«ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»
«មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះ[ពិត]នឹងបានចំរើនឡើង»។—ដាន. ១២:៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
នៅសម័យយើងនេះ តើ«ចំណេះ[ពិត]»បានត្រូវផ្សព្វផ្សាយយ៉ាងដូចម្ដេច?
តើតាមរបៀបណាពួកអ្នកដែលទទួលយកសេចក្ដីពិតមានគ្នាកាន់តែ«ច្រើន»?
តើតាមរបៀបណាចំណេះត្រឹមត្រូវបានត្រូវធ្វើឲ្យ«ចំរើនឡើង»?
១, ២. (ក) តើតាមរបៀបណាយើងអាចដឹងថាលោកយេស៊ូនៅជាមួយនឹងបណ្ដារាស្ត្ររបស់លោកនៅឥឡូវនេះ ហើយនឹងនៅជាមួយពួកគេនៅពេលអនាគត? (ខ) យោងទៅតាមដានីយ៉ែល ១២:៤ តើការសិក្សាបទគម្ពីរយ៉ាងហ្មត់ចត់នាំឲ្យមានលទ្ធផលយ៉ាងណា?
សូមនឹកគិតថាអ្នកនៅក្នុងសួនឧទ្យាន។ រាល់ព្រឹកអ្នកភ្ញាក់ឡើងដោយមានកម្លាំង ហើយរំភើបចិត្តនឹងចាប់ផ្ដើមថ្ងៃថ្មី។ អ្នកគ្មានការឈឺចុកចាប់។ អ្នកលែងមានបញ្ហាសុខភាពទៀត។ ប្រសាទទាំងអស់របស់អ្នកពោលគឺ ចក្ខុប្រសាទ សោតប្បសាទ កាយប្បសាទ ឃានប្រសាទ និងជិវ្ហាបសាទដំណើរការយ៉ាងល្អឥតខ្ចោះ។ អ្នកមានកម្លាំងពេញខ្លួន មានការងារដែលធ្វើឲ្យអ្នកសប្បាយ មានមិត្តភក្ដិជាច្រើន ហើយអ្នកលែងមានកង្វល់ទៀត។ នេះជាពរដែលអ្នកអាចទទួលនៅពេលដែលរាជាណាចក្រព្រះគ្រប់គ្រងលើផែនដី។ លោកយេស៊ូគ្រិស្តជាស្តេចដែលព្រះបានតែងតាំង នឹងឲ្យពរដល់បណ្ដារាស្ត្ររបស់លោក ហើយបង្រៀនពួកគេនូវចំណេះអំពីព្រះយេហូវ៉ា។
២ នៅគ្រានោះ ព្រះនិងបុត្ររបស់លោកនឹងជួយអ្នកបម្រើដែលស្មោះត្រង់ឲ្យបង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា។ តាមការពិត ព្រះនិងបុត្រលោកតែងតែបានជួយគ្រិស្តសាសនិកស្មោះត្រង់ឲ្យបង្រៀនអ្នកឯទៀត។ មុនពេលលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ លោកបានធានាអ្នកកាន់តាមស្មោះត្រង់របស់លោកថាលោកនឹងនៅជាមួយនឹងពួកគេ។ (សូមអាន ម៉ាថាយ ២៨:១៩, ២០) ដើម្បីពង្រឹងជំនឿរបស់យើងទៅលើសេចក្ដីសន្យារបស់លោកយេស៊ូ ឥឡូវយើងនឹងពិភាក្សាទំនាយមួយដែលដានីយ៉ែលបានសរសេរនៅបាប៊ីឡូនកាលពីជាង២.