ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច!
«ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច»។—ហេព្រើរ ១៣:១
១. តើអ្នកនឹងធ្វើយ៉ាងណា ក្នុងការរក្សាឲ្យមានភ្លើងឆេះក្នុងរាត្រីដ៏ត្រជាក់ ហើយតើភារកិច្ចស្រដៀងគ្នាយ៉ាងណា ដែលយើងគ្រប់គ្នាមាន?
សូមគិតថា អ្នករស់នៅកន្លែងត្រជាក់ដ៏មានគ្រោះថ្នាក់ណាស់នៅខាងក្រៅ ហើយធាតុកំដៅគឺថយចុះទាប។ ប្រភពកំដៅតែមួយក្នុងផ្ទះរបស់អ្នក គឺភ្លើងលាន់ប្រឹបៗក្នុងជើងក្រាន។ ជីវិតទាំងឡាយគឺពឹងលើក្នុងការឲ្យមានភ្លើងជានិច្ច។ តើអ្នកនឹងគ្រាន់តែអង្គុយហើយមើលអណ្ដាតភ្លើងរលត់ទៅ ហើយរងើកភ្លើងក្រហមក្លាយទៅជាផេះឬ? គឺប្រាកដជាមិនមែនទេ។ អ្នកនឹងខំដោយមិនចេះហត់ក្នុងការដាក់ឱស កុំឲ្យភ្លើងនោះរលត់ទៅ។ ក្នុងន័យមួយ យើងម្នាក់ៗក៏មានមុខងារដូចនេះដែរ ពេលស្តីអំពី«ភ្លើង»ដ៏សំខាន់ជាងនោះ—ជាភ្លើងដែលនឹងត្រូវឆេះក្នុងចិត្តរបស់យើង គឺ—សេចក្ដីស្រឡាញ់។
២. (ក) ហេតុអ្វីក៏អាចនិយាយថា សេចក្ដីស្រឡាញ់បានក្លាយទៅជារសាយអស់ក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ? (ខ) តើសេចក្ដីស្រឡាញ់ចំពោះគ្រីស្ទានពិតមានសារៈសំខាន់យ៉ាងណា?
២ យើងរស់នៅក្នុងគ្រា ដូចព្រះយេស៊ូបានទាយជាយូរយារមកហើយ ពេលដែលសេចក្ដីស្រឡាញ់បានរសាយអស់ ក្នុងចំណោមអស់អ្នកដែលអះអាងជាគ្រីស្ទាននៅជុំវិញពិភពលោក។ (ម៉ាថាយ ២៤:១២) ព្រះយេស៊ូបានសំដៅទៅសេចក្ដីស្រឡាញ់ ដែលសំខាន់ជាងគេបំផុត ជាសេចក្ដីស្រឡាញ់សំរាប់ព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់ ព្រះគម្ពីរ។ សេចក្ដីស្រឡាញ់ផ្សេងទៀត ក៏កាន់តែចុះថយច្រើនឡើងដែរ។ ព្រះគម្ពីរបានទាយប្រាប់ថាក្នុង«ថ្ងៃជាន់ក្រោយបង្អស់» មនុស្សជាច្រើននឹង«មិនស្រឡាញ់តាមធម្មតាមនុស្ស»។ (ធីម៉ូថេទី២ ៣:១-៥) នេះគឺជាការជាក់ស្តែងមែន! គ្រួសារត្រូវតែជាកន្លែងនៃសេចក្ដីស្រឡាញ់ធម្មតា ប៉ុន្តែ សូម្បីតែក្នុងកន្លែងនេះ ក៏មានអំពើឃោរឃៅនិងការរំលោភដែរ—ពេលខ្លះគឺមានអំពើឃោរឃៅដ៏គួរឲ្យរន្ធត់—ដែលបានក្លាយទៅជាមានទូទៅ។ ប៉ុន្តែ ក្នុងបរិយាកាសដ៏ឥតមេត្ដានេះ ពួកគ្រីស្ទានបានបង្គាប់ មិនគ្រាន់តែឲ្យស្រឡាញ់គ្នាទៅវិញទៅមក តែឲ្យមានសេចក្ដីស្រឡាញ់ដែលបូជាខ្លួន ដោយចាត់ទុកអ្នកដទៃសំខាន់ជាងខ្លួន។ យើងត្រូវតែសម្ដែងសេចក្ដីស្រឡាញ់ តាមបែបបទដ៏ច្បាស់ ដើម្បីឲ្យមនុស្សឃើញ ថាសញ្ញាសម្គាល់នៃក្រុមជំនុំគ្រីស្ទានពិត។—យ៉ូហាន ១៣:៣៤, ៣៥
៣. តើអ្វីទៅជាសេចក្ដីស្រឡាញ់ជាបងប្អូន ហើយតើមានន័យយ៉ាងណាក្នុងការបន្តឲ្យមានជានិច្ច?
