«យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
«កូនមនុស្សអើយ . . . យកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង . . . ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង»។—អេសេគាល ៤០:៤
១. តើបណ្ដារាស្ត្រដ៏រើសតាំងរបស់ព្រះបាននៅក្នុងស្ថានភាពយ៉ាងណា នៅក្នុងឆ្នាំ៥៩៣ ម.ស.យ?
នៅឆ្នាំ៥៩៣ ម.ស.យ.គឺជាឆ្នាំទី១៤ នៃការរស់នៅជានិរទេសរបស់ពួកអ៊ីស្រាអែល។ ចំពោះពួកយូដាដែលរស់នៅក្នុងស្រុកបាប៊ីឡូន នោះប្រទេសកំណើតដែលជាទីស្រឡាញ់របស់គេ គឺហាក់ដូចជានៅឆ្ងាយមែន។ កាលដែលពួកគេភាគច្រើនបានឃើញក្រុងយេរូសាឡិមពេលចុងក្រោយនោះ ទីក្រុងកំពុងភ្លើងឆេះ កំផែងដ៏មាំមួនរបស់វាក៏បានបាក់បែក និងអាគារដែលគួរសរសើរនេះគឺខូចខ្ទេចខ្ទីអស់រលីង។ ព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅពេលមួយជាសិរីរុងរឿងរបស់ទីក្រុងនេះ ដែលជាមជ្ឈមណ្ឌលសំរាប់ការថ្វាយបង្គំបរិសុទ្ធនៅទូទាំងផែនដី បានត្រូវត្រឡប់ជាគំនរទៅវិញ។ ឥឡូវនេះ ភាគច្រើននៃពេលនិរទេសរបស់ពួកអ៊ីស្រាអែល គឺនៅមានទៅមុខទៀតនៅឡើយ។ គឺនឹងមាន៥៦ឆ្នាំឯណោះ មុននឹងសេចក្ដីសង្គ្រោះដែលបានសន្យានឹងសម្រេចនោះ។—យេរេមា ២៩:១០
២. ហេតុអ្វីក៏ការនឹករឭកពីព្រះវិហារនៅក្នុងក្រុងយេរូសាឡិម បានធ្វើឲ្យអេសេគាល ព្រួយចិត្តនោះ?
២ គឺច្បាស់ជាធ្វើឲ្យព្យាការីអេសេគាលដ៏ស្មោះនេះ ពិបាកចិត្តហើយ ដោយគិតពីព្រះវិហាររបស់ព្រះ ដែលកំពុងនៅបាក់បែកនៅទីឆ្ងាយប៉ុន្មានរយគីឡូម៉ែត្រពីគេ ហើយជាទីលំនៅនៃសត្វព្រៃ។ (យេរេមា ៩:១១) ឪពុករបស់គាត់ឈ្មោះប៊ូស៊ី បានធ្លាប់បំរើនៅទីនោះជាសង្ឃម្នាក់ដែរ។ (អេសេគាល ១:៣) អេសេគាលច្បាស់ជានឹងទទួលនូវឯកសិទ្ធិដូចនេះដែរ ប៉ុន្តែគាត់បានត្រូវគេយកទៅរស់នៅជាអ្នកនិរទេស រួមជាមួយវណ្ណៈអភិជននៃក្រុងយេរូសាឡិមនៅឆ្នាំ៦១៧ ម.ស.យ. តាំងពីក្មេងមកម្ល៉េះ។ ឥឡូវនេះ ដែលមានអាយុប្រហែលជា៥០ឆ្នាំហើយ អេសេគាលប្រហែលជាដឹងថា គាត់នឹងមិនអាចឃើញក្រុងយេរូសាឡិមម្ដងទៀតទេ ឬមានចំណែកណាមួយក្នុងការសាងសង់ឡើងវិញនូវព្រះវិហារនៅទីនោះឡើយ។ បើដូច្នេះ ចូរគិតទៅមើល គឺច្បាស់ជាសំខាន់យ៉ាងណាទៅហ្ន៎ចំពោះអេសេគាល ដោយបានទទួលចក្ខុនិមិត្តមួយអំពីព្រះវិហារដ៏រុងរឿងនេះ!
៣. (ក) តើអ្វីជាគោលបំណងនៃចក្ខុនិមិត្តរបស់អេសេគាលអំពីព្រះវិហារនោះ? (ខ) តើអ្វីជាលក្ខណៈបួនផ្នែកនៃចក្ខុនិមិត្តនេះ?
៣ ចក្ខុនិមិត្តដ៏សន្ធឹកសន្ធាប់នេះ ដែលមានពេញប្រាំបួនជំពូកនៃសៀវភៅអេសេគាល បានផ្ដល់ឲ្យពួកយូដាដែលបានធ្វើនិរទេសនេះ នូវសេចក្ដីសន្យាមួយដ៏ពង្រឹងជំនឿ។ ការថ្វាយបង្គំបរិសុទ្ធនឹងត្រូវស្ដារឡើងវិញ! ក្នុងកំឡុងច្រើនសតវត្សតាំងពីនោះមក សូម្បីមកដល់សម័យយើងនេះ ចក្ខុនិមិត្តនេះគឺជាប្រភពនៃការលើកទឹកចិត្តដល់ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា។ តើតាមរបៀបណាទៅ? សូមឲ្យយើងពិចារណាមើលថា តើចក្ខុនិមិត្តដ៏ជាទំនាយនេះរបស់អេសេគាល បានមានន័យយ៉ាងណាចំពោះពួកអ៊ីស្រាអែលដែលរស់នៅជានិរទេសជននោះ។ ចក្ខុនិមិត្តនេះមានលក្ខណៈបួនផ្នែក៖ ព្រះវិហារ គណៈពួកសង្ឃ ចៅហ្វាយ និងដីស្រុកនេះ។
ព្រះវិហារបានត្រូវស្ដារឡើងវិញ
៤. នៅដើមដំបូងនៃចក្ខុនិមិត្ត តើអេសេគាលបានត្រូវយកទៅឯណា តើគាត់បានឃើញអ្វីនៅទីនោះ ហើយតើអ្នកណាដែលនាំគាត់ដើរមើលនោះ?
