ជំពូកទី៩
តើអ្វីកើតឡើងដល់ពួកអ្នកជាទីស្រឡាញ់ ដែលស្លាប់ទៅរបស់យើង?
១. តើមនុស្សមានអារម្មណ៍យ៉ាងណា ពេលអ្នកជាទីស្រឡាញ់ណាម្នាក់បានស្លាប់ទៅ?
«គេមានការឈឺចាប់ណាស់ ពេលអ្នកជាទីស្រឡាញ់ណាម្នាក់ស្លាប់ទៅ ពីព្រោះសេចក្ដីស្លាប់គឺជាការបាត់បង់ជីវិត ទៅក្នុងទីអាថ៌កំបាំងដ៏រកយល់ពុំបានឡើយ»។ នេះជាសំដីដែលកូនប្រុសម្នាក់បានពោល ពេលឪពុករបស់គាត់ស្លាប់ទៅ ហើយមិនយូរក្រោយមកម្ដាយរបស់គាត់ក៏ស្លាប់ទៀត។ ការឈឺចាប់ និងការបាត់បង់ដែលគាត់ដឹងយល់ក្នុងជម្រៅចិត្តរបស់គាត់ ធ្វើឲ្យគាត់មានអារម្មណ៍«ខ្វល់ព្រួយក្នុងចិត្ត រកទ្រាំពុំបានឡើយ»។ ឯអ្នកក៏ប្រហែលជាធ្លាប់មានការឈឺចាប់ ស្រដៀងគ្នាអញ្ចឹងដែរ។ អ្នកប្រហែលបានងឿងឆ្ងល់ថា ពួកអ្នកជាទីស្រឡាញ់របស់អ្នកនៅឯណាទៅ ហើយថាអ្នកនឹងអាចឃើញមុខពួកគេវិញឬទេ។
២. តើមានសំនួរដ៏ស្មុគស្មាញអ្វីខ្លះអំពីសេចក្ដីស្លាប់?
២ ឪពុកម្ដាយខ្លះដែលសោកសង្រេងបានត្រូវគេប្រាប់ថា «ព្រះរើសយកមនុស្សល្អៗ ទៅនៅស្ថានសួគ៌ជាមួយនឹងទ្រង់»។ តើពិតជាដូច្នេះមែនឬ? តើពួកអ្នកជាទីស្រឡាញ់ ដែលស្លាប់ទៅរបស់យើង បានទៅកាន់វិស័យវិញ្ញាណណាមួយឬ? តើនេះជាវិស័យដែលអ្នកខ្លះហៅថានិព្វាន ដែលគេរៀបរាប់ថា ជាភាពក្សេមក្សាន្តដ៏គ្មានការឈឺចាប់ គ្មានសេចក្ដីប៉ងប្រាថ្នាអ្វីទាំងអស់នោះឬ? ពួកអ្នកដែលយើងស្រឡាញ់ទាំងនោះ បានឆ្លងកាត់ទៅដល់ជីវិតអមតៈ ក្នុងស្ថានបរមសុខមែនឬ? ឬមួយក៏ដូចមនុស្សឯទៀតអះអាង ថាសេចក្ដីស្លាប់ គឺជាការធ្លាក់ខ្លួនទៅរងទារុណកម្មជាប់មិនដែលបានល្ហែ ចំពោះពួកដែលបានជំទាស់នឹងព្រះនោះ? តើមនុស្សស្លាប់អាចមានអនុភាពលើជីវិតយើងឬទេ? ដើម្បីរកឃើញចម្លើយពិតសម្រាប់សំនួរបែបនេះ យើងត្រូវតែពិនិត្យមើលបន្ទូលនៃព្រះ គឺព្រះគម្ពីរ។
តើអ្វីជា«វិញ្ញាណ»ដែលនៅក្នុងមនុស្ស?
៣. តើលោកសុក្រេត្សនិងលោកប្ល៉ាតូ មានមតិយ៉ាងណាអំពីសេចក្ដីស្លាប់ ហើយនេះមានឥទ្ធិពលយ៉ាងណាលើមនុស្សសព្វថ្ងៃនេះ?
