តើអ្នកយល់ថាអ្នកត្រូវរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះឬទេ?
«ចូរបន្តព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្ដាប់ ការបំផុសទឹកចិត្ត និងការបង្រៀន»។—ធីម៉ូថេទី១ ៤:១៣
១, ២. (ក) តើអេសាយ ៦០:២២កំពុងក្លាយទៅជាការពិតយ៉ាងដូចម្ដេចនៅគ្រាចុងបញ្ចប់នេះ? (ខ) នៅសព្វថ្ងៃនេះ តើអង្គការរបស់ព្រះយេហូវ៉ាផ្នែកនៅផែនដីមានសេចក្ដីត្រូវការអ្វីខ្លះ?
«អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិចនឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ»។ (អេសាយ ៦០:២២) នៅឥឡូវនេះក្នុងគ្រាចុងបញ្ចប់ ពាក្យទាំងនេះកំពុងក្លាយទៅជាការពិត។ ក្នុងអំឡុងឆ្នាំ២០១៥ មានអ្នកបម្រើព្រះយេហូវ៉ាចំនួន៨.២២០.១០៥នាក់ ដែលផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះនៅទូទាំងពិភពលោក! ព្រះបានមានប្រសាសន៍អំពីការកើនឡើងក្នុងចំណោមរាស្ត្ររបស់លោកថា៖ «អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ ដូច្នេះ កាលដែលពេលវេលាកន្លងទៅ យើងទាំងអស់គ្នានឹងមានកិច្ចការកាន់តែច្រើនឡើង។ សព្វថ្ងៃនេះ តើយើងកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយនិងបង្រៀនមនុស្សអំពីដំណឹងល្អឬទេ? បងប្អូនជាច្រើននាក់កំពុងបម្រើជាអ្នកត្រួសត្រាយពេញពេលឬត្រួសត្រាយជំនួយ។ បងប្អូនខ្លះបានរើទៅកន្លែងផ្សេងទៀតដើម្បីជួយកិច្ចការផ្សព្វផ្សាយ ហើយបងប្អូនខ្លះទៀតកំពុងខំប្រឹងសង់សាលប្រជុំ។
២ ជារៀងរាល់ឆ្នាំ ក្រុមជំនុំថ្មីប្រហែលជា២.០០០បានត្រូវបង្កើតឡើង។ ក្រុមជំនុំទាំងនោះត្រូវការអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ។ រាល់ឆ្នាំ ជំនួយការខាងកិច្ចបម្រើរាប់ពាន់នាក់នឹងត្រូវតែងតាំងជាអ្នកចាស់ទុំ ហើយបងប្អូនប្រុសរាប់ពាន់នាក់ទៀតនឹងត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ។ យើងឃើញច្បាស់ថា យើងពិតជាមាន«កិច្ចការដ៏ច្រើនរបស់លោកម្ចាស់» ហើយនោះមិនគ្រាន់តែសម្រាប់បងប្អូនប្រុសប៉ុណ្ណោះទេ តែសម្រាប់បងប្អូនស្រីដែរ។—កូរិនថូសទី១ ១៥:៥៨
តើយើងត្រូវធ្វើអ្វីដើម្បីរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ?
៣, ៤. តើអ្នកអាចមានគោលដៅអ្វីខ្លះក្នុងការបម្រើព្រះ?
