ពួកស្មរបន្ទាល់គ្រីស្ទានសំរាប់អធិបតេយ្យភាពរបស់ព្រះ
«‹អ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ› ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។—ពេត្រុសទី១ ២:៩
១. មុនសម័យគ្រីស្ទាន តើមានការធ្វើបន្ទាល់អំពីព្រះយេហូវ៉ាដ៏ប្រសិទ្ធិភាពយ៉ាងណា?
មុនសម័យគ្រីស្ទាន ពួកស្មរបន្ទាល់ជាច្រើនបានសម្ដែងឲ្យឃើញយ៉ាងក្លាហាន ថាព្រះយេហូវ៉ាគឺជាព្រះពិតតែមួយ។ (ហេព្រើរ ១១:៤–១២:១) ដោយមានជំនឿដ៏មុតមាំ ពួកគេបានគោរពតាមច្បាប់របស់ព្រះយេហូវ៉ាដោយឥតញញើត ហើយបានបដិសេធមិនសម្របសម្រួលក្នុងបញ្ហានៃការថ្វាយបង្គំព្រះឡើយ។ ពួកគេបានធ្វើបន្ទាល់យ៉ាងខ្លាំងដល់អធិបតេយ្យភាពសកលរបស់ព្រះយេហូវ៉ា។—ទំនុកដំកើង ១៨:២១-២៣; ៤៧:១, ២
២. (ក) តើអ្នកណាជាស្មរបន្ទាល់របស់ព្រះយេហូវ៉ាដ៏ធំឧត្តម? (ខ) តើពួកណាដែលបានផ្លាស់ជំនួសសាសន៍អ៊ីស្រាអែលធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ានោះ? តើយើងដឹងដោយយ៉ាងណា?
២ ស្មរបន្ទាល់ចុងក្រោយបង្អស់ដ៏ឧត្តម ដែលរស់នៅមុនសម័យគ្រីស្ទាន គឺជាយ៉ូហាន-បាទីស្ទ។ (ម៉ាថាយ ១១:១១) គាត់បានទទួលឯកសិទ្ធិក្នុងការប្រកាសអំពីជនរើសតាំងម្នាក់ដែលនឹងជិតយាងមក ហើយគាត់បានបង្ហាញថា ព្រះយេស៊ូគឺជាព្រះមេស្ស៊ីដែលបានសន្យាមក។ (យ៉ូហាន ១:២៩-៣៤) ព្រះយេស៊ូជាស្មរបន្ទាល់ដ៏ឧត្តមរបស់ព្រះយេហូវ៉ា គឺជា«ស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ»។ (វិវរណៈ ៣:១៤) ដោយសារតែសាសន៍អ៊ីស្រាអែលខាងសាច់ឈាមបានបដិសេធចោលព្រះយេស៊ូ ព្រះយេហូវ៉ាក៏បានបដិសេធចោលពួកគេដែរ ហើយក៏បានតែងតាំងសាសន៍ថ្មីមួយឲ្យធ្វើជាស្មរបន្ទាល់របស់ទ្រង់ គឺជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណនៃព្រះ។ (អេសាយ ៤២:៨-១២; យ៉ូហាន ១:១១, ១២; កាឡាទី ៦:១៦) លោកពេត្រុសបានសម្រង់ទំនាយមួយអំពីសាសន៍អ៊ីស្រាអែល ហើយបានបង្ហាញថា ទំនាយនេះសំដៅចំពោះ«សាសន៍អ៊ីស្រាអែលនៃព្រះ» ជាក្រុមជំនុំគ្រីស្ទាន កាលដែលគាត់បានមានប្រសាសន៍ថា៖ «អ្នករាល់គ្នា‹ជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្ដិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ› ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។—ពេត្រុសទី១ ២:៩; និក្ខមនំ ១៩:៥, ៦; អេសាយ ៤៣:២១; ៦០:២
៣. តើភារកិច្ចដ៏សំខាន់បំផុតនៃសាសន៍អ៊ីស្រាអែលនៃព្រះនិង«ពួកហ្វូងធំ»ជាអ្វី?
៣ ពាក្យសំដីរបស់លោកពេត្រុសបង្ហាញថា ភារកិច្ចដ៏សំខាន់បំផុតរបស់សាសន៍អ៊ីស្រាអែលនៃព្រះ គឺជាការផ្សព្វផ្សាយអំពីសិរីល្អរបស់ព្រះយេហូវ៉ា។ នៅសម័យយើងនេះ មានស្មរបន្ទាល់មួយ«ហ្វូងយ៉ាងធំ» ដែលបានចូលរួមជាមួយសាសន៍ខាងវិញ្ញាណនេះ ក្នុងការលើកដំកើងព្រះជាសាធារណៈ។ ពួកគេបានស្រែកយ៉ាងខ្លាំងដើម្បីឲ្យមនុស្សទាំងអស់ឮថា៖ «សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ (វិវរណៈ ៧:៩, ១០; អេសាយ ៦០:៨-១០) តើសាសន៍អ៊ីស្រាអែលនៃព្រះនិងគូកនរបស់ខ្លួន អាចសម្រេចការធ្វើបន្ទាល់របស់គេយ៉ាងណា? គឺតាមរយៈជំនឿនិងការគោរពតាមរបស់គេ។
ពួកស្មរបន្ទាល់ក្លែងក្លាយ
៤. ហេតុអ្វីក៏ពួកយូដានៅសម័យព្រះយេស៊ូជាពួកស្មរបន្ទាល់ក្លែងក្លាយនោះ?