៣ លោកសុក្រេត្ស និងលោកប្ល៉ាតូ ជាទស្សនៈវិទូសាសន៍ក្រិកជំនាន់បុរាណ បានអះអាងថា ច្បាស់ជាមានអ្វីមួយជាប់មកជាមួយ ដែលមិនចេះស្លាប់នៅក្នុងមនុស្សប្រុសស្រី—គឺព្រលឹង ដែលបានឆ្លងផុតពីសេចក្ដីស្លាប់ ហើយមិនដែលស្លាប់ទៅសោះឡើយ។ ទូទាំងផែនដី មនុស្សរាប់លាននាក់ សព្វថ្ងៃជឿសេចក្ដីនេះ។ ជំនឿនេះតែងនាំឲ្យកើតមានការភ័យខ្លាចដល់ពួកមនុស្សស្លាប់ ហើយឲ្យមានការខ្វល់ខ្វាយ ចំពោះសុខុមាលភាពរបស់ពួកគេផង។ ឯព្រះគម្ពីរបង្រៀនយើងនូវសេចក្ដីដែលផ្ទុយស្រឡះឆ្ងាយណាស់ អំពីមនុស្សស្លាប់។
៤. (ក) តើលោកុប្បត្តិប្រាប់យើងយ៉ាងដូចម្ដេចអំពីព្រលឹង? (ខ) តើព្រះបានបញ្ចូលអ្វីទៅក្នុងអ័ដាម ដើម្បីឲ្យគាត់មានជីវិតរស់រាន?
៤ ក្នុងការពិចារណាស្ថានភាពរបស់មនុស្សស្លាប់ យើងត្រូវតែចាំថា អ័ដាមដែលជាឪពុកដំបូងរបស់យើង ឥតមានព្រលឹងមួយនោះទេ។ ខ្លួនគាត់គឺជាព្រលឹង។ ក្នុងការបង្កបង្កើតដ៏គួរឲ្យស្ញប់ស្ញែង នោះព្រះបានសូនធ្វើមនុស្ស—គឺព្រលឹង—ដោយប្រើធាតុសំខាន់ៗពីដី ហើយរួចមកក៏ផ្លុំ«ខ្យល់ដង្ហើមជីវិត»ចូលទៅក្នុងគាត់។ លោកុប្បត្តិ ២:៧, ព.ថ. ប្រាប់យើងថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ ហើយមនុស្សនោះក៏ត្រឡប់ជាព្រលឹងរស់ឡើង»។ ជីវិតរបស់អ័ដាមបានត្រូវទ្រទ្រង់ឲ្យនៅគង់វង់ ដោយការដកដង្ហើម។ ប៉ុន្តែ ពេលព្រះបញ្ចូលខ្យល់ដង្ហើមជីវិតទៅក្នុងអ័ដាម នោះគឺមិនមែនគ្រាន់ផ្លុំខ្យល់ ចូលទៅក្នុងសួតមនុស្សប៉ុណ្ណោះនោះទេ គឺមានអ្វីផ្សេងទៀតបានកើតឡើង។ ព្រះគម្ពីរនិយាយអំពី«កម្លាំងជីវិត» ដែលសកម្មក្នុងជីវិតទាំងឡាយលើផែនដី។—លោកុប្បត្តិ ៧:២២, ព.ថ.
៥, ៦. (ក) តើអ្វីជា«កម្លាំងជីវិត»? (ខ) តើអ្វីកើតឡើងពេលដែល«វិញ្ញាណ» ដូចមាននិយាយក្នុងទំនុកដំកើង ១៤៦:៤, ព.ថ. ឈប់ធ្វើឲ្យរូបកាយមានចលនារស់រវើកទៀត?
៥ តើអ្វីជា«កម្លាំងជីវិត»? នេះជាពន្លឺដ៏សំខាន់នៃជីវិត ដែលព្រះបានបញ្ចូលទៅក្នុងរូបកាយដែលគ្មានជីវិតរបស់អ័ដាម។ កម្លាំងនេះក៏ត្រូវទ្រទ្រង់ ដោយវិធីដកដង្ហើមចេញចូល។ ចុះអ្វីទៅជា«វិញ្ញាណ»ដែលគេថ្លែងសំដៅ នៅទំនុកដំកើង ១៤៦:៤, ព.ថ.នោះ? ខនោះនិយាយអំពីមនុស្សដែលស្លាប់ ថា៖ «វិញ្ញាណគេក៏ចេញបាត់ទៅ ហើយគេត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ ពេលពួកអ្នកសរសេរព្រះគម្ពីរ ប្រើពាក្យ«វិញ្ញាណ»ក្នុងរបៀបនេះ ពួកគេមិនមែនមានបំណងចង់ស្តីអំពីព្រលឹង ដែលឃ្លាតចាកពីរូបកាយ ទៅរស់នៅតទៅទៀត ក្រោយពេលរូបកាយបានស្លាប់ទៅហើយនោះទេ។
៦ «វិញ្ញាណ»ដែលចាកចេញពីមនុស្សនៅពេលស្លាប់ គឺជាកម្លាំងជីវិត ដែលកើតមកពីព្រះអាទិទេពរបស់យើង។ (ទំនុកដំកើង ៣៦:៩; កិច្ចការ ១៧:២៨) កម្លាំងជីវិតនេះ ឥតមានចរិតលក្ខណៈនៃរូបកាយ ដែលវាជម្រុញឲ្យមានចលនានោះទេ គឺដូចជាអគ្គីសនីអញ្ចឹងដែរ ដែលឥតមានលក្ខណៈរបស់គ្រឿងប្រដាប់ ដែលវាធ្វើឲ្យដើរនោះឡើយ។ ពេលមនុស្សម្នាក់ស្លាប់ទៅ នោះវិញ្ញាណ(កម្លាំងជីវិត) ក៏ឈប់ជម្រុញកោសិការូបកាយ ឲ្យមានចលនារស់រវើកទៀត មិនខុសពីភ្លើងទេ ដែលត្រូវរលត់ទៅ ពេលដែលគេបិទអគ្គីសនី។ ពេលកម្លាំងជីវិតឈប់ទ្រទ្រង់រូបកាយមនុស្ស នោះមនុស្ស ដែលជាព្រលឹង ក៏នឹងត្រូវស្លាប់សូន្យជីវិតទៅដែរ។—ទំនុកដំកើង ១០៤:២៩; សាស្ដា ១២:១, ៧
«ឯង . . . ត្រូវត្រឡប់ទៅជាធូលីដីវិញ»
៧. តើអ័ដាមនឹងទៅជាយ៉ាងណា ប្រសិនបើគាត់មិនស្ដាប់បង្គាប់ព្រះ?
៧ ព្រះយេហូវ៉ាបានពន្យល់ប្រាប់យ៉ាងច្បាស់ ថាសេចក្ដីស្លាប់មានន័យយ៉ាងណា ចំពោះអ័ដាមដែលជាអ្នកមានបាប។ ព្រះទ្រង់មានបន្ទូលថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) អ័ដាមនឹងត្រឡប់ទៅឯណាវិញ? គឺទៅឯដីវិញ ទៅឯធូលីដី ដែលព្រះបានយកមកសូនធ្វើជារូបគាត់។ ដល់ពេលស្លាប់ទៅ អ័ដាមក៏លែងមានជីវិតគង់នៅទៀតហើយ!
៨. តើមនុស្សដែលជាព្រលឹង គេមិនវិសេសជាងសត្វក្នុងរបៀបណា?
៨ ក្នុងរបៀបនេះ សេចក្ដីស្លាប់របស់មនុស្សនិងរបស់សត្វ គឺមិនខុសពីគ្នាទេ។ សត្វក៏ជាព្រលឹងដែរ ហើយវិញ្ញាណឬកម្លាំងជីវិតដូចគ្នានេះ ក៏ធ្វើឲ្យសត្វមានចលនារស់រវើក។ (លោកុប្បត្តិ ១:២៤) នៅសាស្ដា ៣:១៩, ២០, ព.ថ. សាឡូម៉ូន ជាបុរសដ៏មានប្រាជ្ញា ប្រាប់យើងថា៖ «ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះដែរ អើ គេមានកម្លាំងជីវិតដូចគ្នាទាំងអស់ ហើយ[ក្នុងសេចក្ដីស្លាប់]មនុស្សគឺមិនវិសេសជាងសត្វទេ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញ»។ មនុស្សគឺវិសេសជាងសត្វតិរច្ឆាន ក្នុងការដែលគេបានត្រូវបង្កើតមក ឲ្យមានភាពដូចព្រះ អាចសម្ដែងចេញនូវគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ (លោកុប្បត្តិ ១:២៦, ២៧) តែដល់ពេលស្លាប់ទៅ មនុស្សក៏ដូចសត្វដែរ គឺត្រឡប់ទៅឯធូលីដីវិញទាំងអស់គ្នា។
៩. តើអ្វីជាស្ថានភាពរបស់មនុស្សស្លាប់ ហើយពួកគេទៅឯណា?
៩ សាឡូម៉ូនបានពន្យល់ថែមទៀត ថាសេចក្ដីស្លាប់មានន័យយ៉ាងណា ដោយប្រាប់ថា៖ «មនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ ត្រូវហើយ មនុស្សស្លាប់គឺឥតដឹងអ្វីទាំងអស់។ ដោយយល់ដូច្នេះ សាឡូម៉ូនក៏តឿនប្រាប់ថា៖ «ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ (សាស្ដា ៩:៥, ១០) តើមនុស្សស្លាប់ទៅឯណាទៅ? គឺទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ (ពាក្យហេព្រើរ ហ្សីអូល) ដែលជាផ្នូរធម្មតារបស់មនុស្សជាតិ។ ពួកអ្នកជាទីស្រឡាញ់ដែលស្លាប់ទៅរបស់យើង គឺឥតដឹងខ្លួនសោះ។ ពួកគេមិនមែនកំពុងនៅឈឺចាប់ទេ ហើយក៏មិនអាចធ្វើអ្វីដល់យើងបានឡើយ។
១០. ហេតុអ្វីយើងអាចនិយាយថា សេចក្ដីស្លាប់មិនត្រូវជាទីអវសាន?
