ការសិក្សាដើម្បី ស្វែងរកសេចក្ដីរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ា
«កូនទាំងឡាយអើយ ចូរមកស្ដាប់អញចុះ អញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។—ទំនុកដំកើង ៣៤:១១
១. តើតាមរបៀបណាដែលព្រះរាជាណាចក្ររបស់ព្រះនឹងកំចាត់ចោលការខ្លាច ប៉ុន្តែតើនេះមានន័យថាកំចាត់ចោលការខ្លាចគ្រប់ប្រភេទឬ?
មនុស្សនៅគ្រប់ទីកន្លែងចង់បានណាស់នូវសេរីភាពពីការខ្លាច—គឺពីការខ្លាចឧក្រិដ្ឋកម្មនិងអំពើឃោរឃៅ ពីការខ្លាចឥតការងារធ្វើ និងពីការខ្លាចនៃជម្ងឺធ្ងន់ធ្ងរ។ តើនឹងទៅជាថ្ងៃដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎ នៅពេលដែលសេរីភាពនោះបានក្លាយទៅជាការជាក់ស្តែងនៅក្រោមព្រះរាជាណាចក្ររបស់ព្រះនោះ! (អេសាយ ៣៣:២៤; ៦៥:២១-២៣; មីកា ៤:៤) ប៉ុន្តែ នៅពេលនោះ ការខ្លាចទាំងអស់មិនមែននឹងត្រូវកំចាត់ចោលអស់នោះទេ ហើយយើងក៏មិនត្រូវខំប្រឹងជំរុញការខ្លាចទាំងអស់ចេញពីជីវិតរបស់យើងនៅឥឡូវនេះដែរ។ ដ្បិតមានការខ្លាចដែលល្អ និងមានការខ្លាចដែលអាក្រក់។
២. (ក) តើការខ្លាចប្រភេទណាដែលជាការអាក្រក់ ហើយប្រភេទណាដែលជាការគួរឲ្យចង់បាននោះ? (ខ) តើការកោតខ្លាចព្រះជាអ្វី ហើយតើតាមរបៀបណាដែលព្រះគម្ពីរនៅទីនេះបង្ហាញឲ្យឃើញនោះ?
២ ការខ្លាចអាចទៅជាការបំពុលគំនិត ដែលធ្វើឲ្យសមត្ថភាពវែកញែករបស់បុគ្គលម្នាក់អាចទៅជាគាំងបាន។ នេះអាចបណ្ដាលឲ្យលែងមានសេចក្ដីក្លាហាន ព្រមទាំងអាចបំផ្លាញនូវសេចក្ដីសង្ឃឹមចេញផង។ ការខ្លាចបែបនេះប្រហែលជាបានពិសោធដោយជនណា ដែលសត្រូវបានគំរាមកំហែងដល់រូបកាយរបស់គេ។ (យេរេមា ៥១:៣០) នេះក៏ប្រហែលជាបានពិសោធដែរ ដោយមនុស្សណាម្នាក់ដែលខំប្រឹងហួសហេតុក្នុងការគាំទ្រចិត្តអ្នកមានអំណាចណាមួយ ដើម្បីឲ្យបុគ្គលនោះពេញចិត្តនឹងខ្លួន។ (សុភាសិត ២៩:២៥) ប៉ុន្តែក៏មានការកោតខ្លាចម្យ៉ាងដែលត្រឹមត្រូវ គឺការខ្លាចដែលទប់យើងពីការធ្វើអ្វីដែលពុំបានគិតឲ្យស្រួលបួល និងពីការធ្វើឲ្យរបួសដល់ខ្លួនយើងដែរ។ ការកោតខ្លាចព្រះ រួមបញ្ចូលច្រើនជាងនោះទៅទៀត។ នេះគឺជាសេចក្ដីស្ងើចដល់ព្រះយេហូវ៉ា ជាការគោរពយ៉ាងជ្រាលជ្រៅដល់ទ្រង់ ដោយខ្លាចដ៏ត្រឹមត្រូវនៃការធ្វើអ្វីដែលទ្រង់មិនគាប់ព្រះហឫទ័យ។ (ទំនុកដំកើង ៨៩:៧) ការកោតខ្លាចនៃការធ្វើអ្វីដែលព្រះមិនគាប់ព្រះហឫទ័យនោះ គឺផ្ដើមមកពីការអបអរចំពោះសេចក្ដីសប្បុរសដ៏ស្មោះនិងសេចក្ដីល្អរបស់ទ្រង់។ (ទំនុកដំកើង ៥:៧; ហូសេ ៣:៥) នេះក៏រួមបញ្ចូលពីការដឹង ថាព្រះយេហូវ៉ាជាចៅក្រមដ៏ខ្ពស់ថ្កើង និងដ៏មានព្រះចេស្ដាបំផុត ដែលមានអំណាចដាក់ទណ្ឌកម្មទៅលើអស់អ្នកដែលបដិសេធមិនគោរពតាមបង្គាប់ទ្រង់ សូម្បីទាំងដល់សេចក្ដីស្លាប់ផង។—រ៉ូម ១៤:១០-១២
៣. តើការកោតខ្លាចព្រះយេហូវ៉ាមានភាពខុសគ្នាពីការខ្លាចព្រះពាហិរជនខ្លះដោយយ៉ាងណា?
