ប្រអប់ការពន្យល់បន្ថែម ៩ខ
ហេតុអ្វីនៅឆ្នាំ១៩១៩?
ហេតុអ្វីយើងនិយាយថារាស្ត្ររបស់ព្រះបានត្រូវដោះលែងពីបាប៊ីឡូនដ៏ខ្លាំងក្លានៅឆ្នាំ១៩១៩? ព្រោះទំនាយពីគម្ពីរនិងប្រវត្តិសាស្ត្រជួយយើងឲ្យសន្និដ្ឋានដូច្នេះ។
ទំនាយពីគម្ពីរនិងប្រវត្តិសាស្ត្របង្ហាញយ៉ាងច្បាស់ថា លោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ នោះជាទីចាប់ផ្ដើមនៃគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោករបស់សាថាន។ តើលោកយេស៊ូបានធ្វើអ្វីពេលលោកក្លាយជាស្ដេច? តើលោកបានរំដោះអ្នកបម្រើលោកនៅផែនដីភ្លាមៗឲ្យរួចពីការជាប់ជាឈ្លើយក្រោមបាប៊ីឡូនដ៏ខ្លាំងក្លាឬ? តើលោកបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»នៅឆ្នាំ១៩១៤ឬ? ហើយតើលោកបានចាប់ផ្ដើមកិច្ចការប្រមូលផលនៅពេលនោះឬ?—ម៉ាថ. ២៤:៤៥
តាមមើលទៅមិនមែនទេ។ សូមចាំថាសាវ័កពេត្រុសបានត្រូវដឹកនាំឲ្យកត់ទុកថា«ការវិនិច្ឆ័យចាប់ផ្ដើមពីរាស្ត្ររបស់ព្រះ»។ (១ពេ. ៤:១៧) ស្រដៀងគ្នាដែរ ម៉ាឡាគីបានប្រកាសទុកជាមុន អំពីគ្រាដែលព្រះយេហូវ៉ានឹងមកកន្លែងគោរពប្រណិប័តន៍លោកជាមួយនឹងបុត្ររបស់លោក ដែលជា«ទូតនៃកិច្ចព្រមព្រៀង»។ (ម៉ាឡ. ៣:១-៥) គ្រានោះជាគ្រាសម្រិតសម្រាំងនិងល្បងលរាស្ត្រព្រះ។ តើប្រវត្តិសាស្ត្រស្របនឹងអ្វីដែលទំនាយទាំងនោះបានរៀបរាប់ឬទេ?
ពិតជាស្របមែន! ពីឆ្នាំ១៩១៤ដល់ដើមឆ្នាំ១៩១៩ ជាគ្រាដ៏ពិបាកនៃការសាកល្បងនិងការសម្រិតសម្រាំងចំពោះនិស្សិតគម្ពីរ(នៅពេលនោះសាក្សីព្រះយេហូវ៉ាត្រូវគេស្គាល់ថាជានិស្សិតគម្ពីរ)។ នៅឆ្នាំ១៩១៤ រាស្ត្រជាច្រើនរបស់ព្រះបានខកចិត្ត ពេលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមិនបានមកដល់ដូចពួកគេសង្ឃឹម។ នៅឆ្នាំ១៩១៦ ពួកគេខកចិត្តកាន់តែខ្លាំងពេលបងឆាល រ៉ាសិលបានស្លាប់ ព្រោះគាត់ជាអ្នកនាំមុខរាស្ត្រព្រះយ៉ាងសកម្ម។ អ្នកខ្លះបានគោរពស្រឡាញ់បងរ៉ាសិលខ្លាំងពេក រហូតដល់ពួកគេប្រឆាំងបងចូសេហ្វ រ៉ូធើហ្វឺត ដែលជាអ្នកនាំមុខបន្ទាប់ពីបងរ៉ាសិល។ នៅឆ្នាំ១៩១៧ រាស្ត្រព្រះបែកជាក្រុមផ្សេងគ្នា ហើយហៀបនឹងធ្វើឲ្យអង្គការរបស់ព្រះបាក់បែក។ បន្ទាប់មក នៅឆ្នាំ១៩១៨ តាមមើលទៅដោយសារមានការញុះញង់ពីពួកបព្វជិត បងរ៉ូធើហ្វឺតនិងបងប្រុស៧នាក់ទៀតបានត្រូវគេកាត់ទោសដោយអយុត្តិធម៌ហើយចាប់ដាក់គុក។ មន្ទីរចាត់ការនៅប៊្រុគ្លីនបានត្រូវបិទទ្វារ។ ដូច្នេះ យើងឃើញច្បាស់ថារាស្ត្ររបស់ព្រះមិនទាន់បានត្រូវរំដោះពីបាប៊ីឡូនដ៏ខ្លាំងក្លាទេ!
ប៉ុន្តែ តើមានអ្វីកើតឡើងនៅឆ្នាំ១៩១៩? ពេលនោះ ស្ថានភាពបានផ្លាស់ប្ដូរទាំងស្រុងភ្លាមមួយរំពេច! នៅដើមឆ្នាំនោះ បងរ៉ូធើហ្វឺតនិងបងប្រុស៧នាក់នោះបានត្រូវដោះលែងពីគុក ហើយពួកគាត់ចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនភ្លាម! ក្នុងរយៈពេលដ៏ខ្លី ពួកគាត់បានរៀបចំមហាសន្និបាតដ៏ធំ ហើយបានចេញសៀវភៅថ្មីមួយឈ្មោះថាសម័យរុងរឿង(សព្វថ្ងៃនេះហៅថាទស្សនាវដ្ដីភ្ញាក់រឭក!)។ ទស្សនាវដ្ដីថ្មីនេះបានត្រូវរៀបចំសម្រាប់សកម្មភាពពិសេសក្នុងការផ្សព្វផ្សាយជាសាធារណៈ។ បន្ថែមទៅទៀត ក្នុងក្រុមជំនុំនីមួយៗមានអ្នកត្រួតពិនិត្យម្នាក់ បានត្រូវតែងតាំងដើម្បីឲ្យរៀបចំនិងនាំមុខក្នុងកិច្ចបម្រើផ្សាយ។ នៅឆ្នាំដដែលនោះ ឯកសារប៊ូឡើទិន(សព្វថ្ងៃនេះហៅថាកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ) បានត្រូវបោះពុម្ពដើម្បីជួយក្នុងការរៀបចំសម្រាប់កិច្ចបម្រើផ្សាយ។
តើអ្វីបានកើតឡើង? ពិតណាស់ គ្រិស្តបានរំដោះរាស្ត្ររបស់លោកពីការជាប់ជាឈ្លើយក្រោមបាប៊ីឡូនដ៏ខ្លាំងក្លា។ លោកបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ ហើយចេះពិចារណា។ កិច្ចការប្រមូលផលបានចាប់ផ្ដើម។ តាំងពីឆ្នាំ១៩១៩មក កិច្ចការនោះបានជឿនទៅមុខក្នុងកម្រិតដ៏អស្ចារ្យ។