ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ
«ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្ដាប់ចុះឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកដែរ»។—យ៉ូអែល ១:២
១, ២. ដោយព្រោះមានព្រឹត្ដិការណ៍យ៉ាងណានៅស្រុកយូដា ដែលព្រះយេហូវ៉ាបណ្ដាលឲ្យយ៉ូអែលប្រកាសពាក្យទំនាយដ៏ខ្លាំងនេះ?
«វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្ដា»! នេះជាសេចក្ដីប្រកាសដ៏អស្ចារ្យមែន! នេះជាសាររបស់ព្រះជូនរាស្ត្ររបស់ទ្រង់ ដែលបានប្រកាសដោយព្យាការីយ៉ូអែល។
២ ពាក្យទាំងនោះនៅយ៉ូអែល ១:១៥ បានកត់ទុកនៅស្រុកយូដា ប្រហែលជានៅឆ្នាំ៨២០ ម.ស.យ.។ នៅពេលនោះគឺមានភ្នំដ៏ខៀវស្រងាត់នៅក្នុងស្រុក។ ផ្លែឈើនិងស្រូវគឺមានសំបូរហូរហៀរ ហើយមានវាលស្មៅដ៏ធំហើយដែលខៀវស្រងាត់។ ប៉ុន្តែ អ្វីមួយមានភាពខុសយ៉ាងខ្លាំង។ ការថ្វាយបង្គំព្រះបាលបានរីកចំរើននៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា។ ពួកបណ្ដាជនបានស្រវឹងអ៊ូអែនៅពីមុខព្រះក្លែងក្លាយនេះ។ (ប្រៀបធៀប របាក្សត្រទី២ ២១:៤-៦, ១១) តើព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យព្រឹត្ដិការណ៍ទាំងនេះបន្តទៀតឬ?
៣. តើព្រះយេហូវ៉ាបានព្រមានប្រាប់អំពីអ្វី ហើយតើសាសន៍ទាំងឡាយត្រូវរៀបចំអ្វី?
៣ សៀវភៅយ៉ូអែលគឺប្រាប់ចម្លើយយ៉ាងច្បាស់។ ព្រះយេហូវ៉ានឹងធ្វើយុត្ដិកម្មដល់អធិបតេយ្យភាពរបស់ទ្រង់ ហើយនឹងធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធ។ ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាបានជិតដល់ហើយ។ នៅពេលនោះ ព្រះនឹងប្រហារសេចក្ដីជំនុំជំរះលើអស់ទាំងសាសន៍ នៅឯ«ច្រកភ្នំយ៉ូសាផាត»។ (យ៉ូអែល ៣:១២) ចូរឲ្យគេរៀបចំធ្វើសង្គ្រាមទាស់នឹងព្រះយេហូវ៉ាជាព្រះដែលមានព្រះចេស្ដាបំផុតចុះ។ យើងក៏ប្រឈមមុខនឹងថ្ងៃនៃព្រះយេហូវ៉ាដ៏ធំនោះដែរ។ ដូច្នេះ សូមឲ្យយើងពិចារណាមើលពាក្យទំនាយរបស់យ៉ូអែលសំរាប់សម័យនេះ និងសម័យពីដើមដែរ។
ការលុកលុយដោយសត្វល្អិត
៤. តើព្រឹត្ដិការណ៍ដែលបានព្រមានប្រាប់ដោយយ៉ូអែលនឹងមានទំហំប៉ុនណាទៅ?
៤ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈព្យាការីរបស់ទ្រង់ថា៖ «ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្ដាប់ចុះ ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកដែរ ការយ៉ាងនេះដែលកើតមានក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់នៃឪពុកអ្នករាល់គ្នាដែរឬ ចូរប្រាប់ដល់កូនអ្នករាល់គ្នាចុះហើយឲ្យកូនប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ដំណទៅមុខទៀតតៗទៅ»។ (យ៉ូអែល ១:២, ៣) ពួកចាស់ព្រឹទ្ធាចារ្យនិងបណ្ដាជនទាំងឡាយអាចទន្ទឹងចាំអ្វីមួយ ដែលមិនបានកើតឡើងក្នុងជីវិតរបស់គេ ឬក្នុងសម័យនៃពួកឰយុកោរបស់គេឡើយ។ ព្រឹត្ដិការណ៍នេះនឹងមានភាពអស្ចារ្យដ៏ម្ល៉េះ ដែលនឹងប្រាប់ដល់ដំណទៅមុខទៀត! តើអ្វីទៅជាព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ? ដើម្បីនឹងរកចម្លើយ សូមឲ្យយើងគិតថា យើងកំពុងនៅសម័យរបស់លោកយ៉ូអែលនោះ។
៥, ៦. (ក) សូមរៀបរាប់អំពីគ្រោះកាចដែលយ៉ូអែលបានទាយ។ (ខ) តើអ្នកណាជាប្រភពនៃគ្រោះកាចនោះ?
