មេរៀនទី៥៧
ចុះបើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?
ទោះជាយើងស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយព្យាយាមមិនធ្វើអ្វីដែលនាំឲ្យលោកឈឺចិត្តក៏ដោយ ម្ដងម្កាលយើងនឹងធ្វើខុសជាមិនខាន។ ប៉ុន្តែ កំហុសខ្លះធ្ងន់ជាងកំហុសឯទៀត។ (កូរិនថូសទី១ ៦:៩, ១០) បើអ្នកបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ សូមចាំថាព្រះយេហូវ៉ាមិនឈប់ស្រឡាញ់អ្នកទេ។ ផ្ទុយទៅវិញ លោកត្រៀមនឹងអភ័យទោសឲ្យអ្នក ហើយចង់ជួយអ្នក។
១. តើយើងត្រូវធ្វើអ្វីដើម្បីឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង?
អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាស្ដាយក្រោយយ៉ាងខ្លាំង ក្រោយពីពួកគេដឹងថាខ្លួនបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ប៉ុន្តែ ពួកគេទទួលការសម្រាលទុក្ខពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ លោកបានសន្យាចំពោះរាស្ត្ររបស់លោកថា៖ «ទោះជាអំពើខុសឆ្គងរបស់អ្នករាល់គ្នាដូចជាពណ៌ក្រហមឆ្អៅក្ដី ក៏នឹងប្រែទៅជាសក្បុសដូចព្រិលបានដែរ»។ (អេសាយ ១:១៨) បើយើងប្រែចិត្តយ៉ាងស្មោះ ព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើង។ តើការប្រែចិត្តមានន័យយ៉ាងណា? មានន័យថាយើងស្ដាយក្រោយយ៉ាងខ្លាំងចំពោះកំហុសរបស់យើង ហើយក៏ឈប់ធ្វើខុសដូចនោះម្ដងទៀត ព្រមទាំងអង្វរសុំព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ រួចមក យើងព្យាយាមកែប្រែចិត្តគំនិតមិនត្រឹមត្រូវ ឬទម្លាប់ដែលនាំឲ្យយើងប្រព្រឹត្តអំពើខុសឆ្គង ហើយយើងខំព្យាយាមរស់នៅស្របតាមខ្នាតតម្រាដ៏ស្អាតស្អំរបស់ព្រះយេហូវ៉ា។—សូមអាន អេសាយ ៥៥:៦, ៧
២. ពេលយើងធ្វើខុស តើព្រះយេហូវ៉ាប្រើអ្នកចាស់ទុំឲ្យជួយយើងយ៉ាងដូចម្ដេច?
បើយើងធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ ព្រះយេហូវ៉ាប្រាប់យើងឲ្យ«ហៅបុរសចាស់ទុំក្នុងក្រុមជំនុំ»។ (សូមអាន យ៉ាកុប ៥:១៤, ១៥) បុរសចាស់ទុំទាំងនេះស្រឡាញ់ព្រះយេហូវ៉ានិងចៀមរបស់លោក។ ពួកគាត់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជួយយើងឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ាឡើងវិញ។—កាឡាទី ៦:១
បើយើងធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ តើពួកអ្នកចាស់ទុំជួយយើងយ៉ាងដូចម្ដេច? អ្នកចាស់ទុំពីរឬបីនាក់នឹងប្រើគម្ពីរដើម្បីបង្ហាញអំពីអ្វីដែលយើងបានធ្វើខុស។ ម្យ៉ាងទៀត ពួកគាត់នឹងឲ្យយោបល់ល្អនិងការលើកទឹកចិត្តដើម្បីជួយយើងកុំឲ្យធ្វើខុសម្ដងទៀត។ បើបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមិនព្រមប្រែចិត្ត ពួកអ្នកចាស់ទុំនឹងដកគាត់ចេញពីក្រុមជំនុំ ដើម្បីកុំឲ្យគាត់មានឥទ្ធិពលអាក្រក់មកលើក្រុមជំនុំ។
បង្កើនចំណេះ
សូមស្វែងយល់ថែមទៀតអំពីរបៀបដែលព្រះយេហូវ៉ាជួយយើង ពេលយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ នេះជួយយើងឲ្យដឹងគុណលោកកាន់តែខ្លាំងចំពោះការរៀបចំនោះ។
៣. បើយើងសារភាពកំហុស តើនោះជួយយើងយ៉ាងដូចម្ដេច?
កំហុសណាក៏ដោយដែលយើងធ្វើ នាំឲ្យព្រះយេហូវ៉ាឈឺចិត្ត។ ដូច្នេះ ជាការសមត្រឹមត្រូវដែលយើងសារភាពកំហុសប្រាប់លោក។ សូមអាន ចម្រៀងសរសើរព្រះ ៣២:១-៥ រួចពិភាក្សាសំណួរនេះ៖
ជាជាងលាក់បាំងកំហុសរបស់យើង ហេតុអ្វីជាការល្អដែលយើងសារភាពប្រាប់ព្រះយេហូវ៉ា?
ក្រោយពីសារភាពកំហុសប្រាប់ព្រះយេហូវ៉ាហើយ យើងត្រូវទៅជួបពួកអ្នកចាស់ទុំ ដើម្បីពួកគាត់ជួយយើងឲ្យមានអារម្មណ៍ធូរស្រាលជាង។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើពួកអ្នកចាស់ទុំបានជួយខេណុនយ៉ាងដូចម្ដេចឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ?
យើងត្រូវនិយាយប្រាប់ពួកអ្នកចាស់ទុំដោយស្មោះនិងដោយមិនលាក់លៀម ព្រោះពួកគាត់ចាំជួយយើងជានិច្ច។ សូមអាន យ៉ាកុប ៥:១៦ រួចពិភាក្សាសំណួរនេះ៖
ពេលយើងប្រាប់ពួកអ្នកចាស់ទុំដោយមិនលាក់លៀម ហេតុអ្វីនេះកាន់តែស្រួលឲ្យពួកគាត់ជួយយើង?
៤. ព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង
បើបុគ្គលដែលបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ នៅតែមិនព្រមធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា នោះគាត់នឹងត្រូវដកចេញពីក្រុមជំនុំ។ ដូច្នេះ យើងមិនអាចសេពគប់ជាមួយគាត់ឡើយ។ សូមអាន កូរិនថូសទី១ ៥:៦, ១១ រួចពិភាក្សាសំណួរនេះ៖
ដូចដំបែធ្វើឲ្យនំប៉័ងដោរឡើង តើការសេពគប់មនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដែលមិនប្រែចិត្ត នឹងមានឥទ្ធិពលយ៉ាងណាមកលើក្រុមជំនុំ?
ពួកអ្នកចាស់ទុំយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញសេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ ពួកគាត់ព្យាយាមទៅជួបនិងជួយអស់អ្នកដែលបានត្រូវដកចេញពីក្រុមជំនុំ។ ពិតមែនថាការដកពួកគេចេញពីក្រុមជំនុំអាចធ្វើឲ្យពួកគេឈឺចិត្ត តែនេះបានជួយពួកគេជាច្រើននាក់ឲ្យភ្ញាក់ខ្លួន ហើយត្រឡប់មកក្រុមជំនុំវិញ។—ចម្រៀងសរសើរព្រះ ១៤១:៥
ហេតុអ្វីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះអ្នកដែលបានធ្វើអំពើខុសឆ្គងបង្ហាញថាលោកសមហេតុសមផល មានសេចក្ដីមេត្តាករុណា និងមានសេចក្ដីស្រឡាញ់?
៥. ពេលយើងប្រែចិត្ត ព្រះយេហូវ៉ាអភ័យទោសឲ្យយើង
លោកយេស៊ូបានប្រើឧទាហរណ៍មួយដែលជួយយើងឲ្យយល់អំពីអារម្មណ៍របស់ព្រះយេហូវ៉ា ពេលបុគ្គលម្នាក់ប្រែចិត្ត។ សូមអាន លូកា ១៥:១-៧ រួចពិភាក្សាសំណួរនេះ៖
តាមរយៈខទាំងនេះ តើអ្នកបានរៀនអ្វីអំពីព្រះយេហូវ៉ា?
សូមអាន អេសេគាល ៣៣:១១ រួចពិភាក្សាសំណួរនេះ៖
តើការប្រែចិត្តរួមបញ្ចូលអ្វីខ្លះ?
មនុស្សខ្លះនិយាយថា៖ «បើខ្ញុំប្រាប់អ្នកចាស់ទុំថាខ្ញុំបានធ្វើខុស ខ្ញុំខ្លាចថាខ្ញុំនឹងត្រូវដកចេញពីក្រុមជំនុំ»។
តើអ្នកនឹងនិយាយយ៉ាងណាទៅកាន់អ្នកដែលមានអារម្មណ៍ដូច្នេះ?
សេចក្ដីសង្ខេប
បើយើងបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ តែបានប្រែចិត្តយ៉ាងស្មោះ ហើយតាំងចិត្តមិនប្រព្រឹត្តអំពើនោះម្ដងទៀត ព្រះយេហូវ៉ានឹងអភ័យទោសឲ្យយើង។
រៀនសាឡើងវិញ
ហេតុអ្វីជាការល្អឲ្យយើងសារភាពកំហុសទៅព្រះយេហូវ៉ា?
តើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង?
បើយើងបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហេតុអ្វីយើងគួរសុំជំនួយពីពួកអ្នកចាស់ទុំ?
ស្វែងយល់ថែមទៀត
សូមមើលបទពិសោធន៍របស់បុរសម្នាក់ដែលបានទទួលសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា ដូចបានរៀបរាប់នៅអេសាយ ១:១៨។
តើតាមរបៀបណាពួកអ្នកចាស់ទុំខំព្យាយាមជួយអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?
សូមពិចារណាថា តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងចិត្តមេត្តាករុណាចំពោះអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្ត?
ក្នុងបទពិសោធន៍«ខ្ញុំត្រូវត្រឡប់ទៅរកព្រះយេហូវ៉ាវិញ» សូមរៀនអំពីមូលហេតុដែលបុរសម្នាក់បានចាកចេញពីសេចក្ដីពិត និងអំពីរបៀបដែលព្រះយេហូវ៉ាបានជួយគាត់ឲ្យត្រឡប់មកឯលោកវិញ។
«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត» (ទស្សនាវដ្ដីប៉មយាម ខែមេសា–មិថុនា ឆ្នាំ២០១២)