៤ នៅដើមដំបូង អេសេគាលបានត្រូវនាំមកឯ«ភ្នំយ៉ាងខ្ពស់»។ នៅលើភ្នំនេះ នៅប៉ែកខាងត្បូង គឺមានព្រះវិហារដ៏ធំមួយ សណ្ឋានដូចជាទីក្រុងមួយ ដែលមានកំផែងព័ទ្ធជុំវិញ។ ទេវតាមួយអង្គដែល«មានភាពដូចជាលង្ហិន» ក៏នាំព្យាការីនេះដើរមើលទីក្នុងបរិវេណ។ (អេសេគាល ៤០:២, ៣) កាលដែលចក្ខុនិមិត្តមានទៅមុខ នោះអេសេគាលបានឃើញទេវតានេះ កំពុងវាស់យ៉ាងប្រយ័ត្នប្រយែងនូវខ្លោងទ្វារនៃព្រះវិហារ ដែលមានបីគូដូចៗគ្នា ព្រមទាំងវាស់បន្ទប់យាមទ្វារទាំងប៉ុន្មាន ទីលានខាងក្រៅ ទីលានខាងក្នុង បន្ទប់ទទួលទានអាហារ អាសនៈ និងវិហារទាំងមូល ដែលរួមបញ្ចូលបន្ទប់បរិសុទ្ធ ព្រមទាំងបន្ទប់បរិសុទ្ធបំផុតផង។
៥. (ក) តើព្រះយេហូវ៉ាបានប្រទានការធានារ៉ាប់រងអ្វីដល់អេសេគាល? (ខ) តើ«សាកសពនៃស្តេច»ដែលត្រូវដកយកចេញពីព្រះវិហារ នោះជាអ្វីទៅ ហើយហេតុអ្វីក៏នេះជាការសំខាន់ម្ល៉េះ?
៥ រួចមក ព្រះយេហូវ៉ាក៏បានលេចឡើងនៅក្នុងចក្ខុនិមិត្តនេះដែរ។ ទ្រង់ចូលព្រះវិហារ ហើយធានារ៉ាប់រងដល់អេសេគាលថា ទ្រង់នឹងគង់នៅទីនោះ។ ប៉ុន្តែ ទ្រង់បញ្ជាឲ្យមានការបោសសំអាតព្រះវិហាររបស់ទ្រង់ ដោយមានបន្ទូលថា៖ «ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត នឹងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្ដាលពួកគេជាដរាបរៀងតទៅ»។ (អេសេគាល ៤៣:២-៤, ៧, ៩) «សាកសពនៃស្តេចគេ»ទាំងនេះ តាមមើលទៅគឺបានសំដៅទៅរូបព្រះ។ ពួកអ្នកគ្រប់គ្រងនិងរាស្ត្រដ៏បះបោររបស់ក្រុងយេរូសាឡិម បានក្រខ្វក់ព្រះវិហារដោយសាររូបព្រះ ដែលដោយធ្វើដូច្នេះ ក៏ហាក់ដូចជាធ្វើរូបសំណាកនេះជាស្តេចសំរាប់ខ្លួនគេ។ (ប្រៀបមើល អេម៉ុស ៥:២៦) រូបព្រះទាំងនេះ គឺមិនមែនជាព្រះឬស្តេចដែលមានព្រះជន្មរស់នៅនោះទេ ប៉ុន្តែជារបស់ដែលគ្មានជីវិត ជារបស់ដ៏កខ្វក់ចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា។ របស់ទាំងនេះគឺត្រូវតែដកយកចេញ។—លេវីវិន័យ ២៦:៣០; យេរេមា ១៦:១៨
៦. តើការវាស់ព្រះវិហារតំណាងអ្វី?
៦ តើចំណែកនេះនៅក្នុងចក្ខុនិមិត្ត បានបញ្ជាក់យ៉ាងណា? នេះគឺបានធានារ៉ាប់រងពួកនិរទេស អំពីការស្ដារឡើងវិញទាំងស្រុងនៃការថ្វាយបង្គំបរិសុទ្ធនៅឯព្រះវិហារ។ ថែមទៀតនោះ ការវាស់ព្រះវិហារបានផ្ដល់នូវការធានារបស់ព្រះ ថាចក្ខុនិមិត្តនេះ នឹងបានត្រូវសម្រេចជាពុំខាន។ (ប្រៀបមើល យេរេមា ៣១:៣៩, ៤០; សាការី ២:២-៨) សរណវត្ថុបូជាទាំងអស់នឹងត្រូវឲ្យបោសចេញអស់រលីង។ ព្រះយេហូវ៉ានឹងប្រទានពរដល់ព្រះវិហាររបស់ទ្រង់ម្ដងទៀត។
គណៈពួកសង្ឃនិងចៅហ្វាយ
៧. តើពត៌មានអ្វីដែលបានត្រូវឲ្យស្តីអំពីពួកលេវីនិងពួកសង្ឃនោះ?