៥ សូមស្ដាប់! យ៉ូអែលឮសូររោទ៍ពីចម្ងាយ! មេឃឡើងងងឹត ហើយសម្លេងដែលគួរឲ្យព្រឺក្បាលមានកាន់តែខ្លាំងឡើង កាលភាពងងឹតមាននៅខាងលើ។ ហើយពពកដែលមានសភាពដូចផ្សែងក៏ចុះមកក្រោម។ នេះជាកងទ័ពនៃសត្វល្អិតជាច្រើនលាន។ ហើយពួកវាបណ្ដាលឲ្យមានការហិនហោចយ៉ាងខ្លាំងមែន! ឥឡូវនេះសូមពិចារណាមើលយ៉ូអែល ១:៤។ សត្វល្អិតរុករាននេះមិនមានតែកណ្ដូបដែលមានស្លាបនោះទេ។ គឺនៅមានសត្វល្អិតផ្សេងទៀត! ហ្វូងយ៉ាងធំនៃកណ្ដូបឥតស្លាបដែលលូនហើយឃ្លានក៏បានមកដែរ។ កណ្ដូបបានមកដល់យ៉ាងរហ័សដោយសារខ្យល់ ហើយឮសន្ធឹកដូចជារទេះចំបាំងអញ្ចឹង។ (យ៉ូអែល ២:៥) ដោយពួកវាប៉ិនស៊ីនោះ កណ្ដូបរាប់លានទាំងនេះអាចធ្វើឲ្យសួនមនោរម្យទៅជាទីរហោស្ថានយ៉ាងរហ័ស។
៦ សូម្បីតែដង្កូវក៏កំពុងធ្វើដំណើរដែរ—ដែលជាគ្រាញាស់កូនរេណុប្បត្តសត្វនិងមេអំបៅ។ ពលទ័ពដង្កូវអាចស៊ីស្លឹករុក្ខជាតិបន្ដិចម្ដងៗ មួយស្លឹកម្ដងៗ រហូតដល់ស៊ីអស់រលីង។ ហើយអ្វីដែលនៅសល់ នោះកណ្ដូបនឹងស៊ី។ ហើយអ្វីដែលនៅសល់ពីកណ្ដូប នោះកន្លាតនឹងស៊ីឲ្យអស់រលីង។ ប៉ុន្តែសូមកត់សម្គាល់មើល៖ នៅយ៉ូអែលជំពូក ២ ខ១១ ព្រះបានហៅកណ្ដូបជា«ពលទ័ពរបស់ទ្រង់»។ ត្រូវហើយ ទ្រង់ជាប្រភពគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំ ដែលនឹងបង្ហិនស្រុក ហើយធ្វើឲ្យមានទុរភិក្សយ៉ាងខ្លាំង។ តើនៅពេលណា? គឺនៅបន្ដិចមុន«ថ្ងៃនៃព្រះយេហូវ៉ា»។
«ម្នាលពួកប្រមឹក ចូរភ្ញាក់ឡើង»!
៧. (ក) តើអ្វីជាស្ថានការណ៍ក្នុងចំណោមមេដឹកនាំសាសនានៅស្រុកយូដា? (ខ) តើតាមរបៀបណាដែលមេដឹកនាំខាងពិភពគ្រីស្ទសាសនាសព្វថ្ងៃនេះ មានសភាពដូចពួកដឹកនាំខាងសាសនានៅស្រុកយូដា?
