តើអ្នកកំពុងជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?
«ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត»។—១ពេ. ៣:១២
១. តើអង្គការណាបានជំនួសប្រជាជាតិអ៊ីស្រាអែល ជារាស្ត្រដែលព្រះបានជ្រើសរើស? (សូមមើលរូបភាពនៅដើមអត្ថបទ)។
សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ានៅផែនដីគោរពប្រណិប័តន៍លោកតាមរបៀបដែលធ្វើឲ្យលោកពេញចិត្ត។ នៅអតីតកាល សមាជិកនៃប្រជាជាតិអ៊ីស្រាអែលគឺជារាស្ត្រដែលព្រះបានជ្រើសរើស។ ប៉ុន្តែពួកគេបានទៅជាអ្នកក្បត់ជំនឿ។ ហេតុនេះ ព្រះយេហូវ៉ាបានបង្កើតប្រជាជាតិថ្មីមួយដែលជាពួកអ្នកកាន់តាមគ្រិស្ត។ ពួកគេបានក្លាយទៅជាអង្គការមួយដែលធ្វើជាតំណាងព្រះយេហូវ៉ា។ ទោះជាក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលនៅឆ្នាំ៧០ គ.ស.ក៏ដោយ អង្គការនោះមិនបានត្រូវបំផ្លាញចោលឡើយ។ (លូក. ២១:២០, ២១) នៅគ្រាចុងក្រោយបង្អស់នេះ ប្រជាជាតិថ្មីនោះបានត្រូវរៀបចំឡើងដើម្បីធ្វើជាតំណាងព្រះយេហូវ៉ា។ អង្គការនោះនឹងមិនត្រូវបំផ្លាញចោលឡើយ ពេលពិភពលោករបស់សាថាននឹងត្រូវបំបាត់ចោលជារៀងរហូត។ (២ធី. ៣:១) ហេតុអ្វីយើងអាចដឹងប្រាកដអំពីរឿងនោះ?
២. តើលោកយេស៊ូបានរៀបរាប់យ៉ាងដូចម្ដេចអំពី«ទុក្ខវេទនាជាខ្លាំង»? តើទុក្ខវេទនានោះនឹងចាប់ផ្ដើមនៅពេលណា?
២ លោកយេស៊ូបានទាយអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់ថា៖ «នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ»។ (ម៉ាថ. ២៤:៣, ២១) ទុក្ខវេទនានោះនឹងចាប់ផ្ដើមពេលព្រះយេហូវ៉ាបំផ្លាញចោល«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាសាសនាមិនពិតទាំងអស់។ លោកនឹងប្រើរដ្ឋាភិបាលរបស់មនុស្សដើម្បីធ្វើដូច្នេះ។ (បប. ១៧:៣-៥, ១៦) តើអ្វីនឹងកើតឡើងបន្ទាប់មក?
ការវាយប្រហាររបស់សាថាននាំឲ្យមានសង្គ្រាមហាម៉ាគេដូន
៣. ក្រោយពីសាសនាមិនពិតបានត្រូវបំផ្លាញចោល តើអ្វីនឹងកើតឡើងដល់រាស្ត្ររបស់ព្រះយេហូវ៉ា?
៣ ក្រោយពីសាសនាមិនពិតបានត្រូវបំផ្លាញចោល សាក្សីព្រះយេហូវ៉ាគឺជាអង្គការសាសនាតែមួយគត់ដែលនៅសល់លើផែនដី។ បន្ទាប់មក សាថាននិងពិភពលោករបស់វានឹងវាយប្រហារអ្នកបម្រើរបស់ព្រះ។ ពេលនោះ រាស្ត្ររបស់ព្រះយេហូវ៉ានឹងហាក់ដូចជាគ្មានអ្វីការពារ។ គម្ពីរចែងអំពី«កុកនៃស្រុកម៉ាកុក»ថា៖ «ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ ហើយឯង នឹងពួកកកកុញទាំងប៉ុន្មានរបស់ឯង ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក»។ ប៉ុន្តែការវាយប្រហារនោះគឺជាកំហុសដ៏ធំមួយ!—អេស. ៣៨:១, ២, ៩-១២
៤, ៥. តើព្រះយេហូវ៉ានឹងធ្វើអ្វី ពេលរាស្ត្ររបស់លោកទទួលការវាយប្រហារ?
៤ ពេលសាថាននិងអ្នកកាន់តាមវាវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា គឺហាក់ដូចជាពួកគេកំពុងវាយប្រហារលោក។ (សូមអាន សាការី ២:៨) តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណានៅពេលនោះ? ភ្លាមៗនោះ មហាក្សត្រនៃសកលលោកនឹងសង្គ្រោះរាស្ត្ររបស់លោក។ លោកនឹងមិនអនុញ្ញាតឲ្យពួកគេត្រូវបំផ្លាញចោលឡើយ។ ក្រោយពីសង្គ្រោះរាស្ត្ររបស់លោក ព្រះយេហូវ៉ានឹងចាប់ផ្ដើមសង្គ្រាមហាម៉ាគេដូន ហើយនឹងបំផ្លាញចោលពិភពលោករបស់សាថានទាំងស្រុង។—បប. ១៦:១៤, ១៦
៥ យេរេមាបានទាយថាព្រះយេហូវ៉ានឹងតយុទ្ធប្រឆាំងប្រជាជាតិនានានៅសង្គ្រាមហាម៉ាគេដូន ដោយនិយាយថា៖ «‹ទ្រង់នឹងកើតក្ដីនឹងគ្រប់ទាំងមនុស្ស ឯពួកមនុស្សអាក្រក់ នោះទ្រង់នឹងប្រគល់ដល់ដាវ› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា៖ ‹មើល! សេចក្ដីអាក្រក់នឹងចេញពីនគរ១ដល់នគរ១ ហើយនឹងកើតមានព្យុះសង្ឃរាយ៉ាងសំបើម មកពីចុងផែនដីបំផុត។ នៅថ្ងៃនោះ សាកសពនៃមនុស្សដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញពីចុងផែនដីម្ខាងទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្ដាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី›»។ (យេ. ២៥:៣១-៣៣) សង្គ្រាមហាម៉ាគេដូននឹងធ្វើឲ្យពិភពលោករបស់សាថានលែងមានទៀត។ ប៉ុន្តែអង្គការរបស់ព្រះយេហូវ៉ានឹងនៅស្ថិតស្ថេរ។
ហេតុអ្វីអង្គការរបស់ព្រះយេហូវ៉ាបន្តរីកចម្រើន?
៦, ៧. (ក) តើ«មនុស្សមួយក្រុមធំ»មកពីណា? (ខ) តើមានការកើនឡើងអ្វីខ្លះក្នុងប៉ុន្មានឆ្នាំនេះ??
៦ សព្វថ្ងៃនេះ ផ្នែកនៅផែនដីនៃអង្គការរបស់ព្រះបន្តរីកចម្រើន ដោយសារអង្គការនោះមានពេញទៅដោយមនុស្សសុចរិតដែលព្រះពេញចិត្ត។ គម្ពីរចែងថា៖ «ភ្នែកព្រះយេហូវ៉ាមើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វររបស់ពួកគេ»។ (១ពេ. ៣:១២) មនុស្សសុចរិតទាំងនេះរួមមាន«មនុស្សមួយក្រុមធំ» ពោលគឺមនុស្សមួយចំនួនធំដែលនឹងរួចជីវិតពី«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:៩, ១៤) សូមស្រមៃគិតថាអ្នកនឹងមានអារម្មណ៍យ៉ាងណា ពេលអ្នករួចជីវិតពីគ្រាទុក្ខវេទនាដ៏ខ្លាំងនេះ ហើយនៅក្នុងចំណោមមនុស្សមួយក្រុមធំ!
៧ មនុស្សមួយក្រុមធំនេះមកពីគ្រប់ប្រជាជាតិ។ គឺកិច្ចការផ្សព្វផ្សាយដែលកំពុងប្រមូលពួកគេមក។ លោកយេស៊ូបានទាយថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថ. ២៤:១៤) ហេតុនេះហើយបានជាកិច្ចការសំខាន់ចម្បងរបស់រាស្ត្រព្រះ គឺការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ជាលទ្ធផល មនុស្សរាប់លាននាក់កំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា«ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ (យ៉ូន. ៤:២៣, ២៤) ជាឧទាហរណ៍ រវាងឆ្នាំ២០០៣និងឆ្នាំ២០១២ មនុស្សជាង២.៧០៧.០០០នាក់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបានទទួលការជ្រមុជទឹក។ សព្វថ្ងៃនេះ មានសាក្សីព្រះយេហូវ៉ាជាង៧.៩០០.០០០នាក់ ហើយជារៀងរាល់ឆ្នាំមនុស្សរាប់លាននាក់ទៀតចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត។ យើងអរសប្បាយដែលចំនួនមនុស្សមួយក្រុមធំនេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយយើងដឹងថាការកើនឡើងនេះគឺមកពីព្រះយេហូវ៉ា។—១កូ. ៣:៥-៧
៨. ហេតុអ្វីអង្គការព្រះយេហូវ៉ាកាន់តែធំឡើងដូច្នេះ?
៨ ព្រះយេហូវ៉ាបានជ្រើសរើសអង្គការមួយដើម្បីជាតំណាងលោក។ អង្គការនោះធំឡើងយ៉ាងឆាប់រហ័ស។ (សូមអាន អេសាយ ៤៣:១០-១២) អេសាយបានទាយអំពីគ្រាចុងក្រោយបង្អស់ថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេ. ៦០:២២) អ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ ពោលគឺ«អ៊ីស្រាអែលនៃព្រះ» ពីមុនជា«អ្នកតូចបំផុត» ប៉ុន្តែព្រះយេហូវ៉ាបានឲ្យពរចំពោះកិច្ចការផ្សព្វផ្សាយរបស់ពួកគេ។ ចំនួនរបស់ពួកគេបានកើនឡើង កាលដែលអ្នករើសតាំងឯទៀតបានត្រូវនាំចូលអង្គការរបស់ព្រះ។ (កាឡ. ៦:១៦) ច្រើនឆ្នាំកន្លងមកនេះ មនុស្សរាប់លាននាក់ដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីក៏បានទទួលយកសេចក្ដីពិតដែរ។
អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង
៩. តើយើងត្រូវធ្វើអ្វី ដើម្បីទទួលប្រយោជន៍ពីសេចក្ដីសន្យារបស់ព្រះស្តីអំពីអនាគតដ៏អស្ចារ្យ?
៩ ព្រះយេហូវ៉ាបានសន្យាថាយើងទាំងអស់គ្នានឹងមានអនាគតដ៏អស្ចារ្យ ទោះបីយើងជាអ្នករើសតាំង ឬនៅក្នុងចំណោមមនុស្សមួយហ្វូងធំក្ដី។ ដើម្បីទទួលប្រយោជន៍ពីសេចក្ដីសន្យានេះ យើងត្រូវធ្វើតាមបញ្ញត្ដិរបស់លោក។ (អេ. ៤៨:១៧, ១៨) ជាឧទាហរណ៍ ព្រះយេហូវ៉ាបានតម្រូវឲ្យជនជាតិអ៊ីស្រាអែលធ្វើតាមច្បាប់របស់លោក។ ច្បាប់នោះនឹងការពារពួកគេ ព្រមទាំងបង្រៀនពួកគេអំពីរបៀបដែលពួកគេអាចមានក្រុមគ្រួសារដែលមានសុភមង្គលនិងមិត្តភក្ដិដ៏ល្អ និងបង្រៀនអំពីរបៀបរកស៊ីដោយទៀងត្រង់ និងរបៀបប្រព្រឹត្តចំពោះអ្នកឯទៀតដោយសប្បុរស។ (និក្ខ. ២០:១៤; លេវី. ១៩:១៨, ៣៥-៣៧; ចោ. ៦:៦-៩) សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ បញ្ញត្ដិរបស់ព្រះការពារយើង ហើយមានប្រយោជន៍សម្រាប់យើង។ បញ្ញត្ដិទាំងនោះមិនពិបាកពេកឲ្យយើងធ្វើតាមនោះទេ។ (សូមអាន យ៉ូហានទី១ ៥:៣) ពេលយើងធ្វើតាមបញ្ញត្ដិទាំងនោះ ជីវិតរបស់យើងមានសុភមង្គលច្រើនជាង ហើយសំខាន់ជាងនេះ ជំនឿរបស់យើងលើព្រះយេហូវ៉ាក៏កាន់តែមាំមួនជាងដែរ។—ទីត. ១:១៣
១០. ហេតុអ្វីយើងគួរធ្វើឲ្យប្រាកដថាយើងសិក្សាគម្ពីរនិងគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងទៀងទាត់?
១០ ផ្នែកនៅផែនដីនៃអង្គការរបស់ព្រះកំពុងជឿនទៅមុខតាមរបៀបជាច្រើន។ អង្គការនេះជួយយើងឲ្យយល់សេចក្ដីពិតពីគម្ពីរកាន់តែច្បាស់ជាង។ នោះគឺដូចអ្វីដែលបានត្រូវសន្យាក្នុងគម្ពីរ ដែលថា៖ «ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ (សុភ. ៤:១៨) ប៉ុន្តែយើងម្នាក់ៗគួរសួរខ្លួនយើងថា ‹តើខ្ញុំដឹងអំពីការផ្លាស់ប្ដូរថ្មីៗស្តីអំពីរបៀបដែលយើងយល់បទគម្ពីរខ្លះឬទេ? តើខ្ញុំអានគម្ពីរជារៀងរាល់ថ្ងៃឬទេ? តើខ្ញុំចង់អានសៀវភៅថ្មីនីមួយៗឬទេ? តើខ្ញុំលៃទុកពេលមួយល្ងាចជារៀងរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារឬទេ?›។ អ្វីៗទាំងនេះមិនពិបាកធ្វើទេ ប៉ុន្តែយើងត្រូវបែងចែកពេលសម្រាប់ធ្វើវា។ គឺសំខាន់ណាស់ដែលយើងបន្តសិក្សាបណ្ដាំរបស់ព្រះ ធ្វើតាមបណ្ដាំនោះ ហើយជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះ។ យើងត្រូវធ្វើនេះជាពិសេសនៅពេលឥឡូវនេះ ពីព្រោះគ្រាទុក្ខវេទនាជាខ្លាំងគឺជិតណាស់ហើយ!
១១. ហេតុអ្វីរាស្ត្ររបស់ព្រះយេហូវ៉ាទៅកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាត?
១១ អង្គការព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យធ្វើតាមឱវាទរបស់ប៉ូល ដែលថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។ (ហេ. ១០:២៤, ២៥) ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាទៀងទាត់និងដើម្បីទទួលការបង្ហាត់បង្រៀនពីលោក។ ការធ្វើបុណ្យខ្ទមនៅសម័យនេហេមាគឺជាឱកាសដ៏សប្បាយរីករាយមួយក្នុងចំណោមឱកាសទាំងនេះ។ (និក្ខ. ២៣:១៥, ១៦; នេហ. ៨:៩-១៨) សព្វថ្ងៃនេះ យើងក៏មានកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាតដែរ។ យើងគួរព្យាយាមមានវត្តមាននៅគ្រប់កិច្ចប្រជុំទាំងនេះ ពីព្រោះកិច្ចប្រជុំទាំងនេះជួយយើងឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាជានិច្ច ហើយសប្បាយរីករាយក្នុងកិច្ចបម្រើលោក។—ទីត. ២:២
១២. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះកិច្ចការផ្សព្វផ្សាយ?
១២ ក្នុងនាមជាសមាជិកនៃអង្គការព្រះយេហូវ៉ា យើងត្រូវផ្សព្វផ្សាយដំណឹងល្អ។ នេះជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មួយចំពោះយើង។ គម្ពីរហៅកិច្ចការនេះថា«បរិសុទ្ធ» ឬពិសិដ្ឋ។ (រ៉ូម ១៥:១៦) ពេលយើងផ្សព្វផ្សាយ យើងកំពុងធ្វើការជាមួយនឹងព្រះយេហូវ៉ាដែលជា«ព្រះដ៏បរិសុទ្ធ»។ (១ពេ. ១:១៥; ១កូ. ៣:៩) យើងក៏រួមចំណែកក្នុងការលើកតម្កើងនាមរបស់ព្រះយេហូវ៉ាដែរ។ នេះនាំឲ្យយើងមានអំណរដើម្បីផ្សព្វផ្សាយអំពី«ដំណឹងល្អដ៏រុងរឿងរបស់ព្រះដែលមានសេចក្ដីសប្បាយ»។—១ធី. ១:១១
១៣. តើជីវិតនិងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាអាស្រ័យទៅលើអ្វី?
១៣ ព្រះយេហូវ៉ាចង់ឲ្យយើងទទួលប្រយោជន៍ល្អបំផុត។ ហេតុនេះហើយបានជាលោកចង់ឲ្យយើងនៅជិតស្និទ្ធនឹងលោក ព្រមទាំងអង្គការរបស់លោកជានិច្ច។ យើងមានជម្រើសដូចគ្នានឹងជម្រើសដែលជនជាតិអ៊ីស្រាអែលមាន ពេលម៉ូសេបានប្រាប់ពួកគេថា៖ «អញបានដាក់សំញែងទាំងជីវិតនឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសានៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយជាជីវិតនៃឯង»។ (ចោ. ៣០:១៩, ២០) ចូររើសយកជីវិត។ ចូរស្រឡាញ់ព្រះយេហូវ៉ា ហើយមានភក្ដីភាពចំពោះលោកនិងអង្គការរបស់លោកជានិច្ច។
១៤. តើបងប្រុសម្នាក់មានអារម្មណ៍យ៉ាងណាចំពោះអង្គការរបស់ព្រះ?
១៤ បងប្រុសប្រ៉ាយស៍ យូសដែលបានរៀនសេចក្ដីពិតមុនឆ្នាំ១៩១៤ បានរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោកអស់មួយជីវិតរបស់គាត់។ ពេលគាត់រៀបរាប់អំពីជីវប្រវត្ដិរបស់គាត់ គាត់បាននិយាយថាមេរៀនសំខាន់បំផុតដែលគាត់បានរៀន គឺនៅជិតស្និទ្ធនឹងអង្គការរបស់ព្រះយេហូវ៉ាជានិច្ច ហើយមិនពឹងផ្អែកលើគំនិតរបស់មនុស្សទេ។ នេះបានជួយគាត់ឲ្យស៊ូទ្រាំនឹងការល្បងលជំនឿ ពេញមួយជីវិតរបស់គាត់។ បងយូសបាននិយាយថាវិធីតែមួយគត់ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា គឺធ្វើតាមការណែនាំរបស់អង្គការលោកជានិច្ច។
ចូរបន្តជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះ
១៥. តើគំរូអ្វីក្នុងគម្ពីរបង្រៀនយើងអំពីរបៀបដែលយើងគួរប្រព្រឹត្ត ពេលមានការកែប្រែក្នុងការយល់ដឹងរបស់យើង?
១៥ ព្រះយេហូវ៉ាចង់ឲ្យយើងគាំទ្រអង្គការរបស់លោក ហើយទទួលយកការកែប្រែក្នុងការយល់ដឹងរបស់យើងអំពីសេចក្ដីពិតពីគម្ពីរនិងក្នុងរបៀបដែលយើងផ្សព្វផ្សាយ។ នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកខ្លះដែលជាជនជាតិយូដានៅតែចង់ធ្វើតាមច្បាប់។ (សកម្ម. ២១:១៧-២០) ប៉ុន្តែប៉ូលបានកែតម្រង់ពួកគេ ហើយបានជួយពួកគេឲ្យឃើញថាគឺគ្រឿងបូជារបស់លោកយេស៊ូ មិនមែនគ្រឿងបូជាជាសត្វទេ ដែលធ្វើឲ្យមនុស្សអាចទទួលការអភ័យទោសចំពោះអំពើខុសឆ្គង។ (ហេ. ១០:៥-១០) គ្រិស្តសាសនិកដែលជាជនជាតិយូដាទាំងនេះជាច្រើននាក់បានទទួលយកឱវាទរបស់ប៉ូល ហើយបានកែប្រែគំនិតរបស់ពួកគេ។ យើងអាចរៀនមេរៀនដ៏សំខាន់មួយពីគំរូរបស់ពួកគេ។ យើងត្រូវសិក្សាគម្ពីរនិងសៀវភៅរបស់យើងយ៉ាងយកចិត្តទុកដាក់ ហើយពេលដែលអង្គការព្រះយេហូវ៉ាធ្វើការកែប្រែ នោះយើងត្រូវទទួលយកដោយចិត្តរាបទាប។
១៦. (ក) ហេតុអ្វីជីវិតនៅសួនឧទ្យានគឺអស្ចារ្យ? (ខ) តើអ្នកទន្ទឹងរង់ចាំអ្វីខ្លះនៅក្នុងពិភពលោកថ្មី?
១៦ អស់អ្នកដែលរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក នឹងទទួលពរ។ ពួកអ្នករើសតាំងនឹងបម្រើជាស្តេចជាមួយនឹងលោកយេស៊ូគ្រិស្តនៅស្ថានសួគ៌។ (រ៉ូម ៨:១៦, ១៧) ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីទន្ទឹងរង់ចាំទទួលជីវិតដែលគ្មានទីបញ្ចប់នៅសួនឧទ្យាន។ រាស្ត្រទាំងឡាយរបស់ព្រះយេហូវ៉ានៅទូទាំងផែនដីមានឱកាសដ៏ប្រពៃដើម្បីប្រាប់មនុស្សឯទៀតអំពីសេចក្ដីសង្ឃឹមនេះ។ (២ពេ. ៣:១៣) «មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុក. ៣៧:១១) មនុស្សនឹងមានកិច្ចការដែលធ្វើឲ្យពួកគេគាប់ចិត្ត។ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង»។ (អេ. ៦៥:២១, ២២) គ្មានអ្នកណានឹងប្រព្រឹត្តអាក្រក់ចំពោះអ្នកឯទៀតឡើយ។ ពេលនោះ គ្មានអ្នកណាជាអ្នកក្រទេ ហើយមនុស្សគ្រប់រូបនឹងមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ។ (ទំនុក. ៧២:១៣-១៦) សាសនាមិនពិតនឹងលែងបង្រៀនពាក្យកុហកអំពីព្រះទៀត ពីព្រោះវានឹងលែងមានទៀត។ (បប. ១៨:៨, ២១) មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមានឱកាសដើម្បីរស់ជារៀងរហូតនៅលើផែនដី។ (អេ. ២៥:៨; សកម្ម. ២៤:១៥) បើយើងពង្រឹងចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា ហើយបន្តជឿនទៅមុខជាមួយនឹងអង្គការរបស់លោក សេចក្ដីសន្យាដ៏អស្ចារ្យទាំងនេះនឹងកើតឡើងចំពោះយើង។
១៧. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក?
១៧ បន្ដិចទៀត ពិភពលោករបស់សាថាននឹងលែងមានទៀតហើយ។ ដើម្បីរួចជីវិត យើងត្រូវរក្សាជំនឿរបស់យើងឲ្យបានមាំមួន ហើយគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងអង្គការរបស់លោកដោយស្មោះភក្ដី។ យើងមានអារម្មណ៍ដូចដាវីឌ ពេលគាត់បានច្រៀងថា៖ «ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃអស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់»។ (ទំនុក. ២៧:៤) សូមឲ្យយើងម្នាក់ៗនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាជានិច្ច ហើយជឿនទៅមុខជាមួយនឹងអង្គការរបស់លោក។