៧ គណៈពួកសង្ឃក៏នឹងត្រូវទទួលការបោសសំអាត ឬក៏ការធ្វើឲ្យប្រសើរឡើងវិញដែរ។ ពួកលេវីនឹងត្រូវទទួលការស្តីបន្ទោស ដោយបង្អោនទៅតាមសរណវត្ថុបូជា កាលដែលពួកកូនសាដុកដែលជាសង្ឃ នឹងត្រូវទទួលការសរសើរហើយរង្វាន់ដែរ ដោយបានរក្សាខ្លួនយ៉ាងស្អាតស្អំ។a ប៉ុន្តែ ក្រុមទាំងពីរនេះនឹងមានចំណែកបំរើនៅក្នុងព្រះវិហាររបស់ព្រះ ដែលបានត្រូវស្ដារឡើងវិញ ហើយនេះប្រាកដជាពឹងលើសេចក្ដីស្មោះត្រង់របស់គេ ជាបុគ្គលម្នាក់ៗ។ ព្រះយេហូវ៉ាបានដាក់បញ្ជាថែមទៀតថា៖ «គេត្រូវបង្រៀនរាស្ត្រអញឲ្យចេះសំគាល់របស់បរិសុទ្ធ នឹងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត នឹងរបស់ដែលមិនស្អាត»។ (អេសេគាល ៤៤:១០-១៦, ២៣) ដូច្នេះ ពួកសង្ឃនឹងត្រូវស្ដារឡើងវិញ ហើយដោយព្រោះបានស៊ូទ្រាំយ៉ាងស្មោះត្រង់ នោះពួកសង្ឃនឹងបានរង្វាន់។
៨. (ក) តើចៅហ្វាយនៅស្រុកអ៊ីស្រាអែលពីបុរាណជាអ្នកណា? (ខ) តើតាមរបៀបណា ដែលចៅហ្វាយនៃចក្ខុនិមិត្តរបស់អេសេគាល មានសកម្មភាពក្នុងការថ្វាយបង្គំបរិសុទ្ធ?
៨ ចក្ខុនិមិត្តនេះក៏សំដៅទៅបុគ្គល ដែលបានត្រូវហៅជាចៅហ្វាយដែរ។ តាំងពីសម័យរបស់ម៉ូសេ សាសន៍នេះគឺធ្លាប់មានពួកចៅហ្វាយ។ ពាក្យភាសាហេព្រើរ ណាសែ (na·si’ʹ) សំរាប់ចៅហ្វាយ ក៏អាចសំដៅទៅមេគ្រួសារនៃផ្ទះខាងឪពុក មេក្រុមកុលសម្ព័ន្ធមួយ ឬក៏ជាអ្នកដឹកនាំសាសន៍មួយដែរ។ នៅក្នុងចក្ខុនិមិត្តរបស់អេសេគាល នោះពួកអ្នកគ្រប់គ្រងប្រទេសអ៊ីស្រាអែល ជាក្រុមមួយ បានត្រូវស្តីបន្ទោសដោយជិះជាន់បណ្ដារាស្ត្រ និងបានត្រូវដាស់តឿនឲ្យធ្វើការដោយឥតរើសមុខ ហើយដោយយុត្ដិធម៌។ ទោះជាមិនមកពីវណ្ណៈជាសង្ឃក៏ដោយ តែចៅហ្វាយគឺប្រកបដោយសកម្មក្នុងរបៀបដ៏ធំដុំក្នុងការថ្វាយបង្គំបរិសុទ្ធ។ គាត់ចូលនិងចេញតាមទីលានខាងក្រៅជាមួយនឹងកុលសម្ព័ន្ធ ដែលមិនមែនខាងសង្ឃ អង្គុយនៅឯខ្លោងទ្វារខាងកើត និងផ្ដល់ឲ្យយញ្ញបូជាខ្លះៗសំរាប់ឲ្យបណ្ដារាស្ត្រថ្វាយជាតង្វាយ។ (អេសេគាល ៤៤:២, ៣; ៤៥:៨-១២, ១៧) ដូច្នេះចក្ខុនិមិត្តនេះបានធានាដល់បណ្ដារាស្ត្រ ថាសាសន៍ដែលបានត្រូវស្ដារឡើងវិញ នឹងបានព្រះពរដោយមានអ្នកដឹកនាំគួរយកជាគំរូ គឺជាពួកបុរសដែលនឹងគាំទ្រពួកសង្ឃ ក្នុងការចាត់ចែងរាស្ត្ររបស់ព្រះ ហើយជាគំរូដ៏ប្រសើរខាងវិញ្ញាណ។
ដីស្រុកនេះ
៩. (ក) តើស្រុកនេះបានត្រូវចែករំលែកយ៉ាងដូចម្ដេច ប៉ុន្តែ តើអ្នកណាដែលនឹងមិនត្រូវទទួលមរតកនោះ? (ខ) តើតង្វាយបរិសុទ្ធជាអ្វី ហើយតើមានអ្វីនៅក្នុងនោះ?