៣ ការកោតខ្លាចព្រះគឺជាការត្រឹមត្រូវ មិនមែនជាការញ័ររន្ធត់នោះទេ។ ការកោតខ្លាចនេះអាចបណ្ដាលឲ្យបុគ្គលម្នាក់មានចិត្តមុតមាំចំពោះអ្វីដែលត្រូវ ដោយមិនសម្របសម្រួលប្រព្រឹត្តការខុសនោះឡើយ។ នេះមិនមែនដូចជាការខ្លាចដែលទាក់ទងនឹងព្រះហ្វូបុសនៃសាសន៍ក្រិកពីបុរាណនោះទេ ដែលបានរៀបរាប់មកជាព្រះដ៏កាចឃោរឃៅដែលធ្វើឲ្យមានភេរវកម្ម។ ហើយក៏មិនដូចជាការខ្លាចដែលទាក់ទងនឹងព្រះខាលេនៃអ្នកកាន់សាសនាហិណ្ឌូដែរ ដែលនៅពេលខ្លះត្រូវបានគេពណ៌នាថាជាព្រះដែលចូលចិត្តបង្ហូរឈាម ដោយប្រើសព សត្វពស់ និងលលាក្បាលជាគ្រឿងតុបតែង។ ការកោតខ្លាចព្រះទាក់ទាញទឹកចិត្តមនុស្ស មិនមែនច្រានមនុស្សចេញទេ។ នេះត្រូវបានត្របាញ់ដោយសេចក្ដីស្រឡាញ់និងការអបអរ។ ដូច្នេះហើយបានជាការកោតខ្លាចព្រះនាំយើងទៅឯព្រះយេហូវ៉ា។—ចោទិយកថា ១០:១២, ១៣; ទំនុកដំកើង ២:១១
មូលហេតុដែលមនុស្សខ្លះកោតខ្លាចព្រះ ហើយមនុស្សខ្លះទៀតឥតសោះ
៤. ដូចជាសាវ័កប៉ុលបានរៀបរាប់មក តើមនុស្សជាតិបានធ្លាក់មកដល់ស្ថានភាពណាហើយ ហើយតើការនេះមានមូលហេតុទៅលើអ្វី?
៤ មនុស្សជាតិទាំងមូលមិនបានធ្វើអ្វីមួយ ដោយបញ្ចេញគុណសម្បត្ដិនៃការកោតខ្លាចព្រះទេ។ នៅរ៉ូម ៣:៩-១៨ សាវ័កប៉ុលបានរៀបរាប់នូវកំរិតដែលមនុស្សជាតិបានធ្លាក់ពីភាពល្អឥតខ្ចោះ។ ក្រោយពីបានមានប្រសាសន៍ថាមនុស្សទាំងអស់នៅក្រោមអំពើបាប ប៉ុលបានស្រង់ពាក្យពីទំនុកដំកើង ដោយមានប្រសាសន៍ថា៖ «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង»។ (សូមមើលទំនុកដំកើង ១៤:១) រួចមក គាត់ក៏ផ្ដល់ពីសាច់រឿងដោយប្រាប់នូវអ្វីៗ ដូចជាសេចក្ដីធ្វេសប្រហែសរបស់មនុស្សជាតិក្នុងការស្វែងរកព្រះ ពួកគេគ្មានសេចក្ដីសប្បុរស គេប្រើអណ្ដាតគេសំរាប់នឹងបញ្ឆោត សេចក្ដីបណ្ដាសា និងការកំចាយឈាម។ នេះគឺបានរៀបរាប់អំពីលោកីយ៍នៅសព្វថ្ងៃនេះយ៉ាងត្រឹមត្រូវមែន! មនុស្សភាគច្រើនពុំមានការចាប់អារម្មណ៍ទៅលើព្រះនិងគោលបំណងរបស់ទ្រង់ឡើយ។ ភាពដូចជាសេចក្ដីសប្បុរស គេតែងតែទុកសំរាប់គ្រា ដែលគេអាចទទួលអ្វីមកវិញប៉ុណ្ណោះ។ ការភូតភរនិងពាក្យអាសគ្រាមគឺមានជាធម្មតា។ ការកំចាយឈាមមិនគ្រាន់តែយកមកបង្ហាញក្នុងសារពត៌មានប៉ុណ្ណោះទេ តែក៏មានជាគ្រឿងកំសាន្តដែរ។ តើស្ថានការណ៍នេះមានមូលហេតុទៅលើអ្វី? ពិតមែន យើងគ្រប់ៗគ្នាជាកូនចៅរបស់អ័ដាមដែលមានបាប ប៉ុន្តែនៅពេលដែលមនុស្សយកមកប្រព្រឹត្តក្នុងជីវិតរបស់គេនូវអ្វីដែលសាវ័កប៉ុលបានរៀបរាប់មកនោះ គឺមានទាក់ទងអ្វីច្រើនជាងនោះទៅទៀត។ ខ១៨ពន្យល់អំពីរឿងនេះ ដោយចែងថា៖ «គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»។—សូមមើលទំនុកដំកើង ៣៦:១
៥. ហេតុអ្វីបានជាមនុស្សខ្លះកោតខ្លាចព្រះ ហើយខ្លះទៀតឥតមានសោះនោះ?
