អត្ថបទសិក្សា ១
‹កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះខ្ញុំជាព្រះនៃអ្នក›
«កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង»។—អេ. ៤១:១០
ចម្រៀងលេខ៧ ព្រះយេហូវ៉ាជាកម្លាំងរបស់យើង
សេចក្ដីសង្ខេបa
១-២. (ក) តើពាក្យដែលបានត្រូវកត់ទុកនៅអេសាយ ៤១:១០មានឥទ្ធិពលយ៉ាងណាទៅលើបងយ៉ូស៊ីកូ? (ខ) តើព្រះយេហូវ៉ាបានរក្សាទុកពាក្យទាំងនោះដើម្បីជាប្រយោជន៍ដល់អ្នកណា?
បងស្រីយ៉ូស៊ីកូដែលជាគ្រិស្តសាសនិកដ៏ស្មោះត្រង់ម្នាក់ បានទទួលដំណឹងមិនល្អ។ គ្រូពេទ្យបានប្រាប់គាត់ថា គាត់អាចរស់បានតែប៉ុន្មានខែទៀតប៉ុណ្ណោះ។ តើគាត់មានប្រតិកម្មយ៉ាងណា? បងយ៉ូស៊ីកូបាននឹកឃើញបទគម្ពីរដែលគាត់ចូលចិត្ត គឺអេសាយ ៤១:១០។ (សូមអាន) បន្ទាប់មក គាត់បានប្រាប់គ្រូពេទ្យនោះដោយចិត្តស្ងប់ថា គាត់មិនភ័យខ្លាចទេ ដោយសារព្រះយេហូវ៉ាកំពុងកាន់ដៃគាត់។b ពាក្យក្នុងខនោះ បានជួយបងស្រីជាទីស្រឡាញ់នេះឲ្យទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុង។ ខនោះក៏អាចជួយយើងឲ្យរក្សាចិត្តស្ងប់ពេលយើងប្រឈមមុខនឹងទុក្ខលំបាកធ្ងន់ធ្ងរ។ ដើម្បីយល់អំពីរបៀបដែលខគម្ពីរនោះអាចជួយយើង មុនដំបូងសូមយើងពិចារណាអំពីមូលហេតុដែលព្រះបានឲ្យអេសាយកត់ទុកពាក្យទាំងនេះ។
២ នៅដើមដំបូង ព្រះយេហូវ៉ាបានឲ្យអេសាយកត់ទុកពាក្យទាំងនោះដើម្បីសម្រាលទុក្ខជនជាតិយូដាដែលនឹងត្រូវចាប់ទៅបាប៊ីឡូនឲ្យធ្វើជាឈ្លើយនៅពេលក្រោយមក។ ប៉ុន្តែ ព្រះយេហូវ៉ាបានរក្សាទុកពាក្យទាំងនោះ មិនគ្រាន់តែដើម្បីជាប្រយោជន៍ដល់ជនជាតិយូដាទាំងនោះប៉ុណ្ណោះទេ តែក៏ជាប្រយោជន៍ដល់រាស្ត្រទាំងអស់របស់លោកតាំងពីសម័យនោះមក។ (អេ. ៤០:៨; រ៉ូម ១៥:៤) សព្វថ្ងៃនេះ យើងរស់នៅ‹គ្រាដ៏លំបាកណាស់› ហើយយើងត្រូវការការលើកទឹកចិត្តពីពាក្យដែលមាននៅក្នុងសៀវភៅអេសាយច្រើនជាងពេលមុនៗទៅទៀត។—២ធី. ៣:១
៣. (ក) តើមានសេចក្ដីសន្យាអ្វីខ្លះនៅអេសាយ ៤១:១០? (ខ) ហេតុអ្វីយើងត្រូវការសេចក្ដីសន្យាទាំងនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីសេចក្ដីសន្យាបីរបស់ព្រះយេហូវ៉ា ដែលបានត្រូវកត់ទុកនៅអេសាយ ៤១:១០ ដែលជួយពង្រឹងជំនឿរបស់យើង។ សេចក្ដីសន្យាទាំងនេះគឺ៖ (១) ព្រះយេហូវ៉ានឹងនៅជាមួយនឹងយើង (២) លោកជាព្រះរបស់យើង និង(៣) លោកនឹងជួយយើង។ យើងត្រូវការសេចក្ដីសន្យាcទាំងនេះ ដោយសារដូចបងយ៉ូស៊ីកូ យើងក៏ត្រូវប្រឈមមុខនឹងទុក្ខលំបាកផ្សេងៗក្នុងជីវិតរបស់យើងដែរ។ ម្យ៉ាងទៀត យើងត្រូវប្រឈមមុខនឹងការពិបាកផ្សេងៗដែលមកពីស្ថានភាពរបស់ពិភពលោកនេះ។ បងប្អូនខ្លះថែមទាំងស៊ូទ្រាំនឹងការបៀតបៀនពីរដ្ឋាភិបាលដ៏មានអំណាច។ សូមយើងពិចារណាអំពីសេចក្ដីសន្យាទាំងបីនេះម្ដងមួយៗ។
