ការដើរជាមួយនឹងព្រះ—ដោយគិតដល់ពេលអនន្ត
«យើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។—មីកា ៤:៥
១. ហេតុអ្វីក៏ព្រះយេហូវ៉ាអាចត្រូវហៅជា‹ស្តេចនៃអស់ទាំងកល្ប›បាន?
ព្រះយេហូវ៉ាឥតមានការចាប់ផ្ដើមនោះទេ។ ទ្រង់បានត្រូវហៅយ៉ាងត្រឹមត្រូវថាជា«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ» ពីព្រោះព្រះជន្មរបស់ទ្រង់ក៏លាតសន្ធឹងដោយឥតចេះចប់ទៅឯអតីតកាល។ (ដានីយ៉ែល ៧:៩, ១៣) ព្រះយេហូវ៉ាក៏នឹងមានអនាគតដ៏ជាអនន្តដែរ។ មានតែទ្រង់ទេ ដែលជា‹ស្តេចនៃអស់ទាំងកល្ប›។ (វិវរណៈ ១០:៦; ១៥:៣) ហើយក្នុងព្រះនេត្ររបស់ទ្រង់ មួយពាន់ឆ្នាំ«រាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ»។—ទំនុកដំកើង ៩០:៤
២. (ក) តើអ្វីជាគោលបំណងរបស់ព្រះចំពោះមនុស្សដែលស្ដាប់បង្គាប់? (ខ) តើយើងត្រូវទុកសេចក្ដីសង្ឃឹមនិងគម្រោងការណ៍របស់យើងទៅលើអ្វី?
២ ដោយព្រោះព្រះដែលប្រទានឲ្យជីវិត ទ្រង់មានព្រះជន្មជាអនន្ត នោះទ្រង់ក៏អាចប្រទានឲ្យមនុស្សមួយគូដំបូង គឺអ័ដាមនិងអេវ៉ា នូវជីវិតដ៏គ្មានទីបញ្ចប់ក្នុងសួនមនោរម្យបានដែរ។ ប៉ុន្តែដោយព្រោះការមិនស្ដាប់បង្គាប់ នោះអ័ដាមបានធ្វើឲ្យបាត់បង់នូវសិទ្ធិនៃការទទួលជីវិតអស់កល្បជានិច្ច ហើយធ្វើឲ្យមានបាបនិងសេចក្ដីស្លាប់ឆ្លងរាលដាលដល់កូនចៅរបស់គាត់។ (រ៉ូម ៥:១២) ប៉ុន្តែ ការបះបោររបស់អ័ដាមមិនបានធ្វើឲ្យខូចនូវគោលបំណងដំបូងរបស់ព្រះនោះទេ។ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យឲ្យមនុស្សដែលស្ដាប់បង្គាប់បានរស់នៅជានិរន្តរ៍ ហើយទ្រង់នឹងសម្រេចគោលបំណងរបស់ទ្រង់ជាមិនខាន។ (អេសាយ ៥៥:១១) ដូច្នេះ ជាការសមហេតុផលមែន ដែលយើងទុកសេចក្ដីសង្ឃឹមនិងគម្រោងការណ៍របស់យើង ទៅលើការបំរើព្រះយេហូវ៉ាដោយគិតដល់ពេលអនន្ត។ ដែលយើងចង់រក្សាទុក‹ថ្ងៃនៃព្រះយេហូវ៉ា›ឲ្យបានជាប់ក្នុងគំនិត គឺសំខាន់ណាស់ឲ្យចាំថា គោលដៅរបស់យើង គឺដើម្បីដើរជាមួយនឹងព្រះជានិរន្តរ៍។—ពេត្រុសទី២ ៣:១២
ព្រះយេហូវ៉ាចាត់វិធានការនៅគ្រាកំណត់របស់ទ្រង់
៣. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាមាន«គ្រាកំណត់ពេល» ដើម្បីសម្រេចគោលបំណងរបស់ទ្រង់នោះ?
