ចូរ«យកនាមព្រះយេហូវ៉ាជាទីពឹងជ្រក»
«ខ្ញុំប្រាកដជានឹងទុក . . . រាស្ត្រមួយដែលមានចិត្តរាបទាប។ ឯពួកគេនឹងយកនាមព្រះយេហូវ៉ាជាទីពឹងជ្រក»។—សេផ. ៣:១២, ព.ថ.
១, ២. នៅពេលឆាប់ៗនេះ នឹងមានថ្ងៃដែលប្រៀបដូចជាព្យុះសង្ឃរាដែលបក់បោកមកលើមនុស្សជាតិ តើថ្ងៃនោះជាថ្ងៃអ្វី?
ពេលមានព្យុះភ្លៀងឬព្យុះព្រឹល តើអ្នកធ្លាប់រកកន្លែងជ្រកដោយឈប់ក្រោមស្ពានឬទេ? ស្ពានប្រហែលជាជម្រកគត់មត់ ពេលមានព្យុះភ្លៀងឬព្យុះព្រឹល ប៉ុន្តែប្រហែលការពារអ្នកបានតែបន្ដិចបន្តួចប៉ុណ្ណោះបើមានព្យុះកំបុតត្បូងឬព្យុះសង្ឃរា។
២ ប៉ុន្តែមាន«ថ្ងៃបំផ្លាញ»ដែលប្រៀបដូចជាព្យុះសង្ឃរាមួយ កំពុងជិតមកដល់ ហើយអាចគំរាមកំហែងអាយុជីវិតរបស់មនុស្សជាតិ។ ថ្ងៃនោះដែលជា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»នឹងប៉ះពាល់មនុស្សជាតិទាំងអស់។ ក៏ប៉ុន្តែ យើងអាចរកបានជម្រកដែលយើងត្រូវការ។ (សូមអាន សេផានា ១:១៤-១៨) តើតាមរបៀបណាដែលយើងអាចធ្វើដូច្នេះបានក្នុងអំឡុង«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»ដែលនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ?
ថ្ងៃបំផ្លាញនៅសម័យគម្ពីរដែលប្រៀបដូចព្យុះសង្ឃរា
៣. តើអ្វីទៅជា«ព្យុះសង្ឃរា»ដែលបក់បោកទៅលើរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០?
៣ ថ្ងៃរបស់ព្រះយេហូវ៉ានឹងចាប់ផ្ដើមដោយការបំផ្លាញចោលសាសនាមិនពិតទាំងអស់នៅលើផែនដី។ យើងអាចដឹងពីរបៀបរកបានជម្រក ដោយពិនិត្យមើលប្រវត្ដិសាស្ត្ររបស់រាស្ត្រព្រះនាសម័យបុរាណ។ អេសាយដែលបានរស់នៅសតវត្សរ៍ទី៨មុន គ.ស. បានប្រៀបការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាទៅលើកុលសម្ព័ន្ធទាំង១០នៃរាជាណាចក្រអ៊ីស្រាអែលដែលក្បត់ជំនឿ ទៅនឹង«ព្យុះសង្ឃរា»ដែលមនុស្សមិនអាចរារាំងបាន។ (សូមអាន អេសាយ ២៨:១, ២) ទំនាយនោះបានសម្រេចលើកដំបូងនៅឆ្នាំ៧៤០មុន គ.ស. កាលដែលពួកអាសស៊ើរលុកលុយទឹកដីរបស់ពួកកុលសម្ព័ន្ធទាំងនោះ ដែលមានកុលសម្ព័ន្ធអេប្រាអ៊ីមជាកុលសម្ព័ន្ធល្បីល្បាញជាងគេ។
៤. តើ«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»បានវាយប្រហារក្រុងយេរូសាឡិមយ៉ាងណានៅឆ្នាំ៦០៧មុន គ.ស.?
