ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ស្មោះត្រង់ធំទូលាយ
«ព្រះយេហូវ៉ា . . . មានសេចក្ដីសប្បុរស[«ដ៏ស្មោះ», ព.ថ.]ដ៏ធំទូលាយ»។—ទំនុកដំកើង ១៤៥:៨
១. តើសេចក្ដីស្រឡាញ់របស់ព្រះគឺធំប៉ុនណា?
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។ (យ៉ូហានទី១ ៤:៨) ឃ្លានេះធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តមែន ហើយបញ្ជាក់ថា របៀបដែលព្រះយេហូវ៉ាគ្រប់គ្រងគឺប្រកបទៅដោយសេចក្ដីស្រឡាញ់ដែរ។ គឺឃើញច្បាស់ហើយ សូម្បីតែមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ក៏ទទួលប្រយោជន៍ពីពន្លឺព្រះអាទិត្យនិងទឹកភ្លៀងដែលទ្រង់ផ្គត់ផ្គង់ដោយសេចក្ដីស្រឡាញ់ដែរ! (ម៉ាថាយ ៥:៤៤, ៤៥) ដោយសារព្រះស្រឡាញ់មនុស្សលោក នោះសូម្បីតែខ្មាំងសត្រូវរបស់ទ្រង់ក៏អាចប្រែចិត្ត បែរមករកទ្រង់ ហើយទទួលជីវិតជារៀងរហូតបាន។ (យ៉ូហាន ៣:១៦) ក៏ប៉ុន្តែ មិនយូរប៉ុន្មានទៀតព្រះយេហូវ៉ានឹងបំផ្លាញចោលមនុស្សអាក្រក់ដែលកែលែងបាន ដើម្បីឲ្យអស់ទាំងមនុស្សដែលស្រឡាញ់ទ្រង់អាចមានជីវិតជារៀងរហូតក្នុងពិភពលោកថ្មីដ៏សុចរិត។—ទំនុកដំកើង ៣៧:៩-១១, ២៩; ពេត្រុសទី២ ៣:១៣
២. តើសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាបង្ហាញដល់មនុស្សដែលបានឧទ្ទិសថ្វាយខ្លួនចំពោះទ្រង់ មានលក្ខណៈពិសេសអ្វី?
២ តាមរបៀបដ៏វិសេសព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏មិនសាបសូន្យចំពោះអ្នកថ្វាយបង្គំពិតរបស់ទ្រង់។ សេចក្ដីស្រឡាញ់បែបនោះត្រូវពណ៌នាដោយពាក្យភាសាហេព្រើរដែលបកប្រែថា«សេចក្ដីសប្បុរសដ៏ស្មោះ» ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»។ ស្តេចដាវីឌជាស្តេចនៅប្រទេសអ៊ីស្រាអែលពីបុរាណបានអបអរយ៉ាងខ្លាំងចំពោះសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះ។ ដោយឈរលើបទពិសោធន៍ផ្ទាល់ខ្លួននិងការរំពឹងគិតអំពីរបៀបដែលព្រះប្រព្រឹត្តលើមនុស្សដទៃ នោះដាវីឌអាចច្រៀងដោយទំនុកចិត្តថា៖ «ព្រះយេហូវ៉ា . . . មានសេចក្ដីសប្បុរស[«ដ៏ស្មោះ» ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់», ព.ថ.]ដ៏ធំទូលាយ»។—ទំនុកដំកើង ១៤៥:៨
ការសម្គាល់អ្នកស្មោះត្រង់របស់ព្រះ
៣, ៤. (ក) តើទំនុកដំកើង ទំនុកទី១៤៥ ជួយយើងសម្គាល់អ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាយ៉ាងណា? (ខ) តើអ្នកស្មោះត្រង់របស់ព្រះ«សូមឲ្យទ្រង់បានប្រកបដោយព្រះពរ»យ៉ាងដូចម្ដេច?