៩ នៅទីបំផុត ចក្ខុនិមិត្តរបស់អេសេគាល បានរួមបញ្ចូលការសរុបសេចក្ដីខាងឯដីស្រុកអ៊ីស្រាអែល។ ដីនេះបានត្រូវបែងចែក ឲ្យកុលសម្ព័ន្ធនិមួយៗមានចំណែកមួយ។ ចៅហ្វាយក៏ត្រូវទទួលចំណែកជាមរតកដែរ។ ប៉ុន្តែ ពួកសង្ឃនឹងឥតទទួលបានទេ ដ្បិតព្រះយេហូវ៉ាមានបន្ទូលថា «គឺអញជាមរដករបស់គេ»។ (អេសេគាល ៤៤:១០, ២៨; ជនគណនា ១៨:២០) ចក្ខុនិមិត្តនេះបានបង្ហាញថា ចំណែកទឹកដីរបស់ពួកចៅហ្វាយ នឹងត្រូវមាននៅទាំងសងខាងនៃកន្លែងដ៏ពិសេស ដែលបានត្រូវហៅថា តង្វាយបរិសុទ្ធ។ នេះជាដីបួនជ្រុងស្មើគ្នាដែលបានត្រូវបែងចែកជាបីភាគ នៅខាងលើគឺទុកសំរាប់ពួកលេវី ដែលប្រែចិត្ត ទីកណ្ដាលគឺទុកសំរាប់ពួកសង្ឃ និងដីខាងក្រោម គឺទុកសំរាប់ទីក្រុងនិងស្រុកដែលមានផលនៅសងខាងនោះ។ ព្រះវិហាររបស់ព្រះយេហូវ៉ានឹងត្រូវនៅជាប់ដីរបស់ពួកសង្ឃ នៅកណ្ដាលដីដ៏ជាតង្វាយនោះ។—អេសេគាល ៤៥:១-៧
១០. តើទំនាយអំពីការបែងចែកដី មានន័យយ៉ាងណាចំពោះពួកយូដាដ៏ស្មោះត្រង់ ដែលរស់នៅជានិរទេសជននោះ?
១០ របស់ទាំងនេះច្បាស់ជាបានលើកទឹកចិត្តពួកនិរទេសជនយ៉ាងណាទៅហ្ន៎! គ្រួសារនិមួយៗបានត្រូវរ៉ាប់រងថា នឹងទទួលបានចំណែកមរតកក្នុងស្រុកនោះ។ (ប្រៀបមើល មីកា ៤:៤) ការថ្វាយបង្គំបរិសុទ្ធនឹងបានត្រូវតម្លើងនៅកន្លែងកណ្ដាលគេ។ ហើយចូរសម្គាល់ថា នៅក្នុងចក្ខុនិមិត្តរបស់អេសេគាល នោះចៅហ្វាយ ដូចពួកសង្ឃ នឹងរស់នៅលើដីដែលបានថ្វាយជាតង្វាយដោយបណ្ដារាស្ត្រ។ (អេសេគាល ៤៥:១៦) ដូច្នេះនៅក្នុងស្រុកដែលបានស្ដារឡើងវិញ នោះបណ្ដាជនទាំងឡាយនឹងជួយឲ្យបានសម្រេចការ នៃអស់អ្នកដែលព្រះយេហូវ៉ាបានរើសតាំងឲ្យនាំមុខ ហើយគាំទ្រគេ ដោយរួមដៃជាមួយនឹងសេចក្ដីបង្គាប់របស់គេ។ សរុបទៅ ស្រុកនេះគឺជាទីដែលមានរបៀបរៀបរយ ដែលគេរួមដៃគ្នា និងប្រកបដោយសុវត្ថិភាព។
១១, ១២. (ក) តើតាមរបៀបណា ដែលព្រះយេហូវ៉ាធានារ៉ាប់រងរាស្ត្រទ្រង់ក្នុងទំនាយ ថាទ្រង់នឹងប្រទានពរដល់ប្រទេសកំណើតដែលបានស្ដារឡើងវិញនោះ? (ខ) តើដើមឈើដែលមាននៅតាមមាត់ទន្លេ បានត្រូវតំណាងអ្វី?
១១ តើព្រះយេហូវ៉ានឹងប្រទានពរឲ្យស្រុកគេឬ? ទំនាយនេះឆ្លើយសំនួរហ្នឹងដោយសេចក្ដីពណ៌នាយ៉ាងកក់ក្ដៅ។ មានព្រែកហូរចេញពីព្រះវិហារ ហើយបានហូរខ្លាំងឡើងៗ ក្លាយទៅជាទន្លេ រួចហូរធ្លាក់ទៅក្នុងសមុទ្រស្លាប់។ ទឹកនេះធ្វើឲ្យទឹកដ៏ឥតជីវិតនៅទីនោះ ទៅជាមានជីវិតឡើងវិញ ហើយការនេសាទត្រីក៏រីកចំរើនតាមឆ្នេរសមុទ្រនោះ។ តាមមាត់ច្រាំងទន្លេទាំងសងខាង នោះមានដុះដើមឈើជាច្រើនដែលមានផ្លែពេញមួយឆ្នាំ ដែលផ្ដល់ឲ្យអាហារនិងកែរោគឲ្យជាដែរ។—អេសេគាល ៤៧:១-១២
១២ ចំពោះពួកនិរទេសជន សេចក្ដីសន្យានេះបានបញ្ចេញសារជាថ្មីនិងបានបញ្ជាក់ អំពីទំនាយមុនៗនៃការស្ដារឡើងវិញ ដែលគេចូលចិត្តជាទីបំផុត។ ជាច្រើនដង ពួកព្យាការីរបស់ព្រះយេហូវ៉ា បានពណ៌នាអំពីស្រុកអ៊ីស្រាអែលដែលបានស្ដារឡើងវិញ ដែលមានមនុស្សរស់នៅ ដោយប្រើពាក្យដូចជាសំដៅទៅលើសួនមនោរម្យ។ ទីហួតហែងដែលមានជីវិតឡើងវិញ បានជាផ្ទៃរឿងនៃទំនាយដែលមានជារឿយៗ។ (អេសាយ ៣៥:១, ៦, ៧; ៥១:៣; អេសេគាល ៣៦:៣៥; ៣៧:១-១៤) ដូច្នេះ បណ្ដាជនអាចទន្ទឹងចាំថា ពររបស់ព្រះយេហូវ៉ាដែលផ្ដល់ឲ្យជីវិត នឹងហូរចេញដូចជាទន្លេមួយពីព្រះវិហារដែលបានត្រូវស្ដារឡើងវិញនោះ។ ហេតុដូច្នេះហើយ សាសន៍មួយដែលស្លាប់ខាងវិញ្ញាណ នោះនឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ។ បណ្ដាជនដែលបានត្រូវស្ដារឡើងវិញនេះ នឹងបានពរដោយមានពួកបុរសដែលមានគតិខាងវិញ្ញាណដ៏អស្ចារ្យ ជាបុរសដែលសុចរិតនិងមាំមួនដូចដើមឈើនៅតាមមាត់ទន្លេក្នុងចក្ខុនិមិត្តទាំងនោះ។ គឺជាពួកបុរសដែលនាំមុខក្នុងការស្ដារឡើងវិញ នូវស្រុកដែលបានត្រូវហិនហោចនេះ។ អេសាយក៏បានសរសេរអំពី«ដើមឈើនៃសេចក្ដីសុចរិត» ដែលនឹង«សង់អស់ទាំងទីដែលខូចបង់ពីដើមឡើងវិញ»។—អេសាយ ៦១:៣, ៤
តើនៅពេលណាដែលចក្ខុនិមិត្តនេះនឹងត្រូវសម្រេច?
១៣. (ក) តើនៅក្នុងន័យយ៉ាងណា ដែលព្រះយេហូវ៉ាប្រទានពរដល់រាស្ត្ររបស់ទ្រង់ ដែលបានត្រូវស្ដារឡើងវិញនោះ ដោយប្រទានឲ្យ«ដើមឈើនៃសេចក្ដីសុចរិត»? (ខ) តើទំនាយអំពីសមុទ្រស្លាប់បានត្រូវសម្រេចយ៉ាងដូចម្ដេច?
១៣ តើពួកនិរទេសដែលត្រឡប់មកវិញនេះ បានត្រូវតូចចិត្តឬ? គឺប្រាកដជាអត់ទេ! ពួកអ្នកសំណល់ដែលបានត្រូវស្ដារឡើងវិញ បានត្រឡប់ទៅប្រទេសកំណើតជាទីស្រឡាញ់របស់គេ នៅក្នុងឆ្នាំ៥៣៧ ម.ស.យ.។ ក្រោយមក នៅក្រោមការដឹកនាំនៃ«ដើមឈើនៃសេចក្ដីសុចរិត»ទាំងនេះ ដូចជាស្មៀនអែសរ៉ា និងព្យាការី ហាកាយនិងសាការី និងសម្ដេចសង្ឃយ៉ូស្វេ នោះទីកន្លែងដ៏ហិនហោចនេះបានត្រូវស្ដារឡើងវិញ។ ពួកចៅហ្វាយដូចជា នេហេមានិងសូរ៉ូបាបិល បានគ្រប់គ្រងយ៉ាងត្រឹមត្រូវហើយដោយយុត្ដិធម៌នៅក្នុងស្រុកនោះ។ ព្រះវិហាររបស់ព្រះយេហូវ៉ាបានត្រូវស្ដារឡើងវិញ និងសំវិធានការរបស់ទ្រង់ខាងឯជីវិត ឬការទទួលពរដោយព្រោះគេបានរស់ស្របទៅតាមកិច្ចព្រមព្រៀងរបស់ទ្រង់ ក៏បានត្រូវហូរចេញម្ដងនេះទៀត។ (ចោទិយកថា ៣០:១៩; អេសាយ ៤៨:១៧-២០) ពរមួយ នោះគឺចំណេះ។ គណៈពួកសង្ឃបានធ្វើឲ្យមានភារកិច្ចវិញ និងពួកសង្ឃបានបង្រៀនបណ្ដាជនខាងឯក្រិត្យវិន័យ។ (ម៉ាឡាគី ២:៧) ជាលទ្ធផល នោះបណ្ដាជនបានត្រូវមានជីវិតវិញខាងវិញ្ញាណ ហើយម្ដងនេះទៀត បានក្លាយទៅជាអ្នកបំរើដ៏មានផលផ្លែរបស់ព្រះយេហូវ៉ា ដូចជាបានតំណាងដោយសមុទ្រស្លាប់ ដែលបានធ្វើឲ្យមានជីវិតឡើងវិញ និងផ្ដល់ឲ្យមានការនេសាទត្រីយ៉ាងសន្ធឹក។
១៤. ហេតុអ្វីក៏ត្រូវមានការសម្រេចមួយនៃទំនាយរបស់អេសេគាល ដែលមានលើសលប់ជាងអ្វីដែលបានកើតឡើងក្រោយពីពួកយូដាត្រឡប់ពីបាប៊ីឡូននោះ?
១៤ តើព្រឹត្ដិការណ៍ទាំងនេះ ជាការសម្រេចតែប៉ុណ្ណោះ នៃចក្ខុនិមិត្តរបស់អេសេគាលឬ? អត់ទេ គឺមានអ្វីធំជាងដែលបានត្រូវបញ្ជាក់មក។ ចូរពិចារណាមើល៖ ព្រះវិហារដែលអេសេគាលបានឃើញ គឺមិនអាចសង់ដូចបានពណ៌នានោះទេ។ ពិតហើយ ពួកយូដាបានចាត់ទុកចក្ខុនិមិត្តនេះយ៉ាងប្រាកដប្រជា ហើយព្រមទាំងបានអនុវត្តតាមសេចក្ដីពណ៌នាខ្លះៗយ៉ាងមែនទែនផង។b ប៉ុន្តែ ព្រះវិហារទាំងមូលក្នុងចក្ខុនិមិត្ត គឺធំលើសលុប ក៏មិនអាចសង់លើភ្នំម៉ូរីយ៉ាបានផង ដែលជាកន្លែងនៃព្រះវិហារដំបូង។ បន្ថែមទៀតនោះ ព្រះវិហាររបស់អេសេគាល មិនមែននៅក្នុងទីក្រុងនេះទេ ប៉ុន្តែនៅឆ្ងាយពីហ្នឹងជាប់វាលដីផ្សេងវិញ។ រីឯព្រះវិហារទីពីរ នោះបានត្រូវសាងសង់នៅកន្លែង ដែលព្រះវិហារដំបូងបាននៅ គឺនៅក្នុងក្រុងយេរូសាឡិម។ (អែសរ៉ា ១:១, ២) ថែមទៀត ឥតដែលមានទន្លេមែនទែនបានហូរចេញពីព្រះវិហារនៃក្រុងយេរូសាឡិមទេ។ ដូច្នេះ ពួកអ៊ីស្រាអែលពីសម័យបុរាណ បានឃើញការសម្រេចនៃទំនាយរបស់អេសេគាល តែតូចមួយប៉ុណ្ណោះ។ នេះបញ្ជាក់ថា គឺត្រូវតែមានការសម្រេចខាងវិញ្ញាណនៃចក្ខុនិមិត្តនេះដ៏ធំជាងមួយ។
១៥. (ក) តើនៅពេលណា ដែលព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ាចាប់ប្រតិបត្ដិនោះ? (ខ) តើអ្វីដែលបង្ហាញថា ចក្ខុនិមិត្តរបស់អេសេគាលមិនបានសម្រេចក្នុងកំឡុងព្រះជន្មរបស់ព្រះគ្រីស្ទ កាលដែលនៅលើផែនដី?
១៥ យ៉ាងច្បាស់ណាស់ យើងត្រូវតែពិនិត្យមើលនូវការសម្រេចធំនៃចក្ខុនិមិត្តរបស់អេសេគាល ដែលនៅក្នុងព្រះវិហារខាងវិញ្ញាណដ៏ធំរបស់ព្រះយេហូវ៉ា ដែលសាវ័កប៉ុលពិគ្រោះយ៉ាងល្អិតល្អន់នៅក្នុងសៀវភៅហេព្រើរ។ ព្រះវិហារនោះបានចាប់ប្រតិបត្ដិ នៅពេលដែលព្រះយេស៊ូគ្រីស្ទ បានត្រូវចាក់ប្រេងតាំងជាសម្ដេចសង្ឃខាងនោះនៅក្នុងឆ្នាំ២៩ ស.យ.។ ប៉ុន្តែ តើចក្ខុនិមិត្តរបស់អេសេគាល បានសម្រេចនៅក្នុងសម័យរបស់ព្រះយេស៊ូឬ? យ៉ាងជាក់ស្តែង គឺអត់ទេ។ ព្រះយេស៊ូ ជាសម្ដេចសង្ឃ បានសម្រេចនូវសារៈសំខាន់ខាងទំនាយនៃថ្ងៃបុណ្យធួននឹងបាប តាមរយៈការទទួលបុណ្យជ្រមុជទឹករបស់ទ្រង់ ការសោយទិវង្គតជាយញ្ញបូជា និងការចូលទីបរិសុទ្ធបំផុត គឺនៅក្នុងស្ថានសួគ៌នោះ។ (ហេព្រើរ ៩:២៤) តែគួរឲ្យចាប់អារម្មណ៍ ដែលចក្ខុនិមិត្តរបស់អេសេគាល ឥតដែលពណ៌នាអំពីសម្ដេចសង្ឃឬក៏អំពីថ្ងៃបុណ្យធួននឹងបាបឡើយ។ ដូច្នេះ គឺហាក់ដូចមិនទំនងទេ ដែលចក្ខុនិមិត្តនេះបានចង្អុលទៅសតវត្សទីមួយ ស.យ.។ បើអ៊ីចឹង តើចក្ខុនិមិត្តនេះសំដៅទៅគ្រាណា?
១៦. កន្លែងនៃចក្ខុនិមិត្តរបស់អេសេគាល រំឭកយើងអំពីទំនាយណាទៀត ហើយតើនេះជួយយើងឲ្យយោគយល់យ៉ាងណា អំពីគ្រានៃការសម្រេចដ៏ធំជាងនៃចក្ខុនិមិត្តរបស់អេសេគាលនោះ?
១៦ ចំពោះចម្លើយ ចូរឲ្យយើងត្រឡប់មកមើលចក្ខុនិមិត្តនេះវិញ។ អេសេគាលបានសរសេរថា៖ «ទ្រង់បាននាំខ្ញុំទៅក្នុងស្រុកអ៊ីស្រាអែល ដោយការជាក់ស្តែងរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំ១ យ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង»។ (អេសេគាល ៤០:២) កន្លែងសំរាប់ចក្ខុនិមិត្តនេះ គឺ«ភ្នំ១យ៉ាងខ្ពស់» ដែលរំឭកយើងអំពីមីកា ៤:១ ដែលថា៖ «តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ»។ តើនៅពេលណាដែលទំនាយនេះបានត្រូវសម្រេចនោះ? មីកា ៤:៥ បង្ហាញថានេះចាប់ផ្ដើម កាលដែលសាសន៍ទាំងឡាយថ្វាយបង្គំព្រះមិនពិតនៅឡើយ។ តាមការពិត គឺនៅសម័យយើងនេះហើយ គឺ«នៅជាន់ក្រោយ» ដែលការថ្វាយបង្គំបរិសុទ្ធបានត្រូវតម្កើងឡើង បានត្រូវស្ដារឡើងឲ្យមានទីតាំងត្រឹមត្រូវ នៅក្នុងជីវិតនៃរាស្ត្ររបស់ព្រះ។
១៧. តើតាមរបៀបណាដែលទំនាយនៅម៉ាឡាគី ៣:១-៥ ជួយយើងដឹងថានៅពេលណាដែលព្រះវិហារនៅក្នុងចក្ខុនិមិត្តរបស់អេសេគាល បានត្រូវបោសសំអាតនោះ?
