ជំនឿគ្រីស្ទាននឹងត្រូវសាកល្បង
«មិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ»។—ថែស្សាឡូនីចទី២ ៣:២
១. តើតាមរបៀបណាដែលប្រវត្ដិសាស្ត្របង្ហាញថា មិនមែនមនុស្សទាំងអស់ទេដែលមានជំនឿដ៏ស្មោះនោះ?
នៅគ្រប់ប្រវត្ដិសាស្ត្រ គឺមានមនុស្សប្រុសស្រី និងក្មេងៗដែលមានជំនឿដ៏ស្មោះ។ មានពាក្យ«ស្មោះ»ជាគុណនាម គឺសមត្រឹមត្រូវ ពីព្រោះមនុស្សជាច្រើនលាននាក់បានបង្ហាញជំនឿមួយប្រភេទដែលជាសទ្ធាលុភាព ដែលជាការប្រុងនឹងជឿដោយឥតមានមូលដ្ឋានឬមូលហេតុត្រឹមត្រូវ។ ជំនឿបែបនេះធម្មតាគឺទាក់ទងនឹងព្រះក្លែងក្លាយឬបែបបទនៃការថ្វាយបង្គំ ដែលមិនស្របនឹងព្រះយេហូវ៉ាដ៏មានព្រះចេស្ដាបំផុត និងពាក្យបន្ទូលរបស់ទ្រង់។ ដូច្នេះសាវ័កប៉ុលបានសរសេរថា៖ «មិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ»។—ថែស្សាឡូនីចទី២ ៣:២
២. ហេតុអ្វីជាការចាំបាច់ឲ្យយើងពិចារណាមើលជំនឿរបស់យើង?
២ ប៉ុន្តែពាក្យរបស់ប៉ុលបង្ហាញថា នៅគ្រានោះមានមនុស្សខ្លះដែលមានជំនឿដ៏ស្មោះ ដូច្នេះនៅសព្វថ្ងៃនេះមនុស្សខ្លះក៏មានជំនឿដ៏ស្មោះដែរ។ ពួកអ្នកអានទស្សនាវដ្ដីនេះជាច្រើននាក់ មានសេចក្ដីប្រាថ្នាឲ្យមាននិងឲ្យចំរើនជំនឿដ៏ស្មោះបែបនេះ—ជំនឿដែលសមស្របនឹងចំណេះត្រឹមត្រូវនៃសេចក្ដីពិតពីព្រះ។ (យ៉ូហាន ១៨:៣៧; ហេព្រើរ ១១:៦) តើនេះជាការពិតចំពោះអ្នកទេ? បើដូច្នេះ ជាការចាំបាច់ណាស់ ដែលអ្នកត្រូវទទួលស្គាល់ ហើយប្រុងប្រៀបថា ជំនឿរបស់អ្នកនឹងត្រូវសាកល្បង។ ហេតុអ្វីក៏អាចនិយាយដូច្នេះ?
៣, ៤. ហេតុអ្វីក៏យើងត្រូវមើលព្រះយេស៊ូស្តីអំពីការសាកល្បងនៃជំនឿ?
៣ យើងត្រូវសារភាពថា ព្រះយេស៊ូគ្រីស្ទជាបុគ្គលដ៏សំខាន់ណាស់ក្នុងជំនឿរបស់យើង។ ប្រាកដហើយ ព្រះគម្ពីរនិយាយអំពីទ្រង់ជាមេសម្រេចសេចក្ដីជំនឿរបស់យើង។ នោះគឺដោយសារអ្វីដែលព្រះយេស៊ូបានមានបន្ទូលហើយបានធ្វើ ជាពិសេសនូវរបៀបដែលទ្រង់បានសម្រេចទំនាយ។ ទ្រង់បានពង្រឹងមូលដ្ឋាន ដែលមនុស្សអាចស្ថាបនាជំនឿដ៏ស្មោះទៅលើបាន។ (ហេព្រើរ ១២:២; វិវរណៈ ១:១, ២) ប៉ុន្តែ យើងអានថា ព្រះយេស៊ូ«បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ»។ (ហេព្រើរ ៤:១៥) ត្រូវហើយ ជំនឿរបស់ព្រះយេស៊ូបានត្រូវសាកល្បង។ ការសាកល្បងនេះគួរលើកទឹកចិត្តយើង មិនមែនធ្វើឲ្យយើងបាក់ទឹកចិត្តឬធ្វើឲ្យយើងព្រួយបារម្ភនោះទេ។
៤ ដោយបានឆ្លងកាត់ការសាកល្បងដ៏ខ្លាំង រហូតដល់សោយទិវង្គតលើបង្គោលឈើ ព្រះយេស៊ូ«បានរៀនស្ដាប់បង្គាប់»។ (ហេព្រើរ ៥:៨) ទ្រង់បានបង្ហាញថាមនុស្សអាចរស់នៅដោយជំនឿដ៏ស្មោះ ទោះជាគេមានការសាកល្បងយ៉ាងណាក៏ដោយ។ នេះគឺមានសារៈសំខាន់ទៀត នៅពេលដែលយើងគិតនូវអ្វីដែលបានចែងអំពីពួកអ្នកកាន់តាមទ្រង់៖ «ចូរនឹងចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយ ថាបាវមិនមែនធំជាងចៅហ្វាយទេ»។ (យ៉ូហាន ១៥:២០) តាមពិត ចំពោះពួកអ្នកកាន់តាមទ្រង់នៅសម័យយើងនេះ ព្រះយេស៊ូបានទាយថា៖ «គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។—ម៉ាថាយ ២៤:៩
៥. តើតាមរបៀបណាដែលបទគម្ពីរបង្ហាញថាយើងនឹងជួបការសាកល្បង?
៥ នៅដើមនៃសតវត្សនេះ សេចក្ដីជំនុំជំរះបានចាប់ផ្ដើមពីក្នុងដំណាក់នៃព្រះ។ ព្រះគម្ពីរបានប្រាប់ជាមុនថា៖ «ដ្បិតពេលវេលាដែលសេចក្ដីជំនុំជំរះត្រូវចាប់ផ្ដើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះនោះ តើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានជាយ៉ាងដូចម្ដេចទៅ? ‹បើមនុស្សសុចរិតបានរួចដោយពិបាកផងនោះ ពួកទមិលល្មើសនឹងពួកមានបាបនឹងលេចមកនៅឯណា› »។—ពេត្រុសទី១ ៤:១៧, ១៨
ជំនឿបានត្រូវសាកល្បង—ហេតុអ្វី?
៦. ហេតុអ្វីក៏ជំនឿដែលបានសាកល្បងហើយជាការសំខាន់ម្ល៉េះ?
៦ ក្នុងន័យមួយ ជំនឿដែលមិនបានសាកល្បងគឺឥតមានតម្លៃទេ ហើយគុណសម្បត្ដិនៃជំនឿនេះក៏មិនដឹងជាយ៉ាងណាដែរ។ អ្នកប្រហែលជាអាចប្រៀបធៀបទៅនឹងលិខិតបើកប្រាក់ ដែលមិនទាន់យកមកបើកប្រាក់នោះទេ។ អ្នកប្រហែលជាទទួលលិខិតបើកប្រាក់មួយចំពោះកិច្ចការដែលអ្នកបានធ្វើ ឬក៏ជាតម្លៃទំនិញដែលអ្នកបានផ្ដល់ឲ្យ ឬក៏ជាអំណោយមួយ។ លិខិតបើកប្រាក់ប្រហែលជាមើលទៅដូចជាល្អ ប៉ុន្តែតើល្អមែនឬ? តើពិតជាមានតម្លៃដែលបានសរសេរលើនោះឬ? ស្រដៀងគ្នាដែរ ជំនឿរបស់យើងមិនមែនគ្រាន់តែជាអាការក្រៅឬជាទស្សនៈវិជ្ជានោះទេ។ ជំនឿត្រូវតែឲ្យបានសាកល្បង បើយើងចង់បង្ហាញថាមានខ្លឹមសារ ហើយមានគុណសម្បត្ដិដ៏ស្មោះនោះ។ នៅពេលដែលជំនឿរបស់យើងបានត្រូវសាកល្បង យើងអាចឃើញថា បានទៅជាខ្លាំងហើយមានតម្លៃ។ ការសាកល្បងក៏អាចបង្ហាញនូវកន្លែងណាមួយ ដែលជំនឿរបស់យើងត្រូវការធ្វើឲ្យប្រសើរឡើងឬពង្រឹងនោះដែរ។
៧, ៨. តើការសាកល្បងនៃជំនឿរបស់យើងមានពីប្រភពណា?
៧ ព្រះអនុញ្ញាតឲ្យមានការបៀតបៀននិងការសាកល្បងជំនឿឯទៀត ដែលអាចមានមកលើយើង។ យើងអានថា៖ «កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ‹ព្រះទ្រង់ល្បួងខ្លួនឡើយ› ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ (យ៉ាកុប ១:១៣) តើអ្នកណាឬអ្វីដែលទទួលខុសត្រូវលើការសាកល្បងបែបនេះ? នេះគឺសាតាំង លោកីយ៍នេះ ហើយនិងភាពមិនគ្រប់ល័ក្ខណ៍របស់យើង។
៨ យើងអាចសារភាពថា សាតាំងខំដាក់ឥទ្ធិពលយ៉ាងខ្លាំងលើលោកីយ៍នេះ លើការគិតនិងផ្លូវរបស់វា។ (យ៉ូហានទី១ ៥:១៩) ហើយយើងប្រហែលជាដឹងថា វាបង្កឲ្យមានការបៀតបៀនប្រឆាំងពួកគ្រីស្ទាន។ (វិវរណៈ ១២:១៧) ប៉ុន្តែ តើយើងពិតជាជឿថា សាតាំងក៏ខំរកផ្លូវបំភាន់យើងដោយអូសទាញខាងភាពមិនគ្រប់ល័ក្ខណ៍របស់យើង ដោយដាក់ការល្បួងខាងលោកីយ៍នេះនៅពីមុខយើង ដោយសង្ឃឹមថាយើងនឹងយកនុយនេះ មិនស្ដាប់បង្គាប់តាមព្រះ ហើយធ្វើឲ្យព្រះយេហូវ៉ាមិនគាប់ព្រះហឫទ័យឬទេ? ប្រាកដហើយ មធ្យោបាយរបស់សាតាំងមិនគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ដ្បិតវាបានប្រើកលល្បិចដូចនេះ ពេលដែលវាខំល្បួងព្រះយេស៊ូដែរ។—ម៉ាថាយ ៤:១-១១
៩. តើតាមរបៀបណាដែលយើងទទួលប្រយោជន៍ពីគំរូនៃជំនឿ?