៣ ហាណាជាមាតារបស់ព្យាការីសាំយូអែល ហើយគាត់បានមានប្រសាសន៍អំពីព្រះយេហូវ៉ាថា៖ «ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធ[ឬ«អ្នកស្មោះត្រង់», ព.ថ.]របស់ទ្រង់»។ (សាំយូអែលទី១ ២:៩) តើ«អ្នកស្មោះត្រង់»ទាំងនេះជាអ្នកណា? ស្តេចដាវីឌមានបន្ទូលឆ្លើយសំនួរនេះ។ ក្រោយពីបានលើកតម្កើងគុណសម្បត្ដិដ៏ប្រសើរថ្លៃថ្លារបស់ព្រះយេហូវ៉ា ដាវីឌមានបន្ទូលថា៖ «ពួកអ្នកបរិសុទ្ធ [ឬ«អ្នកស្មោះត្រង់», ព.ថ.]របស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពរ»។ (ទំនុកដំកើង ១៤៥:១០) អ្នកប្រហែលជាឆ្ងល់ថា តើមនុស្សអាចសូមឲ្យទ្រង់ប្រកបដោយព្រះពរបានយ៉ាងដូចម្ដេច? មនុស្សអាចធ្វើដូច្នេះបាន ដោយសរសើរទ្រង់ ឬដោយនិយាយលើកតម្កើងទ្រង់។
៤ អ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាអាចត្រូវសម្គាល់ជាពួកអ្នកដែលប្រើមាត់របស់ខ្លួនដើម្បីនិយាយលើកតម្កើងទ្រង់។ ពេលជួបសំណេះសំណាលគ្នា ឬនៅឯកិច្ចប្រជុំគ្រីស្ទាន តើពួកគាត់ច្រើនតែពិភាក្សាអំពីរឿងអ្វី? ប្រាកដហើយ ពួកគាត់ពិភាក្សាអំពីព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា! អ្នកស្មោះត្រង់របស់ព្រះមានអារម្មណ៍ដូចដាវីឌដែលបានច្រៀងថា៖ «គេនឹងថ្លែងពីសិរីល្អនៃនគរ[របស់ព្រះយេហូវ៉ា] នឹងពីតេជានុភាពរបស់ទ្រង់»។—ទំនុកដំកើង ១៤៥:១១
៥. តើយើងដឹងដោយដូចម្ដេចថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់សណ្ដាប់ពេលដែលអ្នកស្មោះត្រង់របស់ទ្រង់និយាយលើកតម្កើងទ្រង់?
៥ តើព្រះយេហូវ៉ាសណ្ដាប់ពេលអ្នកស្មោះត្រង់សរសើរទ្រង់ឬ? មែនហើយ ទ្រង់យកព្រះទ័យទុកដាក់សណ្ដាប់សំដីរបស់ពួកគាត់។ ម៉ាឡាគីបានសរសេរទំនាយមួយដែលសំដៅទៅលើការថ្វាយបង្គំពិតនៅសម័យយើងនេះថា៖ «គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា ក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុកនៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ (ម៉ាឡាគី ៣:១៦) ព្រះយេហូវ៉ាសព្វព្រះហឫទ័យណាស់ ពេលដែលអ្នកស្មោះត្រង់របស់ទ្រង់និយាយលើកតម្កើងទ្រង់ ហើយទ្រង់ក៏ចាំពីពួកគាត់ផងដែរ។
៦. តើអ្នកស្មោះត្រង់របស់ព្រះធ្វើសកម្មភាពអ្វីដែលជួយយើងសម្គាល់ពួកគាត់?
៦ អ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ាអាចត្រូវសម្គាល់ដោយចិត្តក្លាហានរបស់ពួកគាត់ក្នុងការឆ្លៀតឱកាសនិយាយជាមួយនឹងមនុស្សដែលមិនមែនជាអ្នកថ្វាយបង្គំព្រះពិត។ ប្រាកដហើយ អ្នកស្មោះត្រង់របស់ព្រះរមែងថ្លែងប្រាប់ «ឲ្យពួកមនុស្សជាតិបានស្គាល់ អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់»។ (ទំនុកដំកើង ១៤៥:១២) តើអ្នកស្វែងរកនិងឆ្លៀតប្រយោជន៍ពីគ្រប់ឱកាស ដើម្បីប្រាប់ពួកអ្នកដែលមិនជឿអំពីការសោយរាជ្យរបស់ព្រះយេហូវ៉ាឬទេ? បន្ដិចទៀត រដ្ឋាភិបាលរបស់មនុស្សនឹងកន្លងបាត់ទៅ តែការសោយរាជ្យរបស់ព្រះនឹងស្ថិតសេរជារៀងរហូត។ (ធីម៉ូថេទី១ ១:១៧) ឥឡូវនេះគឺជាការសំខាន់ណាស់ដែលមនុស្សរៀនអំពីការសោយរាជ្យជារៀងរហូតរបស់ព្រះយេហូវ៉ា ហើយកាន់ជំហរជាអ្នកគាំទ្រការគ្រប់គ្រងនោះ។ ដាវីឌបានច្រៀងថា៖ «រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចទ្រង់ក៏នៅដរាបដល់អស់ទាំងដំណតទៅ»។—ទំនុកដំកើង ១៤៥:១៣
៧, ៨. តើអ្វីបានកើតឡើងនៅឆ្នាំ១៩១៤? ហើយតើមានភស្តុតាងអ្វីដែលបង្ហាញថា ព្រះកំពុងតែគ្រប់គ្រងតាមរយៈព្រះរាជាណាចក្រនៃព្រះរាជបុត្រាទ្រង់?