១០ តើយើងទាំងអស់គ្នា ព្រមទាំងពួកអ្នកជាទីស្រឡាញ់ដែលស្លាប់ទៅរបស់យើង ត្រូវរស់បានតែប៉ុន្មានឆ្នាំ ហើយក៏ត្រូវសូន្យជីវិតជារៀងរហូតទៅឬ? គឺមិនមែនទេ ស្របតាមព្រះគម្ពីរ។ នៅគ្រាដែលអ័ដាមបះបោរ នោះព្រះយេហូវ៉ាក៏ចាត់តាំងគម្រោងការណ៍ឡើងភ្លាម ដើម្បីកែប្រែ អស់ទាំងលទ្ធផលដ៏អាក្រក់ ដែលកើតមកពីបាបរបស់មនុស្ស។ សេចក្ដីស្លាប់មិនមែនជាចំណែកនៃគោលបំណងរបស់ព្រះ សម្រាប់មនុស្សជាតិទេ។ (អេសេគាល ៣៣:១១; ពេត្រុសទី២ ៣:៩) ដូច្នេះ សេចក្ដីស្លាប់មិនចាំបាច់ត្រូវជាទីអវសាន សម្រាប់យើងនិងពួកអ្នកជាទីស្រឡាញ់របស់យើងឡើយ។
«ដេកលក់ទៅហើយ»
១១. តើព្រះយេស៊ូរៀបរាប់យ៉ាងដូចម្ដេច អំពីស្ថានភាពរបស់ឡាសារ ដែលជាសំឡាញ់របស់ទ្រង់?
១១ គោលបំណងរបស់ព្រះយេហូវ៉ាគឺសង្គ្រោះយើង និងពួកអ្នកជាទីស្រឡាញ់ដែលស្លាប់របស់យើង ពីសេចក្ដីស្លាប់ដែលបណ្ដាលមកពីអ័ដាម។ ដូច្នេះ បន្ទូលនៃព្រះថ្លែងសំដៅទៅមនុស្សស្លាប់ ថាគេនៅដេកលក់។ ជាឧទាហរណ៍ ពេលបានជ្រាបថាឡាសារ ដែលជាសំឡាញ់របស់ទ្រង់បានស្លាប់ នោះព្រះយេស៊ូគ្រីស្ទមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា៖ «ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ»។ ដ្បិតពួកសិស្សមិនអាចយល់ន័យរបស់សេចក្ដីនេះបានភ្លាមៗ ព្រះយេស៊ូក៏មានបន្ទូលប្រាប់យ៉ាងត្រង់ៗថា៖ «ឡាសារស្លាប់ហើយ»។ (យ៉ូហាន ១១:១១, ១៤) រួចមក ព្រះយេស៊ូក៏យាងទៅភូមិបេថានី ដែលនាងម៉ាថានិងនាងម៉ារាជាបងស្រីរបស់ឡាសារ កំពុងសោកសង្រេងចំពោះសេចក្ដីស្លាប់របស់ប្អូនប្រុស។ ពេលព្រះយេស៊ូមានបន្ទូលប្រាប់នាងម៉ាថា ថា៖ «ប្អូននាងនឹងរស់ឡើងវិញ» នោះនាងក៏សម្ដែងនូវជំនឿលើគោលបំណងនៃព្រះ ដែលនឹងកែប្រែអស់ទាំងឥទ្ធិពលនៃសេចក្ដីស្លាប់លើគ្រួសារមនុស្ស។ នាងនិយាយថា៖ «ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ»។—យ៉ូហាន ១១:២៣, ២៤
១២. តើនាងម៉ាថាដែលរងមរណៈទុក្ខ មានសេចក្ដីសង្ឃឹមយ៉ាងណាចំពោះមនុស្សស្លាប់?