៤ ជំនឿនិងការគោរពតាមទាក់ទងគឺនឹងការរស់នៅឲ្យស្របតាមគោលការណ៍របស់ព្រះ។ សារ:សំខាន់នៃការនេះអាចឃើញនៅក្នុងពាក្យបន្ទូលរបស់ព្រះយេស៊ូអំពីពួកមេដឹកនាំសាសនាយូដានៅសម័យរបស់ទ្រង់។ ពួកគេ«បានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ» ជាគ្រូបង្រៀនក្រិត្យវិន័យ។ ពួកគេថែមទាំងបញ្ជូនពួកសាសនទូតឲ្យទៅបញ្ចុះបញ្ចូលសាសនាដល់ពួកអ្នកមិនជឿផង។ ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង»។ ពួកអ្នកសាសនាទាំងនេះគឺជាស្មរបន្ទាល់ក្លែងក្លាយ—មានឫកពារក្រអឺត លាក់ពត់ ហើយគ្មានសេចក្ដីស្រឡាញ់។ (ម៉ាថាយ ២៣:១-១២, ១៥) នៅគ្រាមួយ ព្រះយេស៊ូបានមានបន្ទូលទៅពួកយូដាខ្លះថា៖ «អ្នករាល់គ្នាមានអារក្សសាតាំងជាឱពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឱពុករបស់អ្នក»។ ហេតុអ្វីបានជាទ្រង់មានបន្ទូលយ៉ាងនេះទៅកាន់សមាជិកនៃសាសន៍ជ្រើសរើសរបស់ព្រះ? ពីព្រោះពួកគេមិនយកចិត្តទុកដាក់នឹងពាក្យបន្ទូលរបស់ស្មរបន្ទាល់ដ៏ឧត្តមនៃព្រះយេហូវ៉ា។—យ៉ូហាន ៨:៤១, ៤៤, ៤៧
៥. តើតាមរបៀបណាដែលយើងឃើញថា ពិភពគ្រីស្ទសាសនាបានធ្វើបន្ទាល់ក្លែងក្លាយអំពីព្រះនោះ?
៥ តាមរបៀបស្រដៀងនេះដែរ នៅក្នុងកំឡុងសតវត្សបន្ទាប់ពីសម័យព្រះយេស៊ូ មនុស្សរាប់រយលាននាក់នៅក្នុងពិភពគ្រីស្ទសាសនាបានអះអាងថាគេជាសិស្សរបស់ទ្រង់។ ប៉ុន្តែ ពួកគេមិនបានធ្វើតាមព្រះទ័យរបស់ព្រះទេ ដូច្នេះហើយព្រះយេស៊ូមិនទទួលស្គាល់ពួកគេទេ។ (ម៉ាថាយ ៧:២១-២៣; កូរិនថូសទី១ ១៣:១-៣) ពិភពគ្រីស្ទសាសនាបានបញ្ជូនពួកសាសនទូតជាច្រើន ហើយពួកសាសនទូតជាច្រើននេះច្បាស់ជាមានចិត្តស្មោះមែន។ ប៉ុន្តែ ពួកគេបែរជាបង្រៀនមនុស្សឲ្យថ្វាយបង្គំព្រះត្រីឯកភាព ដែលដុតអ្នកធ្វើបាបនៅក្នុងភ្លើងនរកទៅវិញ ហើយពួកអ្នកដែលចូលសាសនារបស់គេជាច្រើននេះ មានភស្តុតាងតិចណាស់ដែលបញ្ជាក់ថាខ្លួនជាជនគ្រីស្ទាននោះ។ ឧទាហរណ៍ នៅក្នុងទ្វីបអាហ្វ្រិក រ្វ៉ាន់ដាជាប្រទេសមួយដែលមានជីជាតិសំរាប់ពួកសាសនទូតកាតូលិក។ ប៉ុន្តែ ពួករ្វ៉ាន់ដាដែលជាកាតូលិកបានចូលរួបរួមក្នុងការកាប់សម្លាប់គ្នារវាងពួកអាណិកជននៅក្នុងប្រទេសនោះ។ លទ្ធផលនៅក្នុងតំបន់សាសនទូតនោះ បង្ហាញឲ្យឃើញថា ពួកគេពុំបានទទួលការធ្វើបន្ទាល់គ្រីស្ទានពិតប្រាកដពីពិភពគ្រីស្ទសាសនាឡើយ។—ម៉ាថាយ ៧:១៥-២០
ការរស់នៅតាមគោលការណ៍របស់ព្រះ
៦. ក្នុងរបៀបណាដែលចរិយាត្រឹមត្រូវជាផ្នែកដ៏សំខាន់ក្នុងការធ្វើបន្ទាល់នោះ?
