ជំពូកទី១៩
«នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
គោលចំណុច: របៀបដែលការបើកបង្ហាញអំពីទន្លេដែលហូរចេញពីវិហារ កើតឡើងនៅសម័យបុរាណ នៅសម័យយើង និងនៅថ្ងៃអនាគត
១, ២. យោងទៅតាមអេសេគាល ៤៧:១-១២ តើអេសេគាលបានឃើញនិងរៀនអំពីអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
ក្នុងការបើកបង្ហាញអំពីវិហារ អេសេគាលបានឃើញអ្វីមួយទៀតដ៏អស្ចារ្យ គឺមានអូរមួយហូរចេញពីសំណង់ដ៏ពិសិដ្ឋនេះតែម្ដង! សូមស្រមៃគិតថាគាត់កំពុងមើលខ្សែទឹកដ៏ថ្លាឆ្វង់នោះ។ (សូមអាន អេសេគាល ៤៧:១-១២) ដំបូង ទឹកនោះហូររិញៗចេញពីកំណល់ទ្វារនៃទីបរិសុទ្ធ ហើយហូរចេញពីសំណង់វិហារក្បែរខ្លោងទ្វារខាងកើត។ បន្ទាប់មក ទេវតានាំអេសេគាលដើរចេញពីវិហារ ទាំងដើរបណ្ដើរវាស់ចម្ងាយបណ្ដើរ។ ម្ដងហើយម្ដងទៀត ទេវតានោះឲ្យអេសេគាលដើរឆ្លងកាត់ទឹក ហើយរាល់លើកអេសេគាលឃើញថាទឹកនោះកាន់តែជ្រៅទៅៗ។ ទឹកនោះក្លាយទៅជាទន្លេ ហើយហូរខ្លាំងឡើងៗ រហូតដល់គាត់ត្រូវហែលឆ្លងកាត់ ព្រោះមិនអាចដើរលុយបានទេ។
២ អេសេគាលឃើញថាទឹកទន្លេនោះហូរចូលក្នុងសមុទ្រស្លាប់ ហើយធ្វើឲ្យទឹកសមុទ្រនោះទៅជាទឹកសាបវិញ ទីណាដែលទឹកនោះហូរទៅដល់ ទីនោះមានត្រីច្រើនឥតគណនា។ នៅតាមដងទន្លេ គាត់ឃើញដើមឈើគ្រប់ប្រភេទដុះឡើង។ ជារៀងរាល់ខែ ដើមឈើទាំងនោះបង្កើតផលផ្លែដែលមានជីវជាតិ ហើយមានស្លឹកដែលធ្វើឲ្យជាសះស្បើយ។ ពេលអេសេគាលឃើញអ្វីទាំងនេះ គាត់ច្បាស់ជាមានសេចក្ដីសង្ឃឹមនិងសេចក្ដីសុខសាន្តក្នុងចិត្ត។ ស្ដីអំពីផ្នែកដ៏អស្ចារ្យនេះនៃការបើកបង្ហាញអំពីវិហារ តើមានន័យយ៉ាងណាចំពោះគាត់និងជននិរទេសឯទៀត? ហើយតើមានន័យយ៉ាងណាចំពោះយើងសព្វថ្ងៃ?
តើការបើកបង្ហាញអំពីទន្លេមានន័យយ៉ាងណាចំពោះជននិរទេស?
៣. ហេតុអ្វីពួកយូដានៅសម័យបុរាណមិនយល់ថាទន្លេដែលអេសេគាលបានឃើញក្នុងគំនិតជាទន្លេមែនទែន?
៣ ជនជាតិយូដាសម័យបុរាណ ច្បាស់ជាមិនយល់ថាទន្លេដែលអេសេគាលឃើញក្នុងគំនិត គឺជាទន្លេមែនទែនទេ។ ផ្ទុយទៅវិញ កំណត់ហេតុនេះទំនងជារំលឹកពួកគេអំពីទំនាយមួយទៀតអំពីការរៀបចំឡើងវិញ ដែលបានត្រូវកត់ទុកដោយយ៉ូអែលជាអ្នកប្រកាសទំនាយប្រហែលជាងពីរសតវត្សរ៍មុន។ (សូមអាន យ៉ូអែល ៣:១៨) ពេលជននិរទេសទាំងនោះអានទំនាយដែលព្រះបានដឹកនាំឲ្យយ៉ូអែលកត់ទុក ពួកគេមិនរំពឹងថានឹងមាន‹ស្រាផ្អែមស្រក់ចេញ›ពីតំបន់ភ្នំ ឬ‹ទឹកដោះហូរចេញ›ពីទីទួលទេ ហើយក៏មិនរំពឹងថានឹងមានប្រភពទឹក«ផុសចេញពីវិហាររបស់ព្រះយេហូវ៉ា»ដែរ។ ស្រដៀងគ្នាដែរ ជនជាតិយូដាដែលជាជននិរទេសប្រហែលជាមិនយល់ថាព័ត៌មានក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញទាក់ទងនឹងទន្លេមែនទែនឡើយ។a ដូច្នេះ តើព្រះយេហូវ៉ាចង់ប្រាប់ព័ត៌មានអ្វី? គម្ពីរជួយយើងឲ្យយល់អត្ថន័យនៃផ្នែកខ្លះក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ។ ប៉ុន្តែ ជាទូទៅយើងនឹងពិចារណាការធានាដ៏កក់ក្ដៅបីយ៉ាងដែលយើងអាចរៀនពីកំណត់ហេតុនេះ។
៤. (ក) តើទន្លេដែលអេសេគាលបានឃើញក្នុងគំនិត នាំឲ្យពួកយូដារំពឹងថាពួកគេនឹងទទួលបានពរអ្វីខ្លះពីព្រះយេហូវ៉ា? (ខ) តើតាមរបៀបណាពាក្យ«ទន្លេ»និង«ទឹក»ពង្រឹងទំនុកចិត្តយើងថាព្រះយេហូវ៉ានឹងផ្ដល់ពរដល់រាស្ត្រលោក? (សូមមើលប្រអប់«ទន្លេដែលផ្ដល់ពរពីព្រះយេហូវ៉ា»)