«អញនៅជាមួយនឹងឯង»
៤. (ក) តើអ្វីជាសេចក្ដីសន្យាទី១ដែលយើងនឹងពិចារណា? (សូមមើលកំណត់សម្គាល់ផងដែរ) (ខ) តើព្រះយេហូវ៉ាប្រាប់យើងយ៉ាងណាអំពីអារម្មណ៍របស់លោកចំពោះយើង? (គ) តើប្រសាសន៍ទាំងនោះមានឥទ្ធិពលយ៉ាងណាមកលើយើង?
៤ សេចក្ដីសន្យាទី១របស់ព្រះយេហូវ៉ាក្នុងខនោះគឺថា៖ «កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង»។d ព្រះយេហូវ៉ាបង្ហាញថាលោកនៅជាមួយនឹងយើង ដោយផ្ដល់ឲ្យយើងនូវសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅនិងការយកចិត្តទុកដាក់យ៉ាងខ្លាំង។ សូមកត់សម្គាល់អំពីរបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះយើង។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង»។ (អេ. ៤៣:៤, យើងកែជាអក្សរទ្រេត) គ្មានអ្វីក្នុងសកលលោកនេះដែលអាចធ្វើឲ្យព្រះយេហូវ៉ាឈប់ស្រឡាញ់ពួកអ្នកដែលបម្រើលោកទេ។ ភក្ដីភាពរបស់លោកចំពោះយើងនឹងមិនដែលរង្គោះរង្គើឡើយ។ (អេ. ៥៤:១០) សេចក្ដីស្រឡាញ់និងចំណងមិត្តភាពដែលលោកមានជាមួយនឹងយើងផ្ដល់ឲ្យយើងនូវចិត្តមោះមុតក្លាហាន។ លោកនឹងការពារយើងនៅសព្វថ្ងៃនេះ ដូចដែលលោកបានការពារអាប់រ៉ាម(អាប្រាហាំ)ដែលជាមិត្តសម្លាញ់របស់លោក។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅគាត់ថា៖ ‹អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែលរបស់ឯង›។—លោ. ១៥:១
៥-៦. (ក) ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាចង់ជួយយើងពេលដែលយើងមានទុក្ខលំបាក? (ខ) តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់បងយ៉ូស៊ីកូ?
៥ យើងដឹងថាព្រះយេហូវ៉ាចង់ជួយយើងពេលដែលយើងមានទុក្ខលំបាក ដោយសារលោកសន្យានឹងរាស្ត្ររបស់លោកថា៖ «កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ កាលណាឯងលុយកាត់ភ្លើង នោះឯងនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាបឆេះឯងដែរ»។ (អេ. ៤៣:២, យើងកែជាអក្សរទ្រេត) តើពាក្យទាំងនេះមានន័យយ៉ាងណា?
