«ព្រះគឺជាសេចក្ដីស្រឡាញ់»
«អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។—យ៉ូហានទី១ ៤:៨
១-៣. (ក) តើព្រះគម្ពីរចែងយ៉ាងណាអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? ហេតុអ្វីចំណែងនេះខុសប្លែកពីចំណែងអំពីគុណសម្បត្ដិឯទៀត? (ខ) ហេតុអ្វីព្រះគម្ពីរចែងថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»?
គុណសម្បត្ដិទាំងអស់របស់ព្រះយេហូវ៉ាគឺល្អឆ្នើម ឥតខ្ចោះ និងក៏ទាក់ទាញទឹកចិត្តយើងផងដែរ។ ប៉ុន្តែ គុណសម្បត្ដិដែលធ្វើឲ្យយើងស្រឡាញ់ទ្រង់ជាងគេគឺជាសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺជាគុណសម្បត្ដិដែលទាក់ទាញយើងខ្លាំងបំផុតឲ្យចូលទៅជិតទ្រង់។ យើងសប្បាយដែលសេចក្ដីស្រឡាញ់ជាគុណសម្បត្ដិចំបងរបស់ទ្រង់។ តើយើងដឹងថា សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិចំបងរបស់ទ្រង់ដោយដូចម្ដេច?
២ អ្វីដែលព្រះគម្ពីរចែងអំពីសេចក្ដីស្រឡាញ់ ព្រះគម្ពីរមិនបានចែងអំពីគុណសម្បត្ដិសំខាន់ឯទៀតរបស់ព្រះយេហូវ៉ាដូច្នេះទេ។ បទគម្ពីរមិនដែលចែងថា ព្រះជាតេជានុភាព ឬព្រះជាយុត្ដិធម៌ ឬព្រះជាប្រាជ្ញាទេ។ ទ្រង់មានគុណសម្បត្ដិទាំងនេះ ហើយទ្រង់ក៏ជាប្រភពដើមនៃគុណសម្បត្ដិទាំងអស់នេះដែរ។ ប៉ុន្តែ ចំពោះសេចក្ដីស្រឡាញ់វិញ មានចំណែងមួយដែលមានអត្ថន័យជ្រាលជ្រៅនៅយ៉ូហានទី១ ៤:៨ ថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ ពិតណាស់ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺជ្រាលជ្រៅពន់ពេក ហើយនេះជាធាតុពិតរបស់ទ្រង់តែម្ដង។ បើនិយាយជាទូទៅវិញ យើងអាចពន្យល់ដូចតទៅនេះ៖ តេជានុភាពរបស់ព្រះយេហូវ៉ាផ្ដល់សមត្ថភាពឲ្យទ្រង់ធ្វើអ្វីមួយ។ យុត្ដិធម៌និងប្រាជ្ញារបស់ទ្រង់ណែនាំការប្រព្រឹត្តរបស់ទ្រង់។ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាជំរុញព្រះទ័យទ្រង់ឲ្យប្រព្រឹត្ត។ បន្ថែមទៅទៀត សេចក្ដីស្រឡាញ់របស់ទ្រង់សឲ្យឃើញជានិច្ចក្នុងរបៀបដែលទ្រង់ប្រើគុណសម្បត្ដិឯទៀតរបស់ទ្រង់។
៣ ដោយសារព្រះយេហូវ៉ាជាសេចក្ដីស្រឡាញ់ យើងត្រូវតែរៀនអំពីទ្រង់ ទើបអាចយល់ថាសេចក្ដីស្រឡាញ់ជាអ្វីទៅ។ ដូច្នេះ សូមយើងពិចារណានូវលក្ខណៈផ្សេងៗនៃសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាដែលគ្មានអ្វីប្រៀបបាន។
ការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត
៤, ៥. (ក) តើអ្វីជាការប្រព្រឹត្តប្រកបដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលពុំធ្លាប់មានដូច? (ខ) ហេតុអ្វីយើងអាចនិយាយថាចំណងនៃសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់មានចំពោះគ្នានិងគ្នាគឺខ្លាំងបំផុតមិនដែលមានដូចនោះ?
៤ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបជាច្រើនយ៉ាង ប៉ុន្តែមានរបៀបមួយដែលលេចធ្លោជាងគេបំផុត។ តើនោះជាអ្វីទៅ? នោះគឺនៅពេលដែលទ្រង់ចាត់រាជបុត្រារបស់ទ្រង់ឲ្យមករងទុក្ខនិងសោយទិវង្គតជំនួសយើង។ យើងអាចប្រាកដថា នេះគឺជាការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលពុំធ្លាប់មានទេ។ ហេតុអ្វីយើងអាចនិយាយដូច្នេះបាន?