៥០០ឆ្នាំមុន។ ស្តីអំពី«គ្រាចុងបំផុត»ដែលយើងកំពុងរស់នៅ ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានសរសេរថា៖ «មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះ[ពិត]នឹងបានចំរើនឡើង»។ (ដាន. ១២:៤) ឥឡូវយើងបានដឹងថាក្នុងខនេះ ពាក្យ«ខំរកយល់»មានន័យថាសិក្សាយ៉ាងហ្មត់ចត់។ ទំនាយនេះបង្ហាញថាពួកអ្នកដែលសិក្សាយ៉ាងហ្មត់ចត់នូវបទគម្ពីរនឹងទទួលពរដ៏អស្ចារ្យដែលជាចំណេះពិតឬចំណេះត្រឹមត្រូវអំពីបណ្ដាំរបស់ព្រះ។ ទំនាយនេះក៏បញ្ជាក់ថាមនុស្សជាច្រើននឹងទទួលយក«ចំណេះ[ពិត]»។ ម្យ៉ាងទៀតចំណេះពិតនឹងមានច្រើន។ ពួកអ្នកដែលរកឃើញចំណេះពិតនឹងទទួលយកចំណេះនេះ ហើយបង្រៀនសេចក្ដីពិតនេះដល់អ្នកឯទៀត។ បន្ថែមទៅទៀត មនុស្សនៅគ្រប់ទីកន្លែងនឹងអាចរៀនសេចក្ដីពិតទាំងនេះបាន។ ពេលយើងពិចារណាអំពីរបៀបដែលទំនាយនេះបានសម្រេច យើងនឹងឃើញថាលោកយេស៊ូនៅជាមួយនឹងអ្នកកាន់តាមលោកសព្វថ្ងៃនេះ ហើយថាព្រះយេហូវ៉ាមានសមត្ថភាពពេញលេញក្នុងការសម្រេចអ្វីៗទាំងអស់ដែលលោកបានសន្យា។
គ្រិស្តសាសនិកដែលមានចិត្តស្មោះរកឃើញ«ចំណេះ[ពិត]»
៣. តើអ្វីបានកើតឡើងក្រោយពីពួកសាវ័កបានស្លាប់អស់?
៣ ក្រោយពីពួកសាវ័កបានស្លាប់អស់ ការក្បត់ជំនឿដែលសាវ័កប៉ូលបានទាយ បានចាប់ផ្ដើមហើយបានរាលដាលយ៉ាងឆាប់រហ័សដូចជាភ្លើង។ (សកម្ម. ២០:២៨-៣០; ២ថែ. ២:១-៣) អស់ជាច្រើនរយឆ្នាំ សូម្បីតែពួកអ្នកដែលអះអាងថាខ្លួនជាគ្រិស្តសាសនិក ក៏មិនមាន«ចំណេះ[ពិត]»ដែរ។ ទោះជាអ្នកដឹកនាំពិភពគ្រិស្តសាសនាអះអាងថាពួកគេជឿបទគម្ពីរក៏ដោយ ពួកគេបានបង្រៀនសេចក្ដីបង្រៀនមិនពិតខាងសាសនា ពោលគឺ«សេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច»ដែលធ្វើឲ្យព្រះអាប់ឱនកិត្ដិយស។ (១ធី. ៤:១) ជាលទ្ធផល មនុស្សភាគច្រើនមិនស្គាល់សេចក្ដីពិតអំពីព្រះឡើយ។ សេចក្ដីបង្រៀនរបស់អ្នកក្បត់ជំនឿរួមមាន សេចក្ដីបង្រៀនមិនពិតដែលថាព្រះគឺជាព្រះបីអង្គរួមគ្នាជាព្រះតែមួយ ថាព្រលឹងមិនស្លាប់ ហើយថាព្រលឹងខ្លះរងទុក្ខវេទនាជារៀងរហូតក្នុងភ្លើងនរក។
៤. តើតាមរបៀបណាគ្រិស្តសាសនិកមួយក្រុមនៅទសវត្សរ៍ឆ្នាំ១៨៧០ ចាប់ផ្ដើមស្វែងរក«ចំណេះ[ពិត]»?