៦ ព្រះយេហូវ៉ាមិនសន្យាថានៅឥឡូវនេះលោកនឹងបំបាត់ចោលបញ្ហាដែលយើងមានក្នុងជីវិតទេ ប៉ុន្តែលោកនឹងមិនអនុញ្ញាតឲ្យ«ទន្លេ»នៃបញ្ហាធ្វើឲ្យយើងរសាត់ចេញ ឬ«អណ្ដាតភ្លើង»នៃទុក្ខលំបាកធ្វើឲ្យយើងរងទុក្ខរហូតនោះទេ។ លោកធានាថាលោកនឹងនៅជាមួយនឹងយើង ដោយជួយយើងឲ្យ«ដើរកាត់»ឬឆ្លងកាត់ទុក្ខលំបាកទាំងនោះ។ តើព្រះយេហូវ៉ានឹងជួយយើងយ៉ាងដូចម្ដេច? លោកនឹងជួយយើងមិនឲ្យភ័យខ្លាចហួសហេតុពេកដើម្បីយើងអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះលោក ទោះជាយើងប្រឈមមុខនឹងសេចក្ដីស្លាប់ក្ដី។ (អេ. ៤១:១៣) បងយ៉ូស៊ីកូដែលបានត្រូវរៀបរាប់ខាងលើ បានឃើញថាលោកបានធ្វើដូច្នេះមែន។ កូនស្រីរបស់គាត់និយាយថា៖ «យើងកោតស្ងើចដែលម៉ាក់មានចិត្តស្ងប់យ៉ាងខ្លាំង។ យើងពិតជាឃើញថាព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់នូវសេចក្ដីសុខសាន្តក្នុងចិត្តមែន។ រហូតដល់ថ្ងៃដែលគាត់ស្លាប់ ម៉ាក់បានផ្សព្វផ្សាយឲ្យគិលានុបដ្ឋាកនិងអ្នកជំងឺឯទៀតអំពីព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក»។ តើយើងទាញយកមេរៀនអ្វីពីគំរូរបស់បងយ៉ូស៊ីកូ? ពេលយើងទុកចិត្តលើសេចក្ដីសន្យារបស់ព្រះដែលថា៖ «អញនៅជាមួយនឹងឯង» យើងក៏នឹងមានកម្លាំងចិត្តនិងចិត្តក្លាហានកាលដែលយើងស៊ូទ្រាំនឹងទុក្ខលំបាក។
«អញជាព្រះនៃឯង»
៧-៨. (ក) តើអ្វីជាសេចក្ដីសន្យាទី២ដែលយើងនឹងពិចារណា ហើយតើនេះមានន័យយ៉ាងណា? (ខ) ហេតុអ្វីព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ជនជាតិយូដាដែលជានិរទេសជនថា៖ «កុំឲ្យស្រយុតចិត្តឲ្យសោះ»? (គ) តើពាក្យសម្ដីអ្វីនៅអេសាយ ៤៦:៣, ៤ ច្បាស់ជាបានធ្វើឲ្យរាស្ត្ររបស់ព្រះមានចិត្តស្ងប់?
៧ សូមកត់សម្គាល់អំពីសេចក្ដីសន្យាទី២ដែលអេសាយបានកត់ទុក ដែលថា៖ «កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង»។ តើពាក្យ«ស្រយុតចិត្ត»មានន័យយ៉ាងណា? ក្នុងខគម្ពីរនេះពាក្យដែលបានត្រូវបកប្រែថា«ស្រយុតចិត្ត» ជាភាសាដើមអាចមានន័យថា«ការងាកមើលក្រោយដោយសារខ្លាចអ្នកណាម្នាក់ឬអ្វីមួយដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់» ឬ«ការងាកមើលឆ្វេងស្ដាំពេលដែលយើងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់»។
៨ ហេតុអ្វីព្រះយេហូវ៉ាបានប្រាប់ជនជាតិយូដាដែលនឹងទៅជាឈ្លើយនៅបាប៊ីឡូន«កុំឲ្យស្រយុតចិត្ត»? ពីព្រោះលោកបានដឹងថាអ្នកដែលរស់នៅទីនោះនឹងភ័យខ្លាច។ តើអ្វីនឹងធ្វើឲ្យពួកគេភ័យខ្លាច? ពេលដែលទីបញ្ចប់នៃ៧០ឆ្នាំដែលជនជាតិយូដាត្រូវធ្វើជានិរទេសជននៅស្រុកបាប៊ីឡូនជិតដល់ បាប៊ីឡូននឹងត្រូវវាយប្រហារដោយកងទ័ពដ៏ខ្លាំងក្លារបស់មេឌីពើស៊ី។ ព្រះយេហូវ៉ាប្រើកងទ័ពនេះដើម្បីរំដោះរាស្ត្ររបស់លោកពីការធ្វើជាឈ្លើយនៅបាប៊ីឡូន។ (អេ. ៤១:២-៤) ពេលពួកបាប៊ីឡូននិងប្រជាជាតិឯទៀតដែលរស់នៅសម័យនោះដឹងថាសត្រូវរបស់ពួកគេជិតមកដល់ហើយ ពួកគេព្យាយាមរក្សាចិត្តក្លាហានដោយនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «ចូរមានចិត្តក្លាហានឡើង»។ ពួកគេក៏បានធ្វើរូបព្រះថែមទៀត ដោយសង្ឃឹមថារូបព្រះទាំងនោះនឹងការពារពួកគេ។ (អេ. ៤១:៥-៧) ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យជនជាតិយូដាដែលជានិរទេសជនមានចិត្តស្ងប់ ដោយមានប្រសាសន៍ថា៖ «ឱអ៊ីស្រាអែល [ខុសពីអ្នកជិតខាងរបស់ឯង ឯង]ជាអ្នកបំរើអញអើយ . . . កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង»។ (អេ. ៤១:៨-១០) សូមកត់សម្គាល់ថា ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អញជាព្រះនៃឯង»។ ដោយប្រើពាក្យទាំងនេះ ព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្តអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោកថា លោកមិនភ្លេចពួកគេទេ ក្នុងន័យថាលោកនៅតែជាព្រះរបស់ពួកគេ ហើយពួកគេនៅតែជារាស្ត្ររបស់លោក។ លោកបានប្រាប់ពួកគេថា៖ «អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង»។ ពាក្យសម្ដីដ៏គួរឲ្យលើកទឹកចិត្តនិងសម្រាលទុក្ខទាំងនេះ ច្បាស់ជាបានពង្រឹងកម្លាំងចិត្តជនជាតិយូដាដែលជានិរទេសជន។—សូមអាន អេសាយ ៤៦:៣, ៤
៩-១០. ហេតុអ្វីយើងមិនចាំបាច់ភ័យខ្លាច? សូមលើកឧទាហរណ៍មួយ។
៩ សព្វថ្ងៃនេះជាងពេលមុនៗទៅទៀត មនុស្សនៅជុំវិញយើងខ្វល់ខ្វាយអំពីស្ថានភាពនៅក្នុងពិភពលោកដែលកាន់តែអាក្រក់ទៅៗ។ ពិតមែនថា យើងក៏រងឥទ្ធិពលពីបញ្ហាទាំងនោះដែរ ប៉ុន្តែយើងមិនចាំបាច់ភ័យខ្លាចទេ ដោយសារព្រះយេហូវ៉ាប្រាប់យើងថា៖ «អញជាព្រះនៃឯង»។ ហេតុអ្វីពាក្យទាំងនេះផ្ដល់មូលហេតុឲ្យយើងរក្សាចិត្តស្ងប់?