៦ ចរិយាខុសឆ្គងរបស់ពួកអ្នកដែលអះអាងថាខ្លួនជាគ្រីស្ទាន គឺអាចនាំឲ្យមានការប្រមាថមើលងាយដល់‹ផ្លូវនៃសេចក្ដីពិត›។ (ពេត្រុសទី២ ២:២) ជនគ្រីស្ទានពិតរស់នៅស្របតាមគោលការណ៍របស់ព្រះ។ គាត់មិនត្រូវលួច ភូតភរ បោកប្រាស់គេ ឬប្រព្រឹត្តអំពើអសីលធម៌ឡើយ។ (រ៉ូម ២:២២) ជាដាច់ខាត គាត់មិនត្រូវសម្លាប់អ្នកជិតខាងរបស់គាត់ឡើយ។ ពួកប្ដីគ្រីស្ទានទទួលភារកិច្ចមើលថែរក្សាក្រុមគ្រួសាររបស់គេដោយសេចក្ដីស្រឡាញ់។ ឯពួកប្រពន្ធវិញ គេជួយគាំទ្រដល់ភារកិច្ចនោះដោយសេចក្ដីគោរព។ ពួកក្មេងៗត្រូវបានឱពុកម្ដាយបង្វឹកបង្វឺន ដូច្នេះពួកគេបានត្រៀមជាស្រេច ដើម្បីឲ្យទៅជាពួកជំទង់គ្រីស្ទានដែលចេះទទួលខុសត្រូវ។ (អេភេសូរ ៥:២១–៦:៤) ពិតមែនហើយ យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយតែងតែធ្វើខុស។ ប៉ុន្តែ ជនគ្រីស្ទានពិតគោរពតាមបមាណីយរបស់ព្រះគម្ពីរ ហើយនឹងខំប្រឹងខ្នះខ្នែងអនុវត្តតាមបមាណីយនោះ។ នេះនឹងធ្វើឲ្យអ្នកដទៃឃើញ ហើយជាការធ្វើបន្ទាល់ដ៏ល្អមួយ។ ជួនកាល ពួកអ្នកដែលពីដើមប្រឆាំងនឹងសេចក្ដីពិត បានសង្កេតឃើញចរិយាត្រឹមត្រូវរបស់ជនគ្រីស្ទាន ហើយក៏បានមកជឿតាមសេចក្ដីពិតនោះទៅ។—ពេត្រុសទី១ ២:១២, ១៥; ៣:១
៧. តើការដែលជនគ្រីស្ទានស្រឡាញ់គ្នាទៅវិញទៅមក មានសារៈសំខាន់យ៉ាងណា?
៧ ព្រះយេស៊ូបានបង្ហាញនូវទិដ្ឋភាពដ៏សំខាន់មួយអំពីចរិយាគ្រីស្ទាន កាលដែលទ្រង់បានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) លោកីយ៍របស់សាតាំងត្រូវបានសម្គាល់ដោយ«សេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ នឹងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស នឹងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង។ ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្ដាប់បង្គាប់ឱពុកម្ដាយ»។ (រ៉ូម ១:២៩, ៣០) នៅក្នុងបរិយាការបែបនេះ អង្គការពិភពលោកដែលអាចសម្គាល់បានទៅដោយសេចក្ដីស្រឡាញ់ នឹងទៅជាភស្តុតាងដ៏ខ្លាំងក្លាមួយចំពោះសកម្មភាពនៃព្រះវិញ្ញាណរបស់ព្រះ—ដែលជាការធ្វើបន្ទាល់ដ៏មានប្រសិទ្ធិភាពមួយ។ ស្មរបន្ទាល់ព្រះយេហូវ៉ាគឺពិតជាអង្គការនោះឯង។—ពេត្រុសទី១ ២:១៧
ពួកស្មរបន្ទាល់ជាសិស្សនៃព្រះគម្ពីរ
៨, ៩. (ក) តើអ្នកសរសេរទំនុកដំកើងបានពង្រឹងចិត្តរបស់គាត់យ៉ាងណា ដោយការសិក្សាក្រិត្យវិន័យរបស់ព្រះហើយរំពឹងគិតទៅលើនោះ? (ខ) ក្នុងវិធីណាដែលការសិក្សាព្រះគម្ពីរនិងការរំពឹងគិត ពង្រឹងចិត្តយើងឲ្យបន្តធ្វើបន្ទាល់នោះ?
៨ ដើម្បីឲ្យបានជោគជ័យក្នុងការធ្វើបន្ទាល់ល្អ ជនគ្រីស្ទានត្រូវតែដឹងហើយស្រឡាញ់គោលការណ៍សុចរិតរបស់ព្រះយេហូវ៉ា ហើយពិតជាស្អប់ភាពពុករលួយរបស់លោកីយ៍នេះ។ (ទំនុកដំកើង ៩៧:១០) លោកីយ៍នេះគឺប៉ិនប្រសប់ក្នុងការលើកផ្សព្វផ្សាយគំនិតរបស់វាណាស់ ហើយវិញ្ញាណរបស់វាក៏អាចពិបាកនឹងទប់ទល់ដែរ។ (អេភេសូរ ២:១-៣; យ៉ូហានទី១ ២:១៥, ១៦) តើអ្វីដែលអាចជួយយើងឲ្យរក្សាចិត្តគំនិតឲ្យបានត្រឹមត្រូវ? ការសិក្សាព្រះគម្ពីរឲ្យបានទៀងទាត់ហើយហ្មត់ចត់ គឺអាចជួយយើងបាន។ អ្នកសរសេរទំនុកដំកើង ១១៩ បានចែងជាច្រើនលើកច្រើនសាអំពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ គាត់បានអានហើយរំពឹងគិតជានិច្ចពីក្រិត្យវិន័យនោះ «ជាដរាបរាល់ថ្ងៃ»។ (ទំនុកដំកើង ១១៩:៩២, ៩៣, ៩៧-១០៥) ជាលទ្ធផលនៃការធ្វើនេះ គាត់អាចសរសេរថា៖ «ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូត តែស្រឡាញ់ដល់ក្រិត្យវិន័យទ្រង់វិញ»។ ម្យ៉ាងវិញទៀត សេចក្ដីស្រឡាញ់ដ៏ជ្រៅរបស់គាត់បានជំរុញឲ្យគាត់អនុវត្តតាម។ គាត់មានប្រសាសន៍ថា៖ «ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដង ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់»។—ទំនុកដំកើង ១១៩:១៦៣, ១៦៤
៩ យ៉ាងនោះដែរ បើយើងសិក្សាពាក្យបន្ទូលរបស់ព្រះឲ្យបានទៀងទាត់ ហើយរំពឹងគិតអំពីពាក្យបន្ទូលនោះ នេះនឹងធ្វើឲ្យយើងមានចិត្តរំភើប ហើយនឹងជំរុញយើងឲ្យ‹សរសើរទ្រង់›—ធ្វើបន្ទាល់អំពីព្រះយេហូវ៉ា—ជាញឹកញាប់ រហូតដល់ទៅ«១ថ្ងៃ៧ដង»ផង។ (រ៉ូម ១០:១០) ដោយស្របនឹងការនេះ អ្នកសរសេរទំនុកដំកើងទី១ បានថ្លែងថា អ្នកណាដែលរំពឹងគិតជារឿយៗពីពាក្យបន្ទូលរបស់ព្រះយេហូវ៉ា «អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។ (ទំនុកដំកើង ១:៣) សាវ័កប៉ុលក៏បានបង្ហាញឲ្យឃើញអំពីឥទ្ធិពលនៃពាក្យបន្ទូលរបស់ព្រះដែរ នៅពេលដែលគាត់បានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត។ ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។—ធីម៉ូថេទី២ ៣:១៦, ១៧
១០. តើមានអ្វីជាការជាក់ស្តែងអំពីប្រជារាស្ត្ររបស់ព្រះយេហូវ៉ានៅក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ?
១០ ការកើនចំនួនយ៉ាងលឿននៃពួកអ្នកថ្វាយបង្គំព្រះពិតនៅក្នុងសតវត្សទី២០នេះ ជាការបញ្ជាក់អំពីប្រសិទ្ធិពររបស់ព្រះយេហូវ៉ា។ ដោយគ្មានការសង្ស័យ ជាក្រុមមួយ ពួកស្មរបន្ទាល់នៅសម័យនេះ សំរាប់អធិបតេយ្យភាពរបស់ព្រះ ច្បាស់ជាបានបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដល់ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានៅក្នុងចិត្តរបស់គេហើយ។ ដូចអ្នកតែងបទទំនុកដំកើងដែរ ពួកគេត្រូវបានជំរុញឲ្យគោរពក្រិត្យវិន័យរបស់ទ្រង់ ហើយធ្វើបន្ទាល់យ៉ាងស្មោះត្រង់«ទាំងយប់ទាំងថ្ងៃ»អំពីសិរីល្អនៃព្រះយេហូវ៉ា។—វិវរណៈ ៧:១៥
កិច្ចការដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា
១១, ១២. តើអព្ភូតហេតុដែលព្រះយេស៊ូនិងពួកអ្នកកាន់តាមទ្រង់បានធ្វើនោះ បានសម្រេចអ្វីខ្លះ?
