បទទំនាយរបស់ហូសេជួយយើងដើរជាមួយនឹងព្រះ
«គេនឹងដើរជាប់តាមព្រះយេហូវ៉ា»។—ហូសេ ១១:១០
១. តើមានអ្វីផ្សេងទៀតដែលដំណើររឿងក្នុងសៀវភៅហូសេបង្កប់អត្ថន័យតំណាង?
តើអ្នកចូលចិត្តអានរឿងដែលមានតួផ្សេងៗដ៏គួរឲ្យចាប់អារម្មណ៍ឬទេ? សៀវភៅហូសេក្នុងព្រះគម្ពីរមានរឿងមួយបែបនេះដែលមានលក្ខណៈប្រៀបធៀបឬបង្កប់អត្ថន័យតំណាងអ្វីផ្សេងទៀត។a រឿងក្នុងសៀវភៅហូសេរៀបរាប់អំពីជីវភាពគ្រួសាររបស់លោកហូសេដែលជាព្យាការីម្នាក់របស់ព្រះយេហូវ៉ា។ ជីវភាពគ្រួសាររបស់គាត់មានលក្ខណៈខ្លះៗដែលប្រហាក់ប្រហែលនឹងសម្ព័ន្ធមេត្រីដែលព្រះយេហូវ៉ាមានជាមួយនឹងសាសន៍អ៊ីស្រាអែលតាមរយៈកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យដែលទ្រង់ឲ្យតាមរយៈលោកម៉ូសេ។ សម្ព័ន្ធមេត្រីនោះប្រៀបដូចជាចំណងអាពាហ៍ពិពាហ៍រវាងស្វាមីភរិយា។
២. តើយើងដឹងអ្វីខ្លះអំពីលោកហូសេ?
២ ជំពូកទីមួយក្នុងសៀវភៅហូសេរៀបរាប់នូវប្រវត្ដិសាស្ត្រខ្លះៗដែលទាក់ទងនឹងរឿងនេះ។ តាមមើលទៅ ហូសេបានរស់នៅដែនរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ (ហៅថាអេប្រាអិមក៏បាន ជាឈ្មោះនៃកុលសម្ព័ន្ធដែលធំជាងគេក្នុងចំណោមកុលសម្ព័ន្ធទាំង១០នោះ)។ ហូសេបានបម្រើជាព្យាការីក្នុងកំលុងរាជ្យរបស់ស្តេច៧អង្គចុងក្រោយនៃសាសន៍អ៊ីស្រាអែល។ ដំណាលគ្នានោះ ស្តេចអូសៀស យ៉ូថាម អេហាស នឹងហេសេគាជាអ្នកគ្រប់គ្រងនៅស្រុកយូដាវិញ។ (ហូសេ ១:១) ហូសេបានបម្រើជាព្យាការីយ៉ាងហោចណាស់ ៥៩ឆ្នាំ។ ទោះជាសៀវភៅហូសេបានត្រូវសរសេរចប់មិនយូរប៉ុន្មានក្រោយឆ្នាំ៧៤៥ មុនគ.ស. ក៏ដោយ ព័ត៌មានក្នុងសៀវភៅនោះនៅតែមានសារៈប្រយោជន៍សព្វថ្ងៃនេះដែរ ដ្បិតនេះជាគ្រាដែលមនុស្សរាប់លាននាក់កំពុងតែធ្វើសម្រេចតាមទំនាយហូសេដែលថា៖ «គេនឹងដើរជាប់តាមព្រះយេហូវ៉ា»។—ហូសេ ១១:១០
ការសង្ខេបសេចក្ដី
៣, ៤. សូមពន្យល់ជាសង្ខេប តើសៀវភៅហូសេជំពូកមួយដល់ប្រាំរៀបរាប់អំពីអ្វី?
៣ ការមើលសង្ខេបនូវសេចក្ដីទាំងប៉ុន្មានក្នុងសៀវភៅហូសេជំពូកមួយដល់ប្រាំនឹងជួយយើងតាំងចិត្តកាន់តែខ្លាំងឲ្យដើរជាមួយនឹងព្រះយេហូវ៉ាដោយបង្ហាញពីជំនឿរបស់យើងដោយមានជីវភាពរស់នៅស្របទៅតាមព្រះហឫទ័យទ្រង់។ ប្រជាជនក្នុងរាជាណាចក្រអ៊ីស្រាអែលបានប្រព្រឹត្តអំពើកំផិតខាងវិញ្ញាណពិតមែន តែព្រះយេហូវ៉ាសព្វព្រះហឫទ័យបង្ហាញព្រះទ័យមេត្ដាចំពោះពួកគេ ឲ្យតែគេប្រែចិត្តវិញ។ នេះត្រូវតំណាងដោយរបៀបដែលហូសេប្រព្រឹត្តទៅលើភរិយារបស់គាត់ ឈ្មោះកូមើរ។ នាងកូមើរបានបង្កើតកូនមួយឲ្យហូសេ ហើយតាមមើលទៅក្រោយមកបានមានកូនជាមួយសហាយពីរនាក់ទៀត។ យ៉ាងណាក៏ដោយ ហូសេបានទទួលនាងកូមើរវិញ ដូចព្រះយេហូវ៉ាសព្វព្រះហឫទ័យបង្ហាញព្រះទ័យមេត្ដាចំពោះប្រជាជនអ៊ីស្រាអែលដែលប្រែចិត្ត។—ហូសេ ១:១–៣:៥
៤ ព្រះយេហូវ៉ាមានរឿងក្ដីទាស់នឹងពួកអ៊ីស្រាអែលពីព្រោះស្រុកគេគ្មានសេចក្ដីពិតឬសេចក្ដីសប្បុរសសោះ ហើយប្រជាជនក៏លែងស្គាល់ទ្រង់ទៀតដែរ។ ព្រះយេហូវ៉ាមានបំណងធ្វើទោសដល់បណ្ដាជនអ៊ីស្រាអែលដែលកំពុងតែថ្វាយបង្គំរូបព្រះ ហើយដាក់ទោសលើរាជាណាចក្រយូដាដែលវង្វេងវង្វាន់ដែរ។ ប៉ុន្តែ កាលណារាស្ត្រព្រះយេហូវ៉ា«មានសេចក្ដីវេទនា»នោះ ពួកគេចាប់ផ្ដើមស្វែងរកទ្រង់ទៀត។—ហូសេ ៤:១–៥:១៥
រឿងរ៉ាវ
៥, ៦. (ក) តើមានអំពើកំផិតច្រើនប៉ុណ្ណាក្នុងរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០? (ខ) ហេតុអ្វីក៏ការព្រមានចំពោះសាសន៍អ៊ីស្រាអែលពីបុរាណមានន័យសំខាន់សម្រាប់យើងដែរ?
៥ ព្រះយេហូវ៉ាបានបង្គាប់ឲ្យហូសេសរសេរថា៖ «ស្រុកនេះតែងប្រព្រឹត្តការកំផិតចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង»។ (ហូសេ ១:២) តើមានអំពើកំផិតច្រើនប៉ុណ្ណានៅស្រុកអ៊ីស្រាអែលនោះ? ព្រះគម្ពីរចែងថា៖ «និស្ស័យនៃការកំផិតបានឲ្យ[ប្រជាជនក្នុងរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០]ប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិតដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ។ . . . កូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ។ . . . ពួកប្រុសៗក៏ដកខ្លួនទៅដោយឡែកជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិតដូច្នេះ»។—ហូសេ ៤:១២-១៤
៦ រាជាណាចក្រអ៊ីស្រាអែលពេញទៅដោយអំពើផិតក្បត់ខាងសីលធម៌ហើយខាងវិញ្ញាណផង។ ដូច្នេះ ព្រះយេហូវ៉ាមានបំណង«សងសឹក»ឬ«ធ្វើទោស»ដល់ប្រជាជនអ៊ីស្រាអែល។ (ហូសេ ១:៤; ៤:៩) ការព្រមាននេះមានន័យសំខាន់សម្រាប់យើងដែរ ពីព្រោះព្រះយេហូវ៉ានឹងសងសឹកឬកាត់ទោសលើអស់អ្នកដែលប្រព្រឹត្តអំពើអសីលធម៌និងរួមចំណែកក្នុងការថ្វាយបង្គំមិនបរិសុទ្ធនៅសព្វថ្ងៃនេះ។ ប៉ុន្តែ ពួកអ្នកដែលដើរជាមួយនឹងព្រះយេហូវ៉ាតែងតែធ្វើតាមខ្នាតតម្រារបស់ទ្រង់ស្តីអំពីការថ្វាយបង្គំដែលបរិសុទ្ធ ហើយពួកគេក៏ជ្រាបថា «គ្មានមនុស្សកំផិត[ណា] . . . នឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទហើយនៃព្រះផងបានឡើយ»។—អេភេសូរ ៥:៥; យ៉ាកុប ១:២៧
៧. តើអាពាហ៍ពិពាហ៍របស់ហូសេនិងកូមើរតំណាងអ្វី?
៧ ហេតុនេះហើយបានជាព្រះយេហូវ៉ាបង្គាប់ដល់ហូសេថា៖ «ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ!»។ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធបកប្រែឃ្លានេះយ៉ាងច្បាស់ថា៖ «ចូរយកភរិយាដែលធ្វើអំពើសហាយស្មន់និងកូនសហាយផង»។ (ហូសេ ១:២) តាមមើលទៅ កូមើរជាស្រីក្រមុំបរិសុទ្ធពេលដែលហូសេរៀបការជាមួយនាង ហើយក៏ជាភរិយាស្មោះត្រង់ដែរ ពេលដែលនាង«មានទំងន់បង្កើតបានកូនប្រុស១ឲ្យលោក»។ (ហូសេ ១:៣) ហេតុការណ៍នេះតំណាងនូវអ្វីដែលព្រះយេហូវ៉ាបានធ្វើដែរ។ ព្រះយេហូវ៉ាបានរំដោះប្រជាជនអ៊ីស្រាអែលឲ្យរួចពីទាសភាពនៅស្រុកអេស៊ីបនាឆ្នាំ១៥១៣ មុនគ.ស. ហើយទ្រង់បានធ្វើកិច្ចសន្យាជាមួយនឹងសាសន៍អ៊ីស្រាអែលដែលប្រៀបដូចជាកិច្ចសន្យារៀបអាពាហ៍ពិពាហ៍យ៉ាងស្អាតបរិសុទ្ធ។ ពេលប្រជាជនអ៊ីស្រាអែលយល់ព្រមធ្វើតាមកិច្ចសន្យានោះ ពួកគេបានស្បថរក្សាឲ្យមានភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែលប្រៀបដូចជា«ប្ដី»របស់សាសន៍គេ។ (អេសាយ ៥៤:៥) ដូច្នេះ ពេលហូសេនិងកូមើររៀបអាពាហ៍ពិពាហ៍យ៉ាងស្អាតបរិសុទ្ធនោះ នេះតំណាងពេលដែលព្រះយេហូវ៉ារៀបការក្នុងន័យជាអត្ថបដិរូបជាមួយនឹងសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ ស្ថានភាពបានប្រែប្រួលយ៉ាងខ្លាំង!
៨. តើរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០នោះកើតមកពីណា? សូមរៀបរាប់អំពីវិធីថ្វាយបង្គំនៅស្រុកអ៊ីស្រាអែលខាងជើង។
៨ ភរិយារបស់ហូសេបានចាប់«មានទំងន់ម្ដងទៀត ហើយបង្កើតបានកូនស្រី១»។ កូនស្រីនេះនិងកូនមួយទៀតប្រហែលជាកូនដែលកូមើរបង្កើតក្រោយបានប្រព្រឹត្តអំពើសហាយស្មន់។ (ហូសេ ១:៦, ៨) ដោយសារនាងកូមើរតំណាងសាសន៍អ៊ីស្រាអែលនោះ អ្នកប្រហែលជាឆ្ងល់ថា ‹តើសាសន៍អ៊ីស្រាអែលបានប្រព្រឹត្តដូចជាអ្នកប្រព្រឹត្តសហាយស្មន់យ៉ាងដូចម្ដេច?›។ នៅឆ្នាំ៩៩៧ មុនគ.ស. កុលសម្ព័ន្ធ១០របស់សាសន៍អ៊ីស្រាអែលបានបំបែកខ្លួនចេញពីកុលសម្ព័ន្ធយូដានិងបេនយ៉ាមីននៅខាងត្បូង។ រាជាណាចក្រខាងជើងដែលមានកុលសម្ព័ន្ធ១០នោះ បានរៀបចំឲ្យមានកម្មវិធីថ្វាយបង្គំកូនគោដើម្បីកុំឲ្យប្រជាជនចុះទៅស្រុកយូដាដើម្បីថ្វាយបង្គំព្រះយេហូវ៉ាក្នុងព្រះវិហារទ្រង់នៅទីក្រុងយេរូសាឡិម។ ប្រជាជនអ៊ីស្រាអែលចាប់ផ្ដើមមានទម្លាប់ថ្វាយបង្គំព្រះបាល ដែលរួមបញ្ចូលការជប់លៀងឲ្យតែសេពមេថុនកម្មយ៉ាងវក់វី។
៩. ស្របទៅតាមបទទំនាយនៅហូសេ ១:៦ តើអ្វីបានកើតឡើងដល់ជំនួរវង្សអ៊ីស្រាអែល?
៩ ពេលដែលកូមើរសម្រាលកូនទីពីរដែលប្រហែលជាកូនសហាយនោះ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ហូសេថា៖ «ចូរឲ្យឈ្មោះថា ‹ឡូរូហាម៉ា›ចុះ! [ដែលមានន័យថា «មិនបានអាណិតមេត្ដាដល់នាង»] ដ្បិតអញនឹងមិនអាណិតមេត្ដាដល់ជំនួរវង្សអ៊ីស្រាអែល[«ពីព្រោះអញនឹងដកគេចេញជាមិនខាន», ព.ថ.]»។ (ហូសេ ១:៦) ព្រះយេហូវ៉ាបាន«ដកគេចេញ»ពេលដែលពួកអាសស៊ើរចាប់យកប្រជាជនអ៊ីស្រាអែលឲ្យទៅជាឈ្លើយសឹកនៅឆ្នាំ៧៤០ មុនគ.ស.។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានអាណិតមេត្ដាដល់រាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធតែពីរនោះ ហើយបានសង្គ្រោះគេ តែមិនមែនដោយធ្នូ ដាវ សេះឬពលសេះទេ។ (ហូសេ ១:៧) ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ នៅឆ្នាំ៧៣២ មុនគ.ស. ទេវតាមួយរូបតែប៉ុណ្ណោះបានសម្លាប់ទាហានអាសស៊ើរ១៨៥.០០០នាក់ដែលបានគំរាមកំហែងដល់ទីក្រុងយេរូសាឡិមដែលជារាជធានីស្រុកយូដា។—ពង្សាវតារក្សត្រទី២ ១៩:៣៥
រឿងក្ដីបណ្ដាលឲ្យព្រះយេហូវ៉ាស្តីប្រដៅសាសន៍អ៊ីស្រាអែល
១០. តើអំពើផិតក្បត់របស់នាងកូមើរតំណាងអ្វី?
១០ កូមើរបានលែងហូសេទៅ ហើយបានក្លាយជា«ភរិយាដែលធ្វើអំពើសហាយស្មន់»ដោយប្រព្រឹត្តអំពើកំផិតជាមួយបុរសមួយទៀត។ នេះតំណាងនូវអ្វីដែលរាជាណាចក្រអ៊ីស្រាអែលបានធ្វើពេលចងសម្ព័ន្ធមេត្រីខាងនយោបាយនិងផ្អែកលើជំនួយរបស់សាសន៍ដទៃដែលគោរពថ្វាយបង្គំរូបព្រះផ្សេងៗ។ សាសន៍អ៊ីស្រាអែលបានសរសើរព្រះទាំងឡាយរបស់សាសន៍ដទៃថាជាព្រះដែលនាំឲ្យប្រជាជនមានភាពចម្រុងចម្រើន មិនមែនមកពីព្រះយេហូវ៉ាទេ។ យ៉ាងនេះ ពួកអ៊ីស្រាអែលបានរួមចំណែកក្នុងការថ្វាយបង្គំមិនពិត ដូច្នេះបានក្បត់នឹងកិច្ចព្រមព្រៀងដែលគេស្បថជាមួយព្រះយេហូវ៉ាដែលប្រៀបដូចជាចំណងអាពាហ៍ពិពាហ៍។ គ្មានហេតុងឿងឆ្ងល់ឡើយ ថាព្រះយេហូវ៉ាមានរឿងក្ដីដើម្បីស្តីប្រដៅសាសន៍មួយដែលផិតក្បត់នោះ។—ហូសេ ១:២, ព.ថ.; ២:២, ១២, ១៣
១១. តើកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យបានទៅជាយ៉ាងណាពេលព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកអ៊ីស្រាអែលនិងសាសន៍យូដានិរទេសទៅ?
១១ តើរាជាណាចក្រអ៊ីស្រាអែលទទួលទោសអ្វី ដោយសារបានលែងព្រះយេហូវ៉ាដែលជាម្ចាស់ប្រៀបដូចជាស្វាមីនោះ? នៅឆ្នាំ៧៤០ មុនគ.ស. ប្រជាជនអ៊ីស្រាអែលបានត្រូវបំបរបង់ទៅស្រុកអាសស៊ើរ តែក្រោយមកព្រះយេហូវ៉ាបានបណ្ដាលឲ្យសាសន៍អ៊ីស្រាអែលជាប់ចំណងនៅស្រុកបាប៊ីឡូនដែលប្រៀបដូចជា«ទីរហោស្ថាន» ហើយជាមហាអំណាចដែលបានឈ្នះលើសាសន៍អាសស៊ើរ។ (ហូសេ ២:១៤) យ៉ាងនេះ ពេលដែលព្រះយេហូវ៉ាបណ្ដាលឲ្យរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០វិនាសទៅនោះកិច្ចព្រមព្រៀងដែលប្រៀបដូចជាចំណងអាពាហ៍ពិពាហ៍រវាងទ្រង់និងសាសន៍អ៊ីស្រាអែលដំបូងដែលមានកុលសម្ព័ន្ធ១២ មិនត្រូវបានបណ្ដាច់ទេ។ តាមពិត ពេលព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកបាប៊ីឡូនបំផ្លាញទីក្រុងយេរូសាឡិមចោលនៅឆ្នាំ៦០៧ មុនគ.ស. ហើយអនុញ្ញាតឲ្យប្រជាជនយូដាក្លាយជាខ្ញុំកញ្ជះនៅស្រុកបាប៊ីឡូននោះ នេះមិនបានលប់ចោលនូវកិច្ចព្រមព្រៀងខាងក្រឹត្យវិន័យម៉ូសេដែលប្រៀបដូចជាចំណងអាពាហ៍ពិពាហ៍រវាងព្រះយេហូវ៉ានិងសាសន៍អ៊ីស្រាអែលដែលមានកុលសម្ព័ន្ធទាំង១២នោះទេ។ ចំណងមេត្រីភាពនោះបានត្រូវកាត់ផ្ដាច់ក្រោយពួកមេដឹកនាំសាសន៍យូដាបានបដិសេធព្រះយេស៊ូជាព្រះគ្រីស្ទ ហើយបានធ្វើគុតទ្រង់នៅឆ្នាំ៣៣ គ.ស.។—កូល៉ុស ២:១៤
ព្រះយេហូវ៉ាដាស់តឿនពួកអ៊ីស្រាអែល
១២, ១៣. សូមសង្ខេបខ្លឹមសារនៃសៀវភៅហូសេ ២:៦-៨។ តើពាក្យក្នុងខ៦ដល់៨ទាក់ទងនឹងសាសន៍អ៊ីស្រាអែលយ៉ាងណា?
១២ ព្រះយេហូវ៉ាបានដាស់តឿនពួកអ៊ីស្រាអែលឲ្យ«លះចោលការកំផិត» តែពួកគេចង់ទៅតាមពួកសហាយវិញ។ (ហូសេ ២:២, ៥) «ដូច្នេះ» ព្រះយេហូវ៉ាមានបន្ទូលថា៖ «មើល! អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត។ នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ។ នោះនាងនឹងសំរេចថា៖ ‹អញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះអញបានស្រួលជាងសព្វថ្ងៃនេះ›។ នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់នឹងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាល[ឬ«ដើម្បីធ្វើរូបព្រះបាល»]»។—ហូសេ ២:៦-៨; សម្គាល់ហេតុក្នុងព.ថ.
១៣ ទោះជាសាសន៍អ៊ីស្រាអែលបានខំរកជំនួយពីសាសន៍ដទៃដែលប្រៀបដូចជា«ពួកសហាយ»ក៏ដោយ ក៏គ្មាននរណាសោះអាចជួយពួកគេបានឡើយ។ សាសន៍ដទៃជួយអ៊ីស្រាអែលមិនបានទេ ហាក់ដូចជាមានគុម្ពបន្លាព័ទ្ធជុំវិញអ៊ីស្រាអែលដូចជាកំពែងមួយដែលគេមិនអាចឆ្លងកាត់បានទេ។ អស់បីឆ្នាំសាសន៍អាសស៊ើរបានឡោមព័ទ្ធទីក្រុងសាម៉ារីដែលជារាជធានីស្រុកអ៊ីស្រាអែល ហើយពេលរលំអំណាចនៅឆ្នាំ៧៤០ មុនគ.ស. រាជាណាចក្រដែលមានកុលសម្ព័ន្ធ១០នោះលែងមានទៀតជារៀងរហូត។ ក្នុងចំណោមពួកអ៊ីស្រាអែលដែលជាប់ជាឈ្លើយនោះ មានប្រជាជនមួយចំនួនតិចណាស់ដែលនឹកចាំពីស្ថានភាពល្អៗដែលពួកបុព្វបុរសធ្លាប់មានពីមុន ពេលបានបម្រើព្រះយេហូវ៉ា។ ជនសំណល់នោះត្រូវលះបង់ការថ្វាយបង្គំព្រះបាល ហើយខំរកចំណងមេត្រីភាពជាមួយព្រះយេហូវ៉ាសាឡើងវិញតាមរយៈកិច្ចព្រមព្រៀងដើមនោះ។
ភាគបន្តក្នុងរឿងនេះ
១៤. ហេតុអ្វីក៏ហូសេយកនាងកូមើរមករួមរស់ជាមួយម្ដងទៀត?
១៤ សូមមើលពាក្យតទៅនេះដែលជួយឲ្យយល់កាន់តែច្បាស់នូវទំនាក់ទំនងរវាងព្រឹត្ដិការណ៍ក្នុងជីវភាពគ្រួសាររបស់ហូសេ និងចំណងមេត្រីភាពរបស់ព្រះយេហូវ៉ាជាមួយនឹងសាសន៍អ៊ីស្រាអែល។ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា៖ ‹ចូរឲ្យឯងទៅស្រឡាញ់ស្រី[«ដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះ សាជាថ្មីចុះ!»]› »។ (ហូសេ ៣:១; ខ.ស.) ហូសេបានធ្វើតាមបង្គាប់នេះដោយទិញឬចេញតម្លៃឲ្យនាងកូមើរឈប់រស់នៅជាមួយបុរសម្នាក់ទៀតនោះ។ ក្រោយមក ហូសេបានដាស់តឿនភរិយារបស់គាត់ដោយពាក្យម៉ឺងម៉ាត់ថា៖ «ត្រូវឲ្យឯងនៅសំរាប់អញជាយូរលង់ មិនត្រូវឲ្យក្បត់អញឬទៅជាប្រពន្ធរបស់អ្នកដទៃណាឡើយ»។ (ហូសេ ៣:២, ៣) នាងកូមើរបានធ្វើតាមពាក្យប្រដៅនេះ ហើយហូសេចាប់ផ្ដើមរួមរស់ជាមួយនាងម្ដងទៀត។ តើព្រឹត្ដិការណ៍នេះតំណាងអ្វីស្តីអំពីទំនាក់ទំនងរបស់ព្រះយេហូវ៉ាជាមួយសាសន៍អ៊ីស្រាអែលនិងសាសន៍យូដានោះ?
១៥, ១៦. (ក) តើព្រះទ័យមេត្ដាករុណារបស់ព្រះយេហូវ៉ាចំពោះសាសន៍ដែលទ្រង់ប្រដៅនោះ អាស្រ័យលើអ្វី? (ខ) តើហូសេ ២:១៨ បានសម្រេចយ៉ាងណា?
១៥ ពេលដែលប្រជាជនអ៊ីស្រាអែលនិងយូដាត្រូវនិរទេសទៅស្រុកបាប៊ីឡូន ព្រះយេហូវ៉ាបានប្រើពួកព្យាការីរបស់ទ្រង់ដើម្បី«និយាយសំរបចិត្ត»ពួកគេ។ ដូចនាងកូមើរដែលបានត្រឡប់ទៅរស់នៅជាមួយស្វាមីវិញ រាស្ត្ររបស់ព្រះយេហូវ៉ាក៏ត្រូវតែប្រែចិត្តនិងវិលទៅរកព្រះដែលជាម្ចាស់និងជាស្វាមីរបស់ពួកគេដែរ ទើបទ្រង់បង្ហាញព្រះទ័យមេត្ដាករុណា។ រួចមក ព្រះយេហូវ៉ាប្រោសសាសន៍អ៊ីស្រាអែលដែលប្រៀបដូចជាភរិយាដែលទ្រង់បានប្រដៅនោះ ឲ្យរួចពីស្រុកបាប៊ីឡូនដែលប្រៀបដូចជា«ទីរហោស្ថាន» ដោយទ្រង់ដឹកនាំប្រជាជនឲ្យត្រឡប់ទៅស្រុកយូដានិងទីក្រុងយេរូសាឡិមឡើងវិញ។ (ហូសេ ២:១៤, ១៥) ព្រះយេហូវ៉ាបានបំពេញកិច្ចសន្យានោះនៅឆ្នាំ៥៣៧ មុនគ.ស.។
១៦ ព្រះយេហូវ៉ាក៏បានបំពេញកិច្ចសន្យាមួយនេះដែរ ដែលថា៖ «នៅថ្ងៃនោះ អញក៏នឹងតាំងសញ្ញាឲ្យគេជាមួយនឹងសត្វនៅផែនដី នឹងសត្វហើរលើអាកាស ហើយសត្វលូនវារនៅដីផង។ អញនឹងបំបាក់ធ្នូនឹងដាវ ហើយធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត»។ (ហូសេ ២:១៨) ជនសំណល់ពីសាសន៍យូដាដែលបានត្រឡប់ទៅស្រុកកំណើតវិញ មានសេចក្ដីសុខសាន្តមែន ហើយមិនខ្លាចសត្វព្រៃឡើយ។ បទទំនាយនេះក៏បានសម្រេចម្យ៉ាងទៀតនៅឆ្នាំ១៩១៩ គ.ស. ពេលដែលជនសំណល់ពីសាសន៍អ៊ីស្រាអែលខាងវិញ្ញាណបានត្រូវប្រោសឲ្យរួចពី«បាប៊ីឡូនដ៏ជាធំ»ដែលជាចក្រភពសាសនាមិនពិតទូទៅ។ ឥឡូវនេះ ជនសំណល់នោះមានសេចក្ដីសុខសាន្តនិងជីវិតសប្បាយក្នុងសួនមនោរម្យខាងវិញ្ញាណជាមួយនឹងពួកគូកនដែលសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី។ ក្នុងចំណោមគ្រីស្ទានពិតទាំងនេះ គ្មាននរណាសោះមានលក្ខណៈកាចសាហាវដូចសត្វព្រៃ។—វិវរណៈ ១៤:៨; អេសាយ ១១:៦-៩; កាឡាទី ៦:១៦
ចូរធ្វើតាមមេរៀនទាំងនេះ
១៧-១៩. (ក) តើសៀវភៅហូសេលើកទឹកចិត្តយើងឲ្យបង្ហាញគុណសម្បត្ដិណាខ្លះដូចព្រះយេហូវ៉ា? (ខ) តើព្រះទ័យអាណិតមេត្ដារបស់ព្រះយេហូវ៉ាគួរមានឥទ្ធិពលយ៉ាងណាលើយើង?
១៧ ព្រះយេហូវ៉ាមានព្រះទ័យអាណិតមេត្ដា ហើយយើងក៏គួរអនុវត្តតាមទ្រង់។ នេះហើយជាមេរៀនមួយដែលយើងរៀនពីជំពូកដំបូងទាំងប៉ុន្មាននៃសៀវភៅហូសេ។ (ហូសេ ១:៦, ៧; ២:២៣) ព្រះយេហូវ៉ាសព្វព្រះហឫទ័យបង្ហាញព្រះទ័យមេត្ដាករុណាដល់ប្រជាជនអ៊ីស្រាអែលដែលប្រែចិត្តនោះ ស្របទៅតាមសុភាសិតដែលទ្រង់បណ្ដាលឲ្យមនុស្សសរសេរថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្ដាករុណាវិញ»។ (សុភាសិត ២៨:១៣) ម្យ៉ាងទៀត មនុស្សដែលធ្វើខុសហើយប្រែចិត្តវិញ ពិតជាអាចមានអារម្មណ៍ធូរស្រាលណាស់ ស្របទៅតាមពាក្យរបស់អ្នកតែងបទទំនុកដំកើងដែលថា៖ «ដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ។ ឱព្រះអង្គអើយ! ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ»។—ទំនុកដំកើង ៥១:១៧
១៨ បទទំនាយរបស់ហូសេតែងលើកបញ្ជាក់ពីព្រះទ័យមេត្ដាករុណារបស់ព្រះដែលយើងថ្វាយបង្គំ។ ទោះបើអ្នកថ្វាយបង្គំខ្លះបែរចេញពីផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ាក៏ដោយ ពួកគេអាចប្រែចិត្តហើយវិលមកឯទ្រង់បាន។ បើគេធ្វើដូច្នេះ ព្រះយេហូវ៉ានឹងស្វាគមន៍គេដោយរីករាយ។ ដំបូងមក ព្រះយេហូវ៉ាចងសម្ព័ន្ធមេត្រីជាមួយនឹងសាសន៍អ៊ីស្រាអែលប្រៀបដូចជាចំណងអាពាហ៍ពិពាហ៍ តែក្រោយមកទ្រង់សព្វព្រះហឫទ័យបង្ហាញព្រះទ័យមេត្ដាករុណាចំពោះបុគ្គលណាដែលព្រមប្រែចិត្តវិញប៉ុណ្ណោះ។ ទោះជាពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាហើយបាន‹នាំឲ្យព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលព្រួយព្រះហឫទ័យក្ដី ទ្រង់មានព្រះទ័យមេត្ដាករុណាហើយបាននឹកចាំថាគេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ›។ (ទំនុកដំកើង ៧៨:៣៨-៤១) ព្រះទ័យមេត្ដាករុណាបែបនេះគួរជំរុញយើងឲ្យបន្តដើរជាមួយនឹងព្រះយេហូវ៉ាដ៏ជាព្រះដែលអាណិតអាសូរដល់យើង។
១៩ ស្រុកអ៊ីស្រាអែលបានពេញទៅដោយអំពើបាបដូចជាការកាប់សម្លាប់ លួចប្លន់ហើយផិតគ្នាមែន តែព្រះយេហូវ៉ាបាន«និយាយសំរបចិត្តនាង»ឬប្រជាជនអ៊ីស្រាអែល។ (ហូសេ ២:១៤; ៤:២) ការរំពឹងគិតអំពីព្រះទ័យអាណិតមេត្ដារបស់ព្រះយេហូវ៉ាគួរជំរុញចិត្តយើង ហើយជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយទ្រង់។ ដូច្នេះ ចូរយើងសួរខ្លួនឯងថា ‹ពេលមានទំនាក់ទំនងជាមួយនឹងអ្នកដទៃ តើខ្ញុំអាចយកតម្រាប់តាមព្រះទ័យមេត្ដាករុណារបស់ព្រះយេហូវ៉ាច្រើនជាងយ៉ាងដូចម្ដេច? បើបងប្អូនគ្រីស្ទានបញ្ឈឺចិត្តខ្ញុំ ហើយសុំខ្ញុំអត់ទោសឲ្យគាត់វិញ តើខ្ញុំបំរុងនឹងអត់ទោសឲ្យគាត់ដូចព្រះយេហូវ៉ាដែរឬទេ?›។—ទំនុកដំកើង ៨៦:៥
២០. សូមលើកឧទាហរណ៍មួយដើម្បីបង្ហាញថាយើងមានហេតុទុកចិត្តលើសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាប្រទាននោះ។
២០ ព្រះយេហូវ៉ាប្រទានសេចក្ដីសង្ឃឹមពិត។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានសន្យាថា៖ «អញនឹងប្រគល់ . . . ច្រកភ្នំអាកោរទុកជាទ្វារនៃទីសង្ឃឹម»។ (ហូសេ ២:១៥) អង្គការរបស់ព្រះយេហូវ៉ាពីបុរាណដែលប្រៀបដូចជាភរិយារបស់ទ្រង់ មានសេចក្ដីសង្ឃឹមពិតថា គេអាចត្រឡប់ទៅស្រុកខ្លួនវិញ ដែលរួមបញ្ចូល«ច្រកភ្នំអាកោរ»នោះ។ ការបំពេញកិច្ចសន្យានោះនៅឆ្នាំ៥៣៧ មុនគ.ស. ក៏ផ្ដល់ហេតុឲ្យយើងមានចិត្តរីករាយដោយសារសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាប្រទានដល់យើង។
២១. តើចំណេះអាចជួយយើងដើរជាមួយនឹងព្រះយេហូវ៉ាបានយ៉ាងណា?
២១ បើយើងចង់ដើរជាបន្តជាមួយនឹងព្រះយេហូវ៉ា យើងត្រូវទទួលចំណេះអំពីទ្រង់ជានិច្ចហើយអនុវត្តតាមចំណេះនោះ។ ប្រជាជនអ៊ីស្រាអែលខ្វះខាតតម្រិះឬចំណេះអំពីព្រះយេហូវ៉ា ដូច្នេះពួកគេមិនសូវស្គាល់ទ្រង់ទេ។ (ហូសេ ៤:១, ៦) យ៉ាងណាក៏ដោយ ប្រជាជនខ្លះស្រឡាញ់ការណែនាំពីព្រះណាស់ ដូច្នេះពួកគេបានធ្វើតាមសេចក្ដីបង្រៀនរបស់ទ្រង់ ហើយក្រោយមកបានទទួលពរជាច្រើនផង។ ហូសេជាមនុស្សម្នាក់ដែលបានធ្វើដូច្នេះ ហើយនៅសម័យអេលីយ៉ាក៏មានមនុស្ស៧.០០០នាក់ដែលមិនបានលុតជង្គង់ក្រាបថ្វាយបង្គំព្រះបាលដែរ។ (ពង្សាវតារក្សត្រទី១ ១៩:១៨; រ៉ូម ១១:១-៤) បើយើងមានចិត្តកតញ្ញូចំពោះការណែនាំពីព្រះយេហូវ៉ា នេះនឹងជួយយើងដើរជាបន្តជាមួយនឹងទ្រង់។—ទំនុកដំកើង ១១៩:៦៦; អេសាយ ៣០:២០, ២១
២២. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការក្បត់ជំនឿ?
២២ ព្រះយេហូវ៉ាតម្រូវឲ្យពួកប្រុសៗដែលនាំមុខរាស្ត្រទ្រង់បដិសេធនឹងការក្បត់ជំនឿ។ ក៏ប៉ុន្តែ ហូសេ ៥:១ ចែងថា៖ «ឱពួកសង្ឃអើយ! ចូរស្ដាប់សេចក្ដីនេះ។ ឱពួកវង្សអ៊ីស្រាអែលអើយ! ចូរស្ដាប់ចុះ! ឯពូជពង្សនៃស្តេចអើយ! ចូរផ្ទៀងត្រចៀកដែរ ដ្បិតសេចក្ដីយុត្ដិធម៌កំពុងតែកាត់ទោសដល់ឯងរាល់គ្នាហើយ ពីព្រោះឯងជាអន្ទាក់នៅត្រង់មីសប៉ា ហើយជាមងលាតទៅលើភ្នំតាបោរ»។ ពួកអ្នកដឹកនាំប្រជាជនអ៊ីស្រាអែលបានក្បត់ជំនឿហើយញុះញង់ពួកបណ្ដាជនឲ្យថ្វាយបង្គំរូបព្រះ ដែលប្រៀបដូចជាការដាក់អន្ទាក់និងលាតមងឬបោះសំណាញ់ដើម្បីចាប់គេ។ ភ្នំតាបោរនិងកន្លែងមួយទៀតឈ្មោះមីសប៉ានោះ ប្រហែលជាមជ្ឈមណ្ឌលសម្រាប់ការថ្វាយបង្គំមិនពិត។
២៣. តើអ្នកបានទទួលប្រយោជន៍អ្វីពីការសិក្សាសៀវភៅហូសេជំពូកមួយដល់ប្រាំ?
២៣ ដោយមើលបទទំនាយរបស់ហូសេត្រឹមនេះ យើងឃើញថាព្រះយេហូវ៉ាជាព្រះមួយអង្គដែលមានព្រះទ័យមេត្ដាករុណា ទ្រង់ផ្ដល់ហេតុឲ្យមានសេចក្ដីសង្ឃឹម ហើយទ្រង់ក៏ប្រសិទ្ធពរឲ្យអស់អ្នកដែលអនុវត្តតាមការណែនាំពីទ្រង់ដែលរួមបញ្ចូលការបដិសេធពួកអ្នកក្បត់ជំនឿ។ ចូរឲ្យយើងធ្វើតាមគំរូរបស់ពួកអ៊ីស្រាអែលពីបុរាណដែលបានប្រែចិត្តនោះ ហើយស្វែងរកព្រះយេហូវ៉ានិងខំផ្គាប់ព្រះហឫទ័យទ្រង់ជានិច្ច។ (ហូសេ ៥:១៥) បើយើងធ្វើដូច្នេះ យើងនឹងច្រូតផលល្អបាន ហើយមានអំណរអរសប្បាយនិងសេចក្ដីសុខសាន្តដ៏ប្រៀបផ្ទឹមពុំបាន ដែលជារបស់ផងអស់អ្នកណាដែលមានចិត្តស្មោះត្រង់ក្នុងការដើរជាមួយនឹងព្រះយេហូវ៉ា។—ទំនុកដំកើង ១០០:២; ភីលីព ៤:៦, ៧
[កំណត់សម្គាល់]
a សៀវភៅកាឡាទី ៤:២១-២៦ ក៏មានរឿងប្រៀបធៀបមួយផ្សេងទៀតដែលបង្កប់អត្ថន័យតំណាង។ សៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី២ ទំព័រ៦៩៣-៦៩៤ មានការពន្យល់រឿងនោះជាភាសាអង់គ្លេស។ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើចំណងអាពាហ៍ពិពាហ៍របស់ហូសេនិងកូមើរតំណាងអ្វី?
• ហេតុអ្វីក៏ព្រះយេហូវ៉ាមានរឿងក្ដីដើម្បីទាស់នឹងពួកអ៊ីស្រាអែល?
• តើអ្នកកោតស្ងើចនឹងមេរៀនអ្វីក្នុងសៀវភៅហូសេជំពូកមួយដល់ប្រាំ?
[រូបភាពនៅទំព័រ៥]
ពួកអ្នកនៅទីក្រុងសាម៉ារីបានចាញ់ពួកអាសស៊ើរនៅឆ្នាំ៧៤០ មុនគ.ស.
[រូបភាពនៅទំព័រ៦]
មនុស្សមួយពួកមានអំណរពេលត្រឡប់ទៅស្រុករបស់ខ្លួនវិញ