មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
«[ចូរ]ធ្វើការទាំងអស់ដោយសេចក្ដីស្រឡាញ់»។—កូរិនថូសទី១ ១៦:១៤
១. ពេលសម្រាលបានកូនមួយៗ តើមាតាបិតាមានអារម្មណ៍យ៉ាងណា?
មនុស្សស្ទើរតែទាំងអស់ឯកភាពថា ពេលសម្រាលបានកូនមួយៗ តាមធម្មតាមាតាបិតាមានអំណរខ្លាំងដែលរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ ម្ដាយម្នាក់ឈ្មោះអលាមានប្រសាសន៍ថា៖ «ពេលខ្ញុំឃើញកូនស្រីរបស់ខ្ញុំដែលទើបនឹងកើតនោះ ខ្ញុំមានអារម្មណ៍រំភើបណាស់។ ខ្ញុំគិតថានាងជាក្មេងស្អាតជាងគេដែលខ្ញុំធ្លាប់ឃើញ»។ ប៉ុន្តែ ទន្ទឹមគ្នានឹងការសប្បាយនោះ មាតាបិតាខ្លះក៏ចាប់ផ្ដើមខ្វល់ខ្វាយផងដែរ។ ស្វាមីរបស់នាងអលាមានប្រសាសន៍ថា៖ «ខ្ញុំខ្វល់ថា តើខ្ញុំអាចជួយកូនស្រីរបស់ខ្ញុំឲ្យត្រៀមខ្លួនចំពោះទុក្ខលំបាកដែលនឹងមានក្នុងជីវិតឬទេ?»។ មាតាបិតាជាច្រើនមានកង្វល់ដូចគ្នាដែរ ហើយក៏ទទួលស្គាល់ថា ពួកគាត់ត្រូវតែបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់។ ប៉ុន្តែ មាតាបិតាគ្រិស្តសាសនិកដែលចង់បង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ក៏ជួបប្រទះនឹងការពិបាកខ្លះដែរ។ តើមានការពិបាកអ្វីខ្លះ?
២. តើមាតាបិតាទាំងឡាយជួបប្រទះនឹងការពិបាកអ្វីខ្លះ?
២ យើងកំពុងរស់នៅគ្រាជាន់ក្រោយបង្អស់ដែលជិតផុតកំណត់ហើយ។ ដូចបានទាយទុកក្នុងគម្ពីរ ពិភពលោកនេះច្រើនតែពេញទៅដោយមនុស្សដែលមិនចេះបង្ហាញសេចក្ដីស្រឡាញ់សោះ។ សូម្បីតែសមាជិកគ្រួសារជាច្រើនក៏‹មិនស្រឡាញ់គ្នាតាមធម្មតា› ហើយ«រមិលគុណ មានចិត្តមិនបរិសុទ្ធ . . . មិនចេះទប់ចិត្ត[និង]មានចិត្តសាហាវ»។ (ធីម៉ូថេទី២ ៣:១-៥) ដោយសារពួកគ្រិស្តសាសនិកប៉ះប្រទះនឹងមនុស្សបែបនេះជារៀងរាល់ថ្ងៃ លក្ខណៈរបស់ពួកគេអាចមានឥទ្ធិពលទៅលើរបៀបដែលសមាជិកគ្រួសារប្រព្រឹត្តចំពោះគ្នានឹងគ្នា។ បន្ថែមទៅទៀត មាតាបិតាទាំងឡាយត្រូវតែព្យាយាមទប់ទល់ជានិច្ចនឹងទំនោរចិត្តដែលចង់និយាយស្រដីបញ្ឈឺចិត្ត ឬប្រព្រឹត្តមិនល្អផ្សេងទៀតដោយមិនចេះទប់ចិត្ត។—រ៉ូម ៣:២៣; យ៉ាកុប ៣:២, ៨, ៩
៣. តើមាតាបិតាអាចចិញ្ចឹមអប់រំកូនដោយរបៀបដែលនាំឲ្យកូនសប្បាយបានយ៉ាងណា?
៣ ទោះជាមាតាបិតាទាំងអស់គ្នាជួបប្រទះនឹងការពិបាកបែបនេះក៏ដោយ ពួកគាត់នៅតែអាចចិញ្ចឹមអប់រំកូនដោយរបៀបដែលនាំឲ្យកូនសប្បាយ ព្រមទាំងស្រឡាញ់ព្រះយេហូវ៉ា។ តើពួកគាត់អាចធ្វើដូច្នេះដោយរបៀបណា? គឺដោយធ្វើតាមយោបល់ក្នុងគម្ពីរដែលថា៖ «[ចូរ]ធ្វើការទាំងអស់ដោយសេចក្ដីស្រឡាញ់»។ (កូរិនថូសទី១ ១៦:១៤) ប្រាកដហើយ សេចក្ដីស្រឡាញ់«ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។ (កូល៉ុស ៣:១៤) ឥឡូវយើងសូមពិនិត្យមើលលក្ខណៈបីយ៉ាងនៃសេចក្ដីស្រឡាញ់ដែលសាវ័កប៉ុលពិពណ៌នាក្នុងសំបុត្រទីមួយដែលគាត់សរសេរជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស។ រួចមក យើងសូមពិភាក្សាអំពីរបៀបដែលមាតាបិតាទាំងឡាយអាចបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជាក់លាក់ក្នុងការបង្ហាត់បង្រៀនកូន។—កូរិនថូសទី១ ១៣:៤-៨
មាតាបិតាត្រូវចេះអត់ធ្មត់
៤. ហេតុអ្វីបានជាមាតាបិតាទាំងឡាយត្រូវតែចេះអត់ធ្មត់?
៤ ប៉ុលបានសរសេរថា៖ «សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់»។ (កូរិនថូសទី១ ១៣:៤) ពាក្យភាសាក្រិចដែលបកប្រែថា «អត់ធ្មត់»នោះ បង្កប់អត្ថន័យថា អត់ទ្រាំហើយមិនឆាប់ខឹង។ ហេតុអ្វីបានជាសំខាន់ម្ល៉េះឲ្យមាតាបិតាចេះអត់ធ្មត់? មាតាបិតាភាគច្រើនអាចរៀបរាប់មូលហេតុជាច្រើនដែលគាត់ត្រូវតែចេះអត់ធ្មត់។ សូមគិតពីឧទាហរណ៍ខ្លះៗដូចតទៅនេះ។ ពេលកូនចង់បានអ្វីមួយ កម្រណាស់ដែលពួកគេសុំតែម្ដង។ សូម្បីតែពេលដែលឪពុកម្ដាយមិនព្រមយ៉ាងម៉ឺងម៉ាត់ក៏ដោយ កូនប្រហែលជាសូមម្ដងហើយម្ដងទៀតដោយសង្ឃឹមថា ឪពុកម្ដាយនិងយល់ព្រមវិញ។ រីឯក្មេងជំទង់ ជួនកាលពួកគេចេះតែតវ៉ាជាមួយនឹងឪពុកម្ដាយយ៉ាងយូរ អំពីមូលហេតុដែលពួកគេគួរតែធ្វើនេះឬធ្វើនោះ ទោះជាឪពុកម្ដាយដឹងថាទង្វើនោះមិនជាការល្អក្ដី។ (សុភាសិត ២២:១៥) ហើយដូចយើងរាល់គ្នាដែរ កូនក្មេងក៏ភ្លាត់ធ្វើខុសដដែលៗម្ដងហើយម្ដងទៀត។—ទំនុកដំកើង ១៣០:៣
៥. តើអ្វីអាចជួយមាតាបិតាទាំងឡាយឲ្យចេះអត់ធ្មត់?
៥ តើអ្វីអាចជួយមាតាបិតាឲ្យចេះអត់ធ្មត់ដោយមិនឆាប់ខឹងចំពោះកូន? ស្តេចសាឡូម៉ូនបានសរសេរថា៖ «សតិបញ្ញា[ឬ«សុភនិច្ឆ័យ»]របស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»។ (សុភាសិត ១៩:១១; ខ.ស.) មាតាបិតាទាំងឡាយអាចប្រើសុភនិច្ឆ័យនិងយល់អំពីកិរិយាប្រព្រឹត្តរបស់កូនដោយនឹកចាំថា ពួកគាត់ក៏ធ្លាប់«និយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណាដូចជាកូនក្មេងដែរ»។ (កូរិនថូសទី១ ១៣:១១) មាតាបិតាទាំងឡាយអើយ! តើអ្នកអាចចាំពេលខ្លះដែលអ្នកបានរំខានឪពុកម្ដាយ ដោយទាមទារឲ្យគាត់ធ្វើតាមចំណង់ចំណូលចិត្តមិនល្អរបស់អ្នកទេ? ពេលមានវ័យជំទង់ តើអ្នកធ្លាប់មានអារម្មណ៍ថា ឪពុកម្ដាយមិនយល់សោះអំពីអារម្មណ៍និងការពិបាកដែលកូនមានទេ? បើដូច្នេះ អ្នកក៏អាចយល់នូវមូលហេតុដែលកូនរបស់អ្នកប្រព្រឹត្តដូចនេះ ហើយពីហេតុដែលអ្នកត្រូវតែមានចិត្តអត់ធ្មត់ក្នុងការរំលឹកកូនជានិច្ចជាកាលអំពីអ្វីដែលអ្នកបានប្រាប់ពួកគេហើយ។ (កូល៉ុស ៤:៦) គួរគប្បីឲ្យយើងកត់សម្គាល់ថា ព្រះយេហូវ៉ាបានបង្គាប់មាតាបិតាជនជាតិអ៊ីស្រាអែលថា ពួកគាត់ត្រូវតែ«ប្រិតប្រៀន»កូនឲ្យធ្វើតាមច្បាប់របស់ទ្រង់។ (ចោទិយកថា ៦:៦, ៧) ពាក្យភាសាហេព្រើរដែលបកប្រែថា «ប្រិតប្រៀន»នោះ មានន័យថា «ប្រាប់ម្ដងទៀត» ឬ«និយាយម្ដងហើយម្ដងទៀត»និង«ធ្វើឲ្យដិតជាប់»។ នេះបង្ហើបឲ្យដឹងថា មាតាបិតាប្រហែលជាត្រូវប្រាប់កូនច្រើនដង ទើបកូនចេះអនុវត្តតាមច្បាប់របស់ព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ ពេលមាតាបិតាខិតខំបង្រៀនមេរៀនឯទៀតដល់កូន ពួកគាត់ប្រហែលជាត្រូវប្រាប់កូនច្រើនដងផង។
៦. ពេលមាតាបិតាចេះអត់ធ្មត់ ហេតុអ្វីបានជានេះមិនមានន័យថា ពួកគាត់បណ្ដែតបណ្ដោយកូន?
៦ បើមាតាបិតាចេះអត់ធ្មត់ នេះមិនមានន័យថា ពួកគាត់បណ្ដែតបណ្ដោយកូនទេ។ បណ្ដាំរបស់ព្រះយេហូវ៉ាព្រមានថា៖«កូនណាដែលបណ្ដោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្ដាយមានសេចក្ដីខ្មាសវិញ»។ ដើម្បីបង្ការកុំឲ្យមានស្ថានភាពបែបនេះ សុភាសិតដដែលចែងថា៖ «រំពាត់នឹងសេចក្ដីប្រៀនប្រដៅរមែងឲ្យកើតមានប្រាជ្ញា»។ (សុភាសិត ២៩:១៥) ជួនកាលកូនគិតថា ឪពុកម្ដាយគ្មានសិទ្ធិប្រៀនប្រដៅពួកគេទេ។ ប៉ុន្តែ ក្រុមគ្រួសារដែលជាគ្រិស្តសាសនិកមិនគួរផ្ដល់សិទ្ធិសេរីភាពច្រើនពេកដល់កូនទេ ហាក់ដូចជាមាតាបិតាអាចដាក់កំហិតទៅលើកូនឲ្យតែកូនយល់ព្រម។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាជាមេគ្រួសារដ៏ធំជាងគេ ហើយទ្រង់ប្រគល់ឲ្យមាតាបិតាទាំងឡាយនូវភារកិច្ចបង្ហាត់បង្រៀននិងប្រៀនប្រដៅកូនដោយសេចក្ដីស្រឡាញ់។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៣:១៥; ៦:១-៤) តាមពិត ការប្រៀនប្រដៅក៏ផ្សារភ្ជាប់នឹងលក្ខណៈមួយទៀតនៃសេចក្ដីស្រឡាញ់ដែលប៉ុលបានរៀបរាប់នោះ។
ចូរប្រៀនប្រដៅកូនដោយក្ដីស្រឡាញ់
៧. បើមាតាបិតាមានចិត្តសប្បុរស ហេតុអ្វីបានជាពួកគាត់ប្រៀនប្រដៅកូន? តើការប្រៀនប្រដៅរួមបញ្ចូលអ្វីខ្លះ?
៧ ប៉ុលបានសរសេរថា «សេចក្ដីស្រឡាញ់តែងតែ . . . សប្បុរស»។ (កូរិនថូសទី១ ១៣:៤) មាតាបិតាដែលពិតជាមានចិត្តសប្បុរស នឹងព្យាយាមប្រៀនប្រដៅកូនដោយមិនផ្លាស់ប្ដូរគំនិតម្ដងថាយ៉ាងនេះ ម្ដងថាយ៉ាងនោះឡើយ។ ពេលមាតាបិតាទាំងឡាយធ្វើដូច្នេះ ពួកគាត់កំពុងយកតម្រាប់តាមព្រះយេហូវ៉ា។ ប៉ុលបានសរសេរថា៖ «ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាល[ឬ«ប្រដៅ»]អស់អ្នកណាដែលទ្រង់ស្រឡាញ់»។ សូមកត់សម្គាល់ថា ពេលគម្ពីររៀបរាប់អំពីការប្រៀនប្រដៅ នេះមិនសំដៅទៅលើការផ្ដន្ទាទោសប៉ុណ្ណោះទេ។ ការប្រៀនប្រដៅក៏បង្កប់អត្ថន័យដែលសំដៅទៅលើការអប់រំនិងការបង្ហាត់បង្រៀន។ តើការប្រៀនប្រដៅបែបនេះមានគោលបំណងអ្វី? ប៉ុលពន្យល់ថា៖ «អស់អ្នកណាដែលត្រូវរងទ្រាំ»នឹងការប្រៀនប្រដៅនោះ នឹង«បង្កើតផលដ៏សុខសាន្តនៃសេចក្ដីសុចរិត»។ (ហេព្រើរ ១២:៦, ១១; ខ.ស.) ពេលដែលមាតាបិតាបង្ហាញចិត្តសប្បុរសដោយអប់រំកូនស្របទៅតាមឆន្ទៈរបស់ព្រះយេហូវ៉ា ពួកគាត់ក៏ផ្ដល់ឱកាសឲ្យកូនធំឡើងជាមនុស្សសុចរិតដែលមានចិត្តសុខសាន្ត។ បើកូនព្រមទទួល«សេចក្ដីប្រៀន[«ប្រដៅ»]របស់ព្រះយេហូវ៉ា» ពួកគេអាចមានប្រាជ្ញា ចំណេះនិងសមត្ថភាពវែកញែក ដែលជាកម្មសិទ្ធិដ៏មានតម្លៃថ្លៃជាងប្រាក់និងមាសទៅទៀត។—សុភាសិត ៣:១១-១៨; ខ.ស.
៨. តាមធម្មតា បើមាតាបិតាមិនប្រៀនប្រដៅកូន តើអាចមានលទ្ធផលអ្វី?
៨ ផ្ទុយទៅវិញ ការមិនប្រៀនប្រដៅកូនបង្ហាញថា មាតាបិតាគ្មានចិត្តសប្បុរសទេ។ ព្រះយេហូវ៉ាបណ្ដាលឲ្យសាឡូម៉ូនសរសេរថា៖ «អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថាស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាល[ឬ«វាយប្រដៅ»]វា»។ (សុភាសិត ១៣:២៤; ខ.ស.) បើមាតាបិតាផ្លាស់ប្ដូរគំនិតម្ដងថាយ៉ាងនេះ ម្ដងថាយ៉ាងនោះពេលប្រៀនប្រដៅកូន នោះកូនៗទំនងជានឹងធំឡើងដោយគិតតែប្រយោជន៍ខ្លួនឯង ហើយមិនមានសុភមង្គលទេ។ ផ្ទុយទៅវិញ ពេលមាតាបិតាចេះយល់ដល់អារម្មណ៍កូន តែនៅតែដាក់កំហិតយ៉ាងម៉ឺងម៉ាត់នៅឡើយ កូនទាំងនោះរមែងមានលក្ខណៈជាសិស្សល្អនៅឯសាលា ចេះប្រាស្រ័យទាក់ទងនឹងមនុស្សឯទៀតយ៉ាងប្រសើរ ហើយតាមធម្មតាក៏មានចិត្តសប្បាយផងដែរ។ បើដូច្នេះ មាតាបិតាដែលប្រៀនប្រដៅកូន ពិតជាបង្ហាញចិត្តសប្បុរសមែន!
៩. តើមាតាបិតាដែលជាគ្រិស្តសាសនិកបង្រៀនកូនអំពីអ្វី? តើកូនត្រូវយល់យ៉ាងណាអំពីតម្រូវការទាំងនោះ?
៩ តើមាតាបិតាអាចប្រៀនប្រដៅកូនដោយសេចក្ដីស្រឡាញ់និងចិត្តសប្បុរសយ៉ាងដូចម្ដេច? មាតាបិតាត្រូវតែពន្យល់ប្រាប់ដល់កូននូវតម្រូវការរបស់ពួកគាត់។ ជាឧទាហរណ៍ មាតាបិតាដែលជាគ្រិស្តសាសនិកបង្រៀនកូនតាំងពីតូចមក អំពីគោលការណ៍បឋមៗក្នុងគម្ពីរ ហើយអំពីសារៈសំខាន់នៃការរួមចំណែកក្នុងផ្នែកផ្សេងៗនៃការថ្វាយបង្គំព្រះពិត។ (និក្ខមនំ ២០:១២-១៧; ម៉ាថាយ ២២:៣៧-៤០; ២៨:១៩; ហេព្រើរ ១០:២៤, ២៥) កូនៗត្រូវដឹងថា នេះហើយជាអ្វីដែលពួកគេត្រូវតែធ្វើតាមយ៉ាងទៀងទាត់។
១០, ១១. ពេលមាតាបិតារៀបចំច្បាប់សម្រាប់ក្រុមគ្រួសារ តើការស្ដាប់ទស្សនៈរបស់កូនមានប្រយោជន៍អ្វីខ្លះ?