៩ តាមរយៈបន្ទូលរបស់ទ្រង់និងក្រុមជំនុំគ្រីស្ទាន ព្រះយេហូវ៉ាប្រទានគំរូនៃជំនឿដ៏ល្អ ដែលយើងអាចត្រាប់តាម។ ប៉ុលបានដាស់តឿនថា៖ «បងប្អូនអើយ ចូរត្រាប់តាមខ្ញុំគ្រប់គ្នា ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នក ដែលដើរដូចជាយើងខ្ញុំបានធ្វើក្បួនឲ្យអ្នករាល់គ្នាហើយ»។ (ភីលីព ៣:១៧) ជាអ្នកបំរើម្នាក់ដែលបានចាក់ប្រេងតាំងនៅសតវត្សទីមួយ ប៉ុលបាននាំមុខដោយធ្វើកិច្ចការដែលបង្ហាញនូវជំនឿ ទោះជាបានឆ្លងកាត់ការសាកល្បងដ៏ខ្លាំងក៏ដោយ។ នៅចុងក្រោយសតវត្សទី២០នេះ យើងក៏មិនខ្វះនូវគំរូនៃជំនឿបែបនេះដែរ។ ពាក្យនៅហេព្រើរ ១៣:៧ ទាក់ទងឥឡូវនេះ ដោយមានឥទ្ធិពលខ្លាំង ដូចកាលដែលប៉ុលបានសរសេរជូនគេថា៖ «ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង»។
១០. តើគំរូនៃជំនឿណាជាពិសេស ដែលយើងមានក្នុងពេលថ្មីៗនេះ?
១០ សេចក្ដីដាស់តឿននេះមានឥទ្ធិពលដ៏ពិសេស នៅពេលដែលយើងពិនិត្យមើលនូវចរិយា របស់ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់។ យើងអាចគិតអំពីគំរូរបស់គេហើយត្រាប់តាមជំនឿរបស់គេដែរ។ ជំនឿរបស់គេគឺជាជំនឿដ៏ស្មោះ ដែលបានត្រូវធ្វើឲ្យប្រសើរឡើងដោយការសាកល្បង។ តាំងពីការចាប់ផ្ដើមដ៏តូចមួយនៅទសវត្សនៃឆ្នាំ១៨៧០ ភាតរភាពគ្រីស្ទានបានរីកចំរើន។ ជាផលផ្លែនៃជំនឿនិងការស៊ូទ្រាំនៃពួកអ្នកដែលចាក់ប្រេងតាំងនោះ គឺមានស្មរបន្ទាល់ព្រះយេហូវ៉ាជាងប្រាំលានប្រាំសែននាក់ ដែលឥឡូវនេះកំពុងតែផ្សាយនិងបង្រៀនអំពីព្រះរាជាណាចក្រនៃព្រះ។ ក្រុមជំនុំនៃអ្នកថ្វាយបង្គំពិតដែលមាននៅសព្វថ្ងៃនេះ គឺជាភស្តុតាងនៃជំនឿដែលបានសាកល្បងហើយ។—ទីតុស ២:១៤
ជំនឿបានត្រូវសាកល្បងដែលស្តីអំពីឆ្នាំ១៩១៤
១១. តើតាមរបៀបណាដែលឆ្នាំ១៩១៤ជាឆ្នាំដ៏ពិសេសសំរាប់ ឆាល្ស ថេហ្ស រ៉ាសិល និងពួកគូកនរបស់គាត់?
១១ ជាច្រើនឆ្នាំមុននឹងសង្គ្រាមលោកលើកទីមួយបានផ្ទុះឡើង ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បានប្រកាសថា ឆ្នាំ១៩១៤ ជាឆ្នាំដ៏សំខាន់តាមទំនាយព្រះគម្ពីរ។ ប៉ុន្តែ ការទន្ទឹងចាំរបស់គេខ្លះគឺបានសង្ឃឹមមុនពេល ហើយទស្សនៈរបស់គេអំពីអ្វីដែលនឹងកើតឡើង គឺមិនបានទៀងត្រូវទាំងអស់នោះទេ។ ជាឧទាហរណ៍ ឆាល្ស ថេហ្ស រ៉ាសិល ជាប្រធានទីមួយនៃសមាគមប៉មយាម និងពួកគូកនរបស់លោក អាចមើលឃើញថា កិច្ចការផ្សាយដ៏ធំគឺត្រូវការជាចាំបាច់។ គេអានថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ប៉ុន្តែ តើយ៉ាងដូចម្ដេចទៅដែលក្រុមដ៏តូចនេះអាចសម្រេចកិច្ចការនោះ?
១២. តើគូកនម្នាក់របស់រ៉ាសិលបានតបឆ្លើយយ៉ាងណានឹងសេចក្ដីពិតនៃព្រះគម្ពីរ?
១២ សូមពិចារណានូវរបៀបដែលរឿងនេះមានឥទ្ធិពលលើ អាលេក្សានដឺ ម៉ាក់មីល្លិន ដែលជាគូកនរបស់បងប្រុសរ៉ាសិល។ បងប្រុសម៉ាក់មីល្លិន បានកើតនៅប្រទេសកាណាដា មិនទាន់មានអាយុ២០ឆ្នាំផង ពេលដែលគាត់បានទទួលសៀវភៅរបស់បងប្រុសរ៉ាសិល គម្រោងការណ៍នៃសម័យ (១៨៨៦) (សៀវភៅនេះ ក៏បានត្រូវគេហៅថា គម្រោងការណ៍របស់ព្រះនៃសម័យ បានក្លាយទៅជាក្បាលទី១ នៃសៀវភៅមួយសំរាប់ការសិក្សាក្នុងព្រះគម្ពីរ ដែលបានចែកចាយយ៉ាងពាសពេញ។ ក្បាលទី២ គ្រាកាន់តែជិតណាស់ហើយ [ឆ្នាំ១៨៨៩] បានចង្អុលថាឆ្នាំ១៩១៤ ជាទីបញ្ចប់នៃ«គ្រារបស់សាសន៍ដទៃ»។ [លូកា ២១:២៤] នៅយប់ដែលបងប្រុសម៉ាក់មីល្លិន បានចាប់ផ្ដើមអាន នោះគាត់បានគិតថា៖ «នេះគឺមានសភាពដូចជាសេចក្ដីពិត»! នៅរដូវក្ដៅនៃឆ្នាំ១៩០០ គាត់បានជួបបងប្រុសរ៉ាសិលនៅឯមហាសន្និបាតមួយរបស់ពួកសិស្សព្រះគម្ពីរ ដែលជាឈ្មោះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលនោះ។ មិនយូរប៉ុន្មាន បងប្រុសម៉ាក់មីល្លិន បានធ្វើបុណ្យជ្រមុជទឹក ហើយបានចាប់ផ្ដើមធ្វើការជាមួយបងប្រុសរ៉ាសិល នៅឯមន្ទីរចាត់ការរបស់សមាគមនៅញូវយ៉ក។
១៣. តើបញ្ហាអ្វីដែលម៉ាក់មីល្លិននិងអ្នកដទៃឃើញ ស្តីអំពីការសម្រេចនៃម៉ាថាយ ២៤:១៤?
១៣ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងទាំងនោះ បានចង្អុលថាឆ្នាំ១៩១៤ ជាគ្រាដ៏សំខាន់ក្នុងគោលបំណងរបស់ព្រះ ដែលមានមូលដ្ឋានលើអ្វីដែលគេបានអានក្នុងព្រះគម្ពីរ។ ប៉ុន្តែបងប្រុសម៉ាក់មីល្លិននិងអ្នកដទៃទៀតបានឆ្ងល់ នូវរបៀបដែលការផ្សាយដំណឹងល្អដល់អស់ទាំងសាសន៍ដែលបានទាយមកនៅម៉ាថាយ ២៤:១៤ អាចសម្រេចបានយ៉ាងណាក្នុងរយៈដ៏ខ្លីនោះ។ ក្រោយមកគាត់មានប្រសាសន៍ថា៖ «ខ្ញុំបានចាំពិគ្រោះរឿងនេះជាមួយបងប្រុសរ៉ាសិលជាញយៗ ហើយគាត់តែងនិយាយថា ‹បាទ បងប្រុស នៅញូវយ៉ក យើងមានពួកជាតិយូដាច្រើនជាងនៅក្រុងយេរូសាឡិមទៅទៀត។ យើងមានជាតិអៃរិយនៅទីនេះជាងទីក្រុងដាប់លិនផង។ ហើយយើងមានជាតិអ៊ីតាលីជាងនៅក្នុងក្រុងរ៉ូម។ ប្រសិនបើយើងផ្សាយដល់គេនៅទីនេះ នោះនឹងផ្សាយសារនេះដល់មនុស្សលោកទាំងអស់›។ ប៉ុន្តែ នេះគឺមិនបានធ្វើឲ្យខ្ញុំស្កប់ចិត្តសោះ។ ដូច្នេះ យើងក៏មានគំនិតបង្កើត‹ល្ខោនរូបភាពមួយ› »។
១៤. មុននឹងឆ្នាំ១៩១៤ តើការងារដ៏អស្ចារ្យអ្វីដែលបានចាប់ផ្ដើមធ្វើឡើង?
១៤ «ល្ខោនរូបភាពនៃសេចក្ដីបង្កើត»នេះ ជាអ្វីមួយដ៏គួរឲ្យចម្លែកថ្មី! នេះបានរួមបញ្ចូលរូបភាពយន្ត និងការបញ្ចាំងរូបភាពពណ៌ពីបន្ទះកញ្ចក់ ដែលភ្ជាប់ការអធិប្បាយនិងភ្លេងដែលចាក់លើថាស។ នៅឆ្នាំ១៩១៣ ប៉មយាម បានរៀបរាប់អំពីមហាសន្និបាតមួយនៅអាខាន់សូ ស.រ.អ. ថា៖ «គឺបានសម្រេចចិត្តស្របគ្នាថា គ្រាគឺមកដល់ហើយសំរាប់ការប្រើភាពយន្តក្នុងការបង្រៀនសេចក្ដីពិតអំពីព្រះគម្ពីរ។ . . . [រ៉ាសិល]បានពន្យល់ថា គាត់បានរៀបចំគម្រោងការណ៍នេះអស់រយៈបីឆ្នាំ ហើយឥឡូវនេះមានរូបដ៏ល្អជាច្រើន ដែលនឹងអូសទាញចិត្តមនុស្ស ហើយប្រកាសអំពីដំណឹងល្អ និងជួយមនុស្សឲ្យមានជំនឿលើព្រះវិញ»។
១៥. តើ«ល្ខោនរូបភាព»មានលទ្ធផលយ៉ាងណា?
១៥ «ល្ខោនរូបភាព»នេះបានសម្រេចគោលបំណងនោះមែន ក្រោយពីបានចាប់ផ្ដើមប្រើនៅខែមករា ឆ្នាំ១៩១៤។ បន្តបន្ទាប់ពីនេះជារបាយការណ៍ពីប៉មយាម នៃឆ្នាំ១៩១៤៖
ខែមេសា ថ្ងៃទី១: «បព្វជិតម្នាក់ ក្រោយពីបានឃើញពីរភាគ មានប្រសាសន៍ថា ‹ខ្ញុំបានមើលល្ខោនរូបភាពនៃសេចក្ដីបង្កើតតែពាក់កណ្ដាលទេ ប៉ុន្តែខ្ញុំបានរៀនអំពីព្រះគម្ពីរពីនេះមក ច្រើនជាងអ្វីដែលខ្ញុំរៀននៅក្នុងការសិក្សាបីឆ្នាំនៅសាលាសាសនាវិទូទៅទៀត›។ សាសន៍យូដាម្នាក់ក្រោយពីបានមើលភាពយន្តនេះ លាន់មាត់ថា ‹ខ្ញុំចេញមកជាអ្នកកាន់សាសនាយូដាយ៉ាងប្រសើរជាង ពីមុនពេលដែលខ្ញុំបានចូលទៅមើល›។ ពួកសង្ឃនិងជីដូនកាតូលិកបីបួននាក់បានទស្សនាភាពយន្តនេះ ហើយបានសម្ដែងការអបអរយ៉ាងខ្លាំង។ . . . មានតែដប់ពីរខ្សែប៉ុណ្ណោះដែលបានបញ្ចាំង . . . ប៉ុន្តែយើងបានបញ្ចាំងខ្សែនោះនៅសាមសិបមួយទីក្រុងទៅហើយ . . . រាល់តែថ្ងៃមានជាងបីម៉ឺនប្រាំពាន់នាក់ដែលកំពុងតែមើល ស្ដាប់ សរសើរ គិតពីចារណា ហើយទទួលពរនោះ»។
ខែមិថុនា ថ្ងៃទី១៥: «រូបភាពទាំងនោះបានធ្វើឲ្យខ្ញុំមានចិត្តខ្នះខ្នែងថែមទៀតដើម្បីចែកផ្សាយសេចក្ដីពិត ហើយបង្កើនសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះវរបិតានៅស្ថានសួគ៌ និងបងប្រុសរបស់យើង គឺព្រះយេស៊ូ។ ខ្ញុំអធិស្ឋានរៀងរាល់ថ្ងៃឲ្យព្រះប្រទានពរយ៉ាងវិសេសមកលើភាពយន្តនៃសេចក្ដីបង្កើតនេះ ហើយនឹងអស់អ្នកដែលចូលរួមក្នុងការបញ្ចាំង . . . ខ្ញុំជាអ្នកបំរើទ្រង់ជាមួយនឹងអ្នក លោក ណុខ។—រដ្ឋអៃយ៉ូវ៉ា»
ខែកក្កដា ថ្ងៃទី១៥: «យើងសង្កេតឃើញថា ភាពយន្តនេះមានអនុភាពយ៉ាងល្អទៅលើពួកនៅទីក្រុងនេះ ហើយយើងដឹងជាប្រាកដថា ការធ្វើបន្ទាល់ឲ្យពេញពិភពលោកកំពុងតែប្រមូលមនុស្សដែលនឹងផ្ដល់ទីសំអាង ជាអ្នកប្រៀបដូចជាពេជ្រដែលព្រះអម្ចាស់បានជ្រើសរើស។ យើងដឹងអំពីកូនសិស្សដ៏ខ្នះខ្នែងមួយចំនួន ដែលឥឡូវនេះរួមជាមួយក្រុមជំនុំ ដោយព្រោះកិច្ចការខាងភាពយន្តនេះ។ . . . ជាបងស្រីរបស់អ្នកក្នុងការបំរើព្រះអម្ចាស់ អេម៉ា ប៊្រិគ្គើ»។
ខែវិច្ឆិកា ថ្ងៃទី១៥: «យើងដឹងជាប្រាកដថា អ្នកនឹងរីករាយដោយឮអំពីការធ្វើបន្ទាល់ដ៏អស្ចារ្យ តាមរយៈការបញ្ចាំងភាពយន្តនៃសេចក្ដីបង្កើត នៅឯក្រុងឡុនដុន ប្រទេសអង់គ្លេស។ ការដឹកនាំរបស់ព្រះអម្ចាស់បានឃើញយ៉ាងជាក់ស្តែង ក្នុងគ្រប់ប្រការនៃការបញ្ចាំងនោះ ដល់ម្ល៉េះបានជាបងប្អូនយើងកំពុងតែអរសប្បាយយ៉ាងខ្លាំង . . . ពួកអ្នកស្ដាប់របស់យើងគឺមកពីគ្រប់ប្រវត្ដិ។ យើងបានឃើញបព្វជិតជាច្រើនបានមកដែរ។ បព្វជិតម្នាក់ . . . បានសុំរកសំបុត្រ ឲ្យគាត់និងប្រពន្ធរបស់គាត់ អាចមកមើលម្ដងទៀត។ បព្វជិតម្នាក់នៃសាសនាអង់គ្លេស បានមកមើលភាពយន្តនេះបីបួនដង ហើយ . . . បាននាំមិត្តរបស់លោកជាច្រើនឲ្យមកមើល។ អេវ៉ែកពីរនាក់បានមកមើលដែរ ហើយមនុស្សធំដុំបីបួននាក់ក៏បានមកមើលដែរ»។
ខែធ្នូ ថ្ងៃទី១: «ប្រពន្ធរបស់ខ្ញុំនិងខ្ញុំសូមអរគុណដល់ព្រះវរបិតានៅស្ថានសួគ៌ ចំពោះពរដ៏ធំនិងដ៏មានតម្លៃដែលយើងបានទទួលតាមរយៈលោកអ្នក។ គឺជាភាពយន្តនៃសេចក្ដីបង្កើតរបស់លោកអ្នក ដែលបណ្ដាលឲ្យយើងទៅមើលហើយទទួលយកសេចក្ដីពិត . . . យើងមានសៀវភៅ ការសិក្សានៅក្នុងបទគម្ពីរប្រាំមួយក្បាល។ សៀវភៅទាំងនេះជាជំនួយដ៏ខ្លាំង»។
ការតបឆ្លើយនឹងការសាកល្បងនៅពេលនោះ
១៦. ហេតុអ្វីក៏ឆ្នាំ១៩១៤នាំឲ្យមានការសាកល្បងនៃជំនឿ?
១៦ ប៉ុន្តែ តើយ៉ាងណាទៅវិញ នៅពេលដែលពួកគ្រីស្ទានដ៏ស្មោះត្រង់បានឃើញថា ការទន្ទឹងចាំរបស់គេក្នុងការចូលរួមជាមួយព្រះអម្ចាស់នៅឆ្នាំ១៩១៤មិនបានសម្រេចនោះ? ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងនៅនោះបានជួបការសាកល្បងដ៏ពិបាកមួយ។ ប៉មយាម នៃខែវិច្ឆិកា ថ្ងៃទី១ ឆ្នាំ១៩១៤ បានប្រកាសថា៖ «សូមឲ្យយើងចាំថា យើងកំពុងតែនៅក្នុងរដូវការសាកល្បង»។ អំពីរឿងនេះ សៀវភៅ ស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះ (ឆ្នាំ១៩៩៣) ថ្លែងថា៖ «ប្រាកដហើយ ពីឆ្នាំ១៩១៤ទៅឆ្នាំ១៩១៨ បានទៅជា‹រដូវសាកល្បង›ដល់សិស្សព្រះគម្ពីរ»។ តើគេនឹងអនុញ្ញាតឲ្យជំនឿរបស់គេឲ្យបានប្រសើរឡើង ហើយឲ្យកែតម្រូវគំនិតរបស់គេ ដើម្បីឲ្យគេទទួលយកកិច្ចការនៅខាងមុខបានទេ?
១៧. តើពួកគ្រីស្ទានចាក់ប្រេងតាំងបានមានទស្សនៈយ៉ាងណា អំពីការរស់នៅលើផែនដីតពីឆ្នាំ១៩១៤?
១៧ ប៉មយាម នៃខែកញ្ញា ទី១ ឆ្នាំ១៩១៦ បានចែងថា៖ «យើងបានគិតថាការច្រូតនូវពួកជំនុំគ្រីស្ទាន [ពួកចាក់ប្រេងតាំង] នឹងបានសម្រេច មុននឹងទីបញ្ចប់នៃគ្រារបស់សាសន៍ដទៃ ប៉ុន្តែ ព្រះគម្ពីរមិនមាននិយាយដូច្នេះសោះ។ . . . តើយើងមានចិត្តស្ដាយដែលកិច្ចការច្រូតនៅមានបន្តឬ? . . . ឱបងប្អូនអើយ អាកប្បកិរិយានៅបច្ចុប្បន្ននេះ គួរតែពោរពេញដោយកតញ្ញូធម៌ដល់ព្រះ និងបង្កើនការអបអរលើសេចក្ដីពិតដ៏ល្អនេះ ដែលទ្រង់បានប្រទានឲ្យយើងនូវឯកសិទ្ធិនៃការឃើញនិងគេសម្គាល់យើង និងការខ្នះខ្នែងជាច្រើនក្នុងការជួយនាំសេចក្ដីពិត ឲ្យមនុស្សឯទៀតស្គាល់ដែរ»។ ជំនឿរបស់គេបានត្រូវសាកល្បង តែគេបានប្រឈមមុខនឹងការសាកល្បង ហើយបានទទួលជោគជ័យ។ ប៉ុន្តែ យើងដែលជាគ្រីស្ទានត្រូវដឹងថា ការសាកល្បងនៃជំនឿប្រហែលជានឹងមានច្រើនហើយខុសពីគ្នាផង។
១៨, ១៩. តើមានការសាកល្បងជំនឿអ្វីទៀតសំរាប់រាស្ត្ររបស់ព្រះ បន្ដិចក្រោយពីបងប្រុសរ៉ាសិលស្លាប់ទៅ?
១៨ ជាឧទាហរណ៍ ពួកអ្នកសំណល់មានការសាកល្បងមួយទៀត មិនយូរប៉ុន្មានក្រោយពីបងប្រុសឆាល្ស រ៉ាសិលបានស្លាប់ទៅ។ នោះគឺជាការសាកល្បងនៃភក្ដីភាពនិងជំនឿ។ តើអ្នកណាជា‹អ្នកបំរើស្មោះត្រង់›នៅម៉ាថាយ ២៤:៤៥? អ្នកខ្លះបានគិតថា គឺជាបងប្រុសរ៉ាសិល ហើយគេមិនព្រមធ្វើតាមរបៀបរៀបចំថ្មីខាងអង្គការនោះឡើយ។ ប្រសិនបើបងប្រុសរ៉ាសិលជាអ្នកបំរើនោះ តើបងប្អូនយើងនឹងត្រូវធ្វើយ៉ាងណា ឥឡូវនេះដែលគាត់ស្លាប់ទៅហើយនោះ? តើគេនឹងត្រូវធ្វើតាមបុគ្គលដែលទើបបានតែងតាំង ឬក៏ឥឡូវនេះជាគ្រាដើម្បីទទួលស្គាល់ថាព្រះយេហូវ៉ាកំពុងតែប្រើ មិនមែនបុគ្គលតែម្នាក់នោះទេ ប៉ុន្តែក្រុមមួយនៃពួកគ្រីស្ទានជាមធ្យោបាយឬជាក្រុមអ្នកបំរើទៅវិញ?
១៩ ពួកគ្រីស្ទានពិតមានការសាកល្បងថែមទៀត គឺនៅក្នុងឆ្នាំ១៩១៨ កាលដែលអាជ្ញាធរខាងលោកីយ៍ដែលបានញ៉ាំងដោយពួកបព្វជិតខាងពិភពគ្រីស្ទសាសនា បាន«បង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់»ប្រឆាំងនឹងអង្គការរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៩៤:២០) ការបៀតបៀនដ៏ឃោរឃៅបានមានលើកូនសិស្សព្រះគម្ពីរ ពីទ្វីបអាមេរិកខាងត្បូងនិងក្នុងទ្វីបអឺរ៉ុប។ ការប្រឆាំងដែលបានបណ្ដាលពីពួកបព្វជិតបានមកដល់កំពូលខ្ពស់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩១៨ នៅពេលដែលរដ្ឋាភិបាលអាមេរិកបានចេញច្បាប់ឲ្យចាប់បងប្រុសរ៉ូធើហ្វឺត និងគូកនដ៏ជិតស្និទ្ធបីបួននាក់របស់គាត់ រួមបញ្ចូលបងប្រុសអាលេក្សានដឺ ម៉ាក់មីល្លិន។ គឺបានចោទយ៉ាងខុសថា គេជាអ្នកនាំបះបោរ ហើយពួកអាជ្ញាធរមិនបានអើពើនូវការតបឆ្លើយរបស់គេដែលថា គេគ្មានទោសនោះទេ។
២០, ២១. ដូចបានទាយប្រាប់នៅម៉ាឡាគី ៣:១-៣ តើកិច្ចការអ្វីដែលបានសម្រេចក្នុងចំណោមពួកអ្នកដែលបានចាក់ប្រេងតាំង?
២០ ថ្វីបើនៅពេលនោះមិនបានទទួលស្គាល់ជារឿងបែបនេះក្ដី កិច្ចការសម្រាំងគឺកំពុងតែកើតឡើង ដូចបានរៀបរាប់មកនៅម៉ាឡាគី ៣:១-៣៖ «តែមានអ្នកឯណាធន់នៅបាន ក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅ ក្នុងកាលដែលទ្រង់លេចមក ដ្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់។ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត»។
២១ កាលដែលសង្គ្រាមលោកលើកទី១បានជិតចប់ហើយ សិស្សព្រះគម្ពីរខ្លះបានជួបការសាកល្បងមួយទៀតនៃជំនឿ—ថាតើគេនឹងរក្សាអព្យាក្រឹតភាព ដែលស្តីអំពីរឿងខាងទាហាន។ (យ៉ូហាន ១៧:១៦; ១៨:៣៦) អ្នកខ្លះឥតនៅអព្យាក្រឹតនេះទេ។ ដូច្នេះនៅឆ្នាំ១៩១៨ ព្រះយេហូវ៉ាបានបញ្ជូន«ទូតដែលនាំសេចក្ដីសញ្ញា» គឺព្រះយេស៊ូគ្រីស្ទ ឲ្យមកព្រះវិហារខាងវិញ្ញាណដើម្បីសំអាតពួកអ្នកថ្វាយបង្គំរបស់ទ្រង់នៃក្រុមតូចនេះ ពីដំណើរសៅហ្មងខាងលោកីយ៍។ អស់អ្នកដែលបានបង្ហាញជំនឿពិតបានរៀនពីការដកពិសោធន៍ ហើយបានជឿទៅមុខ និងបន្តផ្សាយយ៉ាងខ្នះខ្នែង។
២២. ចំពោះការសាកល្បងនៃជំនឿ តើអ្វីដែលយើងនឹងត្រូវពិចារណាមើលទៀត?
២២ អ្វីដែលយើងបានពិចារណាហើយ មិនគ្រាន់តែដើម្បីដឹងអំពីប្រវត្ដិសាស្ត្រដែលបានកន្លងទៅនោះទេ។ នេះគឺបានទាក់ទងយ៉ាងចំៗនូវស្ថានភាពខាងវិញ្ញាណសព្វថ្ងៃនេះ របស់ក្រុមជំនុំនៃព្រះយេហូវ៉ាពាសពេញពិភពលោក។ ប៉ុន្តែ សូមឲ្យយើងពិចារណាមើលនៅក្នុងអត្ថបទជាបន្ទាប់នូវការសាកល្បងនៃជំនឿ ដែលរាស្ត្ររបស់ព្រះបានប្រឈមមុខសព្វថ្ងៃនេះ ហើយមើលថាតើយើងអាចពុះពារឲ្យបានជោគជ័យយ៉ាងណាបាន។
តើអ្នកនៅចាំទេ?
◻ ហេតុអ្វីក៏រាស្ត្ររបស់ព្រះយេហូវ៉ាទន្ទឹងចាំថាជំនឿរបស់គេនឹងត្រូវសាកល្បង?
◻ តើមានការខ្នះខ្នែងអ្វីខ្លះមុនឆ្នាំ១៩១៤ ដើម្បីចែកផ្សាយសាររបស់ព្រះ?
◻ តើអ្វីជា«ល្ខោនរូបភាព» ហើយតើបាននាំឲ្យមានលទ្ធផលអ្វី?
◻ តើតាមរបៀបណាដែលព្រឹត្ដិការណ៍ក្នុងកំឡុងឆ្នាំ១៩១៤-១៨ បានទុកជាការសាកល្បងដល់ពួកអ្នកចាក់ប្រេងតាំង?
[រូបភាពនៅទំព័រ២៤]
ឆ្ពោះដល់ទីបញ្ចប់នៃសតវត្សទី១៩ មនុស្សក្នុងស្រុកជាច្រើនបានសិក្សាព្រះគម្ពីរ ដោយមានជំនួយពីសៀវភៅមួយសំរាប់ «ការរះឡើងមួយពាន់ឆ្នាំ» ដែលក្រោយមកបានហៅជា «ការសិក្សាក្នុងបទគម្ពីរ»
[រូបភាពនៅទំព័រ២៦]
ឌីមីទ្រាស ផាផាចូជ បានធ្វើដំណើរដើម្បីបញ្ចាំង«ភាពយន្តនៃសេចក្ដីបង្កើត»។ ក្រោយមក គេបានចាប់គាត់ដាក់គុក ដោយព្រោះអព្យាក្រឹតភាពខាងគ្រីស្ទានរបស់គាត់