ជ័យជំនះនៃការថ្វាយបង្គំពិតជិតមកដល់ហើយ
«ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល»។—សាការី ១៤:៩
១. ក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ តើពួកគ្រីស្ទានចាក់ប្រេងតាំង បានពិសោធអ្វីខ្លះ ហើយការនេះត្រូវបានទាយមកយ៉ាងណា?
ក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ ពួកគ្រីស្ទានចាក់ប្រេងតាំង បានរងទុក្ខសេចក្ដីលំបាកជាច្រើន ហើយបានជាប់គុក នៅក្នុងកណ្ដាប់ដៃនៃប្រទេសដែលធ្វើសឹកទាំងនោះ។ យញ្ញបូជានៃការសរសើរដល់ព្រះយេហូវ៉ា ត្រូវបានជាប់លក្ខខណ្ឌយ៉ាងខ្លាំង ហើយពួកគេបានធ្លាក់ចូលទៅក្នុងសភាពជាប់ឃុំឃាំងខាងវិញ្ញាណ។ ការទាំងអស់នេះ ត្រូវបានទាយមកនៅសាការី ១៤:២ ដែលរៀបរាប់អំពីការប្រយុទ្ធពីអន្តរជាតិ មកលើយេរូសាឡិម។ ទីក្រុងក្នុងទំនាយនេះ គឺជា «ក្រុងយេរូសាឡិមនៃស្ថានសួគ៌» ជាព្រះរាជាណាចក្រនៃស្ថានសួគ៌របស់ព្រះ ហើយជាលំនៅនៃ«បល្ល័ង្កនៃព្រះ នឹងកូនចៀម»។ (ហេព្រើរ ១២:២២, ២៨; ១៣:១៤; វិវរណៈ ២២:៣) ពួកចាក់ប្រេងតាំងរបស់ព្រះនៅលើផែនដីនេះ តំណាងទីក្រុងនោះ។ ពួកអ្នកស្មោះត្រង់ខ្លះ ពីចំណោមពួកគេ បានគេចរួចពីការប្រយុទ្ធនោះ ហើយមិនព្រមបណ្ដោយឲ្យខ្លួនគេ «ចេញពីក្រុងនោះ»ឡើយ។a
២, ៣. (ក) តើការថ្វាយបង្គំនៃព្រះយេហូវ៉ា បានជ័យជំនះយ៉ាងណាខ្លះ ពីឆ្នាំ១៩១៩? (ខ) តាំងពីឆ្នាំ១៩៣៥ តើមានការលូតលាស់អ្វីទៀត?
២ ក្នុងឆ្នាំ១៩១៩ ពួកចាក់ប្រេងតាំងដ៏ស្មោះត្រង់ បានរួចពីសភាពជាប់ឃុំឃាំងរបស់គេ ហើយភ្លាមនោះ គេបានឆ្លៀតយកប្រយោជន៍ពីគ្រាសន្ដិសុខក្រោយពីសង្គ្រាមនេះ។ ជារាជទូតនៃក្រុងយេរូសាឡិមនៃស្ថានសួគ៌ ពួកគេបានឆ្លៀតយកឱកាសដ៏ល្អនេះ ដើម្បីផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ហើយដើម្បីជួយប្រមូលសមាជិកចុងក្រោយបង្អស់នៃពួក១៤៤.០០០នាក់។ (ម៉ាថាយ ២៤:១៤; កូរិនថូសទី២ ៥:២០) ក្នុងឆ្នាំ១៩៣១ ពួកគេបានទទួលយកឈ្មោះដែលត្រឹមត្រូវតាមបទគម្ពីរ គឺជា ស្មរបន្ទាល់ព្រះយេហូវ៉ា។—អេសាយ ៤៣:១០, ១២
៣ តាំងពីពេលនោះមក ស្មរបន្ទាល់ចាក់ប្រេងតាំងរបស់ព្រះ ឈានទៅមុខជានិច្ច។ សូម្បីតែហីត្លើ អង្គការណាត្ស៊ីនិងយោធារបស់វា ក៏មិនអាចបញ្ឈប់ពួកគេបានដែរ។ ថ្វីបើមានការធ្វើទុក្ខបៀតបៀននៅជុំវិញពិភពលោកក៏ដោយ កិច្ចការរបស់គេនៅតែបង្កើតផលពាសពេញលើផែនដី។ ជាពិសេស តាំងពីឆ្នាំ១៩៣៥ មាន«ហ្វូងធំ»អន្តរជាតិមួយ បានចូលរួមជាមួយពួកគេ ដែលបានទាយមកក្នុងសៀវភៅវិវរណៈ។ ពួកទាំងនេះ ជាគ្រីស្ទានដែលបានឧទ្ទិសថ្វាយខ្លួននិងបានជ្រមុជទឹក ហើយគេ«បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម» គឺព្រះយេស៊ូគ្រីស្ទ។ (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ ពួកគេមិនមែនជាពួកចាក់ប្រេងតាំង ដែលមានសេចក្ដីសង្ឃឹមទៅរស់នៅស្ថានសួគ៌ទេ។ ពួកគេសង្ឃឹមនឹងទទួលយកអ្វីៗដែលអ័ដាមនិងអេវ៉ាបានបាត់ គឺជីវិតមនុស្សគ្រប់ល័ក្ខណ៍នៅលើផែនដីមនោរម្យ។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ២៥:៣៤) នៅសព្វថ្ងៃនេះ ពួកហ្វូងធំ មានគ្នាច្រើនជាងប្រាំលាននាក់។ ដូច្នេះ ការថ្វាយបង្គំពិតនៃព្រះយេហូវ៉ា គឺកំពុងតែបានជោគជ័យ តែជ័យជំនះចុងក្រោយ នោះមិនទាន់មកទេ។
ពួកជនបរទេសនៅក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះ
៤, ៥. (ក) តើពួកហ្វូងធំថ្វាយបង្គំព្រះយេហូវ៉ានៅទីណា? (ខ) តើពួកគេមានឯកសិទ្ធិធ្វើអ្វី ហើយជាការសំរេចទំនាយមួយណា?
៤ ដូចបានទាយមក ហ្វូងធំកំពុងតែ«បំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:១៥) ដោយសារពួកគេមិនមែនជាពួកសង្ឃអ៊ីស្រាអែលខាងវិញ្ញាណ យ៉ូហានប្រហែលជាឃើញពួកគេកំពុងឈរនៅក្នុងព្រះវិហារ ក្នុងទីលានខាងក្រៅសំរាប់សាសន៍ដទៃ។ (ពេត្រុសទី១ ២:៥) ព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា បានរុងរឿងណាស់ហ្ន៎ ហើយទីលាននៅជុំវិញនោះ ពោរពេញទៅដោយមនុស្សមួយហ្វូងធំ ដែលកំពុងតែសរសើរទ្រង់ ជាមួយពួកសំណល់នៃពួកអ៊ីស្រាអែលខាងវិញ្ញាណ!
៥ ពួកហ្វូងធំ មិនបំរើព្រះ ក្នុងឋានៈដែលតំណាងដោយទីលានខាងក្នុងនៃសង្ឃទេ។ ពួកគេក៏មិនបានចាត់ទុកជាសុចរិត ចំពោះបំណងនៃការក្លាយទៅជាកូនចិញ្ចឹមខាងវិញ្ញាណរបស់ព្រះដែរ។ (រ៉ូម ៨:១, ១៥) ប៉ុន្តែដោយគេអនុវត្តជំនឿទៅលើការលោះរបស់ព្រះយេស៊ូ នោះគេមានឋានៈស្អាតស្អំនៅពីមុខព្រះយេហូវ៉ា។ ពួកគេត្រូវបានចាត់ទុកជាសុចរិត ចំពោះបំណងដែលគេជាមិត្តរបស់ទ្រង់។ (ប្រៀបធៀប យ៉ាកុប ២:២១, ២៣) ពួកគេក៏មានឯកសិទ្ធិថ្វាយយញ្ញបូជាត្រឹមត្រូវ នៅលើអាសនាខាងវិញ្ញាណរបស់ព្រះដែរ។ ដូច្នេះ ចំពោះហ្វូងធំនេះ ទំនាយអេសាយ ៥៦:៦, ៧ កំពុងតែបានសំរេចយ៉ាងអស្ចារ្យថា៖ «ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា . . . នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយនៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍»។
៦. (ក) តើពួកជនបរទេសថ្វាយយញ្ញបូជាប្រភេទណា? (ខ) តើផើងទឹកនៅក្នុងទីលាននៃសង្ឃ រំឭកពួកគេអំពីអ្វី?
