ការស្រាវជ្រាវអំពីវិធីដើម្បីមានជីវិតយូរអង្វែង
«យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ។ ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល។ ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ»។—សាស្ដា ៣:១០, ១១
នេះជាពាក្យរបស់ស្តេចសាឡូម៉ូននៅសម័យបុរាណដែលជាស្តេចដ៏មានប្រាជ្ញា។ ពាក្យទាំងនេះរៀបរាប់យ៉ាងត្រឹមត្រូវអំពីអារម្មណ៍របស់មនុស្សអំពីជីវិត។ មនុស្សតែងតែមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីរស់នៅយូរជាង ប្រហែលជាដោយសារជីវិតមនុស្សគឺខ្លី និងជៀសមិនផុតពីស្លាប់។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ មនុស្សបានខំស្វែងរកវិធីដើម្បីរស់នៅយូរអង្វែង។
ជាឧទាហរណ៍ សូមគិតអំពីស្តេចគាលកាមែសដែលជាស្តេចជនជាតិសាស៊ូមេរី។ មានរឿងព្រេងជាច្រើនដែលគេនិពន្ធអំពីជីវិតគាត់។ រឿងមួយដែលបានត្រូវស្គាល់ថាជារឿងនិទានអំពីស្តេចគាលកាមែស ប្រាប់ថាគាត់បានធ្វើដំណើរផ្សងព្រេងដើម្បីស្គាល់អំពីរបៀបគេចពីសេចក្ដីស្លាប់។ ក៏ប៉ុន្តែគាត់បានបរាជ័យ។
នៅសតវត្សរ៍ទី៤មុន គ.ស. អ្នកវិទ្យាសាស្ត្រសម័យបុរាណមួយក្រុមនៅប្រទេសចិនបានព្យាយាមបង្កើតទឹកម្យ៉ាងដែលគេហៅថាទឹកវេទមន្ត ហើយគេជឿថាទឹកនោះអាចធ្វើឲ្យមនុស្សរស់នៅយូរជាង។ ពួកគេបានធ្វើទឹកដែលផ្សំឡើងពីបារតនិងជាតិពុល។ អធិរាជចិនខ្លះបានស្លាប់ ដោយសារបានផឹកទឹកនោះ។ នៅអឺរ៉ុបនាមជ្ឈិមសម័យ (ប្រហែលឆ្នាំ៥០០ គ.ស. ដល់ឆ្នាំ១៥០០ គ.ស.) អ្នកវិទ្យាសាស្ត្រខ្លះបានព្យាយាមកែច្នៃមាសដើម្បីឲ្យមនុស្សអាចលេបបាន ដោយសារគេគិតថាមាសមិនអាចខូច ដូច្នេះនោះអាចធ្វើឲ្យមនុស្សរស់នៅយូរអង្វែង។
សព្វថ្ងៃនេះ ជីវវិទូនិងពួកឯកទេសខាងសេនេទិចមួយចំនួនកំពុងព្យាយាមស្វែងយល់អំពីមូលហេតុដែលមនុស្សទៅជាចាស់។ ការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រទាំងនោះបង្ហាញថា មនុស្សនៅសព្វថ្ងៃនេះនៅតែចង់រកវិធីដើម្បីមិនឲ្យទៅជាចាស់និងស្លាប់។ ប៉ុន្តែ តើការស្រាវជ្រាវទាំងនោះបានទទួលលទ្ធផលយ៉ាងណា?
ព្រះបាន «ធ្វើឲ្យចិត្តគេសង្ឃឹម ដល់អស់កល្បទៅមុខ»។—សាស្ដា ៣:១០, ១១
ការស្វែងរកនៅសព្វថ្ងៃនេះអំពីមូលហេតុដែលមនុស្សទៅជាចាស់
អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីកោសិការបស់មនុស្សបានលើកឡើងអំពីទ្រឹស្តីជាង៣០០ខុសៗគ្នាស្តីអំពីមូលហេតុដែលយើងទៅជាចាស់ ហើយស្លាប់។ នៅពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រអាចធ្វើឲ្យកោសិការបស់សត្វនិងកោសិការបស់មនុស្សរស់បានយូរជាង។ ដោយហេតុនេះហើយ ពួកអ្នកមានខ្លះបានផ្ដល់លុយដល់អ្នកវិទ្យាសាស្ត្រដើម្បីស្វែងរកមូលហេតុដែលយើងស្លាប់។ តើពួកគេបានស្រាវជ្រាវអំពីអ្វីខ្លះ?
ការព្យាយាមពន្យារជីវិតមនុស្ស។ ជីវវិទូខ្លះជឿថាកត្ដាសំខាន់ដែលធ្វើឲ្យយើងទៅជាចាស់ គឺដោយសារធែឡូមែដែលនៅចុងក្រូម៉ូសូមរបស់យើង។ ធែឡូមែរក្សាព័ត៌មានសេនេទិចក្នុងកោសិការបស់យើងកាលដែលវាបំបែកខ្លួន។ ក៏ប៉ុន្តែ រាល់ដងដែលកោសិកាបំបែកខ្លួន ធែឡូមែកាន់តែខ្លី។ ទីបំផុត កោសិកាឈប់បំបែកខ្លួន ហើយយើងចាប់ផ្ដើមចាស់ទៅៗ។
អេលីសាបិត ប្លាកបឺនដែលបានទទួលពានរង្វាន់ខាងវិទ្យាសាស្ត្រប្រចាំឆ្នាំ២០០៩ និងក្រុមរបស់នាងបានរកឃើញអង់ស៊ីមដែលជួយពន្យារធែឡូមែ ហើយជាលទ្ធផល នោះបានពន្យារភាពចាស់នៃកោសិកា។ ទោះជាយ៉ាងនេះក្ដី ពួកគេសារភាពថាធែឡូមែ«មិនមែនជាវេទមន្តដែលពន្យារជីវិតមនុស្សទេ ក្នុងន័យថាវាមិនជួយយើងឲ្យមានអាយុជីវិតយូរជាងធម្មតានោះឡើយ»។
ការកែច្នៃកោសិកាគឺជាវិធីមួយទៀតដើម្បីកុំឲ្យកាន់តែចាស់ទៅៗ។ ពេលកោសិការបស់យើងចាស់ពេករហូតដល់ឈប់បំបែកខ្លួន នោះវាអាចបញ្ជូនព័ត៌មានខុសទៅកោសិកាដែលស៊ាំនឹងជំងឺ ហើយនោះបង្កឲ្យហើម ឈឺចាប់ជារឿយៗ និងមានជំងឺឯទៀត។ នៅថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅប្រទេសបារាំងបានយកកោសិកាខ្លះពីមនុស្សចាស់ដែលអ្នកខ្លះមានអាយុជាង១០០ឆ្នាំ ហើយបានកែច្នៃកោសិកាទាំងនោះ។ សាស្ដ្រាចារ្យហ្សុនម៉ាក ឡេមេត្រេដែលជាប្រធាននៃក្រុមអ្នកស្រាវជ្រាវ បានប្រាប់ថាតាមរយៈការស្រាវជ្រាវរបស់ពួកគេបញ្ជាក់ថា ការកែច្នៃកោសិកាអាច«ពន្យារជីវិតមនុស្ស»។
តើវិទ្យាសាស្ត្រអាចពន្យារអាយុជីវិតរបស់យើងឬទេ?
អ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា ទោះជាមានវិធីសាស្ត្រជាច្រើនដើម្បីទប់ស្កាត់ភាពចាស់ក៏ដោយ នោះមិនអាចធ្វើឲ្យមនុស្សរស់នៅបានយូរជាងឡើយ។ ពិតមែនតែ តាំងពីសតវត្សរ៍ទី១៩មនុស្សមានអាយុវែងជាង ប៉ុន្តែនោះគឺដោយសារពួកគេមានអនាម័យត្រឹមត្រូវ មានថ្នាំបង្ការពីមេរោគផ្សេងៗ ថ្នាំសម្លាប់មេរោគ និងវ៉ាក់សាំងផ្សេងៗជាដើម។ អ្នកឯកទេសខាងសេនេទិចខ្លះជឿថាសព្វថ្ងៃនេះយើងមិនអាចធ្វើអ្វីទៀតដើម្បីពន្យារជីវិតមនុស្សបានទេ។
ប្រហែលជា៣.៥០០ឆ្នាំមុន ម៉ូសេដែលជាអ្នកសរសេរគម្ពីរបានទទួលស្គាល់ថា៖ «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ។ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់»។ (ទំនុកតម្កើង ៩០:១០) ទោះជាមនុស្សខំប្រឹងប្រែងពន្យារជីវិតក៏ដោយ ក៏ជីវិតមនុស្សនៅតែដូចអ្វីដែលម៉ូសេបានរៀបរាប់។
ផ្ទុយទៅវិញ ភាវរស់ផ្សេងៗដូចជាកាំប្រមាសមុទ្រ ឬលាសសមុទ្រមួយប្រភេទអាចរស់នៅរហូតដល់ជាង២០០ឆ្នាំ រីឯដើមឈើធំក្រៃលែងម្យ៉ាងអាចរស់បានរហូតដល់រាប់ពាន់ឆ្នាំ។ ពេលយើងប្រៀបធៀបអាយុរបស់យើងជាមួយនឹងអាយុរបស់អ្វីទាំងនេះនិងភាវរស់ឯទៀត យើងប្រហែលជាឆ្ងល់ថា ‹តើជីវិតមនុស្សយើងគឺត្រឹមតែ៧០ឬ៨០ឆ្នាំប៉ុណ្ណោះឬ?›