តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ?
«ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន»។—យ៉ូហានទី១ ៤:១៩
១, ២. (ក) ហេតុអ្វីបានជាទំនុកចិត្តថា មានគេដែលស្រឡាញ់យើងមែន គឺសំខាន់ម្ល៉េះចំពោះយើង? (ខ) តើយើងត្រូវការសេចក្ដីស្រឡាញ់របស់អ្នកណាខ្លាំងជាងគេ?
តើការដឹងថាមានគេដែលស្រឡាញ់អ្នកគឺសំខាន់យ៉ាងណាទៅ? ចាប់ពីពេលជាក្មេងតូចរហូតទៅដល់ពេលធំឡើងពេញវ័យនោះ មនុស្សជាតិរីកចំរើនដោយសារសេចក្ដីស្រឡាញ់។ តើអ្នកដែលសង្កេតមើលកូនង៉ាមួយពេលម្ដាយកំពុងតែបីវាដោយសេចក្ដីស្រឡាញ់ទេ? ធម្មតា ទោះជាមានរឿងអ្វីកំពុងតែកើតមានឡើងនៅជុំវិញកូនង៉ានោះក៏ដោយ វាច្រើនតែមានអារម្មណ៍ស្ងប់ស្រួលកាលដែលម្ដាយវាបីវា និងវាសម្លឹងមើលក្រសែភ្នែកដ៏ស្រទន់របស់ម្ដាយដែលស្រឡាញ់កូន។ ឬក៏តើអ្នកអាចនឹកចាំពីអារម្មណ៍ច្របូកច្របល់ដែលអ្នកមានជួនកាល ពេលអ្នកមានវ័យជំទង់ទេ? (ថែស្សាឡូនីចទី១ ២:៧) ម្ដងម្កាលអ្នកប្រហែលជាមិនដឹងថា អ្នកមានគោលបំណងអ្វី ឬក៏រហូតដល់មិនយល់អំពីអារម្មណ៍របស់ខ្លួនឡើយ។ ក៏ប៉ុន្តែ គឺសំខាន់ណាស់ ដែលពេលនោះដែរអ្នកដឹងថា មាតាបិតាស្រឡាញ់អ្នកមែន! ពិតជាល្អមែន ដែលអ្នកអាចនិយាយជាមួយគាត់អំពីបញ្ហាណាមួយ ឬក៏សួរសំនួរណាក៏បាន មែនទេ? ក្នុងជីវិតទាំងមូលរបស់យើង អ្វីដែលយើងត្រូវការសំខាន់ជាងគេ គឺជាសេចក្ដីស្រឡាញ់ ពីព្រោះសេចក្ដីស្រឡាញ់បែបនេះធានាយើងថាខ្លួនយើងមានតម្លៃ។
២ សេចក្ដីស្រឡាញ់ដ៏មិនចេះរសាយរបស់មាតាបិតា ប្រាកដជាបង្កឲ្យមានការលូតលាស់និងតុល្យភាពដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែ ទំនុកចិត្តថា ព្រះយេហូវ៉ាដែលជាព្រះវរបិតាសួគ៌ារបស់យើង ប្រាកដជាស្រឡាញ់យើងមែន គឺសំខាន់ជាងឆ្ងាយណាស់ចំពោះសុខុមាលភាពខាងវិញ្ញាណនិងខាងផ្លូវចិត្ត។ អ្នកខ្លះដែលអានទស្សនាវដ្ដីនេះ ប្រហែលជាមិនមានមាតាបិតាដែលស្រឡាញ់គេពិតនោះទេ។ បើសិនជាករណីអ្នកគឺដូច្នេះមែន កុំបាក់ទឹកចិត្តឡើយ។ សូម្បីតែគ្មានសេចក្ដីស្រឡាញ់ពីមាតាបិតា ឬក៏សេចក្ដីស្រឡាញ់ពីពួកគាត់មិនមានគ្រប់គ្រាន់ក៏ដោយ នោះសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះនឹងមកជំនួសវិញ។
៣. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានធ្វើឲ្យរាស្ត្រទ្រង់មានទំនុកចិត្តថាទ្រង់ស្រឡាញ់គេ?
៣ តាមរយៈអេសាយដែលជាព្យាការីរបស់ព្រះយេហូវ៉ា ទ្រង់បានលើកបញ្ជាក់ថា មាតាម្នាក់អាច«ភ្លេច»កូនដែលកំពុងតែបៅដោះ តែទ្រង់នឹងមិនភ្លេចរាស្ត្រទ្រង់ឡើយ។ (អេសាយ ៤៩:១៥) គឺស្រដៀងគ្នាដែរពេលដាវីឌបាននិយាយដោយទំនុកចិត្តថា៖ «បើកាលណាឪពុកម្ដាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ»។ (ទំនុកដំកើង ២៧:១០) នេះពិតជាហេតុធ្វើឲ្យមានទំនុកចិត្តដ៏ខ្លាំងណាស់ហ្ន៎! ទោះជាអ្នកស្ថិតក្រោមកាលៈទេសៈណាក៏ដោយ បើអ្នកមានទំនាក់ទំនងជាមួយនឹងព្រះយេហូវ៉ា ដោយបានឧទ្ទិសថ្វាយខ្លួនដល់ទ្រង់ នោះអ្នកត្រូវចាំមិនភ្លេចថា សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក គឺខ្លាំងជាងសេចក្ដីស្រឡាញ់របស់មនុស្សជាតិណាឆ្ងាយណាស់!
ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះជានិច្ច
៤. តើបណ្ដាគ្រីស្ទាននៅសតវត្សទីមួយបានទទួលនូវការធានាថាព្រះស្រឡាញ់គេយ៉ាងដូចម្ដេច?
៤ តើអ្នករៀនជាលើកដំបូងអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា នៅពេលណាទៅ? ទំនងជាបទពិសោធន៍របស់អ្នកគឺស្រដៀងគ្នានឹងបណ្ដាគ្រីស្ទាននៅសតវត្សទីមួយដែរ។ ក្នុងជំពូកទីប្រាំនៃសំបុត្ររបស់សាវ័កប៉ុលទៅកាន់ពួកគ្រីស្ទាននៅទីក្រុងរ៉ូមនោះ មានការពិពណ៌នាយ៉ាងពីរោះអំពីរបៀបដែលមនុស្សធ្វើបាប ហើយគ្មានទំនាក់ទំនងជាមួយនឹងព្រះនោះ តែក្រោយមកបានទទួលសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាវិញ។ ខប្រាំអានថា៖ «សេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ»។ ក្នុងខប្រាំបី ប៉ុលនិយាយតទៅទៀតថា៖ «ព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។
៥. តើអ្នកបានចាប់ផ្ដើមយល់ដឹងអំពីកំរិតនៃសេចក្ដីស្រឡាញ់របស់ព្រះតាមរបៀបណា?
៥ យ៉ាងនេះដែរ ពេលដែលអ្នកបានទទួលស្ដាប់នូវសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ និងអ្នកចាប់ផ្ដើមអនុវត្តជំនឿផងដែរ នោះព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាក៏ចាប់ផ្ដើមមានឥទ្ធិពលក្នុងចិត្តរបស់អ្នក។ គឺតាមវិធីនេះដែលអ្នកបានចាប់ផ្ដើមយល់ដឹងពីភាពអស្ចារ្យនៃអ្វីដែលព្រះយេហូវ៉ាបានប្រព្រឹត្តដើម្បីយើង ដោយចាត់ឲ្យព្រះរាជបុត្រារបស់ទ្រង់មកសោយទិវង្គតជំនួសយើង។ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានជួយអ្នកឲ្យយល់ដឹងច្បាស់ថា ទ្រង់ស្រឡាញ់មនុស្សជាតិខ្លាំងប៉ុនណាទៅ។ នៅពេលអ្នកបានទទួលស្គាល់ថា ព្រះយេហូវ៉ាបានបើកផ្លូវឲ្យមនុស្សរាប់ជាសុចរិត និងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនោះ ទោះជាអ្នកកើតមកទាំងមានបាបនិងគ្មានទំនាក់ទំនងនឹងទ្រង់ក៏ដោយ នេះបានធ្វើឲ្យអ្នករំជួលចិត្តណាស់ មែនទេ? នៅពេលនោះឯង ដែលអ្នកបានចាប់ផ្ដើមស្រឡាញ់ព្រះយេហូវ៉ា មែនទេ?—រ៉ូម ៥:១០
៦. ជួនកាល ហេតុអ្វីបានជាយើងប្រហែលជាមានអារម្មណ៍ថា យើងនៅឆ្ងាយពីព្រះយេហូវ៉ាដូច្នេះ?
៦ អ្នកបានឧទ្ទិសថ្វាយជីវិតខ្លួនដល់ព្រះ ដោយព្រោះសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ាបានទាញអ្នកមក ហើយអ្នកក៏បានកែប្រែជីវិតដើម្បីបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ ឥឡូវអ្នកមានមេត្រីភាពនឹងព្រះហើយ។ ក៏ប៉ុន្តែ ជួនកាល តើអ្នកមានអារម្មណ៍ថា ព្រះយេហូវ៉ានៅឆ្ងាយពេកទេ? អ្នកណាក៏អាចមានអារម្មណ៍បែបនេះដែរ។ ក៏ប៉ុន្តែ សូមចាំមិនភ្លេចថា ព្រះមិនចេះប្រែប្រួលឡើយ។ សេចក្ដីស្រឡាញ់របស់ទ្រង់មិនចេះអស់មិនចេះផុត ដូចជាព្រះអាទិត្យ មិនដែលឈប់បំភ្លឺ និងបញ្ចេញកំដៅមកលើផែនដីឡើយ។ (ម៉ាឡាគី ៣:៦; យ៉ាកុប ១:១៧) ផ្ទុយទៅវិញ យើងអាចប្រែប្រួលបាន ទោះបីគ្រាន់តែបណ្ដោះអាសន្នក៏ដោយ។ ពេលផែនដីវិលបានពាក់កណ្ដាល នោះពាក់កណ្ដាលទៀតទៅជាងងឹត។ ក្នុងន័យដូចគ្នាដែរ បើសិនជាយើងបែរចេញពីព្រះ សូម្បីតែបន្ដិចប៉ុណ្ណោះ យើងនឹងប្រហែលជាមានអារម្មណ៍ថា ទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ នោះមិនសូវជិតស្និទ្ធដូចមុនទេ។ តើយើងអាចធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះ?
៧. តើការពិចារណាពីចិត្តរបស់ខ្លួន អាចជួយយើងរក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេច?
៧ បើសិនជាយើងមានអារម្មណ៍ថា យើងបានព្រាត់ចេញពីសេចក្ដីស្រឡាញ់របស់ព្រះក្នុងមួយកំរិត នោះយើងគួរសួរខ្លួនថា៖ ‹តើខ្ញុំបានលែងទទួលស្គាល់តម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះឬទេ? តើខ្ញុំបានងាកបែរចេញជាបណ្ដើរៗ ពីព្រះដែលមានព្រះជន្មរស់និងប្រកបទៅដោយសេចក្ដីស្រឡាញ់ ដោយបញ្ចេញលក្ខណៈផ្សេងៗដែលបង្ហាញជំនឿខ្ញុំបានចុះខ្សោយទេ? តើខ្ញុំបានចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអ្វីៗ«ខាងសាច់ឈាម» ជាជាងអ្វីៗ«ខាងវិញ្ញាណ»ទេ? (រ៉ូម ៨:៥-៨; ហេព្រើរ ៣:១២) បើសិនជាយើងបានពង្រាត់ខ្លួនចេញពីព្រះយេហូវ៉ា យើងអាចផ្សះផ្សាឲ្យមានទំនាក់ទំនងជិតស្និទ្ធនិងកក់ក្ដៅជាមួយនឹងទ្រង់វិញ។ យ៉ាកុបដាស់តឿនយើងថា៖ «ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) សូមធ្វើតាមពាក្យរបស់យូដាសដែលថា៖ «ពួកស្ងួនភ្ងាអើយ! ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ! . . . ដោយស្អាងចិត្តឡើង ក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង»។—យូដាស ២០, ២១
ទោះជាកាលៈទេសៈប្រែប្រួលក៏ដោយ សេចក្ដីស្រឡាញ់របស់ព្រះ មិនចេះប្រែប្រួលឡើយ
៨. ក្នុងមួយរំពេច តើជីវិតរបស់យើងអាចប្រែប្រួលយ៉ាងណាខ្លះ?
៨ ជីវិតរបស់យើងក្នុងរបបលោកីយ៍នេះ អាចប្រកបទៅដោយការប្រែប្រួលជាច្រើន។ ស្តេចសាឡូម៉ូនបានកត់សម្គាល់ថា៖ «គ្រប់ទាំងអស់ស្រេចនឹងពេលវេលានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន»។ (សាស្ដា ៩:១១, ព.ថ.) ជីវិតរបស់យើងអាចប្រែប្រួលទាំងស្រុងក្នុងពេលតែមួយយប់ប៉ុណ្ណោះ។ នៅថ្ងៃមួយយើងមានសុខភាពល្អ ស្រាប់តែថ្ងៃស្អែក យើងឈឺយ៉ាងធ្ងន់។ នៅថ្ងៃមួយយើងមានការងារធ្វើដ៏ល្អ ស្រាប់តែថ្ងៃស្អែក ការងារនោះបាត់បង់ទៅវិញ។ អ្នកស្ងួនភ្ងារបស់យើងអាចទទួលមរណភាពដោយយើងមិនដឹងទុកជាមុនឡើយ។ បណ្ដាគ្រីស្ទាននៅប្រទេសណាមួយ ប្រហែលជាស្ថិតក្នុងស្ថានភាពដែលមានសន្ដិសុខមួយរយៈ ស្រាប់តែមានការបៀតបៀនដ៏ឃោរឃៅផ្ទុះឡើងភ្លាម។ ប្រហែលជាយើងត្រូវជាប់បទចោទប្រកាន់ដ៏មិនពិត និងដោយសារនោះ យើងរងទ្រាំនឹងភាពអយុត្ដិធម៌ខ្លះៗដែរ។ មែនហើយ ជីវិតរបស់យើងតែងតែប្រែប្រួលជានិច្ចឬមិនប្រាកដឡើយ។—យ៉ាកុប ៤:១៣-១៥
៩. ហេតុដូចម្ដេចបានជាគួរគប្បីឲ្យយើងពិចារណានូវផ្នែកមួយនៃរ៉ូមជំពូកទី៨?
៩ នៅពេលដែលរឿងទុក្ខសោកកើតឡើងចំពោះយើង យើងប្រហែលជាអាចចាប់ផ្ដើមមានអារម្មណ៍ថា គ្រប់គ្នាបានបោះបង់ចោលយើងហើយ ឬរហូតដល់នឹកស្មានថាសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងបានអន់ថយទៅដែរ។ ដោយព្រោះយើងទាំងអស់គ្នាអាចពិសោធន៍រឿងបែបនោះ គួរគប្បីឲ្យយើងពិចារណាយ៉ាងយកចិត្តទុកដាក់នូវពាក្យសម្រាលទុក្ខដែលសាវ័កប៉ុលពោលនោះ ដែលត្រូវកត់ទុកនៅរ៉ូមជំពូកទី៨។ ពាក្យទាំងនោះបានត្រូវសរសេរទៅកាន់ជនគ្រីស្ទានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ។ ក៏ប៉ុន្តែ គោលការណ៍ពាក់ព័ន្ធក៏ទាក់ទងនឹងចៀមឯទៀត ដែលបានត្រូវរាប់ទុកជាសុចរិតជាមិត្តសំឡាញ់របស់ព្រះ ដូចលោកអ័ប្រាហាំពីជំនាន់មុនសម័យគ្រីស្ទាននោះ។—រ៉ូម ៤:២០-២២; យ៉ាកុប ២:២១-២៣
១០, ១១. (ក) ជួនកាល តើពួកសត្រូវចោទប្រកាន់អ្វីនឹងរាស្ត្ររបស់ព្រះ? (ខ) តើហេតុអ្វីក៏ការចោទប្រកាន់បែបនេះមិនសំខាន់ចំពោះជនគ្រីស្ទាន?
១០ សូមអាន រ៉ូម ៨:៣១-៣៤។ ប៉ុលសួរថា៖ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?»។ សាតាំងនិងលោកីយ៍ដ៏ទុច្ចរិតរបស់វា ពិតជាទាស់នឹងយើងមែន។ ពួកសត្រូវប្រហែលជាចោទប្រកាន់យើងដោយមិនពិត សូម្បីតែក្នុងតុលាការជាតិ។ គេក៏បានចោទប្រកាន់មាតាបិតាគ្រីស្ទានខ្លះ ថាជាអ្នកស្អប់កូនរបស់ខ្លួន ពីព្រោះគាត់មិនឲ្យកូនទទួលការព្យាបាលពេទ្យដែលខុសច្បាប់ព្រះ ឬក៏មិនឲ្យចូលរួមពិធីបុណ្យនៃសាសនាមិនពិត។ (កិច្ចការ ១៥:២៨, ២៩; កូរិនថូសទី២ ៦:១៤-១៦) គ្រីស្ទានស្មោះត្រង់ឯទៀតបានត្រូវគេចោទប្រកាន់មិនពិតថា គេជាអ្នកញុះញង់មនុស្សបះបោរ ពីព្រោះគេមិនព្រមសម្លាប់មនុស្សឯទៀតក្នុងសង្គ្រាម ឬក៏មិនព្រមចូលរួមក្នុងរឿងនយោបាយ។ (យ៉ូហាន ១៧:១៦) អ្នកប្រឆាំងខ្លះបានភូតកុហកបង្កាច់បង្ខូចយើងតាមប្រព័ន្ធពត៌មាន រហូតដល់ចោទប្រកាន់មិនពិតថា ស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាក្រុមសាសនាដែលបង្កគ្រោះថ្នាក់ទៀតផង។
១១ ក៏ប៉ុន្តែ ចូរចាំមិនភ្លេចថា នៅសម័យរបស់ពួកសាវ័ក នោះមានមនុស្សនិយាយថា៖ «យើងដឹងថា នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់»។ (កិច្ចការ ២៨:២២) តើការចោទប្រកាន់ដ៏មិនពិតនោះជារឿងសំខាន់ទេ? ព្រះជាអ្នកដែលប្រកាសថា ជនគ្រីស្ទានពិត ជាអ្នកសុចរិត ដោយមានមូលដ្ឋានទៅលើជំនឿរបស់គេលើយញ្ញបូជារបស់ព្រះគ្រីស្ទ។ តើព្រះនឹងឈប់ស្រឡាញ់អ្នកថ្វាយបង្គំទ្រង់ ក្រោយទ្រង់បានប្រទានចំពោះគេនូវព្រះរាជបុត្រារបស់ទ្រង់ ដែលជាអំណោយដ៏វិសេសបំផុតឬ? (យ៉ូហានទី១ ៤:១០) ឥឡូវ ដែលព្រះគ្រីស្ទបានត្រូវប្រោសឲ្យមានព្រះជន្មរស់ពីសេចក្ដីស្លាប់ឡើងវិញ និងបានត្រូវដំកើងឲ្យនៅព្រះហស្តខាងស្ដាំរបស់ព្រះ នោះព្រះគ្រីស្ទគាំទ្រខាងបណ្ដាគ្រីស្ទានយ៉ាងពេញទំហឹង។ តើមានអ្នកណាដែលអាចបញ្ជាក់ទីសំអាង ថាព្រះគ្រីស្ទគឺខុសដោយព្រោះទ្រង់គាំទ្រអ្នកកាន់តាមទ្រង់? ឬក៏តើមានអ្នកណាប្រឆាំងនូវការសម្រេចរបស់ព្រះ ថាទ្រង់ពេញព្រះហឫទ័យនឹងអ្នកស្មោះត្រង់របស់ទ្រង់ឬអត់នោះ? គ្មានអ្នកណាសោះឡើយ!—អេសាយ ៥០:៨, ៩; ហេព្រើរ ៤:១៥, ១៦
១២, ១៣. (ក) តើមានស្ថានភាពឬកាលៈទេសៈណាខ្លះ ដែលមិនអាចពង្រាត់យើងពីសេចក្ដីស្រឡាញ់របស់ព្រះ? (ខ) តើអារក្សធ្វើឲ្យយើងពិបាកដោយមានគោលបំណងអ្វី? (គ) ហេតុអ្វីបានជាគ្រីស្ទានយកជ័យជំនះទាំងស្រុងបាន?
១២ សូមអាន រ៉ូម ៨:៣៥-៣៧។ ក្រៅពីខ្លួនយើងផ្ទាល់ តើមានអ្នកណាឬក៏អ្វីណាដែលអាចពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា និងព្រះយេស៊ូជាព្រះរាជបុត្រារបស់ទ្រង់ទេ? សាតាំងប្រហែលជានឹងប្រើភ្នាក់ងាររបស់វានៅលើផែនដី ដើម្បីប្រព្រឹត្តអំពើបាបយ៉ាងខ្លាំងចំពោះបណ្ដាគ្រីស្ទាន។ ក្នុងកំឡុងពេលមួយសតវត្សកន្លងទៅហើយនេះ បងប្អូនប្រុសស្រីគ្រីស្ទានជាច្រើននាក់របស់យើង នៅប្រទេសជាច្រើន បានរងនូវការបៀតបៀនដោយអំពើហិង្សា។ នៅកន្លែងខ្លះសព្វថ្ងៃនេះ បងប្អូនរបស់យើងប្រឈមមុខបញ្ហាខាងថវិកាជារៀងរាល់ថ្ងៃ។ អ្នកខ្លះចុកពោះដោយសារការអត់ឃ្លាន ឬក៏ខ្វះខាតនូវសំលៀកបំពាក់។ តើអារក្សបង្កឲ្យមានស្ថានភាពលំបាកនេះដោយមានគោលបំណងអ្វី? គោលបំណងមួយគឺដើម្បីរារាំងការថ្វាយបង្គំពិតចំពោះព្រះយេហូវ៉ា។ សាតាំងចង់ធ្វើឲ្យយើងជឿថា ព្រះលែងស្រឡាញ់យើងហើយ។ ក៏ប៉ុន្តែ តើពិតជាដូច្នោះមែនឬ?
១៣ យើងបានសិក្សាព្រះបន្ទូលរបស់ព្រះ ដូចប៉ុលដែរ ដែលបានដកស្រង់ពាក្យពីទំនុកដំកើង ៤៤:២២។ យើងយល់ដឹងថា រឿងបែបនេះកើតឡើងចំពោះយើងដែលជា«ចៀម»ព្រះ គឺដោយព្រោះព្រះនាមរបស់ទ្រង់។ ការដំកើងព្រះនាមទ្រង់ជាបរិសុទ្ធ និងការបញ្ជាក់ភាពត្រឹមត្រូវនៃអធិបតេយ្យភាពសកលរបស់ទ្រង់ គឺពាក់ព័ន្ធក្នុងរឿងនេះ។ គឺដោយសាររឿងសំខាន់ៗទាំងនេះ ដែលព្រះបានអនុញ្ញាតឲ្យមានការល្បងលបែបនេះ មិនមែនទ្រង់មិនស្រឡាញ់យើងទៀតនោះទេ។ មិនថាកាលៈទេសៈលំបាកលំបិននោះគឺជាអ្វីក៏ដោយ នៅមានការធានារ៉ាប់រងថា សេចក្ដីស្រឡាញ់របស់ព្រះចំពោះរាស្ត្ររបស់ទ្រង់ រួមទាំងយើងម្នាក់ៗដែរ មិនបានប្រែប្រួលឡើយ។ រឿងអ្វីដែលមើលទៅដូចជាយើងបានបរាជ័យហើយ នឹងក្លាយជាជោគជ័យវិញ ប្រសិនបើយើងរក្សាភាពស្មោះត្រង់។ យើងមានកម្លាំងឡើង ហើយបានត្រូវទ្រទ្រង់ដោយការធានាថា សេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងមិនអាចបំបែកបានឡើយ។
១៤. ហេតុអ្វីបានជាប៉ុលជឿជាក់ទៅលើសេចក្ដីស្រឡាញ់របស់ព្រះ ថ្វីបើគ្រីស្ទានរងទុក្ខលំបាកក្ដី?
១៤ សូមអាន រ៉ូម ៨:៣៨, ៣៩។ តើអ្វីបានធ្វើឲ្យប៉ុលជឿជាក់ថា គ្មានអ្វីសោះអាចពង្រាត់ជនគ្រីស្ទានពីសេចក្ដីស្រឡាញ់របស់ព្រះ? ច្បាស់ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ប៉ុលក្នុងកិច្ចបំរើនោះ បានពង្រឹងជំនឿរបស់គាត់ថា ការពិបាកផ្សេងៗមិនអាចប៉ះពាល់ទៅលើសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងទេ។ (កូរិនថូសទី២ ១១:២៣-២៧; ភីលីព ៤:១៣) បន្ថែមទៅទៀត ប៉ុលបានយល់ដឹងអំពីគោលបំណងដ៏អនេកអនន្តនិងការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះរាស្ត្ររបស់ទ្រង់ពីមុនមក។ តើសេចក្ដីស្លាប់អាចឈ្នះលើសេចក្ដីស្រឡាញ់របស់ព្រះចំពោះអស់អ្នកដែលបានបំរើទ្រង់យ៉ាងស្មោះត្រង់បានទេ? មិនអាចទេ! អ្នកស្មោះត្រង់នោះដែលស្លាប់ ក៏ដូចជារស់តទៅទៀតក្នុងសេចក្ដីនឹកចាំដ៏គ្រប់ល័ក្ខណ៍របស់ព្រះ ហើយទ្រង់នឹងប្រោសគេឲ្យរស់ឡើងវិញនៅពេលកំណត់របស់ទ្រង់។—លូកា ២០:៣៧, ៣៨; កូរិនថូសទី១ ១៥:២២-២៦
១៥, ១៦. សូមរៀបរាប់អំពីអ្វីខ្លះៗដែលមិនអាចធ្វើឲ្យព្រះឈប់ស្រឡាញ់អ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់។
១៥ ទោះជាមានរឿងអភ័ព្វណាក៏ដោយក្នុងជីវិតយើងសព្វថ្ងៃនេះ ថ្វីបើមានគ្រោះថ្នាក់ដែលធ្វើឲ្យខ្សោយទៅ ជម្ងឺដែលមុខជានឹងបណ្ដាលឲ្យយើងស្លាប់ ឬក៏អន្តរាយខាងសេដ្ឋកិច្ចក៏ដោយ គ្មានអ្វីសោះអាចពង្រាត់នូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះរាស្ត្ររបស់ទ្រង់បានឡើយ។ ទេវតានានាដ៏ខ្លាំងពូកែ ដូចជាទេវតាមួយរូបដែលមិនស្ដាប់បង្គាប់និងក្លាយជាសាតាំងនោះ មិនអាចធ្វើឲ្យព្រះឈប់ស្រឡាញ់អ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់បានទេ។ (យ៉ូប ២:៣) រដ្ឋាភិបាលផ្សេងៗប្រហែលជាដាក់បំរាម ចាប់អ្នកបំរើរបស់ព្រះដាក់គុក និងធ្វើបាបគេ ទាំងប្រហែលជានិយាយអំពីគេថា គេមិនគួរឲ្យរាប់អានទេ។ (កូរិនថូសទី១ ៤:១៣) ការស្អប់ខ្ពើមពីសាសន៍ផ្សេងៗដោយគ្មានហេតុធ្វើដូច្នេះ ប្រហែលជានឹងអុជអាលមនុស្សឲ្យប្រឆាំងយើងដែរ តែនោះមិនធ្វើឲ្យអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតក្នុងសកលលោកបោះបង់យើងចោលទេ។
១៦ ស្តីអំពីអ្វីៗដែលប៉ុលហៅជា«ការអ្វីនៅជាន់នេះ» គឺថា ព្រឹត្ដិការណ៍ ស្ថានការណ៍ និងកាលៈទេសៈក្នុងរបបលោកីយ៍នេះ ឬក៏អ្វីដែលនឹងកើតឡើងនាអនាគត នោះជាជនគ្រីស្ទាន យើងមិនចាំបាច់ខ្លាចថា របស់ទាំងនេះអាចផ្ដាច់នូវទំនាក់ទំនងរបស់ព្រះជាមួយនឹងរាស្ត្ររបស់ទ្រង់ទេ។ ថ្វីដ្បិតអំណាចផ្សេងៗនៅផែនដី និងអំណាចនានានៅស្ថានសួគ៌តតាំងនឹងយើងក៏ដោយ សេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះនៅតែគាំទ្រយើង។ ប៉ុលបានបញ្ជាក់ថា ទោះ‹ទីមានកំពស់ ឬទីជំរៅ›ក៏ដោយ មិនអាចរារាំងសេចក្ដីស្រឡាញ់របស់ព្រះទេ។ មែនហើយ អ្វីៗដែលប្រហែលជាអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ត និងអ្វីៗដែលប្រហែលជាមានអំណាចមកលើយើង នោះមិនអាចពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ក៏គ្មានអ្វីទៀតដែលបានត្រូវបង្កើតមកដែលអាចផ្ដាច់ទំនាក់ទំនងរបស់អ្នកបង្កើត ជាមួយនឹងអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់បានឡើយ។ សេចក្ដីស្រឡាញ់របស់ព្រះមិនដែលផុតឡើយ តែនៅមានជារៀងរហូតតទៅ។—កូរិនថូសទី១ ១៣:៨
ចូរចាត់ទុកសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះ ជាអ្វីដែលមានតម្លៃវិសេសជានិច្ច
១៧. (ក) ហេតុអ្វីបានជាការមានសេចក្ដីស្រឡាញ់របស់ព្រះនោះ «វិសេសជាងជីវិត»ដូច្នេះ? (ខ) តើដោយដូចម្ដេចដែលយើងអាចបង្ហាញថា យើងរាប់ទុកសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះ ជាអ្វីដែលមានតម្លៃវិសេស?
១៧ តើសេចក្ដីស្រឡាញ់របស់ព្រះគឺសំខាន់យ៉ាងណាចំពោះអ្នក? តើអ្នកមានអារម្មណ៍ដូចដាវីឌទេ? ដែលសរសេរថា៖ «[ដោយព្រោះ]សេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់។ គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់»។ (ទំនុកដំកើង ៦៣:៣, ៤) បើនិយាយឲ្យត្រង់ តើមានអ្វីខ្លះដែលលោកីយ៍នេះអាចស្នើផ្ដល់ឲ្យ ដែលល្អជាងសេចក្ដីស្រឡាញ់និងមិត្តភាពដ៏ស្មោះត្រង់របស់ព្រះទេ? ជាឧទាហរណ៍ តើការដេញតាមអាជីពមួយដែលផ្ដល់ឲ្យកំរៃច្រើន ល្អជាងចិត្តស្ងប់ស្រួលនិងសុភមង្គលដែលមកពីទំនាក់ទំនងជិតស្និទ្ធនឹងព្រះទេ? (លូកា ១២:១៥) គ្រីស្ទានខ្លះធ្លាប់ប្រឈមមុខនឹងការជ្រើសរើសមួយ គឺត្រូវបដិសេធព្រះយេហូវ៉ាចោល ឬក៏ស្លាប់។ នេះបានកើតឡើងដល់ស្មរបន្ទាល់ព្រះយេហូវ៉ាជាច្រើនក្នុងជំរំឃុំឃាំងរបស់ពួកណាត្ស៊ី ក្នុងសង្គ្រាមលោកលើកទីពីរ។ ដោយមានករណីលើកលែងតែបន្ដិចទេ បងប្អូនគ្រីស្ទានរបស់យើងបានជ្រើសរើសរក្សាខ្លួននៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងសុខចិត្តស្លាប់បើសិនជាចាំបាច់នោះ។ អស់អ្នកដែលរក្សាខ្លួននៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ អាចជឿជាក់ថា ខ្លួននឹងទទួលនូវអនាគតមួយជានិរន្តរ៍ ដែលជាអ្វីដែលលោកីយ៍នេះមិនអាចផ្ដល់ឲ្យបានទេ។ (ម៉ាកុស ៨:៣៤-៣៦) ប៉ុន្តែ មានរឿងផ្សេងទៀតក្រៅពីជីវិតជារៀងរហូត ដែលទាក់ទងនឹងនេះ។
១៨. ហេតុអ្វីបានជាជីវិតជារៀងរហូតជាអ្វីដែលគួរឲ្យចង់បានម្ល៉េះ?
១៨ ទោះបីយើងមិនអាចរស់ជារៀងរហូតដោយគ្មានព្រះយេហូវ៉ាក៏ដោយ សូមនឹកគិតថា តើជីវិតដ៏យូរអង្វែងដោយគ្មានអ្នកបង្កើតរបស់យើង អាចទៅជាយ៉ាងណាដែរ? ជីវិតបែបនោះនឹងគ្មានខ្លឹមសារនិងគោលបំណងពិតទេ។ ក្នុងគ្រាចុងក្រោយនេះ ព្រះយេហូវ៉ាបានប្រគល់ការងារដែលជាទីពេញចិត្តចំពោះរាស្ត្ររបស់ទ្រង់។ ហេតុនេះហើយបានជាយើងអាចទុកចិត្តថា ជីវិតយើងនឹងពោរពេញទៅដោយអ្វីៗដែលយើងអាចរៀននិងធ្វើដ៏ជាទីចាប់អារម្មណ៍និងមានប្រយោជន៍ នៅពេលដែលព្រះយេហូវ៉ាដែលមានគោលបំណងដ៏ឧត្តុង្គឧត្តមនោះ ទ្រង់ប្រទាននូវជីវិតជារៀងរហូតចំពោះយើង។ (សាស្ដា ៣:១១) ទោះជាយើងនឹងរៀនច្រើនយ៉ាងណាក៏ដោយក្នុងប៉ុន្មានសហសវត្សរ៍ខាងមុខនេះ យើងនឹងមិនអាចយល់ទាំងស្រុងនូវ‹ប្រាជ្ញា នឹងចំណេះដ៏បរិបូរ និងជ្រៅណាស់របស់ព្រះ›បានទេ។—រ៉ូម ១១:៣៣
ព្រះវរបិតាស្រឡាញ់អ្នកមែន
១៩. តើព្រះយេស៊ូបានផ្ដែផ្ដាំធានាសិស្សរបស់ទ្រង់យ៉ាងណា ពេលត្រៀមលាគេទៅវិញ?