៦ ពីចំណោមយញ្ញបូជាទាំងឡាយ ដែលជនបរទេសទាំងនេះថ្វាយ គឺជា«ផលនៃបបូរមាត់[ដូចដង្វាយម្សៅម៉ដ្ដ] ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់» ហើយ‹ធ្វើគុណនិងចែកចាយជាមួយអ្នកដទៃ›។ (ហេព្រើរ ១៣:១៥, ១៦) ផើងទឹកដ៏ធំមួយ ដែលពួកសង្ឃប្រើសំរាប់សំអាតខ្លួនប្រាណ នោះក៏ជាទីរំឭកដ៏សំខាន់មួយ ដល់ពួកជនបរទេសទាំងនេះ។ ពួកគេក៏ត្រូវលាងសំអាតខាងវិញ្ញាណនិងសីលធម៌ កាលដែលពាក្យបន្ទូលរបស់ព្រះ បានបំភ្លឺដល់គេបន្ដិចម្ដងៗ។
ទីបរិសុទ្ធនិងគ្រឿងតុបតែង
៧. (ក) តើហ្វូងធំមានទស្សនៈយ៉ាងណា អំពីឯកសិទ្ធិនៃពួកសង្ឃបរិសុទ្ធ? (ខ) តើពួកជនបរទេសខ្លះ បានទទួលឯកសិទ្ធិអ្វីទៀត?
៧ តើទីបរិសុទ្ធនិងគ្រឿងតុបតែងមានអត្ថន័យទេ ចំពោះពួកជនបរទេសមួយហ្វូងធំនេះ? ពួកគេនឹងមិននៅក្នុងស្ថានភាពដែលតំណាងដោយទីបរិសុទ្ធទេ។ ពួកគេមិនបានកើតជាថ្មី ជាបុត្រខាងវិញ្ញាណរបស់ព្រះ ដោយមានសញ្ជាតិនៅស្ថានសួគ៌ទេ។ តើនេះធ្វើឲ្យពួកគេច្រណែនឬ? អត់ទេ ផ្ទុយទៅវិញ ពួកគេសប្បាយចិត្តដោយមានឯកសិទ្ធិគាំទ្រពួក១៤៤.០០០នាក់ ហើយពួកគេមានចិត្តអបអរយ៉ាងខ្លាំង ដែលព្រះបានទទួលចិញ្ចឹមបុត្រខាងវិញ្ញាណទាំងនេះ ដែលនឹងចូលរួបរួមជាមួយព្រះគ្រីស្ទ ក្នុងការធ្វើឲ្យមនុស្សលោកបានគ្រប់ល័ក្ខណ៍ឡើងវិញ។ ម្យ៉ាងទៀត ហ្វូងធំនៃពួកជនបរទេសនេះទទួលអបអរដល់ព្រះគុណ ដែលទ្រង់ប្រទានពួកគេមានសង្ឃឹមរស់នៅអស់កល្បជានិច្ចលើផែនដីមនោរម្យ។ ដូចពួកនេធីនិមពីសម័យបុរាណ ពួកជនបរទេសខ្លះ បានទទួលឯកសិទ្ធិនៃការត្រួតពិនិត្យ ក្នុងការជួយពួកសង្ឃបរិសុទ្ធ។b (អេសាយ ៦១:៥) ពីចំណោមពួកទាំងនេះ ព្រះយេស៊ូតែងតាំង«ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី»។—ទំនុកដំកើង ៤៥:១៦
៨, ៩. តើមានផលប្រយោជន៍អ្វីខ្លះ សំរាប់ពួកហ្វូងធំ ពីការពិនិត្យមើលគ្រឿងតុបតែងក្នុងទីបរិសុទ្ធ?
៨ កាលដែលពួកគេមិនអាចចូលទៅក្នុងទីបរិសុទ្ធនៃគំរូដើម ពួកហ្វូងធំនៃជនបរទេស អាចរៀនមេរៀនដ៏មានតម្លៃពីគ្រឿងតុបតែងនៅក្នុងនោះ។ ដូចជើងចង្កៀងដែលត្រូវការឲ្យមានប្រេងជានិច្ចនោះ ពួកជនបរទេសក៏ត្រូវការព្រះវិញ្ញាណបរិសុទ្ធយ៉ាងនោះដែរ ដើម្បីជួយគេឲ្យយល់សេចក្ដីពិត ពីពាក្យបន្ទូលរបស់ព្រះ ដែលផ្ដល់មកតាមរយៈ ‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›។ (ម៉ាថាយ ២៤:៤៥-៤៧) ថែមទៀត ព្រះវិញ្ញាណរបស់ព្រះ ក៏ជួយគេឲ្យតបឆ្លើយនឹងសេចក្ដីអញ្ជើញនេះ៖ «ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មី[ពួកសំណល់ចាក់ប្រេងតាំង]ពោលថា ‹អញ្ជើញមក›! ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ (វិវរណៈ ២២:១៧) ដូច្នេះហើយ ជើងចង្កៀង គឺជាការរំឭកដល់ហ្វូងធំ អំពីកាតព្វកិច្ចរបស់គេ ដើម្បីបញ្ចេញពន្លឺជាគ្រីស្ទាន ហើយដើម្បីចៀសវាងពីអ្វីៗទាំងអស់ ដែលធ្វើទុក្ខដល់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ ទោះជាខាងចរិយា គំនិត ពាក្យសំដី ឬការប្រព្រឹត្តក៏ដោយ។—អេភេសូរ ៤:៣០
៩ តុនំប៉័ងតាំងទុក រំឭកពួកហ្វូងធំឲ្យរក្សាភាពវិញ្ញាណឲ្យបានល្អ។ ពួកគេត្រូវតែទទួលទានអាហារខាងវិញ្ញាណឲ្យបានទៀងទាត់ ពីព្រះគម្ពីរ ហើយពីប្រកាសនវត្ថុឯទៀត ដែលមកពី‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ›។ (ម៉ាថាយ ៤:៤) អាសនានៃគ្រឿងក្រអូប រំឭកពួកគេ អំពីសារៈសំខាន់នៃការខំអធិស្ឋានទៅព្រះយេហូវ៉ា ដើម្បីជួយគេរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេ។ (លូកា ២១:៣៦) ក្នុងការអធិស្ឋានរបស់គេ គួរតែមានពាក្យសរសើរនិងពាក្យថ្លែងអំណរគុណដ៏អស់ពីចិត្ត។ (ទំនុកដំកើង ១០៦:១) អាសនានៃគ្រឿងក្រអូបនេះ ក៏រំឭកពួកគេដែរ អំពីការសរសើរព្រះតាមវិធីផ្សេងទៀត ដូចជា តាមរយៈការច្រៀងចំរៀងព្រះរាជាណាចក្រដ៏អស់ពីចិត្តនៅទីប្រជុំ ហើយតាមរយៈការរៀបចំឲ្យបានល្អ ដើម្បីឲ្យ«បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់»។—រ៉ូម ១០:១០
ជ័យជំនះពេញទីនៃការថ្វាយបង្គំពិត
១០. (ក) តើយើងអាចទន្ទឹងចាំអនាគតដ៏អស្ចារ្យអ្វី? (ខ) តើត្រូវមានអ្វីកើតឡើងជាមុនសិន?
១០ នៅសព្វថ្ងៃនេះ «ប្រជាជាតិជាច្រើន» ចេញពីគ្រប់សាសន៍ កំពុងតែប្រមូលគ្នាមកឯដំណាក់សំរាប់ថ្វាយបង្គំនៃព្រះយេហូវ៉ា។ (អេសាយ ២:២, ៣) ចំពោះរឿងនេះ វិវរណៈ ១៥:៤ ថ្លែងថា៖ «ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ»។ សាការី ជំពូក១៤ រៀបរាប់ប្រាប់អ្វីៗដែលកើតឡើងជាបន្តបន្ទាប់។ នៅអនាគតឆាប់ៗនេះ ប្រទូសរ៉ាយនៃមនុស្សជាច្រើននៅផែនដី នឹងឡើងដល់កំពូលបំផុត កាលដែលគេប្រមូលគ្នាគេ មកធ្វើសង្គ្រាមប្រឆាំងនឹងយេរូសាឡិមជាលើកចុងក្រោយបង្អស់—ជាអ្នកតំណាងនៅផែនដីនៃពួកយេរូសាឡិមនៃស្ថានសួគ៌។ នៅគ្រានោះ ព្រះយេហូវ៉ានឹងចាត់វិធានការភ្លាម។ ជាអ្នកចំបាំង ទ្រង់«នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ» ដែលហ៊ានធ្វើចំបាំងនេះ។—សាការី ១៤:២, ៣
១១, ១២. (ក) តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណា ចំពោះការវាយប្រហារទូទាំងពិភពលោក មកលើពួកអ្នកថ្វាយបង្គំក្នុងព្រះវិហាររបស់ទ្រង់? (ខ) តើសង្គ្រាមរបស់ព្រះ នឹងមានលទ្ធផលយ៉ាងណា?