៧ មេដឹកនាំសាសនារបស់ស្រុកយូដា ដែលជាបណ្ដាជនដែលគួរឲ្យមើលងាយ គឺបានត្រូវជាប់ទោស នៅពេលដែលសេចក្ដីបង្គាប់បានចេញថា៖ «ម្នាលពួកប្រមឹក ចូរភ្ញាក់ឡើង ហើយយំចុះ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយនឹកស្ដាយទឹកទំពាំងបាយជូរផ្អែម ដ្បិតត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ»។ (យ៉ូអែល ១:៥) ត្រូវហើយ ពួកប្រមឹកខាងវិញ្ញាណនៃស្រុកយូដា បានត្រូវបង្គាប់ឲ្យ«ភ្ញាក់ឡើង»ពីការស្រវឹង។ ប៉ុន្តែ សូមកុំគិតថានេះគ្រាន់តែជារឿងប្រវត្ដិសាស្ត្រនោះឡើយ។ ឥឡូវនេះ មុននឹងថ្ងៃនៃព្រះយេហូវ៉ា បព្វជិតនៃពិភពគ្រីស្ទសាសនា បើនិយាយជាប្រៀបប្រដូច គឺពេញទៅដោយស្រាផ្អែម ដែលគេមិនទាំងដឹងអំពីសេចក្ដីបង្គាប់នេះពីព្រះដ៏ខ្ពស់បំផុតឡើយ។ តើគេនឹងភ្ញាក់ផ្អើលយ៉ាងណាទៅហ្ន៎ នៅពេលថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាច ធ្វើឲ្យគេក្រោកឡើងពីភាពប្រមឹកខាងវិញ្ញាណរបស់គេ!
៨, ៩. (ក) តើតាមរបៀបណាដែលយ៉ូអែលរៀបរាប់អំពីកណ្ដូប ហើយនិងឥទ្ធិពលនៃគ្រោះកាចដោយគេ? (ខ) សព្វថ្ងៃនេះ តើកណ្ដូបតំណាងអ្នកណាគេ?
៨ សូមមើលពលទ័ពកណ្ដូបដ៏ធំនេះ! «ពីព្រោះមានជាតិ១ឡើងមកលើស្រុកអញ ជាជាតិខ្លាំងពូកែ ហើយមានច្រើនឥតគណនា វាមានធ្មេញដូចជាធ្មេញសិង្ហ មានថ្គាមជារបស់សិង្ហញី វាបានបំផ្លាញដើមទំពាំងបាយជូររបស់អញ ក៏បានស៊ីសំបកដើមល្វារបស់អញ ព្រមទាំងឲ្យនៅរលីងផង គឺបានធ្វើឲ្យមែកទាំងអស់ទៅជាសទទេ។ ចូរសោកពិលាប ដូចជាស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃកាន់ទុក្ខប្ដីដែលដណ្ដឹងនាងពីកាលនៅក្មេង»។—យ៉ូអែល ១:៦-៨
៩ តើនេះគ្រាន់តែជាទំនាយអំពី«សាសន៍»នៃកណ្ដូប ដែលព័ទ្ធស្រុកយូដានោះឬ? អត់ទេ ទំនាយនេះគឺមានន័យសារៈសំខាន់ទៀត។ នៅយ៉ូអែល ១:៦ និងវិវរណៈ ៩:៧ រាស្ត្ររបស់ព្រះ គឺបានត្រូវតំណាងដោយកណ្ដូប។ ពលទ័ពកណ្ដូបនៃសម័យទំនើបនេះ គឺជាពួកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា ដែលឥឡូវនេះមាន«ចៀមឯទៀត»ជាង៥.៦០០.០០០នាក់មកចូលរួមជាមួយពួកគេ។ (យ៉ូហាន ១០:១៦) តើអ្នកសប្បាយចិត្តរួមចំណែកពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាដ៏ធំនេះឬទេ?
១០. តើកណ្ដូបមានឥទ្ធិពលយ៉ាងណាទៅលើស្រុកយូដា?
១០ នៅយ៉ូអែល ១:៩-១២ យើងអានអំពីលទ្ធផលនៃគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនេះ។ មួយហ្វូងៗធ្វើឲ្យការហិនហោចដល់ស្រុក។ ដោយឥតមានស្រូវ ស្រា និងប្រេង នោះពួកសង្ឃដ៏ឥតស្មោះត្រង់មិនអាចបន្តធ្វើកិច្ចការរបស់គេទេ។ សូម្បីតែដីក៏កាន់ទុក្ខដែរ ពីព្រោះកណ្ដូបធ្វើវាមិនអោយមានស្រូវ និងដើមឈើក៏ឥតមានផ្លែដែរ។ ដោយសារដើមទំពាំងបាយជូរបានហិនហោចអស់ នោះគឺឥតមានស្រាឲ្យអស់អ្នកផឹកស្រាដ៏ហួសហេតុនេះ ដែលបានប្រមឹកខាងវិញ្ញាណដែរ។
«ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង»
១១, ១២. (ក) តើអ្នកណាដែលអះអាងធ្វើជាពួកសង្ឃរបស់ព្រះនៅសព្វថ្ងៃនេះ? (ខ) តើកណ្ដូបមានឥទ្ធិពលយ៉ាងណាលើមេដឹកនាំសាសនាខាងពិភពគ្រីស្ទសាសនា?
១១ សូមស្ដាប់នូវសាររបស់ព្រះចំពោះពួកសង្ឃដ៏វង្វេងនេះ៖ «ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ»។ (យ៉ូអែល ១:១៣) ក្នុងការសម្រេចដំបូងនៃទំនាយរបស់យ៉ូអែល ពួកសង្ឃលេវីបានបំរើនៅឯអាសនា។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះការសម្រេចនៅចុងក្រោយ? សព្វថ្ងៃនេះ បព្វជិតខាងពិភពគ្រីស្ទសាសនាបានទទួលកាន់កាប់មានអំណាចនៅឯអាសនារបស់ព្រះ ដោយអះអាងថាគេជាអ្នកបំរើទ្រង់ ជា«ពួកសង្ឃ»របស់ទ្រង់។ ប៉ុន្តែ តើអ្វីដែលកើតឡើងនៅសម័យនេះ ពេលដែលកណ្ដូបនាបច្ចុប្បន្នកាលនៃព្រះកំពុងជឿនទៅមុខនោះ?
១២ នៅពេល«ពួកសង្ឃ»នៃពិភពគ្រីស្ទសាសនាឃើញរាស្ត្ររបស់ព្រះយេហូវ៉ាកំពុងប្រព្រឹត្តទៅ ហើយឮការព្រមានអំពីសេចក្ដីជំនុំជំរះរបស់ព្រះ នោះគេក្លាយទៅជាក្រហល់ក្រហាយ។ គេវាយទ្រូងរបស់គេដោយមួម៉ៅ ហើយមានចិត្តក្ដៅក្រហាយនឹងឥទ្ធិពលដ៏ហិនហោចនៃសារអំពីព្រះរាជាណាចក្រ។ កាលដែលហ្វូងរបស់គេចាកចេញពីខ្លួនគេ នោះគេក៏ថ្ងូរ។ ពួកគេដេកគ្រលុំខ្លួនដោយសំពត់ធ្មៃមួយយប់ ដោយវាលស្មៅរបស់គេបានក្លាយទៅជាទទេឡត ហើយកាន់ទុក្ខលើការបាត់បង់ប្រាក់ចំណូលរបស់គេ។ មិនយូរប៉ុន្មាន គេក៏នឹងបាត់បង់កិច្ចការរបស់គេជាសង្ឃផងដែរ! តាមពិត ព្រះប្រាប់គេឲ្យកាន់ទុក្ខរាល់យប់ ពីព្រោះទីបញ្ចប់របស់គេគឺជិតដល់ហើយ។
១៣. តើពិភពគ្រីស្ទសាសនាទាំងមូលនឹងទទួលតបយ៉ាងល្អ នឹងការព្រមានរបស់ព្រះយេហូវ៉ាទេ?
