យើងត្រូវការមិត្តស្មោះត្រង់
ចិន្នីនិងហ្សូកំពុងតែនិយាយជាមួយគ្នាយ៉ាងសកម្ម។ ញញឹមយ៉ាងស្រស់ ភ្នែកបើកយ៉ាងធំៗ—អ្វីៗទាំងអស់ក្នុងឫកពាររបស់គេ បង្ហាញនូវការយកចិត្តទុកដាក់នឹងគ្នាយ៉ាងខ្លាំងចំពោះអ្វីដែលម្នាក់ទៀតកំពុងតែនិយាយ។ ទោះបីគេមកពីប្រទេសផ្សេងគ្នាក៏ដោយ ពួកគេច្បាស់ជាមានចំណូលចិត្តជាច្រើនដូចគ្នា ហើយមានការគោរពដល់គ្នាយ៉ាងខ្លាំង។
នៅកន្លែងផ្សេងទៀត អឺរិកនិងឌិនីសកំពុងតែធ្វើការជាមួយគ្នា ក្នុងការងារមួយដែលគេធ្វើជាច្រើនឆ្នាំមកហើយ។ ពួកគេមានអារម្មណ៍យ៉ាងស្រួលក្នុងចិត្ត ហើយក៏សើចយ៉ាងស្រួលដែរ។ កាលដែលគេនិយាយចំណុចចំសំខាន់ៗ ពួកគេបញ្ចេញមតិដ៏ឥតលាក់លាម។ ពួកគេមានចិត្តគោរពគ្នា។ ដូចចិន្នីនិងហ្សូ អឺរិកនិងឌិនីសគឺជាមិត្តស្មោះត្រង់។
ការរៀបរាប់នេះប្រហែលជាធ្វើឲ្យអ្នកមានចិត្តកក់ក្ដៅណាស់ ហើយប្រហែលជាធ្វើឲ្យអ្នកគិតអំពីមិត្តរបស់អ្នក។ ម្យ៉ាងទៀត នេះក៏ធ្វើឲ្យអ្នកចង់បានមិត្តភាពបែបនោះយ៉ាងខ្លាំង។ ត្រូវហើយ អ្នកក៏អាចមានមិត្តភាពយ៉ាងនេះបានដែរ!
ហេតុដែលយើងត្រូវការមិត្តស្មោះត្រង់
មិត្តភាពដ៏ល្អជាការចាំបាច់ សំរាប់សុខុមាលភាពខាងគំនិតនិងរូបរាងកាយរបស់យើង។ ប៉ុន្តែ កាលដែលយើងមានអារម្មណ៍នៅដាច់តែឯង នេះមិនមានសេចក្ដីថា មានអ្វីមួយខុសនឹងយើងឡើយ។ អ្នកស្រាវជ្រាវខ្លះមានប្រសាសន៍ថា ភាពនៅតែឯកឯងជាការស្រេកឃ្លាន ជាសញ្ញាធម្មតាថាយើងត្រូវការមិត្តភាព។ យ៉ាងណាក៏ដោយ ដូចជាម្ហូបអាហារអាចធ្វើឲ្យធូរហើយធ្វើឲ្យលែងឃ្លាន នោះមិត្តភាពត្រឹមត្រូវក៏អាចបន្ថយភាពនៅតែឯកឯងឬថែមទាំងអាចបំបាត់វាទៅដែរ។ ម្យ៉ាងទៀត ការមានមិត្តល្អដែលចាត់ទុកយើងជាមានតម្លៃ មិនមែនជាអ្វីមួយដែលមិនអាចរកបាននោះឡើយ។
មនុស្សបានបង្កើតមកឲ្យមានមិត្តភាពជាចាំបាច់។ (លោកុប្បត្តិ ២:១៨) ព្រះគម្ពីរចែងថាមិត្តពិតម្នាក់«កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧) ដូច្នេះហើយ មិត្តពិតត្រូវចេះជួយគ្នាទៅវិញទៅមកនៅពេលដែលត្រូវការ។ ប៉ុន្តែ មិត្តភាពមានន័យច្រើនជាងនោះទៅទៀត មិនគ្រាន់តែចេះជួយគ្នា ឬជាមិត្តក្នុងកិច្ចការឬការដើរលេងនោះឡើយ។ មិត្តល្អអាចធ្វើឲ្យមានគុណសម្បត្ដិល្អក្នុងគ្នាទៅវិញទៅមក។ សុភាសិត ២៧:១៧ ចែងថា៖ «ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្តសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ»។ ដូចជាដែកអាចប្រើសំលៀងដែកដូចគ្នានោះ មិត្តម្នាក់ក៏អាចមានការជោគជ័យក្នុងការសំលៀងសភាពខាងគតិនិងខាងវិញ្ញាណរបស់ម្នាក់ទៀតដែរ។ បើសិនជាមានការធ្លាក់ទឹកចិត្តណាមួយដែលបានធ្វើឲ្យយើងពិបាកចិត្ត ការយល់ចិត្តរបស់មិត្តតាមទឹកមុខបង្ហាញរបស់គេ ឬការលើកទឹកចិត្តពីព្រះគម្ពីរ នេះអាចទៅជាការលើកទឹកចិត្តដល់យើង។
ក្នុងព្រះគម្ពីរ មិត្តភាពគឺទាក់ទងនឹងសេចក្ដីស្រឡាញ់ ការយល់ចិត្តគ្នា ការទុកចិត្តនឹងរឿងសំងាត់ និងមិត្តភាព។ មិត្តភាពគឺអាចទាក់ទងនឹងអ្នកជិតខាង អ្នកធ្វើការជាមួយ ជាដើម។ បុគ្គលខ្លះចាត់ទុកញាតិសន្ដានរបស់ខ្លួនជាមិត្តដ៏ជិតដិត។ ប៉ុន្តែ ចំពោះមនុស្សជាច្រើនសព្វថ្ងៃនេះ មិត្តស្មោះត្រង់គឺពិបាករកបាន និងរក្សាឲ្យបានយូរណាស់។ ហេតុអ្វីក៏ដូច្នេះ? តើអ្នកអាចមានមិត្តភាពស្មោះត្រង់ជាស្ថាពរបានទេ?