១០ ក៏ប៉ុន្តែ ជួនកាលមាតាបិតាចង់ដឹងគំនិតរបស់កូនដែរ ពេលពួកគាត់រៀបចំច្បាប់សម្រាប់ក្រុមគ្រួសាររបស់ខ្លួន។ បើកូនៗមានឱកាសរួមបញ្ចូលគំនិតរបស់ពួកគេក្នុងច្បាប់ដែលរៀបចំសម្រាប់ក្រុមគ្រួសារ ពួកគេទំនងជានឹងសុខចិត្តធ្វើតាមច្បាប់ទាំងនោះដែរ។ ឧបមាថា ពេលមាតាបិតាចង់កំណត់ម៉ោងដែលកូនត្រូវវិលមកផ្ទះវិញពេលយប់ ពួកគាត់មានសិទ្ធិសម្រេចចិត្តមែន។ ប៉ុន្តែ ចុះយ៉ាងណាបើមាតាបិតាទុកឱកាសឲ្យកូនជ្រើសរើសម៉ោងដែលពួកគេចង់វិលមកផ្ទះវិញ ហើយអនុញ្ញាតឲ្យពួកគេពន្យល់នូវមូលហេតុដែរ? រួចមក មាតាបិតាអាចប្រាប់ម៉ោងដែលពួកគាត់គិតថាគួរសម ហើយពន្យល់នូវមូលហេតុផង។ ធ្វើយ៉ាងនេះ ឪពុកម្ដាយនិងកូនច្បាស់ជាមានទស្សនៈខុសគ្នាមែន! ដូច្នេះ តើមាតាបិតាអាចសម្រេចចិត្តធ្វើអ្វី? ក្នុងករណីខ្លះ បើមិនប្រាសចាកគោលការណ៍ក្នុងគម្ពីរ មាតាបិតាប្រហែលជាសម្រេចចិត្តធ្វើតាមគំនិតកូនម្ដង។ បើមាតាបិតាធ្វើដូច្នេះ តើនេះមានន័យថា ពួកគាត់លះបង់សិទ្ធិអំណាច ឬចុះញ៉មទៅតាមចំណង់ចំណូលចិត្តរបស់កូនទេ?
១១ ដើម្បីឆ្លើយសំណួរនេះ សូមពិចារណានូវរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកឡុតនិងក្រុមគ្រួសាររបស់គាត់ ពេលទ្រង់ធ្វើការសម្រេចចិត្តឲ្យពួកគេ។ ពួកទេវតាបានជូនដំណើរឡុត ភរិយានិងកូនស្រីពីរនាក់ចេញពីទីក្រុងសូដុំម រួចបង្គាប់ថា៖ «ចូររត់ទៅឯភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ!»។ ប៉ុន្តែ ឡុតប្រកែកថា៖ «ទេ! លោកម្ចាស់អើយ!»។ រួចមក គាត់ជូនយោបល់ឲ្យពួកគេរត់ទៅកន្លែងផ្សេង ដោយនិយាយថា៖ «មើលន៏! មានទីក្រុង១នុ៎ះស្ថិតនៅជិតបង្កើយ . . . នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ»។ តើព្រះយេហូវ៉ាឆ្លើយតបយ៉ាងណា? ទ្រង់មានប្រសាសន៍ថា៖ «មើល! អញបានព្រមតាមឯងក្នុងការនេះដែរ»។ (លោកុប្បត្តិ ១៩:១៧-២២) តើព្រះយេហូវ៉ាលះបង់សិទ្ធិអំណាចរបស់ទ្រង់ដោយធ្វើដូច្នេះទេ? ប្រាកដជាមិនទេ! យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាយល់ព្រមធ្វើតាមសំណូមពររបស់ឡុត ហើយបានបង្ហាញចិត្តសប្បុរសលើសពីធម្មតាក្នុងរឿងនេះ។ ក្នុងនាមជាមាតាបិតា តើមានកាលៈទេសៈឲ្យអ្នកទទួលស្ដាប់ទស្សនៈរបស់កូនពេលរៀបចំច្បាប់សម្រាប់ក្រុមគ្រួសារទេ?
១២. តើអ្វីដែលនឹងជួយកូនឲ្យមានអារម្មណ៍សុខសាន្ត?
១២ កូនៗគួរតែស្គាល់ច្បាប់របស់ក្រុមគ្រួសារហើយក៏ត្រូវដឹងថា នឹងមានទោសយ៉ាងណាបើពួកគេរំលងច្បាប់ទាំងនោះ។ ពេលមាតាបិតាពិភាក្សាយ៉ាងច្បាស់ជាមួយកូនអំពីច្បាប់សម្រាប់ក្រុមគ្រួសារ និងទោសដែលពួកគេនឹងទទួលបើធ្វើខុសនឹងច្បាប់ទាំងនោះ មាតាបិតាក៏ត្រូវតែអនុវត្តតាមអ្វីដែលពួកគាត់និយាយ។ បើកូនធ្វើខុសច្បាប់ណាមួយ ហើយមាតាបិតាចេះតែគំរាមម្ដងហើយម្ដងទៀតថា នឹងដាក់ទោសកូន តែមិនដាក់ទោសវិញ នេះមិនមែនជាការដែលបង្ហាញចិត្តសប្បុរសទេ។ បទគម្ពីរចែងថា៖ «ចិត្តរបស់ពួកមនុស្សជាតិបានផ្ដាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោសចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់»។ (សាស្ដា ៨:១១) ប្រហែលជាមាតាបិតាសុខចិត្តមិនដាក់ទោសកូននៅមុខមនុស្សឯទៀតក៏ពិតមែន ជាពិសេសនៅមុខពួកម៉ាករបស់កូន ដោយព្រោះមិនចង់ឲ្យកូនអាម៉ាស់ខ្មាសជាខ្លាំងទេ។ យ៉ាងណាក៏ដោយ កូនគួរដឹងច្បាស់ថា ពេលឪពុកម្ដាយនិយាយថា «មែន» នេះមានន័យថាមែន។ ប៉ុន្តែ ពេលពួកគាត់និយាយថា «ទេ» នោះកូនមិនអាចទទួលអ្វីឬធ្វើអ្វីដែលពួកគេទាមទារនោះទេ ហើយថាឪពុកម្ដាយនឹងដាក់ទោសជាពុំខានបើកូនមិនស្ដាប់បង្គាប់! ជាលទ្ធផល កូននឹងមានអារម្មណ៍សុខសាន្តច្រើនជាង ហើយបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់និងគោរពមាតាបិតាកាន់តែច្រើនទៀត។—ម៉ាថាយ ៥:៣៧
១៣, ១៤. តើមាតាបិតាទាំងឡាយអាចយកតម្រាប់តាមព្រះយេហូវ៉ាក្នុងការបង្ហាត់បង្រៀនកូនយ៉ាងដូចម្ដេច?
១៣ របៀបនិងកម្រិតដែលមាតាបិតាដាក់ទោសកូន ត្រូវតែមានលក្ខណៈសមស្របនឹងកូនម្នាក់ៗ ទើបបង្ហាញពីសេចក្ដីស្រឡាញ់របស់ពួកគាត់។ មាតាម្នាក់ឈ្មោះផាម មានប្រសាសន៍ថា៖ «ខ្ញុំមិនអាចប្រៀនប្រដៅកូនទាំងពីរនាក់របស់ខ្ញុំដោយរបៀបដូចគ្នាបានទេ។ ការប្រៀនប្រដៅដែលមានប្រសិទ្ធភាពចំពោះកូនទីមួយ មិនមានប្រសិទ្ធភាពចំពោះកូនទីពីរទេ»។ ស្វាមីរបស់បងស្រីផាម ឈ្មោះឡារី ក៏ពន្យល់ថា៖ «កូនស្រីដែលធំជាង មានលក្ខណៈរឹងចចេសបន្ដិច ហើយយើងត្រូវតែប្រៀនប្រដៅនាងយ៉ាងខ្លាំង ទើបនាងសុខចិត្តស្ដាប់តាម។ រីឯស្រីពៅវិញ យើងគ្រាន់តែស្តីបន្ទោសនាងតែម្ដង ឬសម្លក់ដាក់នាងប៉ុណ្ណោះ នោះគឺល្មមហើយ»។ ប្រាកដណាស់! មាតាបិតាដែលស្រឡាញ់កូននឹងខំស្វែងយល់ថា តើពួកគាត់គួរតែប្រៀនប្រដៅកូនម្នាក់ៗរៀងៗខ្លួនដោយរបៀបណា? ហើយដល់កម្រិតណាដែរ?
