ចូរនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការពារពីលោក
«ព្រះយេហូវ៉ាទ្រង់នឹង . . . ច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចំបាំងដែលទ្រង់បានច្បាំងនឹងគេដែរ»។—សាក. ១៤:៣
តើអ្នកអាចពន្យល់យ៉ាងណា?
តើការញែក«ភ្នំដើមអូលីវ»ជាតំណាងអ្វី?
តើ«ចន្លោះយ៉ាងធំ»នោះជាតំណាងអ្វី ហើយតើយើងអាចនៅទីនោះយ៉ាងដូចម្ដេច?
តើ«ទឹកដែលផ្ដល់ជីវិត»គឺជាអ្វី ហើយតើអ្នកណានឹងទទួលប្រយោជន៍ពីការផឹកទឹកនោះ?
១, ២. តើសង្គ្រាមមែនទែនអ្វី ដែលនឹងផ្ទុះឡើងនាពេលឆាប់ៗនេះ? តើយើងនឹងមិនចាំបាច់ធ្វើអ្វីក្នុងសង្គ្រាមនេះ?
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៣៨ មនុស្សរាប់លាននាក់នៅសហរដ្ឋអាម៉េរិកកំពុងស្ដាប់កម្មវិធីវិទ្យុប្រជាប្រិយមួយដែលមានរឿងល្ខោន។ ល្ខោននៅល្ងាចនោះគឺជាការយកលំនាំតាមរឿងប្រលោមលោកប្រឌិតតាមបែបវិទ្យាសាស្ត្រដែលមានចំណងជើងថា សង្គ្រាមពិភពលោក (The War of the Worlds) ក្នុងអំឡុងកម្មវិធីនោះ តួសម្ដែងដែលដើរតួជាអ្នកកាសែតបានប្រកាសថាមនុស្សមកពីភពព្រះអង្គារកំពុងលុកលុយផែនដី ហើយបំផ្លាញផែនដី។ ទោះជាគេបានប្រកាសថាកម្មវិធីវិទ្យុគ្រាន់តែជាការសម្ដែងក៏ដោយ អ្នកស្ដាប់ជាច្រើននាក់គិតថាមានការវាយប្រហារមែនទែន ហើយពួកគេភ័យខ្លាច។ មនុស្សខ្លះបានចាត់វិធានការដើម្បីការពារខ្លួនពីមនុស្សភពផ្សេងដែលគេស្មានថាមាន។
២ សព្វថ្ងៃនេះមានសង្គ្រាមមែនទែនដែលនឹងផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែមនុស្សភាគច្រើនមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាមនេះទេ។ សង្គ្រាមនេះមិនបានត្រូវទាយទុកក្នុងសៀវភៅប្រលោមលោកតាមបែបវិទ្យាសាស្ត្រទេ ប៉ុន្តែបានត្រូវទាយទុកក្នុងបណ្ដាំរបស់ព្រះ ពោលគឺគម្ពីរ។ សង្គ្រាមនេះគឺជាសង្គ្រាមហាម៉ាគេដូន ដែលជាសង្គ្រាមរបស់ព្រះច្បាំងនឹងរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ (បប. ១៦:១៤-១៦) ក្នុងសង្គ្រាមនេះ អ្នកបម្រើរបស់ព្រះនៅលើផែនដីនឹងមិនចាំបាច់ការពារខ្លួនពីមនុស្សដែលមកពីភពផ្សេងឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពរបស់លោកដើម្បីសង្គ្រោះយើងតាមរបៀបដែលគួរឲ្យអស្ចារ្យ។
៣. តើយើងនឹងពិចារណាអំពីទំនាយអ្វី ហើយហេតុអ្វីយើងចាប់អារម្មណ៍នឹងទំនាយនេះ?
