ការធ្វើទាំងអស់ឡើងជាថ្មី—ដូចដែលបានទាយមក
«ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ ‹មើល! អញធ្វើទាំងអស់ឡើងជាថ្មី›។ រួចទ្រង់មានបន្ទូលមកខ្ញុំថា៖ . . . ‹ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ›»។—វិវរណៈ ២១:៥
១, ២. ហេតុអ្វីក៏មនុស្សជាច្រើននាក់មានចិត្តស្ទាក់ស្ទើរ ក្នុងការពិចារណាមើលអំពីអនាគតនោះ?
តើអ្នកធ្លាប់បានមានប្រសាសន៍ឬគិតថា៖ ‹តើមានអ្នកណាដែលដឹងថាថ្ងៃស្អែកនឹងទៅជាយ៉ាងណាទេ›? អ្នកអាចយល់នូវមូលហេតុដែលមនុស្សមានចិត្តស្ទាក់ស្ទើរក្នុងការស្មានអំពីអនាគត ឬក៏ទុកចិត្តលើអស់អ្នកដែលអះអាងឲ្យតែរួចពីមាត់ក្នុងការទាយប្រាប់អំពីអនាគត។ មនុស្សលោកគឺមិនមានសមត្ថភាពដើម្បីទាយប្រាប់យ៉ាងត្រឹមត្រូវ នូវអ្វីដែលនឹងកើតឡើងក្នុងកំឡុងខែឬឆ្នាំខាងមុននេះឡើយ។
២ នៅក្នុងទស្សនាវដ្ដីហ្វូប្ស ដែលមានផ្នែកឈ្មោះកាន់តែឆាប់រឹតតែល្អ បានបោះពុម្ពលើកទីមួយស្តីអំពីពេលវេលា។ នៅក្នុងនោះ រ៉ូបើត ក្រីងលី ដែលជាអ្នកបញ្ចាំងឯកសារភាពយន្ត បានសរសេរថា៖ «ជាយថាហេតុពេលវេលានឹងធ្វើឲ្យយើងទាំងអស់គ្នាអាម៉ាស់មុខ ក៏ប៉ុន្តែគ្មានអ្នកណាអាម៉ាស់មុខនឹងពេលវេលាជាងពួកអ្នកទាយនោះឡើយ។ ការខំប្រឹងទាយអំពីអនាគត គឺជាល្បែងដែលយើងសឹងតែចាញ់ជាដរាប។ . . . ប៉ុន្តែ ពួកអ្នកដែលអួតអាងថាខ្លួនជាអ្នកជំនាញ បន្តធ្វើការទាយជានិច្ច»។
៣, ៤. (ក) តើមនុស្សខ្លះមានគំនិតសុទិដ្ឋិនិយមយ៉ាងណាអំពីសហស្សវត្សរ៍ថ្មីនេះ? (ខ) តើការទន្ទឹងចាំដ៏សមហេតុផលអ្វី ដែលមនុស្សឯទៀតមានអំពីអនាគតនោះ?
៣ អ្នកក៏ប្រហែលជាបានសង្កេតឃើញថា ដោយមានការយកចិត្តទុកដាក់នឹងសហស្សវត្សរ៍ថ្មី នោះគឺទំនងដូចជាមនុស្សច្រើនឡើងៗ កំពុងតែគិតអំពីអនាគត។ នៅដើមឆ្នាំមុន នោះទស្សនាវដ្ដីម៉ាកឃ្លេន បានចែងថា៖ «ឆ្នាំ២០០០ប្រហែលគ្រាន់តែជាឆ្នាំមួយទៀតក្នុងប្រក្រតិទិនសំរាប់ពួកជនជាតិកាណាដាភាគច្រើន ប៉ុន្តែនេះអាចកើតឡើងក្នុងពេលជាមួយគ្នាជាការចាប់ផ្ដើមថ្មីដ៏ជាពិតនោះដែរ»។ សាស្ដ្រាចារ្យលោក គ្រីស្ទ ឌូឌនី នៅសកលវិទ្យាល័យយ៉ូក បានឲ្យនូវមូលហេតុចំពោះសុទិដ្ឋិនិយម ដោយថា៖ «សហស្សវត្សរ៍នេះមានន័យថា យើងអាចលាងដៃចេញពីសតវត្សដ៏ពិតជាអាក្រក់នេះ»។
៤ តើនេះគ្រាន់តែជាការគិតចង់បានទេឬ? នៅឯប្រទេសកាណាដា ការស្ទង់មតិមួយបានបង្ហាញថា មានតែ២២ភាគរយទេដែលចូលរួមក្នុងការស្ទង់មតិនោះ ហើយ«ជឿថាឆ្នាំ២០០០នឹងនាំឲ្យមានការចាប់ផ្ដើមថ្មីសំរាប់ពិភពលោកនេះ»។ តាមការពិត មនុស្សជិតពាក់កណ្ដាលក្នុងការស្ទង់មតិនោះ«ទន្ទឹងថានឹងមានចម្បាំងមួយទៀតក្នុងលោកនេះ» គឺសង្គ្រាមលោកក្នុងកំឡុង៥០ឆ្នាំនេះ។ យ៉ាងច្បាស់ណាស់ មនុស្សភាគច្រើនដឹងថា សហស្សវត្សរ៍ថ្មីនេះ គឺមិនអាចបំបាត់ចោលនូវបញ្ហារបស់យើង ហើយនឹងធ្វើទាំងអស់ឡើងជាថ្មីនោះឡើយ។ លោកឧកញ៉ា ម៉ៃខិល អាធីយ៉ាដែលជាអតីតប្រធាននៃសមាគមរ៉ូយាល់នៅប្រទេសអង់គ្លេស បានសរសេរថា៖ «ការផ្លាស់ប្ដូរដែលមានល្បឿនដ៏លឿននេះ . . . មានន័យថាសតវត្សទី២១នេះ នឹងនាំឲ្យមានការពិបាកណាស់ដល់អារ្យធម៌ទាំងមូលរបស់យើង។ បញ្ហានៃការកើនឡើងចំនួនប្រជាជន ការខ្វះខាតខាងធនធាន ការធ្វើឲ្យកខ្វក់ដល់បរិយាកាស និងភាពក្រីក្រដែលមានពាសពេញ ទាំងនេះគឺកំពុងតែមានមកលើយើង ហើយត្រូវតែរកមធ្យោបាយដោះស្រាយឲ្យបានជាបន្ទាន់»។
៥. តើយើងអាចរកឃើញនូវពត៌មានអំពីអនាគតដែលអាចទុកចិត្តបាន នៅកន្លែងណា?
៥ ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា៖ ‹ដោយព្រោះមនុស្សមិនអាចទាយប្រាប់អំពីអនាគតយើង តើយើងគួរព្រងើយកន្តើយនឹងអនាគតឬ›? ចម្លើយគឺ ទេ! ពិតមែន មនុស្សមិនអាចប្រាប់ឲ្យបានត្រឹមត្រូវនូវអ្វីដែលនឹងមាននៅខាងមុខ ប៉ុន្តែយើងមិនគួរគិតថា គ្មានអ្នកណាម្នាក់អាចប្រាប់នោះឡើយ។ បើអ៊ីចឹង តើអ្នកណាទៅដែលអាចប្រាប់បាន ហើយហេតុអ្វីក៏យើងគួរមានអារម្មណ៍ដ៏វិជ្ជមានអំពីអនាគតនោះ? អ្នកអាចរកចម្លើយដ៏ស្កប់ចិត្តក្នុងទំនាយដ៏ជាក់លាក់បួនដែលបានកត់ទុករួចមកហើយ។ ចម្លើយទាំងនេះគឺនៅក្នុងសៀវភៅ ដែលមនុស្សជាច្រើនលើសជាងគេបំផុតក្នុងពិភពលោកបានមានហើយអាន និងជាសៀវភៅដែលមនុស្សយល់ខុសជាញឹកញយ ព្រមទាំងព្រងើយកន្តើយជាងគេ នោះគឺព្រះគម្ពីរ។ ទោះជាអ្នកគិតយ៉ាងណាក៏ដោយអំពីព្រះគម្ពីរ ហើយទោះជាអ្នកមានអារម្មណ៍ថាដឹងច្រើនអំពីព្រះគម្ពីរក៏ដោយ នោះគឺនឹងមានប្រយោជន៍ដល់អ្នកផ្ទាល់ក្នុងការពិនិត្យមើលនូវចំណុចដ៏សំខាន់បួននេះ។ តាមពិតបទគម្ពីរទាំងនេះគឺទាយប្រាប់អំពីអនាគត ដ៏ត្រចះត្រចង់។ ម្យ៉ាងវិញទៀត ទំនាយដ៏សំខាន់បួននេះ គឺប្រាប់អ្នកអំពីអនាគតរបស់អ្នក និងអំពីអនាគតរបស់ពួកស្ងួនភ្ងារបស់អ្នកផងដែរ។
៦, ៧. តើនៅពេលណាដែលអេសាយបានទាយមក ហើយតើទំនាយរបស់គាត់មានការសម្រេចដ៏អស្ចារ្យយ៉ាងដូចម្ដេច?