១២ នាងម៉ាថាមិនមានគំនិតគិតអំពីព្រលឹងអមតៈ ដែលនៅរស់រានតទៅទៀតនៅកន្លែងណាមួយ ក្រោយពេលស្លាប់នោះទេ។ នាងមិនជឿថា ឡាសារបានលាចាកលោកនេះ ទៅកាន់វិស័យវិញ្ញាណណាមួយ ហើយមានជីវិតរស់នៅតទៅទៀតនោះឡើយ។ នាងម៉ាថាមានជំនឿលើសេចក្ដីសង្ឃឹមដ៏ល្អអស្ចារ្យនៃដំណើររស់ឡើងវិញពីស្លាប់។ នាងបានយល់ ថាមិនមែនព្រលឹងអមតៈបានចាកចេញពីរូបកាយឡាសារទេ តែតាមពិតគឺថា ប្អូនប្រុសដែលស្លាប់របស់នាង គឺលែងមានជីវិតស្ថិតស្ថេរទៀត។ វិធីដោះស្រាយទុក្ខ គឺមានតែដំណើររស់ឡើងវិញនៃប្អូនរបស់នាង។
១៣. តើព្រះយេស៊ូបានអំណាចអ្វីពីព្រះ ហើយទ្រង់សម្ដែងឲ្យឃើញអំណាចនេះយ៉ាងដូចម្ដេច?
១៣ ព្រះយេស៊ូគ្រីស្ទគឺជាមួយអង្គ ដែលព្រះយេហូវ៉ាបានប្រទានអំណាចឲ្យលោះមនុស្សជាតិ។ (ហូសេ ១៣:១៤) ដូច្នេះ ក្នុងការតបឆ្លើយនឹងសម្ដីរបស់នាងម៉ាថា ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ (យ៉ូហាន ១១:២៥) ព្រះយេស៊ូសម្ដែងឲ្យឃើញអំណាចរបស់ទ្រង់ដែលព្រះប្រទានឲ្យ ចំពោះរឿងនេះ ពេលទ្រង់យាងទៅឯផ្នូររបស់ឡាសារ ដែលបានស្លាប់អស់រយៈបួនថ្ងៃទៅហើយ ហើយប្រោសគាត់ឲ្យរស់ឡើងវិញ។ (យ៉ូហាន ១១:៣៨-៤៤) សូមគិតមើលនូវអំណរនៃពួកអ្នកដែលបានឃើញ ព្រះយេស៊ូប្រោសមនុស្សឲ្យរស់ឡើងវិញ នៅលើកនេះ ឬលើកផ្សេងៗទៀត!—ម៉ាកុស ៥:៣៥-៤២; លូកា ៧:១២-១៦
១៤. ហេតុអ្វីក៏ដំណើររស់ឡើងវិញ និងគំនិតអំពីជីវិតអមតៈមិនសម្រុះគ្នាសោះ?
១៤ សូមពិចារណារឿងនេះឲ្យបានច្បាស់លាស់៖ គ្មានអ្នកណាមួយចាំបាច់នឹងឲ្យគេប្រោស ឬសង្គ្រោះឲ្យមានជីវិតមកវិញទេ បើមានព្រលឹងអមតៈអាចនៅរស់រានតទៅទៀត ក្រោយពេលស្លាប់នោះ។ តាមពិតទៅ នេះមិនមែនជាសេចក្ដីសប្បុរសទេ ដោយប្រោសអ្នកណាម្នាក់ដូចឡាសារ ឲ្យមានជីវិតឥតគ្រប់ល័ក្ខណ៍ឡើងវិញនៅលើផែនដីនេះ បើគាត់បានចាកឋាន ទៅកាន់រង្វាន់ខាងស្ថានសួគ៌ដ៏អស្ចារ្យទៅហើយនោះ។ តាមពិត ព្រះគម្ពីរមិនដែលប្រើពាក្យ«ព្រលឹងអមតៈ»ទេ។ ផ្ទុយទៅវិញ បទគម្ពីរចែងថា ព្រលឹងមនុស្សដែលបានប្រព្រឹត្តអំពើបាបនឹងត្រូវស្លាប់ជាពិត។ (អេសេគាល ១៨:៤, ២០) ដូច្នេះ ព្រះគម្ពីរចង្អុលប្រាប់អំពីការចាត់ចែងនៃដំណើររស់ឡើងវិញ ទុកជាវិធីដោះស្រាយដល់សេចក្ដីស្លាប់។
‹អស់អ្នកដែលនៅក្នុងផ្នូរនៃសេចក្ដីចងចាំ›
១៥. (ក) តើពាក្យ‹ដំណើររស់ឡើងវិញ› មានន័យដូចម្ដេច? (ខ) ហេតុអ្វីការប្រោសមនុស្សម្នាក់ៗឲ្យរស់ឡើងវិញ មិនមែនជាបញ្ហាចំពោះព្រះយេហូវ៉ា?
១៥ ពាក្យដែលពួកសិស្សរបស់ព្រះយេស៊ូប្រើសម្រាប់‹ដំណើររស់ឡើងវិញ› តាមត្រង់មានន័យថា «ការងើបឡើង» ឬ«ការក្រោកឈរ»។ នេះគឺជាការងើបឡើងពីសេចក្ដីស្លាប់ ដែលជាស្ថានភាពដ៏គ្មានជីវិតរស់រវើក គឺប្រៀបដូចនឹងការក្រោកឈរ ចេញពីផ្នូរធម្មតារបស់មនុស្សជាតិ។ ព្រះយេហូវ៉ាអាចប្រោសមនុស្សឲ្យរស់ឡើងវិញបានយ៉ាងងាយ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាទ្រង់គឺជាអ្នកបង្កបង្កើតជីវិតមក។ សព្វថ្ងៃនេះ មនុស្សអាចថតសម្លេងនិងរូបភាព របស់មនុស្សប្រុសស្រីទុកក្នុងវីឌីអូបាន ហើយចាក់វីឌីអូនេះមើលផង ក្រោយពេលបុគ្គលទាំងនោះស្លាប់ទៅ។ ដូច្នេះ ព្រះអាទិទេពដ៏មានគ្រប់ព្រះចេស្ដារបស់យើង ក៏ប្រាកដជាអាចកត់ទុក អស់ទាំងលក្ខណៈនៃបុគ្គលណាម្នាក់ ហើយប្រោសជននេះឲ្យរស់ឡើង ប្រទានរូបកាយដែលបង្កើតជាថ្មីដល់ផង។
១៦. (ក) តើព្រះយេស៊ូបានសន្យាយ៉ាងដូចម្ដេច ចំពោះអស់អ្នកដែលនៅក្នុងផ្នូរនៃសេចក្ដីចងចាំ? (ខ) តើអ្វីនឹងសម្រេចថា បុគ្គលដែលមានជីវិតរស់ឡើងវិញនឹងបានលទ្ធផលយ៉ាងណា?
១៦ ព្រះយេស៊ូគ្រីស្ទមានបន្ទូលថា៖ «មានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ[នៃសេចក្ដីចងចាំ]នឹងឮសំឡេងទ្រង់[ព្រះយេស៊ូ] ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស»។ (យ៉ូហាន ៥:២៨, ២៩) អស់អ្នកដែលស្ថិតនៅក្នុងសេចក្ដីចងចាំរបស់ព្រះយេហូវ៉ា នឹងមានជីវិតរស់ឡើងវិញ ហើយនឹងទទួលសេចក្ដីបង្រៀនអំពីផ្លូវរបស់ទ្រង់។ ចំពោះពួកអ្នកដែលប្រព្រឹត្តស្របតាមចំណេះអំពីព្រះ នោះពួកគេនឹងរស់ឡើងវិញឲ្យបានជីវិត។ ប៉ុន្តែ គឺត្រូវរស់ឡើងឲ្យជាប់មានទោសវិញ ចំពោះពួកអ្នកដែលបដិសេធសេចក្ដីបង្រៀន និងអំណាចគ្រប់គ្រងរបស់ព្រះ។
១៧. តើអ្នកណានឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
១៧ ធម្មតា ពួកអ្នកដែលបានស្វែងរកផ្លូវសុចរិត ជាអ្នកបំរើរបស់ព្រះយេហូវ៉ា នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ តាមពិត សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ បានជួយពង្រឹងមនុស្សជាច្រើន ឲ្យតទល់នឹងសេចក្ដីស្លាប់ ទោះត្រូវជួបនឹងការបៀតបៀនដ៏ឃោរឃៅ។ ពួកគេដឹងថាព្រះអាចប្រោសគេឲ្យមានជីវិតឡើងវិញ។ (ម៉ាថាយ ១០:២៨) ប៉ុន្តែមានមនុស្សរាប់លាននាក់ដែលបានស្លាប់ទៅ ដោយមិនបានបង្ហាញឲ្យឃើញថាគេប្រព្រឹត្តស្របឬមិនស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះផង។ ពួកគេក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ដោយទុកចិត្តលើគោលបំណងនៃព្រះយេហូវ៉ាចំពោះសេចក្ដីនេះ សាវ័កប៉ុលបានប្រាប់ថា៖ «ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ គឺថា . . . ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥
១៨. (ក) តើសាវ័កយ៉ូហានបានទទួលចក្ខុនិមិត្តនៃដំណើររស់ឡើងវិញយ៉ាងដូចម្ដេច? (ខ) តើអ្វីបានត្រូវបំផ្លាញក្នុង«បឹងភ្លើង» ហើយ«បឹង»នេះជានិមិត្តរូបសម្រាប់អ្វី?
១៨ សាវ័កយ៉ូហានបានឃើញចក្ខុនិមិត្តមួយដ៏គួរធ្វើឲ្យរំភើបចិត្ត សម្ដែងឲ្យឃើញពួកអ្នករស់ឡើងវិញ ដែលកំពុងឈរនៅពីមុខបល្ល័ង្កនៃព្រះ។ រួចមកយ៉ូហានបានសរសេរថា៖ «ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងហាដេស ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្ដីស្លាប់និងហាដេស នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២»។ (វិវរណៈ ២០:១២-១៤, ព.ថ.) សូមគិតមើលចុះ! មនុស្សស្លាប់ទាំងអស់ ដែលស្ថិតនៅក្នុងសេចក្ដីចងចាំរបស់ព្រះ មានសេចក្ដីសង្ឃឹមនឹងអាចចេញរួចពីហាដេស (ភាសាក្រិកគឺ ហែដេស) ឬហ្សីអូល ដែលជាផ្នូរធម្មតានៃមនុស្សជាតិ។ (ទំនុកដំកើង ១៦:១០; កិច្ចការ ២:៣១) ពួកគេនឹងមានឱកាសសម្ដែងឲ្យឃើញ ដោយអំពើដែលគេប្រព្រឹត្ត ថាគេនឹងបំរើព្រះឬក៏យ៉ាងណា។ បន្ទាប់មក «សេចក្ដីស្លាប់និងហាដេស» នឹងត្រូវបោះទម្លាក់ទៅក្នុងទីដែលហៅថា«បឹងភ្លើង» ដែលជាសញ្ញានៃសេចក្ដីវិនាសសាបសូន្យ ដូចជាពាក្យ«ហ្គេហេណា»អញ្ចឹងដែរ។ (លូកា ១២:៥) ផ្នូរធម្មតានៃមនុស្សជាតិក៏នឹងត្រូវនៅទទេ ហើយនឹងលែងមានរហូតតទៅទៀត ពេលមនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញអស់ហើយ។ តើយើងបានស្រាកស្រួលចិត្តម្ល៉េះហ្ន៎ ដោយបានជ្រាបពីព្រះគម្ពីរ ថាព្រះមិនធ្វើទារុណកម្មដល់អ្នកណាឡើយ!—យេរេមា ៧:៣០, ៣១
ប្រោសឲ្យមានជីវិតទៅរស់នៅឯណា?
១៩. ហេតុអ្វីមនុស្សខ្លះនឹងត្រូវប្រោសឲ្យមានជីវិតនៅក្នុងស្ថានសួគ៌ ហើយព្រះប្រទានឲ្យពួកគេមានរូបកាយយ៉ាងណា?
១៩ មនុស្សប្រុសស្រីមួយចំនួនតូចនឹងត្រូវប្រោសឲ្យបានជីវិតនៅក្នុងស្ថានសួគ៌។ ដោយមានតំណែងជាស្តេចនិងជាសង្ឃជាមួយនឹងព្រះយេស៊ូ ពួកគេនឹងរួមចំណែក ក្នុងការដកឥទ្ធិពលទាំងអស់នៃសេចក្ដីស្លាប់ចោលចេញ ដែលមនុស្សជាតិបានទទួលតាមពូជមក ពីអ័ដាមដ៏ជាបុរសដំបូង។ (រ៉ូម ៥:១២; វិវរណៈ ៥:៩, ១០) តើព្រះនឹងយកមនុស្សលោកប៉ុន្មាននាក់ទៅស្ថានសួគ៌ ឲ្យនៅគ្រប់គ្រងជាមួយនឹងព្រះគ្រីស្ទ? ស្របតាមព្រះគម្ពីរ គឺមានតែ១៤៤.០០០នាក់ប៉ុណ្ណោះ។ (វិវរណៈ ៧:៤; ១៤:១) ព្រះយេហូវ៉ានឹងប្រទានឲ្យពួកគេនិមួយៗ នូវរូបកាយវិញ្ញាណ ដើម្បីគេអាចគង់នៅក្នុងស្ថានសួគ៌បាន។—កូរិនថូសទី១ ១៥:៣៥, ៣៨, ៤២-៤៥; ពេត្រុសទី១ ៣:១៨
២០. តើមនុស្សជាតិដែលស្ដាប់បង្គាប់ ព្រមទាំងពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ នឹងមានការពិសោធយ៉ាងណា?
២០ មួយភាគធំនៃចំនួនមនុស្សដែលបានស្លាប់ទៅ នឹងត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញ នៅលើផែនដីដ៏ជាសួនមនោរម្យ។ (ទំនុកដំកើង ៣៧:១១, ២៩; ម៉ាថាយ ៦:១០) មូលហេតុមួយចំណែកដែលមនុស្សខ្លះត្រូវប្រោសឲ្យមានជីវិតក្នុងស្ថានសួគ៌ គឺដើម្បីសម្រេចគោលបំណងនៃព្រះសម្រាប់ផែនដី។ ព្រះយេស៊ូគ្រីស្ទ និងពួក១៤៤.០០០នាក់ក្នុងស្ថានសួគ៌ នឹងប្រោសប្រទានមនុស្សជាតិដែលស្ដាប់បង្គាប់ ឲ្យមានជាលំដាប់ឡើងវិញ នូវភាពគ្រប់ល័ក្ខណ៍ ដែលឪពុកម្ដាយដំបូងរបស់យើងបានលះបង់ចោល។ នេះនឹងមានរួមទាំងពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញផង ដូចព្រះយេស៊ូបានបង្ហាញប្រាប់ ពេលទ្រង់មានបន្ទូលទៅបុរសដែលជិតនឹងសូន្យជីវិត នៅក្បែរទ្រង់ថា៖ «អ្នកនឹងនៅក្នុងសួនមនោរម្យជាមួយនឹងខ្ញុំដែរ»។—លូកា ២៣:៤២, ៤៣, ព.ថ.
២១. យោងតាមព្យាការីអេសាយនិងសាវ័កយ៉ូហាន តើអ្វីនឹងកើតឡើងដល់សេចក្ដីស្លាប់?
២១ នៅលើផែនដីដ៏ជាសួនមនោរម្យ សេចក្ដីស្លាប់ដែលធ្វើឲ្យមានអសារភាពសព្វថ្ងៃនេះ នឹងត្រូវដកចេញ។ (រ៉ូម ៨:១៩-២១) ព្យាការីអេសាយបានថ្លែងប្រកាសថា ព្រះយេហូវ៉ា«នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប»។ (អេសាយ ២៥:៨) សាវ័កយ៉ូហានបានទទួលចក្ខុនិមិត្តនៃគ្រាដែលមនុស្សជាតិនឹងលែងមានការឈឺចាប់ និងសេចក្ដីស្លាប់មកបៀតបៀនទៀត។ ត្រូវហើយ «ព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:១-៤
២២. តើចំណេះអំពីដំណើររស់ឡើងវិញ មានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច?
២២ សេចក្ដីបង្រៀនដ៏ច្បាស់លាស់នៃព្រះគម្ពីរ បំបាត់សេចក្ដីយល់ច្រឡំ អំពីអ្វីដែលនឹងកើតឡើងដល់ពួកមនុស្សស្លាប់។ បទគម្ពីរថ្លែងប្រាប់យ៉ាងច្បាស់ថា សេចក្ដីស្លាប់គឺជា«ខ្មាំងសត្រូវក្រោយបង្អស់» ដែលនឹងត្រូវកំចាត់ចេញ។ (កូរិនថូសទី១ ១៥:២៦) តើយើងអាចបានកម្លាំងមុតមាំ និងបានស្រាកស្រួលចិត្តយ៉ាងណាហ្ន៎ ដោយបានដឹងអំពីសេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ! ហើយយើងនឹងត្រេកអរយ៉ាងណា ដែលពួកអ្នកជាទីស្រឡាញ់ដែលស្លាប់ទៅរបស់យើង ដែលស្ថិតនៅក្នុងសេចក្ដីចងចាំរបស់ព្រះ នឹងក្រោកពីដំណេក គឺពីសេចក្ដីស្លាប់ ហើយមានជីវិតរស់ឡើង ទាំងអរសប្បាយនឹងអស់ទាំងរបស់ដ៏ល្អៗ ដែលព្រះទ្រង់បានសន្យាតាំងទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់! (ទំនុកដំកើង ១៤៥:១៦) ពរដ៏ល្អបែបនេះនឹងកើតមានឡើង តាមរយៈព្រះរាជាណាចក្ររបស់ព្រះ។ ប៉ុន្តែ តើព្រះរាជាណាចក្រនោះ នឹងចាប់ផ្ដើមគ្រប់គ្រងនៅពេលណាទៅ? សូមយើងនាំគ្នាតាមដានពិនិត្យមើល។
សាកល្បងចំណេះរបស់អ្នក
តើអ្វីជាវិញ្ញាណដែលនៅក្នុងមនុស្សយើង?
តើអ្នករៀបរាប់ស្ថានភាពរបស់មនុស្សស្លាប់យ៉ាងដូចម្ដេច?
តើអ្នកណានឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញ?
[រូបភាពនៅទំព័រ៨៥]
ដូចព្រះយេស៊ូបានប្រោសឡាសារ ហៅគាត់ឲ្យចេញពីផ្នូរមកយ៉ាងណានោះ មនុស្សរាប់លាននាក់ ក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូច្នេះដែរ
[រូបភាពនៅទំព័រ៨៦]
សេចក្ដីត្រេកអរនឹងមាននៅសព្វទីកន្លែងពេលដែល‹ព្រះបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅ›