ការធូរស្រាលពីការតានតឹងចិត្ត
តើអ្នកអាចធ្វើអ្វីពេលតានតឹងចិត្ត?
ដើម្បីមានអារម្មណ៍ធូរស្រាលពេលអ្នកតានតឹងចិត្ត គប្បីឲ្យអ្នកគិតអំពីសុខភាព របៀបដែលអ្នកប្រព្រឹត្តដល់អ្នកឯទៀត គោលដៅនិងអាទិភាពក្នុងជីវិតអ្នក ពោលគឺអ្វីដែលអ្នកចាត់ទុកថាពិតជាសំខាន់។ អត្ថបទនេះនឹងជួយពន្យល់គោលការណ៍ខ្លះៗដែលមានប្រយោជន៍ ដែលអាចជួយអ្នកឲ្យប្រឈមមុខនឹងការតានតឹងចិត្តល្អប្រសើរជាង ហើយប្រហែលក៏អាចកាត់បន្ថយភាពតានតឹងចិត្តបានដែរ។
គិតតែមួយថ្ងៃៗ
«កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក»។—ម៉ាថាយ ៦:៣៤
នេះមានន័យថា៖ កង្វល់ក្នុងជីវិតជាអ្វីដែលធម្មតា។ ប៉ុន្តែកុំខ្វល់ខ្វាយអំពីថ្ងៃស្អែក ដោយសារនេះធ្វើឲ្យអ្នកមានកង្វល់កាន់តែច្រើនថែមទៀតនៅថ្ងៃនេះ។ សូមព្យាយាមគិតតែមួយថ្ងៃៗវិញ។
ភាពតានតឹងចិត្តអាចបណ្ដាលឲ្យមានកង្វល់។ ដូច្នេះសូមព្យាយាមធ្វើនេះ៖ ទី១ សូមទទួលស្គាល់ថាយើងមិនអាចបំបាត់ចោលការតានតឹងចិត្តទាំងអស់បានឡើយ។ ការភិតភ័យអំពីអ្វីដែលយើងមិនអាចបំបាត់ នោះបង្កើនភាពតានតឹងចិត្ត។ ទី២ សូមយល់ថាអ្វីដែលយើងព្រួយបារម្ភនោះ ភាគច្រើនមិនកើតឡើងឡើយ។
កំណត់ខ្នាតតម្រាសមហេតុផល
«ប្រាជ្ញាពីស្ថានលើ . . . សមហេតុសមផល»។—យ៉ាកុប ៣:១៧
នេះមានន័យថា៖ កុំគិតថាអ្នកត្រូវធ្វើអ្វីៗទាំងអស់យ៉ាងល្អឥតខ្ចោះឡើយ។ កុំតម្រូវអ្វីច្រើនហួសហេតុពេកពីខ្លួនអ្នកឬអ្នកឯទៀត។
សូមមានចិត្តសុភាព កំណត់ខ្នាតតម្រាសមហេតុផល និងទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួននិងអ្នកឯទៀត។ ពេលអ្នកធ្វើដូច្នេះ នេះនឹងកាត់បន្ថយភាពតានតឹង ហើយអ្នកអាចទទួលលទ្ធផលល្អជាង។ ម្យ៉ាងទៀត សូមរក្សាឲ្យមានភាពកំប្លុកកំប្លែង។ បើអ្នកសើច សូម្បីតែពេលអ្វីមិនល្អកើតឡើងក្ដី នោះអ្នកអាចបន្ធូរភាពតានតឹង និងនាំឲ្យអ្នកមានអារម្មណ៍ល្អជាង។
សម្គាល់អ្វីដែលធ្វើឲ្យអ្នកតានតឹងចិត្ត
«មនុស្សដែលមានសមត្ថភាពវែកញែកនឹងនៅស្ងៀម»។—សុភាសិត ១៧:២៧
នេះមានន័យថា៖ អារម្មណ៍អវិជ្ជមានអាចនាំឲ្យអ្នកគិតមិនច្បាស់ ដូច្នេះសូមព្យាយាមមានចិត្តត្រជាក់ឬចិត្តស្ងប់។
សូមសម្គាល់អ្វីដែលធ្វើឲ្យអ្នកតានតឹងចិត្ត ហើយចាំអំពីប្រតិកម្មរបស់អ្នក។ ជាឧទាហរណ៍ ពេលអ្នកមានអារម្មណ៍តានតឹងចិត្ត សូមកត់សម្គាល់គំនិត អារម្មណ៍ និងការប្រព្រឹត្តរបស់អ្នក ហើយប្រហែលកត់ទុកចំណុចទាំងបីនេះ។ ដោយដឹងកាន់តែច្រើនអំពីប្រតិកម្មរបស់អ្នកចំពោះការតានតឹងចិត្ត នោះអ្នកប្រហែលជាអាចប្រឈមមុខនឹងការតានតឹងចិត្តល្អប្រសើរជាង។ ម្យ៉ាងទៀត សូមគិតអំពីវិធីផ្សេងៗដើម្បីបំបាត់អ្វីៗក្នុងជីវិតអ្នកដែលនាំឲ្យតានតឹងចិត្ត។ បើមិនអាចធ្វើបានទេ សូមរកវិធីដើម្បីបន្ថយឥទ្ធិពលនៃការតានតឹងចិត្ត ប្រហែលដោយសម្រេចភារកិច្ចឬរៀបចំពេលវេលាឲ្យបានល្អជាង។
ព្យាយាមផ្លាស់ប្ដូរទស្សនៈរបស់អ្នក។ អ្វីដែលធ្វើឲ្យអ្នកតានតឹងចិត្ត ប្រហែលមិនធ្វើឲ្យអ្នកឯទៀតតានតឹងចិត្តឡើយ។ នេះគឺអាស្រ័យទៅលើទស្សនៈ។ សូមពិចារណាយោបល់បីដូចតទៅ៖
១. កុំឆាប់សន្មតថាអ្នកឯទៀតមានបំណងអាក្រក់។ បុគ្គលម្នាក់ប្រហែលដើរកាត់ចូលនៅមុខអ្នកពេលកំពុងតម្រង់ជួរ។ បើអ្នកគិតថាគាត់មិនមានសុជីវធម៌ អ្នកប្រហែលជាខឹង។ ផ្ទុយទៅវិញ សូមសន្មតថាគាត់មានបំណងល្អ។ អ្នកប្រហែលសន្មតត្រូវហើយ!
២. សូមមានទស្សនៈល្អអំពីស្ថានភាពផ្សេងៗ។ ការរង់ចាំយូរនៅមន្ទីរពេទ្យឬនៅអាកាសយានដ្ឋានគឺស្រួលស៊ូទ្រាំជាង បើអ្នកប្រើពេលនោះដើម្បីអានសៀវភៅឬបង្ហើយកិច្ចការផ្សេងៗតាមកុំព្យូទ័រឬអ៊ីមែល។
៣. សូមគិតអំពីអ្វីដែលពិតជាសំខាន់។ សូមសួរខ្លួនអ្នកថា ‹តើបញ្ហានេះនឹងក្លាយទៅជារឿងធ្ងន់ធ្ងរនៅថ្ងៃស្អែកឬអាទិត្យក្រោយឬទេ?›។ សូមសម្គាល់អ្វីដែលជាបញ្ហាតូចតាចនិងបញ្ហាធ្ងន់ធ្ងរ។
មានរបៀបរៀបរយ
«ចូរឲ្យអ្វីៗទាំងអស់ធ្វើឡើងយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។—កូរិនថូសទី១ ១៤:៤០
នេះមានន័យថា៖ សូមព្យាយាមឲ្យមានរបៀបរៀបរយក្នុងជីវិតអ្នក។
យើងចូលចិត្តពេលមានរបៀបរៀបរយមួយកម្រិតក្នុងជីវិត។ អ្វីមួយដែលអាចនាំឲ្យមានភាពច្របូកច្របល់ និងភាពតានតឹងចិត្ត គឺការបង្អែបង្អង់ ហើយនេះអាចនាំឲ្យមានកិច្ចការមិនទាន់ចប់កាន់តែច្រើន។ សូមខំធ្វើតាមយោបល់ទាំងពីរដូចតទៅ៖
១. រៀបចំកាលវិភាគសមហេតុផល ហើយធ្វើតាមកាលវិភាគនោះ។
២. សម្គាល់និងកែប្រែចិត្តគំនិតណាដែលបណ្ដាលឲ្យអ្នកបង្អែបង្អង់។
មានរបៀបរស់នៅដែលមានតុល្យភាព
«បើសម្រាកបន្តិច នោះប្រសើរជាងប្រឹងធ្វើការហួសប្រមាណ ដែលប្រៀបដូចជាការដេញចាប់ខ្យល់»។—អ្នកទូន្មាន ៤:៦
នេះមានន័យថា៖ អ្នកដែលវក់តែនឹងកិច្ចការពេកអាចខាតបង់ប្រយោជន៍ដែលមកពី«ការធ្វើការហួសប្រមាណ»។ ពួកគេប្រហែលមិនមានពេលវេលាឬកម្លាំងដើម្បីរីករាយនឹងអ្វីដែលពួកគេខំប្រឹងឲ្យមានពីការធ្វើការនឿយហត់ទេ។
មានទស្សនៈត្រឹមត្រូវចំពោះការងារនិងលុយកាក់។ ការមានលុយកាក់កាន់តែច្រើន មិនមានន័យថាមានសុភមង្គលកាន់តែច្រើន ឬភាពតានតឹងចិត្តកាន់តែតិចនោះឡើយ។ តាមពិត លទ្ធផលផ្ទុយក៏អាចមាន។ អ្នកទូន្មាន ៥:១២ចែងថា៖ «អ្នកដែលមានទ្រព្យបរិបូរ គាត់ដេកមិនលក់ទេ»។ ដូច្នេះ សូមព្យាយាមរស់នៅស្របតាមប្រាក់ចំណូលរបស់អ្នក។
រៀបចំពេលសម្រាប់លម្ហែកាយ។ អ្នកមានអារម្មណ៍ធូរស្រាលពេលធ្វើអ្វីដែលអ្នកចូលចិត្ត។ ក៏ប៉ុន្តែ ការកម្សាន្តបែបគ្មានសកម្មភាព ដូចជាការមើលទូរទស្សន៍ ប្រហែលមិនជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលទេ។
ប្រើគ្រឿងអេឡិចត្រូនិកដោយឈ្លាសវៃ។ កុំតែងតែឆែកមើលអ៊ីមែល សារឬបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា។ កុំឆែកមើលអ៊ីមែលដែលទាក់ទងនឹងការងារក្រៅម៉ោងធ្វើការ លើកលែងតែមានសេចក្ដីត្រូវការណាមួយ។
ថែរក្សាសុខភាពរបស់អ្នក
«ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍»។—ធីម៉ូថេទី១ ៤:៨
នេះមានន័យថា៖ ការហាត់ប្រាណជារឿយៗនាំឲ្យមានសុខភាពល្អជាង។
មានទម្លាប់ល្អ។ ការហាត់ប្រាណអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ហើយជួយឲ្យរូបកាយអ្នកមានប្រតិកម្មល្អជាងចំពោះការតានតឹងចិត្ត។ សូមបរិភោគអាហារដែលមានជីវជាតិ ហើយកុំខានបរិភោគអាហារ។ សូមធ្វើឲ្យប្រាកដថាអ្នកគេងគ្រប់គ្រាន់។
ជៀសវាងពីដំណោះស្រាយចំពោះការតានតឹងចិត្តដែលបង្កគ្រោះថ្នាក់ ដូចជាការជក់បារីឬប្រើគ្រឿងញៀននិងពិសាស្រាហួសប្រមាណជាដើម។ នៅទីបំផុត អ្វីទាំងនេះបង្កើនភាពតានតឹងចិត្ត ហើយប្រហែលបង្ខូចសុខភាពអ្នក និងស៊ីលុយកាក់អ្នកដែរ។
ពិភាក្សាជាមួយគ្រូពេទ្យបើភាពតានតឹងគាបសង្កត់អ្នក។ ការរកជំនួយពីគ្រូពេទ្យឬអ្នកជំនាញមិនមែនបញ្ជាក់ថាអ្នកបរាជ័យឡើយ។
កំណត់អាទិភាព
«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
នេះមានន័យថា៖ ពិចារណាដោយយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកចាត់ទុកថាសំខាន់។
កត់ទុកកិច្ចការររបស់អ្នកតាមលំដាប់។ នេះនឹងជួយអ្នកឲ្យប្រមូលអារម្មណ៍ទៅលើកិច្ចការដែលសំខាន់ជាង ហើយនឹងបង្ហាញអំពីកិច្ចការណាដែលអ្នកអាចពន្យារ ផ្ទេរឲ្យអ្នកឯទៀត ឬលុបចោលតែម្ដង។
អស់មួយសប្ដាហ៍ សូមកត់ទុករបៀបដែលអ្នកប្រើពេលវេលាអ្នក។ រួចមក ខំរកវិធីដើម្បីប្រើពេលវេលាយ៉ាងប្រសើរជាង។ ពេលអ្នកចេះគ្រប់គ្រងលើពេលវេលាកាន់តែច្រើន នោះអ្នកនឹងមិនសូវមានអារម្មណ៍តានតឹងចិត្តឡើយ។
កំណត់ពេលខ្លះដើម្បីសម្រាក។ សូម្បីតែការសម្រាកបន្តិចបន្តួចក៏អាចជួយឲ្យអ្នកមានកម្លាំងចិត្តកម្លាំងកាយវិញ ហើយកាត់បន្ថយភាពតានតឹងចិត្តរបស់អ្នកដែរ។
រកជំនួយ
«ការព្រួយបារម្ភនាំឲ្យកម្លាំងចិត្តចុះខ្សោយ តែពាក្យសម្ដីល្អមួយម៉ាត់ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ»។—សុភាសិត ១២:២៥
នេះមានន័យថា៖ ពាក្យសម្ដីដែលសប្បុរសនិងដែលប្រកបដោយចិត្តមេត្តាករុណាពីអ្នកឯទៀតអាចលើកទឹកចិត្តអ្នក។
និយាយជាមួយបុគ្គលដែលយោគយល់។ មនុស្សជំនិតអាចជួយអ្នកឲ្យមានទស្សនៈផ្សេង ឬជួយអ្នកឲ្យឃើញដំណោះស្រាយដែលអ្នកមិនបានឃើញ។ ការនិយាយអស់ពីចិត្តក៏អាចជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាលជាងដែរ។
សុំជំនួយពីអ្នកឯទៀត។ តើអ្នកអាចផ្ទេរភារកិច្ចឬឲ្យអ្នកឯទៀតជួយធ្វើកិច្ចការណាមួយឬទេ?
បើអ្នករួមការងារធ្វើឲ្យអ្នកតានតឹងចិត្ត សូមរកវិធីដើម្បីធ្វើឲ្យស្ថានភាពនោះល្អប្រសើរជាង។ ជាឧទាហរណ៍ ដោយសប្បុរសនិងដោយមិនធ្វើឲ្យគាត់ទើសចិត្ត តើអ្នកអាចប្រាប់គាត់អំពីរបៀបដែលគាត់ធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាឬទេ? (សុភាសិត ១៧:២៧) បើមិនមានលទ្ធផលល្អ តើអ្នកអាចកាត់បន្ថយការទាក់ទងជាមួយគាត់បានទេ?
បំពេញសេចក្ដីត្រូវការរបស់អ្នកចំពោះការណែនាំពីព្រះ
«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
នេះមានន័យថា៖ ជាមនុស្សជាតិ យើងត្រូវការអ្វីច្រើនជាងអាហារ សម្លៀកបំពាក់ និងទីជម្រក។ យើងក៏ត្រូវការការណែនាំពីព្រះដែរ។ ដើម្បីមានសុភមង្គល យើងត្រូវមានការស្រេកឃ្លានចំពោះសេចក្ដីត្រូវការនោះ ហើយបំពេញសេចក្ដីត្រូវការនោះដែរ។
សេចក្ដីអធិដ្ឋានអាចជួយអ្នកច្រើនណាស់។ ព្រះអញ្ជើញអ្នកឲ្យ‹ផ្ទេរកង្វល់ទាំងអស់ទៅលោក ពីព្រោះលោករមែងគិតអំពីអ្នក›។ (ពេត្រុសទី១ ៥:៧) សេចក្ដីអធិដ្ឋាននិងការរំពឹងគិតអំពីអ្វីៗដែលល្អ អាចនាំឲ្យមានសេចក្ដីសុខសាន្ត។—ភីលីព ៤:៦, ៧
អានអ្វីដែលនឹងនាំឲ្យអ្នកកាន់តែជិតស្និទ្ធជាមួយនឹងព្រះ។ គោលការណ៍ដែលបានត្រូវពិភាក្សានៅទស្សនាវដ្ដីនេះគឺមកពីគម្ពីរ ជាសៀវភៅដែលបានត្រូវសរសេរដើម្បីបំពេញការស្រេកឃ្លានរបស់យើងចំពោះការណែនាំពីព្រះ។ គោលការណ៍ទាំងនេះក៏លើកស្ទួយ‹ប្រាជ្ញា ហើយសមត្ថភាពរិះគិត›ដែរ។ (សុភាសិត ៣:២១) ជាការល្អឲ្យអ្នកមានគោលដៅអានគម្ពីរ។ សុភាសិតជាសៀវភៅល្អមួយដើម្បីចាប់ផ្ដើមអានគម្ពីរ។