៤ ក៏ប៉ុន្តែ នៅទសវត្សរ៍ឆ្នាំ១៨៧០ ប្រហែលជាបួនទសវត្សរ៍មុន«គ្រាចុងក្រោយបង្អស់»ចាប់ផ្ដើម គ្រិស្តសាសនិកដែលមានចិត្តស្មោះមួយក្រុមតូចនៅរដ្ឋប៉ិនស៊ីវ៉ានីនៅសហរដ្ឋអាម៉េរិក បានជួបជុំគ្នាដើម្បីសិក្សាគម្ពីរយ៉ាងហ្មត់ចត់ ហើយដើម្បីស្វែងរក«ចំណេះ[ពិត]»។ (២ធី. ៣:១) ពួកគាត់បានហៅខ្លួនថាជានិស្សិតគម្ពីរ។ ពួកគាត់ជាមនុស្សដែលមានចិត្តរាបទាបដែលពិតជាចង់ស្គាល់បំណងប្រាថ្នារបស់ព្រះ។ ពួកគាត់មិនមែនជា«អ្នកប្រាជ្ញនិងអ្នកចេះដឹង»ដែលលោកយេស៊ូបានមានប្រសាសន៍ថានឹងមិនអាចរកឃើញចំណេះពិតនោះទេ។ (ម៉ាថ. ១១:២៥) និស្សិតគម្ពីរបានអានបទគម្ពីរ ពិភាក្សា រំពឹងគិតអំពីបទគម្ពីរដោយយកចិត្តទុកដាក់ ហើយអធិដ្ឋានសុំការណែនាំពីព្រះ។ ពួកគាត់ក៏ប្រៀបធៀបខគម្ពីរមួយជាមួយនឹងខគម្ពីរផ្សេងទៀត ហើយសិក្សាអំពីសំណេររបស់អ្នកឯទៀតដែលបានស្វែងរកសេចក្ដីពិតក្នុងគម្ពីរ។ បន្ដិចម្ដងៗ និស្សិតគម្ពីរទាំងនេះបានរកឃើញសេចក្ដីពិតដែលមនុស្សមិនបានដឹងអស់រាប់សតវត្សរ៍មកហើយ។
៥. តើអ្វីជាគោលបំណងនៃខិត្តប័ណ្ណដែលចេញជាបន្តបន្ទាប់ដែលហៅថាសេចក្ដីបង្រៀនដើម?
៥ និស្សិតគម្ពីរសប្បាយចិត្តយ៉ាងខ្លាំងអំពីអ្វីដែលពួកគាត់បានដឹង ប៉ុន្តែពួកគាត់មិនមានអំណួតទេ។ ពួកគាត់បានដឹងថាសេចក្ដីពិតគឺមានក្នុងគម្ពីររួចហើយ។ ដូច្នេះ ពួកគាត់មិនបានប្រាប់អ្នកឯទៀតថាពួកគាត់បានរកឃើញអ្វីថ្មីនោះទេ។ (១កូ. ៨:១) ផ្ទុយទៅវិញ ពួកគាត់បានបោះពុម្ពខិត្តប័ណ្ណដែលចេញជាបន្តបន្ទាប់ដែលហៅថាសេចក្ដីបង្រៀនដើម ជាភាសាអង់គ្លេស។ ខិត្តប័ណ្ណនេះមានគោលបំណងជួយអ្នកអានឲ្យស្គាល់សេចក្ដីពិតដែលបានកត់ទុកក្នុងគម្ពីរ។ ខិត្តប័ណ្ណដំបូងនេះបានជួយមនុស្សឲ្យសិក្សាគម្ពីរដើម្បីឲ្យពួកគេអាចបដិសេធ«ទំនៀមទម្លាប់មិនត្រឹមត្រូវទាំងអស់របស់មនុស្ស» ហើយទទួលយកសេចក្ដីបង្រៀនពិតរបស់លោកយេស៊ូនិងពួកសាវ័កឬ«សេចក្ដីបង្រៀនដើម» (សេចក្ដីបង្រៀនដើម លេខទី១ ខែមេសា ឆ្នាំ១៨៨៩ ទំព័រ៣២)។
៦, ៧. (ក) តើសេចក្ដីពិតអំពីអ្វីខ្លះ ដែលសាក្សីព្រះយេហូវ៉ាបានរៀនតាំងពីទសវត្សរ៍ឆ្នាំ១៨៧០? (ខ) តើសេចក្ដីពិតអំពីអ្វីដែលអ្នកសប្បាយនឹងរៀនជាងគេ?