៥ ប៉ុន្តែ ហេតុអ្វីក៏មនុស្សខ្លះមានការកោតខ្លាចព្រះ កាលដែលខ្លះទៀតឥតមានសោះនោះ? បើនិយាយឲ្យចំទៅ ពីព្រោះមនុស្សខ្លះគេបណ្ដុះក្នុងចិត្តឲ្យមានការកោតខ្លាច រីឯមនុស្សឯទៀតឥតធ្វើដូច្នេះទេ។ យើងម្នាក់ៗមិនមែនកើតមកដោយមានចិត្តកោតខ្លាចព្រះទេ ប៉ុន្តែយើងគ្រប់ៗគ្នាមានសមត្ថភាពក្នុងការបណ្ដុះឲ្យមានការកោតខ្លាចព្រះ។ ការកោតខ្លាចព្រះគឺអ្វីមួយដែលយើងត្រូវតែរៀន។ រួចមក ដើម្បីឲ្យការនេះទៅជាកម្លាំងជំរុញយ៉ាងខ្លាំងក្នុងជីវិតរបស់យើងនោះ យើងត្រូវតែបណ្ដុះឲ្យមានការកោតខ្លាចនេះ។
សេចក្ដីអញ្ជើញដ៏រំភើបចិត្ត
៦. តើអ្នកណាដែលផ្ដល់ឲ្យសេចក្ដីអញ្ជើញមកយើង ដែលបានកត់ទុកក្នុងទំនុកដំកើង ៣៤:១១ ហើយតើតាមរបៀបណាដែលបទគម្ពីរនេះបង្ហាញថា ការកោតខ្លាចព្រះត្រូវតែរៀនទើបចេះនោះ?
៦ សេចក្ដីអញ្ជើញដ៏រំភើបចិត្តមួយក្នុងការសិក្សាអំពីការកោតខ្លាចព្រះយេហូវ៉ា គឺបានផ្ដល់មកយើងនៅទំនុកដំកើង ៣៤។ នេះជាទំនុកដំកើងនៃដាវីឌ។ ហើយ តើដាវីឌតំណាងអ្នកណាគេ? គឺគ្មានអ្នកណាក្រៅពីព្រះយេស៊ូគ្រីស្ទទេ។ ទំនាយដែលសាវ័កយ៉ូហានបានសំដៅទៅព្រះយេស៊ូយ៉ាងចំៗនោះ គឺបានកត់ទុកនៅក្នុងខ២០នៃសៀវភៅទំនុកដំកើងនេះ។ (យ៉ូហាន ១៩:៣៦) នៅសម័យយើងនេះ ព្រះយេស៊ូជាបុគ្គលដែលផ្ដល់ឲ្យសេចក្ដីអញ្ជើញ ដែលមានដូចនៅក្នុងខ១១៖ «កូនទាំងឡាយអើយ ចូរមកស្ដាប់អញចុះ អញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ ដូច្នេះ នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការកោតខ្លាចព្រះគឺជាអ្វីមួយដែលយើងអាចរៀនបាន។ ហើយព្រះយេស៊ូគ្រីស្ទជាអ្នកដែលមានគុណវុឌ្ឍិដ៏ប្រសើរក្រៃលែងក្នុងការបង្រៀនយើងអំពីការកោតខ្លាចនេះ។ ហេតុអ្វីក៏ដូច្នោះ?
៧. ហេតុអ្វីក៏យើងត្រូវតែរៀនការកាតខ្លាចព្រះពីព្រះយេស៊ូ?
៧ ព្រះយេស៊ូគ្រីស្ទទ្រង់ជ្រាបនូវសារៈសំខាន់នៃការកោតខ្លាចព្រះ។ នៅហេព្រើរ ៥:៧ ចែងចំពោះទ្រង់ថា៖ «ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»។ ការកោតខ្លាចបែបនេះ គឺជាគុណសម្បត្ដិដែលព្រះយេស៊ូគ្រីស្ទបានសម្ដែងមក សូម្បីតែមុននឹងទ្រង់បានប្រឈមមុខនឹងមរណភាពនៅលើបង្គោលឈើនោះទៀតផង។ នៅចាំទេ ក្នុងសុភាសិតជំពូក ៨រាជបុត្រារបស់ព្រះត្រូវបានរៀបរាប់មកជាបដិរូបកម្មនៃប្រាជ្ញា។ ហើយនៅសុភាសិត ៩:១០បានប្រាប់យើងថា៖ «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា»។ ដូច្នេះហើយ ការកោតខ្លាចព្រះជាផ្នែកមួយដ៏សំខាន់នៃបុគ្គលិកលក្ខណៈនៃរាជបុត្រារបស់ព្រះដែលមានតាំងពីយូរមក មុននឹងទ្រង់បានយាងមកផែនដីនេះម្ល៉េះ។
៨. នៅអេសាយ ១១:២, ៣ តើយើងបានរៀនអ្វីអំពីការកោតខ្លាចព្រះយេហូវ៉ា?
