ជំពូកទី៧
‹ព្រះទ្រង់ជាទីពឹងជ្រកនៃយើងខ្ញុំ› ទ្រង់មានតេជានុភាពដើម្បីការពារ
១, ២. តើសាសន៍អ៊ីស្រាអែលអាចជួបគ្រោះថ្នាក់អ្វីខ្លះ ពេលពួកគេចូលទៅក្នុងតំបន់ស៊ីណាយនៅឆ្នាំ១៥១៣មុនស.យ.? តើព្រះយេហូវ៉ាបានធ្វើឲ្យអ៊ីស្រាអែលមានទំនុកចិត្តដោយមានបន្ទូលដូចម្ដេច?
ពេលជនជាតិអ៊ីស្រាអែលចូលទៅក្នុងតំបន់ស៊ីណាយនៅដើមឆ្នាំ១៥១៣មុនស.យ. ពួកគេស្ថិតក្នុងតំបន់គ្រោះថ្នាក់។ ពួកគេនឹងចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់«ទីរហោស្ថានសំបើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើង នឹងខ្យាដំរី»។ (ចោទិយកថា ៨:១៥) អ៊ីស្រាអែលក៏អាចរងនូវការវាយប្រហារដោយសាសន៍ផ្សេងៗដែលជាសត្រូវរបស់ពួកគេផងដែរ។ ព្រះយេហូវ៉ាបាននាំអ៊ីស្រាអែលចូលមកក្នុងស្រុកនេះ។ ដូច្នេះ ក្នុងនាមជាព្រះរបស់ពួកគេ តើទ្រង់នឹងអាចការពារអ៊ីស្រាអែលបានឬទេ?
២ បន្ទូលរបស់ព្រះយេហូវ៉ាបានធ្វើឲ្យពួកគេមានទំនុកចិត្តទាំងស្រុង ពេលទ្រង់មានបន្ទូលថា៖ ‹អ្នករាល់គ្នាបានឃើញអស់ទាំងការដែលយើងធ្វើដល់សាសន៍អេស៊ីបហើយ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯយើងផង›។ (និក្ខមនំ ១៩:៤) ព្រះយេហូវ៉ាបានរំឭករាស្ត្រទ្រង់ឲ្យចាំថា ទ្រង់បានសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃនៃសាសន៍អេស៊ីបដោយប្រៀបដូចជាប្រើសត្វឥន្ទ្រីដើម្បីនាំពួកគេទៅដល់ទីដែលមានសុវត្ថិភាព។ ប៉ុន្តែ មានហេតុផ្សេងទៀតដែល«ស្លាបឥន្ទ្រី»គឺជាការប្រៀបធៀបដ៏សមរម្យស្តីអំពីការការពាររបស់ព្រះ។
៣. តើ«ស្លាបឥន្ទ្រី»គឺជាតំណាងដ៏សមរម្យស្តីអំពីការការពារពីព្រះដោយព្រោះអ្វី?
៣ សត្វឥន្ទ្រីមិនគ្រាន់តែប្រើស្លាបដ៏ធំនិងខ្លាំងរបស់វាដើម្បីហោះហើរប៉ុណ្ណោះទេ។ ពេលថ្ងៃក្ដៅ មេឥន្ទ្រីត្រដាងស្លាបទាំងពីរដែលប្រហែលជាមានប្រវែងជាងពីរម៉ែត្រ ធ្វើជារបាំងដូចជាឆ័ត្រមួយ ដើម្បីការពារកូនតូចៗទន់ខ្សោយរបស់វាពីកំដៅថ្ងៃ។ នៅពេលផ្សេងទៀត មេឥន្ទ្រីប្រើស្លាបដើម្បីក្រសោបការពារកូនវាពីខ្យល់ត្រជាក់វិញ។ ដូចដែលសត្វឥន្ទ្រីចេះការពារកូនវា ព្រះយេហូវ៉ាក៏បានបាំងការពារជនជាតិអ៊ីស្រាអែលដែលជាសាសន៍ថ្មីនេះដែរ។ ឥឡូវនេះ នៅទីរហោស្ថាន រាស្ត្ររបស់ទ្រង់អាចបន្តពឹងជ្រកក្រោមចំអេងស្លាបដ៏ធំនិងខ្លាំងក្លារបស់ទ្រង់ ដរាបណាដែលពួកគេនៅស្មោះត្រង់។ (ចោទិយកថា ៣២:៩-១១; ទំនុកដំកើង ៣៦:៧) ក៏ប៉ុន្តែ សព្វថ្ងៃនេះ បើយើងសង្ឃឹមថាទ្រង់នឹងការពារយើង តើនេះត្រឹមត្រូវទេ?
សេចក្ដីសន្យារបស់ព្រះថាទ្រង់នឹងការពារយើង
៤, ៥. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ហើយការពារយើង?