៥ ព្រះគម្ពីរចែងថាព្រះយេស៊ូគឺ«បងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក»។ (កូល៉ុស ១:១៥) សូមគិតទៅមើល រាជបុត្រារបស់ព្រះយេហូវ៉ាមានព្រះជន្មរស់មុនមានសកលលោកទៅទៀត! តើព្រះវរបិតានិងរាជបុត្រាធ្លាប់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានទៅ? អ្នកវិទ្យាសាស្ត្រខ្លះប៉ាន់ស្មានថាសកលលោកមានកំណើតតាំងពី១.៣០០កោដិឆ្នាំមុន។ ប៉ុន្តែ មិនថាការប៉ាន់ស្មាននេះត្រូវឬមិនត្រូវក៏ដោយវានៅតែខ្លីជាងព្រះជន្មាយុរបស់រាជបុត្រាច្បងរបស់ព្រះយេហូវ៉ា! តើរាជបុត្រាបានធ្វើអ្វីខ្លះក្នុងរយៈពេលយូរអង្វែងនេះ? រាជបុត្រាបានបំរើយ៉ាងរីករាយជា«មេជាង»របស់ព្រះវរបិតា។ (សុភាសិត ៨:៣០; យ៉ូហាន ១:៣) ព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់បានធ្វើការជាមួយគ្នាដើម្បីធ្វើរបស់សព្វសារពើ។ ទ្រង់ទាំងពីរអង្គច្បាស់ជាបានរីករាយនិងរំភើបជាទីបំផុត! គ្មានយើងណាម្នាក់អាចយល់ពីចំណងមេត្រីភាពដ៏រឹងមាំដែលមានអស់រយៈពេលយូរអង្វែងដូច្នេះបានទេ សូម្បីតែបន្ដិចក៏មិនយល់ផង មែនទេ? ដូច្នេះ យើងឃើញច្បាស់ថា ចំណងនៃសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់មានរវាងគ្នានិងគ្នាគឺខ្លាំងបំផុតមិនដែលមានដូចទេ។
៦. នៅពេលដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក តើព្រះយេហូវ៉ាបានបង្ហាញនូវអារម្មណ៍ដែលទ្រង់មានចំពោះរាជបុត្រាយ៉ាងដូចម្ដេច?
៦ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាចាត់រាជបុត្រារបស់ទ្រង់មកផែនដីឲ្យកើតជាកូនមនុស្សជាតិ។ នេះបានន័យថា អស់ជាច្រើនឆ្នាំ ព្រះយេហូវ៉ាលះបង់ភាពស្និទ្ធស្នាលនៅស្ថានសួគ៌ជាមួយរាជបុត្រាស្ងួនភ្ងារបស់ទ្រង់។ ដោយមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រះយេហូវ៉ាបានទតព្រះនេត្រពីស្ថានសួគ៌មកនៅពេលដែលព្រះយេស៊ូធំឡើងជាបុរសគ្រប់ល័ក្ខណ៍។ នៅពេលព្រះយេស៊ូមានព្រះជន្មាយុ៣០ឆ្នាំ ទ្រង់ទទួលបុណ្យជ្រមុជទឹក។ នៅគ្រានោះ ព្រះវរបិតាមានបន្ទូលចេញពីស្ថានសួគ៌ថា៖‹នេះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់›។ (ម៉ាថាយ ៣:១៧) ដោយឃើញថាព្រះយេស៊ូបានប្រព្រឹត្តយ៉ាងស្មោះត្រង់តាមអ្វីទាំងអស់ដែលត្រូវទាយទុកជាមុន និងធ្វើតាមអ្វីទាំងអស់ដែលត្រូវបានតម្រូវពីទ្រង់ នោះព្រះវរបិតាពិតជាបានរីករាយក្រៃលែង!—យ៉ូហាន ៥:៣៦; ១៧:៤
៧, ៨. (ក) តើព្រះយេស៊ូត្រូវរងទ្រាំនឹងអ្វីខ្លះនៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.? ហើយតើនេះមានឥទ្ធិពលយ៉ាងណាមកលើព្រះទ័យព្រះវរបិតារបស់ទ្រង់? (ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យរាជបុត្រារបស់ទ្រង់រងទុក្ខនិងសោយទិវង្គត?
៧ ក៏ប៉ុន្តែ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណានៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ. ពេលដែលព្រះយេស៊ូត្រូវគេក្បត់ និងចាប់ខ្លួនទ្រង់ដោយក្រុមជនឃោរឃៅនោះ? តើទ្រង់មានអារម្មណ៍យ៉ាងណាពេលដែលព្រះយេស៊ូត្រូវគេសើចចំអក ស្ដោះទឹកមាត់ដាក់ និងវាយតប់នោះ? តើទ្រង់មានអារម្មណ៍យ៉ាងណានៅពេលដែលព្រះយេស៊ូត្រូវគេវាយនឹងខ្សែតី រយៈដាច់សាច់ខ្នងយ៉ាងជ្រៅនោះ? តើព្រះមានអារម្មណ៍យ៉ាងណានៅពេលដែលព្រះយេស៊ូត្រូវគេបោះដែកគោលភ្ជាប់ព្រះហស្តនិងព្រះបាទនឹងបង្គោលឈើ រួចព្យួរទ្រង់ចោលឲ្យមនុស្សតិះដៀលនោះ? តើព្រះវរបិតាមានអារម្មណ៍យ៉ាងណានៅពេលដែលរាជបុត្រារបស់ទ្រង់ស្រែកទូលទ្រង់ទាំងឈឺចាប់យ៉ាងវេទនានោះ? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណានៅពេលព្រះយេស៊ូផុតដង្ហើមទៅ ហើយជាលើកទីមួយតាំងពីកំណើតសកលលោកមក មិនមានរាជបុត្រាស្ងួនភ្ងារបស់ទ្រង់?—ម៉ាថាយ ២៦:១៤-១៦, ៤៦, ៤៧, ៥៦, ៥៩, ៦៧; ២៧:២៦, ៣៨-៤៤, ៤៦; យ៉ូហាន ១៩:១
៨ ដោយព្រោះព្រះយេហូវ៉ាក៏ចេះមានអារម្មណ៍ដែរ ការឈឺចាប់ក្នុងព្រះទ័យនៅពេលដែលរាជបុត្រារបស់ទ្រង់បានសោយទិវង្គតនោះ គឺខ្លាំងរកពណ៌នាពុំបានឡើយ។ ប៉ុន្តែ យើងអាចពណ៌នាបាននូវមូលហេតុដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យរឿងនេះកើតឡើង។ ហេតុអ្វីបានជាព្រះវរបិតាសុខចិត្តឈឺចាប់ដូច្នេះ? ព្រះយេហូវ៉ាសម្ដែងឲ្យយើងយល់នូវអ្វីដ៏អស្ចារ្យមួយនៅយ៉ូហាន ៣:១៦។ ខគម្ពីរនេះគឺសំខាន់ដ៏ម្ល៉េះ ដែលធ្លាប់មានគេដាក់ឈ្មោះខនោះថា សេចក្ដីសង្ខេបនៃសៀវភៅដំណឹងល្អ។ ខនោះអានថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ដូច្នេះ បើនិយាយឲ្យចំទៅ ហេតុដែលជំរុញព្រះទ័យរបស់ព្រះគឺ សេចក្ដីស្រឡាញ់។ ពុំដែលមានការសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅជាងនេះទេ។
របៀបព្រះយេហូវ៉ាធ្វើឲ្យយើងមានទំនុកចិត្តថាទ្រង់ស្រឡាញ់យើង
៩. ស្តីអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះយើង តើសាតាំងចង់ធ្វើឲ្យយើងជឿអ្វី? ប៉ុន្តែ តើព្រះយេហូវ៉ាធានាអ្វី?
៩ ក៏ប៉ុន្តែ នេះនាំឲ្យមានសំនួរសំខាន់មួយ៖ តើព្រះស្រឡាញ់រូបយើងផ្ទាល់ឬ? មនុស្សខ្លះយល់ស្របថា ព្រះស្រឡាញ់មនុស្សជាតិជាទូទៅ ដូចយ៉ូហាន ៣:១៦ចែងនោះ។ ប៉ុន្តែ ពួកគេក៏មានអារម្មណ៍ថា‹ព្រះមិនអាចស្រឡាញ់រូបខ្ញុំទេ›។ ការពិត អារក្សចង់ឲ្យយើងជឿណាស់ថាព្រះយេហូវ៉ាមិនស្រឡាញ់យើង និងទ្រង់មិនឲ្យតម្លៃមកលើយើងទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាធានាថា អ្នកបំរើស្មោះត្រង់ម្នាក់ៗរបស់ទ្រង់មានតម្លៃពិតមែន ទោះជាយើងគិតថាខ្លួនមិនគួរឲ្យស្រឡាញ់ឬគ្មានតម្លៃយ៉ាងណាក្ដី។
១០, ១១. តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីចាបពូកបញ្ជាក់តម្លៃរបស់យើងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០ ជាឧទាហរណ៍ សូមពិចារណាបន្ទូលរបស់ព្រះយេស៊ូនៅម៉ាថាយ ១០:២៩-៣១។ ព្រះយេស៊ូបានបញ្ជាក់ពីតម្លៃនៃសិស្សរបស់ទ្រង់ ដោយមានបន្ទូលថា៖ «តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ។ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន»។ សូមពិចារណានូវអ្វីដែលអ្នកស្ដាប់ព្រះយេស៊ូនៅសតវត្សទីមួយនោះបានយល់ចំពោះបន្ទូលរបស់ទ្រង់។
១១ នៅសម័យព្រះយេស៊ូ ចាបពូកជាចាបថោកបំផុតដែលគេលក់ធ្វើជាអាហារ។ មនុស្សម្នាក់អាចទិញបានចាបពីរ ក្នុងតម្លៃតែលុយកាក់មួយដែលមិនសូវមានតម្លៃទេ។ ប៉ុន្តែ ក្រោយមក ព្រះយេស៊ូបានមានបន្ទូលនៅលូកា ១២:៦, ៧ ថា បើឲ្យកាក់ពីរនោះ មនុស្សម្នាក់អាចបានចាបប្រាំក្បាល មិនមែនបួនទេ។ ចាបមួយទៀតនោះត្រូវបន្ថែមដូចជារបស់គ្មានតម្លៃអ្វីសោះ។ ប្រហែលជាចាបនេះគ្មានតម្លៃចំពោះមនុស្សជាតិមែន ប៉ុន្តែ តើអ្នកបង្កើតមានទស្សនៈយ៉ាងណាចំពោះចាបនេះ? ព្រះយេស៊ូមានបន្ទូលថា៖ «គ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ» សូម្បីតែចាបមួយនោះដែលគេបន្ថែមឥតគិតថ្លៃក៏ដោយ។ ឥឡូវយើងអាចយល់គោលចំណុចដែលព្រះយេស៊ូបានបញ្ជាក់នោះ។ ដោយព្រោះព្រះយេហូវ៉ាចាត់ទុកចាបមួយជាអ្វីដែលមានតម្លៃម្ល៉េះ នោះមនុស្សជាតិមានតម្លៃច្រើនជាងអំបាលម៉ានទៅទៀត! ដូចព្រះយេស៊ូមានបន្ទូលនោះ ព្រះយេហូវ៉ាស្គាល់អ្វីៗទាំងអស់អំពីយើង។ សូម្បីតែសរសៃសក់របស់យើង ក៏ទ្រង់ជ្រាបចំនួនដែរ!
១២. ហេតុអ្វីបានជាយើងអាចជឿជាក់ថាព្រះយេស៊ូមិនបានមានបន្ទូលពន្លើសនៅពេលដែលទ្រង់មានបន្ទូលថាសរសៃសក់របស់យើងត្រូវបានរាប់អស់?
១២ បុគ្គលខ្លះប្រហែលជាសន្មតថាព្រះយេស៊ូកំពុងតែមានបន្ទូលពន្លើសក្នុងខនេះ។ ប៉ុន្តែ សូមគិតអំពីដំណើររស់ឡើងវិញ។ ដើម្បីបង្កើតយើងសាជាថ្មីឡើងវិញ ព្រះយេហូវ៉ាត្រូវតែស្គាល់យើងច្បាស់ជាទីបំផុត! ចំពោះទ្រង់យើងមានតម្លៃដល់ម្ល៉េះដែលទ្រង់ចាំសេចក្ដីល្អិតល្អន់ទាំងអស់អំពីយើង រួមទាំងពត៌មានសេនេទិចដ៏សាំញ៉ាំរបស់យើង ហើយសេចក្ដីនឹកចាំនិងបទពិសោធន៍ទាំងឡាយដែលយើងបានប្រមូលទុក។ ការរាប់សរសៃសក់របស់យើង ដែលជាមធ្យមមនុស្សជាតិមាន១០០.០០០សរសៃ គឺងាយស្រួលជាងឆ្ងាយណាស់។ បន្ទូលរបស់ព្រះយេស៊ូធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងខ្លាំងបំផុតថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើងម្នាក់ៗ!
១៣. តើយ៉ាងដូចម្ដេចដែលកំណត់ហេតុអំពីស្តេចយ៉ូសាផាតបង្ហាញថា ព្រះយេហូវ៉ារកលក្ខណៈល្អរបស់យើងទោះជាយើងមិនគ្រប់ល័ក្ខណ៍ក៏ដោយ?
១៣ ព្រះគម្ពីរសម្ដែងឲ្យយល់អ្វីមួយទៀតដែលធានាថាព្រះយេហូវ៉ាស្រឡាញ់យើង គឺទ្រង់រកនិងឲ្យតម្លៃទៅលើលក្ខណៈល្អរបស់យើង។ ជាឧទាហរណ៍ សូមគិតអំពីស្តេចយ៉ូសាផាតដែលជាស្តេចល្អ។ នៅពេលដែលស្តេចនេះបានធ្វើអ្វីមិនល្អ ព្យាការីរបស់ព្រះយេហូវ៉ាប្រាប់ទ្រង់ថា៖«មានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ»។ នេះពិតជាធ្ងន់ធ្ងរមែន! ប៉ុន្តែ សាររបស់ព្រះយេហូវ៉ាមិនមានតែប៉ុណ្ណេះទេ។ សារនោះបន្តថា៖«ប៉ុន្តែ ឃើញមានសេចក្ដីល្អខ្លះនៅក្នុងទ្រង់ដែរ»។ (របាក្សត្រទី២ ១៩:១-៣) ដូច្នេះ សេចក្ដីក្រោធដ៏សុចរិតរបស់ព្រះយេហូវ៉ាមិនបានបិទព្រះនេត្រទ្រង់ចំពោះ«សេចក្ដីល្អ»ដែលស្តេចយ៉ូសាផាតមាននោះទេ។ នេះពិតជាធ្វើឲ្យយើងមានទំនុកចិត្តណាស់ដោយដឹងថា ព្រះរបស់យើងរកលក្ខណៈល្អរបស់យើងទោះជាយើងមិនគ្រប់ល័ក្ខណ៍ក៏ដោយ មែនទេ?
ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
១៤. នៅពេលដែលយើងប្រព្រឹត្តអំពើបាប តើយើងប្រហែលជាត្រូវទ្រាំនឹងអារម្មណ៍អ្វីខ្លះ? ប៉ុន្តែ តើយើងអាចទទួលប្រយោជន៍ពីការអត់ទោសរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៤ នៅពេលយើងធ្វើបាប ការខកចិត្ត ការខ្មាសនិងការសោកស្ដាយដែលយើងមានប្រហែលជាធ្វើឲ្យយើងគិតថា យើងមិនគួរនឹងមានឯកសិទ្ធិបំរើព្រះយេហូវ៉ាទេ។ ប៉ុន្តែ សូមចាំថាព្រះយេហូវ៉ា«បំរុងតែនឹងអត់ទោស»។ (ទំនុកដំកើង ៨៦:៥) ពិតណាស់ បើយើងប្រែចិត្តពីអំពើបាបនិងព្យាយាមយ៉ាងខ្លាំងកុំឲ្យធ្វើម្ដងទៀត យើងអាចទទួលប្រយោជន៍ពីការអត់ទោសរបស់ព្រះយេហូវ៉ា។ សូមពិចារណាការពណ៌នាក្នុងព្រះគម្ពីរស្តីអំពីលក្ខណៈប្រសើរថ្លៃថ្លានោះដែលជាផ្នែកនៃសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។
១៥. តើព្រះយេហូវ៉ាដាក់បាបរបស់ឲ្យយើងឆ្ងាយពីយើងប៉ុនណាទៅ?
១៥ ដាវីឌដែលសរសេរទំនុកដំកើងបានពណ៌នាអំពីការអត់ទោសរបស់ព្រះយេហូវ៉ា ដោយប្រើពាក្យដែលបង្ហាញឲ្យឃើញទិដ្ឋភាពច្បាស់ នៅពេលដែលទ្រង់សរសេរថា៖«ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ»។ (ទំនុកដំកើង ១០៣:១២, កំណែជាអក្សរទ្រេត) តើទិសខាងកើតគឺឆ្ងាយពីទិសខាងលិចប៉ុនណាទៅ? យើងអាចនិយាយថា ទិសខាងកើតជាចំណុចឆ្ងាយបំផុតពីទិសខាងលិច។ ទិសទាំងពីរនេះគ្មានជំនួបទេ។ បណ្ឌិតម្នាក់កត់សម្គាល់ថា ពាក្យនេះបានន័យថា«ឆ្ងាយបំផុត ឬចម្ងាយឆ្ងាយបំផុតដែលយើងអាចគិតឃើញបាន»។ ពាក្យរបស់ដាវីឌដែលព្រះបានបណ្ដាលឲ្យសរសេរនោះបង្រៀនយើងថា នៅពេលដែលព្រះយេហូវ៉ាអត់ទោសឲ្យយើង ទ្រង់ដាក់អំពើបាបរបស់យើងឲ្យនៅឆ្ងាយបំផុតដែលយើងអាចគិតឃើញបាន។
១៦. នៅពេលដែលព្រះយេហូវ៉ាអត់ទោសបាបរបស់យើង ហេតុអ្វីយើងអាចជឿជាក់ថាទ្រង់ចាត់ទុកយើងស្អាតពីបាប?
១៦ តើអ្នកធ្លាប់ខំបោកស្នាមប្រឡាក់មួយចេញពីសំលៀកបំពាក់ពណ៌ស្រស់ខ្ចីទេ? ទោះជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ នៅតែអាចមើលឃើញស្នាមនោះដដែល។ សូមកត់សម្គាល់នូវរបៀបព្រះយេហូវ៉ាពណ៌នាអំពីសមត្ថភាពអត់ទោសរបស់ទ្រង់៖ «ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅ[ឬ«ក្រហមជាំ», ព.ថ.]ក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»។ (អេសាយ ១:១៨) ពាក្យ«ក្រហមទែង»សំដៅលើក្រហមឆើត។a «ក្រហមជាំ»គឺជាពណ៌ចាស់មួយដែលគេប្រើជ្រលក់ក្រណាត់។ យើងមិនអាចបំបាត់ស្នាមនោះដោយការខំប្រឹងរបស់ខ្លួនឯងបានឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាអាចធ្វើឲ្យបាបដែលប្រៀបដូចជាក្រហមទែងនិងក្រហមជាំទៅជាសដូចហិម:ឬទឹកកក ឬរោមចៀមមិនជ្រលក់ពណ៌។ ដូច្នេះ នៅពេលព្រះយេហូវ៉ាអត់ទោសបាបរបស់យើង យើងមិនចាំបាច់ខ្លាចថាយើងត្រូវមានស្នាមប្រឡាក់ជាប់អស់មួយជីវិតដោយសារបាបនោះទេ។
១៧. ពាក្យដែលថាព្រះយេហូវ៉ាបោះបាបរបស់យើងទៅក្រោយទ្រង់ មានន័យដូចម្ដេច?
១៧ ហេសេគាបាននិពន្ធចំរៀងដ៏ពីរោះក្រៃលែងមួយ ដើម្បីបញ្ជាក់អំណរគុណរបស់ទ្រង់ក្រោយត្រូវបានប្រោសឲ្យរួចពីជំងឺធ្ងន់ធ្ងរដែលមុខជាស្លាប់នោះ។ ទ្រង់បានទូលព្រះយេហូវ៉ាថា៖«ទ្រង់បានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយទ្រង់ហើយ»។ (អេសាយ ៣៨:១៧) នៅទីនេះ ពណ៌នាថាព្រះយេហូវ៉ាយកបាបរបស់អ្នកដែលធ្វើខុសតែប្រែចិត្តបោះទៅក្រោយមិនឲ្យទតឃើញឬចាប់អារម្មណ៍អំពីនោះទៀតឡើយ។ យោងតាមឯកសារមួយ ចំណុចនេះអាចត្រូវបញ្ជាក់ដូចតទៅនេះថា«ទ្រង់បានធ្វើឲ្យ[បាបរបស់ទូលបង្គំ] ហាក់ដូចជាមិនមានអ្វីកើតឡើង»។ នេះពិតជាសម្រាលទុក្ខយើងណាស់ មែនទេ?
១៨. តើព្យាការីមីកាបង្ហាញថាព្រះយេហូវ៉ាអត់ទោសដោយបំភ្លេចបាបរបស់យើងលែងនឹកចាំទៀតយ៉ាងដូចម្ដេច?
១៨ ក្នុងសេចក្ដីសន្យាស្តីអំពីការនាំរាស្ត្ររបស់ព្រះមកវិញ ព្យាការីមីកាបានបញ្ជាក់ជំនឿរបស់គាត់ថា ព្រះយេហូវ៉ានឹងអត់ទោសឲ្យរាស្ត្ររបស់ទ្រង់ដែលប្រែចិត្ត។ «តើមានអ្នកណាជាព្រះឲ្យដូចទ្រង់? . . . [ទ្រង់]បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ . . . ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ»។ (មីកា ៧:១៨, ១៩) សូមគិតទៅលើអត្ថន័យនៃពាក្យទាំងនេះចំពោះប្រជាជននៅសម័យព្រះគម្ពីរ។ តើមានលទ្ធភាពទទួលមកវិញនូវអ្វីដែលត្រូវបានបោះទៅក្នុង«សមុទ្រជ្រៅ»ឬ? ពាក្យសំដីរបស់មីកាបង្ហាញថានៅពេលដែលព្រះយេហូវ៉ាអត់ទោស នោះទ្រង់បំភ្លេចចោលអំពើបាបរបស់យើងឲ្យលែងនឹកចាំទៀត។
«ព្រះហឫទ័យមេត្ដាករុណារបស់ព្រះនៃយើង»
១៩, ២០. (ក) តើកិរិយាស័ព្ទភាសាហេព្រើរដែលត្រូវបកប្រែថា«អាណិតអាសូរ»មានន័យដូចម្ដេច? (ខ) តើព្រះគម្ពីរសំដៅលើអារម្មណ៍ដែលម្ដាយម្នាក់មានចំពោះកូនង៉ាខ្លួនដើម្បីបង្រៀនយើងអំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៩ សេចក្ដីមេត្ដាករុណាគឺជាផ្នែកមួយទៀតនៃសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ តើសេចក្ដីមេត្ដាករុណាជាអ្វី? ពាក្យភាសាហេព្រើរនិងក្រិចមួយចំនួនបញ្ជាក់អត្ថន័យនៃការមេត្ដា។ ជាឧទាហរណ៍ ពាក្យរ៉ាខាម់ ដែលជាកិរិយាស័ព្ទភាសាហេព្រើរ ច្រើនតែបកប្រែថា«អាណិតអាសូរ»។ ពាក្យភាសាហេព្រើរនេះដែលព្រះយេហូវ៉ាប្រើសំដៅលើអង្គទ្រង់ ជាប់ទាក់ទងនឹងពាក្យសំរាប់«ស្បូន»និងអាចត្រូវពន្យល់ម្យ៉ាងទៀតថា«សេចក្ដីមេត្ដាករុណារបស់ម្ដាយ»។
២០ ព្រះគម្ពីរសំដៅលើអារម្មណ៍ដែលម្ដាយមួយរូបមានចំពោះកូនង៉ារបស់ខ្លួនដើម្បីបង្រៀនយើងអំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ អេសាយ ៤៩:១៥ ចែងថា៖«តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួនដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្ដា[រ៉ាខាម់]កូនដែលកើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថា ម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!»។ (ព្រះគម្ពីរភាសាខ្មែរសម្រាយ) ពិតជាពិបាកជឿណាស់ថាម្ដាយម្នាក់អាចភ្លេចចិញ្ចឹមថែរក្សាកូនខ្លួនដែលនៅបៅ។ យ៉ាងណាមិញ កូនង៉ាមិនអាចទីពឹងខ្លួនបានឡើយ និងត្រូវការម្ដាយយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ។ ប៉ុន្តែ គួរឲ្យសោកស្ដាយណាស់ថា ពិតមែនមានម្ដាយខ្លះដែលមិនចិញ្ចឹមកូនទេ ជាពិសេសនៅ«គ្រាលំបាក»នេះ។ (ធីម៉ូថេទី២ ៣:១, ៣) ប៉ុន្តែ ព្រះយេហូវ៉ាប្រកាសថា«ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!»។ បើប្រៀបធៀបសេចក្ដីមេត្ដាករុណាប្រកបដោយភាពកក់ក្ដៅដែលព្រះយេហូវ៉ាមានចំពោះអ្នកបំរើទ្រង់ នឹងសេចក្ដីមេត្ដាករុណាដែលម្ដាយមានចំពោះកូនង៉ារបស់ខ្លួនដែលជាអារម្មណ៍កក់ក្ដៅបំផុតដែលមនុស្សមានជាធម្មតា នោះសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាគឺខ្លាំងជាងឆ្ងាយណាស់ដែលរកយល់ពុំបាន។
២១, ២២. តើមានអ្វីកើតឡើងដល់អ៊ីស្រាអែលនៅប្រទេសអេស៊ីបពីបុរាណ? ហើយ តើព្រះយេហូវ៉ាឆ្លើយតបនឹងការអំពាវនាវរបស់ពួកគេយ៉ាងដូចម្ដេច?
២១ តើព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាដូចមាតាឬបិតាម្នាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច? គុណសម្បត្ដិនេះសឲ្យឃើញក្នុងរបៀបទ្រង់ប្រព្រឹត្តទៅលើអ៊ីស្រាអែលនៅសម័យបុរាណ។ នៅដំណាច់សតវត្សទី១៦មុនស.យ. ជនជាតិអ៊ីស្រាអែលរាប់លាននាក់ត្រូវបំរើជាខ្ញុំកញ្ជះនៅប្រទេសអេស៊ីប ដែលនៅទីនោះត្រូវគេជិះជាន់យ៉ាងខ្លាំង។ (និក្ខមនំ ១:១១, ១៤) ក្នុងកាលដែលរងទុក្ខ អ៊ីស្រាអែលអំពាវនាវសុំព្រះយេហូវ៉ាឲ្យជួយ។ តើព្រះនៃសេចក្ដីមេត្ដាករុណាបានឆ្លើយតបយ៉ាងដូចម្ដេច?
២២ នេះបានធ្វើឲ្យព្រះយេហូវ៉ារំជួលព្រះទ័យ។ ទ្រង់មានបន្ទូលថា៖‹យើងបានឃើញសេចក្ដីវេទនារបស់រាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវ . . . យើងស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ›។ (និក្ខមនំ ៣:៧) ព្រះយេហូវ៉ាមិនអាចទតឃើញការរងទុក្ខរបស់រាស្ត្រទ្រង់ឬឮសម្រែកអំពាវនាវរបស់ពួកគេដោយមិនអាណិតអាសូរយល់អារម្មណ៍ពួកគេឡើយ។ ព្រះយេហូវ៉ាជាព្រះដែលចេះយល់អារម្មណ៍។ ហើយការយល់អារម្មណ៍ដែលជាសមត្ថភាពយល់ពីទំហំទុក្ខរបស់អ្នកឯទៀត ក៏ជាប់ទាក់ទងនឹងសេចក្ដីមេត្ដាករុណាផងដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែបានអាណិតរាស្ត្រទ្រង់នោះទេ ព្រះទ័យទ្រង់ជំរុញឲ្យចាត់វិធានការជួយពួកគេទៀតផង។ អេសាយ ៦៣:៩ ចែងថា៖«ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្ដាករុណារបស់ទ្រង់»។ ដោយ«ព្រះហស្តដ៏មានព្រះចេស្ដា»ទ្រង់សង្គ្រោះអ៊ីស្រាអែលពីអេស៊ីប។ (ចោទិយកថា ៤:៣៤) ក្រោយនោះ ទ្រង់ប្រទានអាហារដោយអព្ភូតហេតុនិងនាំពួកគេទៅដល់ស្រុកមួយដែលទុកបំរុងឲ្យពួកគេដែលសំបូរភោគផលធម្មជាតិ។
២៣. (ក) តើអ្នកតែងទំនុកដំកើងធ្វើឲ្យយើងមានទំនុកចិត្តថាព្រះយេហូវ៉ាពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងមកលើយើងម្នាក់ៗយ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេច?
២៣ ព្រះយេហូវ៉ាមិនគ្រាន់តែបង្ហាញសេចក្ដីមេត្ដាករុណាចំពោះរាស្ត្រទ្រង់ជាទូទៅប៉ុណ្ណោះទេ។ ព្រះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ក៏យកព្រះទ័យទុកដាក់យ៉ាងខ្លាំងមកលើយើងម្នាក់ៗផងដែរ។ ទ្រង់ជ្រាបយ៉ាងច្បាស់អំពីការលំបាកណាដែលយើងឆ្លងកាត់។ អ្នកតែងទំនុកដំកើងបានសរសេរថា៖«ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប»។ (ទំនុកដំកើង ៣៤:១៥, ១៨) តើព្រះយេហូវ៉ាជួយយើងម្នាក់ៗយ៉ាងដូចម្ដេច? ទ្រង់មិនតែងតែបំបាត់អ្វីដែលកំពុងតែធ្វើឲ្យយើងមានទុក្ខលំបាកទេ។ ប៉ុន្តែ ទ្រង់ផ្គត់ផ្គង់សំវិធានការយ៉ាងបរិបូរដើម្បីជួយអ្នកដែលអំពាវនាវរកទ្រង់។ ឱវាទក្នុងព្រះបន្ទូលរបស់ទ្រង់អាចជួយបានយ៉ាងច្រើននៅពេលដែលអនុវត្តតាម។ នៅក្នុងក្រុមជំនុំ ទ្រង់រៀបចំឲ្យមានអ្នកត្រួតពិនិត្យដែលមានលក្ខណៈគ្រប់គ្រាន់ខាងវិញ្ញាណ និងព្យាយាមបង្ហាញសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ាទៅលើអ្នកឯទៀត។ (យ៉ាកុប ៥:១៤, ១៥) ក្នុងនាមជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» នោះព្រះយេហូវ៉ាប្រទាន«ព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម»។ (ទំនុកដំកើង ៦៥:២; លូកា ១១:១៣) សំវិធានការទាំងអស់នេះជាការសម្ដែងនូវ«ព្រះហឫទ័យមេត្ដាករុណារបស់ព្រះនៃយើង»។—លូកា ១:៧៨
២៤. តើអ្នកនឹងឆ្លើយតបនឹងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២៤ ការគិតពិចារណាអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតារបស់យើងនៅស្ថានសួគ៌ពិតជាធ្វើឲ្យយើងរំភើបចិត្តណាស់ មែនទេ? ក្នុងអត្ថបទមុន យើងត្រូវបានរំឭកឲ្យដឹងថាព្រះយេហូវ៉ាបានប្រើតេជានុភាព យុត្ដិធម៌ និងប្រាជ្ញារបស់ទ្រង់ដោយសេចក្ដីស្រឡាញ់ប្រយោជន៍ដល់យើង។ ក្នុងអត្ថបទនេះ យើងបានរៀនថាព្រះយេហូវ៉ាបានសម្ដែងដោយផ្ទាល់នូវសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សនិងយើងម្នាក់ៗផងតាមវិធីផ្សេងៗដែលគួរឲ្យកត់សម្គាល់។ ឥឡូវ យកល្អយើងម្នាក់ៗសួរខ្លួនថា ‹តើខ្ញុំនឹងឆ្លើយតបយ៉ាងណាចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា›? សូមឲ្យអ្នកឆ្លើយតបដោយស្រឡាញ់ទ្រង់អស់អំពីចិត្ត អំពីគំនិត អស់អំពីព្រលឹង និងអស់អំពីកម្លាំងចុះ។ (ម៉ាកុស ១២:២៩, ៣០) ជារៀងរាល់ថ្ងៃ សូមឲ្យអ្នកដើរតាមគន្លងជីវិតដែលបង្ហាញថាអ្នកមានចិត្តប្រាថ្នាចូលទៅកាន់តែជិតព្រះយេហូវ៉ា។ ហើយសូមឲ្យព្រះយេហូវ៉ា ព្រះដែលជាសេចក្ដីស្រឡាញ់ ចូលមកកាន់តែជិតអ្នកដែររហូតដល់ពេលអនន្ត!—យ៉ាកុប ៤:៨
[កំណត់សម្គាល់]
a បណ្ឌិតម្នាក់ប្រាប់ថាក្រហមទែង«ជាពណ៌មួយដែលមិនចេញពណ៌ឡើយ។ ទោះទឹកសន្សើម ទឹកភ្លៀង ការបោក ឬប្រើប្រាស់ជាយូរក្ដី ក៏មិនធ្វើឲ្យវាចេញពណ៌ដែរ»។
តើអ្នកនៅចាំទេ?
• តើយើងដឹងយ៉ាងដូចម្ដេចថាសេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិចំបងបំផុតរបស់ព្រះយេហូវ៉ា?
• ព្រះយេហូវ៉ាចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់ ឲ្យរងទុក្ខនិងសោយទិវង្គតជំនួសយើង ហេតុអ្វីយើងអាចនិយាយថានោះជាទង្វើដែលបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដោយ?
• តើព្រះយេហូវ៉ាធ្វើឲ្យយើងមានទំនុកចិត្តថាទ្រង់ស្រឡាញ់យើងម្នាក់ៗយ៉ាងដូចម្ដេច?
• ដោយប្រើពាក្យដែលបង្ហាញឲ្យឃើញទិដ្ឋភាពច្បាស់ តើព្រះគម្ពីរពណ៌នាអំពីការអត់ទោសរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចខ្លះ?
[រូបភាពនៅទំព័រ១៣]
«ព្រះ . . . ប្រទានព្រះរាជបុត្រាទ្រង់តែ១»
[រូបភាពនៅទំព័រ១៤, ១៥]
«អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន»
[អ្នកផ្ដល់សិទ្ធិ]
© J. Heidecker/VIREO
[រូបភាពនៅទំព័រ១៦]
អារម្មណ៍ដែលម្ដាយម្នាក់មានចំពោះកូនង៉ាខ្លួន អាចបង្រៀនយើងអំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា