ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅសាស្ដា
លោកយ៉ូបបានសង្កេតឃើញថា «មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។ (យ៉ូប ១៤:១) គឺច្បាស់ជាសំខាន់ណាស់ ដែលយើងមិនបង្ខាតពេលក្នុងជីវិតដ៏ខ្លីរបស់យើងដោយស្វែងរកនិងដេញតាមអ្វីដែលគ្មានប្រយោជន៍! តើគួរគប្បីឲ្យយើងប្រើពេល កម្លាំងនិងធនធានរបស់ខ្លួនក្នុងការអ្វីខ្លះ? តើយើងគួរជៀសវាងទង្វើណាខ្លះ? ពាក្យពេចន៍ក្នុងសៀវភៅសាស្ដាក្នុងព្រះគម្ពីរជូនយោបល់ល្អៗអំពីរឿងនេះ។ សារក្នុងសៀវភៅសាស្ដាអាចជួយ«ពិចារណាអស់ទាំងគំនិតដែលចិត្តគិត» ហើយអាចជួយឲ្យជីវិតយើងមានខ្លឹមសារជាង។—ហេព្រើរ ៤:១២
ស្តេចសាឡូម៉ូននៅស្រុកអ៊ីស្រាអែលសម័យបុរាណមានឈ្មោះល្បីជាអ្នកប្រាជ្ញ ហើយទ្រង់ជាអ្នកសរសេរសៀវភៅសាស្ដាដែលមានយោបល់ល្អៗស្តីអំពីអ្វីៗក្នុងជីវិតដែលពិតជាមានតម្លៃ ហើយអំពីអ្វីដែលគ្មានប្រយោជន៍សោះ។ ស្តេចសាឡូម៉ូនបានសរសេរសៀវភៅសាស្ដាមុនទ្រង់បានងាកចេញពីការថ្វាយបង្គំពិត។ ប៉ុន្តែ ដោយសារសាឡូម៉ូនសំដៅទៅលើសមិទ្ធផលរបស់ទ្រង់ នេះនាំឲ្យយល់ថាទ្រង់ប្រហែលជាបានសរសេរសៀវភៅសាស្ដាក្រោយទ្រង់បង្ហើយកិច្ចការសាងសង់នោះ។ (នេហេមា ១៣:២៦) នេះបង្ហើបឲ្យដឹងថា ស្តេចសាឡូម៉ូនប្រហែលជាបានសរសេរសៀវភៅសាស្ដាចប់មុនឆ្នាំ១០០០ មុនគ.ស. គឺជិតដំណាច់ការសោយរាជ្យរយៈពេល៤០ឆ្នាំរបស់ទ្រង់។
តើអ្វីមានប្រយោជន៍?
ក្នុងនាមជាគ្រូប្រដៅ សាឡូម៉ូនលាន់មាត់ថា៖ «គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ!»។ រួចមកទ្រង់សួរថា៖ «តើមនុស្សមានកំរៃអ្វីខ្លះពីអស់ទាំងការដែលខ្លួនខំធ្វើដោយនឿយហត់នៅក្រោមថ្ងៃ?»។ (សាស្ដា ១:២, ៣) ម្ដងហើយម្ដងទៀតសៀវភៅសាស្ដាមានពាក្យ«ឥតប្រយោជន៍» ហើយពាក្យ«នៅក្រោមថ្ងៃ»។ ពាក្យភាសាហេព្រើរដែលបកប្រែថា «ឥតប្រយោជន៍» មានន័យចំៗថា «ដង្ហើម»ឬ«ចំហាយ» ដែលបង្កប់អត្ថន័យថា ជាអ្វីដែលគ្មានស្ថិរភាពឬគ្មានតម្លៃស្ថិតស្ថេរទេ។ ឃ្លា«នៅក្រោមថ្ងៃ» មានន័យថា «នៅលើផែនដីនេះ»ឬ«ក្នុងលោកិយនេះ»។ ដូច្នេះ អ្វីៗទាំងអស់ ពោលគឺការខិតខំរបស់មនុស្សដែលមិនផ្គាប់ព្រះហឫទ័យព្រះ សុទ្ធតែឥតប្រយោជន៍ទទេ។