១៩ នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ. ក្នុងកំឡុងរាត្រីចុងក្រោយបង្អស់របស់ព្រះយេស៊ូនិងសាវ័កស្មោះត្រង់១១នាក់របស់ទ្រង់ នោះព្រះយេស៊ូបានមានបន្ទូលជាច្រើនដើម្បីចំរើនកម្លាំងរបស់គេសំរាប់អ្វីៗដែលមានខាងមុខ។ ពួកគេបាននៅជាប់ជាមួយនឹងព្រះយេស៊ូក្នុងសេចក្ដីល្បួងរបស់ទ្រង់ និងបានពិសោធន៍ផ្ទាល់ខ្លួននូវសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះគេ។ (លូកា ២២:២៨, ៣០; យ៉ូហាន ១:១៦; ១៣:១) ក្រោយនោះមក ព្រះយេស៊ូបានធានាឲ្យគេថា៖ «ព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នា»។ (យ៉ូហាន ១៦:២៧) បន្ទូលនោះប្រាកដជាបានជួយពួកសិស្សទទួលស្គាល់នូវព្រះទ័យទន់សន្ដោសដែលព្រះវរបិតានៅស្ថានសួគ៌មានចំពោះគេ។
២០. តើអ្នកតាំងចិត្តធ្វើអ្វី? ហើយតើអ្នកអាចមានទំនុកចិត្តអ្វី?
២០ មនុស្សជាច្រើនដែលកំពុងតែរស់ឥឡូវនេះ បានបំរើព្រះយេហូវ៉ាយ៉ាងស្មោះអស់រាប់ទសវត្សមកហើយ។ យើងប្រាកដជានឹងពិសោធន៍ការល្បងលជាច្រើនទៀត មុននឹងទីបញ្ចប់នៃរបបដ៏អាក្រក់នេះ។ កុំឲ្យការល្បងលឬការពិបាកបែបនេះធ្វើឲ្យអ្នកសង្ស័យទៅលើសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះចំពោះអ្នកឡើយ។ គ្មានពាក្យណាខ្លាំងល្មមដើម្បីបញ្ជាក់ថា៖ ព្រះយេហូវ៉ាស្រឡាញ់អ្នកមែនទែននោះទេ។ (យ៉ាកុប ៥:១១) ចូរឲ្យយើងម្នាក់ៗបន្តបំពេញភារកិច្ចរៀងៗខ្លួន ដោយកាន់តាមបញ្ញតិព្រះយ៉ាងស្មោះត្រង់។ (យ៉ូហាន ១៥:៨-១០) សូមឲ្យយើងប្រើគ្រប់ឱកាសដើម្បីសរសើរព្រះនាមរបស់ទ្រង់ចុះ។ យើងគួរតាំងចិត្តយ៉ាងមុតមាំឲ្យបន្តចូលទៅជិតនឹងព្រះយេហូវ៉ា តាមរយៈការអធិស្ឋាននិងការសិក្សាព្រះបន្ទូលរបស់ទ្រង់។ ទោះជាមានអ្វីកើតឡើងនាពេលអនាគតក៏ដោយ បើសិនជាយើងកំពុងតែធ្វើអស់ពីសមត្ថភាពដើម្បីបំពេញព្រះហឫទ័យព្រះយេហូវ៉ា យើងនឹងមានអារម្មណ៍ស្ងប់ស្រួលនិងមានទំនុកចិត្តទាំងស្រុងទៅលើសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលមិនចេះផុតឡើយ។—ពេត្រុសទី២ ៣:១៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ដើម្បីរក្សាឲ្យមានតុល្យភាពខាងវិញ្ញាណ និងខាងផ្លូវ ចិត្តផងដែរ តើយើងត្រូវការសេចក្ដីស្រឡាញ់របស់អ្នកណាជាពិសេស?
• សូមរៀបរាប់អ្វីខ្លះៗដែលមិនអាចធ្វើឲ្យព្រះយេហូវ៉ា ឈប់ស្រឡាញ់អ្នកបំរើរបស់ទ្រង់?
• ហេតុអ្វីបានជាការទទួលយកសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា នោះ«វិសេសជាងជីវិត»?
[រូបភាពនៅទំព័រ១៩]
បើសិនជាយើងមានអារម្មណ៍ថា យើងព្រាត់ពីសេចក្ដីស្រឡាញ់របស់ព្រះ នោះយើងអាចខិតខំផ្សះផ្សាឡើងវិញ
[រូបភាពនៅទំព័រ២១]
ប៉ុលបានយល់ដឹងពីមូលហេតុដែលគេបានបៀតបៀនគាត់