១១ នៅក្នុងសតវត្សទីមួយ ព្រះវិញ្ញាណបរិសុទ្ធបានឲ្យអំណាចដល់ពួកស្មរបន្ទាល់គ្រីស្ទានស្មោះត្រង់ ដើម្បីឲ្យពួកគេសម្ដែងអព្ភូតហេតុ ដែលបានផ្ដល់ភស្តុតាងដ៏ខ្លាំងក្លាថាការធ្វើបន្ទាល់របស់គេ គឺជាការពិតមែន។ នៅពេលដែលយ៉ូហាន-បាទីស្ទនៅក្នុងគុក គាត់បានបញ្ជូនសិស្សរបស់គាត់ឲ្យទៅទូលសួរព្រះយេស៊ូថា៖ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះ ឬត្រូវឲ្យយើងខ្ញុំចាំ១អង្គទៅទៀត»? ព្រះយេស៊ូពុំបានឆ្លើយថាត្រូវ ឬក៏មិនត្រូវទេ។ តែ ទ្រង់បានមានបន្ទូលថា៖ «ចូរទៅប្រាប់យ៉ូហានពីសេចក្ដីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញចុះ គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផង មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ»។ (ម៉ាថាយ ១១:៣-៦) កិច្ចការដ៏អស្ចារ្យទាំងនេះ គឺធ្វើជាទីបន្ទាល់ដល់យ៉ូហានថា ព្រះយេស៊ូគឺពិតជា«ព្រះអង្គដែលត្រូវយាងមកនោះ»មែន។—កិច្ចការ ២:២២
១២ តាមរបៀបស្រដៀងនេះដែរ ពួកអ្នកកាន់តាមព្រះយេស៊ូខ្លះបានប្រោសមនុស្សឈឺឲ្យជា ហើយព្រមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ (កិច្ចការ ៥:១៥, ១៦; ២០:៩-១២) អព្ភូតហេតុទាំងនេះប្រៀបដូចជាទីបន្ទាល់ពីព្រះផ្ទាល់សំរាប់ពួកគេ។ (ហេព្រើរ ២:៤) ហើយកិច្ចការទាំងនេះបង្ហាញឲ្យឃើញនូវព្រះចេស្ដាដ៏ខ្លាំងក្លាបំផុតរបស់ព្រះយេហូវ៉ា។ ឧទាហរណ៍ ជាការពិតមែនដែលសាតាំងជា«ចៅហ្វាយរបស់លោកីយនេះ» មានអំណាចធ្វើឲ្យមនុស្សអាចស្លាប់ទៅបាន។ (យ៉ូហាន ១៤:៣០; ហេព្រើរ ២:១៤) ប៉ុន្តែ កាលដែលពេត្រុសបានប្រោសស្ត្រីស្មោះត្រង់ម្នាក់ឈ្មោះតេប៊ីថាឲ្យរស់ពីស្លាប់ឡើងវិញ គាត់អាចធ្វើការនេះទៅបានដោយសារតែព្រះចេស្ដារបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដ្បិតមានតែទ្រង់ទេដែលអាចធ្វើឲ្យមានជីវិតរស់ឡើងវិញបាន។—ទំនុកដំកើង ១៦:១០; ៣៦:៩; កិច្ចការ ២:២៥-២៧; ៩:៣៦-៤៣
១៣. (ក) ក្នុងរបៀបណាខ្លះដែលអព្ភូតហេតុព្រះគម្ពីរនៅតែសម្ដែងជាភស្តុតាងនៃព្រះចេស្ដារបស់ព្រះយេហូវ៉ានោះ? (ខ) តើតាមរបៀបណាដែលការបំពេញនៃទំនាយមានសារៈសំខាន់ ក្នុងការបញ្ជាក់អំពីភាពជាព្រះនៃព្រះយេហូវ៉ានោះ?
១៣ នៅសព្វថ្ងៃនេះ កិច្ចការអស្ចារ្យទាំងនោះលែងមានទៀតហើយ។ គោលបំណងនៃកិច្ចការទាំងនោះបានសម្រេចហើយ។ (កូរិនថូសទី១ ១៣:៨) យ៉ាងណាក៏ដោយ យើងនៅតែមានសេចក្ដីកត់ទុកអំពីកិច្ចការទាំងនេះនៅក្នុងព្រះគម្ពីរ ហើយមានសាក្សីជាច្រើនដែលអាចបញ្ជាក់អំពីការនេះ។ នៅពេលដែលជនគ្រីស្ទាននៅសព្វថ្ងៃនេះយកចិត្តទុកដាក់នឹងដំណើររឿងប្រវត្ដិសាស្ត្រទាំងនេះ កិច្ចការទាំងនោះនៅតែផ្ដល់ទីបន្ទាល់ដល់ព្រះចេស្ដានៃព្រះយេហូវ៉ាដដែល។ (កូរិនថូសទី១ ១៥:៣-៦) ម្យ៉ាងវិញទៀត នៅសម័យរបស់លោកអេសាយ ព្រះយេហូវ៉ាបានសំដៅទៅទំនាយពិតៗជាភស្តុតាងដ៏ប្រសើរ ដែលបញ្ជាក់ថាទ្រង់ជាព្រះពិត។ (អេសាយ ៤៦:៨-១១) ទំនាយព្រះគម្ពីរជាច្រើនដែលព្រះបានបណ្ដាលមក គឺកំពុងតែបានសម្រេចនៅសព្វថ្ងៃនេះ—ដែលទំនាយភាគច្រើនសំដៅទៅចំពោះក្រុមជំនុំគ្រីស្ទាន។ (អេសាយ ៦០:៨-១០; ដានីយ៉ែល ១២:៦-១២; ម៉ាឡាគី ៣:១៧, ១៨; ម៉ាថាយ ២៤:៩; វិវរណៈ ១១:១-១៣) ក្រៅពីការចង្អុលប្រាប់ថាយើងកំពុងតែរស់នៅក្នុងគ្រា«ជាន់ក្រោយបង្អស់» ទំនាយទាំងនេះក៏បង្ហាញប្រាប់ថា ព្រះយេហូវ៉ាគឺជាព្រះពិតតែមួយអង្គដែរ។—ធីម៉ូថេទី២ ៣:១
១៤. ក្នុងរបៀបណាដែលប្រវត្ដិសាស្ត្រនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះ ជាទីបន្ទាល់ដ៏ខ្លាំងក្លាថាព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រនោះ?
១៤ ជាទីបំផុត ព្រះយេហូវ៉ានៅតែធ្វើកិច្ចការល្អអស្ចារ្យសំរាប់ប្រជារាស្ត្ររបស់ទ្រង់។ ការបំភ្លឺទៅលើសេចក្ដីពិតនៃព្រះគម្ពីរបន្ដិចម្ដងៗ ត្រូវបានបណ្ដាលមកដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៨៦:១០; វិវរណៈ ៤:៥, ៦) ការកើនចំនួនដ៏ប្រសើរដែលបានរាយការណ៍មកនៅជុំវិញពិភពលោក គឺជាភស្តុតាងបញ្ជាក់ថា ព្រះយេហូវ៉ា‹កំពុងតែបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់›។ (អេសាយ ៦០:២២) នៅពេលដែលការធ្វើទុក្ខបៀតបៀនដ៏ជូរចត់បានកើតឡើងពីប្រទេសមួយទៅមួយនៅថ្ងៃជាន់ក្រោយបង្អស់នេះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមានចិត្តអង់អាចអត់ទ្រាំទៅបាន ដោយសារតែពីការជួយគាំទ្រចំរើនកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធ។ (ទំនុកដំកើង ១៨:១, ២, ១៧, ១៨; កូរិនថូសទី២ ១:៨-១០) មែនហើយ ប្រវត្ដិសាស្ត្រនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះ គឺជាទីបន្ទាល់ដ៏ខ្លាំងក្លាថា ព្រះយេហូវ៉ាគឺជាព្រះអម្ចាស់មហាក្សត្រ។—សាការី ៤:៦
ដំណឹងល្អដែលត្រូវតែផ្សាយ
១៥. តើការពង្រីកធ្វើបន្ទាល់អ្វី ដែលក្រុមជំនុំជនគ្រីស្ទានត្រូវធ្វើនោះ?
១៥ ព្រះយេហូវ៉ាបានតាំងសាសន៍អ៊ីស្រាអែលឲ្យធ្វើជាស្មរបន្ទាល់របស់ទ្រង់ដល់ពួកសាសន៍ដទៃ។ (អេសាយ ៤៣:១០) ក៏ប៉ុន្តែ ព្រះបានចាត់ពួកអ៊ីស្រាអែលតែពីរបីនាក់ប៉ុណ្ណោះ ឲ្យទៅផ្សាយដល់ពួកសាសន៍ដែលមិនមែនជាសាសន៍អ៊ីស្រាអែល ហើយការនេះតែងតែធ្វើឡើង ដើម្បីប្រកាសអំពីការជំនុំជំរះរបស់ព្រះយេហូវ៉ា។ (យេរេមា ១:៥; យ៉ូណាស ១:១, ២) យ៉ាងណាក៏ដោយ បទទំនាយជាច្រើននៅក្នុងព្រះគម្ពីរភាសាហេព្រើរ បញ្ជាក់ថា ព្រះយេហូវ៉ានឹងបែរព្រះទ័យមកឯពួកសាសន៍ទាំងនោះនៅថ្ងៃណាមួយ ហើយទ្រង់បានធ្វើយ៉ាងនេះតាមរយៈសាសន៍អ៊ីស្រាអែលខាងវិញ្ញាណនៃព្រះ។ (អេសាយ ២:២-៤; ៦២:២) មុននឹងឡើងទៅស្ថានសួគ៌ ព្រះយេស៊ូបានបញ្ជាពួកអ្នកកាន់តាមទ្រង់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩) កាលដែលព្រះយេស៊ូបានយកព្រះទ័យទុកដាក់នឹង«ពួកកូនចៀម ដែលបាត់បង់របស់ពូជពង្សសាសន៍អ៊ីស្រាអែល» ពួកអ្នកកាន់តាមទ្រង់ ត្រូវបានចាត់ឲ្យទៅដល់«គ្រប់ទាំងសាសន៍» ហើយ«រហូតដល់ចុងផែនដីបំផុតផង»។ (ម៉ាថាយ ១៥:២៤; កិច្ចការ ១:៨) មនុស្សគ្រប់រូបត្រូវតែដឹងឮអំពីការធ្វើបន្ទាល់គ្រីស្ទាន។
១៦. តើមុខងារអ្វីដែលក្រុមជំនុំជនគ្រីស្ទាននៅសតវត្សទីមួយបានសម្រេច ហើយបានសម្រេចដល់ទំហំណា?