៦ ទំនាយទីមួយ គឺនៅអេសាយ ៦៥ជំពូក៦៥។ មុននឹងអាន ចូរចាំឲ្យជាប់ក្នុងគំនិតនូវទស្សនីយភាពនេះ គឺអំពីគ្រាដែលពត៌មាននេះបានត្រូវសរសេរឡើង និងស្ថានការណ៍ដែលមាននោះ។ អេសាយជាព្យាការីរបស់ព្រះ ដែលបានសរសេរពាក្យទាំងនេះ បានរស់នៅជាងមួយសតវត្សមុននឹងព្រះរាជាណាចក្រយូដាបានមកដល់ទីបញ្ចប់។ ទីបញ្ចប់នោះបានមកដល់ ពេលដែលព្រះយេហូវ៉ាបានលែងការពារពួកយូដាដ៏ឥតស្មោះត្រង់នោះ ដោយអនុញ្ញាតឲ្យពួកបាប៊ីឡូនកំទេចចោលទីក្រុងយេរូសាឡិម ហើយបានចាប់យកប្រជារាស្ត្រនៅក្នុងក្រុងនោះធ្វើជានិរទេសជន។ ព្រឹត្ដិការណ៍នោះបានកើតឡើងជាងមួយសតវត្ស បន្ទាប់ពីអេសាយបានទាយប្រាប់។—របាក្សត្រទី២ ៣៦:១៥-២១
៧ ស្តីអំពីព្រឹត្ដិការណ៍ខាងប្រវត្ដិសាស្ត្រនៃការសម្រេចនោះ ចូរនឹកចាំថា ដោយមានការដឹកនាំរបស់ព្រះ នោះអេសាយបានទាយប្រាប់នូវឈ្មោះបុគ្គលជាតិពើស៊ីដែលមិនទាន់កើតផង គឺស៊ីរូស ដែលនៅទីបំផុត វាយរំលំទីក្រុងបាប៊ីឡូន។ (អេសាយ ៤៥:១) លោកស៊ីរូសបានបើកផ្លូវឲ្យពួកយូដាត្រឡប់មកភូមិកំណើតវិញនៅឆ្នាំ៥៣៧ ម.ស.យ.។ គួរឲ្យអស្ចារ្យណាស់ ដែលអេសាយបានទាយប្រាប់អំពីការស្ដារឡើងវិញនេះ ដូចជាយើងអានក្នុងជំពូក៦៥នេះ។ គាត់បានដៅបញ្ជាក់នូវស្ថានការណ៍ដែលនឹងមានសំរាប់ពួកអ៊ីស្រាអែល នៅឯភូមិកំណើតរបស់គេ។
៨. តើអេសាយបានទាយអំពីអនាគតដ៏សែនសប្បាយអ្វី ហើយតើឃ្លាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ?
៨ នៅអេសាយ ៦៥:១៧-១៩ យើងអានដូចតទៅនេះថា៖ «ដ្បិតមើល! អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបង្កើតនោះ។ ដ្បិតមើល! អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ។នោះអញនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម នឹងសេចក្ដីអំណរចំពោះរាស្ត្រអញ រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ នឹងសំរែកទៀតឡើយ»។ ប្រាកដហើយ អេសាយបានរៀបរាប់នូវស្ថានភាពដែលប្រសើរជាង នឹងអ្វីដែលពួកយូដាធ្លាប់ពិសោធន៍ក្នុងស្រុកបាប៊ីឡូនទៅទៀត។ លោកបានទាយអំពីសេចក្ដីអំណរនិងការអរសប្បាយ។ ឥឡូវ សូមមើលនូវឃ្លាដែលថា «ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»។ ឃ្លានេះគឺជាឃ្លាលើកទីមួយក្នុងឃ្លាទាំងបួនដង ដែលមានក្នុងព្រះគម្ពីរ ហើយឃ្លាទាំងបួននេះគឺអាចទាក់ទងយ៉ាងចំៗទៅលើអនាគតរបស់យើង ព្រមទាំងទាយអំពីអនាគតផងដែរ។
៩. តើតាមរបៀបណាដែលពួកយូដាពីបុរាណបានទាក់ទងនឹងការសម្រេចនៅ អេសាយ ៦៥:១៧-១៩ នោះ?
៩ ការសម្រេចដំបូងនៃអេសាយ ៦៥:១៧-១៩ គឺទាក់ទងនឹងពួកយូដាពីបុរាណ ដែលបានត្រឡប់ទៅរស់នៅស្រុកកំណើតរបស់គេវិញ ហើយបានស្ថាបនាឡើងវិញនូវការថ្វាយបង្គំបរិសុទ្ធ នេះដូចបេះបិទនឹងអេសាយបានទាយមកមែន។ (អែសរ៉ា ១:១-៤; ៣:១-៤) ប្រាកដហើយ អ្នកដឹងថា ពួកគេត្រឡប់ទៅស្រុកកំណើតវិញនៅឯភពដដែល មិនមែននៅកន្លែងណាទៀតក្នុងសកលលោកនេះទេ។ ការដឹងអំពីរឿងនេះ អាចជួយយើងឲ្យយល់នូវអ្វីដែលអេសាយចង់និយាយ ពេលប្រាប់អំពីផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី។ យើងមិនចាំបាច់ស្មាន ដូចអ្នកខ្លះនោះទេ អំពីទំនាយដ៏ឥតច្បាស់របស់លោកណូស្ដ្រាដាមើស ឬមនុស្សដែលជាអ្នកទាយឯទៀតនោះ។ ព្រះគម្ពីរបញ្ជាក់នូវអ្វីដែលអេសាយចង់និយាយ។
១០. តើតាមរបៀបណាដែលយើងគួរតែយល់«ផែនដី»ថ្មី ដែលអេសាយបានទាយប្រាប់មកនោះ?
១០ នៅក្នុងព្រះគម្ពីរ «ផែនដី» មិនតែងតែសំដៅទៅលើផ្ទៃនៃរង្វង់ផែនដីនោះទេ។ ជាឧទាហរណ៍ ទំនុកដំកើង ៩៦:១ ចែងយ៉ាងចំៗថា៖ ‹ចូរច្រៀងថ្វាយព្រះយេហូវ៉ា ផែនដីទាំងមូលអើយ›។ យើងដឹងថាភពរបស់យើង គឺផ្ទៃដីនិងមហាសាគរដ៏ធំធេងនេះ មិនចេះច្រៀងទេ។ ប៉ុន្តែមនុស្សចេះច្រៀង។ ត្រូវហើយ ទំនុកដំកើង ៩៦:១ គឺសំដៅទៅមនុស្សនៅលើផែនដី។a ប៉ុន្តែ អេសាយ ៦៥:១៧ ក៏រៀបរាប់អំពី«ផ្ទៃមេឃថ្មី»ដែរ។ ប្រសិនបើ«ផែនដី» តំណាងសង្គមមនុស្សថ្មីនៅក្នុងស្រុកកំណើតរបស់ពួកយូដា ចុះយ៉ាងណាវិញចំពោះ«ផ្ទៃមេឃថ្មី»នោះ?
