ដំណើររស់ឡើងវិញជាសេចក្ដីបង្រៀនដែលមានអានុភាពលើអ្នក
«ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥
១. តើសេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញបានក្លាយជារឿងជម្លោះចំពោះតុលាការជាន់ខ្ពស់ដោយព្រោះអ្វី?
នៅឆ្នាំ៥៦ គ.ស. ប៉ុលបានបង្ហើយបេសកកម្មទីបីរបស់គាត់ជាសាសនទូត ហើយត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ។ ពេលពួកសាសន៍រ៉ូមឃាត់ទុកប៉ុលនៅទីនោះ គេក៏អនុញ្ញាតឲ្យគាត់ចូលបង្ហាញខ្លួននៅមុខក្រុមជំនុំឬក្រុមប្រឹក្សាដែលជាតុលាការជាន់ខ្ពស់នៃសាសន៍យូដា។ (កិច្ចការ ២២:២៩, ៣០) ពេលដែលប៉ុលសំឡឹងមើលសមាជិកនៃតុលាការនោះ គាត់បានកត់សម្គាល់ថា អ្នកខ្លះជាពួកសាឌូស៊ី ហើយខ្លះទៀតជាពួកផារិស៊ី។ ក្រុមទាំងពីរនោះមានទស្សនៈមួយដែលខុសស្រឡះពីគ្នា។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់អាចរស់ឡើងវិញបានទេ តែពួកផារិស៊ីជឿវិញ។ ដើម្បីបង្ហាញពីទស្សនៈរបស់ខ្លួនស្តីអំពីដំណើររស់ឡើងវិញនោះ ប៉ុលបានប្រកាសថា៖ «បងប្អូនរាល់គ្នាអើយ! ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជំរះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ ដោយនិយាយដូច្នេះ ប៉ុលបានធ្វើឲ្យមានចលាចលក្នុងចំណោមពួកជំនុំនោះ!—កិច្ចការ ២៣:៦-៩
២. ហេតុអ្វីបានជាប៉ុលប្រុងប្រៀបតបឆ្លើយដើម្បីបញ្ជាក់ពីជំនឿរបស់ខ្លួនទៅលើដំណើររស់ឡើងវិញ?
២ ប៉ុន្មានឆ្នាំមុននោះ ពេលដែលប៉ុលបានធ្វើដំណើរតាមផ្លូវទៅឯក្រុងដាម៉ាស គាត់បានឃើញចក្ខុនិមិត្តនិងឮព្រះសូរសៀងរបស់ព្រះយេស៊ូ។ ប៉ុលក៏បានសួរទ្រង់ថា៖ «ព្រះអម្ចាស់អើយ! តើត្រូវឲ្យទូលបង្គំធ្វើដូចម្ដេច?»។ ព្រះយេស៊ូបានឆ្លើយថា៖ «ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ»។ ពេលដែលប៉ុលទៅដល់ទីក្រុងដាម៉ាសនោះ គ្រីស្ទានម្នាក់ឈ្មោះអាន្ន៉ានាសបានមកជួបប៉ុលដោយមានចិត្តល្អចង់ជួយគាត់។ អាន្ន៉ានាសបានពន្យល់ថា៖ «ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត[គឺព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ] ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់»។ (កិច្ចការ ២២:៦-១៦) បើដូច្នេះ មិនគួរឲ្យងឿងឆ្ងល់ឡើយ ថាប៉ុលប្រុងប្រៀបតបឆ្លើយដើម្បីបញ្ជាក់ពីជំនឿរបស់ខ្លួនទៅលើដំណើររស់ឡើងវិញ។—ពេត្រុសទី១ ៣:១៥
ការប្រកាសជាសាធារណៈ នូវសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ
៣, ៤. តើប៉ុលបង្ហាញយ៉ាងណាថាខ្លួនជឿស៊ប់ទៅលើដំណើររស់ឡើងវិញ? តើយើងអាចរៀនអ្វីពីគំរូរបស់គាត់?
