‹កុំឲ្យភ័យខ្លាចឡើយ ខ្ញុំនឹងជួយអ្នក›
សូមស្រមៃគិតថាអ្នកកំពុងដើរតាមផ្លូវនៅពេលយប់ជ្រៅ។ រំពេចនោះអ្នកដឹងថាមានបុគ្គលម្នាក់កំពុងដើរតាមអ្នក។ ពេលអ្នកឈប់ដើរ បុគ្គលនោះក៏ឈប់ដើរដែរ។ ពេលអ្នកដើរកាន់តែលឿន គាត់ក៏ដើរកាន់តែលឿនដែរ។ អ្នកចាប់ផ្ដើមរត់ទៅផ្ទះមិត្តភក្ដិរបស់អ្នកដែលនៅជិតនោះ។ ពេលមិត្តភក្ដិរបស់អ្នកបើកទ្វារ ហើយអញ្ជើញអ្នកឲ្យចូលក្នុង អ្នកមានអារម្មណ៍ធូរស្រាល ដោយសារឥឡូវអ្នកដឹងថាអ្នកមានសុវត្ថិភាព។
អ្នកប្រហែលជាមិនមានបទពិសោធន៍ដូចបានរៀបរាប់ខាងលើនេះទេ។ ប៉ុន្តែ អ្នកទំនងជាមានកង្វល់ផ្សេងទៀតក្នុងជីវិតដែលនាំឲ្យអ្នកព្រួយបារម្ភ។ ជាឧទាហរណ៍ តើអ្នកកំពុងតយុទ្ធនឹងភាពទន់ខ្សោយដែលអ្នកចង់យកឈ្នះ ប៉ុន្តែអ្នកបន្តធ្វើខុសដដែលឬទេ? តើអ្នកគ្មានការងារធ្វើអស់មួយរយៈពេលយូរ ហើយទោះជាអ្នកខំប្រឹងប្រែងយ៉ាងណាក៏ដោយអ្នកមិនអាចស្វែងរកការងារបានឬ? តើអ្នកព្រួយបារម្ភថាអ្នកកាន់តែចាស់ទៅៗ ហើយនឹងប្រឈមមុខនឹងបញ្ហាសុខភាពនៅពេលអនាគតឬទេ? ឬតើមានអ្វីណាទៀតដែលធ្វើឲ្យអ្នកខ្វល់ខ្វាយ?
ទោះជាអ្នកមានបញ្ហាអ្វីក៏ដោយ ជាការល្អឲ្យអ្នកមានមិត្តភក្ដិម្នាក់ដែលអ្នកអាចប្រាប់អំពីការព្រួយបារម្ភរបស់អ្នក ហើយដែលសុខចិត្តជួយអ្នក។ តើអ្នកមានមិត្តភក្ដិជិតស្និទ្ធបែបនេះទេ? អ្នកពិតជាមាន! ព្រះយេហូវ៉ាគឺជាមិត្តភក្ដិបែបនោះចំពោះអ្នក ដូចលោកជាមិត្តភក្ដិរបស់អាប្រាហាំដែលជាបុរសស្មោះត្រង់ ដូចបានបញ្ជាក់នៅអេសាយ ៤១:៨-១៣។ នៅខ១០និង១៣ ព្រះយេហូវ៉ាសន្យាចំពោះយើងម្នាក់ៗថា៖ «កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង។ កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង។ អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់អញ។ ដ្បិតអញនេះគឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្ដាំឯង ដោយពោលនឹងឯងថា៖ ‹កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង›»។
«អញនឹងទ្រឯង»
ពាក្យរបស់ព្រះយេហូវ៉ាពិតជាសម្រាលទុក្ខយើងណាស់។ សូមស្រមៃគិតអំពីអ្វីដែលព្រះយេហូវ៉ាសន្យាចំពោះយើង។ ខគម្ពីរនេះមិនចែងថាអ្នកកំពុងដើរក្បែរព្រះយេហូវ៉ាកាន់ដៃរបស់លោកឡើយ។ បើអ្នកកំពុងដើរក្បែរព្រះយេហូវ៉ា ដៃស្ដាំរបស់លោកនឹងកាន់ដៃឆ្វេងរបស់អ្នក។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាហុច«ដៃស្ដាំដ៏សុចរិត»របស់លោក ហើយកាន់«ដៃស្ដាំឯង» ប្រៀបដូចជាលោកកំពុងទាញអ្នកចេញពីស្ថានភាពដ៏ពិបាកមួយ។ ពេលព្រះយេហូវ៉ាកាន់ដៃស្ដាំរបស់អ្នក លោកផ្ដល់កម្លាំងចិត្តឲ្យអ្នកដោយមានប្រសាសន៍ថា៖ «កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង»។
តើអ្នកចាត់ទុកព្រះយេហូវ៉ាជាមិត្តភក្ដិរបស់អ្នកនិងជាឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ឬទេ? តើអ្នកជឿថាលោកនឹងជួយអ្នកពេលអ្នកជួបប្រទះនឹងការពិបាកឬទេ? ព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះអ្នកនិងចង់ជួយអ្នក។ ពេលអ្នកមានបញ្ហានិងមានការពិបាក ព្រះយេហូវ៉ាចង់ឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព។ ហេតុអ្វី? ពីព្រោះលោកស្រឡាញ់អ្នកខ្លាំងណាស់។ លោកពិតជា«ជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន»។—ទំនុកតម្កើង ៤៦:១
ពេលយើងនៅតែបន្ទោសខ្លួនចំពោះកំហុសនៅអតីតកាល
អ្នកខ្លះបន្តនឹកចាំកំហុសរបស់ពួកគេនៅអតីតកាល ហើយឆ្ងល់ថាព្រះបានអភ័យទោសឲ្យពួកគេឬយ៉ាងណា។ បើអ្នកមានអារម្មណ៍ដូច្នេះ សូមគិតអំពីយ៉ូបដែលជាបុរសស្មោះត្រង់។ គាត់បានសារភាពថាគាត់បានធ្វើខុសពេលគាត់មានវ័យក្មេង។ (យ៉ូប ១៣:២៦) ដាវីឌដែលជាអ្នកតែងទំនុកតម្កើងក៏មានអារម្មណ៍ដូច្នេះដែរ ហើយបានអង្វរសុំព្រះយេហូវ៉ាថា៖ «សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ»។ (ទំនុកតម្កើង ២៥:៧) ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងគ្រប់រូប«ធ្លាប់ធ្វើខុសក៏មិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះ»។—រ៉ូម ៣:២៣
ពាក្យសម្រាលទុក្ខនៅអេសាយ ជំពូកទី៤១បានត្រូវសរសេរសម្រាប់ជនជាតិអ៊ីស្រាអែល។ ពួកគេបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរដល់ម្ល៉េះបានជាព្រះយេហូវ៉ាមានប្រសាសន៍ថាលោកនឹងដាក់ទោសពួកគេដោយនិរទេសពួកគេទៅបាប៊ីឡូន។ (អេសាយ ៣៩:៦, ៧) នៅដំណាលគ្នានោះ ព្រះបានសន្យាថាលោកនឹងរំដោះពួកអ្នកដែលនឹងប្រែចិត្តនិងដែលត្រឡប់មកឯលោកវិញ! (អេសាយ ៤១:៨, ៩; ៤៩:៨) នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏បង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណាដែរចំពោះពួកអ្នកដែលប្រែចិត្តយ៉ាងស្មោះ ហើយចង់ធ្វើឲ្យលោកពេញចិត្ត។—ទំនុកតម្កើង ៥១:១
សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសតាឃូយ៉ាaដែលព្យាយាមយកឈ្នះទម្លាប់ដ៏ស្មោកគ្រោកគឺការមើលរូបអាសអាភាសនិងការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទ។ ជាច្រើនដង គាត់បានចុះចាញ់ទម្លាប់នេះ។ តើគាត់មានអារម្មណ៍យ៉ាងណា? គាត់និយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃសោះ តែពេលខ្ញុំអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យអភ័យទោសឲ្យខ្ញុំ នោះលោកបានលើកខ្ញុំឡើងវិញ»។ តើព្រះយេហូវ៉ាបានធ្វើដូច្នេះយ៉ាងដូចម្ដេច? ពួកអ្នកចាស់ទុំនៅក្រុមជំនុំរបស់បងតាឃូយ៉ាបានប្រាប់គាត់ឲ្យទូរស័ព្ទទៅពួកគាត់កាលដែលគាត់ចុះចាញ់ទម្លាប់នោះ។ គាត់សារភាពថា៖ «ខ្ញុំពិបាកទូរស័ព្ទទៅពួកគាត់ តែពេលណាខ្ញុំធ្វើ នោះបានពង្រឹងកម្លាំងចិត្តខ្ញុំ»។ ក្រោយមកពួកអ្នកចាស់ទុំបានរៀបចំឲ្យអ្នកត្រួតពិនិត្យប្រចាំមណ្ឌលទៅជួបបងតាឃូយ៉ា។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានប្រាប់គាត់ថា៖ «ខ្ញុំមកទីនេះមិនមែនដោយចៃដន្យទេ។ ខ្ញុំមកដោយសារពួកអ្នកចាស់ទុំចង់ឲ្យខ្ញុំមក។ ពួកគាត់ជ្រើសរើសប្អូនដើម្បីឲ្យយើងមកពង្រឹងកម្លាំងចិត្តប្អូនក្នុងនាមជាគង្វាល»។ បងតាឃូយ៉ានិយាយថា៖ «ខ្ញុំជាអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ប៉ុន្តែព្រះយេហូវ៉ាផ្ដល់ជំនួយដល់ខ្ញុំតាមរយៈពួកអ្នកចាស់ទុំ»។ នៅទីបំផុត បងតាឃូយ៉ាបានលះចោលទម្លាប់ដ៏អាក្រក់នោះ ក្រោយមកគាត់បានទៅជាអ្នកត្រួសត្រាយពេញពេល ហើយឥឡូវគាត់កំពុងបម្រើនៅការិយាល័យសាខាមួយ។ ដូចព្រះបានជួយបងប្រុសនេះ លោកនឹងជួយអ្នកពេលអ្នកធ្វើខុស។
ពេលយើងខ្វល់ខ្វាយអំពីការងារ
អ្នកខ្លះខ្វល់ខ្វាយដោយសារពួកគេបានបាត់បង់ការងារធ្វើ ហើយមិនអាចរកការងារផ្សេងទៀតបាន។ សូមស្រមៃគិតថា គឺពិបាកយ៉ាងណា បើនិយោជកមួយហើយមួយទៀតមិនព្រមទទួលអ្នកឲ្យចូលធ្វើការ។ ពេលអ្នកខ្លះជួបប្រទះស្ថានភាពដ៏ពិបាកនេះ ពួកគេមានអារម្មណ៍ថាខ្លួនគ្មានតម្លៃទេ។ តើព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច? លោកប្រហែលជាមិនផ្ដល់ការងារល្អមួយដល់អ្នកភ្លាមៗទេ ប៉ុន្តែលោកអាចជួយអ្នកឲ្យនឹកចាំពាក្យរបស់ដាវីឌដែលថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុកតម្កើង ៣៧:២៥) ព្រះយេហូវ៉ាចាត់ទុកអ្នកថាមានតម្លៃ ហើយលោកហុច«ដៃស្ដាំដ៏សុចរិត»របស់លោកដល់អ្នក ដើម្បីអ្នកនឹងមានអ្វីដែលអ្នកត្រូវការដើម្បីបន្តបម្រើលោក។
បងស្រីសារ៉ាដែលរស់នៅប្រទេសកូឡុំប៊ី បានឃើញរបៀបដែលព្រះយេហូវ៉ាបានជួយគាត់។ គាត់បានទទួលលុយជាច្រើនពីការងារពេញពេលនៅក្រុមហ៊ុនមួយដែលមានកេរ្ដិ៍ឈ្មោះល្អនិងដែលគេស្គាល់ជាទូទៅ។ ប៉ុន្តែ គាត់ចង់បម្រើព្រះយេហូវ៉ាច្រើនជាង ដូច្នេះគាត់លាឈប់ពីការងារនោះ ហើយចាប់ផ្ដើមត្រួសត្រាយ។ ក៏ប៉ុន្តែគាត់ពិបាករកការងារមិនពេញពេលដែលគាត់ត្រូវការ។ គាត់បានបើកហាងដ៏តូចមួយលក់ការ៉េម តែយូរៗទៅគាត់អស់លុយ ហើយបានបិទហាងនោះ។ គាត់និយាយថា៖ «អស់បីឆ្នាំបានកន្លងទៅ តែដោយសារព្រះយេហូវ៉ា ខ្ញុំអាចស៊ូទ្រាំបាន»។ គាត់បានរៀនឲ្យស្គាល់អំពីអ្វីដែលគាត់ត្រូវការជាចាំបាច់ និងរបៀបជៀសវាងពីការខ្វល់ខ្វាយអំពីថ្ងៃស្អែក។ (ម៉ាថាយ ៦:៣៣, ៣៤) នៅទីបំផុត ថៅកែរបស់គាត់ពីមុនបានទូរស័ព្ទមកគាត់ ហើយសុំគាត់ឲ្យចូលធ្វើការដូចពីមុន។ គាត់បាននិយាយថាគាត់ព្រមទទួលការងារបាន លុះត្រាតែការងារនោះមិនពេញពេល ហើយអនុញ្ញាតឲ្យគាត់ឈប់ដើម្បីទៅកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ សព្វថ្ងៃនេះ បងសារ៉ាមិនទទួលលុយច្រើនដូចដែលគាត់ធ្លាប់ទទួលពីមុនទេ ប៉ុន្តែគាត់អាចបន្តត្រួសត្រាយបាន។ គាត់និយាយថាក្នុងអំឡុងពេលដ៏ពិបាកនោះ គាត់មានអារម្មណ៍ថាគាត់បានទទួលជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា។
ពេលយើងខ្វល់ខ្វាយថា យើងកាន់តែចាស់ទៅៗ
មនុស្សជាច្រើនខ្វល់ខ្វាយដោយសារពួកគាត់កាន់តែចាស់ទៅៗ ហើយមិនយូរទៀតពួកគាត់នឹងចូលនិវត្តន៍។ ពួកគាត់ឆ្ងល់ថា ពួកគាត់នឹងមានលុយគ្រប់គ្រាន់ដើម្បីរស់នៅស្រណុកសុខស្រួលឬយ៉ាងណា។ ពួកគាត់ក៏បារម្ភអំពីបញ្ហាសុខភាពដែលប្រហែលជានឹងមាននៅពេលអនាគត។ គឺទំនងជាស្តេចដាវីឌដែលបានអង្វរសុំព្រះយេហូវ៉ាថា៖ «សូមកុំបោះបង់ចោលទូលបង្គំក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ»។—ទំនុកតម្កើង ៧១:៩, ១៨
តើតាមរបៀបណាអ្នកដែលមានវ័យចាស់អាចមានទំនុកចិត្តអំពីពេលអនាគត? ពួកគាត់ត្រូវបន្តពង្រឹងជំនឿរបស់ពួកគាត់ទៅលើព្រះ ហើយទុកចិត្តថាលោកនឹងផ្ដល់អ្វីទាំងអស់ដែលពួកគាត់ត្រូវការ។ ក៏ប៉ុន្តែ ពេលពួកគាត់មានលុយច្រើនជាង អ្នកខ្លះចូលចិត្តទិញរបស់ពិសេសថ្លៃៗ ដូច្នេះពួកគាត់ប្រហែលជាត្រូវរៀនឲ្យចេះមានជីវិតសាមញ្ញជាង ហើយស្កប់ចិត្តដោយមានរបស់របរតិចជាង។ ពួកគាត់ប្រហែលជានឹងទទួលស្គាល់ថាការបរិភោគ«បន្លែ»ជាជាង«សាច់គោដែលបំប៉នឲ្យធាត់»ប្រហែលជាល្អជាងសម្រាប់សុខភាពរបស់ពួកគាត់! (សុភាសិត ១៥:១៧) បើអ្នកផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា លោកនឹងធ្វើឲ្យប្រាកដថាអ្នកនឹងមានអ្វីៗទាំងអស់ដែលអ្នកត្រូវការពេលអ្នកមានវ័យចាស់។
សូមគិតអំពីបងប្រុសហូសេនិងបងស្រីរ៉ូស ដែលបានបម្រើព្រះយេហូវ៉ាពេញពេលអស់រយៈពេលជាង៦៥ឆ្នាំ។ ក្នុងអំឡុងពេលនោះ ពួកគាត់មានការពិបាកជាច្រើន។ ពួកគាត់បានមើលថែរក្សាឪពុករបស់បងរ៉ូសដែលត្រូវការជំនួយទាំងយប់ទាំងថ្ងៃ។ បងហូសេក៏បានទទួលការវះកាត់ជំងឺមហារីក ហើយបានទទួលការព្យាបាលដោយចាក់បញ្ចូលធាតុគីមី។ តើព្រះយេហូវ៉ាបានជួយប្ដីប្រពន្ធដែលស្មោះត្រង់នេះយ៉ាងដូចម្ដេច? លោកបានប្រើប្ដីប្រពន្ធគ្រិស្តសាសនិកមួយគូទៀតឈ្មោះថូនីនិងវ៉េនឌី។ ពួកគេមានបន្ទប់ស្នាក់នៅដែលពួកគេចង់ឲ្យអ្នកត្រួសត្រាយពេញពេលស្នាក់នៅដោយឥតគិតថ្លៃ។ បងថូនីបាននឹកចាំថាពេលគាត់រៀននៅវិទ្យាល័យ គាត់មើលពីបង្អួច ហើយឃើញបងហូសេនិងបងរ៉ូសកំពុងផ្សព្វផ្សាយជាទៀងទាត់។ បងថូនីស្រឡាញ់បងហូសេនិងបងរ៉ូសដោយសារចិត្តខ្នះខ្នែងរបស់ពួកគាត់ ហើយនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់គាត់។ ដោយសារបងហូសេនិងបងរ៉ូសបានប្រើជីវិតដើម្បីបម្រើព្រះយេហូវ៉ា បងថូនីនិងបងវ៉េនឌីបានឲ្យបន្ទប់ស្នាក់នៅដល់ពួកគាត់។ អស់១៥ឆ្នាំហើយ ពួកគេបានជួយបងហូសេនិងបងរ៉ូស ហើយឥឡូវនេះបងហូសេនិងបងរ៉ូសមានអាយុប្រហែលជា៨៥ឆ្នាំ។ បងហូសេនិងបងរ៉ូសមានអារម្មណ៍ថាបងថូនីនិងបងវ៉េនឌីគឺជាអំណោយមួយដែលមកពីព្រះយេហូវ៉ា។
ព្រះយេហូវ៉ាសន្យានឹងអ្នកថា៖ «កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង»។ លោកក៏ហុច«ដៃស្ដាំដ៏សុចរិត»របស់លោកឲ្យអ្នកដែរ។ តើអ្នកនឹងហុចដៃរបស់អ្នកឲ្យលោកឬទេ?
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។