៨ ម្យ៉ាងវិញទៀត ចំពោះព្រះយេស៊ូជាស្តេចមេស្ស៊ី អេសាយ ១១:២, ៣ ចែងថា៖ «ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ នេះជាការសម្ដែងយ៉ាងល្អម្ល៉េះហ្ន៎! ការកោតខ្លាចព្រះយេហូវ៉ាមិនមែនជាអ្វីដែលមិនល្អនោះទេ តែជាការដែលមានប្រយោជន៍ទៅវិញ។ នេះជាគុណសម្បត្ដិដែលនឹងមានពាសពេញតំបន់ ដែលព្រះគ្រីស្ទនឹងគ្រប់គ្រងជាស្តេច។ ឥឡូវនេះទ្រង់ក៏កំពុងតែសោយរាជ្យ ហើយអស់អ្នកណាដែលកំពុងតែប្រមូលមកជាអនុរាស្ត្ររបស់ទ្រង់ នោះទ្រង់កំពុងតែឲ្យអនុទ្ទេសដល់គេដោយការខ្លាចព្រះយេហូវ៉ា។ តើតាមរបៀបណា?
៩. តើតាមរបៀបណាដែលព្រះយេស៊ូគ្រីស្ទកំពុងតែបង្រៀនយើងឲ្យកោតខ្លាចព្រះយេហូវ៉ា ហើយតើទ្រង់ចង់ឲ្យយើងសិក្សាអំពីអ្វី?
៩ តាមរយៈកិច្ចប្រជុំនៃក្រុមជំនុំរបស់យើង សន្និបាតនិងមហាសន្និបាតទាំងឡាយ ព្រះយេស៊ូជាប្រមុខនៃក្រុមជំនុំនិងជាស្តេចមេស្ស៊ី ជួយយើងឲ្យយល់យ៉ាងច្បាស់នូវការកោតខ្លាចព្រះជាយ៉ាងណា ហើយនូវហេតុអ្វីបានជាមានប្រយោជន៍ម្ល៉េះ។ ដូច្នេះហើយទ្រង់ខំខ្នះខ្នែងឲ្យយើងមានចិត្តអបអរយ៉ាងខ្លាំង ដើម្បីឲ្យយើងមានការសប្បាយរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ាដូចទ្រង់ផងដែរ។
តើអ្នកនឹងខំខ្នះខ្នែងធ្វើទេ?
១០. នៅពេលដែលទៅកិច្ចប្រជុំគ្រីស្ទាន តើយើងត្រូវធ្វើយ៉ាងណាបើយើងចង់យល់អំពីការកោតខ្លាចព្រះយេហូវ៉ានោះ?
១០ ពិតហើយ គ្រាន់តែអានព្រះគម្ពីរឬទៅកិច្ចប្រជុំនៅឯសាលព្រះរាជាណាចក្រនោះ មិនមែននឹងធានារ៉ាប់រងថា យើងមានការកោតខ្លាចព្រះនោះទេ។ ចូរកត់សម្គាល់នូវអ្វីៗដែលយើងត្រូវតែធ្វើសិន បើសិនជាយើងចង់យល់ឲ្យច្បាស់នូវការកោតខ្លាចព្រះយេហូវ៉ានោះ។ សុភាសិត ២:១-៥ ចែងថា៖ «កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ»។ ដូច្នេះ នៅពេលទៅកិច្ចប្រជុំ យើងត្រូវតែប្រុងស្មារតីនូវអ្វីដែលបានមានប្រសាសន៍មក ហើយខំខ្នះខ្នែងជញ្ជឹងគិត និងចងចាំនូវចំណុចដ៏សំខាន់ៗ។ សូមគិតឲ្យបានជ្រាលជ្រៅនូវរបៀបដែលយើងមានអារម្មណ៍ទៅលើព្រះយេហូវ៉ា គួរតែមានអានុភាពទៅលើអាកប្បកិរិយារបស់យើង ចំពោះការទូន្មានដែលបានផ្ដល់មកនោះ—ត្រូវហើយ យើងត្រូវតែបើកចិត្តរបស់យើង នោះទើបយើងអាចយល់នូវការកោតខ្លាចព្រះយេហូវ៉ាបាន។
១១. ដើម្បីបណ្ដុះឲ្យមានការកោតខ្លាចព្រះ តើយើងត្រូវតែធ្វើអ្វីដោយស្មោះអស់ពីចិត្តនិងដោយញឹកញាប់នោះ?
១១ ទំនុកដំកើង ៨៦:១១ បង្ហាញប្រាប់នូវកត្ដាដ៏សំខាន់មួយទៀត ហើយនោះគឺការអធិស្ឋាន។ អ្នកទំនុកដំកើងបានអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។ ព្រះយេហូវ៉ាបានយល់ព្រមនឹងការអធិស្ឋាននោះ ពីព្រោះទ្រង់បានធ្វើឲ្យគេកត់ទុកនៅក្នុងព្រះគម្ពីរ។ ដើម្បីបណ្ដុះឲ្យមានការកោតខ្លាចព្រះ យើងក៏ត្រូវតែអធិស្ឋានទៅព្រះយេហូវ៉ាដែរ ដើម្បីឲ្យទ្រង់ជួយ ហើយដោយអធិស្ឋានដោយស្មោះអស់ពីចិត្តនិងដោយញឹកញាប់នោះ យើងនឹងទទួលប្រយោជន៍ជាមិនខាន។—លូកា ១៨:១-៨
ការជាប់ទាក់ទងនឹងចិត្តរបស់អ្នក
១២. ហេតុអ្វីក៏យើងត្រូវតែយកចិត្តទុកដាក់ដ៏ពិសេសដល់ចិត្ត ហើយតើនេះរួមបញ្ចូលពីអ្វីខ្លះ?