១៣ យោងទៅតាមយ៉ូអែល ១:១៤ សេចក្ដីសង្ឃឹមតែមួយរបស់គេ គឺពឹងលើការប្រែចិត្ត ហើយ«អំពាវនាវដល់ព្រះយេហូវ៉ា»។ តើយើងអាចទន្ទឹងចាំពួកបព្វជិតទាំងមូលនៃពិភពគ្រីស្ទសាសនា ឲ្យអំពាវនាវទៅរកព្រះយេហូវ៉ាឬ? គឺប្រាកដជាអត់ទេ! បុគ្គលម្នាក់ៗក្នុងចំណោមគេប្រហែលជាតបឆ្លើយដល់ការព្រមានរបស់ព្រះយេហូវ៉ា។ ប៉ុន្តែស្ថានភាពដ៏អត់ឃ្លានខាងវិញ្ញាណនឹងមានជាបន្តនៃមេដឹកនាំសាសនាទាំងនេះ និងពួកបរិស័ទ្ធរបស់គេ។ ព្យាការីអេម៉ុសបានទាយថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ‹មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណង់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ› »។ (អេម៉ុស ៨:១១) ម្យ៉ាងទៀត យើងមានអំណរគុណណាស់ ដោយមានអាហារខាងវិញ្ញាណដ៏បរិបូរ ដែលព្រះប្រទានតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›!—ម៉ាថាយ ២៤:៤៥-៤៧
១៤. តើគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនោះជាប្រថ្នូលអ្វី?
១៤ គ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនេះ គឺជាប្រថ្នូលចំពោះអ្វីមួយទៀត។ តើនឹងប្រថ្នូលអ្វីទៅ? យ៉ូអែលប្រាប់យើងយ៉ាងច្បាស់ថា៖ «វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្ដា»! (យ៉ូអែល ១:១៥) ការរុករាននៃពលទ័ពកណ្ដូបរបស់ព្រះនៅសព្វថ្ងៃនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា ថ្ងៃនៃព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាច នោះគឺជិតដល់ហើយ។ យ៉ាងប្រាកដណាស់ មនុស្សដែលមានចិត្តទៀងត្រង់ទន្ទឹងចាំថ្ងៃដ៏ពិសេសនេះ នៅពេលដែលការជំនុំជំរះរបស់ព្រះនឹងត្រូវប្រហារលើពួកមនុស្សអាក្រក់ ហើយព្រះយេហូវ៉ានឹងបានជោគជ័យជាព្រះមហាក្សត្រសកលលោក។
១៥. ដោយដឹងអំពីស្ថានការណ៍ដ៏អាក្រក់នៃស្រុក តើពួកអ្នកដែលស្ដាប់តាមការព្រមានរបស់ព្រះនឹងធ្វើយ៉ាងណា?
១៥ ដូចនៅយ៉ូអែល ១:១៦-២០ បង្ហាញមក អាហារបានត្រូវបណ្ដាច់នៅក្នុងស្រុកយូដាពីបុរាណ។ ហើយសេចក្ដីអំណរក៏ឥតមានដែរ។ ជង្រុកទាំងប៉ុន្មានក៏នៅទទេ ហើយរោងក៏បានរុះចោល។ ឥតមានវាលស្មៅ ដោយព្រោះកណ្ដូបបានស៊ីរុក្ខជាតិអស់ ហើយហ្វូងគោត្រូវដើររវើរវាយយ៉ាងស្រឡាំងកាំង ហើយសត្វចៀមជាច្រើនក៏បាត់បង់ទៅដែរ។ នេះជាវិបត្ដិភ័យមួយមែន! នៅកណ្ដាលស្ថានភាពបែបនេះ តើអ្វីបានកើតឡើងដល់យ៉ូអែល? យោងទៅតាមខ១៩ លោកមានប្រសាសន៍ថា៖ «ឱព្រះយេហូវ៉ាអើយទូលបង្គំអំពាវនាវដល់ទ្រង់»។ សព្វថ្ងៃនេះដែរ មនុស្សជាច្រើនធ្វើតាមការព្រមានរបស់ព្រះ ហើយអំពាវនាវដល់ព្រះយេហូវ៉ាដោយជំនឿ។
«ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក»
១៦. ហេតុអ្វីក៏«អ្នកស្រុក»ត្រូវជ្រួលច្រាល់ជាខ្លាំង?
១៦ សូមស្ដាប់បទបញ្ជានេះពីព្រះ៖ «ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ហើយធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់អញ ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ»។ (យ៉ូអែល ២:១) ហេតុអ្វីក៏ត្រូវធ្វើតាមរបៀបនេះ? ទំនាយឆ្លើយថា៖ «ពីព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក ក៏ជិតដល់ហើយ គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមកដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ»។ (យ៉ូអែល ២:១, ២) គឺមានការដឹងនូវភាពជាបន្ទាន់ដែលទាក់ទងនឹងថ្ងៃនៃព្រះយេហូវ៉ា។
១៧. តើស្រុកនិងមនុស្សនៅយូដាមានឥទ្ធិពលយ៉ាងណាពីគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនោះ?
១៧ សូមគិតនូវឥទ្ធិពលនៃចក្ខុនិមិត្តរបស់ព្យាការីនេះ កាលដែលកណ្ដូបធ្វើឲ្យសួនមនោរម្យក្លាយទៅជាវាល។ សូមស្ដាប់នូវការពិពណ៌នាពលទ័ពកណ្ដូប៖ «ភាពរូបរបស់គេមើលទៅដូចជាសេះ គេក៏រត់ដូចជាសេះចំបាំងដែរ គេកញ្ឆលឮសន្ធឹក ដូចជារទេះចំបាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលដំរៀបគ្នាប្រុងចូលច្បាំង អស់ទាំងសាសន៍មានសេចក្ដីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ»។ (យ៉ូអែល ២:៤-៦) ក្នុងកំឡុងគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនៅសម័យរបស់យ៉ូអែល នោះពួកអ្នកថ្វាយបង្គំព្រះបាលមានការភ័យព្រួយកាន់តែខ្លាំងឡើង ហើយការភ័យព្រួយគឺអាចឃើញបានដោយទឹកមុខរបស់គេ។
១៨, ១៩. តើតាមរបៀបណាដែលសកម្មភាពនៃរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ មានដូចជាគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនោះ?
១៨ គ្មានអ្វីសោះដែលអាចបញ្ឈប់កណ្ដូបដ៏មិនចេះហត់នេះ ហើយដែលមានរបៀបរៀបរយនោះទេ។ ពួកគេរត់«ដូចជាមនុស្សខ្លាំងពូកែ» ហើយព្រមទាំងឡើងតាមជញ្ជាំងទៀតផង។ ប្រសិនបើ‹ពួកគេខ្លះធ្លាក់ក្នុងចំណោមគ្រឿងសាស្ដ្រាវុធ នោះអ្នកឯទៀតមិនរុញរាថយក្រោយឡើយ›។ (យ៉ូអែល ២:៧, ៨) នេះជាទំនាយដ៏ជាក់ស្តែងនៃពលទ័ពរបស់ព្រះនៅសម័យទំនើបនេះ ដែលប្រៀបប្រដូចទៅនឹងកណ្ដូបនោះ! សព្វថ្ងៃនេះដែរ ពលទ័ពកណ្ដូបរបស់ព្រះយេហូវ៉ាខំបន្តទៅមុខជានិច្ច។ ការប្រឆាំងដែលមានដូចជា«ជញ្ជាំង» ក៏ពុំធ្វើឲ្យគេខ្លាចនោះទេ។ គេមិនបោះបង់ចោលចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេចំពោះព្រះឡើយ ប៉ុន្តែសុខចិត្តស្លាប់ ដូចពួកស្មរបន្ទាល់ជាច្រើនពាន់នាក់ដែល‹ធ្លាក់ក្នុងចំណោមគ្រឿងសាស្ដ្រាវុធ› ដោយព្រោះគេមិនតម្កើងហិត្លើក្នុងរបបណាត្ស៊ីនៅប្រទេសអាល្លឺម៉ង់។
១៩ ពលកណ្ដូបរបស់ព្រះនៅសម័យទំនើបនេះ បានផ្សាយយ៉ាងហ្មត់ចត់នៅក្នុង«ទីក្រុង»នៃពិភពគ្រីស្ទសាសនា។ (យ៉ូអែល ២:៩) គេបានធ្វើបែបនេះទូទាំងពិភពលោក។ គេកំពុងតែមានជ័យជំនះលើឧបសគ្គទាំងឡាយ ដោយចូលទៅក្នុងផ្ទះនៃមនុស្សជាច្រើនលាននាក់ ហើយទៅជួបមនុស្សនៅតាមផ្លូវ និយាយជាមួយគេដោយប្រើទូរស័ព្ទ ហើយទៅជួបគេតាមរបៀបណាក៏ដោយ កាលដែលគេប្រកាសផ្សាយសាររបស់ព្រះយេហូវ៉ា។ ប្រាកដហើយ គេបានចែកចាយប្រកាសនវត្ថុព្រះគម្ពីរជាច្រើនលានក្បាល ហើយនឹងចែកចាយជាច្រើនទៀតក្នុងកិច្ចបំរើផ្សាយរបស់គេ—គឺដោយសាធារណៈនិងពីផ្ទះមួយទៅផ្ទះមួយ។—កិច្ចការ ២០:២០, ២១
២០. តើអ្នកណាដែលគាំទ្រកណ្ដូបនៅសម័យនេះ ហើយតើមានលទ្ធផលយ៉ាងណា?
២០ យ៉ូអែល ២:១០ បង្ហាញថាហ្វូងកណ្ដូបដ៏ធំអាចធ្វើដូចជាពពកដែលអាចបំបាំងថ្ងៃ លោកខែ និងផ្កាយទាំងឡាយ។ (ប្រៀបធៀប អេសាយ ៦០:៨) តើមានការសង្ស័យថាអ្នកណាគេគាំទ្រកងទ័ពទាហាននេះឬទេ? ក្រៅពីសូរខ្លាំងដោយសត្វទាំងនេះ យើងឮពាក្យទាំងនេះនៃយ៉ូអែល ២:១១ ថា៖ «ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់តើអ្នកណាអាចនឹងធន់នៅបាន»? ត្រូវហើយ ព្រះយេហូវ៉ាបញ្ជូនពលទ័ពកណ្ដូបរបស់ទ្រង់នៅសព្វថ្ងៃនេះ—មុននឹងថ្ងៃដ៏ធំរបស់ទ្រង់មកដល់។
«ព្រះយេហូវ៉ាមិនផ្អាក»
២១. តើនឹងមានលទ្ធផលយ៉ាងណា នៅពេលដែល‹ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ដូចជាចោរ›?
២១ ដូចយ៉ូអែល សាវ័កពេត្រុសបាននិយាយអំពីថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា។ លោកបានសរសេរថា៖ «រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដីនឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»។ (ពេត្រុសទី២ ៣:១០) នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង ការគ្រប់គ្រងដ៏អាក្រក់ដែលជា«ស្ថានសួគ៌» កំពុងគ្រប់គ្រងលើ«ផែនដី» នោះគឺថា មនុស្សដែលឃ្លាតឆ្ងាយចេញពីព្រះ។ (អេភេសូរ ៦:១២; យ៉ូហានទី១ ៥:១៩) ផ្ទៃមេឃនិងផែនដីដែលជានិមិត្តរូបនេះ នឹងមិនរួចរស់ពីកំហឹងរបស់ព្រះក្នុងកំឡុងថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាឡើយ។ ផ្ទុយទៅវិញ គឺនឹងបានត្រូវជំនួសដោយ«សេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនិងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣
២២, ២៣. (ក) តើយើងត្រូវមានចិត្តយ៉ាងណាចំពោះការអត់ធ្មត់របស់ព្រះយេហូវ៉ាដ៏មេត្ដាករុណានោះ? (ខ) តើយើងត្រូវប្រព្រឹត្តយ៉ាងណាចំពោះភាពជិតដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា?