៣ សាវ័កប៉ុលបានបណ្ដាលឲ្យចេញសេចក្ដីបង្គាប់នេះថា៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច»។ (ហេព្រើរ ១៣:១) យោងទៅតាមប្រកាសនវត្ថុមួយខាងអ្នកប្រាជ្ញ ពាក្យក្រិកដែលបានបកប្រែនៅទីនេះ «សេចក្ដីស្រឡាញ់ជាបងប្អូន» (phi·la·del·phiʹa) «សំដៅទៅសេចក្ដីស្រឡាញ់ដែលបញ្ចេញឲ្យឃើញ បង្ហាញសេចក្ដីសប្បុរស សមានចិត្ត ផ្ដល់ជំនួយ»។ ហើយ តើប៉ុលមានន័យយ៉ាងណា ពេលដែលគាត់មានប្រសាសន៍ថា យើងត្រូវមានសេចក្ដីស្រឡាញ់បែបនេះជានិច្ច? ប្រកាសនវត្ថុដដែលនេះ ចែងថា៖ «គឺមិនត្រូវអនុញ្ញាតឲ្យទៅជាសោះកក្រោះឡើយ»។ ដូច្នេះ ការមានសមានចិត្តចំពោះបងប្អូនរបស់យើង គឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែបង្ហាញឲ្យឃើញ។ ម្យ៉ាងទៀត យើងត្រូវតែបន្តឲ្យមានសេចក្ដីស្រឡាញ់នេះជានិច្ច មិនឲ្យទៅជាសោះកក្រោះឡើយ។ តើជាការពិបាកមួយទេ? ត្រូវហើយ ប៉ុន្តែ វិញ្ញាណរបស់ព្រះយេហូវ៉ានឹងជួយយើងឲ្យបណ្ដុះសេចក្ដីស្រឡាញ់ជាបងប្អូន ហើយឲ្យរក្សាទុក។ សូមឲ្យយើងពិចារណាមើលវិធីបីយ៉ាង ក្នុងការធ្វើឲ្យមានភ្លើងនៃសេចក្ដីស្រឡាញ់នេះក្នុងចិត្តរបស់យើង។
ចូរមានចិត្តអាណិតអាសូរ
៤. តើចិត្តអាណិតអាសូរជាអ្វី?
៤ ប្រសិនបើអ្នកចង់មានសេចក្ដីស្រឡាញ់ច្រើនសំរាប់បងប្អូនប្រុសស្រីរបស់អ្នក ទីមួយ អ្នកប្រហែលជាត្រូវមានការយល់គេ ឲ្យយល់ចិត្តជាមួយគេ ក្នុងសេចក្ដីទុក្ខលំបាកដែលគេប្រឈមមុខក្នុងជីវិត។ សាវ័កពេត្រុសបានឲ្យយោបល់នេះ ពេលគាត់បានសរសេរថា៖ «ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន នឹងមានចិត្តទន់សន្ដោស ហើយសុភាព»។ (ពេត្រុសទី១ ៣:៨) ពាក្យក្រិកដែលបានប្រើនៅទីនេះសំរាប់«មានចិត្តអាណិតអាសូរ» ឲ្យន័យថា«រួមសុខទុក្ខជាមួយគ្នា»។ ប្រភពមួយស្តីអំពីគម្ពីរក្រិក បានចែងអំពីពាក្យនេះថា៖ «គឺរៀបរាប់ពីសភាពនៃគំនិត ពេលដែលយើងអារម្មណ៍នៃពួកអ្នកដទៃ ដូចជារបស់យើងផ្ទាល់»។ ដូច្នេះ គឺត្រូវការការយល់ចិត្ត។ អ្នកបំរើដ៏ស្មោះត្រង់ហើយចាស់ម្នាក់របស់ព្រះយេហូវ៉ា ពេលមួយមានប្រសាសន៍ថា៖ «ការយល់ចិត្តជាការឈឺចាប់របស់អ្នក ក្នុងចិត្តរបស់ខ្ញុំ»។
៥. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាមានព្រះទ័យអាណិតអាសូរ?
៥ តើព្រះយេហូវ៉ាមានព្រះទ័យអាណិតអាសូរទេ? ប្រាកដហើយ។ ជាឧទាហរណ៍ យើងអានអំពីសេចក្ដីទុក្ខវេទនានៃអ៊ីស្រាអែល ជារាស្ត្រទ្រង់ ថា៖ «ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ»។ (អេសាយ ៦៣:៩) ព្រះយេហូវ៉ាមិនគ្រាន់តែទតបញ្ហារបស់គេទេ ទ្រង់មានព្រះទ័យរួមទុក្ខសំរាប់រាស្ត្រ។ ចំពោះការមានទុក្ខយ៉ាងណា គឺបានពន្យល់ដោយបន្ទូលរបស់ព្រះយេហូវ៉ាផ្ទាល់ដល់រាស្ត្រទ្រង់ ដែលបានកត់ទុកមកក្នុងសាការី ២:៨៖ «អ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ»។a អ្នកធ្វើអត្ថាធិប្បាយម្នាក់កត់សម្គាល់ចំពោះខនេះថា៖ «ភ្នែកជារចនាសម្ព័ន្ធដ៏ស្មុគស្មាញ ហើយដ៏ប្រណិតមួយនៃរូបកាយមនុស្ស។ ហើយរន្ធប្រស្រីនៃភ្នែក—រន្ធដែលឲ្យរស្មីចូលសំរាប់ចក្ខុការនោះ—គឺជាចំណែកមួយក្នុងរចនាសម្ព័ន្ធនោះ ដែលឆាប់មានប្រតិកម្មជាងគេ ព្រមទាំងសំខាន់បំផុតមួយដែរ។ គ្មានអ្វីមួយដែលអាចពន្យល់ឲ្យបានច្បាស់នៃការមើលថែរក្សាដ៏ថ្នាក់ថ្នមនៃព្រះយេហូវ៉ា ចំពោះអ្វីដែលទ្រង់ស្រឡាញ់នោះឡើយ»។
៦. តើតាមរបៀបណាដែលព្រះយេស៊ូគ្រីស្ទបានបង្ហាញចិត្តអាណិតអាសូរ?