៦ តាំងពីទសវត្សរ៍ឆ្នាំ១៨៧០ សាក្សីព្រះយេហូវ៉ាបានរៀនសេចក្ដីពិតដ៏អស្ចារ្យជាច្រើន។a ពេលដែលយើងរៀនសេចក្ដីពិតទាំងនេះ យើងមិនត្រឹមតែកំពុងរៀនដើម្បីចង់ដឹងរឿងពិតប៉ុណ្ណោះទេ។ យើងកំពុងរៀនចំណេះដែលគួរឲ្យរំភើបចិត្តដែលធ្វើឲ្យជីវិតយើងកាន់តែប្រសើរឡើង។ សេចក្ដីពិតទាំងនេះធ្វើឲ្យយើងមានសុភមង្គល ផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹមចំពោះអនាគត ហើយជួយយើងឲ្យស្គាល់ព្រះយេហូវ៉ា ព្រមទាំងបុគ្គលិកលក្ខណៈដែលប្រកបដោយសេចក្ដីស្រឡាញ់និងគោលបំណងរបស់លោក។ សេចក្ដីពិតទាំងនេះប្រាប់ថាលោកយេស៊ូគ្រិស្តជាអ្នកណា ប្រាប់អំពីមូលហេតុដែលលោកមកផែនដីនិងមូលហេតុដែលលោកស្លាប់ ហើយប្រាប់អំពីអ្វីដែលលោកកំពុងធ្វើនៅសព្វថ្ងៃនេះ។ សេចក្ដីពិតដ៏មានតម្លៃទាំងនេះប្រាប់អំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ មូលហេតុដែលយើងស្លាប់ របៀបអធិដ្ឋាន និងរបៀបដែលយើងអាចមានសុភមង្គលពិត។
៧ ឥឡូវនេះយើងអាចយល់អំពីទំនាយផ្សេងៗដែលបានត្រូវ«បិទបាំង»ឬជាអាថ៌កំបាំងអស់រាប់ពាន់ឆ្នាំ ប៉ុន្តែកំពុងសម្រេចនៅគ្រាចុងបំផុត។ (ដាន. ១២:៩) ទំនាយទាំងនេះមាននៅក្នុងបទគម្ពីរ ជាពិសេសនៅសៀវភៅដំណឹងល្អនិងសៀវភៅការបើកបង្ហាញ។ សូម្បីតែអ្វីដែលយើងមិនអាចមើលឃើញដូចជាការតែងតាំងលោកយេស៊ូឲ្យធ្វើជាស្តេច សង្គ្រាមនៅស្ថានសួគ៌ និងការបោះទម្លាក់សាថានមកផែនដី ក៏ព្រះយេហូវ៉ាបានជួយយើងឲ្យយល់ដែរ។ (បប. ១២:៧-១២) ព្រះក៏ជួយឲ្យយើងយល់អត្ថន័យនៃអ្វីដែលយើងអាចឃើញ។ យើងយល់អំពីមូលហេតុដែលមានសង្គ្រាម ការរញ្ជួយដី រោគរាតត្បាត ការខ្វះស្បៀងអាហារ និងអំពីមូលហេតុដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ដែលធ្វើឲ្យគ្រាដែលយើងកំពុងរស់នៅនេះជាគ្រា«លំបាកណាស់»។—២ធី. ៣:១-៥; លូក. ២១:១០, ១១
៨. ចំពោះអ្វីៗដែលយើងបានឃើញនិងឮ តើយើងទទួលស្គាល់ថាអ្នកណាជួយយើង?
៨ លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថា៖ «អស់អ្នកណាដែលមើលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងមើលឃើញ អ្នកទាំងនោះមានសុភមង្គលហើយ។ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ធ្លាប់មានពួកអ្នកប្រកាសទំនាយនិងស្តេចជាច្រើននាក់ដែលចង់ឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ ក៏ចង់ឮអ្វីដែលអ្នកកំពុងឮ តែមិនបានឮដែរ»។ (លូក. ១០:២៣, ២៤) យើងទទួលស្គាល់ថាព្រះយេហូវ៉ាជួយយើងឲ្យឃើញនិងឮអ្វីៗទាំងនេះ។ យើងដឹងគុណខ្លាំងណាស់ដែលព្រះបានប្រើសកម្មពលបរិសុទ្ធរបស់លោក ពោលគឺ«អ្នកជួយ»ឲ្យជួយយើងយល់សេចក្ដីពិតយ៉ាងពេញលេញ។ (សូមអាន យ៉ូហាន ១៦:៧, ១៣) ចូរយើងឲ្យតម្លៃជានិច្ចទៅលើ«ចំណេះ[ពិត]» ហើយប្រាប់អ្នកឯទៀតអំពីចំណេះនេះដោយមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន!
«មនុស្សជាច្រើន»ទទួលយក«ចំណេះ[ពិត]»
៩. តើទស្សនាវដ្ដីប៉មយាមខែមេសា ឆ្នាំ១៨៨១ បានអំពាវនាវរកអ្វី?