៣ ទំនាយមួយក្នុងគម្ពីរដែលបានត្រូវកត់ទុកនៅសៀវភៅសាការីជំពូកទី១៤ ជាប់ទាក់ទងនឹងសង្គ្រាមហាម៉ាគេដូន។ ទោះជាទំនាយនេះបានត្រូវកត់ទុកប្រហែលជា២.៥០០ឆ្នាំមុនក៏ដោយ ទំនាយនេះទាក់ទងនឹងជីវិតរបស់យើង។ (រ៉ូម ១៥:៤) ទំនាយនេះប្រាប់យើងអំពីអ្វីដែលបានកើតឡើងដល់រាស្ត្ររបស់ព្រះ តាំងពីគ្រិស្តបានចាប់ផ្ដើមគ្រប់គ្រងនៅស្ថានសួគ៌នៅឆ្នាំ១៩១៤។ ទំនាយនេះក៏ប្រាប់យើងដែរអំពីអ្វីដ៏គួរឲ្យរំភើបចិត្តដែលនឹងកើតឡើងនាពេលអនាគតឆាប់ៗនេះ។ ចំណុចសំខាន់បំផុតនៃទំនាយនេះរួមបញ្ចូលការបង្កើតឲ្យមាន«ចន្លោះយ៉ាងធំ.[នៃ]ភ្នំ» និងការហូរចេញនៃ«ទឹករស់»។ (សាក. ១៤:៤, ៨) ក្នុងអត្ថបទនេះយើងនឹងរៀនថាចន្លោះភ្នំគឺជាអ្វី ហើយតាមរបៀបណាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាអាចទទួលការការពារនៅទីនោះ។ ជាលទ្ធផល យើងនឹងមិនគ្រាន់តែដឹងថា យើងត្រូវផឹកទឹកទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹងចង់ផឹកទឹកទាំងនោះផងដែរ។ ដូច្នេះ ចូរយើងយកចិត្តទុកដាក់យ៉ាងដិតដល់នឹងទំនាយនេះ។—២ពេ. ១:១៩, ២០
«ថ្ងៃនៃព្រះយេហូវ៉ា»ចាប់ផ្ដើម
៤. (ក) តើ«ថ្ងៃនៃព្រះយេហូវ៉ា»ចាប់ផ្ដើមនៅពេលណា? (ខ) ច្រើនទសវត្សរ៍មុនឆ្នាំ១៩១៤ តើអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានប្រកាសអ្វី ហើយតើអ្នកដឹកនាំក្នុងពិភពលោកនេះមានប្រតិកម្មយ៉ាងណា?
៤ ជំពូកទី១៤នៃសៀវភៅសាការីចាប់ផ្ដើមដោយពាក្យថា៖ «ថ្ងៃនៃព្រះយេហូវ៉ា»។ (សូមអាន សាការី ១៤:១, ២) តើថ្ងៃនេះជាថ្ងៃអ្វី? គឺជា«ថ្ងៃរបស់លោកម្ចាស់» ដែលចាប់ផ្ដើមនៅពេល«រាជាណាចក្រនៃពិភពលោកនេះបានក្លាយទៅជារាជាណាចក្រនៃម្ចាស់របស់យើងនិងគ្រិស្តរបស់លោក»។ (បប. ១:១០; ១១:១៥) ថ្ងៃនោះបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ពេលដែលរាជាណាចក្ររបស់មេស្ស៊ីបានត្រូវស្ថាបនាឡើងនៅស្ថានសួគ៌។ ច្រើនទសវត្សរ៍មុនឆ្នាំ១៩១៤ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានប្រកាសដល់ប្រជាជាតិនានាថា ទីបញ្ចប់នៃ«គ្រាកំណត់នៃប្រជាជាតិនានា»នឹងមកដល់នៅឆ្នាំនោះ ហើយថាពិភពលោកនឹងឈានចូលដល់រយៈពេលដ៏ពិបាកដែលគ្មានអ្វីប្រៀបផ្ទឹមបានទេ។ (លូក. ២១:២៤) តើប្រជាជាតិនានាមានប្រតិកម្មយ៉ាងណា? ជាជាងធ្វើតាមការព្រមានដែលត្រូវពេលនោះ អ្នកដឹកនាំនយោបាយនិងអ្នកដឹកនាំសាសនាមើលងាយ ហើយបៀតបៀនគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង។ ដោយធ្វើដូច្នេះ អ្នកដឹកនាំទាំងនេះសើចចំអកឲ្យព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ពីព្រោះពួកអ្នកដែលព្រះបានរើសតាំងជាទូតដែលជាតំណាង«ក្រុងយេរូសាឡិមនាស្ថានសួគ៌» ដែលជារាជាណាចក្ររបស់មេស្ស៊ី ហើយពួកគាត់ជាផ្នែកនៃរាជាណាចក្រនោះ។—ហេ. ១២:២២, ២៨
៥, ៦. (ក) តើប្រជាជាតិនានាបានធ្វើអ្វីខ្លះប្រឆាំងនឹង«ទីក្រុង»និង«ពលរដ្ឋ»នៃក្រុងនោះ? (ខ) តើអ្នកណាគឺជា«បណ្ដាជនដែលសល់នៅ»?