៤ ក្រោយការវិនិច្ឆ័យប្រឆាំងរាជាណាចក្រអ៊ីស្រាអែលមិនស្មោះត្រង់ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»បានមកដល់ក្រុងយេរូសាឡិមនិងរាជាណាចក្រយូដានាឆ្នាំ៦០៧មុន គ.ស.។ ព្រឹត្ដិការណ៍នោះបានកើតឡើងដោយសារបណ្ដាជនយូដាក៏បានក្បត់ជំនឿដែរ។ ពួកបាប៊ីឡូនក្រោមការដឹកនាំរបស់នេប៊ូក្នេសាបានគំរាមកំហែងស្រុកយូដានិងក្រុងយេរូសាឡិមដែលជារាជធានី។ អ្នកស្រុកយូដាបានបែរទៅពឹង«ទីជ្រកនៃសេចក្ដីភូតភរ» ពោលគឺសម្ព័ន្ធភាពរបស់ពួកគេខាងនយោបាយជាមួយស្រុកអេស៊ីប។ ក៏ប៉ុន្តែ ពួកបាប៊ីឡូនបានកម្ទេចចោល«ទីជ្រក»នោះដូចព្យុះសង្ឃរាដែលបំផ្លិចបំផ្លាញ។—អេ. ២៨:១៤, ១៧
៥. តើអ្វីនឹងកើតឡើងដល់រាស្ត្ររបស់ព្រះជាក្រុម ក្នុងអំឡុងការបំផ្លាញចោលសាសនាមិនពិតទាំងអស់?
៥ ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាដែលបានវាយប្រហារក្រុងយេរូសាឡិម បង្ហាញថានៅសម័យយើងនឹងមានការវិនិច្ឆ័យទៅលើពិភពគ្រិស្តសាសនាដែលក្បត់ជំនឿ។ ម្យ៉ាងទៀត ផ្នែកឯទៀតនៃ«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាចក្រភពសាសនាមិនពិតទូទៅ នឹងត្រូវបំផ្លាញចោល។ ក្រោយមក ផ្នែកដែលនៅសល់នៃរបៀបរបបពិភពលោកដ៏អាក្រក់របស់សាថាននឹងត្រូវបំផ្លាញឲ្យសាបសូន្យទៅ។ ក៏ប៉ុន្តែ រាស្ត្ររបស់ព្រះជាក្រុមនឹងរួចជីវិត ពីព្រោះពួកគេយកព្រះយេហូវ៉ាជាទីពឹងជ្រក។—បប. ៧:១៤; ១៨:២, ៨; ១៩:១៩-២១
ជម្រកក្នុងន័យធៀបនិងការការពារក្នុងន័យត្រង់
៦. តើតាមរបៀបណាដែលរាស្ត្ររបស់ព្រះយេហូវ៉ារកបានជម្រក?
៦ សូម្បីតែឥឡូវនេះដែលជាគ្រាចុងក្រោយបង្អស់ តើតាមរបៀបណាដែលរាស្ត្ររបស់ព្រះអាចរកបានជម្រក? យើងរកបានជម្រកក្នុងន័យធៀបដោយ«នឹកដល់ព្រះនាម[ព្រះ]»ពេលយើងអធិដ្ឋាននិងដោយបម្រើលោកយ៉ាងខ្នះខ្នែង។ (សូមអាន ម៉ាឡាគី ៣:១៦-១៨) ទោះជាយ៉ាងនេះក្ដី យើងអាចដឹងថាយើងមិនគ្រាន់តែនឹកដល់នាមរបស់ព្រះប៉ុណ្ណោះទេ តែយើងត្រូវធ្វើលើសពីនេះ។ គម្ពីរចែងថា៖ «អស់អ្នកណាដែលហៅរកនាមព្រះយេហូវ៉ានឹងត្រូវសង្គ្រោះ»។ (រ៉ូម ១០:១៣) ការហៅរកនាមព្រះយេហូវ៉ាជាប់ទាក់ទងនឹងសេចក្ដីសង្គ្រោះដែលមកពីលោក។ មនុស្សជាច្រើនដែលមានចិត្តទៀងត្រង់អាចឃើញថាគ្រិស្តសាសនិកពិតដែល‹នឹកដល់នាមរបស់ព្រះ›ដោយគោរព ហើយបម្រើជាសាក្សីរបស់លោក គឺខុសគ្នាពីមនុស្សដែលមិនបម្រើលោក។
៧, ៨. តើតាមរបៀបណាដែលគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ទទួលសេចក្ដីសង្គ្រោះក្នុងន័យត្រង់? តើនេះស្រដៀងគ្នានឹងគ្រិស្តសាសនិកសព្វថ្ងៃនេះយ៉ាងណា?
៧ ទោះជាយ៉ាងនេះក្ដី សេចក្ដីសង្គ្រោះរបស់យើងមិនមែនគ្រាន់តែក្នុងន័យធៀបប៉ុណ្ណោះទេ តែព្រះសន្យាថាលោកសង្គ្រោះរាស្ត្ររបស់លោកក្នុងន័យត្រង់ដែរ។ យើងឃើញឧទាហរណ៍មួយស្តីអំពីរឿងនេះក្នុងព្រឹត្ដិការណ៍ដែលបានកើតឡើងនៅឆ្នាំ៦៦ គ.ស. ក្រោយពីកងទ័ពរ៉ូមក្រោមការដឹកនាំរបស់ស៊ីស្ទាស ហ្កាឡាស បានវាយប្រហារក្រុងយេរូសាឡិម។ លោកយេស៊ូបានទាយថាគ្រានៃទុក្ខវេទនានោះនឹងត្រូវ«កាត់បន្ថយ . . . ឲ្យខ្លី»។ (ម៉ាថ. ២៤:១៥, ១៦, ២១, ២២) គ្រានោះកើតឡើងពេលកងទ័ពរ៉ូមដកថយចេញពីក្រុងដោយមិនបានគ្រោងទុកជាមុន ដែលបើកឱកាសឲ្យ«អ្នក»ខ្លះពោលគឺគ្រិស្តសាសនិកពិតបានទទួលសេចក្ដី«សង្គ្រោះ»។ ពួកគេអាចរត់ចេញពីក្រុងនោះនិងតំបន់ដែលនៅជុំវិញ។ អ្នកខ្លះបានឆ្លងទន្លេយ៉ូដាន់ ហើយទៅជ្រកនៅភ្នំដែលស្ថិតនៅត្រើយខាងកើតនៃទន្លេនោះ។
៨ ពួកគ្រិស្តសាសនិកទាំងនោះស្រដៀងគ្នានឹងរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ។ នៅអតីតកាល គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ បានរកជម្រក ហើយពួកអ្នកបម្រើព្រះសព្វថ្ងៃនេះក៏ធ្វើដូច្នេះដែរ។ ក៏ប៉ុន្តែ លើកនេះពួកគេមិនរត់ចេញទៅកន្លែងជាក់លាក់ណាមួយទេ ពីព្រោះគ្រិស្តសាសនិកពិតមាននៅពាសពេញពិភពលោក។ ទោះជាយ៉ាងនេះក្ដី «ពួកអ្នករើសតាំង»និងគូកនស្មោះភក្ដីរបស់ពួកគាត់នឹងរួចជីវិតពីទីបញ្ចប់នៃពិភពគ្រិស្តសាសនាដែលក្បត់ជំនឿ។ នេះដោយសារពួកគាត់បានពឹងជ្រកព្រះយេហូវ៉ានិងអង្គការរបស់លោកដែលប្រៀបដូចភ្នំមួយ។
៩. តើអ្នកណាបានខំធ្វើឲ្យគេភ្លេចនាមរបស់ព្រះ? សូមលើកឧទាហរណ៍មួយ។
៩ ផ្ទុយទៅវិញ ពិភពគ្រិស្តសាសនាសមទទួលការបំផ្លាញចោលដោយសារពួកគេមិនបានបង្រៀនសេចក្ដីពិតអំពីព្រះនិងគោលការណ៍របស់លោក និងដោយសារពួកគេស្អប់នាមរបស់ព្រះ។ នៅយុគសម័យកណ្ដាល ក្នុងទ្វីបអឺរ៉ុប នាមរបស់ព្រះបានត្រូវគេស្គាល់ជាទូទៅមួយកម្រិតដែរ។ នាមនោះតំណាងដោយអក្សរហេប្រឺបួនតួដែលបានត្រូវបកប្រែជាភាសាខ្មែរជាយហវហ(ឬចហវហ)ដែលគេហៅថាតេត្រាក្រាម។ អក្សរហេប្រឺបួនតួនោះមាននៅលើកាក់ នៅជញ្ជាំងខាងមុខផ្ទះ ក្នុងសៀវភៅនិងគម្ពីរជាច្រើន ថែមទាំងមាននៅក្នុងវិហារខ្លះរបស់សាសនាកាតូលិកនិងប្រូតេស្តង់ផងដែរ។ ក៏ប៉ុន្តែ នៅពេលថ្មីៗ គេនិយមលុបនាមរបស់ព្រះពីសេចក្ដីបកប្រែផ្សេងៗនៃគម្ពីរ ហើយឈប់ប្រើនាមរបស់លោកក្នុងពិធីផ្សេងៗខាងសាសនា។ តាមរយៈសំបុត្រផ្លូវការមួយដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៨ សាសនាកាតូលិកបានឲ្យឱវាទថា តេត្រាក្រាមនិងសេចក្ដីបកប្រែផ្សេងៗនៃអក្សរបួនតួនោះគួរតែជំនួសដោយពាក្យ«លោកម្ចាស់»វិញ។ មានការណែនាំចេញពីទីស្នាក់ការធំជាងគេនៃសាសនាកាតូលិកថា មិនត្រូវអានឬប្រើនាមរបស់ព្រះក្នុងចម្រៀងសរសើរព្រះនិងក្នុងសេចក្ដីអធិដ្ឋានពេលមានពិធីផ្សេងៗខាងសាសនាកាតូលិកឡើយ។ អ្នកដឹកនាំសាសនាឯទៀតទាំងក្នុងទាំងក្រៅពិភពគ្រិស្តសាសនាក៏បានលាក់មិនឲ្យពួកអ្នកគោរពបូជារាប់លាននាក់ស្គាល់អត្តសញ្ញាណពិតរបស់ព្រះដែរ។
ការការពារចំពោះពួកអ្នកដែលធ្វើឲ្យនាមរបស់ព្រះបានបរិសុទ្ធ
១០. សព្វថ្ងៃនេះ តើនាមរបស់ព្រះកំពុងត្រូវគេលើកកិត្ដិយសយ៉ាងដូចម្ដេច?
១០ ផ្ទុយស្រឡះពីអ្វីដែលសាសនាឯទៀតកំពុងធ្វើ សាក្សីព្រះយេហូវ៉ាលើកកិត្ដិយសនិងតម្កើងនាមរបស់ព្រះ។ ពួកគេធ្វើឲ្យនាមព្រះបានបរិសុទ្ធដោយប្រើនាមនោះដោយគោរព។ ព្រះយេហូវ៉ាពេញចិត្តពួកអ្នកដែលទុកចិត្តលោក ហើយលោកនឹងក្លាយទៅជាអ្វីៗក៏ដោយដែលចាំបាច់ដើម្បីឲ្យពរនិងការពាររាស្ត្ររបស់លោក។ ព្រះ«ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក»។—ណា. ១:៧; សកម្ម. ១៥:១៤
១១, ១២. តើអ្នកណាខ្លះបានគាំទ្រនាមរបស់ព្រះយេហូវ៉ានៅស្រុកយូដានាសម័យបុរាណ? ហើយតើអ្នកណាបានធ្វើដូច្នេះនៅសម័យនេះ?
១១ ទោះជាមនុស្សភាគច្រើននៅស្រុកយូដាសម័យបុរាណបានក្លាយទៅជាអ្នកក្បត់ជំនឿក៏ដោយ តែមានអ្នកខ្លះបាន‹យកនាមព្រះយេហូវ៉ាជាទីពឹងជ្រក›។ (សូមអាន សេផានា ៣:១២, ១៣) ពិតមែន ពេលដែលព្រះដាក់ទណ្ឌកម្មលើអ្នកស្រុកយូដាដែលមិនស្មោះត្រង់ដោយអនុញ្ញាតឲ្យពួកបាប៊ីឡូនដណ្ដើមយកស្រុករបស់ពួកគេ ហើយចាប់យកបណ្ដាជនជាឈ្លើយ នោះបុគ្គលខ្លះដូចជាយេរេមា បារូក និងអេបេឌមេលេកបានរួចខ្លួន។ ពួកគេត្រូវរស់«នៅកណ្ដាល»ប្រជាជាតិមួយដែលក្បត់ជំនឿ។ អ្នកខ្លះទៀតនៅតែស្មោះត្រង់ពេលរស់នៅជាឈ្លើយ។ នៅឆ្នាំ៥៣៩មុន គ.ស. ជនជាតិមេឌីនិងជនជាតិពើស៊ីក្រោមការដឹកនាំរបស់ស៊ីរូសបានវាយយកក្រុងបាប៊ីឡូន។ មិនយូរប៉ុន្មាន ស៊ីរូសបានចេញក្រឹត្យមួយអនុញ្ញាតឲ្យជនជាតិយូដាត្រឡប់ទៅមាតុភូមិវិញ។
១២ ស្តីអំពីពួកអ្នកដែលសប្បាយនឹងឃើញការគោរពប្រណិប័តន៍ពិតមានឡើងវិញ សេផានាបានទាយថាព្រះយេហូវ៉ានឹងសង្គ្រោះពួកគេ ហើយរីករាយចំពោះពួកគេ។ (សូមអាន សេផានា ៣:១៤-១៧) នេះក៏បានកើតឡើងនៅសម័យយើងដែរ។ ក្រោយព្រះយេហូវ៉ាបានតាំងរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ នោះលោកបានរំដោះពួកគ្រិស្តសាសនិកស្មោះត្រង់ដែលមិនទាន់ឡើងទៅស្ថានសួគ៌ឲ្យរួចផុតពីសេចក្ដីបង្រៀនមិនពិតរបស់បាប៊ីឡូនដ៏ខ្លាំងក្លា។ រហូតដល់សព្វថ្ងៃនេះ លោករីករាយចំពោះពួកគេ។
១៣. តើមនុស្សមកពីប្រជាជាតិទាំងអស់កំពុងរួចពីអ្វី?
១៣ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅជារៀងរហូតនៅលើផែនដីក៏បានចេញពីបាប៊ីឡូនដ៏ខ្លាំងក្លា ហើយបានរួចពីសេចក្ដីបង្រៀនមិនពិត។ (បប. ១៨:៤) ដូច្នេះ នៅសម័យយើង ទំនាយនៅសេផានា ២:៣បានសម្រេចក្នុងកម្រិតធំជាងដែលថា៖ «អស់អ្នករាបសានៅផែនដី . . . ចូរស្វែងរក[ព្រះយេហូវ៉ា]»។ មនុស្សរាបសាដែលមកពីប្រជាជាតិទាំងអស់ ទោះជាមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬរស់នៅផែនដីក្ដី សព្វថ្ងៃពួកគេកំពុងយកនាមព្រះយេហូវ៉ាជាទីពឹងជ្រក។
នាមរបស់ព្រះមិនមែនជាអ្វីដែលស័ក្ដិសិទ្ធិទេ
១៤, ១៥. (ក) តើមនុស្សខ្លះបានប្រើអ្វីជារបស់ស័ក្ដិសិទ្ធិ? (ខ) តើយើងមិនត្រូវប្រើអ្វីធ្វើជាយ័ន្ត?
១៤ ជនជាតិអ៊ីស្រាអែលខ្លះបានចាត់ទុកវិហារជាអ្វីដែលស័ក្ដិសិទ្ធិដែលនឹងការពារពួកគេពីសត្រូវ។ (យេ. ៧:១-៤) មុនមានវិហារ បណ្ដាជនអ៊ីស្រាអែលបានចាត់ទុកហឹបនៃកិច្ចព្រមព្រៀងជារបស់ស័ក្ដិសិទ្ធិដែលនឹងការពារពួកគេនៅសមរភូមិ។ (១សាំ. ៤:៣, ១០, ១១) ខន់ស្ទែនធីនដ៏ខ្លាំងក្លាបានសរសេរអក្សរពីរដំបូងនៃពាក្យ«គ្រិស្ត»ជាភាសាក្រិច លើខែលទាហានរបស់គាត់ដោយសង្ឃឹមថា នេះនឹងជួយការពារទាហានក្នុងសង្គ្រាម (អក្សរkhiនិងrho)។ មួយវិញទៀត គេបានគិតថាស្តេចស៊ុយអែតឈ្មោះហ្គាសតាវ អាដុលទី២ដែលបានប្រយុទ្ធក្នុងសង្គ្រាមដែលគេហៅថាសង្គ្រាម៣០ឆ្នាំ បានពាក់អាវដែកមួយដែលមាននាម«យេហូវ៉ា»ចារលើអាវនោះ។
១៥ រាស្ត្រខ្លះរបស់ព្រះដែលពួកវិញ្ញាណកំណាចបានវាយប្រហារបានយកនាមព្រះយេហូវ៉ាជាទីពឹងជ្រកដោយហៅនាមលោកឮៗ។ ក៏ប៉ុន្តែ យើងមិនត្រូវចាត់ទុកវត្ថុណាដែលមានឈ្មោះព្រះជារបស់ស័ក្ដិសិទ្ធិឬប្រើជាយ័ន្តការពារក្នុងជីវភាពប្រចាំថ្ងៃទេ។ ការធ្វើដូច្នេះមិនមានន័យថាយកនាមព្រះយេហូវ៉ាជាទីពឹងជ្រកឡើយ។
ទីពឹងជ្រករបស់យើងនៅសព្វថ្ងៃនេះ
១៦. សព្វថ្ងៃ តើតាមរបៀបណាដែលយើងអាចពឹងជ្រកព្រះ ហើយមានសេចក្ដីសុខ?
១៦ សព្វថ្ងៃ រាស្ត្ររបស់ព្រះកំពុងមានសេចក្ដីសុខ ដោយសារពួកគេបានពឹងជ្រកព្រះយេហូវ៉ា។ (ទំនុក. ៩១:១) «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»និងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ បានឲ្យយើងដឹងអំពីនិន្នាការក្នុងពិភពលោកដែលអាចបំផ្លាញសេចក្ដីសុខនោះ។ (ម៉ាថ. ២៤:៤៥-៤៧; អេ. ៣២:១, ២) សូមពិចារណាថាប៉ុន្មានដងហើយដែលពួកគាត់បានព្រមានយើងអំពីវត្ថុនិយម ហើយសូមគិតអំពីរបៀបដែលការព្រមានបែបនោះបានការពារទំនាក់ទំនងរបស់យើងជាមួយព្រះ។ ចុះយ៉ាងណាវិញចំពោះគ្រោះថ្នាក់ដែលមកពីការបណ្ដុះចិត្តគំនិតសំងំសុខ ដែលអាចធ្វើឲ្យយើងទៅជាអសកម្មក្នុងកិច្ចបម្រើព្រះយេហូវ៉ា? បណ្ដាំរបស់ព្រះចែងថា៖ «ចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ តែអ្នកណាដែលស្ដាប់តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។ (សុភ. ១:៣២, ៣៣) ការព្យាយាមរក្សាភាពស្អាតស្អំខាងសីលធម៌ក៏ជួយយើងឲ្យនៅតែពឹងជ្រកព្រះយេហូវ៉ា ហើយមានសេចក្ដីសុខបែបនេះដែរ។
១៧, ១៨. សព្វថ្ងៃ តើអ្វីកំពុងជួយមនុស្សរាប់លាននាក់ឲ្យយកនាមព្រះយេហូវ៉ាជាទីពឹងជ្រក?
១៧ ម្យ៉ាងទៀត សូមគិតដែរអំពីការលើកទឹកចិត្តរបស់ខ្ញុំបម្រើស្មោះត្រង់ដែលឲ្យយើងធ្វើតាមយ៉ាងសកម្មនូវបង្គាប់របស់លោកយេស៊ូ ដែលឲ្យយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះនៅគ្រប់ទីអាស្រ័យនៅផែនដី។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) សេផានាបានរៀបរាប់អំពីការផ្លាស់ប្ដូរមួយដែលជួយមនុស្សឲ្យយកនាមព្រះជាទីពឹងជ្រក ដោយសរសេរថា៖ «នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត[ឬ«ភាសាបរិសុទ្ធ»] ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់»។—សេផ. ៣:៩; ព.ថ.
១៨ តើភាសាបរិសុទ្ធគឺជាអ្វី? ភាសាបរិសុទ្ធគឺជាសេចក្ដីពិតអំពីព្រះយេហូវ៉ានិងគោលបំណងរបស់លោកដែលមានក្នុងគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក។ អ្នកកំពុងប្រើភាសាបរិសុទ្ធនោះ ពេលអ្នកជួយអ្នកឯទៀតឲ្យយល់យ៉ាងត្រឹមត្រូវអំពីរាជាណាចក្រព្រះនិងរបៀបដែលរាជាណាចក្រនោះនឹងធ្វើឲ្យនាមលោកបានបរិសុទ្ធ ពេលអ្នកបញ្ជាក់ថាព្រះមានសិទ្ធិត្រឹមត្រូវក្នុងការគ្រប់គ្រង និងពេលអ្នកនិយាយដោយរីករាយអំពីពរដែលមនុស្សស្មោះត្រង់នឹងទទួលជារៀងរហូត។ ដោយសារមនុស្សជាច្រើននិយាយភាសាបរិសុទ្ធនោះក្នុងន័យធៀប ជាលទ្ធផលមនុស្សកាន់តែច្រើន‹អំពាវនាវដល់នាមព្រះយេហូវ៉ា› ហើយ‹បម្រើលោកដោយព្រមចិត្តគ្នា›។ ពិតមែន ឥឡូវនេះ មនុស្សរាប់លាននាក់នៅពាសពេញផែនដីកំពុងយកព្រះយេហូវ៉ាជាទីពឹងជ្រក។—ទំនុក. ១:១, ៣
១៩, ២០. នៅសម័យគម្ពីរ តើការទុកចិត្តលើ«ទីជ្រកនៃសេចក្ដីភូតភរ»បានបរាជ័យយ៉ាងដូចម្ដេច?
១៩ មនុស្សក្នុងពិភពលោកត្រូវស៊ូទ្រាំនឹងបញ្ហាផ្សេងៗដែលមើលទៅហាក់ដូចជាមិនអាចពុះពារបាន។ ដោយសារគ្មានសង្ឃឹមថាខ្លួនអាចដោះស្រាយបញ្ហាបាន ពួកគេច្រើននាក់រកមនុស្សមិនល្អឥតខ្ចោះឲ្យជួយ។ មួយវិញទៀត ពួកគេសង្ឃឹមថាស្ថាប័ននយោបាយនឹងដោះស្រាយបញ្ហា ដូចប្រជាជាតិអ៊ីស្រាអែលនាសម័យបុរាណ ជួនកាលបានពឹងប្រជាជាតិជិតខាងឲ្យជួយ ដោយចងសម្ព័ន្ធភាពជាមួយពួកគេ។ ប៉ុន្តែ ដូចអ្នកដឹងស្រាប់ហើយថាការធ្វើដូច្នេះមិនបានជួយពួកអ៊ីស្រាអែលទេ។ សព្វថ្ងៃ គ្មានរដ្ឋាភិបាលណាឬអង្គការសហប្រជាជាតិនឹងដោះស្រាយបញ្ហារបស់មនុស្សជាតិបានទាំងស្រុងឡើយ។ ដូច្នេះ គ្មានប្រយោជន៍សោះឲ្យមនុស្សពឹងជ្រកស្ថាប័ននយោបាយនិងសម្ព័ន្ធភាពទាំងនោះទេ មែនទេ? ទំនាយក្នុងគម្ពីរបានហៅស្ថាប័ននយោបាយនិងសម្ព័ន្ធភាពទាំងនោះថាជា«ទីជ្រកនៃសេចក្ដីភូតភរ»។ អ្នកអាចចាត់ទុកយ៉ាងត្រឹមត្រូវថាទីជ្រកនោះជាទីជ្រកនៃសេចក្ដីភូតភរមែន ដោយសារមនុស្សទាំងអស់ដែលសង្ឃឹមលើវានឹងខកចិត្តខ្លាំងណាស់។—សូមអាន អេសាយ ២៨:១៥, ១៧
២០ មិនយូរទៀត ព្យុះព្រឹលក្នុងន័យធៀបនៃថ្ងៃរបស់ព្រះយេហូវ៉ានឹងបោកបក់មកលើផែនដី។ គម្រោងការណ៍របស់មនុស្ស ជម្រកសម្រាប់ការពារពីគ្រាប់បែកនុយក្លេអ៊ែរ ឬទ្រព្យសម្បត្ដិ នឹងមិនអាចការពារមនុស្សបានឡើយ។ អេសាយ ២៨:១៧បានបញ្ជាក់ថា៖ «ព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពំនួនបង់»។
២១. តើយើងអាចទទួលប្រយោជន៍អ្វីខ្លះដោយធ្វើតាមបទគម្ពីរប្រចាំឆ្នាំ២០១១?
២១ សូម្បីតែឥឡូវនេះឬក្នុងពេលអនាគត រាស្ត្ររបស់ព្រះយេហូវ៉ានឹងទទួលការការពារដ៏ពិតប្រាកដពីលោក។ ឈ្មោះសេផានាមានន័យថា«ព្រះយេហូវ៉ាបានលាក់ទុក» ហើយនេះបញ្ជាក់ពីប្រភពពិតនៃការលាក់ទុកនោះ។ គឺត្រឹមត្រូវមែនដែលយើងមានការដាស់តឿនដ៏ល្អមួយជាបទគម្ពីរប្រចាំឆ្នាំ២០១១ដែលថា៖ ចូរ«យកនាមព្រះយេហូវ៉ាជាទីពឹងជ្រក»។ (សេផ. ៣:១២, ព.ថ.) សូម្បីតែឥឡូវ យើងអាច ហើយត្រូវយកនាមព្រះយេហូវ៉ាជាទីពឹងជ្រក ដោយទុកចិត្តលោកទាំងស្រុង។ (ទំនុក. ៩:១០) ចូរយើងចាំជានិច្ចជារៀងរាល់ថ្ងៃនូវការធានាដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះថា៖ «នាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ»។—សុភ. ១៨:១០
តើអ្នកចាំឬទេ?
• ឥឡូវនេះ តើតាមរបៀបណាដែលយើងអាចយកនាមព្រះយេហូវ៉ាជាទីពឹងជ្រក?
• ហេតុអ្វីយើងមិនត្រូវទុកចិត្ត«ទីជ្រកនៃសេចក្ដីភូតភរ»?
• តើយើងប្រាកដជាអាចរកបានជម្រកអ្វីនៅពេលអនាគត?
[ឃ្លាអក្សរធំនៅទំព័រ១៣]
បទគម្ពីរប្រចាំឆ្នាំ២០១១គឺ៖ ចូរ«យកនាមព្រះយេហូវ៉ា ជាទីពឹងជ្រក»។—សេផានា ៣:១២, ព.ថ.