៩ នៅខែមេសា ឆ្នាំ១៨៨១ ជិតពីរឆ្នាំក្រោយពីទស្សនាវដ្ដីប៉មយាមដំបូងបានត្រូវបោះពុម្ពផ្សាយ ទស្សនាវដ្ដីនេះបានអំពាវនាវរកអ្នកផ្សព្វផ្សាយ១.០០០នាក់។ អត្ថបទក្នុងទស្សនាវដ្ដីនេះបានអញ្ជើញអ្នកដែលអាចចំណាយពេលរបស់ពួកគេពាក់កណ្ដាលឬច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយ ដើម្បីក្លាយជាអ្នកត្រួសត្រាយ។ ទស្សនាវដ្ដីនេះបានសុំពួកគេឲ្យទៅគ្រប់កន្លែងទាំងអស់ដែលពួកគេអាចទៅបាន ដើម្បីស្វែងរកគ្រិស្តសាសនិកដែលមានចិត្តស្មោះ ជាអ្នកដែលស្រឡាញ់ព្រះ ប៉ុន្តែគ្មានចំណេះត្រឹមត្រូវ ហើយបង្រៀនអ្នកទាំងនោះនូវសេចក្ដីពិតអំពីព្រះនិងអំពីគម្ពីរ។
១០. តើមនុស្សបានធ្វើតាមការអំពាវនាវរកអ្នកផ្សព្វផ្សាយពេញពេលយ៉ាងដូចម្ដេច?
១០ ការអំពាវនាវនោះបង្ហាញថានិស្សិតគម្ពីរបានទទួលស្គាល់ថាកិច្ចការសំខាន់របស់គ្រិស្តសាសនិកពិត គឺកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ នៅពេលនោះមានមនុស្សតែពីរបីរយនាក់ប៉ុណ្ណោះបានចូលរួមប្រជុំជាមួយនិស្សិតគម្ពីរ ដូច្នេះមិនមានមនុស្សច្រើនដូចពួកគេសង្ឃឹមថានឹងធ្វើតាមសេចក្ដីអញ្ជើញនោះឡើយ។ ក៏ប៉ុន្តែ បន្ទាប់ពីមនុស្សជាច្រើនបានអានខិត្តប័ណ្ណឬទស្សនាវដ្ដីមួយ ពួកគេទទួលស្គាល់ថាជាសេចក្ដីពិត ហើយបានត្រៀមខ្លួនធ្វើតាមការអំពាវនាវនោះ។ ជាឧទាហរណ៍ ក្រោយពីបានអានទស្សនាវដ្ដីប៉មយាមនិងកូនសៀវភៅដែលបានបោះពុម្ពដោយនិស្សិតគម្ពីរនៅឆ្នាំ១៨៨២ អ្នកអានម្នាក់នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានសរសេរថា៖ «សូមបង្រៀនខ្ញុំអំពីរបៀបផ្សព្វផ្សាយនិងអ្វីដែលខ្ញុំត្រូវផ្សព្វផ្សាយ ដើម្បីអាចសម្រេចកិច្ចការដែលព្រះចង់ឲ្យធ្វើ»។
១១, ១២. (ក) តើអ្វីជាគោលដៅរបស់អ្នកត្រួសត្រាយ? (ខ) តើតាមរបៀបណាអ្នកត្រួសត្រាយបង្កើតក្រុមជំនុំថ្មី?
១១ នៅឆ្នាំ១៨៨៥ និស្សិតគម្ពីរប្រហែលជា៣០០នាក់ បានចូលរួមក្នុងកិច្ចបម្រើជាអ្នកត្រួសត្រាយ។ អ្នកត្រួសត្រាយពេញពេលទាំងនោះមានគោលដៅដូចយើងនៅសព្វថ្ងៃនេះដែរ ពោលគឺបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។ ប៉ុន្តែ វិធីសាស្ត្ររបស់ពួកគេគឺខុសគ្នាពីយើង។ សព្វថ្ងៃនេះ ធម្មតាយើងបង្រៀនសិស្សគម្ពីរម្ដងម្នាក់ៗ។ បន្ទាប់មក យើងអញ្ជើញសិស្សគម្ពីរឲ្យចូលរួមប្រជុំជាមួយក្រុមជំនុំដែលបានបង្កើតរួចហើយ។ នៅសម័យមុន អ្នកត្រួសត្រាយបានជូនសៀវភៅ ហើយបន្ទាប់មកពួកគាត់ប្រមូលពួកអ្នកចាប់អារម្មណ៍ឲ្យរៀនគម្ពីរជាក្រុម។ ជាជាងបង្រៀនមនុស្សម្នាក់ៗ ពួកគេបង្កើតជា«ក្រុម»ឬក្រុមជំនុំ។
