាំងអស់ដែលយើងនឹងធ្វើក្នុងជីវិត? សូមឲ្យឧទាហរណ៍។ (ខ) តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាមិនប្រើប្រាជ្ញារបស់ទ្រង់ដោយគ្មានមេត្ដាឬមិនចេះអាណិតអាសូរនោះ?
២១ ប៉ុន្តែ តើនេះមានន័យថាព្រះបានទតឃើញរួចហើយនូវការសម្រេចចិត្តទាំងអស់ដែលអ្នកនឹងធ្វើឬ? មនុស្សខ្លះដែលគាំទ្រលទ្ធិថាវាសនារបស់យើងបានត្រូវកំណត់រួចហើយ ពួកគេប្រកាន់ថាទ្រង់បានធ្វើដូច្នេះមែន។ ក៏ប៉ុន្តែ ការពិត គំនិតនេះបង្អាប់ដល់ប្រាជ្ញារបស់ព្រះយេហូវ៉ា ដ្បិតនេះចង់និយាយថា ទ្រង់មិនអាចទប់សមត្ថភាពរបស់ទ្រង់ចំពោះការទតឃើញអនាគតនោះទេ។ ជាឧទាហរណ៍ បើអ្នកមានសម្លេងល្អអាចច្រៀងពីរោះដាច់គេ តើនេះបានន័យថាអ្នកត្រូវតែច្រៀងរាល់ថ្ងៃជានិច្ចគ្មានអាក់ឬ? គំនិតនេះគឺមិនសមហេតុសមផលទាល់តែសោះ! ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាមានសមត្ថភាពដឹងទុកជាមុនអំពីអនាគត ប៉ុន្តែ នេះមិនបានន័យថាទ្រង់ប្រើសមត្ថភាពនេះជានិច្ចទេ។ បើទ្រង់ធ្វើដូច្នេះ នេះអាចបំពានទៅលើចិត្តសេរីរបស់យើង ដែលជាអំណោយទានប្រសើរថ្លៃថ្លាពីព្រះយេហូវ៉ា ដែលទ្រង់នឹងមិនដកហូតយកមកវិញទេ។—ចោទិយកថា ៣០:១៩, ២០
២២ ម្យ៉ាងទៀត គំនិតថាវាសនារបស់យើងត្រូវកំណត់រួចហើយបានន័យថា ព្រះយេហូវ៉ាប្រើប្រាជ្ញារបស់ទ្រង់ដោយគ្មានមេត្ដា ដោយគ្មានសេចក្ដីស្រឡាញ់ ការអាណិតអាសូរ និងការសន្ដោសប្រណី។ ប៉ុន្តែ នេះគឺខុសទាំងស្រុង! ព្រះគម្ពីរបង្រៀនថាព្រះយេហូវ៉ា«មានព្រះហឫទ័យប្រកបដោយប្រាជ្ញា»។ (យ៉ូប ៩:៤, កំណែជាអក្សរទ្រេត) ព្រះគម្ពីរច្រើនតែប្រើពាក្យនេះសំដៅទៅលើលក្ខណៈដែលបង្កប់យ៉ាងជ្រៅក្នុងខ្លួន រួមមានទាំងអ្វីដែលជំរុញចិត្តនិងអារម្មណ៍របស់យើងដូចជាសេចក្ដីស្រឡាញ់ជាដើម។ ដូច្នេះ ប្រាជ្ញារបស់ព្រះយេហូវ៉ាគឺដូចជាគុណសម្បត្ដិឯទៀតរបស់ទ្រង់ដែលត្រូវកាន់កាប់ដោយសេចក្ដីស្រឡាញ់។—យ៉ូហានទី១ ៤:៨
២៣. ភាពខ្ពង់ខ្ពស់នៃប្រាជ្ញារបស់ព្រះយេហូវ៉ាគួរជំរុញចិត្តយើងឲ្យធ្វើអ្វី?
២៣ ប្រាជ្ញារបស់ព្រះយេហូវ៉ាពិតជាគួរឲ្យទុកចិត្តទាំងស្រុង។ ប្រាជ្ញារបស់ទ្រង់គឺខ្ពស់ជាងប្រាជ្ញារបស់យើងឆ្ងាយដល់ម្ល៉េះដែលព្រះបន្ទូលរបស់ព្រះជំរុញយើងដោយសេចក្ដីស្រឡាញ់ថា៖«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៥, ៦) សូមយើងពិនិត្យមើលឲ្យបានដិតដល់នូវប្រាជ្ញារបស់ព្រះយេហូវ៉ាដើម្បីចូលទៅជិតជាងនឹងព្រះរបស់យើងដែលមានគ្រប់ទាំងប្រាជ្ញា។