សារៈសំខាន់នៃការថ្វាយបង្គំព្រះយេហូវ៉ាក្នុងជីវិតរបស់យើង
«ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច»។—ទំនុកដំកើង ១៤៥:២
១. ចំពោះការថ្វាយបង្គំ តើព្រះយេហូវ៉ាតម្រូវឲ្យធ្វើយ៉ាងណា?
«អញដែលជាយេហូវ៉ាជាព្រះនៃឯង អញជាព្រះដែលត្រូវការចិត្តភក្ដីដាច់មុខ»។ (និក្ខមនំ ២០:៥, ពថ ) ម៉ូសេបានឮសេចក្ដីថ្លែងនោះពីព្រះយេហូវ៉ា ហើយនៅពេលក្រោយមក គាត់បាននិយាយសេចក្ដីថ្លែងនោះសាឡើងវិញ នៅពេលដែលគាត់និយាយទៅកាន់សាសន៍អ៊ីស្រាអែល។ (ចោទិយកថា ៥:៩) ម៉ូសេដឹងយ៉ាងច្បាស់ថា ព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកបំរើរបស់ទ្រង់ថ្វាយបង្គំទ្រង់តែមួយអង្គគត់។
២, ៣. (ក) តើអ្វីដែលបានធ្វើឲ្យពួកអ៊ីស្រាអែលបានស្ងើច ដែលបញ្ជាក់អ្វីៗបានកើតឡើងនៅភ្នំស៊ីណាយជាការដ៏អស្ចារ្យមួយនោះ? (ខ) តើយើងនឹងពិនិត្យមើលសំនួរអ្វីខ្លះអំពីការថ្វាយបង្គំនៃពួកសាសន៍អ៊ីស្រាអែលនិងពួកអ្នកបំរើរបស់ព្រះនៅសព្វថ្ងៃនេះ?
២ ពួកជនជាតិអ៊ីស្រាអែលបានបោះជំរំនៅជិតភ្នំស៊ីណាយ ពួកគេនិងពួក«មនុស្សសន្ធឹក»ដែលបានចាកចេញពីប្រទេសអេស៊ីបទៅជាមួយនោះ បានឃើញនូវអ្វីដ៏អស្ចារ្យមួយ។ (និក្ខមនំ ១២:៣៨) នេះពុំមានសភាពដូចការថ្វាយបង្គំពួកព្រះក្នុងស្រុកអេស៊ីបទេ ដែលឥឡូវនេះ ព្រះយេហូវ៉ាបានធ្វើឲ្យអាម៉ាស់មុខតាមរយៈសេចក្ដីទុក្ខវេទនាទាំងដប់ប្រការនោះ។ កាលដែលព្រះយេហូវ៉ាបានបង្ហាញវត្តមានរបស់ទ្រង់ទៅម៉ូសេ បាតុភូតដ៏ស្ញប់ស្ញែងបានកើតឡើង៖ ផ្គរលាន់ ផ្លេកបន្ទោរ និងសូរផ្លុំស្នែងយ៉ាងខ្លាំងបានធ្វើឲ្យជំរំទាំងមូលញ័ររន្ធត់។ បន្ទាប់មកមានភ្លើងនិងផ្សែង កាលដែលភ្នំទាំងមូលកំពុងតែរញ្ជួយ។ (និក្ខមនំ ១៩:១៦-២០; ហេព្រើរ ១២:១៨-២១) បើសិនជាជនជាតិអ៊ីស្រាអែលណាមួយត្រូវការភស្តុតាងទៀត ដើម្បីឲ្យបញ្ជាក់ថាអ្វីៗដែលបានកើតឡើងជាការអស្ចារ្យ ភស្តុតាងនោះគឺជិតមកដល់ហើយ។ មិនយូរប៉ុន្មានម៉ូសេក៏បានចុះពីភ្នំមកវិញ ក្រោយពីបានទទួលបន្ទះថ្មក្រិត្យវិន័យជាលើកទីពីររបស់ព្រះ។ យោងទៅតាមដំណើររឿងដែលព្រះបានបណ្ដាលមកនោះ «ស្បែកមុខលោក[ម៉ូសេ]ភ្លឺ ហើយ[ប្រជាជន]ខ្លាចមិនហ៊ានទៅជិតលោកឡើយ»។ យ៉ាងប្រាកដហើយ នេះជាការពិសោធអធិធម្មជាតិដែលពុំអាចបំភ្លេចបានឡើយ!—និក្ខមនំ ៣៤:៣០
៣ ចំពោះសាសន៍របស់ព្រះនោះ ពួកគេគ្មានការសង្ស័យអំពីសារៈសំខាន់នៃការថ្វាយបង្គំព្រះយេហូវ៉ាឡើយ។ ទ្រង់ជាអ្នកសង្គ្រោះរបស់គេ។ ពួកគេមានជីវិតដោយសារទ្រង់។ ទ្រង់ក៏ជាអ្នកដែលផ្ដល់ច្បាប់ឲ្យគេដែរ។ ប៉ុន្តែ តើពួកគេចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាជាទីមួយទេ? ហើយចុះយ៉ាងណាវិញដែរ ចំពោះពួកអ្នកបំរើរបស់ព្រះនៅសម័យថ្មីនេះ? តើការថ្វាយបង្គំព្រះយេហូវ៉ាមានសារៈសំខាន់ក្នុងជីវិតរបស់គេយ៉ាងណាដែរ?—រ៉ូម ១៥:៤
ការថ្វាយបង្គំព្រះយេហូវ៉ានៃសាសន៍អ៊ីស្រាអែល
៤. តើជំរំរបស់ពួកអ៊ីស្រាអែលត្រូវបានរៀបចំយ៉ាងណា ក្នុងកាលសំណាក់នៅទីរហោស្ថាន ហើយតើមានអ្វីនៅចំកណ្ដាលជំរំនោះ?
៤ បើសិនជាអ្នកមានភ្នែកដូចសត្វស្លាបហើរពីលើជំរំនៃពួកអ៊ីស្រាអែលក្នុងទីរហោស្ថាននោះ តើអ្នកនឹងមើលឃើញអ្វី? គឺអ្នកនឹងមើលឃើញការតម្លើងត្រសាលជាច្រើនដ៏ល្វឹងល្វើយដែលមានរបៀបរៀបរយ ហើយជាសំណាក់សំរាប់មនុស្សប្រមាណជាងបីលាននាក់ ដែលត្រូវបានរៀបចំជាក្រុមៗដោយមានកុលសម្ព័ន្ធបីក្នុងមួយក្រុម គឺនៅទិសខាងជើង ខាងត្បូង ខាងកើត និងខាងលិច។ បើអ្នកខំសម្លឹងមើលឲ្យបានជិតបន្ដិចទៀត អ្នកក៏នឹងឃើញក្រុមមួយទៀតនៅកណ្ដាលជំរំ។ ត្រសាលបួនក្រុមតូចៗទាំងនេះ គឺជាលំនៅរបស់ពួកគ្រួសារនៃកុលសម្ព័ន្ធលេវី។ នៅចំកណ្ដាលជំរំមានកន្លែងដែលគេបានដាក់របាំងក្រណាត់ព័ទ្ធជុំវិញ គឺជារចនាសម្ព័ន្ធដ៏អស្ចារ្យមួយ។ នេះជា«ត្រសាលជំនុំ»ឬក៏រោងឧបោសថ ដែលពួកអ៊ីស្រាអែល«មានគំនិតវាងវៃ»បានសង់ឡើងតាមគម្រោងការរបស់ព្រះយេហូវ៉ា។—ជនគណនា ១:៥២, ៥៣; ២:៣, ១០, ១៧, ១៨, ២៥; និក្ខមនំ ៣៥:១០
៥. តើរោងឧបោសថបានប្រើសំរាប់អ្វីក្នុងស្រុកអ៊ីស្រាអែល?
៥ នៅកន្លែងបោះជំរំនិមួយៗដែលមានប្រមាណ៤០ជំរំ ក្នុងកំឡុងធ្វើដំណើរនៅទីរហោស្ថាន ពួកអ៊ីស្រាអែលបានតម្លើងរោងឧបោសថ ហើយរោងឧបោសថនេះបានក្លាយទៅជាមជ្ឈមណ្ឌលនៃសកម្មភាពរបស់គេ។ (ជនគណនា ជំពូក៣៣) ជាការត្រឹមត្រូវមែន ព្រះគម្ពីរពិពណ៌នាថាព្រះយេហូវ៉ាស្នាក់នៅក្នុងចំណោមប្រជារាស្ត្ររបស់ទ្រង់ នៅចំកណ្ដាលជំរំរបស់គេ។ សិរីល្អរបស់ទ្រង់បានបំពេញរោងឧបោសថ។ (និក្ខមនំ ២៩:៤៣-៤៦; ៤០:៣៤; ជនគណនា ៥:៣; ១១:២០; ១៦:៣) សៀវភៅដែលមានចំណងជើង ព្រះគម្ពីររស់នៅរបស់យើង ពន្យល់ថា៖ «ទីថ្វាយបង្គំដែលអាចយកពីកន្លែងមួយទៅកន្លែងមួយជាសារៈសំខាន់បំផុត ពីព្រោះទីថ្វាយបង្គំនេះជាមជ្ឈមណ្ឌលប្រជុំខាងសាសនាសំរាប់កុលសម្ព័ន្ធទាំងឡាយ។ ដូច្នេះហើយ នេះធ្វើឲ្យពួកគេសាមគ្គីគ្នាក្នុងកំឡុងជាយូរឆ្នាំនៃការដើរតត្រកក្នុងទីរហោស្ថាន ហើយក៏បណ្ដាលឲ្យមានឯកភាពក្នុងការប្រព្រឹត្តដែរ»។ ម្យ៉ាងវិញទៀត រោងឧបោសថបានប្រើសំរាប់ការរំឭកជារឿយៗថា ការថ្វាយបង្គំព្រះជាអ្នកបង្កើតនៃពួកអ៊ីស្រាអែល គឺជាការសំខាន់បំផុតក្នុងជីវិតរបស់គេ។
៦, ៧. តើរចនាសម្ព័ន្ធនៃការថ្វាយបង្គំមួយណាដែលបានប្ដូរនឹងរោងឧបោសថ ហើយតើនេះមានប្រយោជន៍យ៉ាងណាដល់សាសន៍អ៊ីស្រាអែល?
៦ ក្រោយពីជនជាតិអ៊ីស្រាអែលបានមកដល់ស្រុកសន្យានោះហើយ រោងឧបោសថបានបន្តជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំនៃសាសន៍អ៊ីស្រាអែល។ (យ៉ូស្វេ ១៨:១; សាំយូអែលទី១ ១:៣) ក្រោយមក ស្តេចដាវីឌបានដាក់សំណូមពរសុំស្ថាបនារចនាសម្ព័ន្ធជាអចិន្ត្រៃយ៍មួយ។ នេះជាព្រះវិហារ ដែលក្រោយមកបានស្ថាបនាដោយបុត្រារបស់ទ្រង់នាម សាឡូម៉ូន។ (សាំយូអែលទី២ ៧:១-១០) នៅពិធីសម្ពោធន៍នៃព្រះវិហារ ពពកបានចុះមក ជាការបង្ហាញប្រាប់ថាព្រះយេហូវ៉ាយល់ព្រមនឹងសំណង់នោះ។ សាឡូម៉ូនបានអធិស្ឋានថា៖ «ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច»។ (ពង្សាវតារក្សត្រទី១ ៨:១២, ១៣; របាក្សត្រទី២ ៦:២) ព្រះវិហារដែលទើបតែស្ថាបនាហើយនេះ បានក្លាយទៅជាមជ្ឈមណ្ឌលសំរាប់ការថ្វាយបង្គំនៃសាសន៍នោះ។
៧ បីដងក្នុងមួយឆ្នាំ ពួកប្រុសៗនៃសាសន៍អ៊ីស្រាអែលបានធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យដ៏សប្បាយរីករាយមួយនៅឯព្រះវិហារ ក្នុងការទទួលស្គាល់ប្រសិទ្ធិពររបស់ព្រះ។ យ៉ាងត្រឹមត្រូវណាស់ ការជួបជុំគ្នាទាំងនេះបានហៅថា‹បុណ្យតាមរដូវនៃព្រះយេហូវ៉ា› ដែលពួកគេប្រឹងស្មារតីទៅលើការថ្វាយបង្គំព្រះ។ (លេវីវិន័យ ២៣:២, ៤) ពួកស្ត្រីដែលមានចិត្តភក្ដីក៏បានមកជាមួយសមាជិកនៃគ្រួសាររបស់គេដែរ។—សាំយូអែលទី១ ១:៣-៧; លូកា ២:៤១-៤៤
៨. តើទំនុកដំកើង ៨៤:១-១២ បញ្ជាក់យ៉ាងណា អំពីសារសំខាន់នៃការថ្វាយបង្គំព្រះយេហូវ៉ា?
៨ អ្នកតែងបទទំនុកដំកើងដែលបានបណ្ដាលមកដោយព្រះ បានទទួលស្គាល់នូវសារៈសំខាន់នៃការថ្វាយបង្គំព្រះយេហូវ៉ាក្នុងជីវិតរបស់គេ។ ពួកកូនចៅកូរេបានច្រៀងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អស់ទាំងទីដែលទ្រង់ស្ថិតនៅ នោះគួរស្រឡាញ់ណាស់ហ្ន៎»! យ៉ាងច្បាស់ណាស់ ពួកគេមិនមែនសរសើរដល់មហាគ្រឹះនោះទេ។ តែផ្ទុយទៅវិញ ពួកគេបានច្រៀងសរសើរព្រះយេហូវ៉ាដោយថ្លែងថា៖ «ចិត្ត នឹងសាច់ឈាមទូលបង្គំ ស្រែកអាល័យដល់ព្រះដ៏មានព្រះជន្មរស់នៅ»។ កិច្ចបំរើរបស់ពួកលេវីបានធ្វើឲ្យពួកគេមានសុភមង្គលយ៉ាងក្រៃលែង។ ពួកគេបានប្រកាសថា៖ ‹សប្បាយហើយ អស់អ្នកណាដែលអាស្រ័យនៅក្នុងដំណាក់ទ្រង់›! «គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច»។ តាមការពិត ពួកអ៊ីស្រាអែលទាំងអស់អាចច្រៀងថា៖ «មានពរហើយ មនុស្សណាដែលយកទ្រង់ជាកំឡាំងរបស់ខ្លួន ជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ។ . . . ពួកគេដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្ដើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន»។ ថ្វីបើការធ្វើដំណើរទៅក្រុងយេរូសាឡិម ប្រហែលជាយូរហើយនឿយហត់ក្ដី គាត់នឹងមានកម្លាំងដូចដើមវិញ នៅពេលដែលគាត់បានមកដល់រដ្ឋធានីនោះ។ គាត់មានចិត្តពោរពេញទៅដោយសេចក្ដីអំណរអរ កាលដែលគាត់សរសើរនូវឯកសិទ្ធិនៃការថ្វាយបង្គំព្រះយេហូវ៉ា៖ «ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់។ . . . ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ»។ ការសម្ដែងនូវមនោសញ្ចេតនាបែបនេះ បង្ហាញប្រាប់នូវអាទិភាពនៃការថ្វាយបង្គំព្រះយេហូវ៉ាចំពោះពួកជនជាតិអ៊ីស្រាអែល។—ទំនុកដំកើង ៨៤:១-១២
៩. តើមានអ្វីកើតឡើងដល់សាសន៍អ៊ីស្រាអែល នៅពេលដែលពួកគេមិនបានរក្សាការថ្វាយបង្គំព្រះយេហូវ៉ាជាទីមួយនោះ?
៩ គួរឲ្យស្ដាយណាស់ ដែលពួកអ៊ីស្រាអែលពុំបានរក្សាការថ្វាយបង្គំពិតជាទីមួយក្នុងជីវិតរបស់គេ។ ពួកគេបានបណ្ដោយឲ្យភក្ដីភាពដល់ពួកព្រះមិនពិត បំផ្លិចបំផ្លាញយតិភាពរបស់គេចំពោះព្រះយេហូវ៉ា។ ជាលទ្ធផល ព្រះយេហូវ៉ាបានបោះបង់ចោលពួកគេទៅពួកសត្រូវរបស់គេ អនុញ្ញាតឲ្យពួកសត្រូវចាប់យកទៅស្រុកបាប៊ីឡូនជាឈ្លើយ។ ក្រោយពី៧០ឆ្នាំ ពួកគេបានត្រឡប់មកប្រទេសកំណើតរបស់គេវិញ នៅគ្រានោះព្រះយេហូវ៉ាបានប្រទានឲ្យព្យាការីដែលមានចិត្តស្មោះត្រង់ដូចជាហាកាយ សាការី និងម៉ាឡាគីដល់សាសន៍អ៊ីស្រាអែលដើម្បីដាស់តឿនពួកគេ។ លោកសង្ឃអែសរ៉ា និងចៅហ្វាយខេត្តឈ្មោះនេហេមា បានជំរុញប្រជារាស្ត្ររបស់ព្រះឲ្យសង់ព្រះវិហារឡើងវិញ និងឲ្យចាប់អនុវត្តការថ្វាយបង្គំពិតនៅទីនោះជាលើកម្ដងទៀត។ ប៉ុន្តែ ជាច្រើនសតវត្សបានកន្លងទៅ ការថ្វាយបង្គំពិតម្ដងនេះទៀតក៏បានក្លាយទៅជាការមិនសំខាន់ចំពោះសាសន៍នោះដដែល។
យតិភាពនៅសតវត្សទីមួយចំពោះការថ្វាយបង្គំពិត
១០, ១១. តើការថ្វាយបង្គំព្រះយេហូវ៉ាជាការសំខាន់យ៉ាងណាក្នុងជីវិតរបស់ពួកអ្នកស្មោះត្រង់នៅកំឡុងពេលដែលព្រះយេស៊ូនៅលើផែនដី?
១០ បន្ទាប់មក នៅគ្រាកំណត់របស់ព្រះយេហូវ៉ា ព្រះមែស្ស៊ីបានលេចឡើងមក។ ពួកបុគ្គលដែលមានចិត្តស្មោះត្រង់បានមានសេចក្ដីសង្ឃឹមក្នុងព្រះយេហូវ៉ាចំពោះសេចក្ដីសង្គ្រោះ។ (លូកា ២:២៥; ៣:១៥) សៀវភៅដំណឹងល្អរបស់លូកា បានពិពណ៌នាអំពីស្ត្រីម្នាក់ឈ្មោះ អាណដែលមានអាយុ៨៤ឆ្នាំ ជាមេម៉ាយដែលនៅ«ក្នុងព្រះវិហារ មិនដែលចេញឡើយ គាត់គោរពទាំងយប់ទាំងថ្ងៃ ដោយតម ហើយអធិស្ឋាន»។—លូកា ២:៣៧
១១ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង»។ (យ៉ូហាន ៤:៣៤) ចូរនឹកចាំពីរបៀបដែលព្រះយេស៊ូបានប្រតិកម្ម នៅពេលដែលទ្រង់បានជួបពួកលក់ដូរនៅក្នុងព្រះវិហារ។ ទ្រង់បានផ្កាប់តុរបស់គេ ព្រមទាំងជើងម៉ារបស់ពួកឈ្មួញដែលកំពុងតែលក់សត្វព្រាបទៀតផង។ ម៉ាកុសបានរៀបរាប់ថា៖ «[ព្រះយេស៊ូ]មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់តាមព្រះវិហារឡើយ ទ្រង់បង្រៀនគេថា៖ ‹តើគ្មានសេចក្ដីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍»? ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ›»។ (ម៉ាកុស ១១:១៥-១៧) ត្រូវហើយ ព្រះយេស៊ូមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរកាត់តាមទីលានព្រះវិហារ នៅពេលដែលកំពុងតែកាន់គ្រឿងប្រដាប់ប្រដាទៅកន្លែងណាមួយនៅទីក្រុងនោះឡើយ។ ការប្រព្រឹត្តរបស់ព្រះយេស៊ូបានពង្រឹងនូវឱវាទ ដែលទ្រង់បានឲ្យពីមុនមកថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ (ម៉ាថាយ ៦:៣៣) ព្រះយេស៊ូបានទុកគំរូយ៉ាងអស្ចារ្យឲ្យយើង ក្នុងការផ្ដល់នូវចិត្តភក្ដីដាច់មុខដល់ព្រះយេហូវ៉ា។ ទ្រង់ពិតជាបានប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បានផ្សាយ។—ពេត្រុសទី១ ២:២១
១២. ចំពោះការថ្វាយបង្គំព្រះយេហូវ៉ា តើពួកសិស្សរបស់ព្រះយេស៊ូបានចាត់ទុកយ៉ាងណា?