៤ ទន្លេដែលផ្ដល់ពរជាច្រើន។ ជាញឹកញយក្នុងគម្ពីរ ពាក្យទន្លេនិងទឹកគឺប្រើសម្រាប់រៀបរាប់អំពីពរដ៏ហូរហៀរពីព្រះយេហូវ៉ា។ អេសេគាលបានឃើញទន្លេដូចនោះហូរចេញពីវិហារព្រះ។ ដូច្នេះ នេះច្បាស់ជានាំឲ្យរាស្ត្ររបស់ព្រះយេហូវ៉ារំពឹងថាពួកគេនឹងទទួលពរពីលោកយ៉ាងហូរហៀរ បើពួកគេកាន់តាមការគោរពប្រណិប័តន៍ពិត។ តើមានពរអ្វីខ្លះ? ពួកគេនឹងទទួលការណែនាំម្ដងទៀតពីព្រះតាមរយៈពួកសង្ឃ។ ដោយសារមានការជូនគ្រឿងបូជាឡើងវិញនៅឯវិហារ ពួកគេអាចមានទំនុកចិត្តថាពួកគេនឹងទទួលការជម្រះភាពខុសឆ្គង។ (អេគ. ៤៤:១៥, ២៣; ៤៥:១៧) ហេតុនេះ ពួកគេនឹងស្អាតបរិសុទ្ធម្ដងទៀត ប្រៀបដូចជាបានត្រូវលាងសម្អាតដោយទឹកបរិសុទ្ធដែលហូរចេញពីវិហារ។
៥. តើតាមរបៀបណាទន្លេដែលអេសេគាលបានឃើញ ជួយរាស្ត្រព្រះឲ្យមានទំនុកចិត្តថានឹងមានពរគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នា?
៥ តើនឹងមានពរគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ឬ? ពិតជាមានមែន។ ការបើកបង្ហាញដែលអេសេគាលបានឃើញអំពីអូរច្បាស់ជាជួយពួកយូដាឲ្យមានទំនុកចិត្តថានឹងមានពរជាបរិបូរសម្រាប់គ្រប់គ្នា! ព្រោះអូរនោះបានរីកធំអស្ចារ្យទៅជាទន្លេដ៏ធំក្នុងចម្ងាយប្រមាណពីរគីឡូម៉ែត្រប៉ុណ្ណោះ។ (អេគ. ៤៧:៣-៥) ចំនួនជនជាតិយូដាដែលបានត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ប្រហែលជាកើនឡើង តែព្រះយេហូវ៉ានឹងផ្ដល់ពរដល់ពួកគេគ្រប់គ្នាដើម្បីបំពេញសេចក្ដីត្រូវការរបស់ពួកគេ។ ហេតុនេះ ទន្លេបញ្ជាក់អំពីភាពសម្បូរហូរហៀរ!
៦. (ក) ស្ដីអំពីទឹកទន្លេដែលអេសេគាលបានឃើញក្នុងគំនិត តើមានសេចក្ដីសន្យាអ្វីដែលពង្រឹងកម្លាំងចិត្ត? (ខ) ប៉ុន្តែ តើការបើកបង្ហាញនេះមានការព្រមានអ្វី? (សូមមើលកំណត់សម្គាល់)
៦ ទឹកដែលផ្ដល់ជីវិត។ នៅក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ ទន្លេនោះហូរចូលទៅក្នុងសមុទ្រស្លាប់ នាំឲ្យអ្វីៗនៅក្នុងនោះមានជីវិត។ សូមកត់សម្គាល់ថាទឹកទន្លេនោះធ្វើឲ្យមានត្រីគ្រប់ប្រភេទ ដូចត្រីដែលមាននៅក្នុងសមុទ្រធំឬសមុទ្រមេឌីទែរ៉ានេ។ បន្ថែមទៅទៀត មានការនេសាទជាច្រើននៅតាមឆ្នេរសមុទ្រស្លាប់ ដែលនៅរវាងក្រុងពីរដែលតាមមើលទៅនៅដាច់ឆ្ងាយពីគ្នា។ ទេវតានិយាយថា៖ «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»។ តើនេះមានន័យថាទឹកដែលហូរចេញពីវិហាររបស់ព្រះយេហូវ៉ាបានទៅដល់គ្រប់ផ្នែកនៃសមុទ្រស្លាប់ឬ? មិនមែនទេ។ ទេវតានោះពន្យល់ថាទឹកដែលផ្ដល់ជីវិតនោះ មិនបានហូរចូលត្រពាំងបឹងបួខ្លះដែលនៅក្បែរសមុទ្រស្លាប់នោះទេ។ នៅកន្លែងទាំងនោះ«នៅពេញដោយជាតិអំបិលដដែល»។b (អេគ. ៤៧:៨-១១) ដូច្នេះ ការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិតមានសេចក្ដីសន្យាដ៏គួរឲ្យលើកទឹកចិត្ត ដែលថាការគោរពប្រណិប័តន៍ពិតនឹងធ្វើឲ្យមនុស្សមានជីវិតឡើងវិញ ហើយមានសេចក្ដីចម្រើនកើនឡើង។ ប៉ុន្តែ មានការព្រមានមួយ គឺមិនមែនមនុស្សទាំងអស់នឹងទទួលពរពីព្រះយេហូវ៉ា ឬនឹងត្រូវធ្វើឲ្យជាសះស្បើយឡើយ។
៧. តើដើមឈើនៅតាមដងទន្លេដែលអេសេគាលបានឃើញក្នុងគំនិត ផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់ជនជាតិយូដាដែលជាជននិរទេស?