៥ សាការីបានទាយអំពីអ្វីដែលប្រជាជាតិនានានឹងធ្វើដោយនិយាយថា៖ «គេនឹងចាប់យកទីក្រុង[យេរូសាឡិម]»។ «ទីក្រុង»នេះជាតំណាងរាជាណាចក្ររបស់ព្រះដែលគ្រប់គ្រងដោយមេស្ស៊ី។ រាជាណាចក្រនេះបានត្រូវតំណាងនៅលើផែនដីដោយ«ពលរដ្ឋ»នៃរាជាណាចក្រនេះ ពោលគឺគ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលមិនទាន់ឡើងទៅស្ថានសួគ៌។ (ភី. ៣:២០) ក្នុងអំឡុងសង្គ្រាមលោកលើកទី១ សមាជិកសំខាន់ៗនៃអង្គការរបស់ព្រះយេហូវ៉ាបានត្រូវ«ចាប់យក»ឬចាប់ខ្លួន ហើយបញ្ជូនទៅពន្ធនាគារមួយនៅក្រុងអាត្លង់តា រដ្ឋចចចៀ សហរដ្ឋអាម៉េរិក។ សត្រូវបានប្រព្រឹត្តដោយអយុត្ដិធម៌និងដោយសាហាវឃោរឃៅទៅលើគ្រិស្តសាសនិកដែលព្រះបានរើសតាំង ដោយដាក់បម្រាមលើសៀវភៅរបស់ពួកគាត់ ហើយបានព្យាយាមបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់ពួកគាត់។ នេះគឺហាក់ដូចជាសត្រូវបាន«ប្លន់»ផ្ទះទាំងប៉ុន្មាននៅក្រុងនេះយ៉ាងឃោរឃៅ។
៦ ទោះជាសត្រូវដែលមានគ្នាច្រើនជាងបានធ្វើឲ្យមនុស្សយល់ច្រឡំអំពីរាស្ត្ររបស់ព្រះ បានប្រឆាំង ហើយបានបៀតបៀនពួកគេក៏ដោយ ការគោរពប្រណិប័តន៍ពិតនឹងមិនត្រូវបំផ្លាញឲ្យសាបសូន្យឡើយ។ នៅតែមានគ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលរក្សាភក្ដីភាពចំពោះព្រះ។ ដូចសាការីបានរៀបរាប់ ពួកគេជា«បណ្ដាជនដែលសល់នៅ» ដែលមិនព្រម«ឃ្លាតចេញពីទីក្រុងទេ»។
៧. តើគ្រិស្តសាសនិកដែលព្រះបានរើសតាំងបានទុកគំរូអ្វីសម្រាប់យើងនៅសព្វថ្ងៃនេះ?
៧ តើទំនាយនេះបានសម្រេចទាំងស្រុងនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី១ឬ? មិនមែនទេ។ ប្រជាជាតិនានានឹងវាយប្រហារថែមទៀតទៅលើគ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ និងមិត្តភក្ដិដ៏ស្មោះភក្ដីរបស់ពួកគាត់ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី។ (បប. ១២:១៧) ជាឧទាហរណ៍ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បងប្អូនយើងបានរងការបៀតបៀនយ៉ាងខ្លាំង។ គំរូរបស់គ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលរក្សាភាពស្មោះត្រង់ចំពោះព្រះ បានលើកទឹកចិត្តយើងនៅសព្វថ្ងៃនេះឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងប្រហែលជាជួបប្រទះ។ ទុក្ខលំបាកទាំងនេះដែលមកពីពួកអ្នកដែលសើចចំអកឲ្យយើងដោយសារជំនឿរបស់យើង រួមមានការប្រឆាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងនៅសាលារៀន។ (១ពេ. ១:៦, ៧) ទោះជាយើងរស់នៅកន្លែងណាក៏ដោយ អ្នកគោរពប្រណិប័តន៍ពិតបានតាំងចិត្តខ្លាំងជាងមុនទៅទៀតដើម្បី«កាន់ជំហរមាំមួនដោយមានគំនិតឯកភាព»ដោយ‹មិនខ្លាចអ្នកដែលប្រឆាំងពួកគេឡើយ›។ (ភី. ១:២៧, ២៨) ប៉ុន្តែ ក្នុងពិភពលោកដែលស្អប់ពួកគេ តើរាស្ត្ររបស់ព្រះយេហូវ៉ានឹងមានសុវត្ថិភាពនៅកន្លែងណា?—យ៉ូន. ១៥:១៧-១៩
ព្រះយេហូវ៉ាបង្កើតឲ្យមាន«ចន្លោះយ៉ាងធំ»
៨. (ក) ក្នុងគម្ពីរ តើភ្នំអាចជាតំណាងអ្វី? (ខ) តើ«ភ្នំដើមអូលីវ»ជាតំណាងអ្វី?