៧ តាំងពីឆ្នាំ១៩១៤ មានមូលហេតុថែមទៀតឲ្យយើងថ្លែងប្រាប់អំពីការសោយរាជ្យរបស់ព្រះយេហូវ៉ា។ នៅឆ្នាំនោះ ព្រះបានស្ថាបនាឡើងនូវព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនៅឯស្ថានសួគ៌ ដែលមានព្រះយេស៊ូគ្រីស្ទរាជបុត្រាស្តេចដាវីឌ គឺជាស្តេច។ យ៉ាងនេះ ព្រះយេហូវ៉ាបានបំពេញសេចក្ដីសន្យារបស់ទ្រង់ដែលថា ការសោយរាជ្យរបស់ដាវីឌនឹងស្ថិតស្ថេរអស់កល្បជានិច្ច។—សាំយូអែលទី២ ៧:១២, ១៣; លូកា ១:៣២, ៣៣
៨ ទីសំគាល់ពីវត្តមាននៃព្រះគ្រីស្ទដែលកំពុងតែសម្រេចឥឡូវនេះ ជាភស្តុតាងបង្ហាញថាព្រះយេហូវ៉ាកំពុងតែគ្រប់គ្រងតាមរយៈព្រះរាជាណាចក្រនៃព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូគ្រីស្ទ។ ក្នុងទីសម្គាល់នោះ លក្ខណៈដែលលេចធ្លោជាងគេគឺជាកិច្ចការដែលព្រះយេស៊ូបានទាយពីអ្នកស្មោះត្រង់ទាំងឡាយរបស់ព្រះនឹងធ្វើ។ ទ្រង់មានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:៣-១៤) ដោយសារអ្នកស្មោះត្រង់របស់ព្រះកំពុងតែបំពេញទំនាយនោះដោយចិត្តខ្នះខ្នែង នោះមនុស្សប្រុសស្រីនិងកុមារាកុមារីជាងប្រាំមួយលាននាក់កំពុងតែរួមចំណែកក្នុងកិច្ចការដ៏ធំអស្ចារ្យនេះដែលនឹងមិនមានម្ដងទៀតក្នុងប្រវត្ដិសាស្ត្រ។ មិនយូរប៉ុន្មានទៀត ចុងបំផុតនៃអស់អ្នកដែលប្រឆាំងនឹងព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ាត្រូវមកដល់។—វិវរណៈ ១១:១៥, ១៨
ការទទួលប្រយោជន៍ពីការសោយរាជ្យរបស់ព្រះយេហូវ៉ា
៩, ១០. តើមានភាពខុសគ្នាយ៉ាងណា រវាងព្រះយេហូវ៉ានិងអ្នកគ្រប់គ្រងដែលជាមនុស្ស?
៩ ប្រសិនបើយើងជាគ្រីស្ទានដែលបានឧទ្ទិសថ្វាយខ្លួនរួចហើយ ចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះអម្ចាស់យេហូវ៉ានាំឲ្យទទួលព្រះគុណឬប្រយោជន៍ជាច្រើន។ (ទំនុកដំកើង ៧១:៥; ១១៦:១២) ជាឧទាហរណ៍ យើងកោតខ្លាចព្រះនិងប្រព្រឹត្តអំពើសុចរិត ហេតុនោះហើយបានជាយើងមានព្រះគុណពីព្រះហើយនៅជិតស្និទ្ធនឹងទ្រង់ខាងវិញ្ញាណ។ (កិច្ចការ ១០:៣៤, ៣៥; យ៉ាកុប ៤:៨) ផ្ទុយពីព្រះយេហូវ៉ា មនុស្សដែលកាន់អំណាចគ្រប់គ្រងនិយមសេពគប់ជាមួយនឹងអ្នកមានមុខមាត់ ដូចជាពួកមន្ត្រីយោធា ពាណិជ្ជករដែលមានស្តុកស្តម្ភ ឬតារាភាពយន្តនិងកីឡា។ យោងទៅតាមសារពត៌មានមួយនៅទ្វីបអាព្រិច មន្ត្រីរាជការធំដុំម្នាក់បានមានប្រសាសន៍អំពីតំបន់ជនក្រីក្រនៅប្រទេសគាត់ថា៖ «ខ្ញុំយល់នូវមូលហេតុដែលយើងភាគច្រើនមិនចង់ទៅតំបន់ជនក្រីក្រ។ គឺដោយព្រោះយើងចង់បំភ្លេចថា មានស្ថានការណ៍បែបនោះ។ ស្ថានការណ៍បែបនោះតែងធ្វើទុក្ខមនសិការយើង ហើយយើងខ្មាសគេដោយសារយើងបើក[រថយន្ត]ថ្លៃៗ»។—Sowetan
១០ អ្នកគ្រប់គ្រងខ្លះក៏យកចិត្តទុកដាក់យ៉ាងស្មោះចំពោះសុខុមាលភាពនៃរាស្ត្ររបស់ខ្លួនពិតមែន តែសូម្បីអ្នកគ្រប់គ្រងដែលមានចិត្តល្អជាងគេក៏ដោយ ក៏មិនស្គាល់រាស្ត្រម្នាក់ៗរបស់ខ្លួនដែរ។ ប្រាកដហើយ យើងអាចសួរថា៖ តើមានអ្នកគ្រប់គ្រងណាម្នាក់ដែលយកចិត្តទុកដាក់ចំពោះរាស្ត្រទាំងឡាយ ដល់ម្ល៉េះបានជាប្រញាប់ជួយពួកគេម្នាក់ៗពេលដែលមានគ្រាអាសន្នឬ? ពិតជាមានមែន! ដាវីឌបានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ»។—ទំនុកដំកើង ១៤៥:១៤
១១. តើអ្នកស្មោះត្រង់របស់ព្រះរងទុក្ខលំបាកបែបណាខ្លះ? ហើយតើពួកគាត់ទទួលជំនួយអ្វី?