៧ ដើមឈើសម្រាប់ជាអាហារនិងធ្វើឲ្យជាសះស្បើយ។ ចុះយ៉ាងណាដើមឈើដែលដុះនៅតាមដងទន្លេ? ដើមឈើទាំងនោះធ្វើឲ្យមានទិដ្ឋភាពស្រស់បំព្រង ហើយក៏ជួយបញ្ជាក់អត្ថន័យនៃការបើកបង្ហាញដែលអេសេគាលបានឃើញដែរ។ អេសេគាលនិងជនរួមជាតិគាត់ច្បាស់ជាសប្បាយចិត្តគិតអំពីផលផ្លែឆ្ងាញ់ៗដែលដើមឈើទាំងនោះផ្ដល់ឲ្យជារៀងរាល់ខែ! ទិដ្ឋភាពដែលទាក់ទាញចិត្តនោះច្បាស់ជាផ្ដល់សេចក្ដីសង្ឃឹមថែមទៀតដល់ពួកគេ ដែលថាព្រះយេហូវ៉ានឹងផ្ដល់ការណែនាំដែលជួយពួកគេឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។ តើមានអ្វីទៀត? សូមកត់សម្គាល់ថាស្លឹកពីដើមឈើទាំងនោះ«សម្រាប់ធ្វើឲ្យជាសះស្បើយ»។ (អេគ. ៤៧:១២) សំខាន់ជាងគេបំផុត ព្រះយេហូវ៉ាបានដឹងថាជននិរទេសដែលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ត្រូវការការធ្វើឲ្យជាសះស្បើយក្នុងន័យធៀប ហើយលោកបានសន្យាថាលោកនឹងធ្វើឲ្យពួកគេជាសះស្បើយមែន។ យើងបានរៀនអំពីរបៀបដែលលោកធ្វើដូច្នោះក្នុងទំនាយអំពីការរៀបចំឡើងវិញក្នុងជំពូកទី៩នៃសៀវភៅនេះ។
៨. តើអ្វីបង្ហាញថាការបើកបង្ហាញដែលអេសេគាលបានឃើញមានការកើតឡើងក្នុងកម្រិតធំជាង?
៨ ដូចយើងបានពិចារណាក្នុងជំពូកទី៩ ជននិរទេសដែលត្រឡប់មកវិញឃើញទំនាយដូចនោះកើតឡើងក្នុងមួយកម្រិតប៉ុណ្ណោះ តែគឺបណ្ដាជនទាំងនោះហើយ ដែលបានធ្វើឲ្យទំនាយនោះកើតឡើងតែមួយកម្រិត។ តើឲ្យព្រះយេហូវ៉ាផ្ដល់ពរយ៉ាងពេញលេញដល់ពួកគេម្ដេចនឹងបាន បើពួកគេក្បត់សេចក្ដីសន្យារបស់ខ្លួន មិនស្ដាប់បង្គាប់លោក ហើយមិនអើពើនឹងការគោរពប្រណិប័តន៍ពិតម្ដងហើយម្ដងទៀតដូច្នេះ? ជនជាតិយូដាដ៏ស្មោះត្រង់បានខកចិត្តនិងឈឺចិត្តជាខ្លាំង ដោយសារការប្រព្រឹត្តរបស់ជនរួមជាតិខ្លួន។ ប៉ុន្តែ អ្នកដែលគោរពប្រណិប័តន៍ដ៏ស្មោះភក្ដីរបស់ព្រះយេហូវ៉ាដឹងថាសេចក្ដីសន្យារបស់លោកនឹងសម្រេច គឺតែងតែក្លាយជាការពិត។ (សូមអាន យ៉ូស្វេ ២៣:១៤) ដូច្នេះ នៅថ្ងៃណាមួយការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត នឹងកើតឡើងក្នុងកម្រិតធំជាងជាមិនខាន។ ប៉ុន្តែ តើនៅពេលណា?
ទន្លេហូរនៅសព្វថ្ងៃ!
៩. តើពេលណាការបើកបង្ហាញដែលអេសេគាលបានឃើញអំពីវិហារមានការកើតឡើងក្នុងកម្រិតធំជាង?
៩ ដូចយើងបានរៀនហើយនៅជំពូកទី១៤នៃសៀវភៅនេះ ការបើកបង្ហាញអំពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត កើតឡើងក្នុងកម្រិតធំជាងក្នុងអំឡុង«គ្រាចុងក្រោយបង្អស់» ជាគ្រាដែលការគោរពប្រណិប័តន៍ពិតត្រូវលើកតម្កើងខ្ពង់ខ្ពស់បំផុត។ នេះជាអ្វីដែលមិនធ្លាប់មានពីមុនមកទេ។ (អេ. ២:២) ផ្នែកនេះនៃការបើកបង្ហាញដែលអេសេគាលបានឃើញ កំពុងកើតឡើងនៅសព្វថ្ងៃ។ តើក្នុងន័យអ្វី?
១០, ១១. (ក) នៅសព្វថ្ងៃ តើយើងទទួលពរជាច្រើនអ្វីខ្លះដូចជាទឹកទន្លេ? (ខ) តើតាមរបៀបណាព្រះយេហូវ៉ាផ្ដល់ពរកាន់តែច្រើនដើម្បីបំពេញសេចក្ដីត្រូវការរបស់រាស្ត្រលោកក្នុងគ្រាចុងក្រោយបង្អស់នេះ?
១០ ទន្លេដែលផ្ដល់ពរជាច្រើន។ តើទឹកដែលហូរចេញពីវិហាររបស់ព្រះយេហូវ៉ារំលឹកយើងអំពីពរអ្វីខ្លះនៅសព្វថ្ងៃ? យើងបានត្រូវរំលឹកអំពីអ្វីៗជាច្រើនដែលព្រះយេហូវ៉ាផ្ដល់ឲ្យដើម្បីជាប្រយោជន៍ដល់យើង។ សំខាន់បំផុតគឺគ្រឿងបូជាលោះរបស់គ្រិស្តដែលលាងជម្រះភាពខុសឆ្គងរបស់យើង ហើយនាំឲ្យយើងទទួលការអភ័យទោសពីព្រះយេហូវ៉ា។ បន្ថែមទៅទៀត សេចក្ដីពិតដ៏បរិសុទ្ធពីបណ្ដាំរបស់ព្រះ គឺប្រៀបដូចជាទឹកដែលផ្ដល់ជីវិត ហើយនឹងធ្វើឲ្យយើងមានភាពស្អាតស្អំខាងការគោរពប្រណិប័តន៍ព្រះនិងខាងសីលធម៌។ (អេភ. ៥:២៥-២៧) តើតាមរបៀបណាពរទាំងនោះមានហូរហៀរនៅសម័យយើង?
១១ នៅឆ្នាំ១៩១៩ មានអ្នកបម្រើព្រះយេហូវ៉ាតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ហើយពួកគេរំភើបចិត្តទទួលអ្វីដែលពួកគេពិតជាត្រូវការ គឺសេចក្ដីបង្រៀនពីព្រះដែលប្រៀបដូចជាអាហារ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ពួកគេមានចំនួនកាន់តែច្រើនឡើង។ នៅសព្វថ្ងៃនេះ រាស្ត្ររបស់ព្រះមានចំនួនជាង៨លាននាក់។ តើទឹកដ៏បរិសុទ្ធនៃសេចក្ដីពិតបានហូរទាន់ដើម្បីបំពេញសេចក្ដីត្រូវការរបស់ពួកគេឬទេ? ពិតជាហូរទាន់មែន! យើងមានសេចក្ដីពិតពីព្រះច្រើនហូរហៀរ។ ក្នុង១០០ឆ្នាំកន្លងមក រាស្ត្ររបស់ព្រះទទួលបានគម្ពីរ សៀវភៅ ទស្សនាវដ្ដីរាប់ពាន់លានក្បាល និងខិត្តប័ណ្ណរាប់ពាន់លានច្បាប់។ ដូចទន្លេដែលអេសេគាលបានឃើញក្នុងគំនិត ក្នុងន័យធៀបសេចក្ដីពិតដ៏បរិសុទ្ធបានរីកធំឡើងនិងហូរយ៉ាងលឿន ដើម្បីបំពេញសេចក្ដីត្រូវការរបស់មនុស្សនៅទូទាំងផែនដីដែលស្រេកឃ្លានការណែនាំពីព្រះ។ តាំងពីយូរមកហើយ យើងមានសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរជាឯកសារបោះពុម្ព ហើយឥឡូវតាមរយៈគេហទំព័រjw.org យើងមានសៀវភៅផ្សេងៗជាឯកសារអេឡិចត្រូនិកជាង៩០០ភាសា។ តើតាមរបៀបណាទឹកនៃសេចក្ដីពិតទាំងនេះមានឥទ្ធិពលទៅលើមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ?
១២. (ក) តើតាមរបៀបណាដំណឹងនៃសេចក្ដីពិតបានជួយមនុស្សឲ្យមានជំនឿលើព្រះយេហូវ៉ា? (ខ) តើការបើកបង្ហាញដែលអេសេគាលបានឃើញ ផ្ដល់ការព្រមានអ្វីដែលចំពេលដល់យើងនៅសព្វថ្ងៃ? (សូមមើលកំណត់សម្គាល់)
១២ ទឹកដែលផ្ដល់ជីវិត។ អេសេគាលបានត្រូវប្រាប់ថា៖ «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»។ សូមគិតអំពីរបៀបដែលដំណឹងនៃសេចក្ដីពិតបានហូរទៅដល់អស់អ្នកដែលចូលស្រុកក្នុងន័យធៀបដែលបានត្រូវរៀបចំឡើងវិញ។ សេចក្ដីពិតពីគម្ពីរមានឥទ្ធិពលទៅលើចិត្តរបស់មនុស្សរាប់លាននាក់ ហើយជួយពួកគេឲ្យមានជំនឿទៅលើព្រះយេហូវ៉ា។ ប៉ុន្តែ ការបើកបង្ហាញនោះក៏ផ្ដល់ការព្រមានចំពេលដែរ គឺមិនមែនមនុស្សទាំងអស់នឹងបន្តកាន់ខ្ជាប់តាមសេចក្ដីពិតទេ។ ដូចត្រពាំងបឹងបួដែលនៅក្បែរសមុទ្រស្លាប់ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញ មានមនុស្សដែលមានចិត្តរឹងមិនព្រមទទួលសេចក្ដីពិត ហើយមិនអនុវត្តសេចក្ដីពិតនោះទេ។c សូមកុំឲ្យយើងធ្វើដូចនោះឡើយ!—សូមអាន ការបំភ្លឺច្បាប់ ១០:១៦-១៨
១៣. តើយើងអាចទាញមេរៀនអ្វីខ្លះពីដើមឈើដែលអេសេគាលបានឃើញក្នុងគំនិត?
១៣ ដើមឈើសម្រាប់ជាអាហារនិងធ្វើឲ្យជាសះស្បើយ។ តើដើមឈើនៅតាមដងទន្លេដែលអេសេគាលបានឃើញក្នុងគំនិត ផ្ដល់មេរៀនដែលលើកទឹកចិត្តយើងនៅសព្វថ្ងៃនេះទេ? ពិតជាផ្ដល់មែន! សូមចាំថាដើមឈើទាំងនោះបង្កើតផលផ្លែដ៏ឈ្ងុយឆ្ងាញ់ជារៀងរាល់ខែ ហើយស្លឹកពីដើមទាំងនោះធ្វើឲ្យជាសះស្បើយឡើងវិញ។ (អេគ. ៤៧:១២) ហេតុនេះ ដើមឈើទាំងនោះរំលឹកយើងថាយើងបម្រើព្រះដែលផ្គត់ផ្គង់យើងដោយចិត្តទូលាយ ហើយសំខាន់បំផុតធ្វើឲ្យយើងជាសះស្បើយ ពោលគឺមានចំណងមិត្តភាពជាមួយលោក។ សព្វថ្ងៃនេះ មនុស្សទូទៅមិនយល់សេចក្ដីពិតក្នុងគម្ពីរទេ។ ផ្ទុយទៅវិញ សូមគិតអំពីអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យរាស្ត្រលោក។ ក្រោយពីអានអត្ថបទណាមួយ ច្រៀងចម្រៀងបញ្ចប់នៅឯសន្និបាតឬមហាសន្និបាត ឬក្រោយពីមើលវីដេអូណាមួយ ឬមើលកម្មវិធីjwទូរទស្សន៍ អ្នកច្បាស់ជាមានអំណរគុណដែលបានទទួលសេចក្ដីបង្រៀនពីព្រះជាបរិបូរ មែនទេ? យើងពិតជាទទួលបានការបំពាក់បំប៉នយ៉ាងល្អណាស់។ (អេ. ៦៥:១៣, ១៤) តើសេចក្ដីបង្រៀនពីព្រះនឹងជួយយើងឲ្យមានរបៀបរស់នៅដ៏មានន័យខ្លឹមសារ ហើយទទួលការពេញចិត្តពីព្រះឬទេ? ឱវាទល្អៗដែលយើងទទួលមានមូលដ្ឋានពីបណ្ដាំរបស់ព្រះ។ ឱវាទទាំងនោះជួយយើងឲ្យជៀសវាងពីអំពើខុសឆ្គងដូចជា អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការមានចិត្តលោភលន់ និងការខ្វះជំនឿ។ បន្ថែមទៅទៀត ព្រះយេហូវ៉ាបានផ្ដល់ការរៀបចំដើម្បីជួយគ្រិស្តសាសនិកដែលបានធ្វើខុសធ្ងន់ធ្ងរឲ្យជាសះស្បើយឡើងវិញ។ (សូមអាន យ៉ាកុប ៥:១៤) យើងពិតជាបានទទួលពរជាច្រើនដូចដែលបានពណ៌នាអំពីដើមឈើដែលអេសេគាលបានឃើញក្នុងគំនិត។
១៤, ១៥. (ក) ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញអំពីត្រពាំងបឹងបួដែលមិនបានប្រែទៅជាទឹកសាប តើយើងបានទាញមេរៀនអ្វី? (ខ) តើទន្លេដែលអេសេគាលបានឃើញ ផ្ដល់ប្រយោជន៍ដល់យើងនៅសព្វថ្ងៃយ៉ាងដូចម្ដេច?