៣ ជាពួកអ្នកដែលកំពុងដើរជាមួយនឹងព្រះ យើងយកចិត្តទុកដាក់យ៉ាងខ្នះខ្នែង ក្នុងការសម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់។ យើងដឹងថាព្រះយេហូវ៉ាជាព្រះដ៏ឧត្តមខាងការរក្សាទុកពេលវេលា ហើយយើងប្រាកដក្នុងចិត្តថា ទ្រង់មិនដែលខានបំពេញគោលបំណងរបស់ទ្រង់នៅគ្រាកំណត់នោះឡើយ។ ឧទាហរណ៍ «លុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក»។ (កាឡាទី ៤:៤) សាវ័កយ៉ូហានបានត្រូវប្រាប់ថា មាន‹ពេលវេលាកំណត់›សំរាប់ការសម្រេចទំនាយ ដែលលោកបានឃើញជាសញ្ញានោះ។ (វិវរណៈ ១:១-៣) គឺមាន«ពេលកំណត់ ដែលត្រូវជំនុំជំរះពួកមនុស្សស្លាប់»។ (វិវរណៈ ១១:១៨) ជាង១៩០០ឆ្នាំកន្លងទៅហើយ នោះសាវ័កប៉ុលបានត្រូវបណ្ដាលឲ្យមានប្រសាសន៍ថា ព្រះ«ទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌»។—កិច្ចការ ១៧:៣១
៤. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាចង់កំទេចចោលរបបលោកីយ៍ដ៏អាក្រក់នេះ?
៤ ព្រះយេហូវ៉ានឹងនាំឲ្យមានទីបញ្ចប់ដល់របបលោកីយ៍ដ៏អាក្រក់នេះ ពីព្រោះព្រះនាមរបស់ទ្រង់ គឺកំពុងបានត្រូវគេមើលងាយក្នុងពិភពលោកសព្វថ្ងៃនេះ។ ពួកមនុស្សអាក្រក់បានលូតលាស់ឡើង។ (ទំនុកដំកើង ៩២:៧) តាមរយៈពាក្យសំដីនិងអំពើរបស់គេ នោះគេប្រមាថព្រះ ហើយទ្រង់មានព្រះទ័យឈឺចាប់ណាស់ ក្នុងការឃើញពួកអ្នកបំរើរបស់ទ្រង់ បានត្រូវគេជេរប្រមាថហើយបៀតបៀននោះ។ (សាការី ២:៨) គ្មានហេតុឆ្ងល់ឡើយ ដែលព្រះយេហូវ៉ាបានចេញក្រិត្យថា មិនយូរប៉ុន្មានទៀត នោះអង្គការទាំងមូលរបស់សាតាំងនឹងទទួលសេចក្ដីហិនវិនាស! ព្រះទ្រង់បានសម្រេចព្រះទ័យថានៅពេលណាដែលរឿងនេះនឹងកើតឡើង ហើយបទទំនាយព្រះគម្ពីរទាំងឡាយបង្ហាញឲ្យឃើញច្បាស់ថា ឥឡូវនេះយើងកំពុងរស់នៅក្នុង«គ្រាចុងបំផុត»។ (ដានីយ៉ែល ១២:៤) មិនយូរប៉ុន្មានទៀត នោះទ្រង់នឹងចាត់វិធានការ ដើម្បីផ្ដល់ពរដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់។
៥. តើឡុតនិងហាបាគុក បានមានទស្សនៈយ៉ាងណាអំពីស្ថានភាពដែលមាននៅជុំវិញគេ?
៥ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ានៅពីបុរាណ បានទន្ទឹងរង់ចាំនូវទីបញ្ចប់នៃអំពើអាក្រក់ជួជាតិនេះ។ ឡុតដែលជាមនុស្សសុចរិតម្នាក់នោះ បាន«មានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ»។ (ពេត្រុសទី២ ២:៧) ដោយមានចិត្តសោកស្ដាយនឹងស្ថានភាពនៅជុំវិញគាត់ នោះព្យាការីហាបាគុកបានអង្វរថា៖ «ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្តដូច្នេះ ដ្បិតមានសុទ្ធតែការបំផ្លាញ នឹងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្ដីឈ្លោះប្រកែក នឹងការទាស់ទែងគ្នាកើតឡើង»?—ហាបាគុក ១:២, ៣
៦. តើព្រះយេហូវ៉ាបានមានបន្ទូលអ្វី ក្នុងការតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់ហាបាគុក ហើយតើអ្វីដែលយើងអាចរៀនពីរឿងនេះ?
