-
ការសម្គាល់អ្នកនាំសារត្រឹមត្រូវទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
-
-
៧, ៨. តើអេសាយមានរាជសារអ្វីសំរាប់បាប៊ីឡូន ហើយតើពាក្យរបស់គាត់មានន័យយ៉ាងណា?
៧ យូដានិងក្រុងយេរូសាឡិមនឹងទៅជាសោះកក្រោះ ឥតមានមនុស្សរស់នៅអស់រយ:៧០ឆ្នាំ។ ប៉ុន្តែ តាមរយៈអេសាយនិងអេសេគាល ព្រះយេហូវ៉ាបានប្រកាសថា ទីក្រុងនោះនឹងកសាងឡើងវិញ ហើយស្រុកនឹងមានមនុស្សរស់នៅវិញ ក្នុងពេលវេលាដែលបានទាយប្រាប់! នេះគឺជាការទាយដ៏អស្ចារ្យណាស់។ ហេតុអ្វី? ពីព្រោះបាប៊ីឡូនល្បីឈ្មោះថាមិនឲ្យអ្នកជាប់គុករួចខ្លួនបានឡើយ។ (អេសាយ ១៤:៤, ១៥-១៧) ដូច្នេះ តើអ្នកណាទៅដែលអាចដោះលែងពួកអ្នកជាប់ឃុំឃាំងទាំងនេះ? តើអ្នកណាដែលអាចឈ្នះបាប៊ីឡូនដ៏មានអំណាចនេះ ដែលមានកំផែងដ៏ធំៗនិងប្រព័ន្ធការពារដោយទន្លេនោះ? ព្រះយេហូវ៉ាដ៏មានព្រះចេស្ដាបំផុតគឺអាចធ្វើបាន! ហើយទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើដូច្នេះមែន៖ «អញក៏បង្គាប់ដល់ទីជំរៅ[នោះគឺការការពារខាងទឹកនៃក្រុង]ថា ‹ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ› អញនិយាយពីស៊ីរូសថា ‹ជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តអញទាំងប៉ុន្មាន› ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ ‹នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ›»។—អេសាយ ៤៤:២៥, ២៧, ២៨
៨ ចូរគិតអំពីរឿងនេះមើល! ទន្លេអ៊ើប្រាតគឺជារបាំងដ៏គួរឲ្យស្ញែងចំពោះមនុស្សជាតិ តែចំពោះព្រះយេហូវ៉ាវិញ គឺគ្រាន់តែជាទឹកមួយដំណក់លើផ្ទៃដីក្រហមនេះប៉ុណ្ណោះ។ គ្រាន់តែមួយភ្លែត របាំងនោះរីងស្ងួតតែម្ដង! បាប៊ីឡូននឹងរលំ។ ទោះជា១៥០ឆ្នាំមុននឹងកំណើតលោកស៊ីរូសនៃសាសន៍ពើស៊ីក៏ដោយ ព្រះយេហូវ៉ាបានឲ្យអេសាយទាយថា ស្តេចនេះនឹងចាប់យកបាប៊ីឡូន ហើយរំដោះពួកយូដាដែលជាប់ឃុំឃាំង។ រួចមកដោយសេចក្ដីអនុញ្ញាតរបស់ទ្រង់ ពួកគេត្រឡប់ទៅសង់ក្រុងយេរូសាឡិមនិងព្រះវិហារឡើងវិញ។
-
-
ការសម្គាល់អ្នកនាំសារត្រឹមត្រូវទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
-
-
១១. ហេតុអ្វីក៏ពួកអ្នកបាប៊ីឡូនមានអារម្មណ៍សុខសាន្ត?
១១ ក្នុងគ្រាដែលស៊ីរូសមកប្រឆាំងបាប៊ីឡូន ប្រជារាស្ត្រនៅស្រុកនោះមានអារម្មណ៍រួចពីគ្រោះថ្នាក់និងសុខសាន្ត។ ទីក្រុងរបស់គេបានព័ទ្ធជុំវិញដោយស្នាមភ្លោះការពារដ៏ធំហើយជ្រៅទៀតផង ដោយទន្លេអ៊ើប្រាត។ កន្លែងដែលទន្លេហូរកាត់ទីក្រុងនោះ គឺមានផែមួយវែងនៅទិសខាងកើតតាមដងមាត់ទន្លេ។ ដើម្បីនឹងញែកចេញពីទីក្រុង នេប៊ូក្នេសាបានសង់អ្វីមួយដែលគាត់បានហៅថា«កំផែងដ៏ធំ ដែលដូចភ្នំគឺមិនអាចកំរើកបានឡើយ . . . ក្បាលរបស់វា [គាត់]បានលើកខ្ពស់ដូចភ្នំ»។a កំផែងនេះមានទ្វារធំធ្វើពីលង្ហិន។ ដើម្បីនឹងចូលទៅក្នុង បុគ្គលម្នាក់ត្រូវតែឡើងទីជម្រាលពីមាត់ទន្លេ។ ដូច្នេះហើយបានជាពួកជាប់គុកក្នុងបាប៊ីឡូនបានអស់សង្ឃឹមពីការដោះលែងនោះ!
១២, ១៣. តើតាមរបៀបណាដែលពាក្យបន្ទូលរបស់ព្រះយេហូវ៉ាបានសម្រេចពិត តាមរយៈអេសាយ កាលដែលបាប៊ីឡូនបានរលំក្នុងកណ្ដាប់ដៃស៊ីរូស?
១២ ប៉ុន្តែ ចំពោះពួកយូដាដែលជាប់ឃុំឃាំង ដែលមានជំនឿលើព្រះយេហូវ៉ា គេឥតអស់សង្ឃឹមទេ! ពួកគេមានសង្ឃឹមដ៏ត្រចះត្រចង់។ តាមរយៈពួកព្យាការីរបស់ទ្រង់ ព្រះបានសន្យាថានឹងដោះលែងពួកគេ។ តើព្រះបានសម្រេចសេចក្ដីសន្យារបស់ទ្រង់ដោយដូចម្ដេច? ស៊ីរូសបានបញ្ជាទ័ពរបស់ខ្លួនឲ្យបង្វែរទន្លេអ៊ើប្រាតនៅឯចំណុចមួយ បីបួនគីឡូម៉ែត្រនៅទិសខាងជើងនៃបាប៊ីឡូន។ ដូច្នេះ ទីការពារដ៏សំខាន់បំផុតនៃទីក្រុង បានប្រែទៅជាបាតទន្លេដែលរីងស្ងួត។ ក្នុងរាត្រីដ៏សំខាន់នេះ ពួកអ្នកស៊ីផឹកអ៊ូអែក្នុងបាប៊ីឡូន បានទុកទ្វារពីរចំហដោយធ្វេសប្រហែស តាមមាត់ទឹកទន្លេអ៊ើប្រាត។ ព្រះយេហូវ៉ាមិនបានបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទីចំៗនោះទេ ហើយទ្រង់ក៏មិនបានបំបាក់រនុកដែកនោះដែរ ប៉ុន្តែ មធ្យោបាយដ៏អស្ចារ្យរបស់ទ្រង់ក្នុងការទុកទ្វារឲ្យចំហនិងឥតដាក់រនុក គឺមានលទ្ធផលដូចគ្នា។ កំផែងទាំងឡាយរបស់បាប៊ីឡូនគឺឥតមានប្រយោជន៍ទេ។ ទាហានរបស់ស៊ីរូសមិនចាំបាច់ឡើងកំផែងដើម្បីនឹងចូលក្នុងឡើយ។ ព្រះយេហូវ៉ាបានយាងទៅមុនស៊ីរូស ដោយពង្រាប«អស់ទាំងទីរដិបរដុបឲ្យស្មើ» ត្រូវហើយ ទ្រង់យកចេញឧបសគ្គទាំងអស់។ អេសាយបានសម្ដែងថាខ្លួនជាអ្នកនាំសារពិតរបស់ព្រះមែន។
-