៦ ព្រះយេស៊ូក៏បានបង្ហាញចិត្តអាណិតអាសូរដ៏ជ្រាលជ្រៅដែរ។ ទ្រង់មាន«ព្រះហឫទ័យក្ដួលអាណិត» ជាច្រើនដងលើសេចក្ដីទុក្ខវេទនានៃមនុស្ស ដែលឈឺឬមានបញ្ហានោះ។ (ម៉ាកុស ១:៤១; ៦:៣៤) ទ្រង់បានបញ្ជាក់ថា ពេលដែលអ្នកណាមួយមិនប្រព្រឹត្តលើពួកអ្នកចាក់ប្រេងតាំងនៃទ្រង់ដោយសប្បុរស ទ្រង់មានអារម្មណ៍ហាក់ដូចជាទទួលការប្រព្រឹត្តនោះមកលើទ្រង់ផ្ទាល់។ (ម៉ាថាយ ២៥:៤១-៤៦) ហើយសព្វថ្ងៃនេះ ជា«សម្ដេចសង្ឃ»នៅស្ថានសួគ៌របស់យើង ទ្រង់ជាបុគ្គលដែល«អាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើង»។—ហេព្រើរ ៤:១៥
៧. តើតាមរបៀបណាដែលចិត្តអាណិតអាសូរអាចជួយយើង ពេលដែលបងប្រុសឬស្រីម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្ត?
៧ «អាណិតអាសូរដល់សេចក្ដីកំសោយរបស់យើង»—តើនេះមិនជាអ្វីដែលអាចសម្រាលទុក្ខយើងទេឬ? បើដូច្នេះ យើងប្រាកដជាចង់ធ្វើបែបនេះដល់គ្នាទៅវិញទៅមកដែរ។ ប្រាកដហើយ គឺជាការស្រួលណាស់ ក្នុងការរកភាពទន់ខ្សោយនៃអ្នកដទៃ។ (ម៉ាថាយ ៧:៣-៥) ប៉ុន្តែ ពេលក្រោយដែលបងប្អូនប្រុសស្រីធ្វើឲ្យអ្នកអាក់អន់ចិត្ត ហេតុអ្វីក៏មិនសាកវិធីនេះទៅ? សូមគិតថា អ្នកក្នុងកាលៈទេសៈរបស់បុគ្គលនោះ ដោយមានប្រវត្ដិដូចគ្នា មានបុគ្គលិកលក្ខណៈនោះ ដែលពុះពារកំហុសផ្ទាល់ខ្លួនដូចគ្នា។ តើអ្នកអាចដឹងប្រាកដថា អ្នកនឹងមិនធ្វើកំហុសដូចនោះទេឬ—ឬប្រហែលជាធ្ងន់ជាងនោះផង? ជាជាងសង្ឃឹមចង់បានតែពីអ្នកដទៃហួសហេតុពេក យើងត្រូវមានចិត្តអាណិតអាសូរ ដែលនឹងជួយយើងឲ្យមានចិត្តសមហេតុផល ដូចព្រះយេហូវ៉ា ដែល‹ចាំថាយើងជាដី›។ (ទំនុកដំកើង ១០៣:១៤; យ៉ាកុប ៣:១៧) ទ្រង់ជ្រាបអំពីកំរិតរបស់យើង។ ទ្រង់មិនដែលប្រាថ្នាចង់បាននូវអ្វីដែលយើងមិនអាចធ្វើនោះឡើយ។ (ប្រៀបធៀប ពង្សាវតារក្សត្រទី១ ១៩:៥-៧) សូមឲ្យយើងគ្រប់គ្នាបង្ហាញសេចក្ដីអាណិតអាសូរដល់គ្នាទៅវិញទៅមក។
៨. តើយើងត្រូវប្រព្រឹត្តដូចម្ដេច ពេលដែលបងប្រុសឬស្រីម្នាក់កំពុងតែឆ្លងកាត់សេចក្ដីវេទនា?
៨ ប៉ុលបានសរសេរថា ក្រុមជំនុំគឺប្រៀបដូចជារូបកាយមួយ ដែលមានអវយវៈផ្សេងៗ ដែលត្រូវតែធ្វើការជាមួយគ្នាដោយឯកភាព។ គាត់មានប្រសាសន៍ថា៖ «បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា»។ (កូរិនថូសទី១ ១២:១២-២៦) យើងត្រូវតែរួមសុខទុក្ខជាមួយគ្នា ឬយល់ចិត្តជាមួយអ្នកដែលកំពុងតែឆ្លងកាត់សេចក្ដីវេទនា។ ពួកអ្នកចាស់ទុំជាអ្នកនាំមុខក្នុងការធ្វើបែបនេះ។ ប៉ុលក៏បានសរសេរថា៖ «តើអ្នកឯណាខ្សោយ ហើយខ្ញុំមិនបានខ្សោយផង? តើអ្នកឯណាអាក់អន់ចិត្ត ហើយខ្ញុំមិនឈឺឆ្អាលផង»? (កូរិនថូសទី២ ១១:២៩) ពួកអ្នកចាស់ទុំនិងពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ធ្វើតម្រាប់តាមប៉ុលក្នុងរឿងនេះ។ ក្នុងការអធិប្បាយ និងកិច្ចការគង្វាលរបស់គេ ព្រមទាំងក្នុងបញ្ហានៃការវិនិច្ឆ័យ ពួកគេខំប្រឹងបង្ហាញចិត្តអាណិតអាសូរ។ ប៉ុលបានឲ្យយោបល់ថា៖ «យំ ជាមួយនឹងអ្នកណាដែលយំផង»។ (រ៉ូម ១២:១៥) ពេលដែលចៀមដឹងថា អ្នកគង្វាលពិតជាយល់ចិត្ត យល់ដល់កំរិតរបស់គេ និងរួមទុក្ខសោកជាមួយនឹងសេចក្ដីលំបាកដែលគេប្រឈមមុខ ធម្មតាគេនឹងទទួលឱវាទ ការដឹកនាំ និងទូន្មានយ៉ាងស្រួល។ ពួកគេនឹងមកប្រជុំដោយខ្នះខ្នែង ដោយទុកចិត្តថាគេនឹងរកបាន‹ការត្រជាក់សំរាប់ជីវិតរបស់គេ›។—ម៉ាថាយ ១១:២៩
បង្ហាញការអបអរ
៩. តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្ហាញថា ទ្រង់អបអរនូវរបស់ល្អៗពីយើង?
៩ វិធីទីពីរដើម្បីធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូន គឺតាមរយៈការអបអរ។ ដើម្បីអបអរអ្នកដទៃ យើងត្រូវតែសំដៅទៅលើ ហើយឲ្យតម្លៃដល់គុណសម្បត្ដិល្អៗនិងការខំប្រឹងរបស់គេ។ ពេលដែលយើងធ្វើដូច្នេះ យើងធ្វើតាមតម្រាប់របស់ព្រះយេហូវ៉ាផ្ទាល់។ (អេភេសូរ ៥:១) រៀងរាល់ថ្ងៃ ទ្រង់អភ័យទោសបាបជាច្រើនរបស់យើង។ ទ្រង់ថែមទាំងអត់ឱនទោសឲ្យអំពើបាបធ្ងន់ផង ឲ្យតែមានការប្រែចិត្តស្មោះនោះ។ រួចមក ពេលដែលទ្រង់អត់ឱនទោសយើងហើយ ទ្រង់មិនគិតលើអំពើបាបទាំងនោះទេ។ (អេសេគាល ៣៣:១៤-១៦) អ្នកតែងបទទំនុកដំកើងបានសួរថា៖ «ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន»? (ទំនុកដំកើង ១៣០:៣) អ្វីដែលព្រះយេហូវ៉ាសំដៅទៅលើគឺរបស់ដ៏ល្អដែលយើងធ្វើក្នុងការបំរើទ្រង់។—ហេព្រើរ ៦:១០
១០. (ក) ហេតុអ្វីក៏មានគ្រោះថ្នាក់ដល់ប្ដីប្រពន្ធ បើបាត់បង់ការអបអរសំរាប់គ្នានោះ? (ខ) តើអ្វីដែលបុគ្គលម្នាក់ត្រូវតែធ្វើ បើបាត់បង់ការអបអរចំពោះគូរខ្លួន?
១០ ជាសំខាន់ណាស់ក្នុងការធ្វើតាមគំរូនេះក្នុងគ្រួសារ។ ពេលដែលឪពុកម្ដាយបង្ហាញថា គេអបអរគ្នា គេស្ថាបនាគំរូសំរាប់គ្រួសារដែរ។ ក្នុងសម័យនៃអាពាហ៍ពិពាហ៍ដែលមានរយៈតែខ្លីនេះ ជាការស្រួលណាស់ ដោយមិនខ្វល់នឹងគូខ្លួន ហើយក្នុងពង្រីកកំហុស និងបន្ថោកលក្ខណៈល្អៗ។ គំនិតអវិជ្ជមានបែបនេះ ធ្វើឲ្យអាពាហ៍ពិពាហ៍បាក់បែក ដោយធ្វើទៅជាបន្ទុកដ៏គ្មានអំណរ។ ប្រសិនបើការអបអររបស់អ្នកចំពោះគូ គឺកំពុងតែចុះថយ សូមសួរខ្លួន ‹តើគូខ្ញុំពិតជាឥតមានគុណសម្បត្ដិល្អៗឬ›? សូមគិតនូវមូលហេតុដែលអ្នកបានកើតស្នេហាចំពោះ ហើយបានរៀបការនោះ។ តើមូលហេតុទាំងអស់ចំពោះសេចក្ដីស្រឡាញ់បុគ្គលដ៏ពិសេសនេះ បានពិតជាបាត់អស់មែនឬ? ប្រាកដជាមិនមែនទេ ដូច្នេះចូរខំប្រឹងអបអរនូវសេចក្ដីល្អក្នុងគូរបស់អ្នក ហើយយកការអបអររបស់អ្នកឲ្យបានទៅជាពាក្យសំដីផង។—សុភាសិត ៣១:២៨
១១. បើចង់បានសេចក្ដីស្រឡាញ់ប្ដីប្រពន្ធដែលឥតមានការលាក់ពុត តើការប្រព្រឹត្តអ្វីដែលត្រូវជៀសវាង?
១១ ការអបអរក៏ជួយប្ដីប្រពន្ធ ឲ្យទុកសេចក្ដីស្រឡាញ់របស់គេចេញពីការលាក់ពុត។ (ប្រៀបធៀប កូរិនថូសទី២ ៦:៦; ពេត្រុសទី១ ១:២២) សេចក្ដីស្រឡាញ់បែបនេះ មានឡើងដោយការអបអរពីចិត្ត នឹងមិនអនុញ្ញាតឲ្យមានអំពើគ្មានមេត្ដាពីក្រោយទ្វារ មិនឲ្យមានពាក្យសំដីដែលបញ្ឈឺនិងធ្វើឲ្យអាម៉ាស់មុខទេ មិនអនុញ្ញាតឲ្យបែរស្មាដាក់គូ ដែលកន្លងជាច្រើនថ្ងៃទៅ ដោយឥតមានពាក្យសំដីគួរសម ហើយគឺប្រាកដជាមិនអនុញ្ញាតឲ្យមានអំពើឃោរឃៅលើរូបកាយឡើយ។ (អេភេសូរ ៥:២៨, ២៩) ប្ដីប្រពន្ធដែលពិតជាអបអរគ្នា គឺឲ្យកិត្ដិយសគ្នាទៅវិញទៅមក។ គេធ្វើដូច្នេះមិនគ្រាន់តែនៅមុខគេឯង ប៉ុន្តែពេលណាក៏ដោយដែលនៅក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា—បើនិយាយឲ្យចំទៅ គឺគ្រប់ពេលវេលា។—សុភាសិត ៥:២១
១២. ហេតុអ្វីក៏ឪពុកម្ដាយត្រូវតែសម្ដែងការអបអរចំពោះសេចក្ដីល្អក្នុងកូនចៅរបស់គេ?
