ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែតុលា
it-2-E ទំ. ៩០២ វ. ២
៧០អាទិត្យ
អំពើរំលងនិងភាពខុសឆ្គងបានផុតទៅ។ ការផ្ដាច់ជីវិតលោកយេស៊ូ ការប្រោសលោកឲ្យរស់ឡើងវិញ និងការលេចមករបស់លោកនៅស្ថានសួគ៌បាននាំឲ្យ«អំពើរំលង»បានត្រូវបំបាត់ចោល «អំពើបាប»ឬភាពខុសឆ្គងបានត្រូវបញ្ចប់ ហើយ«អំពើទុច្ចរិត»បានត្រូវអភ័យទោស។ (ដាន. ៩:២៤) កិច្ចព្រមព្រៀងខាងច្បាប់បានសឲ្យឃើញថាជនជាតិយូដាជាអ្នកប្រព្រឹត្តខុសឆ្គង ហេតុនេះពួកគេបានទទួលការផ្ដន្ទាទោស ហើយពួកគេត្រូវបណ្ដាសាជាអ្នកបំពានលើកិច្ចព្រមព្រៀង។ ប៉ុន្តែ នៅកន្លែងណាដែលភាពខុសឆ្គង«មានកាន់តែច្រើន»ដូចដែលច្បាប់ម៉ូសេបានសឲ្យឃើញ ឬបង្ហាញឲ្យឃើញច្បាស់ នោះសេចក្ដីមេត្ដាករុណារបស់ព្រះនិងការពេញចិត្តពីលោកនឹងមានច្រើនជាងនោះទៅទៀតតាមរយៈមេស្ស៊ីរបស់លោក។ (រ៉ូម ៥:២០) ដោយសារគ្រឿងបូជារបស់មេស្ស៊ី អំពើរំលងនិងភាពខុសឆ្គងរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គងដែលបានប្រែចិត្តអាចត្រូវលុបចោល ហើយទោសរបស់ពួកគេអាចត្រូវលើកលែង។
it-2-E ទំ. ៩០០ វ. ៧
៧០អាទិត្យ
ការមកដល់របស់មេស្ស៊ីក្រោយ‹៦៩អាទិត្យ›។ ជាផ្នែកនៃ៧០អាទិត្យ «៦២អាទិត្យ»ដែលបានត្រូវរៀបរាប់ក្រោយ៧អាទិត្យ (ដាន. ៩:២៥) នឹងបន្តពេល«៧អាទិត្យ»បានចប់។ ដូច្នេះ «ចាប់តាំងពីចេញបង្គាប់»ឲ្យសង់ក្រុងយេរូសាឡិមឡើងវិញរហូតដល់‹អ្នកចាក់ប្រេងតាំង[មេស្ស៊ី] គឺជាអ្នកដែលជាកំពូលបណ្ដាច់[អ្នកដឹកនាំ]› នឹងមានរយៈពេល៧បូកនឹង៦២«អាទិត្យ» ឬ៦៩«អាទិត្យ» ពោលគឺ៤៨៣ឆ្នាំ គឺពីឆ្នាំ៤៥៥ មុនគ.ស. ដល់ឆ្នាំ២៩ គ.ស.។ ដូចបានរៀបរាប់ខាងលើ នៅរដូវស្លឹកឈើជ្រុះនៃឆ្នាំនោះ ពោលគឺឆ្នាំ២៩ គ.ស. លោកយេស៊ូបានទទួលការជ្រមុជទឹក បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ហើយបានចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោក ក្នុងនាមជា‹អ្នកចាក់ប្រេងតាំង គឺជាអ្នកដែលជាកំពូលបណ្ដាច់›ឬមេស្ស៊ីដែលជាអ្នកដឹកនាំ។—លូក. ៣:១, ២, ២១, ២២
it-2-E ទំ. ៩០១ វ. ២
៧០អាទិត្យ