៣ សូមអាន ធីម៉ូថេទី១ ៣:១។ សាវ័កប៉ូលបានសរសើរបងប្អូនប្រុសដែល«កំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ»។ ដើម្បីចាប់អ្វីមួយដែលនៅឆ្ងាយ បុគ្គលម្នាក់ត្រូវខំប្រឹង ហើយប្រហែលជាត្រូវឈោងចាប់យកអ្វីនោះ។ ឥឡូវនេះ សូមស្រមៃគិតថា បងប្រុសម្នាក់ចង់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាជំនួយការខាងកិច្ចបម្រើ។ គាត់ទទួលស្គាល់ថាគាត់ត្រូវខំប្រឹងដើម្បីមានគុណសម្បត្ដិជាគ្រិស្តសាសនិកឲ្យកាន់តែប្រសើរឡើង។ ក្រោយគាត់ចាប់ផ្ដើមបម្រើជាជំនួយការខាងកិច្ចបម្រើ គាត់បន្តខំប្រឹងយ៉ាងខ្លាំងដើម្បីគាត់អាចមានគុណសម្បត្ដិគ្រប់គ្រាន់ទៅជាអ្នកត្រួតពិនិត្យ។
៤ បងប្អូនប្រុសស្រីខ្លះបានធ្វើការកែប្រែក្នុងរបៀបរស់នៅរបស់ពួកគាត់ ដោយសារពួកគាត់ចង់ធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពួកគាត់ប្រហែលជាចង់ត្រួសត្រាយ ធ្វើការនៅបេតអែល ឬជួយសង់សាលប្រជុំជាដើម។ សូមយើងពិចារណាអំពីរបៀបដែលគម្ពីរអាចជួយយើងទាំងអស់គ្នាឲ្យបន្តរីកចម្រើន។
ចូរបន្តរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ
៥. តើតាមបៀបណាប្អូនៗវ័យក្មេងអាចប្រើកម្លាំងរបស់ពួកគេក្នុងកិច្ចបម្រើរាជាណាចក្រព្រះ?
៥ ប្អូនៗវ័យក្មេងអាចធ្វើច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយសារពួកគាត់មានកម្លាំងនិងសុខភាពល្អ។ (សូមអាន សុភាសិត ២០:២៩) នៅបេតអែលប្អូនៗវ័យក្មេងខ្លះជួយបោះពុម្ពនិងចងក្រងគម្ពីរនិងសៀវភៅផ្សេងៗ។ ប្អូនប្រុសស្រីវ័យក្មេងជាច្រើននាក់ជួយសង់ឬជួសជុលសាលប្រជុំ។ ប្អូនៗខ្លះស្ម័គ្រចិត្តជួយ ពេលមានគ្រោះមហន្តរាយធម្មជាតិ។ ម្យ៉ាងទៀត ប្អូនៗវ័យក្មេងជាច្រើននាក់ដែលជាអ្នកត្រួសត្រាយរៀនភាសាផ្សេង ឬធ្វើដំណើរទៅកន្លែងផ្សេងដើម្បីផ្សព្វផ្សាយដំណឹងល្អ។
៦-៨. (ក) តើបុរសវ័យក្មេងម្នាក់បានផ្លាស់ប្ដូរទស្សនៈរបស់គាត់យ៉ាងដូចម្ដេចចំពោះកិច្ចបម្រើព្រះ ហើយតើមានលទ្ធផលអ្វី? (ខ) តើតាមរបៀបណាយើងអាច«ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ»?
៦ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ជូនលោកនូវអ្វីដ៏ល្អបំផុត។ ទោះជាយ៉ាងនេះក៏ដោយ យើងប្រហែលជាមានអារម្មណ៍ស្រដៀងនឹងបងប្រុសអេរ៉ុន។ គាត់ចង់ចូលចិត្តបម្រើព្រះ តែគាត់មិនសប្បាយទេ។ ទោះជាបងអេរ៉ុនបានចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយតាំងពីគាត់នៅក្មេងក៏ដោយ គាត់បាននិយាយថា៖ «ខ្ញុំគិតថាកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយជាអ្វីដែលធុញទ្រាន់»។ ដូច្នេះ តើគាត់បានធ្វើអ្វី?
