អត្ថបទសិក្សា ៣៧
«ខ្ញុំនឹងអង្រួនប្រជាជាតិនានា»
«ខ្ញុំនឹងអង្រួនប្រជាជាតិនានា ហើយអ្វីៗដែលមានតម្លៃពីប្រជាជាតិទាំងអស់នឹងចូលមកក្នុងវិហារនេះ»។—ហាក. ២:៧
ចម្រៀងលេខ២៤ ចូរឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
សេចក្ដីសង្ខេបa
១-២. តើហាកាយបានប្រកាសទុកជាមុនថានឹងមានការអង្រួនអ្វីនៅសម័យយើង?
«ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហាងនិងអគារចាស់ៗបានចាប់ផ្ដើមដួលរលំខ្ទេចខ្ទី»។ «មនុស្សគ្រប់គ្នាតក់ស្លុត . . . មានមនុស្សជាច្រើននិយាយថារញ្ជួយដីនោះប្រហែលជាពីរនាទី។ ប៉ុន្តែសម្រាប់ខ្ញុំ មើលទៅយូរណាស់»។ ពាក្យទាំងនេះគឺជាសម្ដីរបស់អ្នកខ្លះដែលបានរួចជីវិតពីការរញ្ជួយដីនៅប្រទេសនេប៉ាល់ នាឆ្នាំ២០១៥។ បើអ្នកឆ្លងកាត់បទពិសោធន៍ដ៏ខ្លោចផ្សាបែបនេះ អ្នកនឹងមិនងាយភ្លេចទេ។
២ ប៉ុន្តែនៅឥឡូវនេះ មានការរញ្ជួយឬការអង្រួនប្រភេទផ្សេងទៀតដែលកំពុងកើតឡើង ហើយនេះមិនគ្រាន់តែកើតឡើងនៅក្រុងមួយឬប្រទេសមួយប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ការអង្រួននេះកើតឡើងនៅគ្រប់ប្រជាជាតិ ហើយបានកើតឡើងអស់ជាច្រើនឆ្នាំមកហើយ។ ហាកាយដែលជាអ្នកប្រកាសទំនាយ បានប្រាប់ទុកជាមុនអំពីការអង្រួននេះ។ គាត់បានសរសេរថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹បន្តិចទៀត ខ្ញុំនឹងអង្រួនមេឃនិងផែនដី សមុទ្រនិងដីគោកម្ដងទៀត›»។—ហាក. ២:៦
៣. តើការអង្រួនដែលហាកាយបានរៀបរាប់ខុសគ្នាយ៉ាងណាពីការរញ្ជួយដី?
៣ ការអង្រួនដែលហាកាយបានរៀបរាប់គឺមិនដូចការរញ្ជួយដីដែលនាំមកនូវតែការបំផ្លាញប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ការអង្រួននោះនាំឲ្យមានលទ្ធផលល្អ។ ព្រះយេហូវ៉ាផ្ទាល់ប្រាប់យើងថា៖ «ខ្ញុំនឹងអង្រួនប្រជាជាតិនានា ហើយអ្វីៗដែលមានតម្លៃពីប្រជាជាតិទាំងអស់នឹងចូលមកក្នុងវិហារនេះ។ រួចខ្ញុំនឹងធ្វើឲ្យវិហារនេះពេញទៅដោយសិរីរុងរឿង»។ (ហាក. ២:៧) តើទំនាយនេះមានអត្ថន័យយ៉ាងណាចំពោះពួកអ្នកដែលរស់នៅសម័យហាកាយ? ហើយតើនេះមានន័យយ៉ាងណាចំពោះយើងនៅសព្វថ្ងៃនេះ? យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះ ហើយរៀនអំពីរបៀបដែលយើងអាចរួមចំណែកក្នុងការអង្រួនប្រជាជាតិនានានៅសព្វថ្ងៃនេះ។
ដំណឹងដែលលើកទឹកចិត្តនៅសម័យហាកាយ
៤. ហេតុអ្វីព្រះយេហូវ៉ាបានចាត់ហាកាយឲ្យជួយរាស្ត្ររបស់លោក?