១២ នៅក្នុងទំនុកដំកើង ៨៦:១១ គឺនៅមានអ្វីមួយទៀតដែលយើងគួរតែកត់សម្គាល់។ អ្នកទំនុកដំកើងមិនគ្រាន់តែសុំ ឲ្យបានយល់ពីគំនិតនៃការកោតខ្លាចព្រះនោះទេ។ គាត់បានមានប្រសាសន៍អំពីចិត្តរបស់គាត់។ ការបណ្ដុះឲ្យមានការកោតខ្លាចព្រះយេហូវ៉ាគឺជាប់ទាក់ទងនឹងចិត្ត ដែលយើងត្រូវតែយកចិត្តទុកដាក់ដ៏ពិសេស ពីព្រោះគឺបុគ្គលដែលនៅខាងក្នុង ដែលបញ្ចេញឲ្យឃើញនូវគ្រប់សកម្មភាពនៃជីវភាពរបស់យើង ហើយនេះរួមបញ្ចូលនឹងគំនិត អាកប្បកិរិយា សេចក្ដីប្រាថ្នា ទំនងដែលជំរុញឲ្យធ្វើ និងគោលដៅរបស់យើង។
១៣. (ក) តើអ្វីដែលបង្ហាញថាចិត្តរបស់បុគ្គលម្នាក់អាចបែកខ្ញែកបាន? (ខ) កាលដែលយើងបណ្ដុះឲ្យមានការកោតខ្លាចព្រះ តើយើងត្រូវខំប្រឹងប្រែងធ្វើគោលបំណងអ្វី?
១៣ ព្រះគម្ពីរព្រមានយើងថា ចិត្តរបស់បុគ្គលម្នាក់ប្រហែលជាអាចបែកខ្ញែកបាន។ ចិត្តអាចទៅជាគ្រឿងបញ្ឆោតបាន។ (ទំនុកដំកើង ១២:២; យេរេមា ១៧:៩) នេះអាចបណ្ដាលឲ្យយើងចូលរួមក្នុងសកម្មភាពដ៏ត្រឹមត្រូវ—ដូចជាទៅកិច្ចប្រជុំនៅក្រុមជំនុំ និងការចេញទៅផ្សាយ—ប៉ុន្តែ ក៏អាចស្រឡាញ់នូវទិដ្ឋភាពណាមួយនៃជីវភាពខាងលោកីយ៍នេះដែរ។ នេះអាចធ្វើឲ្យយើងបំរើព្រះមិនអស់ពីចិត្ត ក្នុងការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រ។ រួចមក ចិត្តដែលជាគ្រឿងបញ្ឆោតនោះ អាចខំបញ្ចុះបញ្ចូលយើងឲ្យគិតថា យើងកំពុងតែខំព្យាយាមធ្វើបានដូចមនុស្សជាច្រើនឯទៀតដែរ។ ឬប្រហែលជានៅឯសាលាឬកន្លែងធ្វើការក្ដី ការខ្លាចមនុស្សអាចមានឥទ្ធិពលមកលើចិត្តរបស់យើង។ ជាលទ្ធផល ក្នុងបរិវេណទាំងនោះ យើងប្រហែលជាមានចិត្តស្ទាក់ស្ទើរក្នុងការប្រាប់គេថា យើងជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ហើយព្រមទាំងធ្វើអ្វីដែលមិនសមជាជនគ្រីស្ទានផង។ ប៉ុន្តែ នៅពេលក្រោយមក មនសិការរបស់យើងធ្វើឲ្យយើងខ្វល់ ថាយើងមិនចង់ទៅជាបុគ្គលប្រភេទនោះឡើយ។ ដូច្នេះ យើងអធិស្ឋានទៅព្រះយេហូវ៉ាដូចអ្នកទំនុកដំកើងនោះថា៖ «សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។ យើងចង់ឲ្យបុគ្គលខាងក្នុងទាំងមូលរបស់យើងបញ្ចេញឲ្យឃើញនូវគ្រប់សកម្មភាពនៃជីវិតរបស់យើង ឲ្យបង្ហាញជាទីសំអាងថា យើង«កោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់»។—សាស្ដា ១២:១៣
១៤, ១៥. (ក) នៅពេលទាយប្រាប់អំពីការយកពួកអ៊ីស្រាអែលពីការឃុំឃាំងពីស្រុកបាប៊ីឡូនវិញនោះ តើព្រះយេហូវ៉ាបានសន្យានឹងប្រទានអ្វីទៅប្រជារាស្ត្ររបស់ទ្រង់? (ខ) តើព្រះយេហូវ៉ាបានធ្វើអ្វី ដើម្បីនឹងបណ្ដុះឲ្យមានការកោតខ្លាចព្រះក្នុងចិត្តប្រជារាស្ត្ររបស់ទ្រង់នោះ? (គ) ហេតុអ្វីក៏ពួកអ៊ីស្រាអែលបានបែរចេញពីផ្លូវរបស់ព្រះយេហូវ៉ា?