«ត្រូវផ្ដាច់ចេញ»នៅពាក់កណ្ដាលអាទិត្យ។ កាព្រីយ៉ែលបាននិយាយទៅដានីយ៉ែលថែមទៀតថា៖ «លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្ដាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ»។ (ដាន. ៩:២៦) គឺមួយរយៈពេលក្រោយពីទីបញ្ចប់នៃ‹៧បូក៦២អាទិត្យ› តាមពិតប្រហែលជាបីឆ្នាំកន្លះក្រោយមក គ្រិស្តបានត្រូវគេប្រហារជីវិតនៅលើបង្គោលទារុណកម្ម ហើយបានលះបង់អ្វីទាំងអស់ដែលលោកមាន ដើម្បីជាថ្លៃលោះមនុស្សជាតិ។ (អេ. ៥៣:៨) ហេតុការណ៍ពិតបញ្ជាក់ថា លោកយេស៊ូបានចំណាយពេលពាក់កណ្ដាលដំបូងនៃ«អាទិត្យ»ក្នុងកិច្ចបម្រើផ្សាយ។ នៅពេលមួយ ទំនងជានៅរដូវស្លឹកឈើជ្រុះនាឆ្នាំ៣២ គ.ស. លោកបានលើកឧទាហរណ៍មួយ តាមមើលទៅដោយប្រៀបប្រដូចប្រជាជាតិយូដាទៅនឹងដើមល្វា (សូមពិនិត្យបន្ថែម ម៉ាថ. ១៧:១៥-២០; ២១:១៨, ១៩, ៤៣) ដែលគ្មានផ្លែអស់«បីឆ្នាំ»។ អ្នកថែចម្ការទំពាំងបាយជូរបាននិយាយទៅម្ចាស់ចម្ការថា៖ «លោកម្ចាស់ សូមលោកទុកដើមនោះឲ្យនៅមួយរដូវទៀត ចាំខ្ញុំជ្រួយដីនៅជុំវិញហើយដាក់ជី។ រួចបើនៅថ្ងៃមុខដើមនេះមានផ្លែ ជាការល្អហើយ ប៉ុន្តែបើគ្មានផ្លែទេ លោកអញ្ជើញកាប់ចោលចុះ»។ (លូក. ១៣:៦-៩) លោកយេស៊ូប្រហែលជាចង់សំដៅលើរយៈពេលដែលលោកផ្សព្វផ្សាយដល់ប្រជាជាតិនោះដែលមិនព្រមស្ដាប់ ជាកិច្ចផ្សព្វផ្សាយដែលបានធ្វើឡើងនៅពេលនោះអស់រយៈពេលប្រហែលជាបីឆ្នាំ ហើយបានចូលដល់ឆ្នាំទី៤។
it-2-E ទំ. ៩០១ វ. ៥
៧០អាទិត្យ
«ពាក់កណ្ដាលអាទិត្យ» គឺជាពាក់កណ្ដាលប្រាំពីរឆ្នាំ ឬក្រោយបីឆ្នាំកន្លះក្នុង«អាទិត្យ»នៃឆ្នាំនោះ។ ដោយសារ«អាទិត្យ»ទី៧០ បានចាប់ផ្ដើមប្រហែលជានៅរដូវស្លឹកឈើជ្រុះនៃឆ្នាំ២៩ គ.ស. ពេលលោកយេស៊ូបានទទួលការជ្រមុជទឹកនិងរើសតាំងជាគ្រិស្ត ពាក់កណ្ដាលនៃអាទិត្យនោះ(បីឆ្នាំកន្លះ) នឹងបន្តរហូតដល់រដូវស្លឹកឈើលាស់នៃឆ្នាំ៣៣ គ.ស. ឬពេលបុណ្យរំលង (ថ្ងៃទី១៤ ខែណែសាន) នៃឆ្នាំនោះ។ ថ្ងៃនោះគឺចំនឹងថ្ងៃទី១ ខែមេសា ឆ្នាំ៣៣ គ.ស. យោងទៅតាមប្រតិទិនហ្គ្រេហ្គូរី។ សាវ័កប៉ូលប្រាប់យើងថា លោកយេស៊ូ‹បានមកដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ› ដែលត្រូវ«បំបាត់ចោលរបៀបរៀបចំចាស់[គ្រឿងបូជានិងជំនូនដែលច្បាប់តម្រូវឲ្យជូន] ដើម្បីលោកអាចស្ថាបនារបៀបរៀបចំថ្មី»។ លោកបានធ្វើនេះដោយជូនរូបកាយរបស់លោកជាគ្រឿងបូជា។—ហេ. ១០:១-១០
w០១-E ១៥/៥ ទំ. ២៧
សំណួរពីអ្នកអាន
ដូចដានីយ៉ែល ៩:២៤បានទាយ តើ«អ្នកដែលបរិសុទ្ធបំផុត»បានត្រូវរើសតាំងនៅពេលណា?
ដានីយ៉ែល ៩:២៤-២៧ គឺជាទំនាយមួយស្តីអំពីការលេចមកនៃ‹អ្នកដែលចាក់ប្រេងតាំង គឺជាអ្នកដែលជាកំពូលបណ្ដាច់›ឬមេស្ស៊ីដែលជាអ្នកដឹកនាំ ពោលគឺគ្រិស្ត។ ដូច្នេះ ការតែងតាំង«អ្នកដែលបរិសុទ្ធបំផុត»ឬតាមសេចក្ដីបកប្រែពិភពលោកថ្មី«កន្លែងបរិសុទ្ធបំផុត»ដែលបានត្រូវទាយទុកនោះ មិនសំដៅលើការតែងតាំងបន្ទប់បរិសុទ្ធបំផុតនៃវិហារនៅក្រុងយេរូសាឡិមឡើយ។ ផ្ទុយទៅវិញ ពាក្យ«កន្លែងបរិសុទ្ធបំផុត»សំដៅលើលំនៅរបស់ព្រះនៅស្ថានសួគ៌ ជាកន្លែងបរិសុទ្ធបំផុត។ កន្លែងបរិសុទ្ធបំផុតនោះមានតួនាទីសំខាន់ក្នុងរបៀបរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍។—ហេ. ៨:១-៥; ៩:២-១០, ២៣
តើវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀបបានចាប់ផ្ដើមដំណើរការនៅពេលណា? សូមពិចារណាអំពីអ្វីដែលបានកើតឡើងពេលលោកយេស៊ូបង្ហាញខ្លួនដើម្បីទទួលការជ្រមុជទឹកនៅឆ្នាំ២៩ គ.ស.។ តាំងពីពេលនោះមក លោកយេស៊ូបានធ្វើឲ្យពាក្យនៅទំនុកតម្កើង ៤០:៦-៨បានសម្រេច។ ក្រោយមក សាវ័កប៉ូលបានបញ្ជាក់ថាលោកយេស៊ូបានអធិដ្ឋានទៅព្រះថា៖ «លោកមិនចង់បានគ្រឿងបូជានិងជំនូនទេ តែលោកបានរៀបចំរូបកាយមួយឲ្យខ្ញុំ»។ (ហេ. ១០:៥) លោកយេស៊ូបានដឹងថាព្រះ«មិនចង់»ឲ្យគេបន្តជូនលោកនូវគ្រឿងបូជាដែលជាសត្វនៅវិហារក្រុងយេរូសាឡិមឡើយ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាបានរៀបចំរូបកាយមនុស្សល្អឥតខ្ចោះមួយឲ្យលោកយេស៊ូសម្រាប់ជូនជាគ្រឿងបូជា។ ដោយបង្ហាញនូវបំណងប្រាថ្នារបស់លោក នោះលោកយេស៊ូមានប្រសាសន៍តទៅទៀតថា៖ «ឱព្រះអើយ មើល! ខ្ញុំមក (បទគម្ពីរចែងអំពីខ្ញុំ) ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក»។ (ហេ. ១០:៧) តើព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងណា? សៀវភៅដំណឹងល្អរបស់ម៉ាថាយចែងថា៖ «ក្រោយពីលោកយេស៊ូបានត្រូវជ្រមុជទឹកហើយ លោកបានងើបឡើងពីទឹកមកភ្លាម ហើយមេឃបានបើកចំហ រួចគាត់ឃើញសកម្មពលរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក។ ខណៈនោះ ក៏មានសំឡេងមួយពីលើមេឃថា៖ ‹នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់›»។—ម៉ាថ. ៣:១៦, ១៧