១៧ តើអ្វីដែលបានធ្វើឲ្យមានការស្ដារឡើងវិញនេះ? នៅចាំទេ នៅក្នុងព្រឹត្ដិការណ៍ដ៏សំខាន់បំផុតនៅក្នុងចក្ខុនិមិត្តរបស់អេសេគាល ព្រះយេហូវ៉ាបានចូលក្នុងព្រះវិហារ ហើយបញ្ជាក់ច្បាស់ថា ពីដំណាក់របស់ទ្រង់នោះត្រូវបោសរូបព្រះចេញ។ តើនៅពេលណាដែលព្រះវិហារខាងវិញ្ញាណរបស់ព្រះ បានត្រូវបោសសំអាតនោះ? នៅក្នុងម៉ាឡាគី ៣:១-៥ ព្រះយេហូវ៉ាទាយប្រាប់អំពីគ្រា ដែលទ្រង់នឹង«មកដល់ព្រះវិហាររបស់ទ្រង់» ហើយព្រះយេស៊ូគ្រីស្ទ ដែលជា«ទូតដែលនាំសេចក្ដីសញ្ញា» នឹងត្រូវមកជាមួយទ្រង់។ តើមានគោលបំណងយ៉ាងណាទៅ? «ទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក»។ ការសំរងនេះបានចាប់ផ្ដើមក្នុងកំឡុងគ្រានៃសង្គ្រាមលោកលើកទីមួយ។ តើមានលទ្ធផលយ៉ាងណា? ព្រះយេហូវ៉ាបានគង់នៅក្នុងដំណាក់របស់ទ្រង់ ហើយបានប្រទានពរលើស្រុកខាងវិញ្ញាណរបស់រាស្ត្រទ្រង់ តាំងពីឆ្នាំ១៩១៩តរៀងមក។ (អេសាយ ៦៦:៨) ដូច្នេះ យើងអាចសន្និដ្ឋានថា ទំនាយរបស់អេសេគាលអំពីព្រះវិហារ ឃើញមានការសម្រេចដ៏សំខាន់មួយ ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់។
១៨. តើនៅពេលណាដែលចក្ខុនិមិត្តអំពីព្រះវិហារ នឹងមានការសម្រេចចុងក្រោយបំផុត?
១៨ ដូចទំនាយឯទៀតអំពីការស្ដារឡើងវិញ នោះចក្ខុនិមិត្តរបស់អេសេគាល ក៏មានការសម្រេចថែមទៀត គឺការសម្រេចចុងក្រោយបង្អស់នៅក្នុងសួនមនោរម្យ។ មានតែនៅពេលនោះទេ ដែលមនុស្សចិត្តស្មោះនឹងទទួលផលប្រយោជន៍ពេញលេញ ពីរបៀបរៀបចំជាព្រះវិហាររបស់ព្រះ។ នៅពេលនោះ ព្រះគ្រីស្ទជាមួយនឹងគណៈពួកសង្ឃរបស់ទ្រង់នៅស្ថានសួគ៌ ដែលមានចំនួន១៤៤.០០០នាក់ នឹងប្រើតម្លៃនៃយញ្ញបូជាលោះរបស់ទ្រង់។ មនុស្សទាំងអស់ដែលស្ដាប់បង្គាប់ទ្រង់ ជាអនុរាស្ត្រក្រោមការគ្រប់គ្រងរបស់ព្រះគ្រីស្ទ នឹងបានត្រូវតម្កើងឲ្យមានភាពល្អគ្រប់ល័ក្ខណ៍។ (វិវរណៈ ២០:៥, ៦) ប៉ុន្តែ កាលដែលនៅក្នុងសួនមនោរម្យ នោះមិនអាចជាគ្រាសំខាន់បំផុត នៃការសម្រេចចក្ខុនិមិត្តរបស់អេសេគាលនោះទេ។ ហេតុអ្វី?
ចក្ខុនិមិត្តនេះសំដៅមកលើសម័យយើងនេះ
១៩, ២០. ហេតុអ្វីក៏សេចក្ដីសម្រេចដ៏ធំធេងនៃចក្ខុនិមិត្តនេះកើតឡើងសព្វថ្ងៃនេះ មិនមែននៅក្នុងសួនមនោរម្យនោះ?