៨ យើងបានដឹងថា ក្នុងទំនាយនេះ «ទីក្រុង»នេះឬយេរូសាឡិមជាតំណាងរាជាណាចក្រព្រះ។ ដូច្នេះ តើ«ភ្នំដើមអូលីវដែលនៅប្រឈមនឹងក្រុងយេរូសាឡិម»ជាតំណាងអ្វី? តើតាមរបៀបណាភ្នំនោះនឹងត្រូវ«ពុះញែកជា២នៅចំពាក់កណ្ដាល» ហើយក្លាយទៅជាភ្នំពីរ? ហេតុអ្វីព្រះយេហូវ៉ាមានប្រសាសន៍ថាភ្នំនោះជា«ភ្នំរបស់អញ»? (សូមអាន សាការី ១៤:៣-៥) ក្នុងគម្ពីរភ្នំអាចជាតំណាងរាជាណាចក្រឬរដ្ឋាភិបាល។ ហេតុនេះ គម្ពីរច្រើនតែចែងថា ពរនិងការការពារគឺមកពីព្រះនៃភ្នំនោះ។ (ទំនុក. ៧២:៣; អេ. ២៥:៦, ៧) ដូច្នេះ ភ្នំដើមអូលីវជាតំណាងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទៅលើអ្វីៗទាំងអស់ដែលលោកបានបង្កើត។
៩. តើ«ភ្នំដើមអូលីវ»បានត្រូវញែកជាពីរក្នុងន័យយ៉ាងណា?
៩ តើការញែកភ្នំដើមអូលីវជាពីរបង្ហាញអំពីអ្វី? ភ្នំដែលនៅខាងកើតក្រុងយេរូសាឡិមបានត្រូវញែកជាពីរក្នុងន័យថា ព្រះយេហូវ៉ាបានរៀបចំការគ្រប់គ្រងមួយទៀត ដែលជាការគ្រប់គ្រងចំណុះក្រោមការគ្រប់គ្រងរបស់លោក។ ការគ្រប់គ្រងទី២នេះគឺរាជាណាចក្រមេស្ស៊ីក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្ត។ ហេតុដូច្នេះហើយបានជាព្រះយេហូវ៉ាមានប្រសាសន៍អំពីភ្នំពីរដែលកើតឡើងពីការញែក«ភ្នំដើមអូលីវ»ថាជា«ភ្នំរបស់អញ»។ (សាក. ១៤:៤) ភ្នំទាំងពីរគឺជាភ្នំរបស់លោក។
១០. តើ«ចន្លោះយ៉ាងធំ»រវាងភ្នំទាំងពីរជាតំណាងអ្វី?
១០ ពេលដែលភ្នំជានិមិត្តរូបបានត្រូវញែកជាពីរ ម្ខាងនៅខាងជើង ហើយម្ខាងទៀតនៅខាងត្បូង នោះជើងរបស់ព្រះយេហូវ៉ានៅលើភ្នំទាំងពីរ។ «ចន្លោះយ៉ាងធំ»បានកើតឡើងនៅក្រោមជើងរបស់ព្រះយេហូវ៉ា។ តើចន្លោះភ្នំនេះជាអ្វី? គឺជាតំណាងការការពាររបស់ព្រះ។ ដូចបណ្ដាជនបានទទួលការការពារនៅចន្លោះរវាងភ្នំទាំងពីរ អ្នកបម្រើរបស់ព្រះយេហូវ៉ាមានសុវត្ថិភាពក្រោមការគ្រប់គ្រងរបស់លោកនិងការគ្រប់គ្រងរបស់បុត្រលោក។ ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យការគោរពប្រណិប័តន៍ពិតត្រូវបំផ្លាញចោលឡើយ។ តើការញែកភ្នំដើមអូលីវនេះបានកើតឡើងនៅពេលណា? នេះបានកើតឡើងនៅពេលដែលរាជាណាចក្ររបស់មេស្ស៊ីបានត្រូវរៀបចំឡើងនៅចុងបញ្ចប់នៃគ្រារបស់ជនជាតិដទៃនៅឆ្នាំ១៩១៤។ តើអ្នកគោរពប្រណិប័តន៍ពិតបានចាប់ផ្ដើមរត់ទៅចន្លោះភ្នំក្នុងន័យធៀបនៅពេលណា?