ការដែលព្រះយេហូវ៉ាទទួលយកការជូនគ្រឿងបូជាដែលជារូបកាយរបស់លោកយេស៊ូមានន័យថា មានទីបូជាមួយដែលខ្ពង់ខ្ពស់ជាងទីបូជានៅវិហារក្រុងយេរូសាឡិម។ នេះគឺជាទីបូជាតាម«បំណងប្រាថ្នា»របស់ព្រះ ឬការរៀបចំដើម្បីទទួលយកជីវិតជាមនុស្សរបស់លោកយេស៊ូទុកជាគ្រឿងបូជា។ (ហេ. ១០:១០) ការរើសតាំងលោកយេស៊ូដោយសកម្មពលបរិសុទ្ធមានន័យថាឥឡូវព្រះបានរៀបចំវិហារទាំងមូលរបស់លោកក្នុងន័យធៀប។ ហេតុនេះ នៅពេលដែលលោកយេស៊ូទទួលការជ្រមុជទឹក លំនៅរបស់ព្រះនៅស្ថានសួគ៌បានត្រូវតែងតាំងឬញែកចេញជា«បរិសុទ្ធបំផុត»នៅក្នុងវិហារដ៏ឧត្តមក្នុងន័យធៀប។
ថ្ងៃទី៩-១៥ ខែតុលា
dp-E ទំ. ២១២-២១៣ វ. ៥-៦
ស្តេចពីរច្បាំងគ្នា
៥ ស្តេចបីដំបូង គឺស៊ីរូសដ៏ខ្លាំងក្លា កេមប៊ីសេសទី២និងដារីយុសទី១(ហ៊ីស្ដាភីស)។ ដោយសារបាឌីយ៉ា (ឬប្រហែលជាអ្នកដណ្ដើមរាជ្យឈ្មោះកោម៉ាតា) បានគ្រប់គ្រងតែប្រាំពីរខែ ទំនាយនោះមិនផ្ដោតទៅលើការគ្រប់គ្រងដ៏ខ្លីរបស់គាត់ឡើយ។ នៅឆ្នាំ៤៩០ មុនគ.ស. ដារីយុសទី១ដែលជាស្តេចទី៣បានប៉ុនប៉ងលុកលុយស្រុកក្រិចជាលើកទី២។ ប៉ុន្តែ ជនជាតិពើស៊ីបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅម៉ារ៉ាតុង ហើយបានដកថយទៅតំបន់អាស៊ីប៉ែកខាងលិច។ ទោះជាដារីយុសបានរៀបចំយ៉ាងហ្មត់ចត់សម្រាប់យុទ្ធនាការថ្មីប្រឆាំងស្រុកក្រិចក៏ដោយ គាត់បានស្លាប់បួនឆ្នាំក្រោយមក មុនគាត់អាចចាប់ផ្ដើមយុទ្ធនាការនោះ។ គាត់បានទុកយុទ្ធនាការនោះឲ្យស្តេច«ទី៤» គឺស៊ើកសេសទី១ដែលជាកូនប្រុសគាត់និងជាអ្នកស្នងរាជ្យរបស់គាត់។ ស្តេចនោះគឺស្តេចអ័ហាស៊ូរុសដែលបានរៀបការជាមួយនឹងនាងអេសធើរ។—អេធ. ១:១; ២:១៥-១៧
៦ ស៊ើកសេសទី១ពិតជាបាន«លើកមនុស្សទាំងអស់ឡើង ទាស់នឹង»រាជាណាចក្រក្រិច ពោលគឺរដ្ឋក្រិចឯករាជ្យនានាជាក្រុម។ សៀវភៅមួយបានសរសេរថា៖ «ជំរុញដោយមន្ត្រីវាំងដែលលោភលន់ ស៊ើកសេសបានបើកការវាយប្រហារតាមផ្លូវគោកនិងផ្លូវសមុទ្រ» (The Medes and Persians—Conquerors and Diplomats)។ លោកហ៊ីរ៉ូដូថុសដែលជាប្រវត្ដិវិទូជនជាតិក្រិចនៅសតវត្សរ៍ទី៥ មុនគ.ស. សរសេរថា «តាមមើលទៅ បើប្រៀបធៀបនឹងការលើកទ័ពទៅច្បាំងនេះ គ្មានការលើកទ័ពណាទៀតដែលសំខាន់ជាងទេ»។ កំណត់ហេតុរបស់គាត់ចែងថា កងទ័ពជើងទឹក«មានមនុស្សចំនួនសរុប៥១៧.៦១០នាក់។ ចំនួនទាហានថ្មើរជើងគឺ១.៧០០.០០០នាក់។ ចំនួនទ័ពជិះសេះមាន៨០.០០០នាក់ ត្រូវបន្ថែមទៅលើចំនួននេះ ជនជាតិអារ៉ាប់ដែលជិះអូដ្ឋនិងជនជាតិលីប៊ីដែលប្រយុទ្ធដោយរទេះ ដែលខ្ញុំរាប់ទៅឃើញ២០.០០០នាក់។ ដូច្នេះ ចំនួនសរុបនៃកងទ័ពជើងគោកនិងកងទ័ពជើងទឹកបូកបញ្ចូលគ្នាមាន២.៣១៧.៦១០នាក់»។
dp-E ទំ. ២១៣ វ. ៨
ស្តេចពីរច្បាំងគ្នា
៨ ទេវតានោះបាននិយាយថា៖ «គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រង ដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងព្រះទ័យ»។ (ដាន. ១១:៣) ពេលអាឡិចសេនដឺមានអាយុ២០ឆ្នាំ គាត់‹បានសោយរាជ្យ›ជាស្តេចម៉ាសេដូននៅឆ្នាំ៣៣៦ មុនគ.ស.។ គាត់បានទៅជា«ស្តេច១ខ្លាំងពូកែ» ពោលគឺអាឡិចសេនដឺដ៏ខ្លាំងក្លា។ ដោយធ្វើតាមផែនការរបស់ហ៊្វីលីពទី២ដែលជាឪពុកគាត់ នោះគាត់បានដណ្ដើមយកខេត្តនានារបស់ជនជាតិពើស៊ីនៅមជ្ឈិមបូព៌ា។ ក្រោយពីបានឆ្លងទន្លេអឺប្រាតនិងទន្លេទីហ្គ្រីស កងទ័ពរបស់គាត់៤៧.០០០នាក់បានវាយកងទ័ព២៥០.០០០នាក់របស់ដារីយុសទី៣ឲ្យបែកខ្ញែកគ្នាអស់នៅកោកាមេឡា។ ក្រោយមក ដារីយុសបានរត់ ហើយបានត្រូវគេធ្វើឃាត។ នេះបានបញ្ចប់តំណវង្សស្តេចជាតិពើស៊ី។ ស្រុកក្រិចបានទៅជាមហាអំណាច ហើយអាឡិចសេនដឺបាន‹គ្រប់គ្រងដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងប្រាថ្នា›របស់គាត់។
dp-E ទំ. ២១៤ វ. ១១
ស្តេចពីរច្បាំងគ្នា
១១ ក្រោយពីអាឡិចសេនដឺបានស្លាប់ រាជាណាចក្ររបស់គាត់បានត្រូវ«បែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស»។ ឧត្តមសេនីយ៍ជាច្រើននាក់របស់គាត់បានឈ្លោះគ្នាកាលដែលពួកគេដណ្ដើមទឹកដីគ្នា។ អាន់ទីហ្គូណឺសទី១ ដែលជាឧត្តមសេនីយ៍ភ្នែកមួយបានព្យាយាមដណ្ដើមយកចក្រភពទាំងមូលរបស់អាឡិចសេនដឺ។ ប៉ុន្តែ គាត់បានត្រូវសម្លាប់ក្នុងចម្បាំងមួយនៅភូមិអ៊ីបសឺស ស្រុកព្រីគា។ មកដល់ឆ្នាំ៣០១ មុនគ.ស. ឧត្តមសេនីយ៍៤នាក់របស់អាឡិចសេនដឺមានអំណាចត្រួតត្រាលើទឹកដីដ៏ធំធេងដែលមេបញ្ជាការរបស់ពួកគេបានវាយយក។ ខាសេនដឺបានគ្រប់គ្រងលើស្រុកម៉ាសេដូននិងស្រុកក្រិច។ ឡាស៊ីម៉ាកាសបានគ្រប់គ្រងលើតំបន់អាស៊ីប៉ែកខាងលិចនិងស្រុកស្រេស។ សាលូកាសទី១ ណៃកេទឺរបានទទួលតំបន់មេសូប៉ូតាមៀនិងស្រុកស៊ីរី។ រីឯថុឡាមី ឡាហ្គឺសបានយកស្រុកអេស៊ីបនិងតំបន់ប៉ាឡេស្ទីន។ ដូចពាក្យទំនាយ ចក្រភពដ៏ធំធេងរបស់អាឡិចសេនដឺបានត្រូវបែងចែកជាបួនរាជាណាចក្រក្រិច។
dp-E ទំ. ៣១៥ វ. ១៨
ព្រះយេហូវ៉ាសន្យាផ្ដល់រង្វាន់ដ៏អស្ចារ្យមួយឲ្យដានីយ៉ែល
១៨ សៀវភៅដានីយ៉ែលបានបញ្ចប់ដោយសេចក្ដីសន្យាដ៏អស្ចារ្យបំផុតរបស់ព្រះចំពោះមនុស្សម្នាក់។ ទេវតារបស់ព្រះបានប្រាប់ដានីយ៉ែលថា៖ «អ្នក . . . នឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត»។ តើទេវតានោះចង់និយាយអំពីអ្វី? ដោយសារការ«សំរាក»ដែលគាត់បាននិយាយ គឺសំដៅលើសេចក្ដីស្លាប់ សេចក្ដីសន្យាថាដានីយ៉ែលនឹង«ឈរឡើងវិញ» នៅពេលក្រោយមកអាចសំដៅលើអ្វីមួយប៉ុណ្ណោះ គឺការប្រោសឲ្យរស់ឡើងវិញ។ ពិតមែន បណ្ឌិតខ្លះបានអះអាងថា ដានីយ៉ែលជំពូកទី១២មានការបញ្ជាក់យ៉ាងច្បាស់ជាលើកទី១អំពីការប្រោសឲ្យរស់ឡើងវិញនៅបទគម្ពីរភាសាហេប្រឺ។ (ដាន. ១២:២) ប៉ុន្តែក្នុងចំណុចនេះ ពួកគេយល់ច្រឡំ។ ដានីយ៉ែលបានដឹងច្បាស់អំពីសេចក្ដីសង្ឃឹមទៅលើការប្រោសឲ្យរស់ឡើងវិញ។
ថ្ងៃទី១៦-២២ ខែតុលា
g០៥-E ៨/៩ ទំ. ១២ វ. ២
ពេលជីវិតទាំងឡាយរស់នៅដោយសុខដុមរមនានៅទូទាំងផែនដី
តាមការពិត ជីវិតនៅលើផែនដីនឹងមានភាពសុខដុមរមនាដែលមិនធ្លាប់មានពីមុន ពីព្រោះព្រះនឹងបង្រៀនមនុស្សដែលជារាស្ត្រដ៏ស្មោះត្រង់របស់លោកអំពីរបៀបថែរក្សាផែនដីដែលជាលំនៅរបស់ពួកគេ។ លោកនឹងថែមទាំង«តាំងសញ្ញា»ឬធ្វើកិច្ចព្រមព្រៀងជាមួយនឹងសត្វកាចសាហាវ ដោយបណ្ដាលឲ្យពួកវារស់នៅចុះចូលដោយសុខសាន្តចំពោះមនុស្ស។—ហូ. ២:១៨; លោ. ១:២៦-២៨; អេ. ១១:៦-៨
ថ្ងៃទី២៣-២៩ ខែតុលា
w០៧-E ១/៤ ទំ. ២០ វ. ២
ការជូនគ្រឿងបូជាដែលព្រះពេញចិត្ត
ម្យ៉ាងទៀត គម្ពីរបង្ហាញថាពាក្យសរសើររបស់យើងអាចចាត់ទុកជាគ្រឿងបូជាជូនព្រះយេហូវ៉ា។ ហូសេដែលជាអ្នកប្រកាសទំនាយបានប្រើឃ្លានេះ«ដង្វាយនៃបបូរមាត់យើងខ្ញុំជំនួសគោឈ្មោល» ដោយបង្ហាញថាព្រះចាត់ទុកសេចក្ដីសរសើរនៃបបូរមាត់យើងជាគ្រឿងបូជាមួយដ៏ល្អបំផុត។ (ហូ. ១៤:២) សាវ័កប៉ូលបានដាស់តឿនគ្រិស្តសាសនិកជនជាតិហេប្រឺថា៖ «ចូរយើងជូនព្រះនូវសេចក្ដីសរសើរជាគ្រឿងបូជាជានិច្ច ពោលគឺផលនៃបបូរមាត់ដែលប្រកាសប្រាប់នាមរបស់លោកដល់អ្នកឯទៀត»។ (ហេ. ១៣:១៥) សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាជាប់រវល់ខ្លាំងណាស់ក្នុងការផ្សព្វផ្សាយដំណឹងល្អ និងការជួយមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ពួកគាត់កំពុងជូនព្រះនូវសេចក្ដីសរសើរជាគ្រឿងបូជាទាំងថ្ងៃទាំងយប់នៅជុំវិញពិភពលោក។—បប. ៧:១៥
jd-E ទំ. ៨៧ វ. ១១
ចូរបម្រើព្រះយេហូវ៉ាស្របតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោក
១១ ហូសេ ១៤:៩ ក៏ទាញអារម្មណ៍របស់យើងទៅលើអត្ថប្រយោជន៍ដែលមកពីការប្រព្រឹត្តទៀងត្រង់។ ពួកអ្នកដែលប្រព្រឹត្តស្របតាមតម្រូវការរបស់ព្រះនឹងទទួលប្រយោជន៍ព្រមទាំងពរ។ ក្នុងនាមជាអ្នកបង្កើត លោកជ្រាបអំពីធាតុពិតរបស់យើង។ អ្វីដែលលោកចង់ឲ្យយើងធ្វើ គឺដើម្បីជាប្រយោជន៍ដល់ខ្លួនយើង។ ស្តីអំពីចំណងមិត្តភាពរវាងយើងនិងព្រះ យើងអាចគិតឧទាហរណ៍មួយអំពីឡានមួយនិងក្រុមហ៊ុនផលិតឡាន។ អ្នកផលិតឡានដឹងរបៀបដែលឡានបានត្រូវគ្រោងធ្វើឡើងនិងផ្គុំគ្នា។ គាត់ដឹងថាឡានត្រូវការផ្លាស់ប្រេងជាញឹកញាប់។ តើអ្វីនឹងកើតឡើង បើអ្នកមិនអើពើនិងខ្នាតតម្រានេះ ប្រហែលជាដោយគិតថា ឡាននោះនៅដំណើរការល្អ? បើអ្នកមិនបានថែទាំវាឲ្យបានល្អទេ ម៉ាស៊ីនឡាននឹងខ្សោយទៅៗ ហើយខូចលឿនជាង។ ចំពោះមនុស្សក៏ដូចគ្នាដែរ។ ព្រះដែលបង្កើតយើងបានឲ្យយើងនូវបញ្ញត្ដិផ្សេងៗ។ ការកាន់តាមបញ្ញត្ដិទាំងនោះនាំឲ្យយើងទទួលប្រយោជន៍។ (អេ. ៤៨:១៧, ១៨) ការយល់ថាយើងទទួលប្រយោជន៍នឹងផ្ដល់ហេតុថែមទៀតឲ្យយើងរស់នៅស្របតាមខ្នាតតម្រារបស់លោក ឲ្យកាន់តាមបញ្ញត្ដិរបស់លោក។—ទំនុក. ១១២:១
ថ្ងៃទី៣០ ខែតុលា–ថ្ងៃទី៥ ខែវិច្ឆិកា
jd-E ទំ. ១៦៧ វ. ៤
«ចូរប្រកាសប្រាប់សេចក្ដីនេះ នៅកណ្ដាលអស់ទាំងសាសន៍»
៤ សូមគិតចំណុចមួយទៀត។ ព្រះយេហូវ៉ាបានប្រាប់យ៉ូអែលដែលជាអ្នកប្រកាសទំនាយអំពីគ្រាដែលមនុស្សគ្រប់ប្រភេទនឹងហាក់ដូចជាប្រកាសទំនាយ។ លោកមានប្រសាសន៍ថា៖ «ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្ដិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង»។ (យ៉ូល. ២:២៨-៣២) នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សាវ័កពេត្រុសបានបញ្ជាក់ថាបទគម្ពីរនេះជាប់ទាក់ទងនឹងការចាក់សកម្មពលបរិសុទ្ធទៅលើពួកអ្នកដែលបានជុំគ្នានៅបន្ទប់ខាងលើក្នុងក្រុងយេរូសាឡិម ហើយទាក់ទងនឹងការផ្សព្វផ្សាយរបស់ពួកគេអំពី«ការដ៏រុងរឿងរបស់ព្រះ»។ (សកម្ម. ១:១២-១៤; ២:១-៤, ១១, ១៤-២១) ឥឡូវសូមគិតអំពីសម័យរបស់យើង។ ទំនាយរបស់យ៉ូអែលកំពុងកើតឡើងដល់កម្រិតធំជាងតាំងពីសតវត្សរ៍ទី២០មក។ គ្រិស្តសាសនិកទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ បានចាប់ផ្ដើម«ប្រកាសទំនាយ» ពោលគឺប្រកាសអំពី«ការដ៏រុងរឿងរបស់ព្រះ» រួមបញ្ចូលដំណឹងល្អអំពីរាជាណាចក្រដែលបានត្រូវស្ថាបនានៅស្ថានសួគ៌។