១៤ ព្រះយេហូវ៉ាតាំងគំរូល្អឲ្យមាតាបិតាទាំងឡាយ ដោយទ្រង់ជ្រាបពីលក្ខណៈខ្សោយនិងលក្ខណៈខ្លាំងពូកែនៃអ្នកបម្រើម្នាក់ៗរបស់ទ្រង់។ (ហេព្រើរ ៤:១៣) បន្ថែមទៅទៀត ពេលព្រះយេហូវ៉ាប្រៀនប្រដៅមនុស្ស ទ្រង់មិនតឹងរ៉ឹងពេក ហើយក៏មិនបណ្ដោយពេកដែរ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាតែងតែប្រៀនប្រដៅរាស្ត្រទ្រង់«តាមខ្នាត»។ (យេរេមា ៣០:១១) មាតាបិតាទាំងឡាយអើយ! តើអ្នកជ្រាបពីលក្ខណៈខ្សោយនិងលក្ខណៈខ្លាំងពូកែនៃកូនម្នាក់ៗទេ? បើដូច្នេះ តើអ្នកបង្ហាត់បង្រៀនកូនដោយប្រសិទ្ធភាពនិងចិត្តសប្បុរសស្របទៅតាមការយល់ដឹងនោះទេ? ពេលដែលអ្នកព្យាយាមសម្រេចការនោះ នេះបង្ហាញថាអ្នកពិតជាស្រឡាញ់កូនមែន!
ចូរជួយកូនៗឲ្យនិយាយដោយឥតលាក់លៀម
១៥, ១៦. តើមាតាបិតាទាំងឡាយអាចធ្វើយ៉ាងណាដើម្បីជួយកូនៗឲ្យនិយាយដោយឥតលាក់លៀម? តើមាតាបិតាគ្រិស្តសាសនិកខ្លះបានធ្វើយ៉ាងណាដើម្បីជួយកូនៗឲ្យនិយាយដោយឥតលាក់លៀម?
១៥ សេចក្ដីស្រឡាញ់មានលក្ខណៈមួយទៀត ពោលគឺ«មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ»។ (កូរិនថូសទី១ ១៣:៦) តើមាតាបិតាអាចបង្ហាត់បង្រៀនកូនៗឲ្យចេះស្រឡាញ់អ្វីដែលសុចរិតនិងស្មោះត្រង់ដោយរបៀបណា? វិធីសំខាន់មួយ គឺដោយលើកទឹកចិត្តកូនៗឲ្យនិយាយយ៉ាងឥតលាក់លៀមអំពីអារម្មណ៍ពិតក្នុងចិត្ត សូម្បីតែពេលដែលមាតាបិតាមិនពេញចិត្តចំពោះទស្សនៈរបស់កូនក្ដី។ តាមធម្មតា មាតាបិតាត្រេកអរណាស់ ពេលកូនបង្ហាញថាពួកគេមានចិត្តគំនិតស្របទៅតាមគោលការណ៍សុចរិត។ ប៉ុន្តែ ជួនកាលអ្វីដែលកូននិយាយដោយឥតលាក់លៀមនោះ អាចបង្ហាញថាពួកគេមានទំនោរចិត្តទោរទន់ទៅរកអំពើទុច្ចរិតវិញ។ (លោកុប្បត្តិ ៨:២១) បើដូច្នេះ តើមាតាបិតាគួរប្រព្រឹត្តយ៉ាងណា? មុនដំបូង ពួកគាត់ប្រហែលជាចង់បន្ទោសកូនភ្លាមៗ ដោយព្រោះកូនមានគំនិតឆ្គង។ ប៉ុន្តែ បើមាតាបិតាមានប្រតិកម្មដូច្នេះ មិនយូរមិនឆាប់កូនក៏នឹងសម្រេចចិត្តថា លើកក្រោយយកល្អពួកគេនិយាយតែអ្វីដែលមាតាបិតាពេញចិត្តស្ដាប់វិញ។ តាមការពិត បើកូននិយាយរបៀបគំរោះគំរើយ នោះមាតាបិតាត្រូវតែកែតម្រង់កូនភ្លាម។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មាតាបិតាត្រូវតែទទួលស្គាល់ថា ការបង្រៀនកូនឲ្យចេះនិយាយយ៉ាងគួរសម មិនមានន័យថា ពួកគាត់ត្រូវតែបង្ខំឲ្យកូននិយាយស្របទៅតាមគំនិតរបស់ឪពុកម្ដាយទេ។