១១ អ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាបានជួបប្រទះការល្បួងនិងទុក្ខលំបាកផ្សេងៗជាច្រើន ដោយសារភាពមិនគ្រប់ល័ក្ខណ៍របស់ខ្លួន ហើយដោយសាររស់នៅក្នុងលោកីយ៍ដែលដេកនៅក្នុងឱវាទឬនៅក្រោមអំណាចនៃ«មេកំណាច»។ (យ៉ូហានទី១ ៥:១៩; ទំនុកដំកើង ៣៤:១៩) ជនគ្រីស្ទានបានទទួលការបៀតបៀន។ អ្នកខ្លះរងទុក្ខដោយសារជំងឺដ៏ធ្ងន់ ឬដោយសារបាត់បង់មនុស្សជាទីស្រឡាញ់។ ម្ដងម្កាល កំហុសរបស់អ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាប្រហែលជាធ្វើឲ្យពួកគាត់«ឱន»ដោយព្រោះធ្លាក់ទឹកចិត្ត។ ប៉ុន្តែ មិនថាអ្នកស្មោះត្រង់របស់ព្រះរងទុក្ខលំបាកណាក៏ដោយ ព្រះយេហូវ៉ារមែងប្រុងប្រៀបសំរាលទុក្ខនិងពង្រឹងកម្លាំងខាងវិញ្ញាណរបស់ពួកគាត់ម្នាក់ៗ។ ព្រះយេស៊ូគ្រីស្ទដែលជាស្តេចក៏យកព្រះទ័យទុកដាក់ដោយសេចក្ដីស្រឡាញ់ដូចគ្នាចំពោះរាស្ត្រស្មោះត្រង់របស់ទ្រង់។—ទំនុកដំកើង ៧២:១២-១៤
អាហារតាមត្រូវពេលដែលបំពេញតម្រូវការ
១២, ១៣. តើព្រះយេហូវ៉ាបំពេញសេចក្ដីត្រូវការរបស់«ជីវិតទាំងឡាយ»ដល់កំរិតណា?
១២ ដោយសារព្រះយេហូវ៉ាពេញទៅដោយសេចក្ដីសប្បុរសដ៏ស្មោះនោះ ទ្រង់តែងតែផ្គត់ផ្គង់តម្រូវការទាំងអស់របស់អ្នកបំរើទ្រង់។ នេះក៏រួមបញ្ចូលការបំពេញការស្រេកឃ្លានរបស់ពួកគេដោយប្រទានអាហារដ៏ល្អ។ ស្តេចដាវីឌបានសរសេរថា៖ «ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់[ព្រះយេហូវ៉ា] ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល។ ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកដំកើង ១៤៥:១៥, ១៦) សូម្បីតែនៅគ្រាណាដែលមានទុក្ខលំបាកក្ដី ក៏ព្រះយេហូវ៉ាអាចប្រើមធ្យោបាយផ្សេងៗដើម្បីឲ្យអ្នកស្មោះត្រង់របស់ទ្រង់ទទួល‹អាហារដែលពួកគេត្រូវការនៅថ្ងៃ›នោះដែរ។—លូកា ១១:៣; ១២:២៩, ៣០
១៣ ដាវីឌបានមានបន្ទូលថា ព្រះយេហូវ៉ាបំពេញចិត្តរបស់«ជីវិតទាំងឡាយ»។ នេះរួមបញ្ចូលសត្វផងដែរ។ បើផែនដីនេះមិនមានរុក្ខជាតិនិងវារិជាតបរិបូរ នោះសត្វទឹក សត្វស្លាប និងសត្វគោកនឹងគ្មានខ្យល់អុកស៊ីសែនសំរាប់ដកដង្ហើមឬក៏គ្មានអាហារទេ។ (ទំនុកដំកើង ១០៤:១៤) ក៏ប៉ុន្តែ ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់បំពេញសេចក្ដីត្រូវការទាំងអស់របស់សត្វទាំងឡាយ។
១៤, ១៥. សព្វថ្ងៃនេះ តើអាហារខាងវិញ្ញាណកំពុងតែត្រូវផ្គត់ផ្គង់យ៉ាងដូចម្ដេច?
១៤ មនុស្សគឺខុសពីសត្វ ដ្បិតមនុស្សមានសេចក្ដីត្រូវការខាងវិញ្ញាណ។ (ម៉ាថាយ ៥:៣) ព្រះយេហូវ៉ាបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់អ្នកស្មោះត្រង់របស់ទ្រង់យ៉ាងល្អប្រសើរ! មុនដែលព្រះយេស៊ូសោយទិវង្គត ទ្រង់សន្យាថា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›នឹងផ្គត់ផ្គង់«អាហារ»ខាងវិញ្ញាណ«តាមត្រូវពេល»សំរាប់អ្នកកាន់តាមទ្រង់។ (ម៉ាថាយ ២៤:៤៥) ក្រុមអ្នកបំរើសព្វថ្ងៃនេះគឺជាជនសំណល់ចាក់ប្រេងតាំងពីចំណោម១៤៤.០០០នាក់។ តាមរយៈពួកគាត់ ព្រះយេហូវ៉ាពិតជាបានផ្គត់ផ្គង់អាហារខាងវិញ្ញាណយ៉ាងបរិបូរ។
១៥ ជាឧទាហរណ៍ ឥឡូវនេះរាស្ត្រភាគច្រើនរបស់ព្រះយេហូវ៉ាកំពុងតែទទួលប្រយោជន៍ពីសេចក្ដីបកប្រែព្រះគម្ពីរមួយដ៏ទំនើបនិងត្រឹមត្រូវជាភាសារបស់ខ្លួន។ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធពិតជាពរវិសេសមួយមែន! ម្យ៉ាងទៀត សៀវភៅរាប់លានក្បាលដែលជាជំនួយសំរាប់ការសិក្សាព្រះគម្ពីរកំពុងតែត្រូវបោះពុម្ពជាង៣០០ភាសា។ អាហារខាងវិញ្ញាណទាំងអស់នេះគឺជាពរដល់អ្នកថ្វាយបង្គំពិតទូទាំងផែនដី។ តើអ្នកណាសមទទួលការសរសើរសំរាប់អាហារនេះ? គឺព្រះយេហូវ៉ា។ ដោយសារសេចក្ដីសប្បុរសដ៏ស្មោះរបស់ទ្រង់គឺធំទូលាយ នោះទ្រង់បានរៀបចំឲ្យក្រុមអ្នកបំរើអាចផ្គត់ផ្គង់‹អាហារតាមត្រូវពេល›។ តាមរយៈសំវិធានការទាំងនេះ «ចិត្តប្រាថ្នានៃជីវិតទាំងឡាយ»ត្រូវបំពេញក្នុងសួនមនោរម្យខាងវិញ្ញាណសព្វថ្ងៃ។ ហើយអ្នកបំរើព្រះយេហូវ៉ារីករាយនឹងសេចក្ដីសង្ឃឹមដោយមើលឃើញផែនដីក្លាយទៅជាសួនមនោរម្យពិតប្រាកដមួយ!—លូកា ២៣:៤២, ៤៣
១៦, ១៧. (ក) តើឧទាហរណ៍អ្វីខ្លះបង្ហាញថាអាហារខាងវិញ្ញាណមកតាមត្រូវពេល? (ខ) ស្តីអំពីរឿងសំខាន់បំផុតដែលសាតាំងបានចោទនោះ តើទំនុកដំកើង១៤៥បញ្ជាក់អារម្មណ៍របស់អ្នកស្មោះត្រង់របស់ព្រះយ៉ាងដូចម្ដេច?
១៦ សូមពិចារណាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីអាហារខាងវិញ្ញាណដែលត្រូវទទួលតាមត្រូវពេល។ នៅឆ្នាំ១៩៣៩ សង្គ្រាមលោកលើកទី២ចាប់ផ្ដើមនាទ្វីបអឺរ៉ុប។ នៅឆ្នាំដដែលនោះ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា មានអត្ថបទមួយដែលមានចំណងជើងថា«ភាពអព្យាក្រឹត»។ ដោយសារបានទទួលពត៌មានច្បាស់លាស់នោះ ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោកបានយល់ឃើញភាពចាំបាច់នៃការរក្សាភាពអព្យាក្រឹតដាច់ខាតចំពោះរឿងរបស់ប្រទេសជាតិដែលកំពុងតែធ្វើសង្គ្រាម។ នេះបាននាំឲ្យរដ្ឋាភិបាលទាំងសងខាងខឹងយ៉ាងខ្លាំងចំពោះពួកគេក្នុងកំឡុងប្រាំមួយឆ្នាំដែលធ្វើសង្គ្រាមនោះ។ ក៏ប៉ុន្តែ ទោះជាអ្នកស្មោះត្រង់របស់ព្រះត្រូវបានគេដាក់បំរាមឬបៀតបៀនក៏ដោយ ក៏ពួកគេបានបន្តផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់។ ពីឆ្នាំ១៩៣៩ដល់១៩៤៦ ព្រះបានប្រទានពរឲ្យពួកគេមានការរីកចំរើនយ៉ាងអស្ចារ្យ គឺ១៥៧ភាគរយ។ ម្យ៉ាងទៀត បទពិសោធន៍ដ៏ល្អប្រសើរពីការរក្សាចិត្តស្មោះភក្ដីដែលពួកគេបានបន្សល់ទុកនោះនៅតែជួយមនុស្សសម្គាល់សាសនាពិត។—អេសាយ ២:២-៤
១៧ អាហារខាងវិញ្ញាណដែលព្រះយេហូវ៉ាផ្គត់ផ្គង់មិនគ្រាន់តែមកតាមត្រូវពេល តែក៏បំពេញតម្រូវការផងដែរ។ ពេលដែលសាសន៍ទាំងប៉ុន្មានបានជាប់ច្បាំងគ្នាពេញទំហឹងក្នុងកំឡុងសង្គ្រាមលោកលើកទី២ នោះរាស្ត្ររបស់ព្រះយេហូវ៉ាត្រូវបានជួយឲ្យប្រមូលអារម្មណ៍ទៅលើអ្វីដ៏សំខាន់ជាងសេចក្ដីសង្គ្រោះរបស់ខ្លួនទៅទៀត។ ព្រះយេហូវ៉ាបានជួយពួកគេឲ្យយល់ថា រឿងសំខាន់បំផុតគឺអធិបតីភាពដ៏ត្រឹមត្រូវរបស់ព្រះយេហូវ៉ា ដែលជារឿងមួយទាក់ទងនឹងបុគ្គលគ្រប់រូបតែម្ដង។ ពិតជាអ្វីដែលគួរឲ្យពេញចិត្តណាស់! ពេលដែលដឹងថា ដោយសារភាពស្មោះត្រង់របស់ពួកគេ នោះស្មរបន្ទាល់ម្នាក់ៗរបស់ព្រះយេហូវ៉ាបានរួមចំណែកក្នុងការបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពព្រះយេហូវ៉ា និងបង្ហាញថាអារក្សជាអ្នកភូតភរ។ (សុភាសិត ២៧:១១) សាតាំងចេះតែបង្កាច់បង្ខូចព្រះយេហូវ៉ានិងរបៀបទ្រង់គ្រប់គ្រង តែអ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាវិញ ពួកគេបន្តប្រកាសជាចំហថា៖ «ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់»។—ទំនុកដំកើង ១៤៥:១៧
១៨. ថ្មីៗនេះ តើមានឧទាហរណ៍អ្វីដែលបង្ហាញពីអាហារខាងវិញ្ញាណដែលមកតាមត្រូវពេលនិងដែលបំពេញតម្រូវការនោះ?
១៨ ឧទាហរណ៍មួយទៀតអំពីអាហារខាងវិញ្ញាណដែលបំពេញតម្រូវការតាមត្រូវពេល គឺជាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ដែលបានចេញថ្មីទូទាំងពិភពលោកនៅរាប់រយមហាសន្និបាតប្រធានថា«អ្នកប្រកាសដ៏ខ្នះខ្នែងអំពីព្រះរាជាណាចក្ររបស់ព្រះ»នាឆ្នាំ២០០២-២០០៣។ សៀវភៅនេះដែលត្រូវបានរៀបចំដោយ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› និងបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា បានបញ្ជាក់អំពីគុណសម្បត្ដិប្រសើរថ្លៃថ្លារបស់ព្រះយេហូវ៉ា រួមទាំងគុណសម្បត្ដិដែលរៀបរាប់នៅទំនុកដំកើង១៤៥។ សៀវភៅល្អនេះពិតជាមានតួនាទីសំខាន់ក្នុងការជួយអ្នកស្មោះត្រង់របស់ព្រះចូលទៅជិតទ្រង់ជាងមុន។
ពេលដែលត្រូវចូលទៅជិតព្រះយេហូវ៉ាជាងមុន
១៩. តើពេលវេលាដ៏សំខាន់បំផុតអ្វីដែលកំពុងតែឆ្ពោះមកជិត? នៅថ្ងៃនោះ តើយើងអាចស៊ូទ្រាំយ៉ាងដូចម្ដេច?
១៩ ដំណាក់កាលសំខាន់បំផុតមួយដែលនឹងដោះស្រាយរឿងចំណោទទាក់ទងនឹងអធិបតីភាពរបស់ព្រះយេហូវ៉ាគឺកំពុងតែឆ្ពោះមកកាន់តែជិតហើយ។ ដូចអេសេគាលជំពូកទី៣៨ចែងនោះ បន្ដិចទៀតសាតាំងនឹងបញ្ចប់តួនាទីជា«កុកនៃស្រុកម៉ាកុក»។ នេះនឹងរួមបញ្ចូលការពាធារាស្ត្រព្រះយេហូវ៉ាទូទាំងពិភពលោក។ សាតាំងនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីបំផ្លាញភក្ដីភាពរបស់អ្នកស្មោះត្រង់របស់ព្រះ។ អ្នកថ្វាយបង្គំព្រះយេហូវ៉ានឹងត្រូវអំពាវនាវរកទ្រង់អស់ពីចិត្តជាងមុនៗទៅទៀត ប្រហែលរហូតដល់ស្រែកអំពាវនាវឲ្យទ្រង់ជួយក៏មាន។ ពេលនោះ តើគឺអត់ប្រយោជន៍ដែលពួកគេបានកោតខ្លាចដល់ព្រះនិងស្រឡាញ់ទ្រង់ឬ? អត់ទេ! ដ្បិតទំនុកដំកើង១៤៥ចែងថា៖ «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ»។—ទំនុកដំកើង ១៤៥:១៨-២០
២០. តើទំនុកដំកើង ១៤៥:១៨-២០ នឹងសឲ្យឃើញថាពិតនៅអនាគតឆាប់ៗខាងមុខយ៉ាងដូចម្ដេច?
២០ យើងពិតជានឹងរំភើបចិត្តណាស់! នៅពេលព្រះយេហូវ៉ាបំផ្លាញចោលមនុស្សទុច្ចរិត ហើយយើងឃើញដោយផ្ទាល់នឹងភ្នែកថាទ្រង់គង់នៅជិត ហើយឃើញតេជានុភាពរបស់ទ្រង់ពេលដែលសង្គ្រោះយើង។ គឺឃើញច្បាស់ហើយ នៅគ្រាដ៏សំខាន់ដែលកៀកណាស់ហើយនោះ ព្រះយេហូវ៉ានឹងស្ដាប់តែ«អស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់»។ ទ្រង់ប្រាកដជានឹងមិនស្ដាប់អ្នកដែលធ្វើពុតត្បុតនោះទេ។ ព្រះបន្ទូលរបស់ព្រះបង្ហាញច្បាស់ថា គឺអត់ប្រយោជន៍ទេបើមនុស្សទុច្ចរិតខំអំពាវនាវហៅព្រះនាមព្រះយេហូវ៉ានៅវិនាទីចុងក្រោយនោះ។—សុភាសិត ១:២៨, ២៩; មីកា ៣:៤; លូកា ១៣:២៤, ២៥
២១. តើអ្នកស្មោះត្រង់របស់ព្រះយេហូវ៉ាបង្ហាញថាពួកគេរីករាយនឹងការប្រើព្រះនាមទ្រង់យ៉ាងដូចម្ដេច?
២១ គ្រាឥឡូវនេះជាពេលឲ្យអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា«អំពាវនាវដល់ទ្រង់ដោយពិតត្រង់»ជាងមុនៗទៅទៀត។ អ្នកស្មោះត្រង់របស់ទ្រង់រីករាយក្នុងការប្រើព្រះនាមទ្រង់ក្នុងសេចក្ដីអធិស្ឋាននិងពេលដែលឆ្លើយសំនួរនៅកិច្ចប្រជុំ។ ពេលដែលសន្ទនា ពួកគេប្រើព្រះនាមទ្រង់។ ហើយពួកគេប្រកាសដោយចិត្តក្លាហានពីព្រះនាមព្រះយេហូវ៉ាក្នុងកិច្ចផ្សព្វផ្សាយ។—រ៉ូម ១០:១០, ១៣-១៥
២២. ហេតុអ្វីបានជាយើងត្រូវតែបន្តបដិសេធចិត្តគំនិតនិងក្ដីប៉ងប្រាថ្នារបស់លោកីយ៍?
