មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ
«នោះអ្នកនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយអ្នកនឹងរកឃើញចំណេះវិជ្ជារបស់ព្រះ»។—សុភាសិត ២:៥ ព.ថ.
១. ហេតុអ្វីក៏អាចនិយាយថា បេះដូងរបស់មនុស្សជាវិស្វកម្មនៃស្នាដៃឯករបស់ព្រះនោះ?
បេះដូងរបស់មនុស្សប្រមាណ៥.៦០០.០០០.០០០កំពុងតែលោតនៅលើផែនដីនៅឥឡូវនេះ។ ជារៀងរាល់ថ្ងៃ បេះដូងរបស់អ្នក លោត១០០.០០០ដង ហើយបូមឈាមប្រមាណ៧.៦០០លីត្រតាមរយៈប្រព័ន្ធសរសៃឈាមរបស់អ្នកដែលមានចម្ងាយ១០០.០០០គីឡូម៉ែត្រ។ គ្មានសាច់ដុំណាខំធ្វើការខ្លាំងជាងវិស្វកម្មនៃស្នាដៃឯកនេះរបស់ព្រះឡើយ។
២. តើអ្នកអាចរៀបរាប់យ៉ាងណាអំពីចិត្ត?
២ នៅលើផែនដីនេះគឺមានចិត្តប្រមាណ៥.៦០០.០០០.០០០ដែរ ដែលកំពុងតែខំធ្វើការ។ នៅក្នុងចិត្តរបស់យើងគឺមានមនោសញ្ចេតនា គ្រឿងលើកទឹកចិត្ត និងចំណង់។ នេះជាមជ្ឈមណ្ឌលនៃគំនិត ការយោគយល់និងឆន្ទៈរបស់យើង។ ចិត្តអាចទៅជាមានះឬទន់ទាប ស្រពាប់ស្រពោន ឬរីករាយ ជាងងឹត ឬបានបំភ្លឺ។—នេហេមា ២:២; សុភាសិត ១៦:៥; ម៉ាថាយ ១១:២៩; កិច្ចការ ១៤:១៧; កូរិនថូសទី២ ៤:៦; អេភេសូរ ១:១៦-១៨
៣, ៤. តើតាមរបៀបណាដែលចិត្តរបស់មនុស្សកំពុងតែឮដំណឹងល្អ?
៣ ព្រះយេហូវ៉ាអាចមើលចិត្តរបស់មនុស្សបាន។ សុភាសិត ១៧:៣ចែងថា៖ «បាវដីសំរាប់សំរងប្រាក់ ហើយឡសំរាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ»។ តែជាជាងគ្រាន់តែមើលចិត្តនិមួយៗ ហើយប្រហារសេចក្ដីជំនុំជំរះនោះ ព្រះយេហូវ៉ាគឺកំពុងតែប្រើពួកស្មរបន្ទាល់របស់ទ្រង់ឲ្យផ្សាយដំណឹងល្អទៅដល់ចិត្តរបស់មនុស្សទាំងឡាយ។ នេះគឺសមស្របនឹងពាក្យរបស់សាវ័កប៉ុល ដែលថា៖ « ‹ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាម[ព្រះយេហូវ៉ា] នោះនឹងបានសង្គ្រោះ› ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន? ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន? ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ? មួយទៀត ធ្វើដូចម្ដេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ? ដូចជាមានសេចក្ដីចែងទុកមកថា ‹ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពី សេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎› »។—រ៉ូម ១០:១៣-១៥
៤ នេះបានធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យណាស់ ដោយបញ្ជូនពួកស្មរបន្ទាល់របស់ទ្រង់ដល់ចុងផែនដីដើម្បី‹ប្រកាសដំណឹងដ៏ល្អៗ› ហើយដើម្បីនឹងស្វែងរកពួកអ្នកដែលចូលចិត្តស្ដាប់។ ឥឡូវនេះ យើងមានចំនួនជាង៥.០០០.០០០នាក់—ដែលមានសមាភាគពី១ស្មរបន្ទាល់ទៅប្រមាណ១.២០០មនុស្សនៅលើផែនដីយើងនេះ។ ការនាំយកដំណឹងល្អទៅមនុស្សរាប់លានកោដិនាក់នៅលើផែនដីគឺមិនជាការស្រួលទេ។ ប៉ុន្តែ ព្រះកំពុងតែដឹកនាំកិច្ចការនេះតាមរយៈព្រះយេស៊ូគ្រីស្ទ ហើយគឺកំពុងតែប្រមូលយកមនុស្សដែលមានចិត្តស្មោះ។ ដូច្នេះ ទំនាយដែលបានកត់ទុកមកនៅអេសាយ ៦០:២២ គឺជាការជាក់ស្តែងណាស់៖ «អ្នកតូចបំផុតនឹងត្រឡប់ទៅជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជៀនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។
៥. តើចំណេះវិជ្ជាជាអ្វី ហើយតើយើងអាចនិយាយយ៉ាងណាដែរអំពីប្រាជ្ញារបស់លោកីយ៍នេះ?
៥ ពេលកំណត់នោះគឺនៅសព្វថ្ងៃនេះឯង ហើយអ្វីមួយដែលឃើញច្បាស់នោះ—គឺថាមនុស្សរាប់លានកោដិនាក់នៅលើផែនដីត្រូវការចំណេះវិជ្ជា។ ជាគោលសំខាន់ ចំណេះវិជ្ជាគឺជាការដឹងច្បាស់អំពីហេតុការណ៍ពិត ដែលអាចមានមកពីការពិសោធ ការសង្កេតមើល ឬពីការសិក្សា។ មនុស្សលោកបានកើនចំណេះវិជ្ជាឡើងយ៉ាងច្រើន។ ការជឿនលឿនគឺមានខាងវិស័យដូចជា ការដឹកជញ្ជូន ការថែរក្សាសុខភាព និងគមនាគមន៍។ ប៉ុន្តែ តើមនុស្សលោកពិតជាត្រូវការចំណេះវិជ្ជាពីលោកីយ៍នេះឬ? គឺមិនមែនទេ! សង្គ្រាម ការជិះជាន់ ជម្ងឺរោគ និងសេចក្ដីស្លាប់គឺបានបន្តធ្វើទុក្ខវេទនាដល់មនុស្សលោក។ ប្រាជ្ញារបស់លោកីយ៍គឺតែងតែបានដូចជាដីខ្សាច់ដែលប្ដូរពីកន្លែងមួយទៅកន្លែងមួយតាមតែខ្យល់ព្យុះវាលខ្សាច់។
៦. ចំពោះឈាម តើចំណេះវិជ្ជារបស់ព្រះប្រៀបធៀបយ៉ាងណាជាមួយនឹងប្រាជ្ញារបស់លោកីយ៍នេះ?
៦ ឧទាហរណ៍៖ ពីរសតវត្សកន្លងទៅនេះ ជាទំនៀមទំលាប់មួយក្នុងការបញ្ចេញឈាមពីខ្លួនដើម្បីឲ្យបានសះស្បើយទៅវិញ។ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកទីមួយ ឈ្មោះជូច វ៉ាស៊ីនតោន ត្រូវបានគេបញ្ចេញឈាមពីខ្លួនជាច្រើនដងក្នុងរយៈចុងបញ្ចប់នៃជីវិតរបស់លោក។ នៅចំណុចមួយ លោកបានមានប្រសាសន៍ថា៖ «ចូរឲ្យខ្ញុំស្លាប់ទៅចុះ ខ្ញុំមិនអាចទ្រាំបានយូរទៀតទេ»។ លោកបាននិយាយត្រូវណាស់ ពីព្រោះលោកបានស្លាប់នៅថ្ងៃនោះមែន—ខែធ្នូ ថ្ងៃទី១៤ ឆ្នាំ១៧៩៩។ ផ្ទុយពីការបញ្ចេញឈាមពីខ្លួន នៅសព្វថ្ងៃនេះ គឺមានការដាក់ទម្ងន់ទៅលើការបញ្ចូលឈាមទៅក្នុងរូបកាយរបស់មនុស្សទៅវិញ។ វិធីទាំងពីរយ៉ាងនេះ គឺបានប្រកបទៅដោយបញ្ហាដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ ប៉ុន្តែក្នុងកំឡុងពេលទាំងនេះ បន្ទូលរបស់ព្រះបានចែងថា៖ «គឺឲ្យចៀសវាង . . . [ពី]ឈាម»។ (កិច្ចការ ១៥:២៩) ចំណេះវិជ្ជារបស់ព្រះគឺតែងតែត្រឹមត្រូវ គួរឲ្យទុកចិត្តបាន ហើយទាន់សម័យជានិច្ច។
៧. ចំពោះការចិញ្ចឹមអប់រំកូនចៅ តើចំណេះវិជ្ជាត្រឹមត្រូវពីព្រះគម្ពីរប្រៀបធៀបនឹងប្រាជ្ញាលោកីយ៍ជាយ៉ាងណាដែរ?
៧ ចូរពិចារណានូវឧទាហរណ៍មួយទៀតនៃប្រាជ្ញារបស់មនុស្សដែលមិនអាចទុកចិត្តបាន។ ជាច្រើនឆ្នាំមកហើយ ពួកអ្នកចិត្តវិជ្ជាបានគាំទ្រការចិញ្ចឹមអប់រំកូនចៅតាមវិធីបណ្ដែតបណ្ដោយកូន ប៉ុន្តែអ្នកគាំទ្រម្នាក់ក្រោយមកបានសារភាពថា នេះជាវិធីខុសទៅវិញ។ សមាគមននិរុត្ដិសាស្ត្រអាឡឺម៉ង់ នៅពេលមួយបានមានប្រសាសន៍ថា ការបណ្ដែតបណ្ដោយកូនគឺ«យ៉ាងហោចណាស់ទទួលខុសត្រូវចំពោះបញ្ហាដែលយើងមានសព្វថ្ងៃនេះក្នុងចំណោមក្មេងៗ»។ ប្រាជ្ញាលោកីយ៍យោលទៅមកៗ ដូចជាបានបក់ដោយខ្យល់អញ្ចឹង ប៉ុន្តែចំណេះវិជ្ជាត្រឹមត្រូវពីព្រះគម្ពីរគឺមិនអាចរញ្ជួយបានឡើយ។ ព្រះគម្ពីរបានផ្ដល់ឲ្យឱវាទដ៏ត្រឹមត្រូវអំពីការចិញ្ចឹមអប់រំកូនចៅ។ សុភាសិត ២៩:១៧ ចែងថា៖ «ចូរស្តីប្រដៅកូនឯងចុះ នោះវានឹងឲ្យឯងបានសំរាកចិត្ត អើ វានឹងឲ្យឯងមានចិត្តរីករាយផង»។ ការប្រដៅបែបនេះគឺត្រូវធ្វើឡើងដោយសេចក្ដីស្រឡាញ់ ពីព្រោះប៉ុលបានសរសេរថា៖ «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់[ព្រះយេហូវ៉ា]វិញ»។—អេភេសូរ ៦:៤
«ចំណេះវិជ្ជារបស់ព្រះ»
៨, ៩. តើអ្នកនឹងពន្យល់យ៉ាងណាបាននូវអ្វីដែលសុភាសិត ២:១-៦ បានចែងមក អំពីចំណេះវិជ្ជាដែលមនុស្សលោកត្រូវការជាចាំបាច់នោះ?
៨ ថ្វីបើប៉ុលជាបុរសដ៏ចេះដឹងម្នាក់ក្ដី គាត់បានសរសេរថា៖ «បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយនេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឲ្យមានប្រាជ្ញាឡើង ពីព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ»។ (កូរិនថូសទី១ ៣:១៨, ១៩) មានតែព្រះទេ ដែលអាចផ្ដល់ឲ្យចំណេះវិជ្ជាដែលមនុស្សលោកត្រូវការជាចាំបាច់នោះ។ ចំពោះរឿងនេះ សុភាសិត ២:១-៦ ចែងថា៖ «កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយ[អ្នកនឹងរកឃើញចំណេះវិជ្ជារបស់ព្រះ, ព.ថ.] ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។
៩ ពួកអ្នកដែលមានចិត្តល្អ គេយកចិត្តទុកដាក់នឹងប្រាជ្ញា ដោយប្រើយ៉ាងត្រឹមត្រូវនូវចំណេះវិជ្ជាដែលព្រះផ្ដល់មក។ ពួកគេមានចិត្តយោគយល់ ដោយថ្លឹងថ្លែងយ៉ាងប្រយ័ត្នប្រយែងអំពីហេតុការណ៍ពិត ដែលគេកំពុងតែរៀន។ បើនិយាយឲ្យចំទៅ ពួកគេអំពាវនាវរកអធ្យាស្រ័យ ឬសមត្ថភាពក្នុងការយល់នូវរបៀបដែលទិដ្ឋភាពនៃប្រធានមួយទាក់ទងនឹងមួយទៀត។ ពួកមនុស្សដែលមានចិត្តត្រឹមត្រូវធ្វើការ ហាក់បីដូចជាគេជីករកប្រាក់ និងស្វែងរករតនសម្បត្ដិដែលបានកប់អញ្ចឹង។ តើពួកអ្នកដែលចូលចិត្តស្ដាប់ រកឃើញរតនសម្បត្ដិដ៏សម្បើមអ្វី? នេះគឺជា«ចំណេះវិជ្ជារបស់ព្រះ»។ តើនេះជាអ្វីទៅ? បើនិយាយឲ្យស្រួលទៅ នេះគឺជាចំណេះវិជ្ជាដែលមាននៅក្នុងព្រះគម្ពីរជាបន្ទូលរបស់ព្រះ។
១០. តើយើងត្រូវធ្វើយ៉ាងណា ដើម្បីនឹងទទួលសុខភាពល្អខាងវិញ្ញាណ?
១០ ចំណេះវិជ្ជារបស់ព្រះគឺត្រឹមត្រូវ មិនផ្លាស់ប្ដូរ ហើយផ្ដល់ឲ្យជីវិត។ នេះធ្វើឲ្យមានសុខភាពល្អខាងវិញ្ញាណ។ ប៉ុលបានដាស់តឿនធីម៉ូថេថា៖ «ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំ ទុកជាគំរូពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ (ធីម៉ូថេទី២ ១:១៣) ភាសាមួយតែងតែមានការរៀបចំពាក្យ។ យ៉ាងដូច្នេះដែរ ‹ភាសាបរិសុទ្ធ›នៃសេចក្ដីពិតពីព្រះគម្ពីរក៏មាន«ពាក្យត្រឹមត្រូវ» ដែលមានមូលដ្ឋានទៅលើចំណងជើងនៃព្រះគម្ពីរ នៃការដំកើងអធិបតេយ្យភាពរបស់ព្រះយេហូវ៉ាតាមរយៈព្រះរាជាណាចក្រ។ (សេផានា ៣:៩) យើងត្រូវតែទុកការរៀបចំពាក្យដ៏ត្រឹមត្រូវទាំងនេះទៅក្នុងចិត្តគំនិតរបស់យើង។ បើយើងចង់ចៀសវាងពីជម្ងឺចិត្ត ហើយរក្សាឲ្យមានសុខភាពល្អខាងវិញ្ញាណនោះ យើងត្រូវតែអនុវត្តព្រះគម្ពីរក្នុងជីវិតរបស់យើង ហើយឆ្លៀតយកនូវសំវិធានការខាងវិញ្ញាណឲ្យបានពេញលេញដែលព្រះផ្ដល់ឲ្យតាមរយៈ«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ»។ (ម៉ាថាយ ២៤:៤៥-៤៧, ព.ថ.; ទីតុស ២:២) ចូរឲ្យយើងចងចាំជានិច្ចថា ដើម្បីឲ្យបានសុខភាពល្អខាងវិញ្ញាណ នោះយើងត្រូវការចំណេះវិជ្ជារបស់ព្រះ។
១១. តើមានមូលហេតុណាខ្លះដែលមនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ?
១១ ចូរពិចារណានូវមូលហេតុផ្សេងៗទៀត ដែលមនុស្សលោករាប់លានកោដិនាក់ត្រូវការចំណេះវិជ្ជារបស់ព្រះ។ តើពួកគេទាំងអស់ដឹងនូវរបៀបដែលផែនដីនិងមនុស្សបានចាប់កំណើតមកទេ? គឺច្បាស់ជាអត់ទេ។ តើមនុស្សលោកទាំងអស់ស្គាល់ព្រះពិតនិងរាជបុត្រារបស់ទ្រង់ទេ? តើមនុស្សគ្រប់គ្នាដឹងអំពីរឿងដែលសាតាំងបានចោទឡើង ចំពោះអធិបតេយ្យភាពរបស់ព្រះនិងចិត្តស្មោះគ្រប់ល័ក្ខណ៍របស់មនុស្សទេ? គឺអត់ដឹងទេ។ តើមនុស្សទូទៅដឹងនូវហេតុអ្វីបានជាយើងទៅជាចាស់ហើយស្លាប់ទេ? ម្ដងនេះទៀត យើងក៏អាចនិយាយថា អត់ទេ។ តើមនុស្សរស់នៅលើផែនដីទាំងអស់ដឹងថាព្រះរាជាណាចក្រគឺកំពុងតែសោយរាជ្យ ហើយថាយើងកំពុងតែរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ទេ? តើពួកគេដឹងអំពីវិញ្ញាណកំណាចទេ? តើមនុស្សទាំងអស់មានចំណេះវិជ្ជាដែលគួរឲ្យទុកចិត្តបាន អំពីរបៀបដែលគេរកសុភមង្គលបាននៅក្នុងគ្រួសារទេ? តើមនុស្សដឹងថា ជីវិតដ៏រីករាយក្នុងសួនមនោរម្យ ជាគោលបំណងរបស់ព្រះអាទិទេពសំរាប់អស់អ្នកណាដែលគោរពតាមទ្រង់ឬទេ? ចំពោះសំនួរទាំងនេះដែរ គឺច្បាស់ជាមិនដឹងទេ។ ដូច្នេះហើយនេះគឺជាការច្បាស់ណាស់ ដែលមនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ។
១២. តើតាមរបៀបណាដែលយើងអាចថ្វាយបង្គំព្រះ«ដោយវិញ្ញាណនិងសេចក្ដីពិត»បាន?
១២ មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ ដោយសារតែអ្វីៗដែលព្រះយេស៊ូបានមានបន្ទូលមកក្នុងការអធិស្ឋានរបស់ទ្រង់ នៅរាត្រីចុងបញ្ចប់នៃព្រះជន្មរបស់ទ្រង់នៅលើផែនដី។ ពួកសាវ័ករបស់ទ្រង់ច្បាស់ជាបានរំភើបចិត្តណាស់ដោយបានឮទ្រង់មានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) ការអនុវត្តតាមចំណេះវិជ្ជាបែបនេះ ជាផ្លូវតែមួយគត់ក្នុងការថ្វាយបង្គំព្រះឲ្យបានត្រឹមត្រូវ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ (យ៉ូហាន ៤:២៤) យើងថ្វាយបង្គំព្រះ«ដោយវិញ្ញាណ» នៅពេលដែលចិត្តរបស់យើងបានពោរពេញទៅដោយជំនឿនិងសេចក្ដីស្រឡាញ់។ តើយើងថ្វាយបង្គំទ្រង់‹ដោយសេចក្ដីពិត›យ៉ាងណា? គឺដោយសិក្សាពាក្យបន្ទូលរបស់ទ្រង់និងថ្វាយបង្គំទ្រង់ យោងទៅតាមសេចក្ដីពិតដែលទ្រង់បានសម្ដែងប្រាប់មកគឺថា—«ចំណេះវិជ្ជារបស់ព្រះ»។
១៣. តើព្រឹត្ដិការណ៍អ្វីដែលបានកត់ទុកមកនៅកិច្ចការ ១៦:២៥-៣៤ ហើយតើយើងអាចរៀនអ្វីពីនោះ?
១៣ មនុស្សរាប់ពាន់នាក់បានចាប់ផ្ដើមថ្វាយបង្គំព្រះយេហូវ៉ាជារៀងរាល់ឆ្នាំ។ ប៉ុន្តែ តើការបង្រៀនព្រះគម្ពីរជាមួយនឹងពួកអ្នកចាប់អារម្មណ៍ត្រូវមានរយៈដ៏យូរឬ ឬក៏តើអ្នកមានចិត្តស្មោះទាំងនោះអាចឆាប់ធ្វើបុណ្យជ្រមុជទឹកបានទេ? សូមពិចារណាមើលនូវអ្វីដែលបានកើតឡើងក្នុងករណីនៃមេភូឃុំនិងគ្រួសាររបស់គាត់ ដែលបានរៀបរាប់មកនៅកិច្ចការ ១៦:២៥-៣៤។ ប៉ុលនិងស៊ីឡាសបានគេចាប់ដាក់គុកនៅទីក្រុងភីលីព ប៉ុន្តែនៅកណ្ដាលអធ្រាត្រមានកក្រើកដីជាខ្លាំង ដែលបានធ្វើឲ្យរបើកទ្វារគុកទាំងនោះ។ ដោយបានគិតថាពួកអ្នកជាប់គុកទាំងអស់នោះបានលួចរត់ចេញ ហើយថាខ្លួនគាត់នឹងត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងនោះ មេភូឃុំក៏ហៀបនឹងសម្លាប់ខ្លួន ប៉ុន្តែនៅពេលនោះប៉ុលបានប្រាប់គាត់ថាពួកគេនៅទីនោះទាំងអស់គ្នាទេ។ ប៉ុលនិងស៊ីឡាសបាន«ផ្សាយព្រះបន្ទូលនៃ[ព្រះយេហូវ៉ា]ដល់គាត់ នឹងពួកគ្រួគាត់ទាំងអស់ដែរ»។ មេភូឃុំនិងគ្រួសាររបស់គាត់ជាសាសន៍ដទៃ ដែលមិនធ្លាប់ដឹងអ្វីសោះអំពីព្រះគម្ពីរបរិសុទ្ធ។ ប៉ុន្តែ គ្រាន់តែនៅមួយយប់នោះ ពួកគេបានក្លាយទៅជាអ្នកជំនឿ។ អ្វីដែលសំខាន់ជាងនោះទៅទៀត «ខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម»។ នេះជាកាលៈទេសៈដ៏ខុសប្លែកពីធម្មតា ប៉ុន្តែពួកថ្មីៗទាំងនេះបានរៀនអំពីសេចក្ដីពិតដ៏សំខាន់ៗ ហើយរួចមករៀនអ្វីផ្សេងៗទៀតនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ។ ការស្រដៀងនេះក៏អាចធ្វើទៅបានដែរនៅសព្វថ្ងៃនេះ។
ចំរូតគឺមានច្រើនណាស់!
១៤. ហេតុអ្វីក៏ត្រូវការបង្រៀនព្រះគម្ពីរដល់សិស្សមួយចំនួនច្រើនហើយទទួលលទ្ធផលល្អក្នុងកំឡុងពេលដ៏ខ្លីនោះ?
១៤ ជាការដ៏ល្អណាស់ បើសិនជាស្មរបន្ទាល់ព្រះយេហូវ៉ាអាចបង្រៀនព្រះគម្ពីរដល់សិស្សមួយចំនួនច្រើនហើយទទួលលទ្ធផលល្អក្នុងកំឡុងពេលដ៏ខ្លីនោះ។ នេះគឺជាត្រូវការជាចាំបាច់ណាស់។ នៅក្នុងប្រទេសជាច្រើននៃទ្វីបអឺរ៉ុបខាងកើត ជាឧទាហរណ៍ មនុស្សដែលចង់រៀនព្រះគម្ពីរ ត្រូវតែចុះឈ្មោះក្នុងបញ្ជីរង់ចាំ។ ហើយនេះក៏មានជាច្រើននៅកន្លែងផ្សេងៗទៀត។ ក្នុងទីក្រុងមួយនៃប្រទេសដូមីនីកែនរ៉េពុយប្លិក ស្មរបន្ទាល់ប្រាំនាក់មានគេស្នើសុំដ៏ច្រើនដល់ម្ល៉េះ ដែលពួកគេមិនអាចបង្រៀនមនុស្សទាំងអស់នោះបានឡើយ។ តើពួកគេបានធ្វើយ៉ាងដូចម្ដេចទៅ? ពួកគេបានលើកទឹកចិត្តពួកអ្នកចាប់អារម្មណ៍ទាំងនេះឲ្យមកឯកិច្ចប្រជុំនៅសាលព្រះរាជាណាចក្រ ហើយចុះឈ្មោះក្នុងបញ្ជីរង់ចាំសំរាប់សិក្សាព្រះគម្ពីរ។ ស្ថានការណ៍ដូចនេះគឺមាននៅជាច្រើនកន្លែងលើផែនដីនេះ។
១៥, ១៦. តើអ្វីដែលបានផ្ដល់មកដើម្បីពង្រីកចំណេះវិជ្ជារបស់ព្រះឲ្យបានឆាប់រហ័ស ហើយតើមានហេតុការណ៍ពិតយ៉ាងណាដែរអំពីរឿងនេះ?
១៥ តំបន់ដ៏ធំធេង—ចំការដ៏ធំសំរាប់ច្រូត—កំពុងតែបើកឡើងឲ្យប្រជារាស្ត្ររបស់ព្រះ។ ថ្វីបើព្រះយេហូវ៉ាជា«ព្រះអម្ចាស់នៃចំរូត» កំពុងតែបញ្ជូនអ្នកច្រូតជាច្រើនក្ដី ក៏នៅតែមានកិច្ចការធ្វើជាច្រើនណាស់។ (ម៉ាថាយ ៩:៣៧, ៣៨) ដូច្នេះហើយ ដើម្បីនឹងផ្សាយចំណេះវិជ្ជារបស់ព្រះឲ្យបានឆាប់រហ័ស ‹អ្នកបំរើស្មោះត្រង់›បានផ្ដល់នូវអ្វីមួយដែលមានពត៌មានយ៉ាងចំៗ ដើម្បីឲ្យសិស្សព្រះគម្ពីរអាចលូតលាស់ខាងវិញ្ញាណជាមួយនឹងមេរៀននិមួយៗ។ នេះជាប្រកាសនវត្ថុថ្មីដែលអាចបង្រៀនព្រះគម្ពីរនៅឯផ្ទះឲ្យបានយ៉ាងឆាប់រហ័ស—ប្រហែលជាក្នុងរយៈបីបួនខែតែប៉ុណ្ណោះ។ ហើយយើងអាចទុកសៀវភៅនេះនៅក្នុងកាតាបរបស់យើង ក្របូបរបស់យើង ឬក្នុងហោប៉ៅយ៉ាងស្រួលផង! មនុស្សរាប់ពាន់នាក់ដែលបានមកឯមហាសន្និបាតតាមតំបន់«ពួកអ្នកសរសើរដ៏រីករាយ»នៃស្មរបន្ទាល់ព្រះយេហូវ៉ា បានមានចិត្តសប្បាយណាស់ ដោយបានទទួលសៀវភៅថ្មីនេះ ដែលមាន១៩២ទំព័រ ដែលមានចំណងជើងថាចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ច។
១៦ ពួកអ្នកនិពន្ធនៅប្រទេសផ្សេងៗបានរៀបចំពត៌មាន យ៉ាងប្រយ័ត្នប្រយែងសំរាប់សៀវភៅដែលមានឈ្មោះចំណេះវិជ្ជា។ ដូច្នេះសៀវភៅនេះនឹងមានការចាប់អារម្មណ៍អន្តរជាតិ។ ប៉ុន្តែ តើនឹងមានរយៈយូរឬ មុននឹងប្រកាសនវត្ថុថ្មីនេះត្រូវចេញក្នុងភាសាផ្សេងៗនៅជុំវិញពិភពលោកនោះ? គឺអត់យូរទេ ពីព្រោះសៀវភៅដែលមានតែ១៩២ទំព័រនេះ អាចបកប្រែបានយ៉ាងលឿនជាងសៀវភៅធំៗទៅទៀត។ មកដល់ខែតុលា១៩៩៥ គណៈកម្មាធិការនិពន្ធនៃគណៈអភិបាលបានអនុញ្ញាតឲ្យបកប្រែសៀវភៅនេះពីភាសាអង់គ្លេសទៅជាង១៣០ភាសាឯទៀត។
១៧. តើមានកត្ដាអ្វីខ្លះដែលជាការស្រួលដើម្បីនឹងប្រើសៀវភៅចំណេះវិជ្ជា?
១៧ ចំណុចយ៉ាងជាក់លាក់ក្នុងជំពូកនិមួយៗនៃសៀវភៅចំណេះវិជ្ជានេះនឹងជួយសិស្សទាំងឡាយឲ្យមានការលូតលាស់ខាងវិញ្ញាណយ៉ាងរហ័សបាន។ សៀវភៅនេះបង្ហាញនូវសេចក្ដីពិតខាងព្រះគម្ពីរតាមវិធីដ៏លើកទឹកចិត្ត។ សៀវភៅនេះគឺមិនសង្កត់យ៉ាងវែងឆ្ងាយទៅលើលទ្ធិមិនពិតនោះទេ។ សេចក្ដីច្បាស់លាស់នៃភាសាហើយការពង្រីកដ៏សមហេតុផល គួរតែជាការស្រួលក្នុងការប្រើសៀវភៅនេះដើម្បីនឹងបង្រៀនព្រះគម្ពីរ ហើយជួយមនុស្សឲ្យយល់អំពីចំណេះវិជ្ជារបស់ព្រះ។ ក្រៅពីបានដកស្រង់ព្រះគម្ពីរនោះ គឺព្រមទាំងមានបទគម្ពីរឯទៀតដែលសិស្សអាចបើកពិនិត្យមើល ក្នុងការរៀបចំសំរាប់ការពិគ្រោះនេះ។ បទគម្ពីរទាំងនេះអាចអានក្នុងកំឡុងសិក្សា បើមានពេល ថ្វីបើជាការដ៏គ្មានប្រាជ្ញាក្នុងការយកពត៌មានបន្ថែម ដែលអាចធ្វើឲ្យស្រអាប់ដល់ចំណុចសំខាន់ៗ។ ផ្ទុយទៅវិញ អស់ពួកដែលបង្រៀនព្រះគម្ពីរត្រូវតែយល់ ហើយបង្ហាញឲ្យសិស្សឃើញនូវអ្វីដែលសៀវភៅនេះចង់បញ្ជាក់ក្នុងជំពូកនិមួយៗ។ នេះមានសេចក្ដីថា អ្នកបង្រៀនត្រូវតែប្រិតប្រៀនសិក្សា ដើម្បីឲ្យដឹងច្បាស់នូវចំណុចសំខាន់ៗ។
១៨. តើមានយោបល់ណាខ្លះដែលបានផ្ដល់មក ចំពោះការប្រើសៀវភៅចំណេះវិជ្ជា?
១៨ តើតាមរបៀបណាដែលសៀវភៅចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ចអាចធ្វើឲ្យកិច្ចការបង្កបង្កើតសិស្សបានលឿនឡើង? សៀវភៅដែលមាន១៩២ទំព័រនេះអាចសិក្សាក្នុងរយៈដ៏ខ្លីគួរសមបាន ហើយ«អស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច» អាចរៀនបានគ្រប់គ្រាន់ តាមរយៈការសិក្សាសៀវភៅនេះ ដើម្បីថ្វាយខ្លួនគេទៅព្រះយេហូវ៉ា ហើយជ្រមុជទឹកនោះ។ (កិច្ចការ ១៣:៤៨) ដូច្នេះចូរឲ្យយើងប្រើសៀវភៅចំណេះវិជ្ជានេះឲ្យបានល្អក្នុងកិច្ចការផ្សាយរបស់យើង។ បើសិនជាសិស្សម្នាក់បានរៀនសៀវភៅណាផ្សេងទៀតជិតចប់ហើយនោះ ប្រហែលជាការដ៏មានប្រយោជន៍ក្នុងការបញ្ចប់សៀវភៅនោះតែម្ដងសិនទៅ។ បើមិនអញ្ចឹងទេ ត្រូវបានឲ្យយោបល់ថា សិស្សព្រះគម្ពីរអាចប្ដូរទៅសិក្សាសៀវភៅចំណេះវិជ្ជានេះវិញ។ ក្រោយពីបានសិក្សាចប់សៀវភៅនេះហើយ គឺមិនបានឲ្យយោបល់ថា និងរៀនសៀវភៅទីពីរជាមួយសិស្សនោះទៀតទេ។ ពួកអ្នកដែលគាំទ្រសេចក្ដីពិតអាចបំពេញចំណេះវិជ្ជារបស់គេ ដោយមកកិច្ចប្រជុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ព្រមទាំងពីការអានព្រះគម្ពីរ និងប្រកាសនវត្ថុផ្សេងៗដោយខ្លួនគេ។—យ៉ូហានទី២ ១
១៩. មុននឹងបង្រៀនព្រះគម្ពីរដោយប្រើសៀវភៅចំណេះវិជ្ជា ហេតុអ្វីក៏ជាការដ៏មានប្រយោជន៍ក្នុងការពិនិត្យមើលឡើងវិញពីទំព័រ១៧៥ទៅ២១៨ ពីសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង?
១៩ សៀវភៅចំណេះវិជ្ជានេះត្រូវបានសរសេរមក ដោយមានគោលបំណងក្នុងការជួយបុគ្គលម្នាក់ឲ្យអាចឆ្លើយបាននូវសំនួរទាំងអស់ ដែលពួកចាស់ទុំនឹងពិនិត្យមើលសាឡើងវិញជាមួយនឹងអ្នកផ្សាយដែលមិនទាន់បានជ្រមុជទឹក ដែលមានបំណងចង់ជ្រមុជទឹកធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ដូច្នេះ មុននឹងអ្នកបែរទៅរៀនសៀវភៅថ្មីនេះជាមួយគាត់ ជាការចាំបាច់ណាស់ដែលអ្នកត្រូវចំណាយពេលពីរបីម៉ោងក្នុងការពិនិត្យមើលសំនួរសារឡើងវិញ នៅលើទំព័រ១៧៥ទៅ២១៨ នៃសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង។a នេះនឹងជួយអ្នកឲ្យបញ្ជាក់នូវសំនួរទាំងឡាយ ក្នុងការសិក្សាព្រះគម្ពីរនៃសៀវភៅចំណេះវិជ្ជា។
២០. តើអ្នកនឹងបំរុងធ្វើយ៉ាងណាជាមួយនឹងសៀវភៅចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ច?
២០ មនុស្សនៅគ្រប់ទីកន្លែងត្រូវតែឮអំពីដំណឹងល្អនេះ។ ត្រូវហើយ មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ ហើយព្រះយេហូវ៉ាគឺមានពួកស្មរបន្ទាល់របស់ទ្រង់ ដើម្បីនឹងប្រាប់គេឲ្យដឹងអំពីរឿងនេះ។ ឥឡូវនេះ យើងមានសៀវភៅថ្មី ដែលព្រះវរបិតាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់បានប្រទានមក តាមរយៈអ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ។ តើអ្នកនឹងប្រើសៀវភៅនេះដើម្បីនឹងបង្រៀនសេចក្ដីពិតនិងធ្វើឲ្យមានកិត្ដិយសដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ាទេ? ព្រះយេហូវ៉ានឹងប្រាកដជាប្រទានពរដល់អ្នកជាមិនខាន នូវការខំប្រឹងរបស់អ្នកក្នុងការជួយអ្នកដទៃឲ្យដឹងឮអំពីចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ច។
[កំណត់សម្គាល់]
a បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក
តើអ្នកនឹងតបឆ្លើយយ៉ាងណា?
◻ តើអ្នកនឹងរៀបរាប់ចិត្តយ៉ាងដូចម្ដេច?
◻ តើចំណេះវិជ្ជារបស់ព្រះជាអ្វី?
◻ ហេតុអ្វីក៏មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ?
◻ តើមានសៀវភៅថ្មីណាមួយ ហើយតើអ្នកនឹងបំរុងប្រើដោយយ៉ាងណា?
[រូបភាពនៅទំព័រ២០]
គឺមានមូលហេតុជាច្រើនដែលមនុស្សរាប់លានកោដិនាក់លើផែនដីត្រូវការចំណេះវិជ្ជារបស់ព្រះ