សាឡូម៉ូនមានបន្ទូលថា៖ «ចូររក្សាជើងឯងក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ»ប្រយោជន៍ឲ្យ«ចូលទៅជិតដើម្បីស្ដាប់»។ (សាស្ដា ៥:១) ការថ្វាយបង្គំព្រះយេហូវ៉ាដែលជាព្រះពិត មិនមែនជាអ្វីដែលឥតប្រយោជន៍ទេ។ តាមពិត ការយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរបស់យើងជាមួយនឹងទ្រង់ជាអ្វីដែលចាំបាច់ដើម្បីឲ្យជីវិតមានខ្លឹមសារ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១, ២—ហេតុអ្វីទ្រង់ហៅការសើចសប្បាយ«ជាការចំកួត»? ការសើចសប្បាយប្រហែលជាជួយយើងបំភ្លេចកង្វល់មួយរយៈ ឬធ្វើឲ្យយើងមើលស្រាលនូវបញ្ហារបស់ខ្លួន។ ក៏ប៉ុន្តែ ការសើចសប្បាយមិនអាចបំបាត់ចោលនូវបញ្ហាទាំងនោះឡើយ។ ហេតុនេះហើយ ការរកសុភមង្គលតាមរយៈការសើចសប្បាយគឺជា«ការចំកួត»វិញ។
៣:១១—តើព្រះយេហូវ៉ាបានបង្កើតអ្វីខ្លះ «ល្អតាមរដូវកាល»? របស់ដែលព្រះយេហូវ៉ាបានបង្កើត«ល្អ»តាមរដូវកាលឬជាពេលដែលសមរម្យ នោះកើតមកសមស្របទៅតាមកាលៈទេសៈហើយក៏មានប្រយោជន៍ផងដែរ។ របស់ទាំងនោះរួមបញ្ចូលការបង្កើតអ័ដាមនិងអេវ៉ា ការចុះកិច្ចព្រមព្រៀងពេលបង្កើតឥន្ទធនូនិងកិច្ចព្រមព្រៀងជាមួយដាវីឌ ហើយការយាងមករបស់ព្រះមេស្ស៊ីនិងការតែងតាំងព្រះយេស៊ូគ្រិស្តជាស្តេចគ្រប់គ្រងក្នុងព្រះរាជាណាចក្ររបស់ព្រះ។ ក៏ប៉ុន្តែ មានអ្វីទៀតដែលព្រះយេហូវ៉ានឹងធ្វើឲ្យ«ល្អ»នាអនាគតឆាប់ៗខាងមុខនេះ។ យើងអាចជឿជាក់ថា ពិភពលោកថ្មីដ៏សុចរិតនឹងរៀបចំឡើងតាមរដូវកាលឬតាមពេលកំណត់របស់ព្រះ។—ពេត្រុសទី២ ៣:១៣
មេរៀនសម្រាប់យើង:
១:១៥: ការចំណាយពេលនិងកម្លាំងក្នុងការព្យាយាមកែតម្រង់នូវអំពើអយុត្ដិធម៌និងការគាបសង្កត់ដែលយើងឃើញនៅសព្វថ្ងៃនេះ គ្មានប្រយោជន៍អ្វីសោះ។ មានតែព្រះរាជាណាចក្ររបស់ព្រះដែលអាចលុបបំបាត់ចោលអំពើអាក្រក់។—ដានីយ៉ែល ២:៤៤
២:៤-១១: ការកសាងសំណង់ធំៗ តាក់តែងសួនឧទ្យានស្អាតៗ ជាប់រវល់ក្នុងផ្នែកសិល្បៈ និងរបៀបរស់នៅរបស់អ្នកមានជាដើម សុទ្ធតែជាអ្វីដែល«អសារឥតការទទេ» ពីព្រោះមិនធ្វើឲ្យជីវិតមានខ្លឹមសារឬនាំឲ្យមានសុភមង្គលស្ថិតស្ថេរឡើយ។
២:១២-១៦: ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្ដេសផ្ដាសក្នុងន័យថា មានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាខ្លះៗ។ ប៉ុន្តែ ប្រាជ្ញារបស់មនុស្សគ្មានអ្វីវិសេសឬគ្មានប្រយោជន៍អ្វីសោះពេលគាត់ស្លាប់។ សូម្បីតែមនុស្សដែលមានឈ្មោះល្បីជាអ្នកប្រាជ្ញ នោះមិនយូរមិនឆាប់មនុស្សក៏ភ្លេចគាត់ផងដែរ។
២:២៤; ៣:១២, ១៣, ២២: មិនជាការខុសទេ ឲ្យយើងមានការសប្បាយដោយព្រោះបានបង្កើតផលល្អពីការនឿយហត់របស់ខ្លួន។
២:២៦: ចំពោះ«មនុស្សណាដែលគាប់ព្រះហឫទ័យ»ព្រះយេហូវ៉ា នោះទ្រង់ប្រទានប្រាជ្ញាដែលនាំឲ្យមានអំណរ។ បើមនុស្សមិនមានចំណងមេត្រីភាពល្អជាមួយនឹងព្រះយេហូវ៉ា នោះគេក៏គ្មានលទ្ធភាពទទួលប្រាជ្ញាពីទ្រង់បានឡើយ។
៣:១៦, ១៧: យើងមិនគួរសង្ឃឹមថាអាចមានភាពយុត្ដិធម៌ទាំងស្រុងនៅសព្វថ្ងៃនេះបានឡើយ។ ប៉ុន្តែ ជាជាងខ្វល់ខ្វាយអំពីស្ថានភាពក្នុងលោកិយនេះ យើងគួររង់ចាំឲ្យព្រះយេហូវ៉ាកែប្រែស្ថានភាពទាំងអស់វិញ។
៤:៤: ពេលយើងធ្វើការនឿយហត់ដោយប៉ិនប្រសប់ នេះអាចនាំឲ្យពេញចិត្តមែន។ ប៉ុន្តែ បើធ្វើការនឿយហត់ដើម្បីលើកតម្កើងខ្លួនឯង នេះអាចនាំឲ្យមានការប្រកួតប្រជែង ទាំងបណ្ដុះឲ្យមានចិត្តច្រណែននិងព្យាបាទគ្នា។ ការខ្នះខ្នែងរបស់យើងក្នុងកិច្ចបម្រើផ្សាយជាគ្រិស្តសាសនិកត្រូវធ្វើឡើងដោយមានបំណងចិត្តល្អ។
៤:៧-១២: ចំណងមិត្តភាពជាមួយអ្នកដទៃគឺសំខាន់ជាងវត្ថុទ្រព្យ ហើយមិនគួរបាត់បង់ទំនាក់ទំនងនោះដោយព្រោះដេញតាមទ្រព្យសម្បត្ដិ។
៤:១៣: ឋានៈខ្ពស់និងវ័យចំណាស់មិនតែងតែផ្ដល់ហេតុឲ្យអ្នកដទៃគោរពយើងទេ។ មនុស្សដែលមានតួនាទីសំខាន់គួរប្រព្រឹត្តដោយប្រាជ្ញា។
៤:១៥, ១៦: «បណ្ដាជនទាំងឡាយ»ប្រហែលជា‹កាន់ខាងមនុស្សកំឡោះដែលជាអ្នកទី២›ឬអ្នកស្នងរាជ្យ ពេលទ្រង់«គ្រប់គ្រងលើ»គេដំបូង ប៉ុន្តែក្រោយៗមក គេប្រហែលជា«មិនសុខចិត្តចំពោះអ្នកនោះទេ»។ ប្រាកដហើយ កម្រណាស់ដែលមនុស្សមានប្រជាប្រិយភាពយូរអង្វែង។
៥:២: គប្បីឲ្យយើងពោលពាក្យគួរសមហើយត្រឹមត្រូវពេលអធិស្ឋាន តែកុំឲ្យពីរោះជ្រុលពេក។
៥:៣-៧: ការគិតច្រើនពេកអំពីរបស់ទ្រព្យអាចនាំឲ្យយើងស្រមើស្រមៃចង់បំពេញតែចំណង់ចិត្តខ្លួនឯង។ នេះក៏អាចនាំឲ្យដេកមិនឆ្អែតពេលយប់ពីព្រោះចេះតែយល់សប្ដិជានិច្ច។ រីឯមនុស្សដែលនិយាយច្រើន អ្នកដទៃអាចចាត់ទុកអ្នកនោះជាមនុស្សល្ងីល្ងើ ហើយការនិយាយច្រើននេះអាចនាំឲ្យគាត់បន់ឬស្បថចំពោះព្រះដោយឥតចេះគិត។ ប៉ុន្តែ បើយើង«កោតខ្លាចដល់ព្រះ» យើងនឹងមិនធ្វើដូច្នេះឡើយ។
៦:១-៩: បើមានអ្វីរំខានមិនឲ្យយើងសប្បាយនឹងទ្រព្យសម្បត្ដិ កិត្ដិយស កូនចៅច្រើននិងអាយុយឺនយូរនោះ តើរបស់ទាំងនោះមានប្រយោជន៍អ្វី? ណាមួយទៀត «ការដែលមើលឃើញដោយភ្នែក»ឬការទទួលស្គាល់ហេតុការណ៍ពិតក្នុងជីវិត «នោះវិសេសជាងមានចិត្តប៉ងសាវា»ដោយខំបំពេញចិត្តប្រាថ្នាដែលគ្មានលទ្ធភាពសម្រេចបានឡើយ។ ដូច្នេះ របៀបរស់នៅដ៏ល្អបំផុតគឺដោយស្កប់ចិត្តចំពោះ«អាហារ[ដែលយើង]ទទួលទាន នឹងសំលៀកបំពាក់» ទាំងពេញចិត្តចំពោះអ្វីដែលមានប្រយោជន៍ ហើយផ្ដោតអារម្មណ៍លើការរក្សាឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។—ធីម៉ូថេទី១ ៦:៨
ឱវាទជូនចំពោះមនុស្សដែលមានប្រាជ្ញា
តើយើងអាចការពារកេរ្ដិ៍ឈ្មោះល្អបានយ៉ាងណា? តើយើងគួរមានទស្សនៈយ៉ាងណាចំពោះពួកអ្នកគ្រប់គ្រងនិងអំពើអយុត្ដិធម៌ដែលយើងឃើញ? ដោយសារមនុស្សស្លាប់មិនដឹងអ្វីសោះ តើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វីពេលនៅរស់? តើប្អូនៗយុវជនយុវតីគួរប្រើពេលនិងកម្លាំងរបស់ខ្លួនយ៉ាងណាដើម្បីឲ្យមានប្រយោជន៍? គ្រូប្រដៅជូនយោបល់ល្អៗអំពីរឿងទាំងនេះនិងរឿងផ្សេងទៀតដូចបានកត់ទុកក្នុងសាស្ដាជំពូក៧ដល់១២។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៧:១៩—តើប្រាជ្ញាផ្ដល់ឲ្យមានកម្លាំងខ្លាំងជាង«អ្នកគ្រប់គ្រង[ឬ«អ្នកមានអំណាច», ព.ថ.]១០នាក់»បានយ៉ាងណា? ពេលព្រះគម្ពីរប្រើលេខជាអត្ថបដិរូប លេខ១០តំណាងអ្វីដែលគ្រប់មិនខ្វះ។ ពេលសាឡូម៉ូនមានបន្ទូលនេះ ទ្រង់ចង់បញ្ជាក់ន័យថា ប្រាជ្ញាមានតម្លៃការពារយើងច្រើនជាងមេទាហានដែលមានចំនួនគ្រប់គ្រាន់នឹងការពារទីក្រុងទៅទៀត។
១០:២—តើចិត្តមនុស្សអាច«នៅខាងដៃស្ដាំ»ឬ«នៅខាងដៃឆ្វេង»ក្នុងន័យអ្វី? ជាធម្មតា របស់នៅខាងដៃស្ដាំតំណាងអ្វីដែលជាទីគាប់ចិត្ត ដូច្នេះបើមនុស្សមានចិត្តនៅខាងដៃស្ដាំ នោះមានន័យថាចិត្តកំពុងតែជំរុញគាត់ឲ្យធ្វើល្អ។ ប៉ុន្តែ បើចិត្តជំរុញឲ្យមនុស្សធ្វើអ្វីដែលខុសឆ្គង នោះអាចនិយាយថា ចិត្តគាត់នៅខាងដៃឆ្វេងវិញ។
១០:១៥—តើ«ការដែលមនុស្សល្ងីល្ងើខំធ្វើ នោះធ្វើឲ្យខ្លួននឿយហត់»យ៉ាងដូចម្ដេច? បើមនុស្សមិនសូវចេះគិតថ្លឹងថ្លែង ទោះជាខំធ្វើការក៏ដោយ គាត់មិនសូវបង្កើតបានផលល្អទេ។ ជាលទ្ធផល ការពុះពារនាំឲ្យគាត់នឿយហត់ប៉ុណ្ណោះ ហើយគាត់ក៏មិនមានចិត្តស្កប់ស្កល់ដែរ។
១១:៧, ៨—ឃ្លាថា «ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃ នោះក៏ស្រួល» តើមានន័យអ្វី? ដោយព្រោះមានពន្លឺថ្ងៃ នោះយើងអាចសប្បាយនឹងជីវិតដែរ។ សាឡូម៉ូនមានបន្ទូលនេះដើម្បីបញ្ជាក់ថា យើងគួរមានចិត្តសប្បាយដោយព្រោះមានជីវិត ប៉ុន្តែយើងក៏គួរ«មានសេចក្ដីអំណរ»ឥឡូវនេះដែរ គឺមុនពេលយើងទៅជាអស់កម្លាំងដោយសារអស់ទាំងថ្ងៃដែលមានសេចក្ដីងងឹតឬភាពចាស់ជរាមកដល់។
១១:១០—ហេតុអ្វីក៏«គ្រានៅកំឡោះ ហើយវ័យក្មេង»រាប់ជាឥតប្រយោជន៍ទទេ? បើមិនប្រើភាពយុវវ័យឲ្យបានត្រឹមត្រូវ នោះគឺឥតប្រយោជន៍ទទេពីព្រោះវ័យនោះនឹងកន្លងផុតទៅយ៉ាងឆាប់ដូចជាចំហាយទឹក។
មេរៀនសម្រាប់យើង:
៧:៦: ការសើចសប្បាយពេលមិនសមគួរនោះ ធ្វើឲ្យរកាំចិត្តហើយគ្មានប្រយោជន៍អ្វីសោះដូចជាសូរគុកគឹកពេលដុតបន្លាក្រោមឆ្នាំង។ យកល្អឲ្យយើងឃាត់ចិត្តមិនឲ្យធ្វើដូច្នេះឡើយ។
៧:២១, ២២: កុំឲ្យយកចិត្តទុកដាក់ច្រើនពេកចំពោះពាក្យសម្ដីរបស់មនុស្សដទៃ។
៨:២, ៣; ១០:៤: បើនិយោជកឬអ្នកមើលការខុសត្រូវម្នាក់ស្តីបន្ទោសឬរិះគន់ចំពោះយើង យកល្អកុំឲ្យយើងខឹងឡើយ។ ហើយ«កុំឲ្យប្រញាប់នឹងថយចេញ»ឬលាឈប់ពីការងារនោះឡើយ។
៨:៨; ៩:៥-១០, ១២: យើងអាចរលត់សង្ខារភ្លាមៗដោយមិនដឹងទុកជាមុន ដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ឬសត្វស្លាបដែលជាប់ក្នុងអន្ទាក់។ ម្យ៉ាងទៀត ពេលស្លាប់ទៅគ្មានអ្នកណាអាចទប់ស្កាត់កុំឲ្យកម្លាំងជីវិតរបស់យើងរលាយបាត់នោះទេ ហើយគ្មានអ្នកណាអាចគេចរួចពីសេចក្ដីស្លាប់ដែលប្រៀបដូចជាខ្មាំងកំពុងច្បាំងនឹងមនុស្ស។ អាស្រ័យហេតុនេះ យើងមិនគួរខាតពេលដោយធ្វើអ្វីដែលឥតប្រយោជន៍នោះទេ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងធ្វើអ្វីៗដែលសប្បាយ ហើយនេះបង្ហាញថាយើងចាត់ទុកជីវិតជាអ្វីដែលមានតម្លៃ។ ដើម្បីធ្វើដូច្នេះ កិច្ចបម្រើព្រះយេហូវ៉ាត្រូវមានអាទិភាពក្នុងជីវិតយើង។
៨:១៦, ១៧: ទោះបើយើងសុខចិត្តមិនដេកដោយគិតអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាធ្លាប់ធ្វើឬកំពុងតែអនុញ្ញាតឲ្យកើតមានឡើងក្នុងចំណោមមនុស្សជាតិ នោះយើងនៅតែមិនអាចយល់ទាំងអស់បានឡើយ។ បើយើងចេះតែខ្វល់ខ្វាយអំពីអំពើអាក្រក់ទាំងឡាយដែលកំពុងតែមាននោះ យើងនឹងលែងសប្បាយក្នុងជីវិតទៀតហើយ។
៩:១៦-១៨: យើងត្រូវឲ្យតម្លៃចំពោះប្រាជ្ញា សូម្បីតែពេលមនុស្សជាច្រើនឥតធ្វើដូច្នេះក៏ដោយ។ សម្ដីទន់ភ្លន់របស់មនុស្សដែលមានប្រាជ្ញា មានប្រយោជន៍ជាងសម្រែកឡូឡារបស់មនុស្សល្ងីល្ងើ។
១០:១: យើងត្រូវប្រុងប្រយ័ត្ននឹងពាក្យសម្ដីហើយការប្រព្រឹត្តរបស់យើង។ ទង្វើមិនល្អសូម្បីតែម្ដងក្ដី ដូចជាការដំឡើងសរសៃកដាក់អ្នកឯទៀត ការប្រមឹកស្រាមួយដងឬការធ្វើអំពើអសីលធម៌ណាក៏ដោយ នោះល្មមនឹងបង្ខូចកេរ្ដិ៍ឈ្មោះរបស់មនុស្សល្អ។
១០:៥-១១: មិនគួរឲ្យយើងច្រណែនមុខតំណែងរបស់អ្នកធំដែលមិនចេះគិត។ បើយើងមិនចេះធ្វើអ្វីមួយ សូម្បីតែកិច្ចការនោះតូចតាចក៏ដោយ នេះអាចនាំឲ្យមានអន្តរាយ។ ផ្ទុយទៅវិញ បើយើងបណ្ដុះឲ្យមាន‹ប្រាជ្ញាដើម្បីដំរង់ការ›ឬសម្រេចកិច្ចការ នោះនឹងមានប្រយោជន៍វិញ។ គឺសំខាន់ណាស់ឲ្យយើងបណ្ដុះឲ្យមានបំនិនក្នុងកិច្ចការផ្សាយព្រះរាជាណាចក្ររបស់ព្រះនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។
១១:១, ២: យើងគួរមានទម្លាប់បង្ហាញចិត្តសទ្ធា។ នេះនឹងជំរុញឲ្យអ្នកដទៃមានចិត្តសទ្ធាដែរ។—លូកា ៦:៣៨
១១:៣-៦: ភាពមិនទៀងទាត់ក្នុងជីវិត មិនគួរធ្វើឲ្យយើងមានចិត្តស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។
១១:៩; ១២:១-៧: ពួកយុវវ័យត្រូវទទួលខុសត្រូវចំពោះព្រះយេហូវ៉ា។ ដូច្នេះ ពួកគេគួរប្រើពេលនិងកម្លាំងក្នុងកិច្ចបម្រើព្រះមុនអស់កម្លាំងដោយព្រោះចាស់ជរា។
ចូរឲ្យ«ពាក្យរបស់មនុស្សមានប្រាជ្ញា» ដឹកនាំយើង
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះ«ពាក្យពីរោះ»ដែលគ្រូប្រដៅបានស្វែងរកនិងតែងទុកនោះ? សព្វថ្ងៃនេះ «សៀវភៅជាច្រើន»ផ្សាយចេញនូវទស្សនៈរបស់អ្នកប្រាជ្ញក្នុងលោកិយនេះដែលគ្មានប្រយោជន៍ស្មើនឹង«ពាក្យរបស់មនុស្សមានប្រាជ្ញា[ដែល]ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញ នោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១»។ (សាស្ដា ១២:១០-១២) ពាក្យល្អៗដែលព្រះយេហូវ៉ាជា«អ្នកគង្វាលតែ១»ប្រទានមកនោះ ជួយឲ្យជីវិតយើងមានស្ថិរភាពហាក់ដូចជាបោះភ្ជាប់។
ការធ្វើតាមយោបល់ល្អៗក្នុងសៀវភៅសាស្ដា ពិតជានឹងជួយយើងមានសុភមង្គលនិងជីវិតដែលមានខ្លឹមសារ។ ម្យ៉ាងទៀត មានការធានាថា៖ «ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ»។ បើដូច្នេះ ចូរយើងតាំងចិត្តឲ្យ«កោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ!»។—សាស្ដា ៨:១២; ១២:១៣