១១ «ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ ក្នុងរង្វង់ភ្នែក អណ្ដាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ។ នៅថ្ងៃនោះ នឹងមានការចលាចលជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្ដាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន»។—សាការី ១៤:១២, ១៣
១២ យើងមិនដឹងថាសេចក្ដីវេទនានេះ ជាមែនទែន ឬជាប្រៀបប្រដូចទេ ដូច្នេះយើងនឹងរង់ចាំមើល។ ប៉ុន្តែ មានអ្វីមួយដែលយើងដឹងជាប្រាកដ។ កាលដែលពួកសត្រូវរបស់ព្រះ កំពុងរៀបចំធ្វើការប្រយុទ្ធទូទាំងពិភពលោក មកលើពួកអ្នកបំរើរបស់ព្រះយេហូវ៉ា នោះពួកគេនឹងត្រូវបញ្ឈប់ដោយព្រះចេស្ដាដ៏ខ្លាំងក្លាបំផុតរបស់ព្រះ។ នោះមាត់របស់គេ នឹងនៅស្ងៀមស្ងាត់។ នេះហាក់ដូចជាអណ្ដាតដ៏រឹងទទឹងរបស់គេ បានរោយរៀវអស់ទៅ។ គោលដៅដ៏ស្រុះគ្នារបស់គេ នឹងទៅជាស្រវាំង ប្រៀបដូចជាភ្នែកគេបានរោយរៀវទៅដែរ។ កំឡាំងរបស់គេ ដែលធ្វើឲ្យគេហ៊ានធ្វើចំបាំងនេះ សាបសូន្យទៅ។ ក្នុងចលាចល ពួកគេនឹងបែរមកសំឡាប់គ្នាទៅវិញទៅមក។ ដោយហេតុនេះ ពួកសត្រូវទាំងអស់នៃការថ្វាយបង្គំព្រះនៅផែនដី នឹងត្រូវបំផ្លាញអស់។ នៅទីបំផុត គ្រប់សាសន៍ នឹងត្រូវបង្ខំ ឲ្យទទួលស្គាល់អធិបតេយ្យភាពសកលលោក របស់ព្រះយេហូវ៉ា។ ទំនាយនេះនឹងបានសំរេចជាមិនខាន៖ «ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល»។ (សាការី ១៤:៩) បន្ទាប់មក សាតាំងនិងពួកបិសាចរបស់វា នឹងជាប់ចំណង កាលដែលការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ នឹងចាប់ផ្ដើមឡើង ដោយមានពរជាច្រើន ទុកសំរាប់មនុស្សលោក។—វិវរណៈ ២០:១, ២; ២១:៣, ៤
ដំណើររស់ឡើងវិញនៅលើផែនដី
១៣. តើ«អស់អ្នកសល់នៅពីគ្រប់សាសន៍»នេះ ជាពួកណា?
១៣ ទំនាយសាការីចែងតទៅទៀត នៅជំពូក១៤ ខ១៦ ថា៖ «រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ»។ យោងទៅតាមព្រះគម្ពីរ មនុស្សទាំងអស់ណាដែលនៅរស់ រហូតដល់ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ហើយដែលត្រូវបានជំនុំជំរះ ថាជាសត្រូវនៃការថ្វាយបង្គំពិត អ្នកនោះនឹងជាប់មាន«ទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច»។ (ថែស្សាឡូនីចទី២ ១:៧-៩; សូមមើល ម៉ាថាយ ២៥:៣១-៣៣, ៤៦) ពួកគេនឹងមិនទទួលដំណើររស់ឡើងវិញទេ។ រីឯ«អស់អ្នកសល់» ដែលរួមទាំងសមាជិកនៃសាសន៍ទាំងឡាយ ដែលបានស្លាប់មុនសង្គ្រាមចុងក្រោយបង្អស់របស់ព្រះ អ្នកដែលមានសង្ឃឹមក្នុងព្រះគម្ពីរទាំងអស់នោះ នឹងទទួលដំណើររស់ឡើងវិញ។ ព្រះយេស៊ូបានសន្យាថា «ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស»។—យ៉ូហាន ៥:២៨, ២៩
១៤. (ក) តើពួកអ្នករស់ឡើងវិញ ត្រូវតែធ្វើអ្វី ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច? (ខ) ចំពោះពួកអ្នកដែលមិនព្រមថ្វាយខ្លួនទៅព្រះយេហូវ៉ា ហើយអនុវត្តការថ្វាយបង្គំពិត តើនឹងមានអ្វីកើតឡើងដល់គេ?
១៤ មនុស្សដែលរស់ឡើងវិញទាំងអស់នេះ ត្រូវតែធ្វើអ្វីមួយ ដើម្បីឲ្យដំណើររស់ឡើងវិញរបស់គេ ទៅជាមានជីវិត គឺមិនទៅជាជាប់មានទោស។ ពួកគេត្រូវតែមកឯទីលាននៅផែនដីនៃព្រះវិហាររបស់ព្រះយេហូវ៉ា ហើយត្រូវក្រាបថ្វាយបង្គំ ដើម្បីឧទ្ទិសទៅព្រះ តាមរយៈព្រះយេស៊ូគ្រីស្ទ។ ពួកអ្នករស់ឡើងវិញណា ដែលមិនព្រមធ្វើតាមបំណងនេះទេ នោះនឹងរងទុក្ខសេចក្ដីវេទនា ដែលធ្លាក់មកលើពួកសាសន៍នៃសម័យនេះ។ (សាការី ១៤:១៨) គ្មានអ្នកណាដឹងថា ពួកអ្នករស់ឡើងវិញមានចំនួនប៉ុន្មាននាក់ទេ ដែលនឹងមកចូលរួមដោយរីករាយ ជាមួយពួកហ្វូងធំ ក្នុងការធ្វើបុណ្យបារាំដូចពីដើមនោះ។ ប្រាកដហើយ នឹងមានមនុស្សជាច្រើនអនេក ហើយជាលទ្ធផល ព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា នឹងពោរពេញទៅដោយសិរីល្អលើសលុបទៀត!
បុណ្យបារាំគំរូដើម
១៥. (ក) តើបុណ្យបារាំក្នុងអ៊ីស្រាអែលពីបុរាណ មានលក្ខណៈល្អៗណាខ្លះ? (ខ) ហេតុអ្វីក៏ត្រូវថ្វាយគោឈ្មោល៧០ក្បាល ក្នុងបុណ្យនោះ?
១៥ រៀងរាល់ឆ្នាំ សាសន៍អ៊ីស្រាអែលពីបុរាណ ត្រូវតែធ្វើបុណ្យបារាំ។ បុណ្យនេះត្រូវធ្វើឡើងអស់រយៈមួយអាទិត្យ ហើយត្រូវចប់នៅចុងរដូវច្រូតកាត់។ នេះជាវេលាសំរាប់ថ្លែងគុណដ៏សប្បាយរីករាយ។ ក្នុងរយៈពេលមួយអាទិត្យនោះ ពួកគេត្រូវតែរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដែលធ្វើឡើងពីស្លឹកឈើ ជាពិសេស ធាងចាក។ បុណ្យនេះរំឭកអ៊ីស្រាអែល អំពីរបៀបដែលព្រះបានជួយសង្គ្រោះជីដូនជីតារបស់គេ កាលគេបានចាកចេញពីស្រុកអេស៊ីប ហើយអំពីរបៀបព្រះមើលថែរក្សាគេ កាលដែលគេរស់នៅតាមតូប អស់៤០ឆ្នាំ ក្នុងទីហោរស្ថាន រហូតដល់គេបានមកដល់ស្រុកសន្យា។ (លេវីវិន័យ ២៣:៣៩-៤៣) ក្នុងកំឡុងបុណ្យនោះ គោឈ្មោល៧០ក្បាល ត្រូវបូជានៅលើអាសនានៃព្រះវិហារ។ ភស្តុតាងបង្ហាញថា លក្ខណៈនៃបុណ្យនេះ តំណាងកិច្ចការសង្គ្រោះជីវិតដ៏គ្រប់ល័ក្ខណ៍ ដែលព្រះយេស៊ូគ្រីស្ទបានធ្វើ។ ផលប្រយោជន៍នៃយញ្ញបូជាលោះនេះ ក្រោយមក នឹងបានចែកចាយទៅដល់កូនចៅជាច្រើនអនេក ពី៧០គ្រួសារមនុស្សលោក ដែលចេញមកពីលោកណូអេ។—លោកុប្បត្តិ ១០:១-២៩; ជនគណនា ២៩:១២-៣៤; ម៉ាថាយ ២០:២៨
១៦, ១៧. (ក) តើបុណ្យបារាំគំរូដើម បានចាប់ផ្ដើមនៅពេលណា ហើយបានជួបឧបសគ្គអ្វី? (ខ) តើហ្វូងធំបានចូលរួបរួមក្នុងបុណ្យនេះយ៉ាងណា?
១៦ ដូច្នេះហើយ បុណ្យបារាំពីបុរាណនេះ សំដៅទៅការប្រមូលដ៏សប្បាយរីករាយនៃពួកអ្នកដែលបានលោះ ឲ្យមកចូលក្នុងព្រះវិហារខាងវិញ្ញាណធំរបស់ព្រះយេហូវ៉ា។ ការសំរេចនៃបុណ្យនេះ ចាប់ផ្ដើមនៅភិន្ដាកុស ក្នុងឆ្នាំ៣៣ ស.យ. ជាគ្រាចាប់ផ្ដើមប្រមូលពួកអ៊ីស្រាអែលខាងវិញ្ញាណ ឲ្យមកចូលក្នុងក្រុមជំនុំគ្រីស្ទាន។ (កិច្ចការ ២:៤១, ៤៦, ៤៧) ពួកអ្នកចាក់ប្រេងតាំងទាំងនេះជ្រាបថា គេជា ‹អ្នកសំណាក់នៅបណ្ដោះអាសន្ន› ក្នុងលោកីយ៍របស់សាតាំង ពីព្រោះពួកគេជា«សាសន៍ស្ថានសួគ៌»។ (ពេត្រុសទី១ ២:១១; ភីលីព ៣:២០) ការប្រមូលពួកអ៊ីស្រាអែលខាងវិញ្ញាណនេះ ត្រូវបានផ្អាកដោយសារការក្បត់ជំនឿ ដែលជាលទ្ធផល បង្កើតឲ្យមានពិភពគ្រីស្ទសាសនា។ (ថែស្សាឡូនីចទី២ ២:១-៣) យ៉ាងណាក៏ដោយ បុណ្យនេះបានចាប់ផ្ដើមឡើងវិញក្នុងឆ្នាំ១៩១៩ ដោយមានការប្រមូលដ៏រីករាយនៃសមាជិកចុងក្រោយ នៃអ៊ីស្រាអែលខាងវិញ្ញាណ១៤៤.០០០នាក់ ហើយបន្ទាប់មក មានការប្រមូលហ្វូងធំអន្តរជាតិ នៃវិវរណៈ ៧:៩។
១៧ ហ្វូងធំត្រូវបានពណ៌នាថា មានកាន់ធាងចាកនៅដៃ ហើយនេះបង្ហាញថា ពួកគេក៏ជាអ្នកចូលរួបរួមធ្វើបុណ្យបារាំគំរូដើមនេះ ដោយរីករាយដែរ។ ជាគ្រីស្ទានដែលបានឧទ្ទិសថ្វាយខ្លួន ពួកគេសប្បាយរីករាយនឹងចូលរួបរួមក្នុងកិច្ចការប្រមូលពួកអ្នកថ្វាយបង្គំច្រើនទៀត ឲ្យចូលក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ជាអ្នកមានបាប ពួកគេដឹងថា គេពុំមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅលើផែនដីនេះទេ។ ដូច្នេះ ជាមួយនឹងពួកអ្នកដែលនឹងរស់ឡើងវិញនាអនាគត ពួកគេត្រូវតែអនុវត្តជំនឿ ទៅលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទ រហូតដល់គេបានទទួលភាពគ្រប់ល័ក្ខណ៍នៃមនុស្ស នៅចុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។—វិវរណៈ ២០:៥
១៨. (ក) តើមានអ្វីកើតឡើងនៅចុងការសោយរាជ្យមួយពាន់ឆ្នាំនៃព្រះយេស៊ូគ្រីស្ទ? (ខ) តើការថ្វាយបង្គំពិតនៃព្រះយេហូវ៉ា នឹងបានជោគជ័យយ៉ាងណា នៅទីបំផុត?
១៨ បន្ទាប់មក ពួកអ្នកថ្វាយបង្គំព្រះនៅលើផែនដី នឹងឈរនៅពីមុខទ្រង់ ជាមនុស្សគ្រប់ល័ក្ខណ៍ ដោយមិនចាំបាច់មានសង្ឃនៃស្ថានសួគ៌។ ពេលវេលានឹងមកដល់ ដែលព្រះយេស៊ូ «នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ»។ (កូរិនថូសទី១ ១៥:២៤) សាតាំងនឹងត្រូវដោះលែង ‹មួយរយៈខ្លី› ដើម្បីសាកល្បងដល់ភាពល្អគ្រប់ល័ក្ខណ៍នៃមនុស្ស។ ពួកអ្នកមិនស្មោះត្រង់ នឹងត្រូវបំផ្លាញចោល ជាមួយសាតាំងនិងពួកបិសាចរបស់វា។ រីឯពួកអ្នកដែលស្មោះត្រង់វិញ នោះនឹងបានទទួលជីវិតអស់កល្បជានិច្ច។ ពួកគេនឹងទៅជាអ្នកសំណាក់ជាអចិន្ត្រៃយ៍នៅលើផែនដីមនោរម្យ។ ដូច្នេះ បុណ្យបារាំគំរូដើមនេះ នឹងមកដល់ទីបញ្ចប់ដោយរុងរឿងនិងជោគជ័យ។ នៅគ្រានោះ ការថ្វាយបង្គំពិតនឹងបានជោគជ័យ ដោយមានសិរីល្អដ៏អស់កល្បជានិច្ចដល់ព្រះយេហូវ៉ា ហើយសុភមង្គលដ៏អស់កល្បជានិច្ចដល់មនុស្សលោក។—វិវរណៈ ២០:៣, ៧-១០, ១៤, ១៥
[កំណត់សម្គាល់]
a ចំពោះការអធិប្បាយមួយខៗ អំពីសាការី ជំពូក១៤ សូមមើលសៀវភៅ Paradise Restored to Mankind—By Theocracy! បោះពុម្ពក្នុងឆ្នាំ១៩៧២ ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។ នៅជំពូក២១ និង២២។
b បើចង់បានពត៌មានថែមទៀត អំពីពួកនេធីនិមនៃសម័យទំនើប សូមមើល ប៉មយាម ១៥ មេសា ១៩៩២ ទំព័រ ១៦។ (ភាសាអង់គ្លេស)
សំនួរសំរាប់ពិនិត្យឡើងវិញ
◻ ក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ តើ«ក្រុងយេរូសាឡិម» ត្រូវបានវាយប្រហារមកលើយ៉ាងណា?—សាការី ១៤:២
◻ តើមានអ្វីកើតឡើងដល់ប្រជារាស្ត្ររបស់ព្រះ តាំងពីឆ្នាំ១៩១៩?
◻ តើពួកណាខ្លះនៅសព្វថ្ងៃនេះ បានចូលរួមក្នុងការធ្វើបុណ្យបារាំគំរូដើម?
◻ តើការថ្វាយបង្គំពិត នឹងបានជោគជ័យទាំងអស់យ៉ាងណា?
[រូបភាពនៅទំព័រ២០]
ធាងចាកត្រូវបានប្រើក្នុងពិធីបុណ្យបារាំ