១៦ ប៉ុលបានបង្ហាញថា គាត់បានយល់អំពីការនេះយ៉ាងច្បាស់។ មកដល់ឆ្នាំ៦១ ស.យ. គាត់អាចមានប្រសាសន៍ថា ដំណឹងល្អត្រូវបាន«ផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង»។ ដំណឹងល្អមិនមែនសំរាប់តែសាសន៍មួយ ឬនិកាយមួយ ដូចជានិកាយដែលជាប់ទាក់ទងនឹងការ«ថ្វាយបង្គំពួកទេវតា»នោះទេ។ តែផ្ទុយទៅវិញ ដំណឹងល្អនេះបានប្រកាសដោយចេញមុខ«ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។ (កូល៉ុស ១:៦, ២៣; ២:១៣, ១៤, ១៦-១៨) ដូច្នេះ សាសន៍អ៊ីស្រាអែលនៃព្រះនៅក្នុងសតវត្សទីមួយបានបំពេញមុខងាររបស់គេ ដើម្បី«‹សម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ›ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។
១៧. តើតាមរបៀបណាដែលម៉ាថាយ ២៤:១៤ បានបន្តសម្រេចក្នុងវិធីដ៏ធំនោះ?
១៧ យ៉ាងណាក៏ដោយ កិច្ចការផ្សាយនៅសតវត្សទីមួយនោះ គ្រាន់តែជាការបញ្ជាក់ទុកជាមុននូវកិច្ចការដែលនឹងបានសម្រេចនៅកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ។ ក្នុងការសំដៅមកសម័យយើងនេះ ព្រះយេស៊ូបានមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤; ម៉ាកុស ១៣:១០) តើទំនាយនេះបានសម្រេចហើយឬ? ពិតជាបានមែនហើយ។ ពីការចាប់ផ្ដើមដ៏តូចមួយនៅក្នុងឆ្នាំ១៩១៩ មកដល់ឥឡូវនេះ ការផ្សាយដំណឹងល្អនេះបានរីកចំរើនរហូតដល់ទៅជាង២៣០ប្រទេស។ ការធ្វើបន្ទាល់នេះ ត្រូវបានគេឮនៅក្នុងតំបន់ជិតមហាសមុទ្រដ៏ត្រជាក់ខាងជើង ហើយនៅក្នុងប្រទេសដ៏ក្ដៅនិងដ៏ស្អុះស្អាប់ជាច្រើន។ ទ្វីបធំៗជាច្រើនបានទទួលការផ្សាយពាសពេញ ហើយកោះដាច់ស្រយាលនាៗក៏ត្រូវបានគេស្វែងរកឃើញ ដើម្បីឲ្យពួកអ្នករស់នៅទីនោះអាចទទួលការធ្វើបន្ទាល់ដែរ។ សូម្បីតែនៅក្នុងចំណោមចលាចលខ្លាំងក្ដី ដូចជាសង្គ្រាមនៅក្នុងប្រទេសបុសនានិងហឺហ្សីហ្គូវិញ៉ា ដំណឹងល្អក៏នៅតែបន្តផ្សាយជានិច្ច។ ដូចនៅក្នុងសតវត្សទីមួយ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏មានផលផ្លែ«ដល់លោកីយទាំងមូល»។ ដំណឹងល្អនេះគឺបានប្រកាសដោយចេញមុខ«ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។ តើមានលទ្ធផលយ៉ាងណា? ទីមួយ ពួកសំណល់នៃសាសន៍អ៊ីស្រាអែលនៃព្រះបានប្រមូល«ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់ព្រះរាជាណាចក្រ ហើយពីគ្រប់ទាំងសាសន៍»។ ទីពីរ ពួកមនុស្សរាប់លាននាក់នៃ«ពួកហ្វូងធំ» ក៏បានចាប់ផ្ដើមប្រមូល«ពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៥:៩, ៧:៩) ម៉ាថាយ ២៤:១៤ ក៏បន្តបំពេញការសម្រេចក្នុងរបៀបដ៏ធំនេះ។
១៨. តើមានអ្វីខ្លះដែលកំពុងតែបានសម្រេចដោយការផ្សាយដំណឹងល្អនៅទូទាំងពិភពលោកនោះ?
១៨ ការផ្សាយដំណឹងល្អទូទាំងពិភពលោកជួយបង្ហាញជាភស្តុតាងថា វត្តមាននៃព្រះយេស៊ូបានចាប់ផ្ដើមហើយ។ (ម៉ាថាយ ២៤:៣) ម្យ៉ាងវិញទៀត នេះជាមធ្យោបាយដ៏សំខាន់ ដែល‹ការច្រូតនៅលើផែនដី›កំពុងតែត្រូវបានប្រព្រឹត្តឡើង ដែលជាការដឹកនាំពួកមនុស្សទៅសេចក្ដីសង្ឃឹមពិតចំពោះមនុស្សជាតិ គឺព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា។ (វិវរណៈ ១៤:១៥, ១៦) ដោយសារមានតែជនគ្រីស្ទានពិតចូលរួមក្នុងការផ្សាយដំណឹងល្អនោះ កិច្ចការដ៏សំខាន់នេះ ជួយធ្វើឲ្យឃើញនូវភាពខុសគ្នាពីជនគ្រីស្ទានពិតចេញពីជនគ្រីស្ទានមិនពិត។ (ម៉ាឡាគី ៣:១៨) តាមរយៈនេះ ជាលទ្ធផល គឺបានសង្គ្រោះដល់ពួកអ្នកដែលផ្សាយ និងដល់ពួកអ្នកដែលប្រព្រឹត្តតាមដែរ។ (ធីម៉ូថេទី១ ៤:១៦) អ្វីដែលសំខាន់ជាងនោះទៅទៀតគឺថា ការផ្សាយដំណឹងល្អធ្វើឲ្យមានការសរសើរនិងកិត្ដិយសដល់ព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ឲ្យធ្វើនោះ ដែលគាំទ្រអស់ពួកអ្នកដែលធ្វើកិច្ចការនេះ ហើយបានធ្វើឲ្យមានផលផ្លែល្អ។—កូរិនថូសទី២ ៤:៧
១៩. កាលដែលពួកគេចូលទៅក្នុងកិច្ចបំរើប្រចាំថ្មី តើជនគ្រីស្ទានទាំងអស់ត្រូវបានដាស់តឿនឲ្យមានប្ដេជ្ញាចិត្តយ៉ាងណា?
១៩ ដូច្នេះហើយ បានជាសាវ័កប៉ុលបានជំរុញចិត្តឲ្យសរសេរថា៖ «បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ»! (កូរិនថូសទី១ ៩:១៦) ជនគ្រីស្ទាននៅសព្វថ្ងៃនេះ ក៏មានអារម្មណ៍បែបនេះដែរ។ នេះជាឯកសិទ្ធិដ៏ធំអស្ចារ្យ ហើយក៏ជាភារកិច្ចដ៏ធំដែរ ដោយធ្វើ«ជាអ្នកធ្វើការជាមួយនឹងព្រះ»។ ក្នុងការបញ្ចេញពន្លឺនៃសេចក្ដីពិតនៅក្នុងលោកីយ៍ដ៏ងងឹតនេះ។ (កូរិនថូសទី១ ៣:៩; អេសាយ ៦០:២, ៣) កិច្ចការដែលមានការចាប់ផ្ដើមដ៏តូចនៅឆ្នាំ១៩១៩នោះ ឥឡូវនេះបានរីកមកដល់ទំហំដ៏ធំមួយ។ ជនគ្រីស្ទានជិតប្រាំលាននាក់កំពុងតែផ្សាយអំពីអធិបតេយ្យភាពរបស់ព្រះ កាលដែលពួកគេចំណាយជាងមួយពាន់លានម៉ោងក្នុងមួយឆ្នាំ ក្នុងការយកសារនៃសេចក្ដីសង្គ្រោះទៅពួកអ្នកដទៃ។ ជាការដ៏មានអំណរណាស់ ដែលយើងមានផ្នែកក្នុងកិច្ចការធ្វើឲ្យព្រះនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធនោះ! កាលដែលយើងចូលទៅក្នុងកិច្ចបំរើប្រចាំឆ្នាំ១៩៩៦នោះ ចូរឲ្យយើងប្ដេជ្ញាចិត្តកុំឲ្យបង្អង់ធ្វើការនេះឡើយ។ ផ្ទុយទៅវិញ យើងនឹងត្រូវធ្វើតាមពាក្យរបស់ប៉ុលទៅធីម៉ូថេកាន់តែខ្លាំងឡើង ដែលថា៖ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង»។ (ធីម៉ូថេទី២ ៤:២) កាលដែលយើងធ្វើកិច្ចការនេះ យើងសូមអធិស្ឋានអស់ពីចិត្តឲ្យព្រះយេហូវ៉ាបន្តប្រទានប្រសិទ្ធិពរដល់ការខំខ្នះខ្នែងរបស់យើងជានិច្ច។
តើអ្នកនៅចាំឬទេ?
◻ តើពួកណាដែលផ្លាស់ជំនួសសាសន៍អ៊ីស្រាអែល ជា«ស្មរបន្ទាល់»របស់ព្រះយេហូវ៉ាចំពោះសាសន៍ទាំងឡាយនោះ?
◻ តើចរិយារបស់ជនគ្រីស្ទានអាចបណ្ដាលឲ្យធ្វើជាបន្ទាល់យ៉ាងណា?
◻ ហេតុអ្វីក៏ការសិក្សាព្រះគម្ពីរនិងការរំពឹងគិតទៅលើនោះ ជាការសំខាន់ចំពោះស្មរបន្ទាល់គ្រីស្ទាន?
◻ ក្នុងរបៀបណាដែលប្រវត្ដិសាស្ត្រស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះ ជាទីសំអាងថាព្រះយេហូវ៉ាជាព្រះពិតនោះ?
◻ តើការផ្សាយដំណឹងល្អបានសម្រេចអ្វីខ្លះ?
[រូបភាពនៅទំព័រ១៥]
ជាជាងពីការដាក់ព្រំដែននោះ ដំណឹងល្អឥឡូវនេះគឺកំពុងតែផ្សាយ «ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»