៦ ព្រះយេហូវ៉ាបានតបឆ្លើយនឹងហាបាគុក តាមពាក្យដូចនេះថា៖ «ការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ (ហាបាគុក ២:៣) ដូច្នេះ ព្រះទ្រង់បានធ្វើឲ្យឃើញថា ទ្រង់នឹងចាត់វិធានការនៅ«វេលាកំណត់»។ ទោះបីមើលទៅហាក់ដូចជាបានត្រូវបង្អង់ក្ដី តែព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់ទ្រង់ជាមិនខាន!—ពេត្រុសទី២ ៣:៩
ការបំរើដោយចិត្តឧស្សាហ៍ដែលមិនចេះហត់
៧. ទោះបីព្រះយេស៊ូឥតដឹងពេលកំណត់ អំពីថ្ងៃនៃព្រះយេហូវ៉ាក៏ដោយ តើតាមរបៀបណាដែលទ្រង់បន្តធ្វើការរបស់ទ្រង់នោះ?
៧ តើការដឹងអំពីពេលកំណត់របស់ព្រះយេហូវ៉ាអំពីព្រឹត្ដិការណ៍ណាមួយ ជាអ្វីដែលត្រូវការជាមុនសិន ដើម្បីឲ្យយើងដើរយ៉ាងឧស្សាហ៍ជាមួយនឹងព្រះឬ? គឺមិនដូច្នេះឡើយ។ ចូរពិចារណាមើលឧទាហរណ៍ខ្លះៗ។ ព្រះយេស៊ូបានមានព្រះទ័យទុកដាក់នឹងពេលណា ដែលបំណងព្រះហឫទ័យរបស់ព្រះនឹងបានសម្រេចនៅលើផែនដីនេះ ដូចនៅស្ថានសួគ៌នោះដែរ។ ប្រាកដហើយ ព្រះគ្រីស្ទបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានថា៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) ទោះបីព្រះយេស៊ូដឹងថា ព្រះនឹងតបឆ្លើយនូវការស្នើសុំនេះ ប៉ុន្តែទ្រង់ឥតដឹងអំពីពេលវេលាកំណត់នោះទេ។ ក្នុងទំនាយដ៏ឧត្តមរបស់ទ្រង់ដែលស្តីអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ នោះទ្រង់បានមានបន្ទូលថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ដោយព្រោះព្រះយេស៊ូគ្រីស្ទជាបុគ្គលដ៏សំខាន់បំផុត ក្នុងការសម្រេចគោលបំណងរបស់ព្រះ នោះទ្រង់នឹងមានការទាក់ទង ក្នុងការប្រហារពួកសត្រូវទាំងប៉ុន្មានរបស់ព្រះវរបិតារបស់ទ្រង់ដែលនៅស្ថានសួគ៌។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូបានគង់នៅលើផែនដី សូម្បីតែទ្រង់ក៏ឥតដឹងពីពេលណាដែលព្រះនឹងធ្វើការនេះឡើយ។ តើនេះបានធ្វើឲ្យទ្រង់ខ្វះនូវភាពឧស្សាហ៍ក្នុងការបំរើព្រះយេហូវ៉ាឬ? គឺប្រាកដជាអត់ទេ! ក្រោយពីបានឃើញព្រះយេស៊ូបោសសំអាតព្រះវិហារដោយខ្នះខ្នែង នោះ«ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា ‹សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ› »។ (យ៉ូហាន ២:១៧; ទំនុកដំកើង ៦៩:៩) ព្រះយេស៊ូបានជាប់រវល់នឹងកិច្ចការ ដែលព្រះបានបញ្ជូនទ្រង់ឲ្យមកធ្វើនោះ ហើយទ្រង់បានធ្វើកិច្ចការនេះដោយចិត្តឧស្សាហ៍ដែលមិនចេះហត់ទេ។ ទ្រង់ក៏បានបំរើព្រះដោយគិតដល់ពេលអនន្តដែរ។
៨, ៩. នៅពេលដែលពួកសិស្សបានសួរអំពី ការកសាងឡើងវិញនូវព្រះរាជាណាចក្រ តើគេបានទទួលចម្លើយយ៉ាងណា ហើយតើគេបានប្រព្រឹត្តយ៉ាងណានឹងរឿងនេះ?