ការរត់ទៅចន្លោះភ្នំចាប់ផ្ដើមហើយ!
១១, ១២. (ក) តើរាស្ត្ររបស់ព្រះបានចាប់ផ្ដើមរត់ទៅចន្លោះភ្នំនោះនៅពេលណា? (ខ) តើអ្វីបង្ហាញថា ព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក?
១១ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថា៖ «ប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៤:៩) ការស្អប់នេះគឺកាន់តែខ្លាំងឡើងជាពិសេសតាំងពីឆ្នាំ១៩១៤ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ។ ទោះជាក្នុងអំឡុងសង្គ្រាមលោកលើកទី១ សត្រូវរបស់គ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌បានវាយប្រហារយ៉ាងឃោរឃៅទៅលើពួកគាត់ក៏ដោយ ពួកគេមិនអាចបំផ្លាញក្រុមអ្នកស្មោះត្រង់ទាំងនោះបានឡើយ។ នៅឆ្នាំ១៩១៩ពួកគាត់បានត្រូវរំដោះចេញពីកណ្ដាប់ដៃនៃបាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាសាសនាមិនពិតទាំងអស់។ (បប. ១១:១១, ១២)a គឺនៅឆ្នាំនោះហើយដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានចាប់ផ្ដើមរត់ទៅចន្លោះភ្នំនោះ។
១២ តាំងពីឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានបន្តការពារអ្នកគោរពប្រណិប័តន៍ពិតនៅគ្រប់កន្លែងនៅផែនដី។ អស់ជាច្រើនទសវត្សរ៍ រដ្ឋាភិបាលជាច្រើនបានព្យាយាមបញ្ឈប់សាក្សីព្រះយេហូវ៉ាមិនឲ្យផ្សព្វផ្សាយឬបានដាក់បម្រាមលើសៀវភៅរបស់ពួកគេ។ នេះកំពុងកើតឡើងនៅប្រទេសខ្លះ។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យរដ្ឋាភិបាលទាំងនេះបំផ្លាញការគោរពប្រណិប័តន៍ពិតឡើយ។ ទោះជារដ្ឋាភិបាលរបស់មនុស្សប្រហែលជាធ្វើអ្វីក៏ដោយ ព្រះយេហូវ៉ានឹងបន្តប្រើឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់លោកដើម្បីការពាររាស្ត្ររបស់លោក។—ចោ. ១១:២
១៣. តើតាមរបៀបណាយើងនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដែលការពារយើង ហើយហេតុអ្វីឥឡូវនេះការធ្វើដូច្នោះគឺសំខាន់ជាងមុនទៅទៀត?
១៣ បើយើងកាន់ខ្ជាប់តាមព្រះយេហូវ៉ា ហើយកាន់ជំហរមាំមួនក្នុងសេចក្ដីពិត លោកនិងលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោកនឹងបំពេញភារកិច្ចរបស់លោក ហើយព្រះនឹងមិនអនុញ្ញាតឲ្យអ្នកណាឬអ្វីក៏ដោយ ‹ឆក់យកយើងពីដៃរបស់លោក›ឡើយ។ (យ៉ូន. ១០:២៨, ២៩) ព្រះយេហូវ៉ាប្រុងប្រៀបផ្ដល់ជំនួយអ្វីក៏ដោយដែលយើងត្រូវការដើម្បីយើងអាចស្ដាប់បង្គាប់លោកជាមហាក្សត្រសកលលោក និងអាចរក្សាភក្ដីភាពចំពោះរាជាណាចក្ររបស់មេស្ស៊ី។ ជាការសំខាន់ណាស់ដែលយើងនៅក្នុងចន្លោះភ្នំដែលការពារយើង ពីព្រោះចន្លោះភ្នំនោះនឹងមានអត្ថន័យកាន់តែខ្លាំងឡើងចំពោះអ្នកគោរពប្រណិប័តន៍ពិត ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលកំពុងឆ្ពោះមកយ៉ាងលឿន។
«ថ្ងៃចំបាំង»មកដល់ហើយ
១៤, ១៥. នៅថ្ងៃដែលព្រះយេហូវ៉ាច្បាំងនឹងសត្រូវរបស់លោក តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលព្រះមិនបានការពារ?