១៤ នៅដំណាលគ្នានោះ យើងអាចទាញមេរៀនពីត្រពាំងបឹងបួដែលមិនបានប្រែជាទឹកសាប។ យើងច្បាស់ជាមិនចង់រារាំងពរពីព្រះយេហូវ៉ាដែលហូរចូលក្នុងជីវិតយើងឡើយ។ បើយើងនៅតែមិនទាន់ជាសះស្បើយខាងជំនឿដូចមនុស្សជាច្រើនក្នុងពិភពលោកដែលឃ្លាតឆ្ងាយពីព្រះ គឺគួរឲ្យសោកស្ដាយណាស់។ (ម៉ាថ. ១៣:១៥) ផ្ទុយទៅវិញ យើងរីករាយទទួលប្រយោជន៍ពីទន្លេដែលផ្ដល់ពរជាច្រើន។ ពេលយើងផឹកទឹកដ៏បរិសុទ្ធនៃសេចក្ដីពិតពីបណ្ដាំរបស់ព្រះ និងពេលយើងចែករំលែកសេចក្ដីពិតដល់អ្នកឯទៀតតាមរយៈកិច្ចការផ្សព្វផ្សាយ យើងប្រហែលជាគិតដល់ទន្លេដែលអេសេគាលបានឃើញក្នុងគំនិត។ ពេលយើងទទួលដំបូន្មាន ការសម្រាលទុក្ខ និងជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ពីពួកអ្នកចាស់ទុំដែលបានត្រូវបង្ហាត់បង្រៀនដោយខ្ញុំបម្រើស្មោះត្រង់ នោះយើងក៏ប្រហែលជាគិតដល់ទន្លេដែលអេសេគាលបានឃើញក្នុងគំនិតដែរ។ ទីណាដែលទន្លេនោះហូរកាត់ ទីនោះនឹងមានជីវិតនិងការជាសះស្បើយ!
១៥ ទំនាយអំពីទន្លេដែលអេសេគាលបានឃើញក្នុងគំនិត ក៏នឹងកើតឡើងនៅថ្ងៃអនាគតដែរ។ យើងនឹងឃើញថាទន្លេនោះនឹងហូរខ្លាំងបំផុតនៅក្នុងសួនឧទ្យាននៅថ្ងៃខាងមុខ។
ការបើកបង្ហាញដែលអេសេគាលបានឃើញនឹងកើតឡើងក្នុងសួនឧទ្យាន
១៦, ១៧. (ក) តើតាមរបៀបណាទឹកដែលផ្ដល់ជីវិតនឹងមានកាន់តែច្រើនក្នុងសួនឧទ្យាន? (ខ) តើតាមរបៀបណាយើងនឹងទទួលប្រយោជន៍ពីទន្លេដែលផ្ដល់ពរក្នុងសួនឧទ្យាន?
១៦ តើអ្នកអាចស្រមៃឃើញខ្លួនអ្នកនៅក្នុងសួនឧទ្យាន កំពុងអរសប្បាយនឹងជីវិតយ៉ាងពេញលេញជាមួយនឹងមិត្តភក្តិនិងក្រុមគ្រួសារឬទេ? ការរៀនអំពីទន្លេដែលអេសេគាលបានឃើញក្នុងគំនិត អាចជួយអ្នកឲ្យកាន់តែឃើញទិដ្ឋភាពនោះយ៉ាងរស់រវើក។ តើតាមរបៀបណា? សូមពិចារណាម្ដងទៀតនូវចំណុចបីយ៉ាងដែលច្បាស់និងប្រកបដោយសេចក្ដីស្រឡាញ់ក្នុងការបើកបង្ហាញនោះ។
១៧ ទន្លេដែលផ្ដល់ពរ។ ក្នុងន័យម្យ៉ាង ទន្លេនោះនឹងហូរខ្លាំងជាងនៅក្នុងសួនឧទ្យាន ព្រោះវាមិនគ្រាន់តែផ្ដល់ប្រយោជន៍ខាងជំនឿទេ តែក៏ផ្ដល់ប្រយោជន៍ខាងរូបកាយដែរ។ ក្នុងអំឡុងគ្រាគ្រប់គ្រង១.០០០ឆ្នាំរបស់លោកយេស៊ូ រាជាណាចក្រព្រះនឹងជួយមនុស្សស្មោះត្រង់ឲ្យទទួលប្រយោជន៍យ៉ាងពេញលេញពីថ្លៃលោះរបស់លោកយេស៊ូ។ បន្តិចម្ដងៗ ពួកគេនឹងទៅជាមនុស្សល្អឥតខ្ចោះ! នៅពេលនោះ នឹងលែងមានជំងឺ គ្រូពេទ្យ គិលានុបដ្ឋាក មន្ទីរពេទ្យ និងប័ណ្ណធានារ៉ាប់រងទៀតហើយ។ ទឹកដែលផ្ដល់ជីវិតនោះនឹងហូរទៅដល់មនុស្សរាប់លាននាក់ ដែលបានរួចរស់ជីវិតពីសង្គ្រាមអាម៉ាគេដូន គឺជា«មនុស្សមួយក្រុមធំ»ដែលចេញផុតពី«គ្រាទុក្ខវេទនាជាខ្លាំង»។ (បប. ៧:៩, ១៤) ប៉ុន្តែ ទោះជានៅដើមដំបូងទន្លេដែលផ្ដល់ពរហូរយ៉ាងអស្ចារ្យក៏ដោយ តែនោះគ្រាន់តែជាការហូររិញៗប៉ុណ្ណោះ បើប្រៀបធៀបនឹងអ្វីដែលនឹងកើតឡើងក្រោយមក។ ដូចបានបញ្ជាក់ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត ទន្លេនោះនឹងរីកកាន់តែធំ ហើយហូរកាន់តែលឿនដើម្បីបំពេញសេចក្ដីត្រូវការរបស់មនុស្សជាច្រើន។
១៨. តើទន្លេដែលមាន«ទឹកដែលផ្ដល់ជីវិត»នឹងក្លាយទៅជាទន្លេដ៏ធំនៅគ្រា១.០០០ឆ្នាំក្នុងន័យអ្វី?
១៨ ទឹកដែលផ្ដល់ជីវិត។ ក្នុងអំឡុងគ្រា១.០០០ឆ្នាំ «ទន្លេដែលមានទឹកដែលផ្ដល់ជីវិត» នឹងក្លាយទៅជាទន្លេដ៏ធំ។ (បប. ២២:១) មនុស្សរាប់ពាន់លាននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយទទួលឱកាសរស់ជារៀងរហូតក្នុងសួនឧទ្យាន។ ហេតុនេះ ពរពីព្រះយេហូវ៉ាតាមរយៈរាជាណាចក្ររបស់លោក នឹងរួមបញ្ចូលការធ្វើឲ្យមនុស្សច្រើនរាប់មិនអស់ដែលបានស្លាប់ជាយូរមកហើយ មានជីវិតឡើងវិញ។ (អេ. ២៦:១៩) ប៉ុន្តែ តើអស់អ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងរស់ជារៀងរហូតឬ?
១៩. (ក) តើអ្វីបញ្ជាក់ថានឹងមានទឹកថ្មីនៃសេចក្ដីពិតក្នុងសួនឧទ្យាន? (ខ) នៅថ្ងៃអនាគត តើអ្នកខ្លះនឹង«ពេញដោយជាតិអំបិល»ក្នុងន័យអ្វី?
១៩ បុគ្គលម្នាក់ៗត្រូវធ្វើការសម្រេចចិត្ត។ នៅគ្រានោះ រមូរថ្មីនឹងត្រូវបើកឡើង។ ដូច្នេះ ទឹកដែលផ្ដល់កម្លាំងចិត្តពីព្រះយេហូវ៉ានឹងរួមបញ្ចូលសេចក្ដីពិតថ្មី គឺការណែនាំថ្មីពីលោក។ ពេលគិតអំពីនោះគឺពិតជាគួរឲ្យរំភើបចិត្តណាស់ មែនទេ? ទោះជាយ៉ាងណាក្ដី មនុស្សខ្លះនឹងមិនព្រមទទួលពរនោះទេ ហើយសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ក្នុងអំឡុងគ្រា១.០០០ឆ្នាំ បុគ្គលខ្លះប្រហែលជាបះបោរប្រឆាំង។ ប៉ុន្តែ ពួកគេនឹងមិនត្រូវអនុញ្ញាតឲ្យបង្ខូចបរិយាកាសនៅក្នុងសួនឧទ្យានទេ។ (អេ. ៦៥:២០) យើងប្រហែលជានឹកគិតអំពីការបើកបង្ហាញដែលអេសេគាលបានឃើញ ហើយគិតអំពីត្រពាំងបឹងបួដែល«នៅពេញទៅដោយអំបិលដដែល»។ អស់អ្នកដែលមានចិត្តរឹងចចេស ហើយមិនព្រមផឹកទឹកដែលផ្ដល់ជីវិត គឺពិតជាល្ងីល្ងើណាស់! ក្រោយគ្រា១.០០០ឆ្នាំ ក្រុមមនុស្សបះបោរនឹងចូលខាងសាថាន។ អស់អ្នកដែលមិនព្រមចុះចូលក្រោមការគ្រប់គ្រងដ៏សុចរិតរបស់ព្រះយេហូវ៉ា នឹងទទួលលទ្ធផលដូចសាថានដែរ គឺសេចក្ដីស្លាប់ជារៀងរហូត។—បប. ២០:៧-១២
២០. ក្នុងអំឡុងគ្រា១.០០០ឆ្នាំ តើនឹងមានការរៀបចំអ្វីសម្រាប់ជាប្រយោជន៍ដល់យើងដែលរំលឹកយើងអំពីដើមឈើដែលអេសេគាលបានឃើញ?
២០ ដើមឈើសម្រាប់ជាអាហារនិងធ្វើឲ្យជាសះស្បើយ។ ព្រះយេហូវ៉ាមិនចង់ឲ្យយើងណាម្នាក់បាត់បង់ឱកាសរស់ជារៀងរហូតឡើយ។ ដើម្បីជួយយើងឲ្យចាប់យ៉ាងជាប់នូវឱកាសដ៏អស្ចារ្យនោះ ព្រះនឹងធ្វើឲ្យប្រាកដថាមានការរៀបចំមួយដូចអ្វីដែលអេសេគាលបានឃើញអំពីដើមឈើ។ ប៉ុន្តែក្នុងសួនឧទ្យាន ប្រយោជន៍ដែលយើងទទួលបានពីព្រះយេហូវ៉ាមិនគ្រាន់តែខាងរូបកាយប៉ុណ្ណោះទេ តែក៏ខាងចំណងមិត្តភាពជាមួយនឹងលោកដែរ។ នៅស្ថានសួគ៌ លោកយេស៊ូគ្រិស្តនិងពួក១៤៤.០០០នាក់ នឹងគ្រប់គ្រងជាមួយលោកជាស្ដេចអស់រយៈពេល១.០០០ឆ្នាំ។ ក្នុងនាមជាសង្ឃ ពួក១៤៤.០០០នាក់នឹងជួយមនុស្សស្មោះត្រង់ឲ្យទទួលប្រយោជន៍ពីគ្រឿងបូជាលោះរបស់គ្រិស្ត ព្រមទាំងជួយពួកគេឲ្យទៅជាល្អឥតខ្ចោះ។ (បប. ២០:៦) ការរៀបចំដែលផ្ដល់ប្រយោជន៍ខាងរូបកាយនិងខាងចំណងមិត្តភាពជាមួយព្រះ រំលឹកយើងអំពីដើមឈើតាមដងទន្លេដែលអេសេគាលបានឃើញ។ ដើមឈើទាំងនោះមានផ្លែដែលមានជីវជាតិ និងមានស្លឹកដែលធ្វើឲ្យជាសះស្បើយ។ ការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតស្រដៀងនឹងការបើកបង្ហាញដែលសាវ័កយ៉ូហានបានឃើញនិងកត់ទុកដែរ។ (សូមអាន ការបើកបង្ហាញ ២២:១, ២) ស្លឹកពីដើមឈើដែលយ៉ូហានបានឃើញ គឺ«សម្រាប់ធ្វើឲ្យប្រជាជាតិនានាជាសះស្បើយ»។ ហេតុនេះ មនុស្សស្មោះត្រង់ច្រើនឥតគណនានឹងទទួលប្រយោជន៍ពីកិច្ចបម្រើជាសង្ឃរបស់ពួក១៤៤.០០០នាក់។
២១. តើការរំពឹងគិតអំពីទន្លេដែលអេសេគាលបានឃើញមានឥទ្ធិពលយ៉ាងណាមកលើអ្នក? ហើយតើយើងនឹងពិចារណាអ្វីនៅជំពូកបន្ទាប់? (សូមមើលប្រអប់«ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!»)
២១ កាលដែលអ្នកបានរំពឹងគិតអំពីទន្លេដែលអេសេគាលបានឃើញ ចិត្តរបស់អ្នកច្បាស់ជាពេញទៅដោយសេចក្ដីសុខសាន្តនិងសេចក្ដីសង្ឃឹម មែនទេ? នៅថ្ងៃខាងមុខ ជាគ្រាដ៏អស្ចារ្យណាស់! សូមគិតទៅមើលតាំងពីប៉ុន្មានពាន់ឆ្នាំមុន ព្រះយេហូវ៉ាបានពណ៌នាយ៉ាងល្អិតល្អន់ក្នុងទំនាយផ្សេងៗ ដើម្បីជួយយើងឲ្យឃើញទិដ្ឋភាពដ៏រស់រវើកអំពីសួនឧទ្យាន។ ដោយចិត្តអត់ធ្មត់ លោកអញ្ជើញយើងឲ្យចូលសួនឧទ្យានដើម្បីឃើញសេចក្ដីសន្យាក្នុងទំនាយទាំងនោះក្លាយជាការពិត។ តើអ្នកនឹងនៅទីនោះឬទេ? អ្នកប្រហែលជាឆ្ងល់ថាតើពិតជានឹងមានកន្លែងមួយសម្រាប់អ្នកនៅក្នុងសួនឧទ្យានឬទេ? នៅជំពូកបន្ទាប់ សូមឲ្យយើងពិចារណាផ្នែកចុងក្រោយនៃទំនាយអេសេគាល ហើយនេះនឹងពង្រឹងទំនុកចិត្តរបស់យើង។
a បន្ថែមទៅទៀត ជនជាតិយូដាដែលជាជននិរទេសដែលចាំអំពីភូមិសាស្ត្រនៃស្រុកកំណើតខ្លួន ដឹងថាគ្មានទន្លេណាអាចហូរចេញពីក្រុងយេរូសាឡិមចូលទៅក្នុងសមុទ្រស្លាប់បានទេ ព្រោះមានតំបន់ខ្ពស់ៗជាច្រើនដែលទឹកមិនអាចហូរឡើងបានឡើយ។
b អ្នកខ្លះគិតថាឃ្លានេះសំដៅលើអ្វីល្អ។ ពួកគេវែកញែកថាការធ្វើអំបិលយកមកប្រើប្រាស់ គឺជាអាជីវកម្មទទួលបានកម្រៃច្រើនដែលមានតាំងពីយូរមកហើយនៅតំបន់សមុទ្រស្លាប់។ ប៉ុន្តែ សូមកត់សម្គាល់ថាកំណត់ហេតុគម្ពីរចែងចំៗថាត្រពាំងបឹងបួនៅក្បែរនោះ«នឹងមិនប្រែទៅជាទឹកសាបទេ»។ កន្លែងទាំងនោះគ្មានជីវិត ព្រោះទឹកដែលផ្ដល់ជីវិតពីវិហាររបស់ព្រះយេហូវ៉ាមិនបានហូរទៅដល់ទីនោះឡើយ។ ដូច្នេះ ក្នុងករណីនេះតាមមើលទៅ ការដែលត្រពាំងបឹងបួទាំងនោះពេញទៅដោយអំបិល គឺសំដៅលើអ្វីអាក្រក់វិញ។—ចសព. ១០៧:៣៣, ៣៤; យេ. ១៧:៦
c ស្រដៀងគ្នាដែរ សូមពិចារណាអំពីឧទាហរណ៍របស់លោកយេស៊ូអំពីអួន។ ត្រីជាច្រើនជាប់អួន តែមិនមែនត្រីទាំងអស់ជា«ត្រីល្អ»ឡើយ។ ត្រីដែលមិនអាចបរិភោគបាននឹងត្រូវបោះចោល។ យ៉ាងនេះ លោកយេស៊ូព្រមានថាមនុស្សមួយចំនួនដែលចូលមកក្នុងអង្គការរបស់ព្រះយេហូវ៉ា ប្រហែលជាលែងស្មោះត្រង់ក្រោយមក។—ម៉ាថ. ១៣:៤៧-៥០; ២ធី. ២:២០, ២១