៨ ពួកសិស្សរបស់ព្រះគ្រីស្ទក៏អញ្ចឹងដែរ។ ព្រះយេស៊ូបានជួបជាមួយពួកគេមុននឹងទ្រង់យាងទៅស្ថានសួគ៌។ ដំណើររឿងរៀបរាប់ថា៖ «ដូច្នេះ កាលពួកសាវ័កបានប្រជុំគ្នា នោះក៏ទូលសួរថា ‹ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ› »? ដូចចៅហ្វាយរបស់គេ នោះគេក៏ចង់ឲ្យព្រះរាជាណាចក្រមកដល់នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅ ក្នុងអំណាចរបស់ទ្រង់នោះឡើយ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»។—កិច្ចការ ១:៦-៨
៩ គឺគ្មានភស្តុតាងអ្វីដែលបញ្ជាក់ថា ពួកសិស្សបានត្រូវតូចចិត្តនឹងការតបឆ្លើយនេះឡើយ។ ផ្ទុយទៅវិញ ពួកគេបានជាប់រវល់ដោយខ្នះខ្នែងធ្វើកិច្ចការផ្សាយ។ ប៉ុន្មានសប្ដាហ៍ក្រោយមក ពួកគេបានបង្រៀនសេចក្ដីនោះនៅពេញក្រុងយេរូសាឡិម។ (កិច្ចការ ៥:២៨) ហើយក្នុងរយៈពេល៣០ឆ្នាំ នោះគេបានពង្រីកសកម្មភាពផ្សាយរបស់គេដល់ទំហំដ៏ធំដល់ម្ល៉េះ ដែលប៉ុលអាចនិយាយថា ដំណឹងល្អ«បានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។ (កូល៉ុស ១:២៣) ទោះជាព្រះរាជាណាចក្រមិនបានត្រូវ‹តាំងឲ្យសាសន៍អ៊ីស្រាអែលឡើងវិញ› ដែលគេបានទន្ទឹងចាំយ៉ាងខុសនោះ ហើយមិនបានស្ថាបនាឡើងក្នុងជីវិតរបស់គេក៏ដោយ តែពួកគេខំបន្តបំរើព្រះយេហូវ៉ាដោយគិតដល់ពេលអនន្ត។
ការពិនិត្យមើលបំណងចិត្តរបស់យើង
១០. ការឥតដឹងអំពីពេលដែលព្រះនឹងកំទេចរបបរបស់សាតាំង អនុញ្ញាតឲ្យយើងបង្ហាញអំពីអ្វី?
១០ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ានៅសម័យនេះ ក៏ខំទន្ទឹងចាំមើលទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះដែរ។ ប៉ុន្តែ កង្វល់ដ៏សំខាន់របស់យើង គឺមិនមែនការរំដោះចូលទៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យានោះឡើយ។ យើងចង់ឃើញព្រះនាមរបស់ព្រះយេហូវ៉ាបានតាំងជាបរិសុទ្ធ ហើយនិងយុត្ដិកម្មនៃអធិបតេយ្យភាពរបស់ទ្រង់។ ដោយសាររឿងនេះ យើងអាចអរសប្បាយ ដែលព្រះមិនបានប្រាប់យើងអំពី‹ថ្ងៃឬម៉ោង›ដែលបានកំណត់ សំរាប់សេចក្ដីហិនវិនាសនៃរបបលោកីយ៍របស់សាតាំងនោះ។ នេះអនុញ្ញាតឲ្យយើងផ្ដល់ទីសំអាងថាយើងបានតាំងចិត្ត ដើរជាមួយនឹងព្រះជានិរន្តរ៍ ពីព្រោះយើងស្រឡាញ់ទ្រង់ មិនមែនដោយព្រោះយើងមានគោលដៅដ៏កំណាញ់ ហើយសំរាប់រយៈពេលខ្លីនោះទេ។
១១, ១២. តើតាមរបៀបណាដែលចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យ៉ូបបានល្បងល ហើយតើការល្បងលនេះទាក់ទងនឹងយើងយ៉ាងដូចម្ដេច?
១១ ការរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យើងចំពោះព្រះ ក៏ជួយបង្ហាញថា អារក្សបាននិយាយខុស នៅពេលដែលវាបានចោទថាយ៉ូប ជាមនុស្សស្មោះត្រង់ ព្រមទាំងមនុស្សលោកជាច្រើនណាដែលដូចគាត់ដែរ បំរើព្រះដោយគិតតែពីការរកផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ក្រោយពីព្រះយេហូវ៉ាបានរៀបរាប់ពីយ៉ូប ដែលជាអ្នកបំរើរបស់ទ្រង់ ជាអ្នករកបន្ទោសមិនបាន ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ នោះសាតាំងបានចោទយ៉ាងអាក្រក់ដូចនេះថា៖ «ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្ដិគាត់ក៏បានចំរើនឡើងនៅលើផែនដី ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។ (យ៉ូប ១:៨-១១) ដោយរក្សាចិត្តស្មោះគ្រប់លក្ខណ៍ក្រោមការសាកល្បងនេះ នោះយ៉ូបបង្ហាញថា ការចោទប្រកាន់ដ៏កាចសាហាវនេះ ជាការខុសទៅវិញ។
១២ ដោយរក្សាដំណើរយ៉ាងស្មោះគ្រប់ល័ក្ខណ៍ដូចនេះ យើងក៏អាចបង្ហាញឲ្យឃើញថាជាការខុសនូវការចោទប្រកាន់ណា ដែលថាយើងបំរើព្រះ ពីព្រោះតែយើងដឹងថា នឹងបានរង្វាន់ជាពុំខាននោះ។ ដោយឥតដឹងនូវពេលវេលាកំណត់ ដែលសេចក្ដីសងសឹករបស់ព្រះនឹងមានមកលើពួកមនុស្សអាក្រក់ នោះផ្ដល់ឲ្យយើងនូវឱកាសដើម្បីបង្ហាញថា យើងពិតជាស្រឡាញ់ព្រះយេហូវ៉ាមែន ហើយចង់ដើរតាមផ្លូវទ្រង់ជានិរន្តរ៍។ នេះនឹងបង្ហាញថាយើងមានចិត្តស្មោះត្រង់នឹងព្រះ ហើយទុកចិត្តលើទ្រង់ក្នុងរបៀបដែលទ្រង់ដោះស្រាយបញ្ហាណាមួយ។ ថែមទៀតនោះ ដោយឥតដឹងអំពីថ្ងៃនិងម៉ោង ជួយយើងឲ្យប្រុងស្មារតី ហើយឲ្យចាំយាមខាងវិញ្ញាណ ពីព្រោះយើងដឹងថា គ្រាចុងបញ្ចប់នឹងមកដល់នៅថ្ងៃណាមួយ ដូចជាចោរនឹងមកនៅពេលយប់អញ្ចឹងដែរ។ (ម៉ាថាយ ២៤:៤២-៤៤) ដោយដើរជាមួយនឹងព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ នោះយើងនឹងធ្វើឲ្យព្រះទ័យរបស់ទ្រង់បានសប្បាយ ហើយផ្ដល់នូវការតបឆ្លើយដល់អារក្ស ដែលដៀលតិះដល់ទ្រង់។—សុភាសិត ២៧:១១
គ្រោងការណ៍សំរាប់ពេលអនន្ត!
១៣. តើព្រះគម្ពីរបង្ហាញយ៉ាងណា អំពីការគ្រោងការណ៍សំរាប់អនាគត?
១៣ អស់អ្នកដែលដើរជាមួយនឹងព្រះដឹងថា គឺជាការដែលប្រកបដោយប្រាជ្ញា ឲ្យគ្រោងទុកជាមុនយ៉ាងសមហេតុផលសំរាប់អនាគត។ ដោយដឹងអំពីបញ្ហានិងកំរិតពីភាពចាស់ជរា នោះមនុស្សជាច្រើនបានឆ្លៀតយកប្រយោជន៍ធ្វើការ កាលដែលគេនៅក្មេងនិងពេញកម្លាំង ដើម្បីនៅពេលគេចាស់ទៅ នោះគេនឹងឥតមានការខ្វះខាតខាងប្រាក់កាស។ ចុះយ៉ាងណាវិញ ចំពោះអនាគតខាងវិញ្ញាណ ដែលសំខាន់ជាងនេះទៅទៀតនោះ? សុភាសិត ២១:៥ ចែងថា៖ «គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ»។ ការគ្រោងទុកជាមុនដោយគិតដល់ពេលអនន្ត គឺពិតជាមានប្រយោជន៍មែន។ ដោយព្រោះយើងឥតដឹងឲ្យបានប្រាកដ ថានៅពេលណាដែលទីបញ្ចប់នៃរបបលោកីយ៍នេះនឹងមកដល់នោះ យើងត្រូវពិចារណាមើលអំពីអ្វីដែលយើងនឹងត្រូវការនៅពេលអនាគតនោះ។ ប៉ុន្តែ ចូរឲ្យយើងមានការថ្លឹងថ្លែង ហើយយកប្រយោជន៍របស់ព្រះទុកជាមុនក្នុងជីវិត។ មនុស្សណាដែលខ្វះជំនឿ ប្រហែលជាសន្និដ្ឋានថា ការយកចិត្តទុកដាក់ក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ ជាការមិនគិតវែងឆ្ងាយទេ។ ប៉ុន្តែ តើពិតជាអញ្ចឹងមែនឬ?
១៤, ១៥. (ក) តើរឿងប្រៀបប្រដូចអ្វីដែលព្រះយេស៊ូបានមានបន្ទូល អំពីគម្រោងការណ៍សំរាប់អនាគត? (ខ) ហេតុអ្វីក៏បុរសអ្នកមាននៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ឥតបានគិតវែងឆ្ងាយ?
១៤ ព្រះយេស៊ូបានមានបន្ទូលជារឿងប្រៀបប្រដូចមួយ ដែលធ្វើឲ្យយើងដឹងយ៉ាងច្បាស់ក្នុងករណីនេះ។ ទ្រង់បានមានបន្ទូលថា៖ «មានស្រែចំការរបស់អ្នកមានម្នាក់ បានកើតផលចំរើនជាបរិបូរ ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្ដេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល នឹងទ្រព្យសម្បត្ដិទៅផ្ទុកនៅទីនោះ នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្ដិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ ប៉ុន្តែព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិ ទុកបំរុងខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ»។—លូកា ១២:១៦-២១
១៥ តើព្រះយេស៊ូចង់ប្រាប់ថា បុរសអ្នកមាននេះ មិនត្រូវខំប្រឹងធ្វើការឲ្យមានវត្ថុទ្រព្យសំរាប់អនាគតនោះឬ? គឺអត់ទេ ដ្បិតបទគម្ពីរខ្លះដាស់តឿនឲ្យខំប្រឹងធ្វើការ។ (ថែស្សាឡូនីចទី២ ៣:១០) កំហុសរបស់អ្នកមាននេះគឺ គាត់ឥតបានធ្វើអ្វីដែលចាំបាច់ដើម្បីឲ្យ«មានខាងឯព្រះ»។ ទោះជា បើគាត់អាចសប្បាយនឹងទ្រព្យសម្បត្ដិរបស់គាត់ជាច្រើនឆ្នាំក្ដី ជាយថាហេតុគាត់ក៏នឹងស្លាប់ទៅដែរ។ គាត់ឥតបានគិតវែងឆ្ងាយនោះទេ ឥតបានគិតអំពីពេលអនន្តនោះឡើយ។
១៦. ហេតុអ្វីក៏យើងអាចទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ចំពោះអនាគតដ៏ឥតខ្វះខាត?
១៦ ការដើរជាមួយនឹងព្រះយេហូវ៉ាដោយគិតដល់ពេលអនន្ត គឺមានប្រយោជន៍ ព្រមទាំងជាការមើលឃើញបានវែងឆ្ងាយទៀតផង។ នេះជារបៀបដ៏ប្រសើរបំផុត ដើម្បីគ្រោងការណ៍សំរាប់អនាគត។ ទោះបីជាការដែលប្រកបដោយប្រាជ្ញាឲ្យគ្រោងការណ៍ ដែលស្តីអំពីសាលារៀន មុខរបរ និងភារកិច្ចក្នុងគ្រួសារ យើងត្រូវចាំថា ព្រះយេហូវ៉ានឹងមិនបោះបង់ពួកអ្នកបំរើស្មោះត្រង់របស់ទ្រង់នោះឡើយ។ ស្តេចដាវីឌបានច្រៀងថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុកដំកើង ៣៧:២៥) ព្រះយេស៊ូក៏បានឲ្យការធានារ៉ាប់រងថា ព្រះនឹងប្រទានឲ្យអស់អ្នកដែលស្វែងរកប្រយោជន៍ខាងព្រះរាជាណាចក្រទុកជាមុន ហើយដើរតាមផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ានោះដែរ។—ម៉ាថាយ ៦:៣៣
១៧. តើតាមរបៀបណាដែលយើងដឹងថា ទីបញ្ចប់គឺជិតដល់ហើយនោះ?
១៧ ទោះជាយើងបំរើព្រះដោយគិតដល់ពេលអនន្តក៏ដោយ តែយើងក៏រក្សាទុកថ្ងៃរបស់ព្រះយេហូវ៉ាជាប់ក្នុងគំនិតរបស់យើងដែរ។ សេចក្ដីសម្រេចនៃទំនាយព្រះគម្ពីរ បង្ហាញឲ្យឃើញជាក់ស្តែងនូវការជិតមកដល់នៃថ្ងៃនោះហើយ។ សតវត្សនេះគឺបានត្រូវសម្គាល់ដោយសង្គ្រាម រោគរាតត្បាត រញ្ជួយផែនដី និងការខ្វះអាហារ ព្រមទាំងការបៀតបៀនពួកគ្រីស្ទានពិត ហើយនិងការផ្សាយដំណឹងល្អ អំពីសារព្រះរាជាណាចក្ររបស់ព្រះទូទាំងពិភពលោកដែរ។ របស់ទាំងអស់នេះជាលក្ខណៈនៃគ្រាចុងបញ្ចប់ នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ (ម៉ាថាយ ២៤:៧-១៤; លូកា ២១:១១) ពិភពលោកនេះគឺមានពេញដោយមនុស្សដែល «ស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ (ធីម៉ូថេទី២ ៣:១-៥) នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ដ៏លំបាកនេះ ជីវិតគឺពិបាកណាស់ចំពោះយើងរាល់គ្នាជាអ្នកបំរើព្រះយេហូវ៉ានោះ។ យើងពិតជាចង់ឃើញថ្ងៃនោះយ៉ាងណាទៅហ្ន៎ នៅពេលដែលព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា នឹងកំទេចអំពើព្រៃផ្សៃចេញពីផែនដីយើងនោះ! នៅពេលចន្លោះនោះ ចូរឲ្យយើងតាំងចិត្តដើរជាមួយនឹងព្រះដោយគិតដល់ពេលអនន្ត។
ការបំរើដោយគិតដល់ជីវិតដែលគ្មានទីបញ្ចប់
១៨, ១៩. តើអ្វីដែលបង្ហាញថា ពួកអ្នកស្មោះត្រង់ពីបុរាណបានបំរើដោយគិតដល់ពេលអនន្តនោះ?
១៨ កាលដែលយើងដើរជាមួយនឹងព្រះយេហូវ៉ា ចូរឲ្យចងចាំពីភាពស្មោះត្រង់របស់អេបិល អេណុក ណូអេ អ័ប្រាហាំ និងសារ៉ា។ ក្រោយពីបានរៀបរាប់អំពីពួកគេ នោះប៉ុលបានសរសេរថា៖ «ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ»។ (ហេព្រើរ ១១:១៣) ពួកអ្នកស្មោះត្រង់ទាំងនោះ បាន«សង្វាតចង់បានស្រុក១ ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ»។ (ហេព្រើរ ១១:១៦) ដោយមានសេចក្ដីជំនឿ នោះគេទន្ទឹងចាំកន្លែងដ៏ប្រសើរជាង នៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនៃព្រះមេស្ស៊ី។ យើងអាចប្រាកដក្នុងចិត្តថា ព្រះនឹងប្រទានរង្វាន់ឲ្យគេ ជាជីវិតអស់កល្បជានិច្ច ក្នុងកន្លែងដ៏ប្រសើរជាងនោះ គឺនៅលើផែនដីមនោរម្យក្រោមការគ្រប់គ្រងព្រះរាជាណាចក្រ។—ហេព្រើរ ១១:៣៩, ៤០
១៩ ព្យាការីមីកាបានសម្ដែងនូវការតាំងចិត្តរបស់រាស្ត្រព្រះយេហូវ៉ា ដើម្បីថ្វាយបង្គំព្រះដល់ពេលអនន្ត។ គាត់បានសរសេរថា៖ «ទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ»។ (មីកា ៤:៥) លោកមីកាបានបំរើព្រះយេហូវ៉ាដោយស្មោះត្រង់ រហូតដល់ស្លាប់។ ក្រោយពីនឹងបានប្រោសឲ្យរស់ឡើងវិញនៅក្នុងពិភពលោកថ្មីនោះ ព្យាការីនេះច្បាស់ជានឹងបន្តដើរជាមួយនឹងព្រះសំរាប់ពេលអនន្តជាមិនខាន។ នេះជាគំរូដ៏ល្អមែន ចំពោះយើងគ្រប់រូបដែលកំពុងរស់នៅក្នុងគ្រាចុងបញ្ចប់នេះ!
២០. តើយើងត្រូវតាំងចិត្តធ្វើអ្វី?
២០ ព្រះយេហូវ៉ាអបអរនឹងសេចក្ដីស្រឡាញ់ ដែលយើងបង្ហាញចំពោះព្រះនាមរបស់ទ្រង់ណាស់។ (ហេព្រើរ ៦:១០) ទ្រង់ជ្រាបថា គឺជាការពិបាកចំពោះយើងឲ្យរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ក្នុងពិភពលោកនេះ ដែលគ្រប់គ្រងដោយអារក្សនោះ។ ប៉ុន្តែ កាលដែល«លោកីយនេះ . . . កំពុងកន្លងទៅ . . . តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៧; ៥:១៩) ដូច្នេះ ដោយមានជំនួយពីព្រះយេហូវ៉ា ចូរឲ្យយើងតាំងចិត្តដើម្បីស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក ដែលយើងជួបប្រទះរៀងរាល់ថ្ងៃនោះ។ ចូរឲ្យគំនិត និងការរស់នៅរបស់យើង សំដៅចំពោះទៅពរដ៏អស្ចារ្យ ដែលបានសន្យាដោយព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងនឹងអាចទទួលពរទាំងនេះ ប្រសិនបើយើងខំបន្តដើរជាមួយនឹងព្រះដោយគិតដល់ពេលអនន្តនោះ។—យូដាស ២០, ២១
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីជាគោលបំណងរបស់ព្រះចំពោះមនុស្សដែលស្ដាប់បង្គាប់?
◻ ហេតុអ្វីក៏ព្រះយេហូវ៉ាមិនទាន់ចាត់វិធានការ ដើម្បីនាំឲ្យមានទីបញ្ចប់ដល់លោកីយ៍ដ៏អាក្រក់នេះ?
◻ ហេតុអ្វីក៏ការឥតដឹងអំពីពេលវេលាកំណត់របស់ព្រះ ដើម្បីនឹងកំទេចលោកនេះ មិនបានបន្ថយនូវការខ្នះខ្នែងរបស់យើងនោះ?
◻ តើមានផលប្រយោជន៍ណាខ្លះ ពីការដើរជាមួយនឹងព្រះដោយគិតដល់ពេលអនន្តនោះ?
[រូបភាពនៅទំព័រ២៦]
រដើរជាមួយនឹងព្រះតម្រូវឲ្យយើងបំរើទ្រង់ដោយចិត្តខ្នះខ្នែង