៤ ព្រះយេហូវ៉ាពិតជាមានសមត្ថភាពការពាររាស្ត្ររបស់ទ្រង់។ ទ្រង់ជា«ព្រះដ៏មានគ្រប់ព្រះចេស្ដា»។ ឋានន្តរនេះបញ្ជាក់ថា ទ្រង់មានតេជានុភាពដែលគ្មានអ្វីអាចយកឈ្នះបានឡើយ។ (លោកុប្បត្តិ ១៧:១) ដូចជារលកសមុទ្រដ៏ធំទប់ពុំបាននោះ តេជានុភាពដែលព្រះយេហូវ៉ាបញ្ចេញទៅក៏គ្មានអ្វីអាចទប់បានដែរ។ ដោយសារព្រះយេហូវ៉ាមានសមត្ថភាពអាចធ្វើអ្វីក៏ដោយដែលចាំបាច់ដើម្បីសម្រេចព្រះហឫទ័យរបស់ទ្រង់ នោះយើងអាចសួរថា៖ ‹តើព្រះយេហូវ៉ាមានឆន្ទៈប្រើតេជានុភាពរបស់ទ្រង់ដើម្បីការពារយើងឬទេ›?
៥ បើឆ្លើយឲ្យចំទៅ ប្រាកដជាដូច្នេះមែន! ព្រះយេហូវ៉ាធានាថា ទ្រង់នឹងការពាររាស្ត្ររបស់ទ្រង់។ ទំនុកដំកើង ៤៦:១ ចែងថា៖ «ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន»។ ដោយព្រោះព្រះ«មិនចេះភូត» យើងអាចជឿជាក់ទៅលើសេចក្ដីសន្យារបស់ទ្រង់ថាទ្រង់នឹងការពារយើង។ (ទីតុស ១:២) ដូច្នេះ សូមយើងពិចារណានូវការពិពណ៌នាខ្លះៗដែលព្រះយេហូវ៉ាប្រើដើម្បីបញ្ជាក់យ៉ាងច្បាស់នូវរបៀបទ្រង់ការពាររាស្ត្រទ្រង់។
៦, ៧. (ក) តើអ្នកគង្វាលនៅសម័យព្រះគម្ពីរការពារចៀមរបស់ខ្លួនយ៉ាងដូចម្ដេចខ្លះ? (ខ) តើព្រះគម្ពីរពណ៌នាឲ្យដឹងយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាមានឆន្ទៈចង់ការពារនិងថែរក្សាចៀមរបស់ទ្រង់?
៦ ព្រះយេហូវ៉ាជាអ្នកគង្វាល ហើយ «យើងខ្ញុំជា . . . ហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់»។ (ទំនុកដំកើង ២៣:១; ១០០:៣) មិនសូវមានសត្វណាដែលត្រូវការជំនួយច្រើនដូចសត្វចៀមចិញ្ចឹមនោះទេ។ អ្នកគង្វាលនៅសម័យព្រះគម្ពីរត្រូវមានចិត្តក្លាហានដើម្បីការពារចៀមរបស់គាត់ពីឆ្កែចចក ខ្លាឃ្មុំ សត្វសិង្ហ និងចោរលួច។ (សាំយូអែលទី១ ១៧:៣៤, ៣៥; យ៉ូហាន ១០:១២, ១៣) ប៉ុន្តែ មានពេលខ្លះដែលការការពារចៀមតម្រូវឲ្យចេះថ្នាក់ថ្នមវាដែរ។ ពេលមេចៀមកើតកូននៅឆ្ងាយពីហ្វូងនោះ អ្នកគង្វាលដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នឹងឈរការពារមេចៀមនោះ ពីព្រោះនេះជាពេលដែលវាងាយរងគ្រោះបំផុត។ រួចមក អ្នកគង្វាលត្រូវបីកូនចៀមតូចនេះដែលមិនអាចការពារខ្លួនបាន និងយកវាទៅដាក់ជាមួយហ្វូងចៀមវិញ។
៧ មូលហេតុដែលព្រះយេហូវ៉ាបានប្រៀបធៀបអង្គទ្រង់ទៅនឹងអ្នកគង្វាលម្នាក់នោះ គឺទ្រង់ចង់ធ្វើឲ្យយើងមានទំនុកចិត្តថាទ្រង់មានឆន្ទៈការពារយើង។ (អេសេគាល ៣៤:១១-១៦) សូមនឹកចាំពីការពណ៌នានៅអេសាយ ៤០:១១ ដែលយើងបានពិគ្រោះនៅជំពូកទី២ក្នុងសៀវភៅនេះ។ បទគម្ពីរនោះចែងថា៖ «ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល។ ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា»។ ធ្វើដូចម្ដេចឲ្យកូនចៀមតូចមួយអាចឡើង‹ផ្ទាប់នឹងទ្រូង›ឬថ្នក់អាវធំរបស់អ្នកគង្វាលបាន? ប្រហែលជាកូនចៀមនោះនឹងមកជិតអ្នកគង្វាល និងប្រើក្បាលវាកេះជើងអ្នកគង្វាលនោះ។ ប៉ុន្តែ អ្នកគង្វាលត្រូវតែសុខចិត្តឱនទៅលើកបីកូនចៀមនោះ រួចដាក់វាផ្ទាប់នឹងដើមទ្រូងរបស់គាត់ឲ្យវាមានសុវត្ថិភាព។ នេះជាការពណ៌នាយ៉ាងកក់ក្ដៅណាស់ដែលបញ្ជាក់ថា អ្នកគង្វាលដ៏ឧត្តមរបស់យើងមានព្រះទ័យចង់ជួយការពារយើង!
៨. (ក) សេចក្ដីសន្យារបស់ព្រះថានឹងការពារយើង តើសំរាប់តែអ្នកណា? តើសុភាសិត ១៨:១០ បញ្ជាក់ចំណុចនេះយ៉ាងដូចម្ដេច? (ខ) តើការចូលទៅពឹងជ្រកព្រះនាមព្រះរួមបញ្ចូលអ្វីខ្លះ?
៨ សេចក្ដីសន្យារបស់ព្រះថាទ្រង់នឹងការពារយើងនោះ គឺមានល័ក្ខខ័ណ្ឌថា ទ្រង់នឹងការពារតែអ្នកដែលចូលទៅជិតទ្រង់ប៉ុណ្ណោះ។ សុភាសិត ១៨:១០ ចែងថា៖ «ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន។ មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។ នៅសម័យព្រះគម្ពីរ ប៉មផ្សេងៗបានត្រូវសាងសង់នៅទីរហោស្ថានដើម្បីជាទីជ្រកកោនឲ្យមានសុវត្ថិភាព។ ប៉ុន្តែ បើបុគ្គលម្នាក់ដែលជិតមានគ្រោះថ្នាក់ចង់បានសុវត្ថិភាពនោះ គាត់ត្រូវរត់ចូលទៅពឹងជ្រកក្នុងប៉មនោះ។ ការចូលទៅពឹងជ្រកព្រះនាមរបស់ព្រះក៏មានន័យស្រដៀងគ្នាដែរ។ នេះមិនគ្រាន់តែសំដៅលើការពោលព្រះនាមព្រះប៉ុណ្ណោះឡើយ ដ្បិតនាមរបស់ព្រះមិនមែនជាអ្វីស័ក្ដិសិទ្ធិនោះទេ។ ផ្ទុយទៅវិញ យើងត្រូវតែស្គាល់និងទុកចិត្តទៅលើបុគ្គលដែលមានព្រះនាមនោះ ហើយរស់នៅសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់។ ព្រះយេហូវ៉ាពិតជាមានព្រះទ័យសប្បុរសណាស់ ដ្បិតទ្រង់ធានាថាទ្រង់នឹងធ្វើជាប៉មមាំមួនដើម្បីការពារបើយើងពឹងពាក់ទ្រង់ដោយជំនឿ!
«ព្រះនៃយើងខ្ញុំ . . . ទ្រង់អាចនឹងជួយឲ្យយើងខ្ញុំរួច»
៩. តើព្រះយេហូវ៉ាបានធ្វើអ្វីទៀតក្រៅពីបានសន្យាថា នឹងការពាររាស្ត្រទ្រង់នោះ?
៩ ព្រះយេហូវ៉ាមិនគ្រាន់តែបានសន្យាថាទ្រង់នឹងការពាររាស្ត្រទ្រង់ប៉ុណ្ណោះទេ។ នៅសម័យព្រះគម្ពីរ ទ្រង់ធ្លាប់សម្ដែងដោយអព្ភូតហេតុថា ទ្រង់អាចការពាររាស្ត្ររបស់ទ្រង់បាន។ ជាច្រើនដង ក្នុងកំឡុងប្រវត្ដិសាស្ត្ររបស់សាសន៍អ៊ីស្រាអែល ‹ព្រះហស្ត›ដ៏ខ្លាំងរបស់ព្រះយេហូវ៉ាបានទប់ស្កាត់ការវាយលុកនៃពួកសត្រូវដ៏ខ្លាំងក្លា។ (និក្ខមនំ ៧:៤) ប៉ុន្តែ ព្រះយេហូវ៉ាក៏ធ្លាប់ប្រើតេជានុភាពរបស់ទ្រង់ដើម្បីការពារបុគ្គលម្នាក់ៗដែរ។
១០, ១១. តើឧទាហរណ៍អ្វីខ្លះក្នុងព្រះគម្ពីរបង្ហាញថា ព្រះយេហូវ៉ាធ្លាប់ប្រើតេជានុភាពដើម្បីការពារបុគ្គលម្នាក់?