១០ សូមពិចារណាអំពីឧទាហរណ៍មួយ។ មានអ្នកដំណើរពីរនាក់ គឺបងមឿននិងបងរ៉ា។ ពួកគាត់កំពុងជិះយន្តហោះ ហើយយន្តហោះនោះឃ្លេងឃ្លោងដោយសារមានខ្យល់បក់យ៉ាងខ្លាំង។ កាលដែលយន្តហោះផ្អៀងចុះផ្អៀងឡើង អ្នកបើកយន្តហោះប្រកាសថា៖ «សូមអ្នកដំណើរទាំងអស់បន្តពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ យើងនឹងហោះកាត់កន្លែងដែលមានខ្យល់ខ្លាំងបែបនេះអស់មួយរយៈពេល»។ បងមឿនភ័យខ្លាំងណាស់។ ប៉ុន្តែក្រោយមកអ្នកបើកយន្តហោះបន្ថែមថា៖ «សូមកុំភ័យខ្លាចឡើយ។ ខ្ញុំជាអ្នកបើកយន្តហោះដែលមានជំនាញ»។ នៅពេលនោះ បងមឿនគ្រវីក្បាល ហើយនិយាយថា៖ «ធ្វើម៉េចកុំឲ្យភ័យខ្លាចទៅ?»។ ប៉ុន្តែគាត់កត់សម្គាល់ថា បងរ៉ាមិនភ័យខ្លាចសោះ។ បងមឿនសួរគាត់ថា៖ «ម៉េចបានជាបងមិនភ័យអ៊ីចឹង?»។ បងរ៉ាញញឹម ហើយនិយាយថា៖ «ដោយសារខ្ញុំស្គាល់អ្នកបើកយន្តហោះនេះច្បាស់ណាស់។ គាត់ជាឪពុករបស់ខ្ញុំ!»។ រួចមកបងរ៉ានិយាយថា៖ «សូមឲ្យខ្ញុំប្រាប់បងអំពីឪពុកខ្ញុំ។ ខ្ញុំជឿជាក់ថាពេលបងស្គាល់គាត់និងសមត្ថភាពរបស់គាត់ បងក៏នឹងមានចិត្តស្ងប់ដូចខ្ញុំដែរ»។
១១. តើយើងអាចទាញយកមេរៀនអ្វីពីឧទាហរណ៍អំពីអ្នកធ្វើដំណើរពីរនាក់?
១១ តើយើងអាចទាញយកមេរៀនអ្វីពីឧទាហរណ៍នេះ? ដូចបងរ៉ា យើងមានចិត្តស្ងប់ដោយសារយើងស្គាល់ព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌យ៉ាងច្បាស់។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ យើងនឹងប្រឈមមុខនឹងបញ្ហាផ្សេងៗដែលប្រៀបដូចជាខ្យល់ព្យុះ។ ប៉ុន្តែ យើងដឹងថាលោកនឹងជួយយើងឲ្យឆ្លងកាត់បញ្ហាទាំងនោះ។ (អេ. ៣៥:៤) យើងទុកចិត្តព្រះយេហូវ៉ា ដូច្នេះយើងអាចរក្សាចិត្តស្ងប់ ខណៈពេលដែលមនុស្សឯទៀតក្នុងពិភពលោកនេះភ័យខ្លាចជាខ្លាំង។ (អេ. ៣០:១៥) យើងក៏ធ្វើដូចបងរ៉ាដែរ ពេលយើងប្រាប់អ្នកឯទៀតអំពីមូលហេតុដែលយើងមានទំនុកចិត្តលើព្រះ។ យ៉ាងនេះ ពួកគេក៏អាចជឿជាក់ថាទោះជាពួកគេប្រឈមមុខនឹងការពិបាកណាក៏ដោយ ព្រះយេហូវ៉ានឹងគាំទ្រពួកគេ។
‹អញនឹងចំរើនកំឡាំងដល់ឯងនិងជួយឯង›
១២. (ក) តើអ្វីជាសេចក្ដីសន្យាទី៣ដែលយើងនឹងពិចារណា? (ខ) តើពាក្យ«ព្រះពាហុ»របស់ព្រះយេហូវ៉ារំលឹកយើងអំពីការពិតអ្វី?
១២ សូមពិចារណាអំពីសេចក្ដីសន្យាទី៣ដែលអេសាយបានកត់ទុក ដែលថា៖ «អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង»។ អេសាយបានរៀបរាប់រួចហើយអំពីរបៀបដែលព្រះយេហូវ៉ានឹងចម្រើនកម្លាំងឬពង្រឹងកម្លាំងឲ្យរាស្ត្ររបស់លោក ដោយសរសេរថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្ដា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់»។ (អេ. ៤០:១០, យើងកែជាអក្សរទ្រេត) ក្នុងគម្ពីរ ពាក្យ«ព្រះពាហុ»ឬដៃ ច្រើនតែជាតំណាងឫទ្ធានុភាពដ៏ខ្លាំងក្លា។ ដូច្នេះ ពាក្យដែលថា«ព្រះពាហុនៃ[ព្រះយេហូវ៉ា]នឹងកាន់កាប់ត្រួតត្រា» រំលឹកយើងថាព្រះយេហូវ៉ាគឺជាស្តេចដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លា។ លោកបានប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដែលគ្មានអ្វីប្រៀបផ្ទឹមបាន ដើម្បីផ្គត់ផ្គង់និងការពារអ្នកបម្រើរបស់លោកនៅអតីតកាល។ នៅសព្វថ្ងៃនេះ លោកក៏បន្តពង្រឹងកម្លាំងនិងការពារអស់អ្នកដែលទុកចិត្តលោក។—ចោ. ១:៣០, ៣១; អេ. ៤៣:១០
១៣. (ក) តើព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់លោកដែលថាលោកនឹងចម្រើនកម្លាំងយើងនៅពេលណាជាពិសេស? (ខ) តើសេចក្ដីសន្យាអ្វីធ្វើឲ្យយើងមានកម្លាំងនិងទំនុកចិត្ត?
១៣ ព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់លោក ជាពិសេសពេលសត្រូវបៀតបៀនយើង។ លោកសន្យាថា៖ «អញនឹងចំរើនកំឡាំងដល់ឯង»។ សព្វថ្ងៃនេះនៅប្រទេសខ្លះ សត្រូវរបស់យើងខំព្យាយាមបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់យើង ឬដាក់បម្រាមលើកិច្ចការរបស់អង្គការយើង។ ទោះជាយ៉ាងនោះក៏ដោយ យើងមិនបារម្ភខ្លាំងពេកចំពោះការវាយប្រហារបែបនេះទេ។ ព្រះយេហូវ៉ាបានសន្យានឹងយើងថា៖ «គ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ (អេ. ៥៤:១៧) សេចក្ដីសន្យានេះធ្វើឲ្យយើងមានកម្លាំងនិងទំនុកចិត្ត។ ពាក្យទាំងនេះក៏រំលឹកយើងអំពីចំណុចដ៏សំខាន់បី។
១៤. ហេតុអ្វីយើងមិនភ្ញាក់ផ្អើលពេលសត្រូវរបស់ព្រះវាយប្រហារមកលើយើង?
១៤ ចំណុចសំខាន់ទី១ គឺថាក្នុងនាមជាអ្នកកាន់តាមគ្រិស្ត យើងដឹងថាយើងនឹងត្រូវគេស្អប់។ (ម៉ាថ. ១០:២២) លោកយេស៊ូបានប្រកាសទុកជាមុនថា អ្នកកាន់តាមលោកនឹងរងការបៀតបៀនយ៉ាងខ្លាំងក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ (ម៉ាថ. ២៤:៩; យ៉ូន. ១៥:២០) ចំណុចសំខាន់ទី២ ទំនាយនៅអេសាយបានព្រមានយើងទុកជាមុនថា សត្រូវរបស់យើងនឹងមិនគ្រាន់តែស្អប់យើងប៉ុណ្ណោះទេ ពួកគេក៏នឹងប្រើអាវុធផ្សេងៗដើម្បីប្រឆាំងយើងដែរ។ អាវុធទាំងនោះ រួមមានការបោកបញ្ឆោត ការកុហកអំពីយើង ឬការបៀតបៀនយ៉ាងព្រៃផ្សៃ។ (ម៉ាថ. ៥:១១) ព្រះយេហូវ៉ានឹងមិនបញ្ឈប់សត្រូវរបស់យើងពីការប្រើអាវុធទាំងនេះដើម្បីវាយប្រហារយើងទេ។ (អេភ. ៦:១២; បប. ១២:១៧) ប៉ុន្តែ យើងមិនចាំបាច់ភ័យខ្លាចឡើយ។ ហេតុអ្វី?
១៥-១៦. (ក) តើអ្វីគឺជាចំណុចសំខាន់ទី៣ដែលយើងត្រូវចងចាំ ហើយតើអេសាយ ២៥:៤, ៥គាំទ្រចំណុចនេះយ៉ាងណា? (ខ) តើអេសាយ ៤១:១១, ១២រៀបរាប់យ៉ាងណាអំពីលទ្ធផលរបស់ពួកអ្នកដែលប្រឆាំងនឹងយើង?
១៥ សូមពិចារណាអំពីចំណុចសំខាន់ទី៣ដែលយើងត្រូវចងចាំ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាគ្មាន‹គ្រឿងសស្ដ្រាវុធណាមួយ›ដែលសត្រូវរបស់យើងប្រើ ‹អាចទាស់នឹងយើងបានឡើយ›។ ដូចកំពែងការពារយើងពីព្យុះសង្ឃរា នោះព្រះយេហូវ៉ាការពារយើងពី«ខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច»។ (សូមអាន អេសាយ ២៥:៤, ៥) សត្រូវរបស់យើងនឹងមិនធ្វើឲ្យយើងរងទុក្ខរហូតឡើយ។—អេ. ៦៥:១៧
១៦ ព្រះយេហូវ៉ាក៏ពង្រឹងទំនុកចិត្តដែលយើងមានទៅលើលោក ដោយផ្ដល់ព័ត៌មានថែមទៀតអំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកដែល«ខឹងក្ដៅក្រហាយនឹង»យើង។ (សូមអាន អេសាយ ៤១:១១, ១២) ទោះជាសត្រូវរបស់យើងធ្វើសង្គ្រាមឬប្រឆាំងយើងខ្លាំងយ៉ាងណាក៏ដោយ លទ្ធផលសម្រាប់ពួកគេគឺដូចគ្នា ពោលគឺសត្រូវទាំងអស់របស់រាស្ត្រព្រះ«នឹងត្រូវវិនាសសូន្យទៅ»។
របៀបដែលយើងពង្រឹងទំនុកចិត្តរបស់យើង ទៅលើព្រះយេហូវ៉ា
១៧-១៨. (ក) តើការអានគម្ពីរអាចពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។ (ខ) តើការរំពឹងគិតអំពីបទគម្ពីរប្រចាំឆ្នាំដែលបានត្រូវជ្រើសរើសសម្រាប់ឆ្នាំ២០១៩អាចជួយយើងយ៉ាងដូចម្ដេច?
១៧ យើងពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាដោយស្គាល់លោកឲ្យច្បាស់ជាង។ របៀបតែមួយគត់ដែលយើងអាចស្គាល់ព្រះច្បាស់ គឺដោយអានគម្ពីរយ៉ាងយកចិត្តទុកដាក់ ហើយបន្ទាប់មករំពឹងគិតអំពីអ្វីដែលយើងបានអាន។ គម្ពីរមានកំណត់ត្រាដ៏គួរឲ្យទុកចិត្តស្តីអំពីរបៀបដែលព្រះយេហូវ៉ាបានការពាររាស្ត្ររបស់លោកនៅអតីតកាល។ កំណត់ត្រានោះជួយយើងឲ្យជឿជាក់ថាលោកនឹងថែរក្សាយើងនៅសព្វថ្ងៃនេះ។
១៨ សូមពិចារណាអំពីឧទាហរណ៍មួយដែលអេសាយបានប្រើ ដើម្បីលើកបញ្ជាក់អំពីរបៀបដែលព្រះយេហូវ៉ាការពារយើង។ ក្នុងឧទាហរណ៍នោះ គង្វាលសំដៅទៅលើព្រះយេហូវ៉ា ហើយកូនចៀមសំដៅទៅលើអ្នកបម្រើរបស់ព្រះ។ អេសាយនិយាយអំពីព្រះយេហូវ៉ាថា៖ «ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា»។ (អេ. ៤០:១១) ពេលយើងនៅក្នុងរង្វង់ដៃដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា នោះយើងមានអារម្មណ៍ថាយើងបានត្រូវការពារនិងមានចិត្តស្ងប់។ ដើម្បីជួយយើងឲ្យរក្សាចិត្តស្ងប់ទោះជាយើងប្រឈមមុខនឹងបញ្ហាណាក៏ដោយ ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានជ្រើសរើសអេសាយ ៤១:១០ជាបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩។ បទគម្ពីរនោះចែងថា៖ ‹កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះខ្ញុំជាព្រះនៃអ្នក›។ ចូររំពឹងគិតអំពីពាក្យទាំងនោះដែលពង្រឹងទំនុកចិត្តរបស់យើង។ ពាក្យទាំងនោះនឹងពង្រឹងកម្លាំងចិត្តរបស់អ្នក កាលដែលអ្នកប្រឈមមុខនឹងការពិបាកនៅថ្ងៃខាងមុខ។
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
a បទគម្ពីរប្រចាំឆ្នាំដែលបានត្រូវជ្រើសរើសសម្រាប់ឆ្នាំ២០១៩ ផ្ដល់ឲ្យយើងនូវមូលហេតុបីដែលយើងអាចរក្សាចិត្តស្ងប់ ទោះជាមានអ្វីអាក្រក់កើតឡើងក្នុងពិភពលោកឬក្នុងជីវិតរបស់យើងក្ដី។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុទាំងនេះ។ ម្យ៉ាងទៀត អត្ថបទនេះនឹងជួយយើងមិនឲ្យបារម្ភខ្លាំងពេក ហើយទុកចិត្តព្រះយេហូវ៉ាកាន់តែខ្លាំង។ សូមរំពឹងគិតអំពីបទគម្ពីរប្រចាំឆ្នាំនេះ។ បើអាចធ្វើបាន សូមព្យាយាមចាំបទគម្ពីរនេះ។ នេះនឹងពង្រឹងកម្លាំងរបស់អ្នកដើម្បីអ្នកអាចប្រឈមមុខនឹងបញ្ហាដែលនឹងមាននៅថ្ងៃខាងមុខ។
c ការពន្យល់ពាក្យ: សេចក្ដីសន្យាគឺជាពាក្យពិតដែលថាអ្វីមួយនឹងកើតឡើងជាក់ជាមិនខាន។ សេចក្ដីសន្យាដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងអាចជួយយើងមិនឲ្យបារម្ភខ្លាំងពេកអំពីបញ្ហាដែលប្រហែលជានឹងកើតឡើងក្នុងជីវិតរបស់យើង។
d ពាក្យ«កុំឲ្យ . . . ខ្លាចឡើយ»បានត្រូវរៀបរាប់អស់បីដងនៅអេសាយ ៤១:១០, ១៣ និង១៤។ ពាក្យ«អញ»(ដែលសំដៅទៅលើព្រះយេហូវ៉ា)មានច្រើនដងក្នុងខទាំងនោះ។ ហេតុអ្វីព្រះយេហូវ៉ាបានដឹកនាំឲ្យអេសាយប្រើពាក្យ«អញ»ជាច្រើនដង? គឺដើម្បីលើកបញ្ជាក់អំពីការពិតដ៏សំខាន់មួយ ដែលថាមានតែការទុកចិត្តព្រះយេហូវ៉ាប៉ុណ្ណោះ ដែលអាចជួយយើងមិនឲ្យភ័យខ្លាចហួសហេតុពេក។
e ការពណ៌នាអំពីរូបភាព: ក្នុងក្រុមគ្រួសារមួយមានសមាជិកដែលមានបញ្ហានៅកន្លែងធ្វើការ និងបញ្ហាសុខភាព ហើយជួបការពិបាកក្នុងកិច្ចបម្រើផ្សាយ និងនៅសាលារៀន។
f ការពណ៌នាអំពីរូបភាព: កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាបានធ្វើឡើងនៅផ្ទះរបស់បងប្អូន ហើយបានត្រូវប៉ូលិសសម្រុកចូលមក ប៉ុន្តែបងប្អូនមិនបានស្លន់ស្លោទេ។
g ការពណ៌នាអំពីរូបភាព: ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់ពង្រឹងកម្លាំងចិត្តយើងឲ្យស៊ូទ្រាំ។