៣ ក្រោយមក គេនាំប៉ុលឲ្យបង្ហាញខ្លួននៅមុខចៅហ្វាយខេត្តឈ្មោះភេលីច។ ពេលនោះ លោកទើទូលុស ដែលជា«មនុស្សម្នាក់មានវោហារ»ដែលតំណាងពួកយូដាក្នុងក្ដីប្រឆាំងនឹងប៉ុល គាត់បានចោទប្រកាន់នឹងប៉ុលថា មានទោសជាមេនិកាយមួយ ហើយជាអ្នកបះបោរនឹងពួករាជការ។ ក្នុងការតបតចំពោះគាត់ ប៉ុលបានប្រកាសដោយឥតញញើតថា៖ «សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្ដិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា»។ ក្រោយមក ប៉ុលបាននិយាយអំពីរឿងចំបងនោះថា៖ «ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរគឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៣:២៣, ២៤; ២៤:១-៨, ១៤, ១៥
៤ ប្រមាណពីរឆ្នាំក្រោយនោះមក លោកព័រគាស ភេស្ទុសដែលជាអ្នកស្នងអំណាចបន្ទាប់ពីលោកភេលីច បានអញ្ជើញស្តេចហេរ៉ូឌ អ័គ្រីប៉ាឲ្យចូលរួមឈ្លេចសួរប៉ុលដែលជាអ្នកជាប់ចំណង។ ភេស្ទុសបានពន្យល់ថា ពួកអ្នកចោទប្រឆាំងនឹងប៉ុលមិនយល់ស្របតាមអំណះអំណាងរបស់ប៉ុលដែលថា «យេស៊ូវ ដែលស្លាប់ទៅហើយ . . . នៅរស់ទេ»។ ប៉ុលបានដោះសាឬពន្យល់ពីជំនឿរបស់ខ្លួនដោយសួរថា៖ «ហេតុអ្វីបានជាអស់លោកទាំងឡាយរាប់សេចក្ដីដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថាជាសេចក្ដីមិនគួរជឿ?»។ រួចមក ប៉ុលបានប្រកាសថា៖ «ព្រះទ្រង់បានជួយទូលបង្គំ ដរាបមកដល់ថ្ងៃនេះ បានជាទូលបង្គំឈរធ្វើបន្ទាល់ដល់អ្នកតូចធំ ដោយគ្មាននិយាយអ្វីឲ្យលើសពីសេចក្ដីដែលពួកហោរា នឹងលោកម៉ូសេបានទាយថាត្រូវមកនោះឡើយ គឺថាព្រះគ្រីស្ទត្រូវរងទុក្ខ ហើយថា ដោយសារទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់ នោះទ្រង់បានប្រកាសប្រាប់ពីពន្លឺដល់សាសន៍នេះ ហើយដល់សាសន៍ដទៃផង»។ (កិច្ចការ ២៤:២៧; ២៥:១៣-២២; ២៦:៨, ២២, ២៣) ប៉ុលពិតជាបានបង្ហាញជំនឿមាំមួនទៅលើដំណើររស់ឡើងវិញមែន! យើងអាចធ្វើដូចប៉ុលដែរ ដោយបង្ហាញចិត្តអង់អាចក្នុងការប្រកាសប្រាប់ថា ពិតជានឹងមានដំណើររស់ឡើងវិញនៅពេលអនាគតមែន។ ប៉ុន្តែ តើយើងអាចស្មានថាមនុស្សនឹងមានទឹកចិត្តបែបណាពេលឮ? គឺប្រហែលជាមានប្រតិកម្មដូចប៉ុលបានប្រឈមមុខនោះដែរ។
៥, ៦. (ក) ពេលដែលពួកសាវ័កលើកបញ្ជាក់ពីដំណើររស់ឡើងវិញនោះ តើមនុស្សមានអារម្មណ៍យ៉ាងណា? (ខ) ពេលបញ្ជាក់អំពីសេចក្ដីសង្ឃឹមរបស់យើងទៅលើដំណើររស់ឡើងវិញ តើចាំបាច់ឲ្យយើងធ្វើអ្វី?
៥ សូមគិតអំពីអ្វីដែលបានកើតឡើងមិនយូរប៉ុន្មានមុននោះទៅទៀត គឺពេលដែលប៉ុលបានធ្វើបេសកកម្មទីពីររបស់គាត់ជាសាសនទូត (ប្រហែលជាឆ្នាំ៤៩-៥២ គ.ស.) ពេលដែលគាត់ទៅលេងទីក្រុងអាថែន។ ប៉ុលបានលើកហេតុផលក្នុងការពន្យល់ដល់មនុស្សដែលជឿទៅលើព្រះផ្សេងៗជាច្រើន ហើយគាត់បានដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះក្នុងការជំនុំជំរះលោកីយ៍ដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ដែលទ្រង់បានដំរូវឬតែងតាំងរួចហើយ។ មនុស្សម្នាក់នោះសំដៅទៅលើព្រះយេស៊ូ។ ប៉ុលពន្យល់ថា ព្រះបានដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ឬធានាអំពីគោលបំណងនោះ ដោយប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ។ តើបណ្ដាជនដែលស្ដាប់សារនោះមានអារម្មណ៍យ៉ាងណា? យើងអានថា៖ «កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា៖ ‹យើងនឹងស្ដាប់អ្នកពីដំណើរនេះម្ដងទៀត›»។—កិច្ចការ ១៧:២៩-៣២
