-
ប្រយោជន៍ដែលមកពីដំណឹងល្អទស្សនាវដ្ដីប៉មយាម ២០០២ | ១ មេសា
-
-
ប្រយោជន៍ដែលមកពីដំណឹងល្អ
«ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង . . . ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកដែលសោយសោក»។—អេសាយ ៦១:១, ២
១, ២. (ក) តើព្រះយេស៊ូបានលាតត្រដាងអ្វីអំពីអង្គទ្រង់ផ្ទាល់? ហើយតើទ្រង់បានធ្វើនេះយ៉ាងដូចម្ដេច? (ខ) តើដំណឹងល្អដែលព្រះយេស៊ូបានប្រកាសប្រាប់មានប្រយោជន៍អ្វីខ្លះ?
នៅថ្ងៃឈប់សំរាកមួយនៅដើមកិច្ចបំរើរបស់ព្រះយេស៊ូនោះ ទ្រង់បានយាងទៅសាលាប្រជុំនៅភូមិណាសារ៉ែត។ យោងទៅតាមកំណត់ហេតុនោះ«គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា‹ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អ›»។ ព្រះយេស៊ូបានអានថែមទៀតពីបទទំនាយនេះ។ លុះទ្រង់គង់ចុះវិញហើយក៏មានបន្ទូលថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ»។—លូកា ៤:១៦-២១
២ តាមវិធីនេះ ព្រះយេស៊ូបានលាតត្រដាងឲ្យឃើញថា ទ្រង់គឺជាអ្នកផ្សព្វផ្សាយដែលទំនាយនេះបានចែង គឺជាអ្នកប្រាប់ដំណឹងល្អនិងជាអ្នកដែលនាំសារសម្រាលទុក្ខ។ (ម៉ាថាយ ៤:២៣) ហើយព្រះយេស៊ូពិតជាមានដំណឹងដ៏ល្អឲ្យផ្សព្វផ្សាយមែនហ្ន៎! ទ្រង់មានបន្ទូលប្រាប់អ្នកស្ដាប់ថា៖ «ខ្ញុំជាពន្លឺលោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។ (យ៉ូហាន ៨:១២) ទ្រង់ក៏មានបន្ទូលថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។ (យ៉ូហាន ៨:៣១, ៣២) ព្រះយេស៊ូមាន«ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»ពិតមែន។ (យ៉ូហាន ៦:៦៨, ៦៩) ពន្លឺ ជីវិត និងសេរីភាពពិតជាប្រយោជន៍ដែលមានតម្លៃវិសេសមែនហ្ន៎!
៣. តើសិស្សរបស់ព្រះយេស៊ូបានផ្សព្វផ្សាយដំណឹងល្អអ្វី?
៣ ក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ. សិស្សព្រះយេស៊ូបានបន្តធ្វើកិច្ចការផ្សព្វផ្សាយ ដែលជាកិច្ចការរបស់ទ្រង់ដែរ។ ពួកគេបានប្រកាសប្រាប់‹ដំណឹងល្អដែលសំដែងពីនគរ›ដល់សាសន៍យូដាផងនិងដល់មនុស្សសាសន៍ផ្សេងផងដែរ។ (ម៉ាថាយ ២៤:១៤; កិច្ចការ ១៥:៧; រ៉ូម ១:១៦) អស់អ្នកដែលបានស្ដាប់តាមដំណឹងល្អបានចាប់ផ្ដើមស្គាល់ព្រះយេហូវ៉ា។ ពួកគេបានត្រូវរំដោះឲ្យរួចពីការបង្ខំឲ្យកាន់តាមទំនៀមទំលាប់សាសនា និងបានក្លាយជាសមាជិកសាសន៍ថ្មីខាងវិញ្ញាណជា«សាសន៍អ៊ីស្រាអែលនៃព្រះ»ជាសមាជិកដែលមានសេចក្ដីសង្ឃឹមគ្រប់គ្រងអស់កល្បជានិច្ចនៅស្ថានសួគ៌ជាមួយព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ។ (កាឡាទី ៥:១; ៦:១៦; អេភេសូរ ៣:៥-៧; កូល៉ុស ១:៤, ៥; វិវរណៈ ២២:៥) នោះជាពរដ៏វិសេសណាស់!
ការផ្សព្វផ្សាយនៅសព្វថ្ងៃនេះ
៤. តើកិច្ចការប្រកាសប្រាប់ដំណឹងល្អដែលបានត្រូវកំណត់ឲ្យគ្រីស្ទានធ្វើនោះ កំពុងតែត្រូវសម្រេចយ៉ាងណាសព្វថ្ងៃនេះ?
៤ សព្វថ្ងៃនេះ គ្រីស្ទានចាក់ប្រេងតាំងដោយមានការគាំទ្រពី«មនុស្ស១ហ្វូងយ៉ាងធំ»ជា«ចៀមឯទៀត»ក៏បន្តបំពេញកិច្ចការនេះដែលត្រូវប្រគល់ចំពោះព្រះយេស៊ូមុនគេបង្អស់នោះ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ជាលទ្ធផល ដំណឹងល្អកំពុងតែត្រូវផ្សព្វផ្សាយដល់កំរិតមួយ ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ត្រ។ នៅ២៣៥ប្រទេសនិងតំបន់ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចេញទៅ«ផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ[«រាបសា», ព.ថ.] . . . ប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកដែលសោយសោក»។ (អេសាយ ៦១:១, ២) ដូច្នេះ កិច្ចការផ្សព្វផ្សាយរបស់ជនគ្រីស្ទាន នៅតែបំរើប្រយោជន៍ដល់មនុស្សជាច្រើននិងផ្ដល់ក្ដីសម្រាលទុក្ខដល់«អ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេ»ដែរ។—កូរិនថូសទី២ ១:៣, ៤
-
-
ប្រយោជន៍ដែលមកពីដំណឹងល្អទស្សនាវដ្ដីប៉មយាម ២០០២ | ១ មេសា
-
-
ដំណឹងល្អដែលនាំមកនូវប្រយោជន៍អស់កល្បជានិច្ច
៦. តើដំណឹងល្អអ្វីដែលកំពុងតែត្រូវប្រកាសប្រាប់នៅសព្វថ្ងៃនេះ?
៦ ស្មរបន្ទាល់ព្រះយេហូវ៉ាផ្សព្វផ្សាយដំណឹងដ៏ល្អបំផុតដែលមិនធ្លាប់មាន។ ពួកគេបើកព្រះគម្ពីរបង្ហាញថាព្រះយេស៊ូបានបូជាព្រះជន្មទ្រង់ ដើម្បីឲ្យមនុស្សជាតិមានផ្លូវទាក់ទងនឹងព្រះ ទទួលការអត់ឱនទោស និងមានសេចក្ដីសង្ឃឹមទទួលជីវិតជារៀងរហូត។ (យ៉ូហាន ៣:១៦; កូរិនថូសទី២ ៥:១៨, ១៩) ពួកគេប្រកាសប្រាប់ថា ព្រះរាជាណាចក្ររបស់ព្រះបានស្ថាបនាឡើងនៅស្ថានសួគ៌ នៅក្រោមអំណាចរបស់ស្តេចចាក់ប្រេងតាំងជាព្រះយេស៊ូគ្រីស្ទ ហើយបន្ដិចទៀតព្រះរាជាណាចក្រនេះនឹងបំបាត់អំពើទុច្ចរិតចេញពីផែនដី និងបង្កើតសួនមនោរម្យសារជាថ្មីវិញ។ (វិវរណៈ ១១:១៥; ២១:៣, ៤) ពួកគេសម្រេចបទទំនាយរបស់អេសាយដោយប្រាប់អ្នកជិតខាងរបស់គេថា ឥឡូវគឺជា«ឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ»ជាពេលដែលមនុស្សនៅមានឱកាសស្ដាប់តាមដំណឹងល្អនៅឡើយ។ ពួកគេក៏ព្រមានថា បន្ដិចទៀត«ថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក»នឹងមកដល់ ជាពេលដែលទ្រង់នឹងបំផ្លាញចោលមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដោយមិនប្រែចិត្ត។—ទំនុកដំកើង ៣៧:៩-១១
-