១៤ ព្រះយេហូវ៉ាទ្រង់បានសន្យាថា ទ្រង់នឹងប្រទានចិត្តដែលកោតខ្លាចព្រះឲ្យប្រជារាស្ត្ររបស់ទ្រង់។ កាលដែលយើងអានយេរេមា ៣២:៣៧-៣៩នោះ ទ្រង់បានទាយប្រាប់អំពីការយកពួកអ៊ីស្រាអែលមកវិញ ហើយបានមានបន្ទូលថា៖ «មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្ដេញគេទៅនោះ ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ ហើយនឹងសេចក្ដីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ អញនឹងឲ្យគេមានទឹកចិត្តតែ១នឹងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្ដីល្អដល់គេ នឹងកូនចៅគេតរៀងទៅ»។ ក្នុងខ៤០ សេចក្ដីសន្យារបស់ព្រះបានគាំទ្របញ្ជាក់ថា៖ «អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ»។ នៅឆ្នាំ៥៣៧ ម.ស.យ. ព្រះយេហូវ៉ាបានយកពួកគេមកក្រុងយេរូសាឡិមវិញ ដូចជាទ្រង់បានសន្យាមែន។ ប៉ុន្តែ ចុះយ៉ាងណាវិញដែរ ចំពោះសេចក្ដីសន្យាទាំងអស់ទៀតនោះ—ដែលថាទ្រង់នឹងប្រទានឲ្យ‹គេមានទឹកចិត្តតែមួយ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ជាដរាបនោះ›? ហើយចុះហេតុអ្វីក៏ពួកអ៊ីស្រាអែលពីបុរាណបានបែរចេញពីព្រះយេហូវ៉ា ក្រោយពីទ្រង់បានយកគេមកពីស្រុកបាប៊ីឡូនវិញ ដែលធ្វើឲ្យវិហាររបស់គេបានកំទេចចោលក្នុងឆ្នាំ៧០ ស.យ ហើយមិនបានសង់ឡើងវិញនោះ?
១៥ នេះមិនមែនដោយសារព្រះយេហូវ៉ាមានបរាជ័យនោះទេ។ ត្រូវហើយ ព្រះយេហូវ៉ាបានចាត់វិធានការដាក់ការកោតខ្លាចព្រះក្នុងចិត្តរបស់ប្រជារាស្ត្រទ្រង់មែន។ តាមរយៈសេចក្ដីមេត្ដាករុណា ទ្រង់បានបង្ហាញក្នុងការរំដោះពួកគេចេញពីស្រុកបាប៊ីឡូន ហើយនាំពួកគេទៅប្រទេសកំណើតរបស់គេវិញ។ ទ្រង់បានប្រទានឲ្យទីសំអាងជាច្រើនទៅពួកគេ ដើម្បីឲ្យពួកគេមានចិត្តគោរពដ៏ជ្រាលជ្រៅចំពោះទ្រង់។ ព្រះបានគាំទ្ររឿងទាំងនោះដោយប្រទានឲ្យការរំឭក ការទូន្មាន និងការស្តីបន្ទោស តាមរយៈពួកព្យាការីដូចជា ហាកាយ សាការី និងម៉ាឡាគី និងតាមរយៈលោកអែសរ៉ាដែលបានបញ្ជូនមកជាគ្រូបង្រៀន។ ហើយតាមរយៈចៅហ្វាយខេត្តលោកនេហេមា ព្រមទាំងតាមរយៈរាជបុត្រារបស់ព្រះផ្ទាល់ផង។ នៅពេលខ្លះ មនុស្សបានស្ដាប់បង្គាប់តាម ដោយបានសង់ព្រះវិហាររបស់ព្រះយេហូវ៉ាឡើងវិញ តាមរយៈការដាស់តឿនពីលោកហាកាយនិងសាការី ហើយនៅពេលដែលពួកគេបានបញ្ជូនប្រពន្ធបរទេសចេញនៅជំនាន់នៃលោកអែសរ៉ា។ (អែសរ៉ា ៥:១, ២; ១០:១-៤) ប៉ុន្តែ ជាញឹកញាប់ពួកគេមិនស្ដាប់បង្គាប់តាមទេ។ ពួកគេពុំបានប្រុងស្មារតីដោយទៀងទាត់ទេ ហើយពុំបានបន្តស្ដាប់ការទូន្មាន ហើយក៏ពុំបានរក្សាបើកចិត្តរបស់ពួកគេដែរ។ ពួកអ៊ីស្រាអែលមិនបានបណ្ដុះឲ្យមានការកោតខ្លាចព្រះសោះ ហើយជាលទ្ធផល នេះពុំបានទៅជាកម្លាំងជំរុញយ៉ាងខ្លាំងក្នុងជីវិតរបស់ពួកគេឡើយ។—ម៉ាឡាគី ១:៦; ម៉ាថាយ ១៥:៧, ៨
១៦. ក្នុងចិត្តរបស់អ្នកណាដែលកិច្ចសន្យារបស់ព្រះយេហូវ៉ា ក្នុងការបណ្ដុះឲ្យមានការកោតខ្លាចបានសម្រេចនោះ?
១៦ ប៉ុន្តែ កិច្ចសន្យារបស់ព្រះយេហូវ៉ាដើម្បីដាក់ការកោតខ្លាចព្រះក្នុងចិត្តរបស់ប្រជារាស្ត្រទ្រង់ពុំបានបរាជ័យទេ។ ទ្រង់បានស្ថាបនាឡើងកិច្ចព្រមព្រៀងថ្មីជាមួយពួកអ៊ីស្រាអែលខាងវិញ្ញាណ ជាពួកគ្រីស្ទានដែលទ្រង់បានប្រទានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌។ (យេរេមា ៣១:៣៣; កាឡាទី ៦:១៦) ក្នុងឆ្នាំ១៩១៩ ព្រះបានយកពួកគេចេញពីការឃុំឃាំងនៃបាប៊ីឡូនដ៏ធំ ដែលជាចក្រភពនៃសាសនាមិនពិត។ ទ្រង់បានបណ្ដុះឲ្យគេមានការកោតខ្លាចទ្រង់យ៉ាងមាំក្នុងចិត្តរបស់គេ។ នេះបានធ្វើឲ្យពួកគេទទួលប្រយោជន៍យ៉ាងច្រើន ហើយដល់«ពួកហ្វូងធំ»ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ជាអនុរាស្ត្រនៃព្រះរាជាណាចក្រ។ (យេរេមា ៣២:៣៩; វិវរណៈ ៧:៩) ការកោតខ្លាចព្រះយេហូវ៉ាក៏បានជ្រាបចូលទៅក្នុងចិត្តរបស់គេដែរ។
របៀបដែលការកោតខ្លាចព្រះបានបណ្ដុះក្នុងចិត្តរបស់យើង
១៧. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានដាក់ការកោតខ្លាចព្រះក្នុងចិត្តរបស់យើង?
១៧ តើតាមរបៀបណាដែលព្រះយេហូវ៉ាបានបណ្ដុះការកោតខ្លាចព្រះក្នុងចិត្តរបស់យើងនោះ? គឺតាមរយៈប្រតិបត្ដិការនៃវិញ្ញាណរបស់ទ្រង់។ ហើយតើយើងមានអ្វីដែលជាផលិតផលនៃព្រះវិញ្ញាណបរិសុទ្ធនោះ? គឺព្រះគម្ពីរជាពាក្យបន្ទូលដែលព្រះបានបណ្ដាលមក។ (ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះយេហូវ៉ាបានផ្ដល់នូវបុព្វហេតុដ៏ត្រឹមត្រូវចំពោះយើងម្នាក់ៗដើម្បីនឹងបណ្ដុះឲ្យមានចិត្តកោតខ្លាចព្រះ តាមរយៈអ្វីៗដែលទ្រង់បានធ្វើនៅពីដើម និងតាមរយៈដែលទ្រង់ទាក់ទងជាមួយពួកអ្នកបំរើទ្រង់នៅឥឡូវនេះ ក្នុងការសម្រេចនៃពាក្យទំនាយរបស់ទ្រង់ ព្រមទាំងតាមរយៈទំនាយដែលនឹងសម្រេចនៅខាងមុខនេះ។—យ៉ូស្វេ ២៤:២-១៥; ហេព្រើរ ១០:៣០, ៣១
១៨, ១៩. តើតាមរបៀបណាដែលមហាសន្និបាត សន្និបាត និងកិច្ចប្រជុំក្រុមជំនុំជួយយើងឲ្យមានការកោតខ្លាចព្រះ?