៧ បងអេរ៉ុនបានខំប្រឹងអានគម្ពីរជាទៀងទាត់ ហើយរៀបចំនិងឆ្លើយនៅកិច្ចប្រជុំ។ គាត់ក៏បានចាប់ផ្ដើមអធិដ្ឋានញឹកញាប់ជាងមុនដែរ។ អ្វីទាំងអស់នេះបានជួយគាត់ឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ គាត់បានស្គាល់ព្រះយេហូវ៉ាច្បាស់ជាង ហើយចាប់ផ្ដើមស្រឡាញ់លោកកាន់តែខ្លាំង។ ជាលទ្ធផល បងអេរ៉ុនមានអារម្មណ៍សប្បាយជាង។ គាត់បានទៅជាអ្នកត្រួសត្រាយ បានជួយបងប្អូនឯទៀតពេលមានគ្រោះមហន្តរាយធម្មជាតិ និងបានទៅផ្សព្វផ្សាយនៅប្រទេសផ្សេង។ សព្វថ្ងៃនេះ គាត់ជាអ្នកចាស់ទុំ ហើយបម្រើនៅបេតអែល។ តើគាត់មានអារម្មណ៍យ៉ាងណាចំពោះជីវិតរបស់គាត់? បងអេរ៉ុនបាននិយាយថា៖ «ខ្ញុំបាន‹ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាគឺល្អ›។ ដោយសារពរពីលោក ខ្ញុំដឹងគុណលោក និងចង់ធ្វើច្រើនជាងក្នុងកិច្ចបម្រើលោក ហើយនេះនាំឲ្យខ្ញុំទទួលពរកាន់តែច្រើន»។
៨ អ្នកតែងទំនុកតម្កើងបាននិយាយថា៖ «សូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ»។ គាត់បានបន្ថែមទៀតថា៖ «អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វីដែលល្អឡើយ»។ (សូមអាន ទំនុកតម្កើង ៣៤:៨-១០) ពិតមែន ពេលយើងជូនព្រះយេហូវ៉ានូវអ្វីដ៏ល្អបំផុត យើងពិតជាសប្បាយ ដោយសារយើងដឹងថាយើងកំពុងធ្វើឲ្យលោកពេញចិត្ត។ ម្យ៉ាងទៀត លោកនឹងរក្សាសេចក្ដីសន្យារបស់លោកដើម្បីមើលថែរក្សាយើង។
ចូរកុំឈប់ព្យាយាមឡើយ
៩, ១០. ហេតុអ្វីគឺសំខាន់ដែលអ្នក«រង់ចាំ»ដោយចិត្តអត់ធ្មត់?
៩ យើងប្រហែលជាចង់ធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ប៉ុន្តែចុះយ៉ាងណាបើយើងបានរង់ចាំអស់រយៈពេលយូរដើម្បីទទួលឯកសិទ្ធិក្នុងក្រុមជំនុំ ឬដើម្បីឲ្យស្ថានភាពរបស់យើងផ្លាស់ប្ដូរ? យើងប្រហែលជាត្រូវរង់ចាំដោយចិត្តអត់ធ្មត់។ (មីកា ៧:៧) ម្យ៉ាងទៀត ទោះជាព្រះយេហូវ៉ាប្រហែលជាអនុញ្ញាតឲ្យស្ថានភាពរបស់យើងបន្តមានទៀតក៏ដោយ យើងអាចប្រាកដថាលោកនឹងតែងតែគាំទ្រយើង។ យើងអាចរៀនពីគំរូរបស់អាប្រាហាំ។ ព្រះយេហូវ៉ាបានសន្យានឹងគាត់ថាគាត់នឹងមានកូនប្រុសម្នាក់ ប៉ុន្តែគាត់ត្រូវរង់ចាំអស់ជាច្រើនឆ្នាំរហូតដល់អ៊ីសាកកើត។ ក្នុងអំឡុងពេលនោះ អាប្រាហាំមានចិត្តអត់ធ្មត់ ហើយមិនបានបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា។—លោកុប្បត្តិ ១៥:៣, ៤; ២១:៥; ហេប្រឺ ៦:១២-១៥
១០ ពិតមែន ការរង់ចាំគឺមិនងាយស្រួលទេ។ (សុភាសិត ១៣:១២) ប៉ុន្តែ បើយើងបន្តគិតអំពីស្ថានភាពរបស់យើងនិងអំពីការខកចិត្តដ៏ខ្លាំងរបស់យើង នោះយើងនឹងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ផ្ទុយទៅវិញ យើងអាចប្រើពេលវេលានោះដើម្បីបង្កើនគុណសម្បត្ដិដែលយើងនឹងត្រូវការដើម្បីបំពេញភារកិច្ចក្នុងក្រុមជំនុំ។
ដោយរំពឹងគិតអំពីអ្វីដែលយើងអានក្នុងគម្ពីរ យើងរៀនឲ្យមានប្រាជ្ញា ហើយធ្វើការសម្រេចចិត្តល្អ
១១. តើយើងអាចបង្កើនគុណសម្បត្ដិអ្វីខ្លះ ហើយហេតុអ្វីគុណសម្បត្ដិទាំងនោះគឺសំខាន់?