១២ ព្រះយេស៊ូក៏បានទុកគំរូសំរាប់ពួកសិស្សរបស់ទ្រង់ឲ្យកាន់តាមដែរ តាមរបៀបដែលទ្រង់បានបំពេញមុខងាររបស់ទ្រង់ ក្នុងការរំដោះពួកសាសន៍យូដាដែលមានចិត្តស្មោះត្រង់ដែលគេជិះជាន់លើ ឲ្យរួចពីបន្ទុកនៃទំនៀមទំលាប់របស់សាសនាមិនពិត។ (លូកា ៤:១៨) ក្នុងការស្ដាប់តាមបញ្ជារបស់ព្រះយេស៊ូឲ្យបង្កើតសិស្សនិងធ្វើពិធីជ្រមុជទឹកនោះ ពួកជនគ្រីស្ទានពីដើមបានប្រកាសយ៉ាងក្លាហានអំពីព្រះហឫទ័យរបស់ព្រះយេហូវ៉ានិងការមានព្រះជន្មរស់ឡើងវិញនៃព្រះអម្ចាស់របស់គេ។ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យណាស់ ចំពោះអាទិភាពដែលគេដាក់ដល់ការថ្វាយបង្គំទ្រង់នោះ។ ដូច្នេះ តាមរយៈអព្ភូតហេតុ ទេវតារបស់ទ្រង់បានដោះលែងសាវ័កពេត្រុសនិងយ៉ូហានចេញពីការឃុំឃាំង ហើយបានប្រាប់គេថា៖ «ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្ដាជនស្ដាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ»។ ដោយមានទឹកចិត្តខ្លាំងក្លាឡើងវិញ ពួកគេក៏ធ្វើតាមបង្គាប់នោះទៅ។ ជារៀងរាល់ថ្ងៃ គឺនៅក្នុងព្រះវិហារនៃក្រុងយេរូសាឡិមនិងពីផ្ទះមួយទៅផ្ទះមួយ ‹ពួកគេចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ›។—កិច្ចការ ១:៨; ៤:២៩, ៣០; ៥:២០, ៤២; ម៉ាថាយ ២៨:១៩, ២០
១៣, ១៤. (ក) តាំងពីជនគ្រីស្ទាននៅសម័យដើម តើសាតាំងបានប៉ុនប៉ងធ្វើអ្វីដល់ពួកអ្នកបំរើរបស់ព្រះ? (ខ) តើពួកអ្នកបំរើស្មោះត្រង់របស់ព្រះបានបន្តធ្វើអ្វី?
១៣ កាលដែលមានការប្រឆាំងរឹតតែខ្លាំងឡើងដល់ការផ្សាយ ព្រះបានបង្គាប់ឲ្យពួកអ្នកបំរើស្មោះត្រង់របស់ទ្រង់សរសេរឱវាទ ដូចនូវអ្វីដែលពេត្រុសបានសរសេរមកក្រោយពីឆ្នាំ៦០ ស.យ.៖ «ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខរបស់អ្នករាល់គ្នាទៅលើ[ព្រះយេហូវ៉ា] ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវាដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ»។ ពាក្យទាំងនោះច្បាស់ជាធ្វើឲ្យពួកជនគ្រីស្ទានពីដើមទុកចិត្តយ៉ាងខ្លាំងណាស់។ ពួកគេបានដឹងថា ក្រោយពីពួកគេបានរងទុក្ខមួយរយៈហើយនោះ ព្រះនឹងបញ្ចប់ការហ្វឹកហ្វឺនរបស់ពួកគេ។ (ពេត្រុសទី១ ៥:៧-១០) ក្នុងកំឡុងថ្ងៃចុងក្រោយនៃរបបសាសន៍យូដានោះ ពួកជនគ្រីស្ទានពិត បានលើកដំកើងការថ្វាយបង្គំនៃព្រះយេហូវ៉ាជាទីស្រឡាញ់របស់គេ។—កូល៉ុស ១:២៣
១៤ ដូចជាសាវ័កប៉ុលបានទាយមក ការបោះបង់ជំនឿ និងការបែរចេញពីការថ្វាយបង្គំពិតបានកើតឡើងមែន។ (កិច្ចការ ២០:២៩, ៣០; ថែស្សាឡូនីចទី២ ២:៣) សក្ខីភាពពីទសវត្សចុងក្រោយនៃសតវត្សទីមួយដែលបានគរទុក ជាទីសំអាងនៃរឿងនេះ។ (យ៉ូហានទី១ ២:១៨, ១៩) សាតាំងមានជ័យជំនះក្នុងការសាបព្រោះពួកជនគ្រីស្ទានក្លែងក្លាយក្នុងចំណោមពួកគ្រីស្ទានពិត ដែលធ្វើឲ្យពិបាកនឹងសម្គាល់ពួក«ស្រងែ»ពីពួកជនគ្រីស្ទានដែលមានលក្ខណៈជាស្រូវសាលី។ យ៉ាងណាក៏ដោយ ជាច្រើនសតវត្សកន្លងមក មានបុគ្គលខ្លះបានលើកការថ្វាយបង្គំនៃព្រះជាការសំខាន់ជាងគេបង្អស់ ព្រមទាំងប្រថុយជីវិតរបស់គេផង។ ប៉ុន្តែ នៅទសវត្សចុងក្រោយនៃ«គ្រា[កំណត់, ពថ]របស់សាសន៍ដទៃ» ទើបព្រះបានប្រមូលពួកអ្នកបំរើរបស់ទ្រង់ដើម្បីឲ្យលើកតំកើងការថ្វាយបង្គំពិត។—ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣; លូកា ២១:២៤
ការថ្វាយបង្គំព្រះយេហូវ៉ាបានលើកតំកើងនៅសព្វថ្ងៃនេះ
១៥. តាំងពីឆ្នាំ១៩១៩ តើទំនាយនៅអេសាយ ២:២-៤ និងនៅមីកា ៤:១-៤បានសម្រេចយ៉ាងណា?
១៥ ក្នុងឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានឲ្យអំណាចដល់ពួកសំណល់ចាក់ប្រេងតាំង ឲ្យទទួលធ្វើការផ្សាយពាសពេញពិភពលោក ដែលបានលើកតំកើងការថ្វាយបង្គំនៃព្រះពិត។ ការហូរចូលនៃពួក«ចៀមឯទៀត»ដែលជានិមិត្តរូប តាំងពីឆ្នាំ១៩៣៥មកដល់បច្ចុប្បន្ននេះ ហ្វូងមនុស្សដែលដើរឡើងទៅឯ«ភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា»ខាងវិញ្ញាណ មានចំនួនរឹតតែច្រើនឡើងៗ។ ក្នុងកំឡុងឆ្នាំ១៩៩៣ មានស្មរបន្ទាល់ព្រះយេហូវ៉ាចំនួន៤.៧០៩.៨៨៩នាក់បានសរសើរទ្រង់ ដោយអញ្ជើញពួកឯទៀតឲ្យមកចូលរួមក្នុងការថ្វាយបង្គំនេះដែរ។ នេះធ្វើឲ្យឃើញភាពខុសគ្នាណាស់ ចំពោះសភាពខាងវិញ្ញាណដ៏ថោកទាបនៃនិកាយិក «ភ្នំតូចៗ»នៃចក្រភពលោកសាសនាមិនពិត ជាពិសេសក្នុងពិភពគ្រីស្ទសាសនានោះឯង!—យ៉ូហាន ១០:១៦; អេសាយ ២:២-៤; មីកា ៤:១-៤
១៦. ដោយដឹងអំពីអ្វីៗដែលបានទាយមកនៅក្នុងអេសាយ ២:១០-២២ តើពួកអ្នកបំរើរបស់ព្រះត្រូវតែធ្វើយ៉ាងណា?
១៦ ពួកអ្នកកាន់សាសនាមិនពិតគិតថា សាសនានិងមហាវិហារ ព្រមទាំងបព្វជិតរបស់គេគឺ‹ខ្ពង់ខ្ពស់› ដោយផ្ដល់ឲ្យពួកគេនូវឋានន្តរនិងកិត្ដិយសដ៏ខ្ពង់ខ្ពស់ហួសហេតុ។ ប៉ុន្តែ ចូរកត់សម្គាល់នូវអ្វីៗដែលអេសាយបានទាយមក៖ «ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង»។ តើនៅពេលណាទើបការនេះនឹងកើតឡើង? គឺក្នុងកំឡុងសេចក្ដីវេទនាដ៏សម្បើមដែលនឹងកើតមានឡើង នៅពេលដែល«អស់ទាំងរូបព្រះនឹងសាបសូន្យបាត់ទៅអស់រលីង»។ ដោយដឹងអំពីគ្រាដែលគួរឲ្យស្ញប់ស្ញែងដែលនឹងកើតមានឡើងនេះ ពួកអ្នកបំរើរបស់ព្រះទាំងអស់ត្រូវតែពិនិត្យឲ្យបានដិតដល់ចំពោះការថ្វាយបង្គំព្រះយេហូវ៉ា ថាតើមានសារៈសំខាន់យ៉ាងណាក្នុងជីវិតរបស់គេ។—អេសាយ ២:១០-២២
១៧. តើពួកអ្នកបំរើព្រះយេហូវ៉ានៅសព្វថ្ងៃនេះ សម្ដែងឲ្យឃើញយ៉ាងណា ចំពោះអាទិភាពនៃការថ្វាយបង្គំព្រះយេហូវ៉ា?
១៧ ជាភាតរភាពអន្តរជាតិ ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវបានល្បីឈ្មោះចំពោះយតិភាពក្នុងការផ្សាយព្រះរាជាណាចក្រ។ ការថ្វាយបង្គំរបស់គេមិនមែនគ្រាន់តែជាសាសនា ដែលតម្រូវតែមួយម៉ោងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះទេ។ ក៏ប៉ុន្តែ នេះជាជីវភាពរស់នៅរបស់គេទាំងមូល។ (ទំនុកដំកើង ១៤៥:២) ពិតហើយ នៅឆ្នាំមុននេះមានស្មរបន្ទាល់ជាង៦២០.០០០នាក់បានរៀបចំកិច្ចការរបស់គេ ដើម្បីឲ្យបានចូលរួមផ្សាយពេញពេល។ យ៉ាងប្រាកដណាស់ ពួកគេទាំងប៉ុន្មានទៀតក៏មិនធ្វេសការថ្វាយបង្គំព្រះយេហូវ៉ាឡើយ។ សូម្បីតែគេមានភារកិច្ចខាងគ្រួសារ ដែលត្រូវឲ្យគេខំប្រឹងធ្វើការខាងលោកីយ៍ក្ដី ក៏ប៉ុន្តែការថ្វាយបង្គំព្រះយេហូវ៉ាជាការសំខាន់បំផុតក្នុងការសន្ទនារបស់គេជារៀងរាល់ថ្ងៃ និងក្នុងការផ្សាយជាសាធារណៈ។
១៨, ១៩. សូមធ្វើនិទ្ទេសនូវឧទាហរណ៍នៃការលើកទឹកចិត្ត ដែលអ្នកប្រហែលជាបានទទួលពីការអានដំណើររឿងនៃជីវិតរបស់ពួកស្មរបន្ទាល់។
១៨ ដំណើររឿងនៃជីវិតរបស់ស្មរបន្ទាល់ជាច្រើនដែលបានបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាម ផ្ដល់ឲ្យឃើញនូវរបៀបដែលបងប្អូនប្រុសស្រីបានរក្សាការថ្វាយបង្គំព្រះយេហូវ៉ា ជាសារៈសំខាន់ក្នុងជីវិតរបស់គេ។ ប្អូនស្រីក្មេងម្នាក់បានថ្វាយខ្លួនរបស់នាងទៅព្រះយេហូវ៉ាកាលដែលមានអាយុប្រាំមួយឆ្នាំ ហើយនាងមានគោលដៅចង់បំរើព្រះជាសាសនទូត។ ចុះចំពោះប្អូនៗប្រុសស្រីទាំងអស់វិញ តើគោលដៅមួយណាដែលអ្នកអាចជ្រើសរើស ដើម្បី ជួយអ្នកឲ្យរក្សាការថ្វាយបង្គំព្រះយេហូវ៉ាទុកជាសារៈសំខាន់ក្នុងជីវិតរបស់អ្នកនោះ?—សូមមើលអត្ថបទ «ការស្វែងរកគោលដៅដែលរៀបតាំងឡើងកាលមានអាយុប្រាំមួយឆ្នាំ» ក្នុងទស្សនាវដ្ដី ប៉មយាម ១ មីនា ឆ្នាំ១៩៩២ទំព័រ ២៦-៣០។ (ជាភាសាអង់គ្លេស)
១៩ បងស្រីមេម៉ាយម្នាក់ផ្ដល់គំរូដ៏ប្រសើរមួយ ក្នុងការយកការថ្វាយបង្គំព្រះយេហូវ៉ាទុកជាសារៈសំខាន់។ នាងបានទទួលការលើកទឹកចិត្តពីអ្នកដែលនាងបានជួយបង្ហាត់សេចក្ដីពិត ដើម្បីឲ្យនាងអាចស៊ូទ្រាំបាន។ ពួកអ្នកទាំងនោះជា«គ្រួសារ»របស់នាង។ (ម៉ាកុស ៣:៣១-៣៥) បើសិនជាអ្នកមានកាលៈទេសៈស្រដៀងនេះ តើអ្នកនឹងសុខចិត្តឲ្យពួកក្មេងៗក្នុងក្រុមជុំនំជួយផ្គត់ផ្គង់ដល់អ្នកទេ? (សូមកត់សម្គាល់នូវរបៀបដែលបងស្រីឈ្មោះ វិនីហ្វ្រាត រឹមម៉ីបានសម្ដែងមនោសញ្ចេតនាក្នុងអត្ថបទ «ខ្ញុំបានតបឆ្លើយក្នុងរដូវច្រូតកាត់» ដែលបានបោះពុម្ពក្នុងទស្សនាវដ្ដី ប៉មយាម ១ កក្កដា ឆ្នាំ១៩៩២ ទំព័រ ២១-៣) ឱពួកអ្នកបំរើពេញពេលអើយ សូមបង្ហាញថាការថ្វាយបង្គំព្រះយេហូវ៉ាពិតជាសំខាន់ទីមួយក្នុងជីវិតរបស់អ្នក ដោយបន្ទាបខ្លួនបំរើនៅកន្លែងដែលព្រះដាក់ឲ្យធ្វើ ហើយចុះចូលដោយស្ម័គ្រចិត្តនឹងការដឹកនាំព្រះធិបតេយ្យចុះ។ (សូមកត់សម្គាល់នូវគំរូរបស់បងប្រុស រ៉ោយ រ៉ាញ ដែលបានរៀបរាប់មកក្នុងអត្ថបទ «ការនៅជាប់ជាមួយនឹងអង្គការរបស់ព្រះ» ក្នុងទស្សនាវដ្ដី ប៉មយាម ១ ធ្នូ ឆ្នាំ១៩៩១ ទំព័រ ២៤-៧) ចូរចងចាំថា នៅពេលដែលយើងឲ្យអាទិភាពចំពោះការថ្វាយបង្គំព្រះយេហូវ៉ា យើងមានការទុកចិត្តថា ទ្រង់នឹងយកព្រះទ័យទុកដាក់នឹងយើង។ យើងមិនចាំបាច់ព្រួយអំពីរបស់ត្រូវការក្នុងជីវិតថានឹងបានមកពីណាឡើយ។ ការពិសោធន៍របស់បងស្រី អុលលីវនិងសុនញ៉ា ស្ព្រីងហ្គាត់បង្ហាញឲ្យឃើញរឿងនេះ។—សូមមើលអត្ថបទ «យើងបានស្វែងរកព្រះរាជាណាចក្រជាមុនសិន» ក្នុងទស្សនាវដ្ដី ប៉មយាម ១ កុម្ភៈ ឆ្នាំ១៩៩៤ ទំព័រ ២០-៥។ (ជាភាសាអង់គ្លេស)
២០. តើសំនួរអ្វីខ្លះដែលយើងត្រូវតែសួរខ្លួនយើងឥឡូវនេះ?
២០ បើដូច្នេះ ជាបុគ្គលម្នាក់ៗ តើយើងមិនត្រូវសួរសំនួរខ្លះៗដែលទាក់ទងយើងទេឬ? តើការថ្វាយបង្គំព្រះយេហូវ៉ាមានសារៈសំខាន់យ៉ាងណាក្នុងជីវិតរបស់ខ្ញុំ? តើខ្ញុំកំពុងតែបំពេញតាមឧទ្ទិសថ្វាយខ្លួនខ្ញុំ ដើម្បីនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំទេ? តើនៅកន្លែងណាដែលខ្ញុំអាចធ្វើឲ្យប្រសើរឡើងនោះ? ការពិចារណាឲ្យបានដិតដល់នូវអត្ថបទបន្ទាប់នេះ នឹងផ្ដល់ឱកាសឲ្យយើងដើម្បីបង្ហាញនូវរបៀបដែលយើងអាចប្រើធនធានរបស់យើង ក្នុងការអនុលោមទៅតាមអាទិភាពរបស់យើងក្នុងជីវិត—គឺការថ្វាយបង្គំព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ាជាព្រះវរបិតាដែលមានសេចក្ដីស្រឡាញ់របស់យើង។—សាស្ដា ១២:១៣; កូរិនថូសទី២ ១៣:៥
ការពិនិត្យសាឡើងវិញ
◻ ចំពោះការថ្វាយបង្គំ តើព្រះយេហូវ៉ាតម្រូវឲ្យធ្វើយ៉ាងណា?
◻ តើរោងឧបោសថបានប្រើសំរាប់ការរំឭកអំពីអ្វី?
◻ នៅក្នុងសតវត្សទីមួយសករាជយើង តើអ្នកណាដែលជាគំរូដ៏អស្ចារ្យនៃយតិភាពចំពោះការថ្វាយបង្គំពិត ហើយតាមរបៀបណា?
◻ តាំងពីឆ្នាំ១៩១៩មក តើការថ្វាយបង្គំព្រះយេហូវ៉ាត្រូវបានលើកតំកើងយ៉ាងដូចម្ដេច?