១៩ អេសេគាលបានឃើញព្រះវិហារមួយ ដែលត្រូវការឲ្យបានបោសសំអាតពីរូបព្រះ និងអំពើសហាយស្មន់ខាងវិញ្ញាណ។ (អេសេគាល ៤៣:៧-៩) នេះប្រាកដជាមិនមែនសំដៅទៅការថ្វាយបង្គំព្រះយេហូវ៉ា នៅក្នុងសួនមនោរម្យឡើយ។ ម្យ៉ាងវិញទៀត ពួកសង្ឃក្នុងចក្ខុនិមិត្ត តំណាងគណៈពួកសង្ឃដែលបានចាក់ប្រេងតាំង កាលដែលនៅលើផែនដីនៅឡើយ មិនមែនក្រោយពីសេចក្ដីរស់ឡើងវិញនៅស្ថានសួគ៌ ឬក៏នៅក្នុងកំឡុងសហស្សវត្សនោះទេ។ ហេតុអ្វី? ចូរកត់សម្គាល់ថាពួកសង្ឃ បានត្រូវបង្ហាញថាកំពុងបំរើនៅក្នុងទីលានខាងក្នុង។ អត្ថបទទាំងឡាយនៅក្នុងទស្សនាវដ្ដីប៉មយាមមុនៗ បានបង្ហាញថាទីលាននេះ តំណាងនូវឋានៈដ៏ល្អឯកខាងវិញ្ញាណនៃអនុសង្ឃរបស់ព្រះគ្រីស្ទ កាលដែលគេនៅលើផែនដីនៅឡើយ។c ចូរសង្កេតដែរថាចក្ខុនិមិត្តនេះ បញ្ជាក់នូវភាពឥតគ្រប់ល័ក្ខណ៍នៃពួកសង្ឃ។ ពួកគេបានត្រូវប្រាប់ឲ្យថ្វាយយញ្ញបូជាសំរាប់បាបរបស់ខ្លួនដែរ។ ពួកគេបានត្រូវព្រមានអំពីគ្រោះថ្នាក់បើឥតស្អាតស្អំ ខាងវិញ្ញាណនិងខាងសីលធម៌។ ដូច្នេះ ពួកគេមិនមែនតំណាងពួកអ្នកចាក់ប្រេងតាំង ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញហើយនោះទេ ដែលអំពីពួកគេ នោះសាវ័កប៉ុលបានសរសេរថា៖ «ត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ»។ (កូរិនថូសទី១ ១៥:៥២; អេសេគាល ៤៤:២១, ២២, ២៥, ២៧) ពួកសង្ឃនៅក្នុងចក្ខុនិមិត្តនេះ និយាយទាក់ទង និងបំរើមនុស្សដោយផ្ទាល់។ គេនឹងមិនធ្វើដូច្នេះឡើយនៅក្នុងសួនមនោរម្យ នៅពេលដែលគណៈពួកសង្ឃនឹងនៅឯស្ថានសួគ៌នោះ។ ដូច្នេះ ចក្ខុនិមិត្តនេះផ្ដល់រូបភាពដ៏ប្រសើរ ពីរបៀបដែលពួកអ្នកចាក់ប្រេងតាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយ‹ពួកហ្វូងធំ› នៅលើផែនដីសព្វថ្ងៃនេះ។—វិវរណៈ ៧:៩; អេសេគាល ៤២:១៤
២០ ដូច្នេះហើយ ចក្ខុនិមិត្តរបស់អេសេគាលអំពីព្រះវិហារ ឲ្យប្រផ្នូលនូវឥទ្ធិពលដ៏ល្អនៃការបោសសំអាតខាងវិញ្ញាណ ដែលកំពុងសម្រេចសព្វថ្ងៃនេះ។ ប៉ុន្តែ តើនេះមានន័យយ៉ាងណាចំពោះអ្នក? នេះមិនមែនជារឿងស្រពិចស្រពិលខាងសាសនវិទ្យា ដែលត្រូវរកដោះស្រាយនោះទេ។ ចក្ខុនិមិត្តនេះមានការទាក់ទងយ៉ាងខ្លាំងជាមួយនឹងការថ្វាយបង្គំជារៀងរាល់ថ្ងៃរបស់អ្នក ចំពោះព្រះពិតតែមួយ គឺព្រះយេហូវ៉ា។ នៅក្នុងអត្ថបទជាបន្ទាប់ នោះយើងនឹងឃើញនូវរបៀបណាដែលទាក់ទងនោះ។
[កំណត់សម្គាល់]
a នេះប្រហែលជាបានទាក់ទងនឹងអេសេគាលផ្ទាល់ខ្លួន ដ្បិតមានគេនិយាយថា គាត់ជាអ្នកដែលមកពីគ្រួសារសាដុកដ៏ជាសង្ឃ។
b ជាឧទាហរណ៍ គម្ពីរមីស្នាពីបុរាណ បង្ហាញថានៅក្នុងព្រះវិហារដែលបានត្រូវស្ដារឡើងនេះ នោះអាសនៈ ទ្វារពីរនៃព្រះវិហារ និងកន្លែងចំអិនអាហារ បានត្រូវសង់តាមចក្ខុនិមិត្តរបស់អេសេគាល។
c សូមមើលទស្សនាវដ្ដីប៉មយាម ១ តុលា ១៩៩៦ ទំព័រ ១៤; ១ ធ្នូ ១៩៧២ ទំព័រ ៧១៨ (ភាសាអង់គ្លេស)។
តើអ្នកនៅចាំឬទេ?
◻ តើចក្ខុនិមិត្តរបស់អេសេគាល អំពីព្រះវិហារនិងគណៈពួកសង្ឃ មានការសម្រេចអ្វីជាដំបូងនោះ?
◻ តើតាមរបៀបណាដែលចក្ខុនិមិត្តរបស់អេសេគាល អំពីការបែងចែកដីមានការសម្រេចដំបូងនោះ?
◻ នៅក្នុងការស្ដារឡើងវិញនៃអ៊ីស្រាអែលពីបុរាណ តើអ្នកណាដែលបានដើរតួជាពួកចៅហ្វាយស្មោះត្រង់ ហើយអ្នកដែលបានដើរតួជា«ដើមឈើនៃសេចក្ដីសុចរិត»?
◻ ហេតុអ្វីក៏ចក្ខុនិមិត្តរបស់អេសេគាលអំពីព្រះវិហារនោះ នឹងមានសេចក្ដីសម្រេចដ៏ធំធេងក្នុងកំឡុងថ្ងៃជាន់ក្រោយបំផុត?