១១ ចូរបង្កើនគុណសម្បត្ដិនិងសមត្ថភាពដែលអ្នកនឹងត្រូវការ។ ដោយអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលអ្នកអាន អ្នកអាចរៀនឲ្យមានប្រាជ្ញា គិតនិងវែកញែកយ៉ាងច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តល្អ។ តាមពិត បងប្អូនប្រុសត្រូវមានគុណសម្បត្ដិនិងសមត្ថភាពដូចនេះដើម្បីថែរក្សាក្រុមជំនុំ។ (សុភាសិត ១:១-៤; ទីតុស ១:៧-៩) ពេលយើងសិក្សាគម្ពីរ យើងអាចយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងជាច្រើន។ យ៉ាងនេះ ជារៀងរាល់ថ្ងៃយើងអាចប្រើអ្វីដែលយើងរៀនដើម្បីធ្វើការសម្រេចចិត្តដែលព្រះយេហូវ៉ាពេញចិត្ត។ ជាឧទាហរណ៍ យើងនឹងដឹងអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត របៀបប្រើលុយ ព្រមទាំងរបៀបជ្រើសរើសការកម្សាន្តនិងសម្លៀកបំពាក់។
១២. តើសមាជិកក្រុមជំនុំអាចបង្ហាញយ៉ាងណាថាខ្លួនជាមនុស្សដែលគួរឲ្យទុកចិត្ត?
១២ ចូរខំប្រឹងព្យាយាមដើម្បីបំពេញភារកិច្ចណាក៏ដោយដែលអ្នកទទួល។ ពេលរាស្ត្ររបស់ព្រះបានសង់វិហារឡើងវិញ នេហេមាត្រូវការបុរសដើម្បីបំពេញភារកិច្ចផ្សេងៗ។ គាត់បានជ្រើសរើសពួកអ្នកដែលមានកេរ្ដិ៍ឈ្មោះល្អ។ គាត់ដឹងថាបុរសទាំងនោះស្រឡាញ់ព្រះ ហើយថាពួកគាត់នឹងខំប្រឹងព្យាយាមដើម្បីបំពេញភារកិច្ចណាក៏ដោយដែលពួកគាត់ទទួល។ (នេហេមា ៧:២; ១៣:១២, ១៣) ស្រដៀងគ្នាដែរ សព្វថ្ងៃនេះពួកអ្នកដែលស្មោះត្រង់និងដែលខំព្យាយាម នឹងមានកេរ្ដិ៍ឈ្មោះល្អ ហើយប្រហែលជានឹងទទួលភារកិច្ចកាន់តែច្រើនទៀត។ (កូរិនថូសទី១ ៤:២) ដូច្នេះ មិនថាយើងជាប្រុសឬស្រីទេ យើងគួរខំអស់ពីសមត្ថភាពជានិច្ចដើម្បីបំពេញកិច្ចការណាក៏ដោយដែលយើងទទួល។—សូមអាន ធីម៉ូថេទី១ ៥:២៥
១៣. បើអ្នកឯទៀតបានប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះអ្នក តើអ្នកអាចធ្វើតាមគំរូរបស់យ៉ូសែបយ៉ាងដូចម្ដេច?