២២ យើងអាចបាត់បង់នូវភាពបន្ទាន់នៅសព្វថ្ងៃនេះ ដោយសារការរំខាននិងការល្បួងជំនឿនៅសម័យនេះ។ ប៉ុន្តែ កាលដែលកណ្ដូបជានិមិត្តរូបនេះខំប្រឹងបន្តទៅមុខ មនុស្សជាច្រើនកំពុងតែតបឆ្លើយនឹងសារព្រះរាជាណាចក្រ។ ទោះជាព្រះអនុញ្ញាតឲ្យមានពេលសំរាប់រឿងនេះ យើងមិនត្រូវច្រឡំការអត់ធ្មត់ជាមួយនឹងការយឺតនោះឡើយ។ «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។—ពេត្រុសទី២ ៣:៩
២៣ កាលដែលយើងទន្ទឹងចាំថ្ងៃដ៏ធំនេះនៃព្រះយេហូវ៉ា សូមឲ្យយើងធ្វើតាមពាក្យរបស់ពេត្រុស ដែលបានកត់ទុកនៅពេត្រុសទី២ ៣:១១, ១២៖ «ចុះដែលរបស់ទាំងនោះត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ ទាំងទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ»! ការប្រព្រឹត្តទាំងនេះច្បាស់ជាទាក់ទងការធ្វើតាមឲ្យទាន់ពលទ័ពកណ្ដូបរបស់ព្រះយេហូវ៉ា ដោយមានការចូលរួមផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ មុននឹងទីបញ្ចប់មកដល់។—ម៉ាកុស ១៣:១០
២៤, ២៥. (ក) តើអ្នកឆ្លើយតបយ៉ាងណាចំពោះឯកសិទ្ធិនៃការចូលរួមក្នុងពលទ័ពកណ្ដូបរបស់ព្រះយេហូវ៉ា? (ខ) តើសំនួរដ៏សំខាន់អ្វីដែលយ៉ូអែលបានសួរឡើង?
២៤ ពលទ័ពកណ្ដូបរបស់ព្រះនឹងមិនឈប់ធ្វើការទេ រហូតដល់ការផ្ទុះឡើងនៃថ្ងៃរបស់ព្រះយេហូវ៉ាដ៏គួរឲ្យស្ញែងខ្លាច។ វត្តមាននៃកណ្ដូបដ៏មិនអាចបញ្ឈប់នេះ គឺជាភស្តុតាងយ៉ាងអស្ចារ្យថាថ្ងៃនៃព្រះយេហូវ៉ាគឺជិតមកដល់ហើយ។ តើអ្នកមានចិត្តរីករាយក្នុងការបំរើជាមួយកណ្ដូបដ៏ចាក់ប្រេងតាំងរបស់ព្រះ និងគូកនរបស់គេ ក្នុងកិច្ចការចុងក្រោយបង្អស់នេះ មុននឹងថ្ងៃធំដ៏គួរឲ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់ទេឬ?
២៥ ថ្ងៃនៃព្រះយេហូវ៉ានឹងបានធំជាយ៉ាងណាទៅហ្ន៎! អញ្ចឹងហើយបានជាសំនួរបានសួរថា៖ «តើអ្នកណាអាចនឹងធន់នៅបាន»? (យ៉ូអែល ២:១១) សំនួរនេះនិងសំនួរជាច្រើនទៀតនឹងត្រូវពិចារណាក្នុងអត្ថបទពីរទៀតជាបន្ទាប់។
តើអ្នកអាចពន្យល់បានទេ?
◻ ហេតុអ្វីក៏ព្រះយេហូវ៉ាបានព្រមានប្រាប់អំពីគ្រោះកាចដោយសត្វល្អិតទៅលើស្រុកយូដា?
◻ ក្នុងការសម្រេចទំនាយរបស់យ៉ូអែលនៅសម័យទំនើបនេះ តើអ្នកណាជាកណ្ដូបរបស់ព្រះយេហូវ៉ា?
◻ តើតាមរបៀបណាដែលមេដឹកនាំនៃពិភពគ្រីស្ទសាសនា តបនឹងគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំ និងតើពួកគេខ្លះអាចគេចចេញពីកម្មផលយ៉ាងដូចម្ដេច?
◻ តើគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំមានកំរិតប៉ុនណាក្នុងសតវត្សទី២០នេះ ហើយតើនឹងមានរហូតដល់ត្រឹមណា?
[រូបភាពនៅទំព័រ៨]
គ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំជាប្រថ្នូលនៃអ្វីដ៏អាក្រក់ជាងនោះទៅទៀត
[អ្នកផ្ដល់សិទ្ធិ]
Barren tree: FAO photo/G. Singh
[រូបភាពនៅទំព័រ៩]
ព្រះយេហូវ៉ាគឺជាអ្នកគាំទ្រនៃគ្រោះកាចដោយកណ្ដូបមួយហ្វូងយ៉ាងធំនៅសម័យទំនើបនេះ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៧]
Locust: FAO photo/G. Tortoli; locust swarm: FAO photo/Desert Locust Survey