១២ កូនចៅក៏ត្រូវការដឹង ថាឪពុកម្ដាយអបអរនឹងគេដែរ។ នេះមិនមានសេចក្ដីថា ឪពុកម្ដាយត្រូវឲ្យពាក្យបញ្ជោរដោយឥតន័យនោះទេ តែគេត្រូវសរសើរគុណសម្បត្ដិដ៏គួរសរសើររបស់កូនចៅ និងរបស់ល្អៗដែលគេធ្វើ។ ចូរចាំនូវគំរូរបស់ព្រះយេហូវ៉ាក្នុងការសម្ដែងការយល់ព្រមរបស់ទ្រង់ដល់ព្រះយេស៊ូ។ (ម៉ាកុស ១:១១) ចូរចាំដែរថា គំរូរបស់ព្រះយេស៊ូ ជា«អ្នកចៅហ្វាយ»ក្នុងរឿងប្រៀបប្រដូច។ ទ្រង់បានសរសើរដល់‹អ្នកបំរើល្អនិងស្មោះត្រង់›ពីរនាក់ស្មើគ្នា ទោះជាមានការខុសគ្នានូវការឲ្យ និងអ្វីដែលគេអាចបង្កើតបានផលខុសគ្នាក៏ដោយ។ (ម៉ាថាយ ២៥:២០-២៣; ប្រៀបធៀប ម៉ាថាយ ១៣:២៣) ឪពុកម្ដាយដែលមានប្រាជ្ញាក៏រកផ្លូវដើម្បីបង្ហាញការអបអរដល់កូននិមួយៗនៃគុណសម្បត្ដិ សមត្ថភាព និងការសម្រេចដ៏អស្ចារ្យរបស់គេ។ ក្នុងពេលដំណាលគ្នា គេមិនបញ្ជាក់ការសម្រេចហួសហេតុ ដែលកូនចៅមានអារម្មណ៍ ថាគេត្រូវតែធ្វើឲ្យបានប្រសើរជាងគេនោះ។ គេមិនចង់ឲ្យកូនចៅរបស់គេធំឡើង ដោយមានការក្ដៅក្រហាយឬបាក់ទឹកចិត្តនោះទេ។—អេភេសូរ ៦:៤; កូល៉ុស ៣:២១
១៣. តើអ្នកណាដែលនាំមុខក្នុងការបង្ហាញការអបអរសំរាប់សមាជិកនិមួយក្នុងក្រុមជំនុំ?
១៣ ក្នុងក្រុមជំនុំគ្រីស្ទាន ពួកអ្នកចាស់ទុំនិងពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ជាអ្នកនាំមុខក្នុងការបង្ហាញការអបអរ ចំពោះសមាជិកម្នាក់ៗនៃហ្វូងចៀមរបស់ព្រះ។ គេមានភារកិច្ចដ៏ពិបាកណាស់ ព្រោះគេក៏មានភារកិច្ចធ្ងន់ក្នុងការទូន្មានដោយសេចក្ដីសុចរិត ដើម្បីកែពួកធ្វើខុស ក្នុងគំនិតដោយសុភាព ហើយផ្ដល់ឱវាទធ្ងន់ដល់ពួកអ្នកដែលត្រូវការ។ តើតាមរបៀបណាដែលគេថ្លឹងថ្លែងភារកិច្ចទាំងនេះ?—កាឡាទី ៦:១ ធីម៉ូថេទី២ ៣:១៦
១៤, ១៥. (ក) តើតាមរបៀបណាដែលប៉ុលបង្ហាការថ្លឹងថ្លែងក្នុងរឿងនៃការផ្ដល់ឱវាទ? (ខ) តើតាមរបៀបណាដែលពួកអ្នកត្រួតត្រាពិនិត្យគ្រីស្ទានថ្លឹងថ្លែង ដើម្បីកែតម្រូវការខុស ដោយត្រូវការឲ្យការសរសើរ? សូមពន្យល់។
១៤ គំរូរបស់ប៉ុលជាជំនួយដ៏ធំមួយ។ គាត់ជាគ្រូ អ្នកចាស់ទុំ និងអ្នកគង្វាលដ៏អស្ចារ្យម្នាក់។ គាត់បានត្រូវប្រស្រ័យទាក់ទងជាមួយក្រុមជំនុំទាំងឡាយ ដែលមានបញ្ហាធំ ហើយគាត់មិនទប់ដោយខ្លាច ពីការឲ្យឱវាទដ៏ធ្ងន់ធ្ងរនោះទេ ពេលដែលត្រូវការឲ្យ។ (កូរិនថូសទី២ ៧:៨-១១) ការពិនិត្យមើលកិច្ចបំរើផ្សាយរបស់ប៉ុល បង្ហាញថាគាត់ មិនបានប្រើការស្តីបន្ទោស ជារបៀបបង្រៀននោះទេ—លើកលែងតែស្ថានការណ៍តម្រូវឲ្យធ្វើ។ ក្នុងការធ្វើបែបនេះ គាត់បានបង្ហាញប្រាជ្ញារបស់ព្រះ។