១១. តើឃ្លាដែលថា«ផ្ទៃមេឃថ្មី» ចង្អុលប្រាប់ពីអ្វី?
១១ សព្វវចនាធិប្បាយព្រះគម្ពីរខាងសាសនវិទ្យា ហើយខាងសាសនា ដោយលោកម៉ាក់ខ្លិនថុកនិងលោកស្ត្រង បានចែងថា៖ «នៅកន្លែងណាដែលផ្ទៃមេឃបានរៀបរាប់ក្នុងចក្ខុនិមិត្តដ៏ជាទំនាយ នោះផ្ទៃមេឃតំណាង . . . សភាទាំងមូលនៃអំណាចគ្រប់គ្រងទាំងអស់ . . . ទៅលើនឹងការគ្រប់គ្រងលើរាស្ត្រខ្លួន ដូចជាផ្ទៃមេឃនៅពីលើនិងគ្រប់គ្រងផែនដីអ៊ីចឹង»។ ចំពោះឃ្លារួម«ផ្ទៃមេឃហើយនិងផែនដី» នោះសព្វវចនាធិប្បាយនេះពន្យល់ថា ‹តាមភាសាខាងទំនាយ ឃ្លានេះគឺតំណាងស្ថានភាពខាងនយោបាយអំពីមនុស្សដែលមានសក្ដិផ្សេងៗ។ ផ្ទៃមេឃគឺជាអធិបតេយ្យ ផែនដីគឺជាពួកដែលត្រូវបានគេគ្រប់គ្រងលើ អ្នកដែលបានគ្រប់គ្រងនោះគឺពួកអ្នកធំ›។
១២. តើតាមរបៀបណាដែលពួកយូដាពីបុរាណពិសោធ«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»?
១២ នៅពេលដែលពួកយូដាបានត្រឡប់ទៅស្រុកកំណើតរបស់គេវិញ នោះពួកគេបានទទួលនូវអ្វីមួយ ដែលប្រហែលជាអាចហៅថារបបថ្មី។ គឺមានគណៈគ្រប់គ្រងថ្មី។ សូរ៉ូបាបិលដែលជាកូនចៅរបស់ស្តេចដាវីឌក៏ធ្វើជាចៅហ្វាយ និងយ៉ូស្វេធ្វើជាសម្ដេចសង្ឃ។ (ហាកាយ ១:១, ១២; ២:២១; សាការី ៦:១១) ពួកទាំងនេះបានធ្វើជា«ផ្ទៃមេឃថ្មី»។ តើសំដៅទៅលើអ្វី? «ផ្ទៃមេឃថ្មី»នោះគឺគ្រប់គ្រងទៅលើ«ផែនដីថ្មី» ដែលជាសង្គមមនុស្សដ៏ស្អាត បានត្រឡប់មកស្រុកកំណើតរបស់គេ ដើម្បីសាងសង់ទីក្រុងយេរូសាឡិមនិងព្រះវិហារ សំរាប់ថ្វាយបង្គំព្រះយេហូវ៉ា។ ដូច្នេះហើយ ក្នុងន័យដ៏ចំៗគឺមានផ្ទៃមេឃថ្មីហើយនិងផែនដីថ្មីក្នុងការសម្រេចនោះ ដែលទាក់ទងពួកយូដានៅគ្រានោះ។
១៣, ១៤. (ក) តើយើងគួរតែពិនិត្យមើលឃ្លា«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី» ក្នុងករណីណាទៀត? (ខ) ហេតុអ្វីក៏ទំនាយរបស់ពេត្រុសមានការចាប់អារម្មណ៍ដ៏ពិសេសនៅឯគ្រានេះ?
១៣ ចូរប្រយ័ត្នក្រែងស្ដាប់មិនបាននឹងចំណុចនេះ។ នេះមិនមែនជាការហាត់បកស្រាយព្រះគម្ពីរ ឬក៏ជាការក្រឡេកមើលប្រវត្ដិសាស្ត្រពីបុរាណឡើយ។ អ្នកអាចយល់អំពីរឿងនេះ ដោយមើលឃ្លានេះមួយទៀត ស្តីអំពី«ផ្ទៃមេឃថ្មីហើយនឹងផែនដីថ្មី»។ នៅពេត្រុសទី២ ៣ ជំពូកទី៣ អ្នកនឹងឃើញឃ្លានេះម្ដងទៀត ហើយយល់ថាគឺទាក់ទងនឹងអនាគតរបស់យើង។
១៤ សាវ័កពេត្រុសបានសរសេរសំបុត្ររបស់គាត់តាំងពីជាង៥០០ឆ្នាំ ក្រោយពីពួកយូដាបានត្រឡប់ទៅឯស្រុកកំណើតរបស់គេវិញ។ ជាបុគ្គលម្នាក់នៃសាវ័ករបស់ព្រះយេស៊ូ ពេត្រុសបានសរសេរជូនពួកកាន់តាមព្រះគ្រីស្ទ ដ៏ជា«ព្រះអម្ចាស់» ដូចបានរៀបរាប់នៅពេត្រុសទី២ ៣:២។ នៅខទី៤ ពេត្រុសពិគ្រោះអំពី‹វត្តមានដែលបានសន្យាមក›របស់ព្រះយេស៊ូ ដែលធ្វើឲ្យទំនាយនេះទាក់ទងនៅសព្វថ្ងៃនេះណាស់។ មានទីសំអាងជាច្រើនដែលបង្ហាញថា តាំងពីសង្គ្រាមលោកលើកទី១ ព្រះយេស៊ូបានមានវត្តមានក្នុងន័យថា មានអំណាចជាអ្នកគ្រប់គ្រងក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ (វិវរណៈ ៦:១-៨; ១១:១៥, ១៨) នេះគឺមានអត្ថន័យដ៏ពិសេស ដោយដឹងនូវអ្វីដែលពេត្រុសបានទាយនៅជំពូកនេះ។
១៥. តើទំនាយរបស់ពេត្រុសអំពី«ផ្ទៃមេឃថ្មី» កំពុងតែសម្រេចយ៉ាងដូចម្ដេច?
១៥ យើងអាននៅឯពេត្រុសទី២ ៣:១៣ ថា៖ «តែតាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។ អ្នកប្រហែលជាបានរៀនដឹងថា ឥឡូវព្រះយេស៊ូនៅក្នុងស្ថានសួគ៌ជាអ្នកគ្រប់គ្រងដ៏សំខាន់នៅក្នុង«ផ្ទៃមេឃថ្មី»នេះ។ (លូកា ១:៣២, ៣៣) ប៉ុន្តែ ខបទគម្ពីរឯទៀត បង្ហាញថាទ្រង់មិនគ្រប់គ្រងតែម្នាក់ឯងនោះទេ។ ព្រះយេស៊ូបានសន្យាថាពួកសាវ័កនិងអ្នកឯទៀតដែលដូចពួកគេ នឹងមានចំណែកនៅស្ថានសួគ៌ដែរ។ នៅក្នុងសៀវភៅហេព្រើរ សាវ័កប៉ុលបានរៀបរាប់បុគ្គលបែបនេះជាពួក«ដែលមានចំណែកក្នុងការងារខាងស្ថានសួគ៌»។ ហើយព្រះយេស៊ូបានមានបន្ទូលថា ពួកក្នុងក្រុមនេះនឹងអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌ជាមួយនឹងទ្រង់។ (ហេព្រើរ ៣:១; ម៉ាថាយ ១៩:២៨; លូកា ២២:២៨-៣០; យ៉ូហាន ១៤:២, ៣) ចំណុចសំខាន់នោះគឺថាអ្នកឯទៀតនឹងសោយរាជ្យជាមួយព្រះយេស៊ូ ជាផ្នែកនៃផ្ទៃមេឃថ្មី។ បើអ៊ីចឹង តើពេត្រុសមានន័យយ៉ាងណា ដោយប្រើឃ្លា«ផែនដីថ្មី»នោះ?
១៦. តើ«ផែនដីថ្មី»ណា ដែលមានហើយ?
១៦ ដូចនឹងការសម្រេចពីបុរាណ ដែលពួកយូដាបានត្រឡប់ទៅស្រុកកំណើតគេវិញ នោះការសម្រេចថ្មីៗនេះនូវពេត្រុសទី២ ៣:១៣ ទាក់ទងនឹងមនុស្សដែលចុះចូលនឹងការគ្រប់គ្រងដោយផ្ទៃមេឃថ្មីនេះ។ អ្នកអាចរកឃើញមនុស្សរាប់លាននាក់សព្វថ្ងៃនេះ ដែលសប្បាយនឹងចុះចូលចំពោះការគ្រប់គ្រងបែបនេះ។ ពួកគេទទួលប្រយោជន៍ពីកម្មវិធីអប់រំ ហើយខំធ្វើតាមក្រិត្យវិន័យដែលមានក្នុងព្រះគម្ពីរ។ (អេសាយ ៥៤:១៣) ពួកគេនេះគឺជាគ្រឹះនៃ«ផែនដីថ្មី» ក្នុងន័យថាគេស្ថាបនានូវសង្គមទូទាំងពិភពលោក ចេញពីគ្រប់សាសន៍ ភាសានិងជាតិ ហើយពួកគេរួមដៃគ្នាក្នុងការចុះចូលចំពោះស្តេចដែលកំពុងតែគ្រប់គ្រង គឺព្រះយេស៊ូគ្រីស្ទ។ ហេតុការណ៍ដ៏គួរកត់សម្គាល់គឺថា អ្នកអាចមានចំណែកក្នុងនេះដែរ!—មីកា ៤:១-៤
១៧, ១៨. ហេតុអ្វីក៏ពាក្យនៅឯពេត្រុសទី២ ៣:១៣ ផ្ដល់ឲ្យយើងនូវមូលហេតុឲ្យសង្ឃឹមទៅអនាគតនោះ?