៦ អារម្មណ៍របស់បណ្ដាជននោះគឺដូចនឹងអ្វីដែលពេត្រុសនិងយ៉ូហានបានពិសោធមិនយូរប៉ុន្មានក្រោយពីបុណ្យថ្ងៃទី៥០ នៅឆ្នាំ៣៣ គ.ស.។ ម្ដងនោះទៀត ពួកសាឌូស៊ីមានមុខនាទីសំខាន់ដែលពាក់ព័ន្ធនឹងរឿងទំនាស់។ កិច្ចការ ៤:១-៤ រៀបរាប់ពីអ្វីដែលបានកើតឡើងថា៖ «កាលអ្នកទាំង២កំពុងតែនិយាយនឹងបណ្ដាជននៅឡើយ នោះពួកសង្ឃ នឹងពួកសាឌូស៊ី ព្រមទាំងមេទ័ពរក្សាព្រះវិហារក៏មកដល់ គេមានសេចក្ដីអាក់អន់ចិត្តពីដំណើរដែលគាត់បង្រៀនដល់ពួកជន ហើយក៏សំដែងប្រាប់ដល់បណ្ដាជន ពីសេចក្ដីរស់ពីស្លាប់ឡើងវិញ ដោយសារព្រះយេស៊ូវ»។ ប៉ុន្តែ មនុស្សឯទៀតពេញចិត្តវិញ។ «ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ។ ហើយពួកដែលជឿក៏បានកើនឡើង មានប្រុសៗប្រហែលជា៥ពាន់នាក់»។ តាមមើលទៅ យើងគួរដឹងថាមនុស្សនឹងមានអារម្មណ៍ផ្សេងៗដែរ ពេលដែលយើងនិយាយអំពីសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ។ ហេតុនេះហើយបានជាចាំបាច់ណាស់ឲ្យយើងពង្រឹងជំនឿរបស់យើងទៅលើសេចក្ដីបង្រៀនមួយនេះ។
ជំនឿនិងដំណើររស់ឡើងវិញ
៧, ៨. (ក) ដូចបានបញ្ជាក់ក្នុងសំបុត្រមួយដែលផ្ញើដល់ក្រុមជំនុំនៅទីក្រុងកូរិនថូសនាសតវត្សរ៍ទីមួយនោះ តើជំនឿអាចក្លាយជាឥតប្រយោជន៍ឬឥតអំពើដោយដូចម្ដេច? (ខ) តើការយល់ដឹងយ៉ាងត្រឹមត្រូវអំពីដំណើររស់ឡើងវិញនោះ ញែកគ្រីស្ទានពិតដោយឡែកយ៉ាងដូចម្ដេច?
៧ ក្នុងចំណោមពួកអ្នកដែលបានក្លាយជាជនគ្រីស្ទាននៅសតវត្សរ៍ទីមួយ គ.ស. មិនស្រួលទេឲ្យគ្រប់គ្នាឆាប់មានសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ។ បងប្អូនខ្លះពីក្រុមជំនុំនៅទីក្រុងកូរិនថូសក៏ពិបាកជឿដែរ។ ប៉ុលបានសរសេរជូនពួកគាត់ថា៖ «មុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»។ រួចមកប៉ុលបានបញ្ជាក់ពីសេចក្ដីពិតនេះដោយមានប្រសាសន៍ថា ព្រះគ្រីស្ទដែលបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ «ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញ» ហើយប៉ុលបានបញ្ជាក់ថែមទៀតថា នៅសម័យដែលគាត់សរសេរសំបុត្រនោះ សាក្សីជាច្រើននៅរស់នៅឡើយ។ (កូរិនថូសទី១ ១៥:៣-៨) ប៉ុលបានលើកហេតុផលទៀតថា៖ «បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្ដេចឲ្យពួកអ្នករាល់គ្នាខ្លះនិយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ? បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ។ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ»។—កូរិនថូសទី១ ១៥:១២-១៤
៨ ពិតមែនហើយ សេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញជារឿងសំខាន់ដល់ម្ល៉េះបានជាជំនឿគ្រីស្ទានឥតមានប្រយោជន៍បើមិនទទួលស្គាល់ដំណើររស់ឡើងវិញជាអ្វីដែលកើតឡើងពិត។ ប្រាកដហើយ ការយល់ដឹងអំពីដំណើររស់ឡើងវិញយ៉ាងត្រឹមត្រូវនោះ ក៏ញែកគ្រីស្ទានពិតដោយឡែកពីគ្រីស្ទានមិនពិត។ (លោកុប្បត្តិ ៣:៤; អេសេគាល ១៨:៤) ហេតុនេះហើយបានជាប៉ុលសំដៅទៅលើសេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញជា«បថមសិក្សា»មួយនៃជំនឿរបស់ពួកគ្រីស្ទាន។ ចូរឲ្យយើងប្ដេជ្ញាចិត្ត«ខំឲ្យបានជឿនទៅមុខ»។ ប៉ុលក៏ជំរុញចិត្តថា៖ ‹យើងនឹងធ្វើការនោះបាន បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ›។—ហេព្រើរ ៦:១-៣
សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ
៩, ១០. ពេលដែលព្រះគម្ពីរសំដៅទៅលើដំណើររស់ឡើងវិញ តើនេះមានន័យអ្វី?
៩ សូមពិនិត្យមើលសំនួរខ្លះដែលអាចពង្រឹងជំនឿរបស់យើងថែមទៀតទៅលើដំណើររស់ឡើងវិញ។ មានសំនួរដូចតទៅថា៖ តើព្រះគម្ពីរមានន័យអ្វីពេលសំដៅទៅលើដំណើររស់ឡើងវិញ? តើសេចក្ដីបង្រៀនអំពីដំណើររស់ឡើងវិញជួយបង្ហើបឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានយ៉ាងណា? ចម្លើយចំពោះសំនួរទាំងនេះនឹងជួយយើងចូលកាន់តែជិតព្រះយេហូវ៉ា ហើយដំណាលគ្នានោះនឹងជួយយើងបង្រៀនមនុស្សដទៃផងដែរ។—ធីម៉ូថេទី២ ២:២; យ៉ាកុប ៤:៨
១០ ពាក្យ«រស់ឡើងវិញ»ជាការបកប្រែនូវពាក្យភាសាក្រិចដែលមានន័យចំៗថា «ការក្រោកឈរឡើងម្ដងទៀត»។ តើសេចក្ដីនេះរួមបញ្ចូលអ្វីខ្លះ? យោងទៅតាមព្រះគម្ពីរ សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញជាជំនឿស៊ប់ថា មនុស្សស្លាប់អាចរស់ម្ដងទៀតបាន។ ព្រះគម្ពីរបង្ហាញទៀតថា មនុស្សអាចរស់ឡើងវិញដោយមានរូបកាយជាមនុស្សឬជាវិញ្ញាណ អាស្រ័យលើគាត់មានសង្ឃឹមរស់នៅលើផែនដីឬនៅស្ថានសួគ៌។ យើងនឹកមិនដល់ចំពោះសេចក្ដីស្រឡាញ់ ប្រាជ្ញានិងតេជានុភាពរបស់ព្រះយេហូវ៉ាដែលសម្ដែងមកដោយសេចក្ដីសង្ឃឹមឲ្យបានជីវិតរស់ឡើងវិញ។
១១. ស្តីអំពីដំណើររស់ឡើងវិញនោះ តើអ្នកបំរើចាក់ប្រេងតាំងរបស់ព្រះមានសេចក្ដីសង្ឃឹមអ្វី?
១១ ការប្រោសព្រះយេស៊ូនិងបងប្អូនអ្នកចាក់ប្រេងតាំងរបស់ទ្រង់ឲ្យរស់ឡើងវិញនោះ ផ្ដល់ឲ្យទ្រង់និងពួកគាត់មានរូបកាយខាងវិញ្ញាណដែលអនុញ្ញាតឲ្យបំរើការនៅឯស្ថានសួគ៌។ (កូរិនថូសទី១ ១៥:៣៥-៣៨, ៤២-៥៣) ព្រះយេស៊ូនិងអ្នកចាក់ប្រេងតាំងទាំងនោះនឹងបំរើជាអ្នកគ្រប់គ្រងក្នុងរាជាណាចក្រនៃព្រះមេស្ស៊ី ដែលនឹងនាំឲ្យមានស្ថានភាពជាសួនមនោរម្យនៅលើផែនដី។ ពួកអ្នកចាក់ប្រេងតាំងជាសង្ឃហ្លួងឬជាសង្ឃផងស្តេចផង នៅក្រោមការដឹកនាំរបស់ព្រះយេស៊ូជាសម្ដេចសង្ឃ។ ព្រះយេស៊ូនិងពួកអ្នកចាក់ប្រេងតាំងនឹងនាំមនុស្សជាតិទៅក្នុងពិភពលោកថ្មីដ៏សុចរិតនោះ ឲ្យទទួលប្រយោជន៍ពីយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ (ហេព្រើរ ៧:២៥, ២៦; ៩:២៤; ពេត្រុសទី១ ២:៩; វិវរណៈ ២២:១, ២) ទំរាំដល់ពេលនោះ ពួកអ្នកចាក់ប្រេងតាំងដែលនៅរស់នៅលើផែនដីនៅឡើយ មានចិត្តប្រាថ្នាចង់រក្សាឲ្យមានលក្ខណៈដែលផ្គាប់ព្រះហឫទ័យព្រះ។ ពេលដែលពួកគាត់ទទួលមរណភាព គាត់នឹង«ទទួលតាម[ឬ«ទទួលផល», ខ.ស.]»ជាការរស់ឡើងឲ្យមានជីវិតអមតៈជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌។ (កូរិនថូសទី២ ៥:១-៣, ៦-៨, ១០; កូរិនថូសទី១ ១៥:៥១, ៥២; វិវរណៈ ១៤:១៣) ប៉ុលបានសរសេរថា៖ «បើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្ដីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្ដីរស់ឡើងវិញរបស់ទ្រង់ដែរ»។ (រ៉ូម ៦:៥) ប៉ុន្តែ ចុះយ៉ាងណាចំពោះពួកអ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញជាមនុស្សនៅលើផែនដីនេះម្ដងទៀត? តើសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញអាចជួយពួកគាត់ចូលទៅជិតព្រះយេហូវ៉ាច្រើនជាងបានទេ? យើងអាចរៀនច្រើនពីគំរូរបស់លោកអ័ប្រាហាំ។
ដំណើររស់ឡើងវិញនិងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា
១២, ១៣. តើអ័ប្រាហាំមានមូលដ្ឋានដ៏រឹងមាំអ្វី សំរាប់ជំនឿទៅលើដំណើររស់ឡើងវិញ?
១២ លោកអ័ប្រាហាំបានត្រូវពណ៌នាជា«សំឡាញ់របស់[ព្រះយេហូវ៉ា]» ហើយគាត់ជាបុរសដែលបង្ហាញជំនឿដ៏អស្ចារ្យ។ (យ៉ាកុប ២:២៣) ប៉ុលបានសំដៅទៅលើជំនឿរបស់អ័ប្រាហាំបីដង ពេលដែលគាត់រៀបរាប់អំពីបុរសនិងស្ត្រីដែលបង្ហាញចិត្តស្មោះភក្ដី ដែលបានកត់ទុកក្នុងសៀវភៅហេព្រើរ ជំពូកទី១១។ (ហេព្រើរ ១១:៨, ៩, ១៧) លើកទីបីដែលប៉ុលសំដៅទៅលើអ័ប្រាហាំនោះ គឺដៅបញ្ជាក់ពីជំនឿដែលអ័ប្រាហាំបង្ហាញដោយស្ដាប់បង្គាប់ព្រះ ពេលបានត្រៀមថ្វាយកូនឈ្មោះអ៊ីសាក ជាយញ្ញបូជា។ អ័ប្រាហាំមានជំនឿស៊ប់ថា ព្រះយេហូវ៉ាបានធានារួចហើយអំពីសេចក្ដីសន្យាស្តីពីពូជដែលត្រូវកើតតាមរយៈអ៊ីសាក។ ទោះបើអ៊ីសាកត្រូវស្លាប់ក្នុងនាមជាយញ្ញបូជាមួយក៏ដោយ អ័ប្រាហាំ«បានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង»។
១៣ អ័ប្រាហាំបានចាប់ផ្ដើមធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ហើយពេលដែលទ្រង់កត់សម្គាល់ជំរៅចិត្តនៃជំនឿរបស់អ័ប្រាហាំនោះ ទ្រង់បានរៀបចំឲ្យមានសត្វមួយដែលត្រូវថ្វាយជាយញ្ញបូជាជំនួសអ៊ីសាក។ យ៉ាងណាក៏ដោយ បទពិសោធន៍របស់អ៊ីសាកត្រូវប្រើជាព្រឹត្ដិការណ៍ដែលអាចប្រៀបប្រដូចនឹងដំណើររស់ឡើងវិញ ដូចប៉ុលបានពន្យល់ថា៖ «លោក[អ័ប្រាហាំ]បានទទួលវា[អ៊ីសាក]មកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ»។ (ហេព្រើរ ១១:១៩) បន្ថែមទៅទៀត អ័ប្រាហាំមានមូលដ្ឋានដ៏រឹងមាំរួចហើយ សំរាប់ជំនឿទៅលើដំណើររស់ឡើងវិញ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យអ័ប្រាហាំមានសមត្ថភាពបន្តពូជសាឡើងវិញ ពេលដែលគាត់និងភរិយាឈ្មោះសារ៉ាបានរួមរស់ជាមួយគ្នាពេលចាស់ជរា ហើយបានបង្កើតកូនប្រុសឈ្មោះអ៊ីសាក។—លោកុប្បត្តិ ១៨:១០-១៤; ២១:១-៣; រ៉ូម ៤:១៩-២១
១៤. (ក) យោងទៅតាមហេព្រើរ ១១:៩, ១០ តើអ័ប្រាហាំបានរង់ចាំអ្វី? (ខ) បើអ័ប្រាហាំចង់ទទួលពរក្នុងពិភពលោកថ្មីក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ តើអ្វីត្រូវកើតឡើងដល់គាត់? (គ) តើយើងអាចទទួលពរពីព្រះរាជាណាចក្ររបស់ព្រះបានយ៉ាងណា?
១៤ ប៉ុលបានពណ៌នាអំពីអ័ប្រាហាំជាអ្នកប្រទេសក្រៅដែលស្នាក់ក្នុងត្រសាលនៅស្រុកនោះ តែជាអ្នក«រង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់»។ (ហេព្រើរ ១១:៩, ១០) ក្រុង១នោះមិនមែនជាក្រុងមែនទែនដូចទីក្រុងយេរូសាឡិម ដែលជាទីតាំងនៃព្រះវិហាររបស់ព្រះនោះទេ។ ផ្ទុយទៅវិញ ក្រុង១នោះគ្រាន់តែជានិមិត្តរូបវិញ។ ក្រុង១នោះជាព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ដែលរួមបញ្ចូលព្រះគ្រីស្ទយេស៊ូនិង១៤៤.០០០នាក់ដែលជាអ្នកគ្រប់គ្រងជាមួយនឹងទ្រង់។ ពួក១៤៤.០០០នាក់នោះដែលមានសិរីរុងរឿងនៅឯស្ថានសួគ៌បានត្រូវហៅជា«ទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី» ហើយជា«ប្រពន្ធថ្មោងថ្មី»នៃព្រះគ្រីស្ទ។ (វិវរណៈ ២១:២) នៅឆ្នាំ១៩១៤ ព្រះយេហូវ៉ាបានតម្កើងព្រះយេស៊ូឲ្យឡើងសោយរាជ្យជាព្រះមេស្ស៊ីក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ ហើយបានបង្គាប់ឲ្យទ្រង់គ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ។ (ទំនុកដំកើង ១១០:១, ២; វិវរណៈ ១១:១៥) បើអ័ប្រាហាំដែលជា«សំឡាញ់របស់[ព្រះយេហូវ៉ា]»ចង់ទទួលពរពីការគ្រប់គ្រងនៃព្រះរាជាណាចក្រនោះ គាត់ត្រូវតែរស់ឡើងវិញជាមុនសិន។ ដូចគ្នាដែរ បើយើងចង់ទទួលពរពីព្រះរាជាណាចក្ររបស់ព្រះ យើងត្រូវរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ មិនថាជាសមាជិកនៃមនុស្ស១ហ្វូងយ៉ាងធំដែលរួចរស់ជីវិតពីសង្គ្រាមអើម៉ាគេដូន ឬជាមនុស្សដែលត្រូវរស់ពីស្លាប់ឡើងវិញក្ដី។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ តើសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញមានមូលដ្ឋានលើអ្វី?
សេចក្ដីស្រឡាញ់របស់ព្រះ ជាមូលដ្ឋានសំរាប់សេចក្ដីសង្ឃឹម ទៅលើដំណើររស់ឡើងវិញ
១៥, ១៦. (ក) តើទំនាយមុនគេបង្អស់ក្នុងព្រះគម្ពីរ អាចជាមូលដ្ឋានយ៉ាងដូចម្ដេចបាន សំរាប់សេចក្ដីសង្ឃឹមរបស់យើងទៅលើដំណើររស់ឡើងវិញ? (ខ) តើជំនឿលើដំណើររស់ឡើងវិញអាចនាំឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ាបានយ៉ាងណា?
១៥ ចំណងមេត្រីភាពជិតស្និទ្ធដែលយើងមានជាមួយនឹងព្រះវរបិតានៅស្ថានសួគ៌ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ព្រមជាមួយជំនឿរឹងមាំដូចអ័ប្រាហាំ និងការស្ដាប់បង្គាប់ព្រះដែរ ក៏បើកផ្លូវឲ្យយើងត្រូវរាប់ជាមនុស្សសុចរិត ហើយឲ្យព្រះយេហូវ៉ាចាត់ទុកយើងជាសម្លាញ់របស់ទ្រង់។ នេះក៏បើកឱកាសឲ្យយើងទទួលប្រយោជន៍ពីការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។ ប្រាកដហើយ ទំនាយមុនគេបង្អស់ដែលបានកត់ទុកក្នុងសៀវភៅលោកុប្បត្តិ ៣:១៥ ដែលមានក្នុងព្រះបន្ទូលរបស់ព្រះ ជាមូលដ្ឋានសំរាប់សេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ ហើយជាមូលដ្ឋានឲ្យយើងមានមិត្តភាពជាមួយនឹងព្រះ។ ទំនាយនោះមិនគ្រាន់តែរៀបរាប់អំពីការកិនក្បាលសាតាំង តែបញ្ជាក់ពីទិដ្ឋភាពខុសស្រឡះវិញ ពោលគឺ ការចឹកកែងជើងនៃពូជរបស់ស្ត្រីនៃព្រះ។ ការសោយទិវង្គតរបស់ព្រះយេស៊ូនៅលើបង្គោលឈើនោះ ត្រូវតំណាងដោយការចឹកកែងជើង។ ការប្រោសឲ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបីបានព្យាបាលរបួសនោះ ហើយបានបើកឲ្យមានលទ្ធភាពចាត់វិធានការប្រឆាំងនឹង«អានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស»។—ហេព្រើរ ២:១៤
១៦ ប៉ុលរំឭកយើងថា៖ «ព្រះទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ (រ៉ូម ៥:៨) បើយើងមានចិត្តកតញ្ញូចំពោះព្រះគុណនេះដែលយើងគ្មានសិទ្ធិទទួល នេះនឹងនាំឲ្យយើងចូលកាន់តែជិតព្រះយេស៊ូនិងព្រះវរបិតារបស់យើងនៅស្ថានសួគ៌ដែលពេញទៅដោយសេចក្ដីស្រឡាញ់។—កូរិនថូសទី២ ៥:១៤, ១៥
១៧. (ក) តើយ៉ូបមានប្រសាសន៍អំពីសេចក្ដីសង្ឃឹមអ្វី? (ខ) តើយ៉ូប ១៤:១៥ បង្ហាញអ្វីខ្លះអំពីព្រះយេហូវ៉ា? ហើយតើនេះនាំឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
១៧ លោកយ៉ូបជាបុរសស្មោះត្រង់ដែលរស់មុនសម័យគ្រីស្ទាន ហើយគាត់ក៏បានសង្ឃឹមទៅលើដំណើររស់ឡើងវិញដែរ។ យ៉ូបបានរងទុក្ខខ្លាំងណាស់ ដោយសារទង្វើរបស់សាតាំង។ មិនដូចមិត្តក្លែងក្លាយរបស់យ៉ូបដែលមិននិយាយអំពីដំណើររស់ឡើងវិញសោះ យ៉ូបបានទទួលការសំរាលទុក្ខពីសេចក្ដីសង្ឃឹមនោះ ហើយបានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»។ យ៉ូបបានឆ្លើយខ្លួនឯងថា៖ «ទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនា[ឬ«គ្រប់ពេលវេលា», ព.ថ.]របស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ[ឬ«ដរាបដល់ជំនួយរបស់ទូលបង្គំមកដល់», ព.ថ.]»។ ពេលដែលយ៉ូបបានទូលថ្វាយព្រះយេហូវ៉ាជាព្រះរបស់គាត់ គាត់បានទទួលស្គាល់ថា៖ «ទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប»។ ស្តីអំពីព្រះទ័យរបស់ព្រះជាអ្នកបង្កើតយើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះ យ៉ូបបានកត់សម្គាល់ថា៖ «ទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។ (យ៉ូប ១៤:១៤, ១៥) ពិតមែនហើយ ព្រះយេហូវ៉ាមានព្រះទ័យរង់ចាំយ៉ាងខ្លាំងនូវគ្រាដែលមនុស្សស្មោះភក្ដីនឹងមានជីវិតរស់ឡើងវិញ។ នេះពិតជានាំឲ្យយើងចូលកាន់តែជិតព្រះ ពេលដែលយើងរំពឹងគិតអំពីសេចក្ដីស្រឡាញ់និងព្រះគុណដែលទ្រង់បង្ហាញដល់យើង ទោះជាយើងគ្មានសិទ្ធិទទួលទេ ដោយសារជាមនុស្សមិនគ្រប់ល័ក្ខណ៍!—រ៉ូម ៥:២១; យ៉ាកុប ៤:៨
១៨, ១៩. (ក) តើដានីយ៉ែលមានសេចក្ដីសង្ឃឹមអ្វី ស្តីអំពីការរស់ឡើងវិញ? (ខ) តើយើងនឹងពិនិត្យមើលអ្វីក្នុងអត្ថបទជាបន្ទាប់?
១៨ ទេវតារបស់ព្រះបានពណ៌នាអំពីព្យាការីដានីយ៉ែលជា«អ្នកសំណប់យ៉ាងសំខាន់» ហើយគាត់ក៏មានអាយុវែងក្នុងការបំរើព្រះដោយចិត្តស្មោះភក្ដី។ (ដានីយ៉ែល ១០:១១, ១៩) ដានីយ៉ែលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះយេហូវ៉ាតាំងពីគេបាននិរទេសគាត់នៅឆ្នាំ៦១៧ មុនគ.ស. រហូតដល់គាត់ទទួលមរណភាពប៉ុន្មានឆ្នាំក្រោយពីបានទទួលចក្ខុនិមិត្តមួយនៅឆ្នាំ៥៣៦ មុនគ.ស. ដែលជាឆ្នាំទីបីនៃការគ្រប់គ្រងរបស់ស៊ីរូសដែលជាស្តេចស្រុកពើស៊ី។ (ដានីយ៉ែល ១:១; ១០:១) ក្នុងកំឡុងឆ្នាំទីបីនៃការសោយរាជ្យរបស់ស្តេចស៊ីរូសនោះ ដានីយ៉ែលបានទទួលចក្ខុនិមិត្តអំពីពួកមហាអំណាចពិភពលោកដែលនឹងមានបន្តបន្ទាប់គ្នា ហើយពួកមហាអំណាចទាំងនោះនឹងមកដល់ទីបញ្ចប់ក្នុងគ្រាវេទនាយ៉ាងធំដែលមាននៅខាងមុខយើងនេះ។ (ដានីយ៉ែល ១១:១–១២:១៣) ដានីយ៉ែលមិនយល់ចក្ខុនិមិត្តនោះយ៉ាងពេញលេញទេ ដូច្នេះគាត់បានសួរទេវតាដែលជាអ្នកនាំសារនោះថា៖ «ឱលោកម្ចាស់អើយ! តើចុងបំផុត នៃការទាំងនេះនឹងបានយ៉ាងណាទៅ?»។ ទេវតាបានឆ្លើយដោយសំដៅទៅលើ«គ្រាចុងបំផុត» ជាគ្រាដែល‹ពួកអ្នកមានប្រាជ្ញានឹងយល់›ចក្ខុនិមិត្តនោះ។ រីឯដានីយ៉ែលវិញ តើគាត់មានសេចក្ដីសង្ឃឹមអ្វី? ទេវតាបានបង្ហាញថា៖ «អ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត»។ (ដានីយ៉ែល ១២:៨-១០, ១៣) ដានីយ៉ែលនឹងត្រឡប់មកវិញក្នុង‹កាលដែលពួកមនុស្សសុចរិតរស់ឡើងវិញ› ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំនៃព្រះគ្រីស្ទ។—លូកា ១៤:១៤
១៩ យើងកំពុងតែរស់នៅសម័យចុងក្រោយនៃគ្រាចុងបញ្ចប់របស់លោកីយ៍នេះ ហើយគ្រានេះកាន់តែជិតដល់ពេលដែលព្រះគ្រីស្ទចាប់ផ្ដើមសោយរាជ្យមួយពាន់ឆ្នាំ គឺជិតជាងពេលដែលយើងទើបតែបានក្លាយជាអ្នកជឿនោះ។ ហេតុនេះហើយបានជាយើងត្រូវសួរខ្លួនឯងថា៖ ‹តើខ្ញុំនឹងមានវត្តមានក្នុងពិភពលោកថ្មីដើម្បីមានទំនាក់ទំនងជាមួយនឹងអ័ប្រាហាំ យ៉ូប ដានីយ៉ែលនិងមនុស្សប្រុសស្រីឯទៀតដែលមានចិត្តស្មោះភក្ដីឬទេ?›។ យើងអាចមានវត្តមាននៅទីនោះបាន ឲ្យតែយើងរក្សាឲ្យមានភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយធ្វើតាមបង្គាប់របស់ទ្រង់។ ក្នុងអត្ថបទជាបន្ទាប់យើងនឹងពិនិត្យមើលសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញឲ្យបានដិតដល់ទៀត ដើម្បីសម្គាល់ពួកអ្នកដែលព្រះនឹងប្រោសឲ្យរស់ឡើងវិញ។
តើអ្នកនៅចាំទេ?
• ពេលដែលប៉ុលប្រកាសប្រាប់អំពីសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញនោះ តើមនុស្សមានទឹកចិត្តបែបណា?
• តើសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញញែកគ្រីស្ទានពិតដោយឡែកពីគ្រីស្ទានមិនពិតយ៉ាងដូចម្ដេច?
• តើអ្វីនាំឲ្យយើងដឹងថា អ័ប្រាហាំ យ៉ូបនិងដានីយ៉ែលមានជំនឿលើដំណើររស់ឡើងវិញ?
[រូបភាពនៅទំព័រ៩]
ពេលដែលប៉ុលនៅមុខចៅហ្វាយខេត្ត ឈ្មោះភេលីច គាត់បានប្រកាស យ៉ាងអង់អាចអំពីសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ
[រូបភាពនៅទំព័រ១០]
ហេតុអ្វីបានជាអ័ប្រាហាំជឿទៅលើដំណើររស់ឡើងវិញ?
[រូបភាពនៅទំព័រ១២]
យ៉ូបបានទទួលការសំរាលទុក្ខពីសេចក្ដីសង្ឃឹមទៅលើដំណើររស់ឡើងវិញ
[រូបភាពនៅទំព័រ១២]
ដានីយ៉ែលនឹងត្រឡប់មកវិញក្នុងកាលដែលពួកមនុស្សសុចរិតរស់ឡើងវិញ