២២ ដើម្បីបន្តទទួលប្រយោជន៍ពីចំណងមិត្តភាពជិតស្និទ្ធដែលយើងមានជាមួយនឹងព្រះយេហូវ៉ានោះ ក៏ជាការសំខាន់ដែរដែលយើងបន្តបដិសេធនូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ភាពខាងវិញ្ញាណរបស់យើង ដូចជាវត្ថុនិយម ការកំសាន្តមិនល្អ ការមិនចង់អត់ទោសអ្នកឯទៀត ឬការមិនអើពើចំពោះអ្នកដែលមានសេចក្ដីត្រូវការ។ (យ៉ូហានទី១ ២:១៥-១៧; ៣:១៥-១៧) បើយើងមិនកែប្រែទង្វើនិងលក្ខណៈទាំងនេះ នោះអាចនាំឲ្យយើងចាប់ផ្ដើមមានទម្លាប់ប្រព្រឹត្តអំពើបាបនិងនៅទីបំផុតបាត់បង់នូវព្រះគុណរបស់ព្រះយេហូវ៉ា។ (យ៉ូហានទី១ ២:១, ២) យកល្អយើងចងចាំថា ព្រះយេហូវ៉ានឹងបន្តបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះយើង លុះត្រាតែយើងរក្សាចិត្តស្មោះភក្ដីចំពោះទ្រង់។—សាមូអែលទី២[សាំយូអែលទី២] ២២:២៦, ខ.ស.
២៣. តើអនាគតរុងរឿងអ្វីស្ថិតនៅមុខអស់អ្នកស្មោះត្រង់របស់ព្រះ?
២៣ ដូច្នេះ ចូរយើងបន្តប្រមូលអារម្មណ៍ទៅលើអនាគតរុងរឿងដែលព្រះយេហូវ៉ាបានរៀបចំទុកសំរាប់អស់អ្នកស្មោះត្រង់របស់ទ្រង់។ ដោយធ្វើដូច្នេះ យើងមានសេចក្ដីសង្ឃឹមចូលរួមក្នុងចំណោមអ្នកដែលនឹងលើកតម្កើង សរសើរ និងសូមឲ្យព្រះយេហូវ៉ាប្រកបដោយពរ«រាល់ៗថ្ងៃ»និង«អស់កល្បជានិច្ច»។ (ទំនុកដំកើង ១៤៥:១, ២) ហេតុនេះ ចូរយើង‹រក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះឲ្យបានជីវិតអស់កល្បជានិច្ច›។ (យូដាស ២០, ២១) ពេលយើងបន្តទទួលប្រយោជន៍ពីគុណសម្បត្ដិប្រសើរថ្លៃថ្លារបស់ព្រះវរបិតាយើង រួមទាំងសេចក្ដីសប្បុរសដ៏ស្មោះយ៉ាងធំទូលាយដែលទ្រង់សម្ដែងចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ នោះចូរឲ្យយើងមានអារម្មណ៍ដូចដាវីឌជានិច្ចដែលបានបញ្ជាក់ក្នុងបន្ទូលចុងបញ្ចប់នៃទំនុកដំកើង១៤៥។ «មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធរបស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើទំនុកដំកើង១៤៥ជួយសម្គាល់អ្នកស្មោះត្រង់របស់ព្រះយ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ា«បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ»យ៉ាងដូចម្ដេច?
• ហេតុអ្វីយើងត្រូវតែចូលទៅជិតព្រះយេហូវ៉ាជាងមុន?
[រូបភាពនៅទំព័រ២៤]
អ្នកស្មោះត្រង់របស់ព្រះរីករាយនិយាយអំពីឥទ្ធិឫទ្ធិរបស់ទ្រង់
[រូបភាពនៅទំព័រ២៥]
អ្នកបំរើរបស់ព្រះយេហូវ៉ាបង្ហាញចិត្តក្លាហានក្នុងការជួយអ្នកមិនជឿ ឲ្យរៀនអំពីភាពរុងរឿងនៃការសោយរាជ្យរបស់ទ្រង់
[រូបភាពនៅទំព័រ២៦]
ព្រះយេហូវ៉ាប្រទានអាហារសំរាប់«ជីវិតទាំងឡាយ»
[អ្នកផ្ដល់សិទ្ធិ]
Animals: Parque de la Naturaleza de Cabárceno
[រូបភាពនៅទំព័រ២៧]
ព្រះយេហូវ៉ាពង្រឹងកម្លាំងនិងប្រទានការណែនាំដល់អ្នកស្មោះត្រង់របស់ទ្រង់ដែលសុំជំនួយតាមរយៈការអធិស្ឋាន