១៨ ជាការគួរឲ្យកត់ចំណាំដែរ នូវអ្វីៗដែលព្រះយេហូវ៉ាបានមានបន្ទូលទៅម៉ូសេ ដូចជាបានរាយការណ៍មកនៅក្នុងចោទិយកថា ៤:១០៖ «ចូរប្រមូលពួកបណ្ដាជនមកឯអញ នោះអញនឹងឲ្យគេឮអស់ទាំងពាក្យរបស់អញ ដើម្បីឲ្យគេសិក្សាឲ្យចេះកោតខ្លាចដល់អញ នៅគ្រប់១ជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅគេថែមទៀត»។ នៅសព្វថ្ងៃនេះក៏មានស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានធ្វើឲ្យមានសំវិធានការយ៉ាងបរិបូរដើម្បីនឹងជួយប្រជារាស្ត្ររបស់ទ្រង់ឲ្យរៀនចេះកោតខ្លាចទ្រង់។ យើងពិចារណាសាឡើងវិញនូវទីសំអាងនៃសេចក្ដីសប្បុរសដ៏ស្មោះនិងសេចក្ដីល្អនៃព្រះយេហូវ៉ា នៅឯមហាសន្និបាត ហើយសន្និបាត ព្រមទាំងនៅឯកិច្ចប្រជុំក្នុងក្រុមជំនុំទាំងឡាយផង។ នោះហើយជាអ្វីដែលកំពុងតែធ្វើ កាលដែលយើងកំពុងតែសិក្សាសៀវភៅ បុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ។ តើការសិក្សាសៀវភៅនោះមានឥទ្ធិពលទៅលើអ្នកនិងអាកប្បកិរិយារបស់អ្នកចំពោះព្រះយេហូវ៉ាយ៉ាងណាដែរ? កាលដែលអ្នកឃើញនូវលក្ខណៈផ្សេងៗនៃបុគ្គលិកលក្ខណៈដ៏អស្ចារ្យនៃព្រះវរបិតាសួគ៌ារបស់យើង ដែលបានសម្ដែងឲ្យឃើញតាមរយៈរាជបុត្រារបស់ទ្រង់នោះ តើនេះមិនធ្វើឲ្យសេចក្ដីប្រាថ្នារបស់អ្នកមាំមួន មិនចង់ធ្វើអ្វីដែលទ្រង់មិនគាប់ព្រះហឫទ័យទេឬ?—កូល៉ុស ១:១៥
១៩ នៅឯកិច្ចប្រជុំរបស់យើង យើងក៏សិក្សាអំពីដំណើររឿងដែលព្រះយេហូវ៉ារំដោះប្រជារាស្ត្ររបស់ទ្រង់នៅគ្រាពីដើមដែរ។ (សាំយូអែលទី២ ៧:២៣) កាលដែលយើងសិក្សាសៀវភៅព្រះគម្ពីរវិវរណៈ តាមរយៈសៀវភៅជំនួយដែលមានចំណងជើង វិវរណៈ—កំរិតខ្ពស់បំផុតរបស់វាជិតមកដល់ហើយ! យើងបានសិក្សាអំពីចក្ខុនិមិត្តនៃទំនាយ ដែលបានបំពេញរួចហើយនៅក្នុងសតវត្សទី២០នេះ និងអំពីព្រឹត្ដិការណ៍ដ៏ខ្លាចស្ញប់ស្ញែងដែលនឹងមកនៅខាងមុខនេះ។ ចំពោះការប្រព្រឹត្តរបស់ព្រះបែបនេះ ទំនុកដំកើង ៦៦:៥ ចែងថា៖ «មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ធ្វើដល់ពួកមនុស្សជាតិ»។ ត្រូវហើយ ដោយមានទស្សនៈយ៉ាងត្រឹមត្រូវនោះ ការប្រព្រឹត្តរបស់ព្រះគឺបណ្ដុះក្នុងចិត្តរបស់យើងឲ្យកោតខ្លាចព្រះយេហូវ៉ា ដែលជាការគោរពដ៏ជ្រាលជ្រៅ។ ដូច្នេះ យើងអាចយល់នូវរបៀបដែលព្រះយេហូវ៉ាបំពេញនូវសេចក្ដីសន្យារបស់ទ្រង់៖ «អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ»។—យេរេមា ៣២:៤០
២០. ដើម្បីឲ្យការកោតខ្លាចព្រះជ្រាបចូលទៅក្នុងចិត្តរបស់យើងនោះ តើយើងត្រូវតែធ្វើអ្វី?
២០ ប៉ុន្តែ ជាការជាក់ស្តែងណាស់ ដែលការកោតខ្លាចព្រះមិនអាចមានក្នុងចិត្តរបស់យើង លុះត្រាតែយើងខំប្រឹងធ្វើចំណែករបស់យើងដែរ។ លទ្ធផលមិនមានដោយស្វ័យប្រវត្តទេ។ ព្រះយេហូវ៉ាធ្វើចំណែករបស់ទ្រង់។ យើងក៏ត្រូវធ្វើចំណែករបស់យើងដោយបណ្ដុះឲ្យមានការកោតខ្លាចព្រះដែរ។ (ចោទិយកថា ៥:២៩) ពួកអ៊ីស្រាអែលពុំបានធ្វើដូច្នោះទេ។ ប៉ុន្តែដោយការទុកចិត្តទៅលើព្រះយេហូវ៉ា ពួកអ៊ីស្រាអែលខាងវិញ្ញាណនិងពួកគូកនរបស់គេ គឺកំពុងតែពិសោធនូវប្រយោជន៍ជាច្រើនចំពោះអស់អ្នកណាដែលកោតខ្លាចព្រះ។ យើងនឹងពិចារណាមើលនូវប្រយោជន៍ខ្លះទៀតនៅអត្ថបទជាបន្ទាប់។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើការកោតខ្លាចព្រះជាអ្វី?
◻ តើតាមរបៀបណាដែលព្រះកំពុងតែបង្រៀនយើងឲ្យមានការសប្បាយរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ានោះ?
◻ ដើម្បីឲ្យមានការកោតខ្លាចព្រះ តើយើងត្រូវខំខ្នះខ្នែងធ្វើយ៉ាងណា?
◻ ហេតុអ្វីក៏ការកោតខ្លាចព្រះ ជាប់ទាក់ទងគ្រប់ទិដ្ឋភាពនៃចិត្តរបស់យើង?
[រូបភាពនៅទំព័រ២០, ២១]
យើងត្រូវតែសិក្សាដោយយកចិត្តទុកដាក់ ដើម្បីឲ្យយល់ពីការកោតខ្លាចព្រះយេហូវ៉ា