១២ ជាឧទាហរណ៍ នៅឆ្នាំ១៩០៧ អ្នកត្រួសត្រាយមួយក្រុមបានទៅក្រុងមួយដើម្បីរកពួកអ្នកដែលបានទទួលសៀវភៅទីចាប់ផ្ដើមនៃរាជ្យមួយពាន់ឆ្នាំ (ដែលគេក៏ហៅថាការសិក្សានៅក្នុងបទគម្ពីរ) ជាភាសាអង់គ្លេស។ បន្ទាប់មក អ្នកត្រួសត្រាយបានអញ្ជើញពួកគាត់ឲ្យមកប្រជុំនៅក្នុងផ្ទះរបស់អ្នកចាប់អារម្មណ៍ម្នាក់នៅថ្ងៃអាទិត្យ។ នៅថ្ងៃអាទិត្យនោះ អ្នកត្រួសត្រាយម្នាក់បានថ្លែងសុន្ទរកថាមួយដែលមានមូលដ្ឋានលើសៀវភៅគម្រោងការណ៍របស់ព្រះនៃសម័យ ជាភាសាអង់គ្លេស អស់ពេញមួយថ្ងៃ។ នៅថ្ងៃអាទិត្យនាសប្ដាហ៍បន្ទាប់ គាត់បានលើកទឹកចិត្តពួកអ្នកដែលបានចូលរួមប្រជុំឲ្យបន្តប្រជុំគ្នាជាទៀងទាត់។ នៅឆ្នាំ១៩១១ បងប្អូនយើងបានផ្លាស់ប្ដូររបៀបបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ។ បងប្រុស៥៨នាក់ធ្វើដំណើរទៅតំបន់ផ្សេងៗនៅសហរដ្ឋអាម៉េរិកនិងប្រទេសកាណាដាដើម្បីថ្លែងសុន្ទរកថាសាធារណៈ។ បងប្អូនទាំងនោះបានសុំឈ្មោះនិងអាសយដ្ឋានរបស់អ្នកចាប់អារម្មណ៍ដែលបានមកស្ដាប់សុន្ទរកថា ហើយរៀបចំឲ្យពួកគេជួបជុំគ្នានៅផ្ទះរបស់អ្នកចាប់អារម្មណ៍ម្នាក់ដើម្បីបង្កើត«ក្រុម»ថ្មី។ នៅឆ្នាំ១៩១៤ នៅទូទាំងពិភពលោកមាន១.២០០ក្រុមជំនុំនៃនិស្សិតគម្ពីរ។
១៣. តើអ្វីធ្វើឲ្យអ្នកកោតស្ងើចចំពោះការផ្សព្វផ្សាយ?
១៣ សព្វថ្ងៃនេះ នៅពាសពេញពិភពលោកមានក្រុមជំនុំប្រហែលជា១០៩.៤០០ ហើយបងប្អូនប្រុសស្រីប្រហែលជា៨៩៥.៨០០បម្រើជាអ្នកត្រួសត្រាយ។ ឥឡូវនេះ មនុស្សជិត៨លាននាក់ទទួលយក«ចំណេះ[ពិត]»ដោយអនុវត្តចំណេះនោះនៅក្នុងជីវិតរបស់ពួកគេ។ (សូមអាន អេសាយ ៦០:២២)b នេះជាចំនួនដែលគួរឲ្យចាប់អារម្មណ៍មែន ដោយសារលោកយេស៊ូបានទាយថា៖ «មនុស្សទាំងអស់នឹងស្អប់»អ្នកកាន់តាមលោកដោយសារឈ្មោះរបស់លោក។ លោកបានបន្ថែមថាអ្នកកាន់តាមលោកនឹងត្រូវគេបៀតបៀន ចាប់ដាក់គុក ថែមទាំងសម្លាប់ពួកគេទៀតផង។ (លូក. ២១:១២-១៧) ទោះជាមានការប្រឆាំងពីសាថាន ពួកវិញ្ញាណកំណាចរបស់វា និងអ្នកប្រឆាំងដែលជាមនុស្សជាតិក៏ដោយ រាស្ត្ររបស់ព្រះយេហូវ៉ាបានទទួលជោគជ័យដ៏អស្ចារ្យក្នុងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ ដែលជាភារកិច្ចរបស់ពួកគេ។ សព្វថ្ងៃនេះ ពួកគេកំពុងផ្សព្វផ្សាយនៅ«គ្រប់ទីអាស្រ័យនៅផែនដី» ពីតំបន់ព្រៃស្តុកនាតំបន់ត្រូពិចដល់តំបន់ភាគខាងជើងដែលត្រជាក់ខ្លាំង នៅទីរហោឋាន នៅតំបន់ភ្នំ នៅទីក្រុងនិងនៅជនបទដាច់ស្រយាល។ (ម៉ាថ. ២៤:១៤) កិច្ចការនេះមិនអាចសម្រេចបានឡើយបើគ្មានការគាំទ្រពីព្រះទេ។
«ចំណេះ[ពិត]»កាន់តែ«ចំរើនឡើង»
១៤. តើតាមរបៀបណា«ចំណេះ[ពិត]»បានត្រូវគេស្គាល់ជាទូទៅតាមរយៈសៀវភៅផ្សេងៗនិងទស្សនាវដ្ដី?