៤ ព្រះយេហូវ៉ាបានឲ្យកិច្ចការដ៏សំខាន់ដល់ហាកាយជាអ្នកប្រកាសទំនាយ។ សូមគិតអំពីអ្វីដែលបានកើតឡើងមុននោះ។ ហាកាយទំនងជាបាននៅក្នុងចំណោមបណ្ដាជនដែលបានត្រឡប់ទៅក្រុងយេរូសាឡិមក្រោយពីការនិរទេសនៅស្រុកបាប៊ីឡូន នាឆ្នាំ៥៣៧មុន គ.ស.។ មិនយូរក្រោយពីពួកគេទៅដល់ក្រុងយេរូសាឡិម ពួកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់ទាំងនោះបានចាប់ផ្ដើមដាក់គ្រឹះវិហារនៃព្រះយេហូវ៉ា។ (អែស. ៣:៨, ១០) ប៉ុន្តែមិនយូរក្រោយមក មានអ្វីដែលគួរឲ្យសោកស្ដាយបានកើតឡើង។ បណ្ដាជនបានធ្លាក់ទឹកចិត្ត ហើយឈប់សាងសង់វិហារ ដោយសារពួកគេទទួលការប្រឆាំង។ (អែស. ៤:៤; ហាក. ១:១, ២) ដូច្នេះ នៅឆ្នាំ៥២០មុន គ.ស. ព្រះយេហូវ៉ាបានចាត់ហាកាយឲ្យជួយបណ្ដាជនមានចិត្តខ្នះខ្នែងឡើងវិញ ហើយជំរុញចិត្តពួកគេឲ្យបង្ហើយកិច្ចការសាងសង់វិហារ។b—អែស. ៦:១៤, ១៥
៥. ហេតុអ្វីដំណឹងដែលហាកាយផ្សាយច្បាស់ជាពង្រឹងទំនុកចិត្តរបស់រាស្ត្រព្រះ?
៥ គោលបំណងនៃដំណឹងដែលហាកាយផ្សាយគឺដើម្បីពង្រឹងជំនឿរបស់បណ្ដាជនទៅលើព្រះយេហូវ៉ា។ អ្នកប្រកាសទំនាយនោះបាននិយាយយ៉ាងអង់អាចទៅពួកយូដាដែលធ្លាក់ទឹកចិត្តថា៖ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ឱបណ្ដាជនទាំងអស់ដែលនៅក្នុងស្រុកអើយ! ចូររឹងមាំឡើង ហើយធ្វើការចុះ›។ ‹ព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»។ (ហាក. ២:៤) ពាក្យ«ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»ច្បាស់ជាបានពង្រឹងទំនុកចិត្តបណ្ដាជន។ ព្រះយេហូវ៉ាមានកងទ័ពស្ថានសួគ៌ជាច្រើនសន្ធឹកនៅក្រោមបង្គាប់លោក ដូច្នេះជនជាតិយូដាត្រូវពឹងផ្អែកលើលោកដើម្បីទទួលជោគជ័យ។
៦. តើអ្វីកើតឡើងដោយសារការអង្រួនដែលហាកាយបានប្រកាសទុកជាមុន?
៦ ព្រះយេហូវ៉ាបានចាត់ហាកាយឲ្យប្រាប់ជនជាតិយូដាថា លោកនឹងអង្រួនប្រជាជាតិនានា។ ការបើកបង្ហាញនេះបានពង្រឹងទំនុកចិត្តអ្នកសាងសង់វិហារដែលធ្លាក់ទឹកចិត្តថា ព្រះយេហូវ៉ានឹងអង្រួនស្រុកពើស៊ីដែលជាមហាអំណាចនៅសម័យនោះ។ តើការអង្រួននោះមានលទ្ធផលយ៉ាងណា? ដំបូង រាស្ត្ររបស់ព្រះនឹងបង្ហើយការសាងសង់វិហារ។ បន្ទាប់មក សូម្បីតែអ្នកដែលមិនមែនជាជនជាតិយូដា ក៏នឹងចូលរួមការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយពួកគេនៅវិហារដែលបានសង់ឡើងវិញនោះ។ ដំណឹងនោះច្បាស់ជាលើកទឹកចិត្តរាស្ត្ររបស់ព្រះយេហូវ៉ា!—សាក. ៨:៩
កិច្ចការដែលអង្រួនពិភពលោកនៅសព្វថ្ងៃនេះ
៧. តើយើងចូលរួមក្នុងកិច្ចការអ្វីនៅសព្វថ្ងៃនេះដែលអង្រួនពិភពលោក? សូមពន្យល់។
៧ តើទំនាយរបស់ហាកាយមានន័យយ៉ាងណាចំពោះយើងសព្វថ្ងៃនេះ? ព្រះយេហូវ៉ាកំពុងអង្រួនប្រជាជាតិនានាម្ដងទៀត ហើយលើកនេះយើងក៏មានចំណែកដែរ។ សូមគិតអំពីចំណុចនេះ៖ នៅឆ្នាំ១៩១៤ ព្រះយេហូវ៉ាបានតែងតាំងលោកយេស៊ូគ្រិស្តជាស្ដេចនៃរាជាណាចក្រស្ថានសួគ៌របស់លោក។ (ចសព. ២:៦) ការស្ថាបនានៃរាជាណាចក្រនោះ គឺជាដំណឹងមិនល្អចំពោះពួកអ្នកដឹកនាំពិភពលោក។ ពីព្រោះនោះមានន័យថា«គ្រាកំណត់នៃប្រជាជាតិនានា»បានចប់សព្វគ្រប់ គឺថារយៈពេលដែលគ្មានអ្នកគ្រប់គ្រងជាតំណាងព្រះយេហូវ៉ាបានមកដល់ទីបញ្ចប់។ (លូក. ២១:២៤) ហេតុនេះហើយ ជាពិសេសតាំងពីឆ្នាំ១៩១៩ រាស្ត្ររបស់ព្រះយេហូវ៉ាបានប្រាប់អ្នកឯទៀតថា រាជាណាចក្ររបស់ព្រះគឺជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ។ ការផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›បានអង្រួនពិភពលោកទាំងមូល។—ម៉ាថ. ២៤:១៤
៨. យោងទៅតាមចម្រៀងសរសើរព្រះ ២:១-៣ តើប្រជាជាតិភាគច្រើនមានប្រតិកម្មយ៉ាងណាចំពោះដំណឹងដែលយើងផ្សាយ?
៨ តើមនុស្សមានប្រតិកម្មយ៉ាងណាចំពោះដំណឹងនេះដែលយើងផ្សាយ? មនុស្សភាគច្រើនមានប្រតិកម្មមិនល្អ។ (សូមអាន ចម្រៀងសរសើរព្រះ ២:១-៣) ប្រជាជាតិនានាជ្រួលច្របល់។ ពួកគេមិនព្រមទទួលអ្នកគ្រប់គ្រងដែលព្រះយេហូវ៉ាបានតែងតាំងទេ។ ពួកគេមិនចាត់ទុកដំណឹងដែលយើងផ្សាយអំពីរាជាណាចក្រព្រះជា«ដំណឹងល្អ»ឡើយ។ តាមការពិត រដ្ឋាភិបាលខ្លះថែមទាំងបានដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយរបស់យើងទៀតផង! ទោះជាអ្នកគ្រប់គ្រងជាច្រើននាក់នៃប្រជាជាតិទាំងនេះអះអាងថាពួកគេបម្រើព្រះក្ដី ពួកគេមិនចង់បោះបង់អំណាចរបស់ពួកគេឡើយ។ ដូច្នេះ ដូចអ្នកគ្រប់គ្រងនៅសម័យលោកយេស៊ូបានធ្វើ អ្នកគ្រប់គ្រងនៅសព្វថ្ងៃនេះប្រឆាំងបុគ្គលដែលព្រះយេហូវ៉ាបានរើសតាំង ដោយវាយប្រហារពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោក។—សកម្ម. ៤:២៥-២៨
៩. តើព្រះយេហូវ៉ាឆ្លើយតបយ៉ាងណាចំពោះប្រតិកម្មមិនល្អរបស់ប្រជាជាតិនានា?
៩ តើព្រះយេហូវ៉ាឆ្លើយតបយ៉ាងណាចំពោះប្រតិកម្មមិនល្អរបស់ប្រជាជាតិនានា? ចម្រៀងសរសើរព្រះ ២:១០-១២ ឆ្លើយថា៖ «ដូច្នេះឥឡូវ ឱស្ដេចទាំងឡាយអើយ ចូរបង្ហាញការយល់ធ្លុះជ្រៅ ឱពួកអ្នកសម្រេចក្ដីនៅផែនដីអើយ ចូរទទួលយកការកែតម្រង់ចុះ។ ចូរបម្រើព្រះយេហូវ៉ាដោយកោតខ្លាច ហើយចូរគោរពលោកយ៉ាងជ្រាលជ្រៅដោយត្រេកអរ។ ចូរលើកកិត្តិយសបុត្ររបស់ព្រះ។ បើមិនដូច្នោះទេ ព្រះនឹងខឹង ហើយអ្នករាល់គ្នានឹងត្រូវវិនាស ព្រោះកំហឹងរបស់លោកនឹងផ្ទុះឡើងភ្លាមៗ។ ប៉ុន្តែ អស់អ្នកដែលយកលោកជាទីពឹងជ្រក នោះមានសុភមង្គលហើយ»។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីសប្បុរស ដោយផ្ដល់ឱកាសឲ្យអ្នកប្រឆាំងទាំងនេះធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ពួកគេនៅតែអាចប្ដូរចិត្ត និងទទួលយករាជាណាចក្ររបស់ព្រះយេហូវ៉ាបាន។ ប៉ុន្តែ នៅសល់ពេលតែបន្តិចទេ ដោយសារយើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកនេះ។ (២ធី. ៣:១; អេ. ៦១:២) ឥឡូវនេះគឺជាគ្រាបន្ទាន់ជាងគេឲ្យមនុស្សស្គាល់សេចក្ដីពិត និងសម្រេចចិត្តបម្រើព្រះយេហូវ៉ា។
ប្រតិកម្មល្អចំពោះការអង្រួន
១០. តើហាកាយ ២:៧-៩ រៀបរាប់អំពីប្រតិកម្មល្អអ្វីដែលមកពីការអង្រួន?
១០ ការអង្រួនដែលហាកាយបានប្រាប់ទុកជាមុនមានឥទ្ធិពលល្អទៅលើអ្នកខ្លះ។ គាត់ប្រាប់យើងថា លទ្ធផលនៃការអង្រួននោះគឺ«អ្វីៗដែលមានតម្លៃ[មនុស្សដែលមានចិត្តស្មោះ]ពីប្រជាជាតិទាំងអស់នឹងចូលមក»គោរពប្រណិប័តន៍ព្រះយេហូវ៉ា។c (សូមអាន ហាកាយ ២:៧-៩) អេសាយនិងមីកាបានប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍ស្រដៀងគ្នាដែលនឹងកើតឡើង«នៅគ្រាចុងក្រោយបង្អស់»។—អេ. ២:២-៤; មីកា ៤:១, ២
១១. តើបងប្រុសម្នាក់មានប្រតិកម្មយ៉ាងណាចំពោះដំណឹងអំពីរាជាណាចក្រពេលគាត់ឮនៅដើមដំបូង?
១១ ដំណឹងនេះដែលអង្រួនពិភពលោកបានមានឥទ្ធិពលទៅលើបងប្រុសម្នាក់ឈ្មោះខេណ ដែលបម្រើនៅមន្ទីរចាត់ការពិភពលោក។ គាត់នៅតែចាំច្បាស់អំពីពេលដែលគាត់ឮដំណឹងនៃរាជាណាចក្រព្រះនៅដើមដំបូង ប្រហែលជា៤០ឆ្នាំមុន។ បងខេណនិយាយថា៖ «ពេលខ្ញុំឮសេចក្ដីពិតពីបណ្ដាំរបស់ព្រះនៅដើមដំបូង ខ្ញុំសប្បាយចិត្តដឹងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ។ ខ្ញុំយល់ថាដើម្បីឲ្យព្រះពេញចិត្ត ហើយទទួលជីវិតដែលគ្មានទីបញ្ចប់ ខ្ញុំត្រូវធ្វើឲ្យប្រាកដថាខ្ញុំកាន់ជំហរមាំមួនខាងព្រះយេហូវ៉ា ហើយមិនរួមចំណែកក្នុងពិភពលោកដែលមិនស្ថិតស្ថេរនេះ។ ភ្លាមៗខ្ញុំបានតាំងចិត្តធ្វើដូច្នេះ ហើយអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងនេះ។ ខ្ញុំឈប់រួមចំណែកក្នុងពិភពលោកនេះ ហើយទទួលការការពារពីរាជាណាចក្ររបស់ព្រះដែលនឹងមិនត្រូវអង្រួន»។
១២. ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ តើការរៀបចំរបស់ព្រះសម្រាប់ការគោរពប្រណិប័តន៍ពិត បានពោរពេញទៅដោយសិរីរុងរឿងយ៉ាងដូចម្ដេច?
១២ ព្រះយេហូវ៉ាច្បាស់ជាបានឲ្យពរលើរាស្ត្ររបស់លោក។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ យើងឃើញការកើនឡើងនៃចំនួនពួកអ្នកគោរពប្រណិប័តន៍លោក។ នៅឆ្នាំ១៩១៤ យើងមានគ្នាតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។ ឥឡូវ យើងមានគ្នាជាង៨លាននាក់ដែលកំពុងគោរពប្រណិប័តន៍ព្រះយ៉ាងសកម្ម ហើយជារៀងរាល់ឆ្នាំមានមនុស្សរាប់លាននាក់ទៀតចូលរួមពិធីរំលឹកជាមួយយើង។ យ៉ាងនេះ ទីធ្លានៅផែនដីនៃវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ា ពោលគឺរបៀបរៀបចំរបស់លោកសម្រាប់ការគោរពប្រណិប័តន៍ពិត ពេញទៅដោយ«អ្វីៗដែលមានតម្លៃពីប្រជាជាតិទាំងអស់»។ នាមរបស់ព្រះយេហូវ៉ាក៏បានទទួលការសរសើរតម្កើង ដោយព្រោះការកែប្រែរបស់បុគ្គលទាំងនេះកាលដែលពួកគេពាក់បុគ្គលិកលក្ខណៈថ្មី។—អេភ. ៤:២២-២៤
១៣. តើការកើនឡើងនៃចំនួនពួកអ្នកគោរពប្រណិប័តន៍ព្រះ បានធ្វើឲ្យទំនាយអ្វីខ្លះទៀតបានសម្រេច? (សូមមើលរូបភាពនៅក្រប)
១៣ ការកើនឡើងនៃចំនួនអ្នកគោរពប្រណិប័តន៍ព្រះ បានធ្វើឲ្យទំនាយឯទៀតបានសម្រេចដូចជា ទំនាយមួយនៅអេសាយ ជំពូក៦០។ នៅខ២២ចែងថា៖ «មនុស្សមួយចំនួនតូចនឹងក្លាយទៅជាមនុស្ស១.០០០នាក់ ហើយពួកអ្នកដែលមានគ្នាតិចនឹងក្លាយទៅជាប្រជាជាតិដ៏ធំនិងខ្លាំងពូកែ។ ខ្ញុំគឺយេហូវ៉ា ខ្ញុំនឹងបញ្ជឿនការនេះឲ្យមកដល់តាមពេលកំណត់»។ ដោយសារមនុស្សកាន់តែច្រើនចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ា មានអ្វីដ៏អស្ចារ្យកើតឡើងគឺ បុគ្គលដែលបានត្រូវហៅថា«អ្វីៗដែលមានតម្លៃ»បានចូលមកក្នុងអង្គការរបស់ព្រះដោយមានសមត្ថភាពនិងជំនាញផ្សេងៗ ព្រមទាំងមានបំណងចិត្តផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›។ យ៉ាងនេះ ដូចអេសាយបាននិយាយ «ប្រជាជាតិនានា . . . នឹងផ្គត់ផ្គង់អ្វីៗ»ដែលរាស្ត្ររបស់ព្រះយេហូវ៉ាត្រូវការ ក្នុងន័យថារាស្ត្រលោកអាចប្រើជំនាញនិងសមត្ថភាពរបស់ពួកអ្នកទាំងនោះ។ (អេ. ៦០:៥, ១៦) ដោយមានជំនួយពីបុរសស្ត្រីដ៏មានតម្លៃទាំងនេះ កិច្ចការផ្សព្វផ្សាយកំពុងធ្វើឡើងនៅ២៤០ប្រទេស ហើយសៀវភៅផ្សេងៗរបស់យើងបានត្រូវបោះពុម្ពជាង១.០០០ភាសា។
ពេលត្រូវធ្វើការសម្រេចចិត្ត
១៤. តើមនុស្សត្រូវធ្វើការសម្រេចចិត្តអ្វីនៅឥឡូវនេះ?
១៤ នៅគ្រាចុងបញ្ចប់នេះ ការអង្រួនប្រជាជាតិនានាតម្រូវឲ្យមនុស្សធ្វើការសម្រេចចិត្តថា តើពួកគេនឹងគាំទ្ររាជាណាចក្ររបស់ព្រះ ឬតើពួកគេនឹងទុកចិត្តរដ្ឋាភិបាលរបស់ពិភពលោកនេះ? មនុស្សគ្រប់រូបនឹងត្រូវធ្វើការសម្រេចចិត្តនេះ។ ទោះជារាស្ត្ររបស់ព្រះយេហូវ៉ាធ្វើតាមច្បាប់រដ្ឋាភិបាលនៅប្រទេសដែលពួកគេរស់នៅក្ដី ពួកគេរក្សាអព្យាក្រឹតភាពទាំងស្រុងក្នុងរឿងនយោបាយ។ (រ៉ូម ១៣:១-៧) ពួកគេដឹងថារាជាណាចក្ររបស់ព្រះគឺជាដំណោះស្រាយដ៏ពិតប្រាកដតែមួយគត់ចំពោះបញ្ហាមនុស្សជាតិ។ រាជាណាចក្រនោះមិនមែនជារបស់ពិភពលោកនេះទេ។—យ៉ូន. ១៨:៣៦, ៣៧
១៥. តើសៀវភៅការបើកបង្ហាញរៀបរាប់យ៉ាងណាអំពីការសាកល្បងនៃភក្ដីភាពរបស់រាស្ត្រព្រះ?
១៥ សៀវភៅការបើកបង្ហាញប្រាប់អំពីការសាកល្បងភក្ដីភាពរបស់រាស្ត្រព្រះនៅគ្រាចុងក្រោយបង្អស់។ ការសាកល្បងនេះនឹងនាំឲ្យមានការគាបសង្កត់យ៉ាងខ្លាំងមកលើយើងតទៅទៀត។ រដ្ឋាភិបាលនានានៃពិភពលោកនេះនឹងទាមទារឲ្យយើងផ្ដល់ឲ្យពួកគេនូវអ្វីដែលជារបស់ព្រះ ហើយពួកគេនឹងបៀតបៀនពួកអ្នកដែលមិនព្រមគាំទ្រពួកគេ។ (បប. ១៣:១២, ១៥) ពួកគេនឹង«បង្ខំមនុស្សទាំងអស់ ទាំងអ្នកតូចនិងអ្នកធំ ទាំងអ្នកមាននិងអ្នកក្រ ទាំងអ្នកមានសេរីភាពនិងពួកខ្ញុំបម្រើ ដើម្បីឲ្យទទួលសញ្ញាមួយនៅលើដៃស្ដាំឬនៅលើថ្ងាស»។ (បប. ១៣:១៦) ខ្ញុំបម្រើនៅសម័យបុរាណបានត្រូវគេរលាកស្បែកដោយដែកដុត ដើម្បីបង្ហាញថាអ្នកណាជាម្ចាស់របស់ពួកគេ។ ស្រដៀងគ្នាដែរ នៅសម័យយើងគេនឹងតម្រូវឲ្យមនុស្សទាំងអស់មានសញ្ញានៅលើដៃ ឬថ្ងាសរបស់ពួកគេ។ គំនិតនិងការប្រព្រឹត្តរបស់មនុស្សនឹងបង្ហាញថា ពួកគេជាអ្នកគាំទ្រនិងជាកម្មសិទ្ធិរបស់រដ្ឋាភិបាលមនុស្ស។
១៦. ហេតុអ្វីគឺជាពេលបន្ទាន់ឲ្យយើងពង្រឹងភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ានៅឥឡូវនេះ?
១៦ តើយើងនឹងព្រមទទួលសញ្ញានេះ ហើយគាំទ្ររដ្ឋាភិបាលរបស់មនុស្សឬទេ? សៀវភៅការបើកបង្ហាញចែងតទៅទៀតថា៖ «[គ្មាន]អ្នកណាអាចទិញឬលក់អ្វីបានឡើយ ក្រៅពីអ្នកដែលមានសញ្ញា»។ (បប. ១៣:១៧) ដូច្នេះ ពួកអ្នកដែលបដិសេធមិនព្រមទទួលសញ្ញានេះនឹងជួបការពិបាក ហើយមានគ្រោះថ្នាក់។ ប៉ុន្តែរាស្ត្ររបស់ព្រះដឹងថា លោកនឹងធ្វើយ៉ាងណាចំពោះពួកអ្នកដែលមានសញ្ញាដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញ ១៤:៩, ១០។ ជាជាងទទួលសញ្ញានោះ គឺហាក់ដូចជាពួកគេនឹងសរសេរនៅលើដៃថា៖ «ខ្ញុំជាកម្មសិទ្ធិរបស់ព្រះយេហូវ៉ា»។ (អេ. ៤៤:៥) ឥឡូវ គឺជាពេលដើម្បីធ្វើឲ្យប្រាកដថាភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាគឺមាំមួន។ យ៉ាងនេះ ព្រះយេហូវ៉ានឹងសប្បាយចិត្តចាត់ទុកយើងថាជាកម្មសិទ្ធិរបស់លោក!