១៦ តើមាតាបិតាទាំងឡាយអាចធ្វើយ៉ាងណាដើម្បីជួយកូនៗឲ្យនិយាយដោយឥតលាក់លៀម? បងស្រីអលាដែលមានប្រសាសន៍នៅខាងលើ ក៏មានប្រសាសន៍ទៀតថា៖ «យើងបានបង្កើតឲ្យមានស្ថានភាពក្នុងរង្វង់គ្រួសារយើង ដែលលើកទឹកចិត្តកូនឲ្យនិយាយដោយឥតលាក់លៀម។ យើងបានធ្វើដូច្នេះដោយមិនច្រឡោតពេលកូនប្រាប់អ្វីដែលនាំឲ្យយើងពិបាកចិត្ត»។ បងប្រុសម្នាក់ឈ្មោះថំ ក៏មានកូនដែរ ហើយគាត់មានប្រសាសន៍ថា៖ «យើងបានលើកទឹកចិត្តកូនស្រីរបស់យើងឲ្យនិយាយយ៉ាងឥតលាក់លៀម សូម្បីតែពេលដែលនាងមិនឯកភាពនិងគំនិតរបស់ឪពុកម្ដាយក្ដី។ យើងគិតថា បើយើងតែងតែនិយាយកាត់ ហើយបង្ខំនាងឲ្យមានចិត្តគំនិតដូចឪពុកម្ដាយ នៅទីបំផុតនាងនឹងមានអារម្មណ៍អន្ទះអន្ទែង ហើយសម្រេចចិត្តមិនប្រាប់ពីអារម្មណ៍ពិតក្នុងចិត្តនាងទេ។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់ស្ដាប់នាងបានជំរុញនាងឲ្យសុខចិត្តស្ដាប់ឪពុកម្ដាយដែរ»។ គឺច្បាស់ហើយថា កូនៗត្រូវតែស្ដាប់បង្គាប់មាតាបិតាជាមិនខាន។ (សុភាសិត ៦:២០) ប៉ុន្តែ ពេលកូននិយាយដោយឥតលាក់លៀម នេះក៏ហុចឱកាសឲ្យមាតាបិតាជួយកូនឲ្យមានសមត្ថភាពចេះវែកញែកហេតុផលផង។ បងប្រុសឈ្មោះវិនស៊ីន មានកូនបួននាក់ ហើយគាត់មានប្រសាសន៍ថា៖ «ជាញឹកញាប់នោះ យើងបានយករឿងផ្សេងៗមកពិភាក្សាជាមួយកូន ដោយមានបំណងបញ្ជាក់ហេតុផលដើម្បីឲ្យកូនយល់អំពីអ្វីដែលមានប្រយោជន៍ និងអ្វីដែលខកប្រយោជន៍វិញ។ តាមរបៀបនេះ យើងបានជួយកូនឲ្យចេះត្រិះរិះដោយខ្លួនឯង»។—សុភាសិត ១:១-៤
១៧. តើមាតាបិតាទាំងឡាយគួរមានទំនុកចិត្តយ៉ាងណា?
១៧ តាមការពិត គ្មានមាតាបិតាណាសោះដែលអាចធ្វើតាមយោបល់ក្នុងគម្ពីរយ៉ាងពេញលេញ ស្តីអំពីការចិញ្ចឹមអប់រំកូន។ យ៉ាងណាក៏ដោយ ចូរមានទំនុកចិត្តថា កូនៗពិតជាដឹងគុណឪពុកម្ដាយដែលខិតខំបង្ហាត់បង្រៀនពួកគេដោយសេចក្ដីស្រឡាញ់ អត់ធ្មត់និងសប្បុរស។ ព្រះយេហូវ៉ាក៏នឹងប្រទានពរឲ្យមាតាបិតាដែលព្យាយាមធ្វើដូច្នេះដែរ។ (សុភាសិត ៣:៣៣) គោលបំណងសំខាន់ចម្បងរបស់មាតាបិតាគ្រិស្តសាសនិកទាំងឡាយ គឺឲ្យកូនចេះស្រឡាញ់ព្រះយេហូវ៉ាដូចឪពុកម្ដាយស្រឡាញ់ទ្រង់ដែរ។ តើមាតាបិតាអាចបំពេញគោលដៅនេះដោយរបៀបណា? អត្ថបទបន្ទាប់នឹងពិភាក្សាអំពីវិធីជាក់លាក់ខ្លះ។
តើអ្នកនៅចាំទេ?
• តើសុភនិច្ឆ័យអាចជួយមាតាបិតាឲ្យមានចិត្តអត់ធ្មត់បានយ៉ាងណា?
• តើសេចក្ដីសប្បុរសនិងការប្រៀនប្រដៅទាក់ទងគ្នាយ៉ាងដូចម្ដេច?
• ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យមាតាបិតានិងកូនៗនិយាយជាមួយគ្នាដោយឥតលាក់លៀម?
[រូបភាពនៅទំព័រ២៥]
មាតាបិតាទាំងឡាយអើយ! តើអ្នកចាំពេលដែលអ្នកនៅក្មេងទេ?
[រូបភាពនៅទំព័រ២៦]
តើមាតាបិតាទាំងឡាយអាចធ្វើយ៉ាងណាដើម្បីជួយកូនៗឲ្យនិយាយដោយឥតលាក់លៀម?