១០ ពេលយុវជនបីនាក់សាសន៍ហេព្រើរ ឈ្មោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមិនព្រមលុតជង្គង់ថ្វាយបង្គំរូបចម្លាក់របស់ស្តេចនេប៊ូក្នេសា នោះស្តេចនេះបានខ្ញាល់យ៉ាងខ្លាំង និងបានគំរាមយុវជនទាំងបីនាក់នេះថានឹងបោះពួកគេចូលទៅក្នុងឡមួយដ៏សែនក្ដៅ។ ស្តេចនេប៊ូក្នេសាដែលជាស្តេចធំបំផុតលើផែនដីនៅសម័យនោះ បានមានបន្ទូលចំអកឲ្យថា៖ «តើមានព្រះឯណា ដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃយើងបាន?»។ (ដានីយ៉ែល ៣:១៥) យុវជនបីនាក់នេះបានជឿជាក់ថា ព្រះរបស់ពួកគេមានតេជានុភាពដើម្បីសង្គ្រោះពួកគេឲ្យរួច ប៉ុន្តែ ពួកគេមិនបានសន្មតជាមុនថា ទ្រង់នឹងសង្គ្រោះពួកគេនោះទេ។ ដូច្នេះ ពួកគេបានឆ្លើយថា៖ «បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្ដិតាម ទ្រង់អាចនឹងជួយឲ្យយើងខ្ញុំរួច»។ (ដានីយ៉ែល ៣:១៧) ពិតណាស់ ឡនោះ ទោះជាមានកំដៅក្ដៅជាងធម្មតាប្រាំពីរដងក៏ពិតមែន តែមិនមែនជាឧបសគ្គចំពោះព្រះយេហូវ៉ាដែលមានគ្រប់ព្រះចេស្ដានោះឡើយ។ ទ្រង់បានការពារពួកគេ ហើយនេះបានបង្ខំស្តេចនេប៊ូក្នេសាឲ្យទទួលស្គាល់ថា៖ «គ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ»។—ដានីយ៉ែល ៣:២៩
១១ ព្រះយេហូវ៉ាក៏បានសម្ដែងយ៉ាងអស្ចារ្យថា ទ្រង់មានតេជានុភាពដើម្បីការពារ ពេលទ្រង់បានផ្ទេរព្រះជន្មរបស់រាជបុត្រាតែមួយរបស់ទ្រង់ទៅក្នុងផ្ទៃនៃនាងម៉ារា ដែលជាស្រីបរិសុទ្ធជនជាតិយូដាម្នាក់។ ទេវតាមួយរូបបានប្រាប់ម៉ារាថា នាងនឹង៖ «មានគភ៌ប្រសូតបានបុត្រា១»។ រួចមក ទេវតានោះពន្យល់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្ដានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល»។ (លូកា ១:៣១, ៣៥) តាមមើលទៅ រាជបុត្រារបស់ព្រះគឺងាយរងគ្រោះបំផុតនៅពេលនោះ។ តើបាបនិងភាពឥតគ្រប់ល័ក្ខណ៍របស់ម្ដាយអាចធ្វើទុក្ខដល់ទារកនោះឬទេ? តើសាតាំងអាចធ្វើបាបឬក៏ធ្វើគុតដល់រាជបុត្រានេះមុនទ្រង់ប្រសូតមកឬ? មិនអាចកើតឡើងដូច្នេះទេ! ព្រះយេហូវ៉ាប្រៀបដូចជារបាំងដែកមួយព័ទ្ធការពារនាងម៉ារា ដើម្បីកុំឲ្យភាពឥតគ្រប់ល័ក្ខណ៍ ឥទ្ធិពលអាក្រក់ ឃាតករ ឬក៏បិសាចណាមកធ្វើទុក្ខដល់ទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃម្ដាយ ចាប់ពីពេលបង្កកំណើតមកនោះ។ ព្រះយេហូវ៉ាបានបន្តការពារព្រះយេស៊ូពេលទ្រង់នៅក្មេងនៅឡើយ។ (ម៉ាថាយ ២:១-១៥) មុនពេលកំណត់របស់ព្រះមកដល់ នោះគ្មានអ្វីអាចធ្វើទុក្ខដល់រាជបុត្រារបស់ទ្រង់ឡើយ។
១២. ហេតុអ្វីបានជាព្រះយេហូវ៉ាបានការពារបុគ្គលមួយចំនួនដោយអព្ភូតហេតុនៅសម័យព្រះគម្ពីរ?
១២ ហេតុអ្វីបានជាព្រះយេហូវ៉ាការពារបុគ្គលផ្សេងៗដោយអព្ភូតហេតុយ៉ាងនេះ? ក្នុងករណីជាច្រើន ព្រះយេហូវ៉ាបានការពារបុគ្គលផ្សេងៗដើម្បីរក្សាអ្វីដ៏សំខាន់បំផុត ពោលគឺការសម្រេចនូវគោលបំណងរបស់ទ្រង់។ ជាឧទាហរណ៍ គឺជាការចាំបាច់ដែលព្រះយេស៊ូត្រូវរួចរស់ព្រះជន្មពេលទ្រង់នៅជាក្មេងតូច ដើម្បីសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាដែលក្រោយមកនឹងផ្ដល់ជាផលប្រយោជន៍ឲ្យមនុស្សជាតិ។ កំណត់ហេតុជាច្រើនដែលលើកបញ្ជាក់តេជានុភាពការពាររបស់ទ្រង់ បានត្រូវរួមបញ្ចូលក្នុងបទគម្ពីរដែលវិញ្ញាណទ្រង់បានបណ្ដាលឲ្យសរសេរនោះ។ គឺបទគម្ពីរដែល«បានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ (រ៉ូម ១៥:៤) ពិតណាស់ គំរូទាំងនេះពង្រឹងជំនឿរបស់យើងទៅលើព្រះដែលមានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ តើយើងអាចសង្ឃឹមថាទ្រង់នឹងការពារយើងសព្វថ្ងៃនេះឬទេ?
អ្វីដែលការការពារពីព្រះមិនរួមបញ្ចូល
១៣. តើព្រះយេហូវ៉ាចាំបាច់ធ្វើអព្ភូតហេតុការពារយើងទេ? សូមពន្យល់។
១៣ សេចក្ដីសន្យាពីព្រះថាទ្រង់នឹងការពារយើង មិនបានន័យថាទ្រង់ចាំបាច់ធ្វើអព្ភូតហេតុប្រយោជន៍ឲ្យយើងទេ។ ព្រះមិនធានាថាយើងនឹងរស់នៅក្នុងរបបលោកីយ៍ចាស់នេះដោយគ្មានបញ្ហាសោះឡើយ។ អ្នកបំរើជាច្រើនដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាត្រូវប្រឈមនឹងទុក្ខលំបាកដ៏ខ្លាំង រួមមានទាំងភាពក្រីក្រ សង្គ្រាម ជំងឺ និងសេចក្ដីស្លាប់ជាដើម។ ព្រះយេស៊ូបានមានបន្ទូលយ៉ាងត្រង់ៗនឹងពួកសិស្សរបស់ទ្រង់ថា ពួកគេប្រហែលជានឹងត្រូវអ្នកដទៃសម្លាប់ដោយសារជំនឿរបស់ពួកគេ។ ហេតុនេះហើយព្រះយេស៊ូបានមានបន្ទូលសង្កត់ធ្ងន់ថា ការស៊ូទ្រាំរហូតដល់ចុងបញ្ចប់គឺជាអ្វីដែលត្រូវការចាំបាច់។ (ម៉ាថាយ ២៤:៩, ១៣) បើព្រះយេហូវ៉ាប្រើតេជានុភាពរបស់ទ្រង់ដើម្បីធ្វើអព្ភូតហេតុការពារយើងជារៀងរាល់ដងនោះ សាតាំងអាចមានហេតុចោទប្រកាន់ទ្រង់ និងទម្លាក់ការសង្ស័យទៅលើភាពស្មោះត្រង់របស់យើងចំពោះព្រះ។—យ៉ូប ១:៩, ១០
១៤. តើឧទាហរណ៍ណាខ្លះបញ្ជាក់ថាព្រះយេហូវ៉ាមិនតែងតែការពារអ្នកបំរើរបស់ទ្រង់ដូចគ្នាទាំងអស់នោះ?
១៤ សូម្បីតែនៅសម័យព្រះគម្ពីរក៏ដោយ ព្រះយេហូវ៉ាមិនតែងតែប្រើតេជានុភាពរបស់ទ្រង់ជាខែលការពារអ្នកបំរើរបស់ទ្រង់គ្រប់រូបកុំឲ្យស្លាប់ឡើយ។ ជាឧទាហរណ៍ ស្តេចហេរ៉ូឌបានប្រហារជីវិតសាវ័កយ៉ាកុបនៅជិតឆ្នាំ៤៤ស.យ.។ ប៉ុន្តែ មិនយូរក្រោយមក ពេត្រុសបានត្រូវសង្គ្រោះ«ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចហេរ៉ូឌ»។ (កិច្ចការ ១២:១-១១) ហើយយ៉ូហាន ប្អូនប្រុសរបស់យ៉ាកុប បានរស់យូរជាងពេត្រុសនិងយ៉ាកុបទៅទៀត។ គឺច្បាស់ហើយ យើងមិនអាចសង្ឃឹមថាព្រះរបស់យើងនឹងការពារអ្នកបំរើរបស់ទ្រង់គ្រប់រូបដូចៗគ្នាទាំងអស់ទេ។ យ៉ាងណាមិញ យើងទាំងអស់គ្នាជួប«គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន»។ (សាស្ដា ៩:១១, ព.ថ.) បើដូច្នេះ តើព្រះយេហូវ៉ាការពារយើងយ៉ាងដូចម្ដេចសព្វថ្ងៃនេះ?
ព្រះយេហូវ៉ាការពារយើងខាងផ្លូវកាយ
១៥, ១៦. (ក) តើភស្តុតាងអ្វីដែលបង្ហាញថា ព្រះយេហូវ៉ាបានការពារអ្នកថ្វាយបង្គំជាក្រុមខាងផ្លូវកាយ? (ខ) ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងការពារអ្នកបំរើរបស់ទ្រង់ឥឡូវនេះនិងក្នុង«គ្រាវេទនាយ៉ាងធំ»?
១៥ មុនបង្អស់ យើងសូមពិចារណាការការពារខាងផ្លូវកាយ។ ជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា យើងអាចជឿជាក់ថា ទ្រង់នឹងការពារយើងជាក្រុម។ ពុំនោះ សាតាំងអាចបំផ្លាញយើងចោលយ៉ាងងាយស្រួលបាន។ សូមគិតទៅមើល: សាតាំងដែលជា«ចៅហ្វាយរបស់លោកីយ៍នេះ» នឹងសប្បាយចិត្តណាស់បើវាអាចបំបាត់ការថ្វាយបង្គំពិតឲ្យសាបសូន្យទៅ។ (យ៉ូហាន ១២:៣១; វិវរណៈ ១២:១៧) រដ្ឋាភិបាលខ្លះៗដែលខ្លាំងបំផុតបានព្យាយាមដាក់បំរាមទៅលើកិច្ចការផ្សព្វផ្សាយរបស់យើង និងបានខំប្រឹងបំផ្លាញយើងឲ្យសោះសូន្យទៅ។ ប៉ុន្តែ រាស្ត្ររបស់ព្រះយេហូវ៉ាបានកាន់ជំហរយ៉ាងមាំមួន និងបានបន្តផ្សព្វផ្សាយមិនឈប់ឈរ! ហេតុអ្វីបានជារដ្ឋាភិបាលខ្លាំងៗទាំងនេះមិនអាចបញ្ឈប់សកម្មភាពនៃក្រុមគ្រីស្ទានដ៏តូចនិងមើលទៅដូចជាងាយរងគ្រោះនេះបានដូច្នេះ? ក្នុងន័យអត្ថបដិរូប គឺពីព្រោះព្រះយេហូវ៉ាបានការពារយើងដោយចំអេងស្លាបដ៏ខ្លាំងរបស់ទ្រង់!—ទំនុកដំកើង ១៧:៧, ៨
១៦ ចុះយ៉ាងណាវិញចំពោះការការពារខាងផ្លូវកាយក្នុងកំឡុង«គ្រាវេទនាយ៉ាងធំ»ដែលជិតមកដល់ហើយនោះ? យើងមិនចាំបាច់ខ្លាចការកាត់ទោសពីព្រះឡើយ។ យ៉ាងណាមិញ«[ព្រះយេហូវ៉ា]ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»។ (វិវរណៈ ៧:១៤; ពេត្រុសទី២ ២:៩) ទំរាំដល់ថ្ងៃនោះមកដល់ យើងអាចជឿជាក់ទៅលើអ្វីពីរយ៉ាង។ ទីមួយ ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់ត្រូវបំផ្លាញសាបសូន្យចេញពីផែនដីឡើយ។ ទីពីរ ព្រះនឹងប្រទានរង្វាន់ដល់អ្នកដែលរក្សាភក្ដីភាពចំពោះទ្រង់ដោយផ្ដល់ជីវិតជារៀងរហូតក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ទ្រង់ ទោះពួកគេស្លាប់ក្នុងលោកីយ៍នេះហើយទ្រង់ត្រូវប្រោសពួកគេឲ្យរស់ឡើងវិញក៏ដោយ។ អស់អ្នកស្មោះត្រង់ដែលស្លាប់ទៅ និងស្ថិតក្នុងសេចក្ដីនឹកចាំរបស់ព្រះ ជាកន្លែងដែលមានសុវត្ថិភាពបំផុត។—យ៉ូហាន ៥:២៨, ២៩
១៧. តាមរយៈព្រះបន្ទូលរបស់ទ្រង់ តើព្រះយេហូវ៉ាការពារយើងយ៉ាងដូចម្ដេច?
១៧ សូម្បីតែឥឡូវនេះក៏ដោយ ព្រះយេហូវ៉ាការពារយើងតាមរយៈ«ព្រះបន្ទូល»របស់ទ្រង់ ដែលប្រៀបដូចជារស់នៅ ហើយមានឥទ្ធិពលទៅលើមនុស្សដែលមានចិត្តប្រេះស្រាំឲ្យបានជាឡើងវិញ និងជំរុញចិត្តពួកគេឲ្យកែប្រែជីវិតរបស់ខ្លួន។ (ហេព្រើរ ៤:១២) បើយើងអនុវត្តតាមគោលការណ៍ទាំងនោះ យើងអាចត្រូវការពារពីគ្រោះថ្នាក់ខ្លះៗបាន។ អេសាយ ៤៨:១៧ ចែងថា៖ ‹យើងនេះ គឺយេហូវ៉ា . . . ដែលបង្រៀនឲ្យអ្នករាល់គ្នាបានទទួលប្រយោជន៍›។ គ្មានការសង្ស័យទេថា ការរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអាចធ្វើឲ្យសុខភាពយើងល្អជាងនិងជីវិតយើងវែងជាង។ ជាឧទាហរណ៍ ដោយសារយើងអនុវត្តតាមឱវាទព្រះគម្ពីរដែលបង្គាប់យើងឲ្យជៀសវាងអំពើសហាយស្មន់ ហើយសំអាតខ្លួនយើងពីសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញនោះ យើងក៏អាចជៀសផុតពីការប្រព្រឹត្តដ៏ស្មោកគ្រោក និងទម្លាប់នៃការប្រព្រឹត្តដ៏អាក្រក់ដែលនាំឲ្យអ្នកដែលមិនជឿព្រះរងទុក្ខវេទនា។ (កិច្ចការ ១៥:២៩; កូរិនថូសទី២ ៧:១) យើងពិតជាមានចិត្តកតញ្ញូណាស់ ដោយសារការការពារដែលមកពីព្រះបន្ទូលរបស់ព្រះ!
ព្រះយេហូវ៉ាការពារយើងខាងវិញ្ញាណ
១៨. តើព្រះយេហូវ៉ាការពារយើងខាងវិញ្ញាណយ៉ាងដូចម្ដេច?
១៨ សំខាន់បំផុត ព្រះយេហូវ៉ាការពារយើងខាងវិញ្ញាណ។ ព្រះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ការពារយើងពីគ្រោះថ្នាក់ខាងវិញ្ញាណដោយប្រទានអ្វីដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការល្បងល និងការពារចំណងមេត្រីភាពដែលយើងមានជាមួយទ្រង់។ ព្រះយេហូវ៉ាការពារជីវិតយើងឲ្យរស់នៅជារៀងរហូត មិនមែនតែប៉ុន្មានឆ្នាំប៉ុណ្ណោះទេ។ សូមពិចារណាសំវិធានការខ្លះៗពីព្រះដែលការពារយើងខាងវិញ្ញាណ។
១៩. តើវិញ្ញាណរបស់ព្រះយេហូវ៉ាអាចធ្វើឲ្យមានសមត្ថភាពស៊ូទ្រាំនឹងបញ្ហាយ៉ាងដូចម្ដេច?
១៩ ព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកដំកើង ៦៥:២) ពេលកង្វល់កង្វាយនៃជីវិតសង្កត់មកលើយើងយ៉ាងខ្លាំងនោះ ការអធិស្ឋានទូលទ្រង់អស់ពីដួងចិត្តអាចសម្រាលទុក្ខយើងបានច្រើន។ (ភីលីព ៤:៦, ៧) ព្រះយេហូវ៉ាប្រហែលជាមិនបញ្ឈប់ការល្បងលរបស់យើងដោយអព្ភូតហេតុនោះទេ ប៉ុន្តែ ទ្រង់អាចឆ្លើយតបនឹងសេចក្ដីអធិស្ឋានរបស់យើង ដោយប្រទាននូវប្រាជ្ញាដល់យើងដែលយើងត្រូវការជាចាំបាច់ដើម្បីស៊ូទ្រាំនោះ។ (យ៉ាកុប ១:៥, ៦) ម្យ៉ាងទៀត ព្រះយេហូវ៉ាប្រទានវិញ្ញាណបរិសុទ្ធដល់អស់អ្នកណាដែលសុំ។ (លូកា ១១:១៣) វិញ្ញាណដ៏ខ្លាំងក្លានោះអាចធ្វើឲ្យយើងមានសមត្ថភាពស៊ូទ្រាំនឹងបញ្ហាណាក៏ដោយដែលយើងប្រឈមមុខ។ វិញ្ញាណនោះអាចផ្ដល់«ឥទ្ធិឫទ្ធិដ៏លើសលប់»ឲ្យស៊ូទ្រាំទាល់តែព្រះយេហូវ៉ាបំបាត់បញ្ហាសព្វបែបយ៉ាងដែលធ្វើទុក្ខក្នុងពិភពលោកថ្មីដែលជិតមកដល់នោះ។—កូរិនថូសទី២ ៤:៧
២០. តាមរយៈអ្នកថ្វាយបង្គំគ្នីគ្នា តើតេជានុភាពការពាររបស់ព្រះយេហូវ៉ាអាចត្រូវសម្ដែងយ៉ាងដូចម្ដេច?
២០ ជួនកាលព្រះយេហូវ៉ាបញ្ចេញតេជានុភាពដើម្បីការពារយើងតាមរយៈអ្នកថ្វាយបង្គំគ្នីគ្នា។ ព្រះយេហូវ៉ាបានបង្រួបបង្រួមរាស្ត្រទ្រង់ឲ្យក្លាយជាភាតរភាព«បងប្អូន»ទូទាំងពិភពលោក។ (ពេត្រុសទី១ ២:១៧; យ៉ូហាន ៦:៤៤) ក្នុងភាពកក់ក្ដៅនៃភាតរភាពនោះ យើងអាចមើលឃើញភស្តុតាងជាក់ស្តែងដែលបង្ហាញថា វិញ្ញាណបរិសុទ្ធរបស់ព្រះមានឥទ្ធិពលធ្វើឲ្យមនុស្សប្រព្រឹត្តល្អ។ វិញ្ញាណនោះបង្កើតផលផ្លែក្នុងយើង ដែលជាគុណសម្បត្ដិវិសេសវិសាលរួមទាំងសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងភាពល្អជាដើម។ (កាឡាទី ៥:២២, ២៣) ហេតុនេះ ពេលយើងរងទុក្ខលំបាក នោះអ្នកជឿគ្នីគ្នាជូនឱវាទឬក៏និយាយលើកទឹកចិត្តយើង យើងអាចអរព្រះគុណព្រះយេហូវ៉ាសំរាប់ការថែរក្សាការពារបែបនេះ។
២១. (ក) តាមរយៈ‹អ្នកបំរើមានវិនិច្ឆ័យល្អ› តើព្រះយេហូវ៉ាផ្គត់ផ្គង់ម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេលអ្វីខ្លះ? (ខ) តើអ្នកធ្លាប់ទទួលប្រយោជន៍យ៉ាងណាខ្លះពីសំវិធានការរបស់ព្រះយេហូវ៉ាដែលការពារយើងនោះ?
២១ ព្រះយេហូវ៉ាប្រទានអ្វីមួយទៀតដែលការពារយើង គឺម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេល។ ដើម្បីជួយយើងបានកម្លាំងពីព្រះបន្ទូលរបស់ទ្រង់ ព្រះយេហូវ៉ាបានបង្គាប់‹អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អ›ឲ្យផ្ដល់ម្ហូបអាហារខាងវិញ្ញាណ។ អ្នកបំរើដ៏ស្មោះត្រង់នេះបោះពុម្ពប្រកាសនវត្ថុ ដូចជាទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ព្រមទាំងរៀបចំកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាតដើម្បីផ្គត់ផ្គង់‹អាហារបរិភោគតាមត្រូវពេល› គឺជាអ្វីដែលយើងទទួលនៅចំពេលដែលយើងត្រូវការតែម្ដង។ (ម៉ាថាយ ២៤:៤៥) តើអ្នកធ្លាប់ឮពាក្យដែលលើកទឹកចិត្តចំនឹងអ្វីដែលអ្នកត្រូវការនៅឯកិច្ចប្រជុំគ្រីស្ទានណាមួយ ពេលបងប្អូនឆ្លើយសំនួរ ថ្លែងសុន្ទរកថា ឬក៏អធិស្ឋាននោះទេ? តើមានអត្ថបទណាមួយក្នុងប្រកាសនវត្ថុរបស់យើងធ្លាប់មានឥទ្ធិពលមកលើជីវិតរបស់អ្នកឬទេ? សូមចាំថា ព្រះយេហូវ៉ាផ្គត់ផ្គង់សំវិធានការបែបនេះដើម្បីការពារយើងខាងវិញ្ញាណ។
២២. តើព្រះយេហូវ៉ាតែងតែប្រើតេជានុភាពរបស់ទ្រង់តាមរបៀបណា? ហេតុអ្វីនេះផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់យើង?
២២ ព្រះយេហូវ៉ាពិតជាខែលការពារនូវ«អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់»។ (ទំនុកដំកើង ១៨:៣០) យើងយល់ថា ទ្រង់មិនប្រើតេជានុភាពរបស់ទ្រង់ដើម្បីការពារយើងពីអស់ទាំងគ្រោះថ្នាក់នៅសព្វថ្ងៃនេះឡើយ។ ប៉ុន្តែ ទ្រង់ពិតជាប្រើតេជានុភាពរបស់ទ្រង់ដើម្បីធានាថា គោលបំណងទ្រង់នឹងសម្រេចជាពុំខាន។ នៅទីបំផុត រាស្ត្រទ្រង់ទទួលប្រយោជន៍ដោយសារទ្រង់ធ្វើដូច្នេះ។ បើយើងចូលទៅជិតទ្រង់និងទទួលសេចក្ដីស្រឡាញ់ពីទ្រង់ នោះព្រះយេហូវ៉ានឹងប្រទានជីវិតជារៀងរហូតដល់យើង។ ដោយគិតអំពីសេចក្ដីសង្ឃឹមនោះ យើងប្រហែលជាអាចចាត់ទុកការរងទុក្ខវេទនាណាក្នុងរបបលោកីយ៍នេះជាអ្វីដ៏«ស្រាល»និង«មួយភ្លែត»ប៉ុណ្ណោះ។—កូរិនថូសទី២ ៤:១៧