១៧ សូមកុំឲ្យមានអារម្មណ៍ថា មកដល់ទីបញ្ចប់រឿងនេះហើយ ថាយើងឥតមានការយល់ធ្លុះជ្រៅយ៉ាងល្អិតល្អន់អំពីអនាគតនោះ។ តាមការពិត កាលដែលអ្នកពិនិត្យមើលបរិបទពេត្រុសទី២ ជំពូកទី៣ នោះអ្នកនឹងឃើញនូវការបញ្ជាក់អំពីការប្រែប្រួលដ៏ធំមួយនៅខាងមុខ។ នៅក្នុងខ៥និង៦ ពេត្រុសទី២ ៣:៥, ៦ ពេត្រុសសរសេរអំពីទឹកជំនន់ក្នុងសម័យរបស់ណូអេ ជាទឹកជំនន់ដែលបានកំទេចចោលនូវសង្គមមនុស្សនៅពេលនោះ។ បន្ទាប់មកនៅខ៧ ពេត្រុសទី២ ៣:៧ ពេត្រុសរៀបរាប់ថា«ផ្ទៃមេឃ ហើយនឹងផែនដីនៅជាន់នេះ» ទាំងការគ្រប់គ្រងនិងមនុស្សជាច្រើន គឺបានបំរុងទុក«ដល់ថ្ងៃជំនុំជំរះ . . . ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។ នេះបញ្ជាក់ថាឃ្លា«ផ្ទៃមេឃ ហើយនឹងផែនដីនៅជាន់នេះ» មិនគ្រាន់តែសំដៅទៅពិភពលោកមែនទែន ក៏ប៉ុន្តែសំដៅទៅមនុស្សនិងការគ្រប់គ្រងរបស់គេដែរ។
១៨ បន្ទាប់មក ពេត្រុសពន្យល់ថា ថ្ងៃនៃព្រះយេហូវ៉ាដែលនឹងមកដល់នឹងនាំឲ្យមានការបោសសំអាតយ៉ាងធំ ដែលបើកផ្លូវឲ្យផ្ទៃមេឃថ្មីហើយនិងផែនដីថ្មី ដែលបានរៀបរាប់ក្នុងខ១៣នោះ។ ចូរកត់សម្គាល់នូវចុងខនេះ ដែលថា«មានសុទ្ធតែសេចក្ដីសុចរិតវិញ»។ តើនេះមិនបង្ហាញថា នឹងមានការប្រែប្រួលយ៉ាងធំដ៏ប្រសើរដែលត្រូវតែកើតឡើងទេឬ? តើនេះមិនបង្ហើបនូវអ្វីដែលពិតជាថ្មី ជាគ្រាដែលមនុស្សនឹងមានការសប្បាយខ្លាំងឡើង ជាងសព្វថ្ងៃនេះទេឬ? បើអ្នកអាចឃើញអំពីនេះ នោះអ្នកបានយល់ធ្លុះជ្រៅនូវអ្វីដែលព្រះគម្ពីរទាយប្រាប់ ដែលមានតែមនុស្សចំនួនតិចណាស់រកឃើញ។
១៩. តើនៅក្នុងសាច់រឿងបែបណា ដែលសៀវភៅវិវរណៈចង្អុលប្រាប់អំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»ដែលនឹងមកដល់នៅពេលខាងមុខនោះ?
១៩ ប៉ុន្តែ សូមឲ្យយើងពិនិត្យមើលថែមទៀត។ យើងបានមើលនូវឃ្លា «ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី» នៅក្នុងអេសាយ ៦៥ជំពូក៦៥ និងនៅកន្លែងមួយទៀតក្នុងពេត្រុសទី២ ៣ ជំពូកទី៣។ ឥឡូវសូមបើកទៅវិវរណៈ ២១ ជំពូកទី២១ ដែលមានឃ្លានេះម្ដងទៀតនៅក្នុងព្រះគម្ពីរ។ ម្ដងនេះទៀត ការយល់អំពីសាច់រឿងនេះនឹងជួយឲ្យយល់បាន។ ជំពូកពីរមុននេះ នៅក្នុងសៀវភៅវិវរណៈ ១៩ ជំពូកទី១៩ យើងអានអំពីសង្គ្រាម ដែលបានរៀបរាប់ជានិមិត្តរូបដ៏រស់រវើក ប៉ុន្តែមិនមែនជាសង្គ្រាមរវាងប្រទេសពីរដ៏ស្អប់គ្នានោះទេ។ ម្ខាងទៀតគឺ«ព្រះបន្ទូលរបស់ព្រះ»។ អ្នកប្រហែលជាស្គាល់ថានេះជាឋានន្តររបស់ព្រះយេស៊ូគ្រីស្ទ។ (យ៉ូហាន ១:១, ១៤) ទ្រង់គង់នៅស្ថានសួគ៌ ហើយចក្ខុនិមិត្តនេះពណ៌នាទ្រង់និងពួកពលបរិវាររបស់ទ្រង់នៅស្ថានសួគ៌។ តើនឹងច្បាំងជាមួយអ្នកណាគេ? ជំពូកនេះរៀបរាប់អំពី«ស្តេច» និង«ពួកមេទ័ព» និងមនុស្សពីគ្រប់វណ្ណៈ«ទាំងអ្នកធំនឹងអ្នកតូចផង»។ ចម្បាំងនេះគឺទាក់ទងនឹងការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា ដែលជាសេចក្ដីហិនវិនាសនៃអំពើកំណាច។ (ថែស្សាឡូនីចទី២ ១:៦-១០) ជំពូកបន្ទាប់គឺវិវរណៈ ២០ ជំពូកទី២០ ដែលរៀបរាប់អំពីការដកចេញនូវ«ពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថាសាតាំង»។ នេះគឺស្ថាបនាមូលដ្ឋានឲ្យពិនិត្យមើលវិវរណៈ ២១ ជំពូកទី២១។
២០. តើវិវរណៈ ២១:១ បញ្ជាក់ថានឹងមានការកែប្រែដ៏សំខាន់អ្វី ដែលនៅខាងមុខ?
២០ សាវ័កយ៉ូហានបានចាប់ផ្ដើមនិយាយដោយពាក្យដ៏រំភើបថា៖ «រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ»។ ដោយមានមូលដ្ឋាននូវអ្វីដែលយើងបានឃើញនៅឯអេសាយ ជំពូកទី៦៥ និងពេត្រុសទី២ ជំពូកទី៣ នោះយើងអាចដឹងប្រាកដថា នេះមិនមានន័យថាការដកចេញនូវផ្ទៃមេឃនិងភពផែនដីមែនទែន ព្រមទាំងជំរៅទឹកនោះទេ។ ដូចជំពូកមុនៗបង្ហាញថា មនុស្សអាក្រក់និងការគ្រប់គ្រងរបស់គេ រួមបញ្ចូលអ្នកគ្រប់គ្រងដ៏មើលមិនឃើញគឺអារក្សសាតាំង នឹងត្រូវកំទេចចោល។ ត្រូវហើយ សេចក្ដីសន្យានៅទីនេះ គឺអំពីរបបថ្មីដែលទាក់ទងមនុស្សនៅលើផែនដី។
២១, ២២. តើយ៉ូហានធានារ៉ាប់រងយើងអំពីពរអ្វី ហើយតើការជូតទឹកភ្នែកមានន័យយ៉ាងណា?
២១ យើងបានត្រូវធានារ៉ាប់រងអំពីនេះ កាលដែលយើងមើលនូវទំនាយដ៏អស្ចារ្យនេះ។ នៅចុងបញ្ចប់ខ៣ ចែងអំពីគ្រាដែលព្រះនឹងគង់នៅជាមួយមនុស្សលោក ដោយទ្រង់នឹងធ្វើល្អដល់មនុស្សដែលធ្វើតាមបំណងព្រះហឫទ័យទ្រង់។ (អេសេគាល ៤៣:៧) យ៉ូហាននិយាយបន្តនៅខ៤និង៥ ថា៖ «ព្រះទ្រង់[ព្រះយេហូវ៉ា]នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ ‹មើល! អញធ្វើទាំងអស់ឡើងជាថ្មី›។ រួចទ្រង់មានបន្ទូលមកខ្ញុំថា៖ ‹ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ›»។ នេះជាទំនាយដ៏លើកទឹកចិត្តមែន!
២២ ចូរឈប់សិនដើម្បីរំពឹងគិតនូវអ្វីដែលព្រះគម្ពីរកំពុងតែទាយប្រាប់។ ‹ព្រះនឹងជូតទឹកភ្នែកពីភ្នែកគេចេញ›។ នេះមិនមែនសំដៅទៅទឹកភ្នែកដ៏ឈឺចាប់ធម្មតាដែលលាងភ្នែកយើងឬក៏ទឹកភ្នែកនៃអំណរនោះទេ។ ទឹកភ្នែកដែលព្រះនឹងជូតនោះគឺជាទឹកភ្នែក ដែលបានបណ្ដាលមកដោយការរងទុក្ខវេទនា ការសោកសង្រេង ការធ្លាក់ទឹកចិត្ត ការឈឺចិត្តនិងការចុកចាប់ក្នុងចិត្ត។ តើយើងអាចធ្វើឲ្យដឹងប្រាកដយ៉ាងដូចម្ដេចទៅបាន? សេចក្ដីសន្យាដ៏អស្ចារ្យនេះរបស់ព្រះ ថាការជូតទឹកភ្នែកគឺទាក់ទងនឹងការលែងឲ្យមាន‹សេចក្ដីស្លាប់ ការកាន់ទុក្ខ យំសោក និងការឈឺចាប់›។—យ៉ូហាន ១១:៣៥
២៣. តើទំនាយរបស់យ៉ូហាន បានធានារ៉ាប់រងនូវទីបញ្ចប់នៃស្ថានភាពអ្វីខ្លះ?
២៣ តើនេះមិនបង្ហាញថា រោគមហារីក ការដាច់សរសៃឈាមក្នុងខួរក្បាល ជម្ងឺខាងបេះដូង ព្រមទាំងសេចក្ដីស្លាប់នឹងត្រូវបំបាត់ចោលទេឬអ្វី? តើមានអ្នកណាម្នាក់ដែលមិនបាត់បង់នូវអ្នកស្ងួនភ្ងារបស់ខ្លួន ដោយជម្ងឺ គ្រោះថ្នាក់ ឬក៏មហន្តរាយនោះ? នៅទីនេះ ព្រះសន្យាថាសេចក្ដីស្លាប់នឹងលែងមានទៀត ដែលបញ្ជាក់ថាក្មេងណាដែលប្រហែលជាកើតនៅពេលនោះនឹងមិនចេះទៅជាចាស់ជរា ហើយស្លាប់ទៅវិញនោះទេ។ ទំនាយនេះក៏មានន័យថានឹងលែងមានទៀតនូវជម្ងឺសរសៃប្រសាទ ជម្ងឺពុកឆ្អឹង ដុំសាច់ក្នុងស្បូន ជម្ងឺងងឹតភ្នែក ឬក៏ជំងឺភ្នែកឡើងបាយ ដែលមានទូទៅពេលអាយុចាស់។
២៤. តើតាមរបៀបណាដែល‹ផ្ទៃមេឃថ្មីហើយនិងផែនដីថ្មី› នឹងបានជាប្រសិទ្ធិពរ ហើយតើមានអ្វីដែលយើងនឹងពិនិត្យមើលជាបន្ទាប់នោះ?
២៤ អ្នកនឹងប្រាកដជាយល់ស្របថា ការកាន់ទុក្ខនិងការយំសោកនឹងចុះថយ ពេលដែលសេចក្ដីស្លាប់ អាយុចាស់ និងជម្ងឺត្រូវដកចេញនោះ។ ប៉ុន្តែចុះយ៉ាងណាវិញ ចំពោះភាពក្រីក្រ ការធ្វើបាបកូនក្មេង និងការប្រកាន់ពូជសាសន៍ដែលជិះជាន់ ដោយសារតែសាវតារឬពណ៌សម្បុររបស់គេនោះ? បើរឿងបែបនេះដែលមានទូទៅសព្វថ្ងៃនេះនឹងមានជាបន្ត នោះយើងនឹងមិនអាចបំបាត់ចោលនូវការកាន់ទុក្ខនិងការយំសោកនោះឡើយ។ ដូច្នេះហើយ ជីវិតនៅក្រោម«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី» នឹងមិនធ្វើឲ្យសៅហ្មងដោយបុព្វហេតុទាំងនេះ ដែលនៅបច្ចុប្បន្នធ្វើឲ្យមានទុក្ខព្រួយនោះទេ។ ជាការកែប្រែយ៉ាងណាទៅហ្ន៎! ប៉ុន្តែ មកដល់ត្រឹមនេះ យើងបានពិនិត្យមើលបានតែឃ្លាបីក្នុងចំណោមឃ្លាទាំងបួនដង ស្តីអំពីឃ្លា«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»ដែលមានក្នុងព្រះគម្ពីរ។ គឺមានមួយទៀត ដែលទាក់ទងនឹងអ្វីដែលយើងបានពិនិត្យមើល ហើយបញ្ជាក់នូវមូលហេតុ ដែលយើងមានដើម្បីទន្ទឹងមើលថានៅពេលណា និងតាមរបៀបណា ដែលព្រះនឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ ដើម្បី‹ធ្វើទាំងអស់ឡើងជាថ្មី›។ អត្ថបទជាបន្ទាប់នឹងទាក់ទង់នឹងទំនាយនោះ ហើយអ្វីដែលនេះអាចបញ្ជាក់ចំពោះសុភមង្គលរបស់យើង។
[កំណត់សម្គាល់]
a សេចក្ដីបកប្រែព្រះគម្ពីរភាសាអង់គ្លេសថ្មី បកស្រាយទំនុកដំកើង ៩៦:១ ថា៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ឱពួកមនុស្សលើផែនដីអើយ!»។ សេចក្ដីបកប្រែព្រះគម្ពីរភាសាអង់គ្លេសសហកាល អានថា៖ «ឱមនុស្សទាំងអស់គ្នាលើផែនដីអើយ! ចូរច្រៀងសរសើរថ្វាយព្រះអម្ចាស់ចុះ»។ នេះគឺសមស្របនឹងការយល់ថា ដោយប្រើពាក្យ«ផែនដីថ្មី» នោះអេសាយបានសំដៅទៅរាស្ត្ររបស់ព្រះនៅក្នុងស្រុកកំណើតរបស់គេ។
តើអ្នកនឹកចាំអ្វីខ្លះ?
• តើព្រះគម្ពីរទាយប្រាប់បីដងអ្វីអំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»?
• តើតាមរបៀបណាដែលពួកយូដាពីបុរាណបានទាក់ទងនឹងការសម្រេច ស្តីអំពី«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»?
• តើការសម្រេចអ្វីដែលបានត្រូវយល់សំរាប់«ផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី» ដូចបានរៀបរាប់ដោយពេត្រុសនោះ?
• តើតាមរបៀបណាដែលវិវរណៈ ២១ ជំពូកទី២១ ដៅបញ្ជាក់ពីអនាគតដ៏ត្រចះត្រចង់នោះ?
[រូបភាពនៅទំព័រ២០]
ដូចជាព្រះយេហូវ៉ាបានទាយប្រាប់មក នោះស៊ីរូសបានចាត់ចែងឲ្យពួកយូដាត្រឡប់ទៅស្រុកកំណើតគេវិញនៅឆ្នាំ៥៣៧ ម.ស.យ.