១៤ កាលដែលចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតដល់ សាថាននឹងវាយប្រហារអ្នកបម្រើរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខនេះ សាថាននឹងវាយប្រហារជាលើកចុងក្រោយ។ នៅថ្ងៃនោះព្រះយេហូវ៉ានឹងច្បាំង ហើយបំផ្លាញចោលសត្រូវទាំងអស់របស់រាស្ត្រលោក។ នោះគឺជា«ថ្ងៃចំបាំង»របស់លោកដែលសាការីបានទាយទុក។ ជាងសង្គ្រាមណាទាំងអស់ សង្គ្រាមនេះនឹងបង្ហាញថា ព្រះយេហូវ៉ាជាអ្នកធ្វើសង្គ្រាមដ៏ល្បីល្បាញ។—សាក. ១៤:៣
១៥ នៅថ្ងៃដែលព្រះយេហូវ៉ាច្បាំងនឹងសត្រូវរបស់លោក តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលព្រះមិនបានការពារ? ទំនាយបានទាយថាពួកគេនឹងគ្មាន‹ពន្លឺភ្លឺច្បាស់›ឡើយ។ នេះមានន័យថា ពួកគេនឹងគ្មានចំណងមិត្តភាពជាមួយនឹងព្រះទេ។ យោងទៅតាមសេចក្ដីបកប្រែពិភពលោកថ្មី នៅថ្ងៃចម្បាំងនោះ «សេះ លាកូនកាត់ អូដ្ឋ លាឈ្មោលនឹងសត្វទាំងអស់» ដែលជាតំណាងគ្រឿងប្រដាប់សម្រាប់កងទ័ពរបស់ប្រជាជាតិនានានឹងរងផលប៉ះពាល់។ គ្រឿងប្រដាប់ទាំងនោះនឹង«កក» បានសេចក្ដីថាលែងប្រើការកើត គឺហាក់ដូចជារឹងកកដោយសារត្រជាក់។ សាការីនិយាយថា ព្រះយេហូវ៉ានឹងដាក់ទោសសត្រូវរបស់លោកដោយប្រើ«សេចក្ដីវេទនា»ឬជំងឺ។ ភ្នែកនិងអណ្ដាតរបស់ពួកគេ«នឹងរោយរៀវទៅ»ឬរលួយ។ យើងមិនដឹងថា នេះនឹងជាជំងឺមែនទែនឬមិនមែនទេ។ ប៉ុន្តែយើងដឹងថាពួកគេនឹងមិនអាចធ្វើទុក្ខយើងឬនិយាយប្រឆាំងព្រះបានឡើយ។ (សាក. ១៤:៦, ៧, ១២, ១៥, ព.ថ.) «ស្តេចទាំងឡាយនៅផែនដីព្រមទាំងកងទ័ពរបស់ពួកគេ»នឹងកាន់ខាងសាថាន។ ប៉ុន្តែទោះជាពួកគេនៅកន្លែងណាក៏ដោយនៅផែនដី ពួកគេនឹងត្រូវបំផ្លាញចោល។ (បប. ១៩:១៩-២១) «នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាងទៅដល់ចុងផែនដីម្ខាង»។—យេ. ២៥:៣២, ៣៣
១៦. ដោយសារថ្ងៃចម្បាំងរបស់ព្រះកាន់តែជិតមកដល់ តើយើងគួរពិចារណាសំណួរណាខ្លះ ហើយតើយើងនឹងត្រូវធ្វើអ្វី?