១៥ បើកិច្ចបំរើរបស់អ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ ប្រៀបដូចនឹងបទភ្លេងមួយ នោះការស្តីបន្ទោសនឹងដូចជាលេខភ្លេងមួយដែលនៅក្នុងបទភ្លេង។ លេខភ្លេងនោះ គឺសមត្រឹមត្រូវក្នុងកន្លែងនោះ។ (លូកា ១៧:៣; ធីម៉ូថេទី២ ៤:២) ចូរគិតថា ចំរៀងមានតែលេខភ្លេងមួយ លេងម្ដងហើយម្ដងទៀត។ នេះនឹងធ្វើឲ្យយើងសង្កៀរត្រចៀកណាស់។ ដូច្នេះដែរ ពួកចាស់ទុំនឹងខំបង្គ្រប់ការបង្រៀនរបស់គេ និងបង្កើនវាដោយប្រភេទផ្សេងៗ។ គេមិនគ្រាន់តែបង្រៀនដោយកែតម្រូវបញ្ហានោះទេ។ ផ្ទុយទៅវិញ បែបបទសរុបនៃការបង្រៀនរបស់គេ គឺការលើកទឹកចិត្ត។ ដូចព្រះយេស៊ូគ្រីស្ទ ពួកអ្នកចាស់ទុំដែលប្រកបដោយសេចក្ដីស្រឡាញ់ មុនដំបូងនឹងរកសេចក្ដីល្អដើម្បីសរសើរ មិនរកកំហុសដើម្បីរិះគន់ទេ។ គេអបអរនូវកិច្ចការដ៏ពិបាកដែលពួកគ្រីស្ទានធ្វើ។ គេទុកចិត្តថាទូទៅ បុគ្គលម្នាក់ៗខំប្រឹងដើម្បីបំរើព្រះយេហូវ៉ា។ ហើយពួកចាស់ទុំនឹងយកការយល់បែបនោះ ប្រែទៅជាពាក្យសំដី។—ប្រៀបធៀប ថែស្សាឡូនីចទី២ ៣:៤
១៦. តើអាកប្បកិរិយាដ៏អបអរនិងដ៏យល់ចិត្តរបស់ប៉ុល មានឥទ្ធិពលអ្វីលើពួកគ្រីស្ទានទាំងឡាយ?
១៦ យ៉ាងច្បាស់ណាស់ ពួកគ្រីស្ទានភាគច្រើនដែលប៉ុលបានបំរើ បានដឹងថាគាត់អបអរដល់ពួកគេ ហើយមានចិត្តអាណិតអាសូរដល់គេ។ តើតាមរបៀបណាដែលយើងដឹង? ចូរមើលនូវរបៀបដែលគេមានអារម្មណ៍ដល់ប៉ុល។ ពួកគេមិនមានអារម្មណ៍ខ្លាចគាត់ទេ ទោះជាគាត់មានអំណាចធំក៏ដោយ។ ទេ គេបានស្រឡាញ់គាត់ ហើយអាចមកទាក់ទងបានយ៉ាងស្រួល។ ពេលដែលគាត់ចាកចេញពីកន្លែងមួយ ពួកអ្នកចាស់ទុំ‹ឱបកគាត់ថើបដោយថ្និតថ្នម›! (កិច្ចការ ២០:១៧, ៣៧) តើពួកអ្នកចាស់ទុំ—ហើយយើងរាល់គ្នា មានអំណរគុណយ៉ាងណាទៅហ្ន៎—ដែលមានគំរូរបស់ប៉ុលដើម្បីធ្វើតាម! ត្រូវហើយ សូមឲ្យយើងបង្ហាញការអបអរដល់គ្នាទៅវិញទៅមក។
ការប្រព្រឹត្តនៃសេចក្ដីសប្បុរសដ៏ស្មោះ
១៧. តើមានឥទ្ធិពលល្អណាខ្លះ ពីការប្រព្រឹត្តនៃសេចក្ដីសប្បុរសដ៏ស្មោះក្នុងក្រុមជំនុំ?
១៧ អ្វីដ៏សំខាន់បំផុតមួយសំរាប់ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូន គឺការប្រព្រឹត្តនៃសេចក្ដីសប្បុរស។ ដូចព្រះយេស៊ូបានមានបន្ទូលមក «ដែលឲ្យនោះបានពរជាងទទួល»។ (កិច្ចការ ២០:៣៥) មិនថាយើងឲ្យខាងវិញ្ញាណ ខាងវត្ថុ ឬពេលវេលានិងកម្លាំងរបស់យើង នោះយើងមិនគ្រាន់តែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត តែយើងក៏សប្បាយដែរ។ ក្នុងក្រុមជំនុំ សេចក្ដីសប្បុរសគឺមានរាលដាល។ ការប្រព្រឹត្តដ៏សប្បុរសមួយ ក៏អាចធ្វើឲ្យមានការប្រព្រឹត្តសប្បុរសមកវិញដែរ។ មិនយូរប៉ុន្មាន សេចក្ដីស្រឡាញ់ជាបងប្អូនបានដុះឡើង!—លូកា ៦:៣៨
១៨. តើអ្វីជាអត្ថន័យនៃ«សេចក្ដីសប្បុរស» ដែលបានចែងមកនៅមីកា ៦:៨?
