មានប្រយោជន៍នៅសព្វថ្ងៃនេះ
«ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។—ទំនុកតម្កើង ១១៩:១០៥
លក្ខណៈខុសប្លែកនៃគម្ពីរបរិសុទ្ធ: មនុស្សបានចាត់ទុកសៀវភៅខ្លះថាជាសៀវភៅរឿងល្អមើល។ ប៉ុន្តែ សៀវភៅទាំងនោះមិនអាចផ្ដល់ការណែនាំដែលមានប្រយោជន៍ចំពោះជីវិតបានឡើយ។ ចំណែកសៀវភៅណែនាំដែលមាននៅសម័យទំនើបនេះវិញតែងតែកែប្រែជានិច្ច។ ផ្ទុយទៅវិញ គម្ពីរបរិសុទ្ធបានចែងថា៖ ‹អ្វីៗដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង›។—រ៉ូម ១៥:៤
ឧទាហរណ៍: ទោះជាគម្ពីរមិនមែនជាសៀវភៅដែលផ្ដល់ការណែនាំស្តីអំពីការព្យាបាលក្ដី តែគម្ពីរក៏មានយោបល់ដ៏មានប្រយោជន៍ចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្តដែរ។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «ជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់»។ (សុភាសិត ១៤:៣០) ថែមទាំងបានព្រមានថា៖ «អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏មានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង»។ (សុភាសិត ១៨:១) ម្យ៉ាងទៀត គម្ពីរក៏បានចែងថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
ការបញ្ជាក់ពីអ្នកស្រាវជ្រាវ: ចិត្តស្ងប់ ចំណងមិត្តភាពរឹងមាំ និងចិត្តសប្បុរសអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អជាង។ ទស្សនាវដ្ដីមួយបានរាយការណ៍ថា៖ «បុរសដែលឆាប់ផ្ទុះកំហឹងមានលទ្ធភាពកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ពីរដងច្រើនជាងមនុស្សដែលចេះគ្រប់គ្រងកំហឹងរបស់ខ្លួន»។ (The Journal of the American Medical Association) ការសិក្សាស្រាវជ្រាវអស់រយៈពេល១០ឆ្នាំក្នុងប្រទេសអូស្ដ្រាលីបានរកឃើញថា មនុស្សចាស់ដែល«សេពគប់មិត្តភក្ដិច្រើន ឬមានមនុស្សដែលពួកគេអាចនិយាយរឿងផ្ទាល់ខ្លួនបាន»ទំនងជាមានអាយុវែងជាង។ បន្ថែមទៅទៀត ក្នុងឆ្នាំ២០០៨ អ្នកស្រាវជ្រាវពីប្រទេសកាណាដា និងសហរដ្ឋអាម៉េរិកបានយល់ថា «មនុស្សដែលចំណាយលុយដើម្បីអ្នកឯទៀត មានសុភមង្គលច្រើនជាងមនុស្សដែលចំណាយលុយដើម្បីខ្លួនឯង»។
តើលោកអ្នកគិតយ៉ាងណា? ស្តីអំពីបញ្ហាសុខភាព តើលោកអ្នកអាចទុកចិត្តឱវាទដែលមកពីសៀវភៅផ្សេងទៀតដែលបានត្រូវសរសេរចប់ជាង២.០០០ឆ្នាំមុនឬទេ? ឬក៏មានតែគម្ពីរបរិសុទ្ធមួយប៉ុណ្ណោះ?
[ឃ្លាអក្សរធំនៅទំព័រ៨]
«គម្ពីរបរិសុទ្ធធ្វើឲ្យខ្ញុំ ចាប់អារម្មណ៍យ៉ាងខ្លាំង . . . ដោយសារគម្ពីរមានឱវាទ ដ៏ល្អបំផុតស្តីអំពីរឿងសុខភាព» (HOWARD KELLY, M.D., FOUNDING FACULTY MEMBER OF THE JOHNS HOPKINS UNIVERSITY SCHOOL OF MEDICINE)។