១៤ «ចំណេះ[ពិត]»បានកាន់តែចម្រើនឡើងតាមរយៈអ្នកផ្សព្វផ្សាយដំណឹងល្អជាច្រើននាក់។ ចំណេះនេះក៏បានចម្រើនឡើងតាមរយៈសៀវភៅផ្សេងៗនិងទស្សនាវដ្ដីដែរ។ នៅខែកក្កដា ឆ្នាំ១៨៧៩ និស្សិតគម្ពីរបានចេញលេខដំបូងនៃទស្សនាវដ្ដីនេះ ដែលមានចំណងជើងថាទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនដែលប្រកាសវត្តមានរបស់គ្រិស្ត ជាភាសាអង់គ្លេស។ និស្សិតគម្ពីរបានជួលក្រុមហ៊ុនមួយបោះពុម្ពលេខដំបូងនៃទស្សនាវដ្ដីនេះចំនួន៦.០០០ច្បាប់ជាភាសាអង់គ្លេស។ បងប្រុសឆាល្សថេហ្ស រ៉ាសិលដែលមានអាយុ២៧ឆ្នាំ បានត្រូវជ្រើសរើសឲ្យធ្វើជាអ្នកទទួលខុសត្រូវផ្នែកខាងបោះពុម្ពផ្សាយ ដោយមាននិស្សិតគម្ពីរដែលមានគំនិតចាស់ទុំ៥នាក់ទៀតបម្រើជាអ្នកសរសេរអត្ថបទជាទៀងទាត់។ ឥឡូវទស្សនាវដ្ដីប៉មយាមនេះបានត្រូវបោះពុម្ព១៩៥ភាសា។ ទស្សនាវដ្ដីនេះបានត្រូវបោះពុម្ពផ្សាយច្រើនជាងគេលើពិភពលោក ក្នុងមួយលេខៗមាន៤២.១៨២.០០០ច្បាប់។ ទស្សនាវដ្ដីបន្ទាប់គឺទស្សនាវដ្ដីភ្ញាក់រលឹក! ជាភាសាអង់គ្លេស ដែលបានត្រូវបោះពុម្ពផ្សាយ៤១.០៤២.០០០ច្បាប់ ក្នុង៨៤ភាសា។ ម្យ៉ាងទៀត សៀវភៅនិងគម្ពីរប្រហែលជា១០០លានក្បាលបានត្រូវបោះពុម្ពផ្សាយរាល់ឆ្នាំ។
១៥. តើកិច្ចការបោះពុម្ពផ្សាយរបស់យើងបានត្រូវគាំទ្រដោយអ្វី?
១៥ កិច្ចការដ៏ធំសម្បើមនេះបានត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត។ (សូមអាន ម៉ាថាយ ១០:៨) ពួកអ្នកដែលរកស៊ីបោះពុម្ពស្ងើចសរសើរចំពោះកិច្ចការដែលគាំទ្រដោយវិភាគទាននេះ ដោយសារពួកគេដឹងថាម៉ាស៊ីនបោះពុម្ព ក្រដាស ទឹកខ្មៅនិងឧបករណ៍ឯទៀតសម្រាប់បោះពុម្ពគឺថ្លៃណាស់។ បងប្រុសដែលទទួលខុសត្រូវខាងការទិញសម្ភារបោះពុម្ពបាននិយាយថា៖ «ពួកអ្នករកស៊ីដែលបានមកមើលរោងពុម្ពរបស់យើងបានកោតស្ងើចថា ម៉ាស៊ីនបោះពុម្ពបែបនេះដែលប្រើបច្ចេកវិជ្ជាជឿនលឿនហើយដែលផលិតសៀវភៅនិងទស្សនាវដ្ដីបានច្រើនអាចត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត។ ពួកគេក៏កោតស្ងើចដែរដោយឃើញបងប្អូនដែលបម្រើនៅបេតអែលសុទ្ធតែក្មេងៗ ហើយបម្រើដោយសប្បាយរីករាយ»។
ចំណេះរបស់ព្រះនឹងមានពេញផែនដី
១៦. តើអ្វីជាគោលបំណងនៃកិច្ចផ្សព្វផ្សាយអំពី«ចំណេះ[ពិត]»?
១៦ ព្រះយេហូវ៉ាបានធ្វើឲ្យ«ចំណេះ[ពិត]»ចម្រើនឡើង ដោយសារបំណងប្រាថ្នារបស់លោកគឺ«ឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:៣, ៤) ព្រះយេហូវ៉ាចង់ឲ្យមនុស្សស្គាល់សេចក្ដីពិតដើម្បីពួកគេអាចគោរពប្រណិប័តន៍លោកតាមរបៀបត្រឹមត្រូវ និងទទួលពរពីលោក។ តាមរយៈកិច្ចផ្សព្វផ្សាយអំពី«ចំណេះ[ពិត]» ព្រះយេហូវ៉ាបានប្រមូលគ្រិស្តសាសនិកស្មោះត្រង់ដែលលោកបានរើសតាំងឲ្យឡើងទៅស្ថានសួគ៌។ តាមរយៈកិច្ចការនេះដែរ លោកបានប្រមូល«មនុស្សមួយក្រុមធំ»ដែលមកពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតលើផែនដី។—បប. ៧:៩
១៧. តើការរីកចម្រើននៃការគោរពប្រណិប័តន៍ពិតបង្ហាញអំពីអ្វី?
១៧ ការរីកចម្រើននៃការគោរពប្រណិប័តន៍ពិតក្នុងរយៈពេលជាង១៣០ឆ្នាំកន្លងទៅនេះ បង្ហាញយ៉ាងច្បាស់ថា ព្រះនិងលោកយេស៊ូគ្រិស្តដែលជាស្តេចដែលលោកបានតែងតាំង បាននៅជាមួយនិងអ្នកបម្រើរបស់ព្រះយេហូវ៉ាដែលនៅលើផែនដី ពោលគឺណែនាំ ការពារ រៀបចំនិងបង្ហាត់បង្រៀនពួកគេ។ ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់លោកថាជួយមនុស្សជាច្រើនឲ្យរកឃើញសេចក្ដីពិតនៅសម័យយើងនេះ ដូច្នេះយើងអាចប្រាកដថាលោកនឹងធ្វើតាមសេចក្ដីសន្យារបស់លោកនៅអនាគត។ មនុស្ស«ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ានៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។ (អេ. ១១:៩) ហេតុនេះ មនុស្សជាតិនឹងទទួលពរដ៏អស្ចារ្យមែន!
[កំណត់សម្គាល់]
a អ្នកនឹងទទួលប្រយោជន៍ដោយមើលឌីវីឌីដែលមានចំណងជើងថា សាក្សីព្រះយេហូវ៉ាបង្ហាញជំនឿ ភាគទី១: ពេលចេញពីសេចក្ដីងងឹត និងសាក្សីព្រះយេហូវ៉ាបង្ហាញជំនឿ ភាគទី២: ចូរឲ្យពន្លឺភ្លឺឡើង ជាភាសាអង់គ្លេស។
b សូមមើលសៀវភៅបទទំនាយរបស់អេសាយគឺជាពន្លឺសម្រាប់មនុស្សជាតិ ភាគទី២ ទំព័រ៣២០ ជាភាសាអង់គ្លេស។
[រូបភាពនៅទំព័រ៦]
និស្សិតគម្ពីរនៅសម័យមុនជាមនុស្សដែលមានចិត្តរាបទាបដែលចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយស្មោះពីចិត្ត
[រូបភាពនៅទំព័រ៧]
ព្រះយេហូវ៉ាឲ្យតម្លៃចំពោះការព្យាយាមរបស់អ្នកក្នុងការធ្វើឲ្យ«ចំណេះ[ពិត]»របស់ព្រះបានឮសុសសាយ