១៨ ព្រះយេហូវ៉ាដាស់តឿនអ៊ីស្រាអែល ជារាស្ត្រទ្រង់ ឲ្យបង្ហាញសេចក្ដីសប្បុរស។ មីកា ៦:៨ យើងអានថា៖ «ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ»។ តើមានន័យយ៉ាងណា ក្នុងការ«ស្រឡាញ់សេចក្ដីសប្បុរស»? ពាក្យហេព្រើរដែលបានប្រើសំរាប់«សេចក្ដីសប្បុរស» (cheʹsedh) ក៏បានបកប្រែជាភាសាអង់គ្លេស គឺ«មេត្ដាករុណា»។ យោងទៅតាម សៀវភៅនៃព្រះគម្ពីរស៊ុស៊ីណូ ពាក្យនេះ«ឲ្យន័យនូវអ្វីមួយដែលមានសកម្មជាងពាក្យអង់គ្លេសដែលអរូបី មេត្ដាករុណា។ នេះមានន័យថា ‹មេត្ដាករុណាដែលប្រែទៅជាអំពើ› ការប្រព្រឹត្តនៃសេចក្ដីសប្បុរសដ៏ស្មោះ មិនគ្រាន់តែដល់មនុស្សក្រខ្សត់ទេ ប៉ុន្តែដល់មនុស្សគ្រប់គ្នា»។ ដូច្នេះអ្នកប្រាជ្ញាម្នាក់មានប្រសាសន៍ថា «សេចក្ដីសប្បុរស» (cheʹsedh) មានន័យថា«សេចក្ដីស្រឡាញ់ដែលបង្ហាញដោយសកម្មភាព»។
១៩. (ក) ក្នុងផ្លូវណា ដែលយើងអាចផ្ដើមក្នុងការបង្ហាញសេចក្ដីសប្បុរសដល់អ្នកដទៃក្នុងក្រុមជំនុំ? (ខ) សូមឲ្យឧទាហរណ៍នូវរបៀបដែលសេចក្ដីស្រឡាញ់ជាបងប្អូនបានបង្ហាញដល់អ្នក។
១៩ សេចក្ដីស្រឡាញ់ជាបងប្អូនរបស់យើង មិនមែនជាទ្រឹស្តី ឬដោយគិតតែក្នុងចិត្តនោះទេ។ នេះជាការពិត។ ដូច្នេះ ចូររកវិធីក្នុងការធ្វើល្អដល់បងប្អូនប្រុសស្រីរបស់អ្នក។ ចូរឲ្យបានដូចព្រះយេស៊ូ មិនមែនគ្រាន់តែចាំឲ្យមនុស្សមកឯទ្រង់សុំជំនួយទេ ប៉ុន្តែទ្រង់តែងតែចាត់វិធានការខ្លួនទ្រង់។ (លូកា ៧:១២-១៦) ចូរគិតជាពិសេស នៃអស់អ្នកដែលខ្វះខាត។ តើមនុស្សចាស់ជរាឬពិការ ត្រូវការឲ្យគេទៅលេង ឬប្រហែលជាត្រូវការជំនួយដើម្បីបំពេញកិច្ចការអ្វីមួយឬ? តើ‹កូនកំព្រា›ត្រូវការពេលវេលានិងការយកចិត្តទុកទេ? តើបុគ្គលដែលធ្លាក់ទឹកចិត្តត្រូវការនិយាយឬពាក្យលួងចិត្តទេ? កាលដែលយើងអាចធ្វើបាន សូមឲ្យយើងយកពេលវេលាសំរាប់ការប្រព្រឹត្តនៃសេចក្ដីសប្បុរស។ (យ៉ូប ២៩:១២; ថែស្សាឡូនីចទី១ ៥:១៤; យ៉ាកុប ១:២៧) ចូរកុំឲ្យភ្លេចថាក្នុងក្រុមជំនុំដែលពេញដោយមនុស្សឥតគ្រប់ល័ក្ខណ៍ ការប្រព្រឹត្តនៃសេចក្ដីសប្បុរសដ៏សំខាន់មួយ គឺការអត់ឱនទោស—ដោយលែងកាន់គំនុំ ទោះជាមានការត្អូញត្អែរត្រឹមត្រូវក៏ដោយ។ (កូល៉ុស ៣:១៣) ការប្រុងអត់ឱនទោសនឹងជួយអ្នករក្សាក្រុមជំនុំ រួចផុតពីការបែកខ្ញែក ដំណើរចងកំហឹង និងជម្លោះ ដែលដូចជាភួយសើម ដែលលត់ភ្លើងនៃសេចក្ដីស្រឡាញ់ជាបងប្អូន។
២០. តើតាមរបៀបណាយើងគ្រប់គ្នាត្រូវបន្តពិចារណាមើលខ្លួនយើង?
២០ ចូរឲ្យយើងគ្រប់គ្នាប្ដេជ្ញា ដើម្បីរក្សាភ្លើងនៃសេចក្ដីស្រឡាញ់ដ៏សំខាន់នេះ បន្តឆេះក្នុងចិត្តរបស់យើង។ សូមឲ្យយើងខំពិចារណាខ្លួនយើង។ តើយើងមានបង្ហាញចិត្តអាណិតអាសូរដល់អ្នកដទៃទេ? តើយើងបង្ហាញការអបអរចំពោះអ្នកដទៃឬ? តើយើងប្រព្រឹត្តអំពើសេចក្ដីសប្បុរសដល់អ្នកដទៃទេ? កាលដែលយើងធ្វើបែបនេះ ភ្លើងនៃសេចក្ដីស្រឡាញ់នឹងកំដៅភាតរភាពរបស់យើង មិនថាលោកីយ៍នេះសោះកក្រោះហើយឥតមានការយល់ចិត្តយ៉ាងណាក៏ដោយ។ ដូច្នេះ «ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច»—ឥឡូវនេះ និងជាអស់កល្បជានិច្ច!—ហេព្រើរ ១៣:១
[កំណត់សម្គាល់]
a សេចក្ដីបកប្រែគម្ពីរខ្លះ ឲ្យយោបល់ថានៅទីនេះ ដែលថា បុគ្គលដែលប៉ះរាស្ត្ររបស់ព្រះ គឺប៉ះភ្នែករបស់អ៊ីស្រាអែល ឬប៉ះភ្នែកគេផ្ទាល់ មិនមែនប៉ះភ្នែករបស់ព្រះទេ។ កំហុសនេះបានមកពីពួកស្ក្រែបក្នុងមជ្ឈិមសម័យ ក្នុងការខំខ្នះខ្នែងដ៏ខុសរបស់គេ បានប្ដូរបទគម្ពីរ ដែលគេចាត់ទុកថាជាការឥតគោរព ហើយក៏បានផ្លាស់ប្ដូរខនេះ។ ដោយហេតុនេះ ពួកគេបានធ្វើឲ្យស្រអាប់នូវភាពយល់ចិត្តរបស់ព្រះយេហូវ៉ាផ្ទាល់។
តើអ្នកគិតយ៉ាងណា?
◻ តើអ្វីជាសេចក្ដីស្រឡាញ់ជាបងប្អូន ហើយហេតុអ្វីក៏យើងត្រូវបន្តឲ្យមានជានិច្ច?
◻ តើតាមរបៀបណាដែលការមានចិត្តអាណិតអាសូរ ជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់ជាបងប្អូនរបស់យើង?
◻ តើការអបអរមានមុខនាទីយ៉ាងណា ក្នុងសេចក្ដីស្រឡាញ់ជាបងប្អូន?
◻ តើតាមរបៀបណាដែលការប្រព្រឹត្តសេចក្ដីសប្បុរស បណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូន ឲ្យដុះក្នុងក្រុមជំនុំគ្រីស្ទាន?
[ប្រអប់នៅទំព័រ១៥]
សេចក្ដីស្រឡាញ់ដែលបង្ហាញដោយសកម្មភាព
ប៉ុន្មានឆ្នាំមុននេះ បុរសម្នាក់ដែលបានរៀនព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាអស់មួយរយៈ តែនៅសង្ស័យអំពីសេចក្ដីស្រឡាញ់ជាបងប្អូន។ គាត់បានដឹងអំពីព្រះយេស៊ូមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ក៏ប៉ុន្តែ ធ្វើឲ្យគាត់ពិបាកជឿណាស់។ ពេលថ្ងៃមួយគាត់បានឃើញសេចក្ដីស្រឡាញ់ពួកគ្រីស្ទានសម្ដែងក្នុងសកម្មភាព។
ថ្វីបើគាត់ត្រូវតែជិះកៅអីមានកង់ក៏ដោយ សិស្សព្រះគម្ពីរម្នាក់នេះបានធ្វើដំណើរឆ្ងាយពីផ្ទះ។ គាត់បានទៅកិច្ចប្រជុំនៅក្រុមជំនុំបេថ្លេហិម ប្រទេសអ៊ីស្រាអែល។ នៅទីនោះ ស្មរបន្ទាល់ជាតិអារ៉ាប់ម្នាក់បានអញ្ជើញបងប្រុសស្មរបន្ទាល់ម្នាក់ ជាអ្នកទេសចរណ៍ និងសិស្សព្រះគម្ពីរឲ្យសំរាកមួយយប់នៅផ្ទះរបស់គាត់។ មុនពេលចូលគេង សិស្សនោះបានសួរអ្នកម្ចាស់ផ្ទះថាតើអាចឲ្យគាត់ចេញទៅរានហាលពេលព្រឹក ដើម្បីមើលមើលថ្ងៃរះ។ អ្នកម្ចាស់ផ្ទះហាមថា កុំឲ្យគាត់ធ្វើបែបហ្នឹងឲ្យសោះ។ ស្អែកឡើង បងប្រុសជាតិអារ៉ាប់នេះពន្យល់ប្រាប់នូវមូលហេតុ។ តាមរយៈអ្នកបកប្រែ គាត់បាននិយាយថា ប្រសិនបើអ្នកជិតខាងគាត់ដឹងថា គាត់មានភ្ញៀវជាតិយូដា—ដូចក្នុងករណីសិស្សព្រះគម្ពីរនេះជាដើម—ពួកគេនឹងដុតផ្ទះរបស់គាត់ ដោយដាក់គាត់និងគ្រួសារក្នុងផ្ទះទាំងអស់។ សិស្សព្រះគម្ពីរឆ្ងល់ក៏សួរគាត់ថា៖ «ហេតុអ្វីបានជាអ្នកសុកចិត្តយកបន្ទុកមកដាក់លើខ្លួនអញ្ចឹង»? ដោយមិនប្រើអ្នកបកប្រែ បងប្រុសជាតិអារ៉ាប់មើលគាត់ ហើយនិយាយថា៖ «យ៉ូហាន ១៣:៣៥»។
សិស្សព្រះគម្ពីរបានអស្ចារ្យយ៉ាងជ្រាលជ្រៅនឹងការជាក់ស្តែងនៃសេចក្ដីស្រឡាញ់ជាបងប្អូន។ មិនយូរក្រោយមក គាត់ក៏បានធ្វើបុណ្យជ្រមុជទឹក។
[រូបភាពនៅទំព័រ១៧]
អាកប្បកិរិយាដ៏អបអរនិងដ៏ល្អរបស់សាវ័កប៉ុល បានធ្វើឲ្យមនុស្សអាចមកទាក់ទងគាត់យ៉ាងស្រួល