១៣ ចូរពឹងផ្អែកលើព្រះយេហូវ៉ា។ បើអ្នកឯទៀតប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះអ្នក តើអ្នកអាចធ្វើអ្វី? អ្នកប្រហែលជាអាចពន្យល់ពួកគេអំពីអារម្មណ៍របស់អ្នក។ ប៉ុន្តែ បើអ្នកចេះតែនិយាយការពារខ្លួនឯង ហើយប្រកែកថាអ្នកត្រឹមត្រូវ អ្នកអាចបង្កឲ្យមានបញ្ហាកាន់តែធំ។ យើងអាចរៀនច្រើនពីគំរូរបស់យ៉ូសែប។ បងប្រុសៗរបស់គាត់បានប្រព្រឹត្តយ៉ាងអាក្រក់ទៅលើគាត់។ មនុស្សបាននិយាយកុហកអំពីគាត់ ហើយគាត់បានត្រូវគេចាប់ដាក់គុកចំពោះអ្វីដែលគាត់មិនបានធ្វើ។ ប៉ុន្តែ យ៉ូសែបបានពឹងផ្អែកលើព្រះយេហូវ៉ា។ គាត់បានគិតអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ហើយគាត់បានរក្សាភាពស្មោះត្រង់។ ក្នុងគ្រាដ៏ពិបាកទាំងនោះ គាត់បានបណ្ដុះឲ្យមានគុណសម្បត្ដិជាច្រើនដែលបានជួយគាត់ក្រោយមក ពេលគាត់ទទួលភារកិច្ចដ៏សំខាន់។ (លោកុប្បត្តិ ៤១:៣៧-៤៤; ៤៥:៤-៨) បើអ្នកឯទៀតបានប្រព្រឹត្តដោយអយុត្ដិធម៌ចំពោះអ្នក ចូរអធិដ្ឋានសុំប្រាជ្ញាពីព្រះយេហូវ៉ា។ លោកនឹងជួយអ្នកឲ្យមានចិត្តស្ងប់ ហើយប្រព្រឹត្តនិងនិយាយដោយសប្បុរសចំពោះពួកគេ។—សូមអាន ពេត្រុសទី១ ៥:១០
ចូររីកចម្រើនក្នុងកិច្ចបម្រើផ្សាយ
១៤, ១៥. (ក) ហេតុអ្វីយើងត្រូវ«ប្រុងប្រយ័ត្នជានិច្ច»ចំពោះរបៀបដែលយើងផ្សព្វផ្សាយ? (ខ) តើអ្នកអាចកែប្រែតាមកាលៈទេសៈយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ និងប្រអប់ដែលមានចំណងជើងថា«តើអ្នកសុខចិត្តសាកល្បងវិធីផ្សេងទៀតឬទេ?»)
១៤ ប៉ូលបានប្រាប់ធីម៉ូថេឲ្យបន្តរីកចម្រើនក្នុងការពន្យល់បទគម្ពីរ។ ប៉ូលបាននិយាយថា៖ «ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក»។ (ធីម៉ូថេទី១ ៤:១៣, ១៦) ធីម៉ូថេបានផ្សព្វផ្សាយអស់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះ ហេតុអ្វីគាត់ត្រូវបន្តរីកចម្រើន? ធីម៉ូថេបានដឹងថាមនុស្សនិងកាលៈទេសៈប្រែប្រួល។ គាត់ចង់ឲ្យមនុស្សបន្តស្ដាប់គាត់ ដូច្នេះគាត់ត្រូវបន្តរីកចម្រើននិងកែប្រែរបៀបដែលគាត់បង្រៀនពួកគេ។ សព្វថ្ងៃនេះកាលដែលយើងផ្សព្វផ្សាយ យើងក៏ត្រូវធ្វើដូច្នេះដែរ។
១៥ នៅកន្លែងខ្លះ ពេលយើងផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងឃើញថាមនុស្សជាច្រើនមិននៅផ្ទះទេ។ នៅកន្លែងខ្លះទៀត មនុស្សប្រហែលជានៅផ្ទះ ប៉ុន្តែយើងមិនអាចចូលមាត់ទ្វារផ្ទះរបស់ពួកគេបានទេ ប្រហែលជាដោយសារយើងមិនអាចចូលអគារដែលពួកគេរស់នៅ។ បើនៅតំបន់ផ្សាយរបស់អ្នកគឺដូច្នេះ តើអ្នកអាចព្យាយាមរកវិធីផ្សេងទៀតដើម្បីជួបមនុស្សឬទេ?
១៦. តើតាមរបៀបណាការផ្សព្វផ្សាយជាសាធារណៈអាចមានប្រសិទ្ធភាព?
១៦ បងប្អូនជាច្រើននាក់ចូលចិត្តផ្សព្វផ្សាយជាសាធារណៈ។ ជាឧទាហរណ៍ ពួកគាត់ទៅស្ថានីយរថភ្លើង បេនឡានក្រុង ផ្សារ និងសួនសាធារណៈដើម្បីរកមនុស្សនិយាយជាមួយ។ សាក្សីម្នាក់ប្រហែលជាចាប់ផ្ដើមសន្ទនាជាមួយនឹងបុគ្គលម្នាក់អំពីព័ត៌មានថ្មីៗដែលគេចេញផ្សាយ ឬសាក្សីនោះប្រហែលជានិយាយអ្វីមួយល្អអំពីកូនរបស់គាត់ឬសួរអំពីការងាររបស់គាត់។ បើបុគ្គលនោះមើលទៅដូចជាចូលចិត្តការសន្ទនានោះ អ្នកផ្សាយប្រហែលជាលើកចំណុចមួយពីគម្ពីរ ហើយសួរអំពីទស្សនៈរបស់គាត់។ ជាច្រើនដង មនុស្សចង់ដឹងថែមទៀតអំពីគម្ពីរ។
១៧, ១៨. (ក) តើតាមរបៀបណាអ្នកអាចមានទំនុកចិត្តច្រើនជាងក្នុងការផ្សព្វផ្សាយជាសាធារណៈ? (ខ) កាលដែលអ្នកផ្សព្វផ្សាយ ហេតុអ្វីចិត្តគំនិតរបស់ដាវីឌក្នុងការសរសើរព្រះយេហូវ៉ាមានតម្លៃចំពោះអ្នក?
១៧ អ្នកប្រហែលជាពិបាកចាប់ផ្ដើមការសន្ទនាតាមផ្លូវជាមួយនឹងមនុស្សដែលអ្នកមិនស្គាល់។ បងប្រុសអេឌីដែលជាអ្នកត្រួសត្រាយម្នាក់នៅក្រុងញូវយ៉កមានអារម្មណ៍ដូច្នេះ។ ប៉ុន្តែ គាត់រកឃើញអ្វីដែលបានជួយគាត់ឲ្យមានទំនុកចិត្តច្រើនជាង។ គាត់និយាយថា៖ «ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ខ្ញុំនិងប្រពន្ធខ្ញុំធ្វើការស្រាវជ្រាវដើម្បីចេះឆ្លើយពេលមនុស្សជំទាស់និងពេលពួកគេប្រាប់អំពីមតិរបស់ខ្លួន។ យើងក៏សុំយោបល់ពីសាក្សីឯទៀតដែរ»។ ឥឡូវនេះ បងអេឌីទន្ទឹងរង់ចាំផ្សព្វផ្សាយជាសាធារណៈ។
១៨ ពេលយើងចូលចិត្តកិច្ចបម្រើផ្សាយរបស់យើងច្រើនជាង ហើយរីកចម្រើនក្នុងរបៀបដែលយើងផ្សព្វផ្សាយដំណឹងល្អ នោះអ្នកឯទៀតនឹងឃើញថាយើងមានជំនឿនក្នុងការគោរពប្រណិប័តន៍ព្រះ។ (សូមអាន ធីម៉ូថេទី១ ៤:១៥) ម្យ៉ាងទៀត យើងប្រហែលជាថែមទាំងជួយបុគ្គលម្នាក់ឲ្យទៅជាអ្នកបម្រើព្រះយេហូវ៉ា។ ដាវីឌបាននិយាយថា៖ «ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច។ ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា មនុស្សរាបទាបនឹងឮ ហើយនឹងមានសេចក្ដីអំណរដែរ»។—ទំនុកតម្កើង ៣៤:១, ២
ចូរបន្តសរសើរព្រះយេហូវ៉ាដោយរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ
១៩. ហេតុអ្វីអ្នកបម្រើដែលមានភក្ដីភាពចំពោះព្រះយេហូវ៉ាគួរសប្បាយរីករាយ ទោះជាគាត់នៅក្នុងស្ថានភាពដ៏ពិបាកណាស់ក្ដី?
១៩ ដាវីឌក៏បាននិយាយដែរថា៖ «ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពរ។ គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់ នឹងពីតេជានុភាពរបស់ទ្រង់ ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់»។ (ទំនុកតម្កើង ១៤៥:១០-១២) អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានិងដែលមានភក្ដីភាពចំពោះលោក មានបំណងចិត្តយ៉ាងខ្លាំងដើម្បីប្រាប់អ្នកឯទៀតអំពីលោក។ ប៉ុន្តែ ចុះយ៉ាងណាដោយសារអ្នកមានជំងឺឬមានវ័យចាស់ អ្នកមិនអាចចំណាយពេលច្រើនក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដូចដែលអ្នកចង់ធ្វើ? សូមចាំជានិច្ចថា អ្នកកំពុងសរសើរព្រះយេហូវ៉ារាល់ដងដែលអ្នកនិយាយអំពីលោកដល់ពួកអ្នកដែលនៅជុំវិញអ្នកដូចជាគិលានុបដ្ឋាកឬគ្រូពេទ្យជាដើម។ បើអ្នកជាប់គុកដោយសារជំនឿរបស់អ្នក អ្នកប្រហែលជានៅតែអាចនិយាយប្រាប់អ្នកឯទៀតអំពីព្រះយេហូវ៉ា ហើយនេះធ្វើឲ្យចិត្តរបស់លោករីករាយ។ (សុភាសិត ២៧:១១) លោកក៏សប្បាយរីករាយណាស់ដែរ បើអ្នកកំពុងបម្រើលោក ទោះជាសមាជិកក្រុមគ្រួសាររបស់អ្នកមិនបម្រើលោកក៏ដោយ។ (ពេត្រុសទី១ ៣:១-៤) សូម្បីតែក្នុងស្ថានភាពដ៏ពិបាកណាស់ក្ដី អ្នកអាចសរសើរព្រះយេហូវ៉ា បន្តចូលកាន់តែជិតលោក ហើយរីកចម្រើនក្នុងការគោរពប្រណិប័តន៍លោក។
២០, ២១. បើអ្នកទទួលភារកិច្ចច្រើនជាងក្នុងអង្គការរបស់ព្រះយេហូវ៉ា តើអ្នកអាចធ្វើអ្វីខ្លះដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត?
២០ ព្រះយេហូវ៉ាប្រាកដជានឹងឲ្យពរដល់អ្នក បើអ្នកបន្តចូលកាន់តែជិតលោក ហើយព្យាយាមអស់ពីសមត្ថភាពដើម្បីបម្រើលោក។ ដោយធ្វើការកែប្រែខ្លះក្នុងកាលវិភាគ ឬរបៀបរស់នៅរបស់អ្នក អ្នកប្រហែលជានឹងមានឱកាសកាន់តែច្រើនដើម្បីជួយមនុស្សឲ្យរៀនអំពីសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះ។ អ្នកក៏ប្រហែលជាអាចជួយបងប្អូនរបស់អ្នកកាន់តែច្រើន។ ម្យ៉ាងទៀត សូមគិតអំពីសេចក្ដីស្រឡាញ់ដ៏ខ្លាំងដែលបងប្អូននឹងមានចំពោះអ្នក ពេលពួកគាត់ឃើញអ្នកកំពុងខំប្រឹងព្យាយាមធ្វើកិច្ចការក្នុងក្រុមជំនុំ។
២១ ទោះជាយើងបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក្ដី យើងទាំងអស់គ្នាអាចបន្តចូលកាន់តែជិតលោកនិងរីកចម្រើនក្នុងការគោរពប្រណិប័តន៍លោក។ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចជួយអ្នកឯទៀតឲ្យរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។