ការអង្រួនចុងក្រោយ
១៧. តើយើងត្រូវចាំអ្វីអំពីចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ា?
១៧ ព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់យ៉ាងខ្លាំងក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ លោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ។ (២ពេ. ៣:៩) លោកផ្ដល់ឱកាសឲ្យបុគ្គលគ្រប់រូបប្រែចិត្តនិងធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ប៉ុន្តែ លោកនឹងមិនបង្ហាញចិត្តអត់ធ្មត់រហូតទេ។ ពួកអ្នកដែលមិនព្រមឆក់យកឱកាសនេះនឹងស្ថិតក្នុងស្ថានភាពស្រដៀងនឹងផារ៉ូនៅសម័យម៉ូសេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅផារ៉ូថា៖ «រហូតមកដល់ពេលនេះ ខ្ញុំអាចលើកដៃប្រហារអ្នកនិងរាស្ត្ររបស់អ្នកដោយរោគរាតត្បាត ហើយក៏អាចធ្វើឲ្យអ្នកវិនាសសាបសូន្យពីផែនដីបានដែរ។ ប៉ុន្តែ ខ្ញុំបានទុកអ្នកឲ្យនៅរស់ គឺដោយសារតែខ្ញុំចង់ឲ្យអ្នកឃើញឫទ្ធានុភាពរបស់ខ្ញុំ ហើយដើម្បីឲ្យនាមរបស់ខ្ញុំត្រូវប្រកាសនៅទូទាំងផែនដី»។ (ដច. ៩:១៥, ១៦) នៅទីបំផុត ប្រជាជាតិទាំងឡាយត្រូវដឹងថាព្រះយេហូវ៉ាគឺជាព្រះពិតតែមួយ។ (អេគ. ៣៨:២៣) តើនេះនឹងកើតឡើងតាមរបៀបណា?
១៨. (ក) តើហាកាយ ២:៦, ២០-២២ បានរៀបរាប់អំពីការអង្រួនបែបណា? (ខ) ហេតុអ្វីយើងដឹងថាពាក្យរបស់ហាកាយនឹងត្រូវសម្រេចនៅថ្ងៃអនាគត?
១៨ រាប់រយឆ្នាំក្រោយពីសម័យរបស់ហាកាយ សាវ័កប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺថាពាក្យនៅហាកាយ ២:៦, ២០-២២ នឹងត្រូវសម្រេចនៅថ្ងៃអនាគត។ (សូមអាន) ប៉ូលសរសេរថា៖ «ឥឡូវលោកបានសន្យាថា៖ ‹ខ្ញុំនឹងអង្រួនមេឃនិងផែនដីម្ដងទៀត›។ ពាក្យថា‹ម្ដងទៀត› បញ្ជាក់អំពីការដកចេញនូវអ្វីដែលនឹងត្រូវធ្វើឲ្យរញ្ជួយ ជាអ្វីដែលបានត្រូវបង្កើត ដើម្បីឲ្យអ្វីដែលនឹងមិនត្រូវធ្វើឲ្យរញ្ជួយនៅស្ថិតស្ថេរ»។ (ហេ. ១២:២៦, ២៧) ខុសពីការអង្រួនដែលបានរៀបរាប់នៅហាកាយ ២:៧ ការរញ្ជួយនេះនឹងបណ្ដាលឲ្យពួកអ្នកដែលមិនព្រមទទួលស្គាល់សិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដូចផារ៉ូ ទទួលការបំផ្លាញជារៀងរហូត។
១៩. តើអ្វីនឹងមិនត្រូវរញ្ជួយ ហើយហេតុអ្វីយើងដឹង?
១៩ តើអ្វីនឹងមិនត្រូវរញ្ជួយឬដកចេញ? ប៉ូលបានបន្តថា៖ «យើងឃើញថាយើងនឹងទទួលរាជាណាចក្រដែលមិនអាចត្រូវធ្វើឲ្យរញ្ជួយឡើយ។ ហេតុនេះ ចូរយើងបន្តទទួលគុណដ៏វិសេសលើសលប់ជានិច្ច ហើយតាមរយៈគុណដ៏វិសេសលើសលប់នោះ យើងអាចបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះតាមរបៀបដែលលោកពេញចិត្ត។ យើងធ្វើដូច្នេះដោយកោតខ្លាចនិងស្ញប់ស្ញែង»។ (ហេ. ១២:២៨) ក្រោយពីការអង្រួនចុងក្រោយនេះបានត្រូវកើតឡើងរួចរាល់ នឹងនៅសល់តែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះ។ រាជាណាចក្រនេះនឹងនៅជាប់យ៉ាងមាំមួន!—ចសព. ១១០:៥, ៦; ដាន. ២:៤៤
២០. តើមនុស្សត្រូវធ្វើការសម្រេចចិត្តអ្វី ហើយតើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
២០ ឥឡូវនេះមិនមែនជាពេលបង្អែបង្អង់ឡើយ! មនុស្សត្រូវជ្រើសរើសថា តើពួកគេនឹងបន្តគាំទ្ររបៀបរស់នៅដែលពិភពលោកនេះលើកស្ទួយដែលនាំទៅដល់ការបំផ្លាញ ឬតើពួកគេនឹងខំកែប្រែរបៀបរស់នៅរបស់ពួកគេឲ្យសមស្របតាមបំណងប្រាថ្នារបស់ព្រះដែលនាំទៅដល់ជីវិតជារៀងរហូត? (ហេ. ១២:២៥) តាមរយៈកិច្ចការផ្សព្វផ្សាយរបស់យើង យើងអាចជួយមនុស្សឲ្យធ្វើការសម្រេចចិត្តដ៏សំខាន់នេះ។ សូមយើងជួយបុគ្គលជាច្រើនថែមទៀតឲ្យសម្រេចចិត្តគាំទ្ររាជាណាចក្ររបស់ព្រះ។ ម្យ៉ាងទៀត សូមយើងចាំអំពីប្រសាសន៍របស់លោកយេស៊ូជាម្ចាស់របស់យើងថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថ. ២៤:១៤
ចម្រៀងលេខ៤០ តើអ្នកណាជាម្ចាស់យើង?
a នៅក្នុងអត្ថបទនេះ មានការយល់ដឹងថ្មីស្ដីអំពីទំនាយនៅហាកាយ ២:៧។ ម្យ៉ាងទៀត យើងនឹងរៀនអំពីរបៀបដែលយើងអាចចូលរួមក្នុងកិច្ចការដ៏គួរឲ្យរំភើបចិត្តមួយដែលកំពុងអង្រួនប្រជាជាតិទាំងឡាយ។ យើងក៏នឹងរៀនថាកិច្ចការអង្រួននេះនឹងនាំមកនូវប្រតិកម្មល្អនិងប្រតិកម្មមិនល្អ។
b យើងដឹងថាហាកាយបានធ្វើតាមអ្វីដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យធ្វើ ដោយសារវិហារបានត្រូវសាងសង់រួចរាល់នៅឆ្នាំ៥១៥មុន គ.ស។
c នេះគឺជាការកែតម្រូវនៃការយល់ដឹងរបស់យើង។ យើងធ្លាប់និយាយថា មូលហេតុដែលបុគ្គលដែលមានចិត្តស្មោះបានចាប់ផ្ដើមបម្រើព្រះយេហូវ៉ា គឺមិនមែនដោយសារការអង្រួននៃប្រជាជាតិនានាទេ។
d ការពណ៌នាអំពីរូបភាព: ហាកាយបានលើកទឹកចិត្តរាស្ត្ររបស់ព្រះឲ្យមានចិត្តខ្នះខ្នែងក្នុងការសង់វិហារឡើងវិញ។ រាស្ត្ររបស់ព្រះនៅសម័យយើងបានបង្ហាញចិត្តខ្នះខ្នែងក្នុងការប្រកាសដំណឹងពីព្រះ។ ប្ដីប្រពន្ធមួយគូចូលរួមក្នុងការប្រកាសផ្សាយដំណឹងអំពីការអង្រួនចុងក្រោយ។