១៦ សង្គ្រាមតែងតែនាំមកនូវទុក្ខវេទនា សូម្បីតែពួកអ្នកដែលឈ្នះក៏ដោយ។ យើងប្រហែលជារងទុក្ខដែរក្នុងអំឡុងពេលមានទុក្ខវេទនាជាខ្លាំង។ យើងប្រហែលជាមិនសូវមានអ្វីបរិភោគទេ។ យើងប្រហែលជាបាត់បង់ទ្រព្យសម្បត្ដិភាគច្រើនរបស់យើង។ យើងក៏ប្រហែលជាគ្មានសិទ្ធិសេរីភាពដែលយើងមានឥឡូវនេះដែរ។ បើទុក្ខលំបាកបែបនេះកើតមានឡើងដល់យើង តើយើងនឹងមានប្រតិកម្មយ៉ាងណា? យើងនឹងភ័យស្លន់ស្លោឬ? ពេលមានការបង្ខិតបង្ខំ តើយើងនឹងបោះបង់ចោលជំនឿឬទេ? តើយើងនឹងធ្លាក់ទឹកចិត្ត ហើយបាត់បង់សេចក្ដីសង្ឃឹមទាំងអស់ឬ? ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងត្រូវនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការពារពីលោក ហើយទុកចិត្តថាលោកនឹងការពារយើង។—សូមអាន ហាបាគុក ៣:១៧, ១៨
«នឹងមានទឹករស់[ទឹកដែលផ្ដល់ជីវិត]ហូរចេញ»
១៧, ១៨. (ក) តើ«ទឹកដែលផ្ដល់ជីវិត»គឺជាអ្វី? (ខ) តើ«សមុទ្រនៅទិសខាងកើត»និង«សមុទ្រនៅទិសខាងលិច»ជាតំណាងអ្វី? (គ) កាលដែលអ្នកគិតអំពីអនាគត តើអ្នកតាំងចិត្តធ្វើអ្វី?
១៧ បន្ទាប់ពីសង្គ្រាមហាម៉ាគេដូន «ទឹកដែលផ្ដល់ជីវិត»នឹងហូរឥតឈប់ឈរពីរាជាណាចក្ររបស់មេស្ស៊ី។ «ទឹកដែលផ្ដល់ជីវិត»ទាំងនេះ គឺជាការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីផ្ដល់ជីវិត។ «សមុទ្រនៅទិសខាងកើត»សំដៅទៅលើសមុទ្រស្លាប់ ហើយ«សមុទ្រនៅទិសខាងលិច»សំដៅទៅសមុទ្រមេឌីទែរ៉ានេ។ សមុទ្រទាំងពីរបានត្រូវប្រើដើម្បីសំដៅទៅលើមនុស្ស។ សមុទ្រស្លាប់ជាតំណាងយ៉ាងត្រឹមត្រូវនូវពួកអ្នកដែលនៅក្នុងផ្នូរជាទូទៅរបស់មនុស្សជាតិ។ ដោយហេតុថាសមុទ្រមេឌីទែរ៉ានេពោរពេញទៅដោយជីវិត សមុទ្រនេះជាតំណាង«មនុស្សមួយក្រុមធំ»ដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូន។ (សូមអាន សាការី ១៤:៨, ៩; បប. ៧:៩-១៥) មនុស្សទាំងពីរក្រុមនឹងផឹក«ទឹកដែលផ្ដល់ជីវិត»ពី«ទន្លេដែលមានទឹកដែលផ្ដល់ជីវិត»។ ជាលទ្ធផល ពួកគេទាំងអស់គ្នានឹងក្លាយទៅជាមនុស្សល្អឥតខ្ចោះ ហើយរស់ជារៀងរហូត។—បប. ២២:១, ២
១៨ ពេលព្រះយេហូវ៉ាបំផ្លាញចោលរបៀបរបបដ៏អាក្រក់នេះ លោកនឹងការពារយើង ហើយនាំយើងទៅដល់ពិភពលោកថ្មីរបស់លោក។ ទោះជាប្រជាជាតិទាំងអស់ស្អប់យើងក៏ដោយ ចូរយើងតាំងចិត្តរក្សាភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះ ហើយតាំងចិត្តនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការពារពីលោក។
[កំណត់សម្គាល់]
a សូមមើលសៀវភៅការបើកបង្ហាញ ការសម្រេចផ្ដាច់ព្រ័ត្រជិតមកដល់ហើយ! (Revelation—Its Grand Climax at Hand!) ទំព័រ១៦៩-១៧០។
[រូបភាពនៅទំព័រ១៧]
[រូបភាពនៅទំព័រ២១]
ចូរតាំងចិត្តនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការពារពីលោក