មេរៀនទី២៦
ហេតុអ្វីមានអំពើអាក្រក់និងទុក្ខវេទនា?
ពេលមានរឿងខ្លោចផ្សាកើតឡើង ជាធម្មតាមនុស្សសួរថា«ហេតុអ្វី?»។ យើងសប្បាយចិត្តណាស់ ដែលគម្ពីរផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ចំពោះសំណួរនោះ!
១. តើតាមរបៀបណាសាថានបាននាំឲ្យមានអំពើអាក្រក់ក្នុងពិភពលោកនេះ?
មេកំណាចសាថានបានបះបោរប្រឆាំងព្រះ។ សាថានចង់គ្រប់គ្រងលើអ្នកឯទៀត។ ហេតុនេះ វាបាននាំមនុស្សពីរនាក់ដំបូងគឺអាដាមនិងអេវ៉ា ឲ្យចូលរួមជាមួយនឹងវាក្នុងការបះបោរប្រឆាំងព្រះ។ សាថានបានធ្វើដូច្នេះដោយនិយាយកុហកអេវ៉ា។ (ដើមកំណើត ៣:១-៥) វាធ្វើឲ្យនាងគិតថាព្រះយេហូវ៉ាមិនចង់ឲ្យនាងមានរបស់ល្អៗឡើយ។ ម្យ៉ាងទៀត វានិយាយបញ្ឆិតបញ្ឆៀងថាមនុស្សនឹងមានជីវិតសប្បាយជាង បើពួកគេមិនស្ដាប់បង្គាប់ព្រះ។ សាថានជាបុគ្គលដំបូងបង្អស់ដែលនិយាយកុហក ដោយប្រាប់អេវ៉ាថានាងនឹងមិនស្លាប់ទេ។ ដូច្នេះ គម្ពីរហៅសាថានថា៖ ‹អ្នកភូតភរ និងឪពុកនៃការភូតភរ›។—យ៉ូហាន ៨:៤៤
២. តើអាដាមនិងអេវ៉ាបានសម្រេចចិត្តធ្វើអ្វី?
ព្រះយេហូវ៉ាបានបង្ហាញចិត្តទូលាយយ៉ាងខ្លាំងចំពោះអាដាមនិងអេវ៉ា។ លោកបានប្រាប់ពួកគេថា ពួកគេអាចបរិភោគផ្លែពីដើមឈើទាំងអស់ក្នុងសួនអេដែនបាន លើកលែងតែដើមឈើមួយប៉ុណ្ណោះ។ (ដើមកំណើត ២:១៥-១៧) ប៉ុន្តែ ពួកគេបានសម្រេចចិត្តបរិភោគផ្លែពីដើមឈើដែលព្រះបានហាមនោះ។ អេវ៉ា«បេះ[ផ្លែនោះ]យកមកបរិភោគ»។ រួចមក អាដាមក៏«បរិភោគ»ដែរ។ (ដើមកំណើត ៣:៦) ហេតុនេះ ពួកគេទាំងពីរនាក់មិនបានធ្វើតាមបង្គាប់របស់ព្រះទេ។ អាដាមនិងអេវ៉ាជាមនុស្សល្អឥតខ្ចោះ ដូច្នេះធម្មជាតិរបស់ពួកគេគឺធ្វើអ្វីដែលត្រឹមត្រូវ។ ប៉ុន្តែ ពេលដែលពួកគេបានប្រព្រឹត្តរំលងច្បាប់របស់ព្រះ នោះពួកគេបានធ្វើអំពើខុសឆ្គង និងបានបដិសេធការគ្រប់គ្រងរបស់លោក។ ការសម្រេចចិត្តរបស់ពួកគេបាននាំឲ្យពួកគេរងទុក្ខវេទនាខ្លាំងណាស់។—ដើមកំណើត ៣:១៦-១៩
៣. តើការសម្រេចចិត្តរបស់អាដាមនិងអេវ៉ាបានជះឥទ្ធិពលយ៉ាងណាមកលើយើងទាំងអស់គ្នា?
ពេលអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ពួកគេលែងមានភាពល្អឥតខ្ចោះទៀត ហើយពួកគេបានចម្លងភាពមិនល្អឥតខ្ចោះដល់កូនចៅទាំងអស់របស់ពួកគេ។ ស្ដីអំពីអាដាម គម្ពីរចែងថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលមកតាមរយៈភាពខុសឆ្គង នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់»។—រ៉ូម ៥:១២
ហេតុអ្វីយើងរងទុក្ខវេទនា? គឺមានមូលហេតុមួយចំនួន។ ជួនកាលដោយសារការសម្រេចចិត្តមិនល្អរបស់យើង។ ជួនកាលដោយសារការសម្រេចចិត្តមិនល្អរបស់អ្នកឯទៀត ឬជួនកាលយើងនៅកន្លែងមួយចំពេលដែលមានរឿងអាក្រក់កើតឡើង។—សូមអាន អ្នកទូន្មាន ៩:១១
បង្កើនចំណេះ
សូមពិចារណាមូលហេតុដែលព្រះមិនមែនជាដើមហេតុនៃអំពើអាក្រក់និងទុក្ខវេទនាក្នុងពិភពលោកនេះ។ សូមពិចារណាដែរអំពីអារម្មណ៍របស់លោកពេលយើងរងទុក្ខវេទនា។
៤. អ្នកដែលនាំឲ្យយើងរងទុក្ខវេទនា
មនុស្សជាច្រើនគិតថាព្រះជាអ្នកគ្រប់គ្រងពិភពលោក។ តើនោះជាការពិតទេ? លេងវីដេអូ។
សូមអាន យ៉ាកុប ១:១៣ និងយ៉ូហានទី១ ៥:១៩ រួចពិភាក្សាសំណួរនេះ៖
តើព្រះជាដើមហេតុដែលនាំឲ្យមានទុក្ខវេទនានិងអំពើអាក្រក់ឬ?
៥. តើអ្វីខ្លះបានកើតឡើង ចាប់តាំងពីសាថានគ្រប់គ្រង?
សូមអាន ដើមកំណើត ៣:១-៦ រួចពិភាក្សាសំណួរដូចតទៅ៖
តើសាថានបាននិយាយកុហកអ្វី? (សូមមើលខ៤និង៥)
តើសាថានបាននិយាយយ៉ាងណាដើម្បីធ្វើឲ្យគិតថាព្រះយេហូវ៉ាមិនចង់ឲ្យរបស់ល្អដល់មនុស្ស?
យោងតាមអ្វីដែលសាថានបានប្រាប់ តើមនុស្សត្រូវការព្រះយេហូវ៉ាឲ្យគ្រប់គ្រងលើពួកគេ ដើម្បីពួកគេមានសុភមង្គលឬទេ?
សូមអាន អ្នកទូន្មាន ៨:៩ រួចពិភាក្សាសំណួរនេះ៖
ក្នុងអំឡុងពេលដែលព្រះយេហូវ៉ាមិនមែនជាអ្នកគ្រប់គ្រងលើពិភពលោកនេះ តើអ្វីបានកើតឡើង?
ក. អាដាមនិងអេវ៉ាជាមនុស្សល្អឥតខ្ចោះ ហើយរស់នៅក្នុងសួនឧទ្យាន។ ប៉ុន្តែ ពួកគេបានស្ដាប់សាថាន ហើយបះបោរប្រឆាំងព្រះយេហូវ៉ា
ខ. ក្រោយពីការបះបោរនោះ ពិភពលោកទាំងមូលមានភាពខុសឆ្គង ទុក្ខវេទនា និងសេចក្ដីស្លាប់
គ. ព្រះយេហូវ៉ានឹងបំបាត់ចោលភាពខុសឆ្គង ទុក្ខវេទនា និងសេចក្ដីស្លាប់។ មនុស្សនឹងមានភាពល្អឥតខ្ចោះ ហើយរស់នៅក្នុងសួនឧទ្យានម្ដងទៀត
៦. ព្រះយេហូវ៉ាមិនសប្បាយចិត្តពេលយើងរងទុក្ខវេទនា
តើព្រះចាប់អារម្មណ៍ពេលយើងរងទុក្ខវេទនាឬទេ? សូមពិចារណាអំពីអ្វីដែលស្ដេចដាវីឌនិងសាវ័កពេត្រុសបានសរសេរ។ សូមអាន ចម្រៀងសរសើរព្រះ ៣១:៧ និងពេត្រុសទី១ ៥:៧ រួចពិភាក្សាសំណួរនេះ៖
ពេលដឹងថាព្រះយេហូវ៉ាកត់សម្គាល់ ហើយពិបាកចិត្តកាលដែលយើងរងទុក្ខវេទនា តើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
៧. ព្រះនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់របស់មនុស្ស
សូមអាន អេសាយ ៦៥:១៧ និងការបើកបង្ហាញ ២១:៣, ៤ រួចពិភាក្សាសំណួរនេះ៖
ពេលដឹងថាព្រះយេហូវ៉ានឹងបំបាត់រាល់ផលវិបាកដែលមកពីការអាក្រក់ផ្សេងៗដែលមនុស្សជួបប្រទះ ហេតុអ្វីនេះសម្រាលទុក្ខយើង?
តើអ្នកដឹងទេ?
ពេលសាថាននិយាយពាក្យកុហក គឺវាបានបង្កាច់បង្ខូចព្រះយេហូវ៉ា។ វាបានបង្ខូចកេរ្តិ៍ឈ្មោះព្រះយេហូវ៉ាថា លោកជាអ្នកគ្រប់គ្រងដែលគ្មានយុត្តិធម៌និងគ្មានសេចក្ដីស្រឡាញ់។ មិនយូរទៀត ពេលដែលព្រះយេហូវ៉ាបំបាត់ចោលទុក្ខវេទនារបស់មនុស្ស លោកនឹងស្ដារកេរ្តិ៍ឈ្មោះរបស់លោកឲ្យល្អឡើងវិញ។ បើនិយាយឲ្យចំទៅ លោកនឹងបង្ហាញថាការគ្រប់គ្រងរបស់លោកគឺល្អបំផុត។ ការជម្រះអស់ទាំងការតិះដៀលឬការបង្កាច់បង្ខូចចំពោះនាមព្រះយេហូវ៉ា គឺជារឿងសំខាន់បំផុតក្នុងសកលលោកទាំងមូល។—ម៉ាថាយ ៦:៩, ១០
មនុស្សខ្លះនិយាយថា៖ «ទុក្ខវេទនារបស់យើងមកពីព្រះ»។
តើអ្នកគិតយ៉ាងណា?
សេចក្ដីសង្ខេប
មេកំណាចសាថាននិងមនុស្សពីរនាក់ដំបូងជាដើមហេតុដែលនាំឲ្យមានអំពើអាក្រក់ក្នុងពិភពលោក។ ព្រះយេហូវ៉ាមិនសប្បាយចិត្តពេលយើងរងទុក្ខវេទនា ហើយបន្តិចទៀត លោកនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់។
រៀនសាឡើងវិញ
តើមេកំណាចសាថានបាននិយាយកុហកអេវ៉ាអំពីអ្វី?
តើការបះបោរប្រឆាំងរបស់អាដាមនិងអេវ៉ាមានឥទ្ធិពលយ៉ាងណាមកលើយើងទាំងអស់គ្នា?
តើយើងដឹងយ៉ាងណាថាព្រះយេហូវ៉ាមិនសប្បាយចិត្តពេលយើងរងទុក្ខវេទនា?
ស្វែងយល់ថែមទៀត
សូមរៀនអំពីអត្ថន័យនៃពាក្យភាពខុសឆ្គងក្នុងគម្ពីរ។
សូមរៀនថែមទៀតអំពីការចោទប្រកាន់ដែលមេកំណាចសាថានបានលើកឡើងក្នុងសួនអេដែន។
សូមមើលអ្វីដែលបុរសម្នាក់បានរៀនអំពីទុក្ខវេទនាដែលគាត់បានជួប។